ជំពូកទី១១
ជំនួយពីពួកទេវតារបស់ព្រះ
មនុស្សខ្លះនិយាយថា ពួកគេជឿអ្វីដែលមើលឃើញតែប៉ុណ្ណោះ។ ប៉ុន្តែ នេះបង្ហាញថាពួកគេមិនបានពិចារណាសោះ។ តាមពិតមានអ្វីៗជាច្រើនដែលមានមែន តែយើងមើលមិនឃើញ។ តើកូនអាចប្រាប់មួយបានទេ?—
ចុះយ៉ាងណាខ្យល់ដែលយើងដកដង្ហើម? តើយើងអាចដឹងថាមានខ្យល់ទេ?— សូមកូនលាដៃហើយផ្លុំមើល។ តើកូនដឹងថាមានអ្វីទេ?— កូនដឹងថាមានខ្យល់ តែកូនមិនអាចមើលឃើញទេ មែនទេ?—
យើងបាននិយាយរួចហើយអំពីបុគ្គលវិញ្ញាណដែលយើងមិនអាចមើលឃើញ។ យើងបានរៀនថាទេវតាខ្លះល្អ តែខ្លះទៀតអាក្រក់។ សូមប្រាប់ឈ្មោះបុគ្គលវិញ្ញាណខ្លះដែលយើងមិនអាចមើលឃើញ។— ត្រូវមែន មានព្រះយេហូវ៉ា លោកយេស៊ូ និងពួកទេវតាល្អ។ តើមានពួកទេវតាអាក្រក់ដែរទេ?— គម្ពីរថាមាន។ សូមប្រាប់អ្វីដែលកូនបានរៀនអំពីពួកទេវតា។—
អ្វីមួយដែលយើងដឹងនោះគឺទេវតាល្អនិងទេវតាអាក្រក់ខ្លាំងជាងយើង។ គ្រូដ៏ល្អប្រសើរដឹងច្រើនអំពីពួកទេវតា។ ហេតុអ្វី? ព្រោះលោកធ្លាប់ជាទេវតាមួយរូប មុនពេលដែលលោកបានកើតជាទារកនៅផែនដី។ លោកបានរស់នៅជាមួយទេវតាឯទៀតនៅស្ថានសួគ៌។ លោកស្គាល់ទេវតារាប់លានរូប។ តើទេវតាទាំងនេះមានឈ្មោះទេ?—
យើងបានរៀនហើយថាព្រះបានដាក់ឈ្មោះផ្កាយនានា។ ដូច្នេះ យើងអាចប្រាកដថាទេវតាទាំងអស់ក៏មានឈ្មោះដែរ។ យើងក៏ដឹងដែរថាពួកគាត់អាចនិយាយជាមួយគ្នាបាន ពីព្រោះគម្ពីរប្រាប់យើងអំពី«ភាសាទេវតា»។ (កូរិនថូសទី១ ១៣:១) តើកូនគិតថាពួកទេវតានិយាយអំពីអ្វី? តើពួកគាត់និយាយអំពីយើងនៅផែនដីឬ?—
យើងដឹងថាពួកទេវតារបស់សាថានដែលជាពួកវិញ្ញាណកំណាចកំពុងខំប្រឹងធ្វើឲ្យយើងឈប់ស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ដូច្នេះ ពួកវាច្បាស់ជានិយាយអំពីរបៀបដែលអាចធ្វើដូច្នេះ។ ពួកវាចង់ឲ្យយើងប្រព្រឹត្តដូចពួកវា ដើម្បីឲ្យព្រះយេហូវ៉ាឈប់ស្រឡាញ់យើងដែរ។ ប៉ុន្តែ ចុះយ៉ាងណាវិញស្តីអំពីពួកទេវតាដែលស្មោះត្រង់ចំពោះព្រះ? តើកូនគិតថាពួកគាត់និយាយអំពីយើងដែរទេ?— ពួកគាត់ប្រាកដជានិយាយអំពីយើងមែន។ ពួកគាត់ចង់ជួយយើង។ ចាំខ្ញុំនិយាយប្រាប់អំពីរបៀបដែលទេវតាខ្លះរបស់ព្រះយេហូវ៉ាបានជួយមនុស្សដែលស្រឡាញ់និងបម្រើលោក។
ឧទាហរណ៍ មានបុរសម្នាក់ឈ្មោះដានីយ៉ែលដែលបានរស់នៅក្រុងបាប៊ីឡូន។ នៅទីនោះមនុស្សជាច្រើនមិនស្រឡាញ់ព្រះយេហូវ៉ាទេ។ ពួកគេថែមទាំងបានបង្កើតច្បាប់ដើម្បីដាក់ទោសដល់អស់អ្នកដែលអធិដ្ឋានទៅព្រះយេហូវ៉ា។ ប៉ុន្តែ ដានីយ៉ែលនៅតែអធិដ្ឋានទៅព្រះយេហូវ៉ាដដែល។ តើកូនដឹងថាពួកគេបានធ្វើអ្វីដល់ដានីយ៉ែលទេ?—
ត្រូវហើយ មនុស្សអាក្រក់បានទម្លាក់ដានីយ៉ែលទៅក្នុងរូងសត្វសិង្ហឬតោ។ នៅទីនោះមានតែដានីយ៉ែលនៅជាមួយសត្វតោដែលកំពុងឃ្លានចំណី។ តើកូនដឹងថាមានអ្វីកើតឡើងនៅពេលនោះទេ?— ដានីយ៉ែលបានរៀបរាប់ថា៖ ‹ព្រះបានចាត់ទេវតារបស់លោកឲ្យមកបិទមាត់តោទាំងអស់›។ សត្វតោមិនបានធ្វើអ្វីដល់គាត់សោះ! មែនហើយ ពួកទេវតាអាចធ្វើការដ៏អស្ចារ្យសម្រាប់អស់អ្នកដែលបម្រើព្រះយេហូវ៉ា។—ដានីយ៉ែល ៦:១៨-២២
តើព្រះបានធ្វើអ្វីដើម្បីសង្គ្រោះដានីយ៉ែល?
