អត្ថបទអំពីក្របទស្សនាវដ្ដី | ទេវតា តើពិតជាមានឬទេ? ហេតុអ្វីសំណួរនេះសំខាន់?
របៀបដែលទេវតាអាចជួយលោកអ្នក
ទេវតាស្មោះត្រង់ចាប់អារម្មណ៍ទៅលើទង្វើរបស់មនុស្សជាតិ ហើយពួកគាត់រួមចំណែកក្នុងការធ្វើឲ្យគោលបំណងរបស់ព្រះយេហូវ៉ាបានសម្រេច។ ពេលព្រះបង្កើតផែនដី ទេវតាទាំងឡាយ«បានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ»។ (យ៉ូប ៣៨:៤, ៧) តាំងពីសម័យបុរាណមក ទេវតាចង់«ពិនិត្យមើល»ទំនាយស្តីអំពីព្រឹត្ដិការណ៍ដែលនឹងកើតឡើងនៅផែនដី។—ពេត្រុសទី១ ១:១១, ១២
គម្ពីរបង្ហាញថាជួនកាលទេវតាផ្ដល់ការការពារដល់អ្នកគោរពប្រណិប័តន៍ពិតរបស់ព្រះ ដើម្បីសម្រេចគោលបំណងរបស់លោក។ (ទំនុកតម្កើង ៣៤:៧) ជាឧទាហរណ៍៖
ពេលព្រះយេហូវ៉ាបំផ្លាញក្រុងសូដុមនិងក្រុងកូម៉ូរ៉ាដែលពេញទៅដោយមនុស្សអាក្រក់ ទេវតាបានជួយឡុតដែលជាមនុស្សសុចរិតនិងក្រុមគ្រួសាររបស់គាត់ឲ្យរត់ចេញ។—លោកុប្បត្តិ ១៩:១, ១៥-២៦
នៅក្រុងបាប៊ីឡូនសម័យបុរាណ ពេលជនជាតិហេប្រឺបីនាក់បានត្រូវកាត់ទោសឲ្យស្លាប់ក្នុងគុកភ្លើង នោះព្រះបានចាត់ទេវតា«អោយមករំដោះ»អ្នកបម្រើរបស់លោក។—ដានីអែល ៣:១៩-២៨; ខ.ស.
ក្រោយដានីយ៉ែលដែលជាមនុស្សសុចរិតបាននៅក្នុងរូងសិង្ហអស់មួយយប់ គាត់ប្រាប់ថាគាត់បានរួចជីវិត គឺដោយសារព្រះ«បានចាត់ទេវតារបស់ទ្រង់ ឲ្យមកបិទមាត់សិង្ហទាំងអស់»។—ដានីយ៉ែល ៦:១៦, ២២
តាំងពីយូរមកហើយ ទេវតាបានជួយមនុស្សដែលស្មោះត្រង់នឹងព្រះ
ពួកទេវតាបានគាំទ្រក្រុមជំនុំគ្រិស្តសាសនិកនៅសតវត្សរ៍ទី១
ពេលខ្លះ ទេវតាដែលជាអ្នកនាំពាក្យរបស់ព្រះបានជួយក្រុមជំនុំគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ពេលដែលចាំបាច់ ដើម្បីសម្រេចគោលបំណងរបស់ព្រះយេហូវ៉ា។ ជាឧទាហរណ៍៖
ទេវតាមួយរូបបានបើកទ្វារគុក ហើយបាននាំពួកសាវ័កចេញពីគុកដើម្បីឲ្យពួកគាត់បន្តផ្សព្វផ្សាយនៅវិហារ។—សកម្មភាព ៥:១៧-២១
ទេវតាបានដឹកនាំភីលីពដែលជាអ្នកផ្សព្វផ្សាយដ៏ខ្នះខ្នែងឲ្យទៅផ្លូវដែលកាត់វាលខ្សាច់ចុះពីក្រុងយេរូសាឡិមដល់ហ្គាសា ដើម្បីផ្សព្វផ្សាយដល់ជនជាតិអេចូពីដែលបានទៅក្រុងយេរូសាឡិមដើម្បីគោរពបូជា។—សកម្មភាព ៨:២៦-៣៣
ពេលដែលព្រះបានបើកឱកាសឲ្យអ្នកដែលមិនមែនជាជនជាតិយូដាក្លាយទៅជាគ្រិស្តសាសនិក ទេវតាមួយរូបបានលេចមកក្នុងគំនិតរបស់កូនេលាសដែលជាមេទាហានជនជាតិរ៉ូម ហើយបានប្រាប់គាត់ឲ្យទៅហៅសាវ័កពេត្រុសមកផ្ទះរបស់គាត់។—សកម្មភាព ១០:៣-៥
ពេលសាវ័កពេត្រុសបានត្រូវគេចាប់ដាក់គុក ទេវតាបានលេចមកជួបគាត់ ហើយបាននាំគាត់ចេញពីគុក។—សកម្មភាព ១២:១-១១
របៀបដែលទេវតាអាចជួយលោកអ្នក
