៩៦
ព្រះយេស៊ូវធ្វើឲ្យមនុស្សឈឺជាឡើងវិញ
កាលដែលព្រះយេស៊ូវធ្វើដំណើរពាសពេញស្រុក ទ្រង់បានធ្វើឲ្យមនុស្សឈឺជាឡើងវិញ។ ដំណឹងអំពីអព្ភូតហេតុទាំងនេះ បានល្បីល្បាញឮសុសសាយតាមភូមិនិងក្រុងជុំវិញ។ ដូច្នេះប្រជាជនក៏នាំពួកអ្នកពិការ ខ្វាក់ ថ្លង់ ហើយអ្នកជាច្រើនទៀតដែលឈឺមកឯទ្រង់។ ហើយព្រះយេស៊ូវក៏ធ្វើឲ្យគេជាឡើងវិញទាំងអស់។
បីឆ្នាំបានកន្លងទៅហើយ តាំងពីលោកយ៉ូហានបានធ្វើបុណ្យជ្រមុជទឹកឲ្យព្រះយេស៊ូវនោះ។ ហើយព្រះយេស៊ូវមានបន្ទូលប្រាប់ពួកសាវកទ្រង់ថា បន្ដិចទៀតទ្រង់នឹងយាងទៅក្រុងយេរូសាឡិម ជាកន្លែងដែលទ្រង់នឹងត្រូវទទួលមរណភាព ហើយបន្ទាប់មកនឹងត្រូវរស់ពីសេចក្ដីស្លាប់ឡើងវិញ។ នៅពេលចន្លោះនោះ ព្រះយេស៊ូវបន្តធ្វើឲ្យពួកមនុស្សឈឺជាឡើងវិញ។
នៅថ្ងៃមួយ ព្រះយេស៊ូវកំពុងតែបង្រៀននៅថ្ងៃឈប់សំរាក។ ថ្ងៃឈប់សំរាកជាថ្ងៃដែលពួកយូដាសំរាក។ ស្ត្រីដែលអ្នកឃើញនៅទីនេះមានជំងឺធ្ងន់ណាស់។ នាងមានជំងឺកោងខ្នងអស់រយៈ១៨ឆ្នាំមកហើយ ហើយមិនអាចឈរត្រង់បានឡើយ។ ដូច្នេះ ព្រះយេស៊ូវក៏ដាក់ដៃលើនាង ហើយនាងក៏ឈរត្រង់ឡើង។ នាងបានជាឡើងវិញហើយ!
នេះធ្វើឲ្យមេដឹកនាំសាសនាខឹងណាស់។ ពួកគេម្នាក់ស្រែកទៅប្រជាជនថា៖ ‹មានប្រាំមួយថ្ងៃដែលយើងធ្វើការបាន ក្នុងរវាងថ្ងៃទាំងនោះ ដែលអ្នកអាចមកធ្វើឲ្យជា គឺមិនត្រូវមកនៅថ្ងៃឈប់សំរាកទេ›!
ប៉ុន្តែ ព្រះយេស៊ូវឆ្លើយតបថា៖ ‹ពួកបុរសអាក្រក់អើយ។ ពួកឯងណាមួយក៏ស្រាយខ្សែសត្វលារបស់ឯង ហើយយកទៅឲ្យផឹកទឹកនៅថ្ងៃឈប់សំរាកដែរ។ ដូច្នេះ តើមិនគួរឲ្យស្ត្រីដ៏កំសត់នេះ ដែលបានឈឺអស់រយៈ១៨ឆ្នាំហើយ ