៩៥
របៀបដែលព្រះយេស៊ូវបង្រៀន
នៅថ្ងៃមួយ ព្រះយេស៊ូវមានបន្ទូលប្រាប់បុរសម្នាក់ថា គាត់គួរតែស្រឡាញ់អ្នកជិតខាងរបស់គាត់។ បុរសនោះក៏សួរព្រះយេស៊ូវថា៖ ‹អ្នកជិតខាងខ្ញុំជាអ្នកណាទៅ›? ព្រះយេស៊ូវទ្រង់ជ្រាបអំពីគំនិតរបស់បុរសនេះ។ បុរសនេះគិតថា អ្នកជិតខាងរបស់គាត់ គឺជាអ្នកដែលមានសាសនានិងសាសន៍ដូចគាត់តែប៉ុណ្ណោះ។ ដូច្នេះ សូមឲ្យយើងពិនិត្យមើល តើព្រះយេស៊ូវមានបន្ទូលយ៉ាងណាទៅគាត់។
ជួនកាលព្រះយេស៊ូវបង្រៀនដោយនិទានរឿង។ នេះជាអ្វីដែលទ្រង់ធ្វើឥឡូវនេះ។ ទ្រង់និទានរឿងអំពីបុរសសាសន៍យូដាម្នាក់និងបុរសសាសន៍សាម៉ារីម្នាក់។ យើងបានរៀនដឹងហើយថា ពួកសាសន៍យូដាភាគច្រើនមិនចូលចិត្តពួកសាសន៍សាម៉ារីទេ។ នេះជារឿងរបស់ព្រះយេស៊ូវ៖
នៅថ្ងៃមួយ មានបុរសសាសន៍យូដាម្នាក់ធ្វើដំណើរតាមផ្លូវភ្នំទៅឯក្រុងយេរីខូរ។ ប៉ុន្តែ មានពួកចោរបានពួនស្ទាក់ចាប់គាត់។ ពួកគេបានប្លន់យកប្រាក់របស់គាត់ ហើយក៏បានវាយគាត់ទាល់តែគាត់ជិតស្លាប់។
ក្រោយមក សង្ឃម្នាក់ជាសាសន៍យូដាបានមកតាមផ្លូវនោះ។ គាត់បានឃើញបុរសដែលគេវាយនោះ។ តើអ្នកគិតថាលោកនោះបានធ្វើយ៉ាងណាទេ? គាត់បានឆ្លងទៅម្ខាងទៀត ហើយដើរហួសទៅ។ បន្ទាប់មក មានអ្នកកាន់សាសនាម្នាក់ទៀតបានដើរមក។ គាត់ជាពួកលេវី។ តើគាត់បានឈប់ទេ? ទេ គាត់ក៏មិនបានឈប់ជួយបុរសដែលគេវាយនោះដែរ។ អ្នកអាចឃើញសង្ឃនិងបុរសលេវីនោះនៅពីចម្ងាយកំពុងតែដើរតាមផ្លូវ។
ប៉ុន្តែ សូមក្រឡេកមើលអ្នកដែលនៅទីនេះ ជាមួយនឹងបុរសដែលគេបានវាយនោះ។ គាត់ជាសាសន៍សាម៉ារី។ ហើយគាត់កំពុងតែជួយបុរសសាសន៍យូដានេះ។ គាត់កំពុងតែលាបថ្នាំខ្លះទៅលើរបួសរបស់បុរសនោះ។ ក្រោយមក គាត់ក៏យកបុរសសាសន៍យូដានេះ ទៅឲ្យសំរាកនៅកន្លែងមួយដើម្បីឲ្យជាស្បើយឡើងវិញ។
ក្រោយពីបានបញ្ចប់និទានរឿងរបស់ទ្រង់ហើយ ព្រះយេស៊ូវក៏មានបន្ទូលសួរទៅបុរសនោះថា៖ ‹ក្នុងចំណោមអ្នកទាំងបីនេះ តើអ្នកមួយណាដែលអ្នកគិតថាបានប្រព្រឹត្តសមជាអ្នកជិតខាងដល់បុរសដែលគេវាយនោះ? តើជាសង្ឃ ជាបុរសលេវី ឬក៏ជាបុរសសាសន៍សាម៉ារី›?
បុរសនោះឆ្លើយថា៖ ‹ជាបុរសសាសន៍សាម៉ារី។ ពីព្រោះគាត់មានចិត្តល្អដល់បុរសដែលគេវាយនោះ›។
ព្រះយេស៊ូវមានបន្ទូលថា៖ ‹អ្នកនិយាយត្រូវហើយ។ ដូច្នេះចូរទៅប្រព្រឹត្តដល់អ្នកដទៃតាមរបៀបដែលគាត់បានធ្វើចុះ›។
តើអ្នកចូលចិត្តនូវរបៀបដែលព្រះយេស៊ូវបង្រៀនទេ? យើងអាចរៀននូវការដ៏សំខាន់ៗជាច្រើន បើយើងស្ដាប់តាមបន្ទូលរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរនោះ មែនទេ?