សព្វថ្ងៃនេះ គ្មានទីសំអាងណាដែលបង្ហាញថាព្រះកំពុងប្រើទេវតាដើម្បីធ្វើអព្ភូតហេតុជួយមនុស្សដូចអ្វីដែលបានត្រូវរៀបរាប់ក្នុងគម្ពីរឡើយ។ ទោះជាយ៉ាងនេះក្ដី លោកយេស៊ូបានមានប្រសាសន៍អំពីសម័យរបស់យើងថា៖ «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។ (ម៉ាថាយ ២៤:១៤) តាមពិត អ្នកកាន់តាមគ្រិស្តកំពុងធ្វើកិច្ចការនេះដោយមានការគាំទ្រនិងការណែនាំពីពួកទេវតា។
ពួកទេវតាជួយប្រកាសដំណឹងល្អទូទាំងផែនដី
ក្នុងគម្ពីរ នៅសៀវភៅការបើកបង្ហាញបញ្ជាក់ថាទេវតាកំពុងខ្នះខ្នែងជួយមនុស្សទូទាំងផែនដីឲ្យរៀនអំពីព្រះយេហូវ៉ា ហើយរៀនអំពីគោលបំណងរបស់លោកចំពោះមនុស្សជាតិ។ សាវ័កយ៉ូហានបានសរសេរថា៖ «ខ្ញុំឃើញទេវតាមួយទៀតដែលកំពុងហោះនៅកណ្ដាលមេឃ ហើយគាត់មានដំណឹងល្អដែលស្ថិតស្ថេរជានិរន្តរ៍ ជាដំណឹងដែលនាំឲ្យរីករាយសម្រាប់ប្រកាសប្រាប់ដល់អស់អ្នកដែលអាស្រ័យនៅផែនដី និងដល់គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ជាតិសាសន៍ គាត់បន្លឺសំឡេងយ៉ាងខ្លាំងថា៖ ‹ចូរកោតខ្លាចព្រះ ហើយសរសើរតម្កើងលោក ពីព្រោះគ្រាដែលលោកនឹងធ្វើការវិនិច្ឆ័យបានមកដល់ហើយ ដូច្នេះ ចូរគោរពប្រណិប័តន៍លោកដែលបានបង្កើតមេឃនិងផែនដី សមុទ្រ និងរន្ធទឹកទាំងឡាយ›»។ (ការបើកបង្ហាញ ១៤:៦, ៧) តាមរយៈបទពិសោធន៍ជាច្រើននៅសម័យយើងបង្ហាញថាទេវតាកំពុងគាំទ្រកិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្រព្រះទូទាំងពិភពលោក។ សូម្បីតែពេលអ្នកប្រព្រឹត្តអំពើខុសឆ្គងម្នាក់ប្រែចិត្ត ហើយត្រឡប់មកព្រះយេហូវ៉ាវិញ «បណ្ដាទេវតារបស់ព្រះមានអំណរ»។—លូកា ១៥:១០
តើអ្វីនឹងកើតឡើងពេលកិច្ចការផ្សព្វផ្សាយចប់? ក្រោយមក «បណ្ដាកងទ័ពនៅស្ថានសួគ៌»នឹងគាំទ្រលោកយេស៊ូគ្រិស្តដែលជាស្តេចលើអស់ទាំងស្តេច ដើម្បីប្រយុទ្ធក្នុង‹សង្គ្រាមនៅថ្ងៃដ៏ធំរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត›។ (ការបើកបង្ហាញ ១៦:១៤-១៦; ១៩:១៤-១៦) ព្រះនឹងឲ្យទេវតាខ្លាំងក្លាដាក់ទោសមនុស្សទុច្ចរិត កាលដែលលោកម្ចាស់យេស៊ូ«សងសឹក . . . ពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អអំពីលោកយេស៊ូជាម្ចាស់របស់យើង»។—ថែស្សាឡូនិចទី២ ១:៧, ៨
យ៉ាងណាក៏ដោយ សូមមានទំនុកចិត្តថាទេវតាយកចិត្តទុកដាក់នឹងអ្នកផ្ទាល់។ ទេវតាថែរក្សាអស់អ្នកដែលចង់បម្រើព្រះយេហូវ៉ា ហើយលោកក៏តែងតែប្រើពួកគាត់ដើម្បីពង្រឹងទំនុកចិត្តនិងការពារអ្នកបម្រើស្មោះត្រង់របស់លោក ដែលនៅផែនដី។—ហេប្រឺ ១:១៤
យើងម្នាក់ៗត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់។ តើអ្នកនឹងស្ដាប់ហើយធ្វើតាមដំណឹងល្អដែលកំពុងត្រូវផ្សាយនៅទូទាំងពិភពលោកនេះឬទេ? សាក្សីព្រះយេហូវ៉ាក្នុងសហគមន៍របស់អ្នករីករាយនឹងជួយអ្នករៀនអំពីរបៀបទទួលជំនួយដែលប្រកបដោយសេចក្ដីស្រឡាញ់ពីទេវតាដ៏ខ្លាំងក្លារបស់ព្រះ។