៧៧
ពួកគេមិនក្រាបថ្វាយបង្គំឡើយ
តើអ្នកនៅចាំយុវជនបីនាក់នេះទេ? ត្រូវហើយ ពួកគេជាមិត្តរបស់លោកដានីយ៉ែល ដែលបានបដិសេធមិនបរិភោគអ្វីដែលមិនល្អសំរាប់គេ។ ពួកសាសន៍បាប៊ីឡូនហៅគេជា សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ។ ប៉ុន្តែ សូមក្រឡេកមើលពួកគេឥឡូវនេះ។ ហេតុអ្វីបានជាគេមិនព្រមថ្វាយបង្គំដល់រូបចម្លាក់ធំនេះ ដូចមនុស្សឯទៀតនោះ? សូមឲ្យយើងពិនិត្យមើល។
តើអ្នកនៅចាំពីច្បាប់ដែលព្រះយេហូវ៉ាបានចារដោយផ្ទាល់អង្គទ្រង់ ដែលហៅថា ក្រិត្យទាំងដប់ប្រការនោះទេ? ច្បាប់ទីមួយនៃច្បាប់ទាំងនេះគឺ៖ ‹កុំឲ្យឯងថ្វាយបង្គំព្រះឯណាទៀត លើកលែងតែអញប៉ុណ្ណោះ›។ ពួកយុវជនគោរពតាមច្បាប់នេះ ទោះបីរឿងនេះមិនមែនជាការស្រួលធ្វើក៏ដោយ។
ស្តេចនេប៊ូក្នេសាជាស្តេចនៃស្រុកបាប៊ីឡូន បានចាត់ឲ្យមនុស្សដ៏សំខាន់ៗជាច្រើនមកគោរពរូបចម្លាក់នេះដែលទ្រង់បានតាំងឡើង។ ទ្រង់ទើបតែបានមានបន្ទូលទៅប្រជាជនទាំងអស់ថា៖ ‹វេលាណាដែលអ្នករាល់គ្នាឮសូរត្រែ ពិណ និងគ្រឿងភ្លេងឯទៀត នោះត្រូវតែក្រាបថ្វាយបង្គំដល់រូបមាសនេះ។ បើអ្នកណាមិនក្រាបថ្វាយបង្គំទេ នោះនឹងត្រូវបោះទៅក្នុងគុកភ្លើង ដែលឆេះយ៉ាងសន្ធៅនៅវេលានោះឯង›។
នៅពេលដែលស្តេចនេប៊ូក្នេសាដឹងថា សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោមិនបានថ្វាយបង្គំទេនោះ ទ្រង់មានសេចក្ដីខ្ញាល់ណាស់។ ទ្រង់បានចាត់ឲ្យគេទៅយកពួកនោះមកឯទ្រង់។ ទ្រង់បានឲ្យឱកាសគេម្ដងទៀតឲ្យក្រាបថ្វាយបង្គំ។ ប៉ុន្តែពួកយុវជននេះបានទុកចិត្តលើព្រះយេហូវ៉ា។ ពួកគេទូលប្រាប់ស្តេចនេប៊ូក្នេសាថា៖ ‹ព្រះរបស់យើងដែលយើងបំរើ ទ្រង់អាចជួយសង្គ្រោះយើងបាន តែបើមិនជួយយើងទេ ក៏យើងខ្ញុំមិនព្រមថ្វាយបង្គំដល់រូបមាសរបស់ទ្រង់ឡើយ›។
កាលដែលឮរឿងនេះ ស្តេចនេប៊ូក្នេសារឹតតែខ្ញាល់ខ្លាំងឡើងទៀត។ មានគុកភ្លើងនៅជិតនោះ ហើយទ្រង់ក៏បញ្ជាថា៖ ‹ចូរដុតគុកភ្លើងឲ្យក្ដៅជាងធម្មតាប្រាំពីរដងទៅ›! បន្ទាប់មកទ្រង់ក៏ចាត់ឲ្យមនុស្សខ្លាំងពូកែខ្លះក្នុងកងទ័ពទ្រង់ ចាប់ចងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ហើយបោះទៅក្នុងគុកភ្លើងនោះ។ គុកភ្លើងនោះមានចំហាយក្ដៅក្រៃលែង សូម្បីតែពួកបុរសខ្លាំងពូកែទាំងនោះក៏ត្រូវបានស្លាប់ដោយសារអណ្ដាតភ្លើង។ ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះពួកយុវជនបីនាក់ ដែលគេបានបោះចូលទៅក្នុងនោះ?
ស្តេចទតមើលទៅក្នុងគុកភ្លើងនោះ ហើយក៏មានសេចក្ដីភ័យខ្លាចណាស់។ ទ្រង់សួរថា៖ ‹តើយើងមិនបានចងបុរសបីនាក់ ហើយបោះទៅក្នុងគុកភ្លើងឆេះយ៉ាងសន្ធៅទេឬអ្វី›?
អ្នកបំរើឆ្លើយថា៖ ‹ប្របាទ ព្រះករុណា ពិតដូច្នេះហើយ›។
ទ្រង់មានបន្ទូលទៀតថា៖ ‹ប៉ុន្តែ អញឃើញបុរសបួននាក់កំពុងតែដើរនៅក្នុងភ្លើង ពួកគេមិនជាប់ចំណងសោះ ហើយភ្លើងក៏មិនធ្វើអ្វីដល់គេដែរ។ ហើយអ្នកទីបួនក៏មានភាពដូចជាព្រះ›។ ស្តេចក៏យាងទៅជិតមាត់ទ្វារគុកភ្លើង ហើយស្រែកឡើងថា៖ ‹ឱសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោអើយ! ជាអ្នកគោរពដល់ព្រះដ៏ខ្ពស់បំផុតអើយ សូមចេញមក›!
នៅពេលដែលពួកគេចេញមក ពួកមនុស្សគ្រប់គ្នាអាចឃើញថាពួកគេគ្មានរបួសអ្វីសោះឡើយ។ បន្ទាប់មកស្តេចបានមានបន្ទូលថា៖ ‹សូមឲ្យព្រះនៃសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោបានប្រកបដោយព្រះពរ! ជាព្រះដែលបានចាត់ទេវតារបស់ទ្រង់ ឲ្យមកសង្គ្រោះពួកអ្នកបំរើទ្រង់ ដោយព្រោះពួកគេមិនក្រាបថ្វាយបង្គំព្រះឯណា ក្រៅពីព្រះរបស់ខ្លួនឡើយ›។
តើនេះមិនមែនជាគំរូមួយដ៏ល្អចំពោះការស្មោះត្រង់ដល់ព្រះយេហូវ៉ា សំរាប់ឲ្យយើងកាន់តាមទេឬ?
និក្ខមនំ ២០:៣; ដានីយ៉ែល ៣:១-៣០