ក្រោយមក មានពេលមួយដែលពេត្រុសនៅក្នុងគុក។ កូនច្បាស់ជានៅចាំថាពេត្រុសជាមិត្តម្នាក់របស់លោកយេស៊ូគ្រិស្តដែលជាគ្រូដ៏ល្អប្រសើរ។ ពេលដែលពេត្រុសប្រាប់ពួកគេថា លោកយេស៊ូជាបុត្ររបស់ព្រះ មនុស្សខ្លះមិនចូលចិត្តទេ។ ដូច្នេះ ពួកគេចាប់ពេត្រុសដាក់គុក។ ពួកទាហានកំពុងយាមពេត្រុសដើម្បីកុំឲ្យគាត់រត់គេចខ្លួន។ តើមាននរណាម្នាក់អាចជួយគាត់បានទេ?—
សូមគិត ពេត្រុសកំពុងដេកនៅកណ្ដាលទាហានពីរនាក់ ហើយដៃគាត់ជាប់ច្រវាក់។ ប៉ុន្តែ គម្ពីរចែងថា៖ ‹មើល! ទេវតារបស់ព្រះយេហូវ៉ាបានមក ហើយមានពន្លឺភ្លឺមកក្នុងបន្ទប់គុកនោះ។ ទេវតាបានពាល់ចំហៀងខ្លួនពេត្រុស ហើយដាស់គាត់ដោយនិយាយថា៖ «ក្រោកឡើងជាប្រញាប់!»›។
តើទេវតាមួយរូបបានជួយពេត្រុសឲ្យរួចពីគុកយ៉ាងដូចម្ដេច?
ពេលនោះច្រវាក់បានរបូតចេញពីដៃពេត្រុស! ទេវតាបាននិយាយទៅគាត់ថា៖ ‹ចូរស្លៀកពាក់ ពាក់ស្បែកជើង ហើយតាមខ្ញុំ›។ ដោយសារទេវតាកំពុងជួយពេត្រុស អ្នកយាមមិនអាចឃាត់ពួកគាត់បានទេ។ ឥឡូវពួកគាត់បានមកដល់ទ្វារដែក ស្រាប់តែមានអ្វីចម្លែកមួយបានកើតឡើង។ ទ្វារក៏របើកឯង! ទេវតានោះបានរំដោះពេត្រុសឲ្យមានសេរីភាពវិញ ដើម្បីឲ្យគាត់អាចបន្តផ្សព្វផ្សាយទៀត។—សកម្មភាព ១២:៣-១១
តើពួកទេវតារបស់ព្រះអាចជួយយើងដែរទេ?— ពួកគាត់ពិតជាអាច។ តើនេះមានន័យថាពួកគាត់នឹងជួយយើងមិនឲ្យរងគ្រោះថ្នាក់ទាល់តែសោះឬ?— មិនមែនទេ បើយើងប្រថុយធ្វើអ្វីមួយដោយឥតពិចារណា ពួកទេវតាមិនការពារយើងឲ្យផុតពីគ្រោះថ្នាក់ទេ។ ប៉ុន្តែ ទោះជាយើងធ្វើដោយប្រុងប្រយ័ត្នក្ដី ក៏យើងនៅតែអាចរងគ្រោះថ្នាក់ដែរ។ ពួកទេវតាមិនបានទទួលបង្គាប់ឲ្យការពារយើងពីគ្រោះថ្នាក់ឡើយ។ ផ្ទុយទៅវិញ ព្រះបានប្រគល់កិច្ចការពិសេសដល់ពួកគាត់។
គម្ពីររៀបរាប់អំពីទេវតាដែលប្រាប់មនុស្សនៅគ្រប់ទីកន្លែងឲ្យគោរពប្រណិប័តន៍ព្រះ។ (ការបើកបង្ហាញ ១៤:៦, ៧) តើទេវតាប្រាប់ពួកគេអំពីរឿងនោះតាមរបៀបណា? តើទេវតាស្រែកប្រកាសពីលើមេឃដើម្បីឲ្យមនុស្សទាំងអស់អាចឮឬ?— អត់ទេ។ ផ្ទុយទៅវិញ អ្នកកាន់តាមលោកយេស៊ូនៅផែនដីប្រាប់អ្នកឯទៀតអំពីព្រះ ហើយពួកទេវតាដឹកនាំពួកគាត់ក្នុងកិច្ចការនោះ។ ពួកទេវតាចាត់ចែងដើម្បីប្រាកដថា អស់អ្នកដែលពិតជាចង់ដឹងអំពីព្រះអាចមានឱកាសឮបាន។ យើងអាចចូលរួមក្នុងកិច្ចការផ្សព្វផ្សាយនោះ ហើយពួកទេវតាពិតជានឹងជួយយើង។
