៨៦
ផ្កាយបាននាំផ្លូវពួកបុរស
តើអ្នកអាចមើលឃើញផ្កាយដ៏ភ្លឺនោះ ដែលបុរសម្នាក់នេះកំពុងតែចង្អុលទេ? កាលដែលគេបានចាកចេញពីក្រុងយេរូសាឡិម ផ្កាយនេះបានលេចចេញមក។ ពួកបុរសទាំងនេះមកពីទិសខាងកើត ហើយពួកគេជាអ្នកសិក្សាអំពីផ្កាយ។ ពួកគេជឿថា ផ្កាយថ្មីនេះកំពុងតែដឹកនាំគេទៅកាន់អ្នកណាម្នាក់ដ៏សំខាន់។
កាលដែលពួកបុរសបានមកដល់ក្រុងយេរូសាឡិម គេបានសួរថា៖ ‹តើកូនដែលនឹងទៅជាស្តេចរបស់សាសន៍យូដានោះ នៅឯណា›? «យូដា»ជាឈ្មោះនៃសាសន៍អ៊ីស្រាអែលមួយទៀត។ ពួកបុរសបាននិយាយថា៖ ‹យើងបានឃើញផ្កាយរបស់កូននោះ នៅពេលដែលយើងនៅឯទិសខាងកើត ហើយយើងធ្វើដំណើរមកដើម្បីនឹងថ្វាយបង្គំទ្រង់›។
នៅពេលហេរ៉ូឌ ជាស្តេចនៅក្រុងយេរូសាឡិមបានឮអំពីរឿងនេះ ទ្រង់មានសេចក្ដីខ្ញាល់ណាស់។ ទ្រង់មិនចង់ឲ្យស្តេចមួយអង្គណាទៀតមកយកមុខតំណែងទ្រង់ឡើយ។ ដូច្នេះ ស្តេចហេរ៉ូឌក៏ហៅពួកសង្គ្រាជមក ហើយសួរថា៖ ‹តើស្តេចដែលសន្យាមកនោះនឹងប្រសូតនៅឯណា›? ពួកគេបានឆ្លើយថា៖ ‹ព្រះគម្ពីរចែងថានៅភូមិបេថ្លេហិម›។
ដូច្នេះ ស្តេចហេរ៉ូឌបានហៅពួកបុរសដែលមកពីទិសខាងកើត ហើយមានបន្ទូលថា៖ ‹ចូរទៅរកកូនក្មេងនោះចុះ។ កាលណាអ្នករកឃើញកូននោះហើយ ចូរមកប្រាប់ឲ្យយើងដឹងផង។ យើងចង់ទៅថ្វាយបង្គំកូននោះដែរ›។ ប៉ុន្តែ តាមការពិតស្តេចហេរ៉ូឌចង់រកកូននោះដើម្បីនឹងសម្លាប់ទេ!
បន្ទាប់មក ផ្កាយនោះក៏នាំមុខគេទៅឯភូមិបេថ្លេហិម ហើយវាក៏ឈប់នៅចំពីលើកន្លែងបុត្រនោះ។ នៅពេលពួកបុរសចូលទៅក្នុងផ្ទះ គេក៏ឃើញនាងម៉ារាហើយនិងព្រះយេស៊ូវ។ គេយកតង្វាយចេញមក ហើយក៏ប្រទានទៅព្រះយេស៊ូវ។ ប៉ុន្តែក្រោយមក តាមរយៈសុបិនព្រះយេហូវ៉ាបានព្រមានបុរសទាំងនោះ មិនឲ្យត្រឡប់ទៅឯស្តេចហេរ៉ូឌវិញឡើយ។ ដូច្នេះ គេក៏ត្រឡប់ទៅស្រុករបស់គេវិញតាមផ្លូវផ្សេងទៀត។
នៅពេលស្តេចហេរ៉ូឌដឹងថា ពួកបុរសពីទិសខាងកើតបានចាកចេញទៅស្រុកវិញហើយនោះ ទ្រង់មានសេចក្ដីខ្ញាល់ជាខ្លាំង។ ដូច្នេះ ទ្រង់ក៏បញ្ជាឲ្យគេសម្លាប់កូនក្មេងប្រុសៗទាំងអស់ក្នុងភូមិបេថ្លេហិម ដែលមានអាយុពីពីរឆ្នាំចុះ។ ប៉ុន្តែ តាមរយៈសុបិនព្រះយេហូវ៉ាបានប្រាប់យ៉ូសែបទុកជាមុន ហើយយ៉ូសែបក៏ចេញទៅស្រុកអេស៊ីព្ទជាមួយនឹងគ្រួសាររបស់គាត់ទៅ។ ក្រោយមក នៅពេលយ៉ូសែបបានដឹងថាស្តេចហេរ៉ូឌបានទទួលមរណភាពហើយនោះ គាត់ក៏នាំនាងម៉ារានិងព្រះយេស៊ូវត្រឡប់ទៅភូមិណាសារ៉ែតវិញ។ នេះជាកន្លែងដែលព្រះយេស៊ូវបានលូតលាស់ធំឡើង។
តើអ្នកគិតថា អ្នកណាដែលធ្វើឲ្យផ្កាយថ្មីនោះលេចចេញមក? នៅចាំទេ មុនដំបូងពួកបុរសនោះបានទៅក្រុងយេរូសាឡិម ក្រោយពីបានឃើញផ្កាយនោះ។ អារក្សសាតាំងចង់សម្លាប់បុត្ររបស់ព្រះ ហើយវាដឹងថាស្តេចហេរ៉ូឌនៃក្រុងយេរូសាឡិមនឹងរកវិធីសម្លាប់កូននោះ។ ដូច្នេះ សាតាំងនេះហើយ ជាអ្នកដែលបានបណ្ដាលឲ្យផ្កាយនោះលេចចេញមក។