៨៥
ព្រះយេស៊ូវប្រសូតនៅក្នុងក្រោល
តើអ្នកស្គាល់ទារកតូចនេះ ជាអ្នកណាទេ? ត្រូវហើយ នេះជាព្រះយេស៊ូវ។ ទ្រង់ទើបតែបានប្រសូតមកនៅក្នុងក្រោល។ ក្រោលជាកន្លែងដែលគេចិញ្ចឹមសត្វ។ នាងម៉ារាកំពុងតែដាក់ព្រះយេស៊ូវនៅក្នុងស្នូក ជាកន្លែងសំរាប់ដាក់ចំណីឲ្យសត្វលានិងសត្វឯទៀតស៊ី។ ប៉ុន្តែ ហេតុអ្វីបានជានាងម៉ារានិងយ៉ូសែបនៅទីនេះជាមួយនឹងសត្វដូច្នេះ? នេះមិនមែនជាកន្លែងដែលទារកត្រូវកើតទេ មែនទេ?
ត្រូវហើយ មិនមែនទេ។ ប៉ុន្តែ នេះជាហេតុដែលគេបានមកទីនេះ៖ អ្នកគ្រប់គ្រងសាសន៍រ៉ូមឈ្មោះសេសារ-អូគូស្ទ បានបង្កើតច្បាប់មួយថា មនុស្សគ្រប់គ្នាត្រូវតែត្រឡប់ទៅឯស្រុកកំណើតរបស់គេវិញ ដើម្បីចុះឈ្មោះក្នុងបញ្ជីសៀវភៅ។ យ៉ូសែបបានកើតនៅភូមិបេថ្លេហិមនេះ។ ប៉ុន្តែ នៅពេលដែលគាត់និងនាងម៉ារាបានមកដល់ នោះឥតមានកន្លែងស្នាក់នៅសោះ។ ដូច្នេះហើយ គេក៏មកស្នាក់នៅទីនេះជាមួយនឹងសត្វ។ ហើយនៅថ្ងៃនេះឯង ដែលនាងម៉ារាប្រសូតបានព្រះយេស៊ូវ! ប៉ុន្តែ ដូចជាអ្នកឃើញស្រាប់ហើយ ទ្រង់មានសុខភាពល្អជាទេ។
តើអ្នកអាចឃើញពួកអ្នកគង្វាលកំពុងតែមកមើលព្រះយេស៊ូវទេ? នៅពេលយប់នោះ ពួកគេនៅឯវាលស្រែកំពុងតែមើលថែរក្សាចៀមរបស់គេ ស្រាប់តែមានពន្លឺចាំងនៅជុំវិញគេយ៉ាងចិញ្ចាច។ នោះជាទេវតា! ពួកអ្នកគង្វាលមានសេចក្ដីភ័យខ្លាចណាស់។ ប៉ុន្តែ ទេវតាមានប្រសាសន៍ថា៖ ‹កុំឲ្យខ្លាចអី! ខ្ញុំមានដំណឹងល្អសំរាប់ពួកអ្នក។ នៅបេថ្លេហិមថ្ងៃនេះ ព្រះគ្រីស្ទជាអម្ចាស់បានប្រសូតហើយ។ ទ្រង់នឹងសង្គ្រោះប្រជាជន! អ្នកនឹងឃើញទ្រង់រុំនឹងសំពត់នៅក្នុងស្នូក›។ មួយរំពេចនោះ ពួកទេវតាជាច្រើនបានលេចមក ហើយចាប់ផ្ដើមច្រៀងសរសើរដល់ព្រះ។ ដូច្នេះ ភ្លាមនោះពួកអ្នកគង្វាលទាំងនេះ ក៏ប្រញាប់ប្រញាល់ទៅរកព្រះយេស៊ូវ ហើយឥឡូវនេះគេរកទ្រង់ឃើញហើយ។
តើអ្នកដឹងហេតុអ្វីបានជាព្រះយេស៊ូវពិសេសម្ល៉េះទេ? តើអ្នកដឹងថាទ្រង់ពិតជាអ្នកណាទេ? នៅចាំទេ នៅរឿងទីមួយនៃសៀវភៅនេះ បានប្រាប់យើងអំពីបុត្រទីមួយរបស់ព្រះ។ បុត្រនេះបានធ្វើការជាមួយនឹងព្រះយេហូវ៉ាក្នុងការបង្កើតផ្ទៃមេឃនិងផែនដី ហើយនិងរបស់សព្វសារពើ។ បុត្រនោះហើយ ដែលជាព្រះយេស៊ូវ!
ត្រូវហើយ ព្រះយេហូវ៉ាបានយកជីវិតរបស់បុត្រទ្រង់ពីស្ថានសួគ៌ ហើយក៏ដាក់នៅក្នុងផ្ទៃនាងម៉ារា។ ភ្លាមនោះ ទារកក៏ចាប់ផ្ដើមលូតលាស់នៅក្នុងផ្ទៃនោះ ដូចជាទារកឯទៀតលូតលាស់នៅក្នុងផ្ទៃម្ដាយរបស់គេដែរ។ ប៉ុន្តែ ទារកនេះជាបុត្ររបស់ព្រះ។ នៅទីបំផុត ព្រះយេស៊ូវបានប្រសូតមកនៅក្នុងក្រោលនេះ នៅឯបេថ្លេហិម។ ឥឡូវនេះ តើអ្នកយល់ដឹងហេតុដែលពួកទេវតាមានសេចក្ដីសប្បាយរីករាយ ដោយអាចប្រាប់ពួកមនុស្សថា ព្រះយេស៊ូវបានប្រសូតនោះទេ?