ប៉ុន្តែ ចុះបើមនុស្សដែលមិនស្រឡាញ់ព្រះបង្កបញ្ហាដល់យើង? ចុះបើពួកគេចាប់យើងដាក់គុក? តើពួកទេវតាអាចរំដោះយើងបានទេ?— ពួកទេវតាអាចរំដោះយើងបាន។ ប៉ុន្តែ ពួកទេវតាមិនតែងតែធ្វើដូច្នោះទេ។
តើទេវតាកំពុងប្រាប់អ្វីដល់ប៉ូល?
ប៉ូលដែលជាអ្នកកាន់តាមលោកយេស៊ូធ្លាប់ជាប់គុក។ កាលដែលគាត់ជាអ្នកទោសនៅឡើយ គាត់បានត្រូវបញ្ជូនតាមទូកទៅជួបសេសារដែលជាអ្នកគ្រប់គ្រងមហាអំណាចពិភពលោកដើម្បីឲ្យសេសារវិនិច្ឆ័យក្ដី។ ក្នុងពេលធ្វើដំណើរនោះ កើតមានខ្យល់ព្យុះដ៏ខ្លាំងមួយ។ ប៉ុន្តែពេលនោះទេវតាមិនបានរំដោះគាត់ឲ្យមានសេរីភាពទេ។ នេះដោយសារមានមនុស្សឯទៀតដែលត្រូវតែឮអំពីព្រះ។ ទេវតានោះបាននិយាយថា៖ «ប៉ូលអើយ! កុំខ្លាចឡើយ។ អ្នកត្រូវឈរនៅមុខសេសារ»។ ប៉ូលត្រូវទៅជួបសេសារដើម្បីផ្សព្វផ្សាយដល់គាត់។ ពួកទេវតាតែងតែដឹងថាប៉ូលនៅកន្លែងណាហើយបានជួយគាត់។ ពួកទេវតាក៏នឹងជួយយើងដែរ បើយើងពិតជាបម្រើព្រះ។—សកម្មភាព ២៧:២៣-២៥
មានកិច្ចការសំខាន់មួយទៀតដែលពួកទេវតានឹងធ្វើ ហើយពួកគាត់នឹងធ្វើកិច្ចការនោះក្នុងពេលឆាប់ៗខាងមុខនេះ។ ពេលកំណត់របស់ព្រះដើម្បីបំផ្លាញមនុស្សអាក្រក់ជិតដល់ណាស់ហើយ។ អស់អ្នកដែលមិនគោរពប្រណិប័តន៍ព្រះនឹងត្រូវបំផ្លាញចោល។ ពួកអ្នកដែលនិយាយថាមិនជឿពួកទេវតាដោយសារពួកគេមិនអាចមើលឃើញ នឹងដឹងថាពួកគេច្រឡំធំហើយ!—ថែស្សាឡូនិចទី២ ១:៦-៨
តើអ្វីនឹងកើតឡើងចំពោះយើងនៅពេលនោះ?— បើយើងនៅខាងពួកទេវតារបស់ព្រះ នោះពួកគាត់នឹងជួយយើង។ ប៉ុន្តែ តើយើងនៅខាងពួកគាត់ឬទេ?— បើយើងបម្រើព្រះយេហូវ៉ា នោះយើងនៅខាងពួកគាត់មែន។ ម្យ៉ាងទៀត បើយើងបម្រើព្រះយេហូវ៉ា យើងនឹងប្រាប់អ្នកឯទៀតឲ្យបម្រើលោកដែរ។
ដើម្បីរៀនថែមទៀតអំពីរបៀបដែលពួកទេវតាមានឥទ្ធិពលលើជីវិតមនុស្ស សូមអាន ទំនុកតម្កើង ៣៤:៧ ម៉ាថាយ ៤:១១; ១៨:១០ លូកា ២២:៤៣ និងសកម្មភាព ៨:២៦-៣១។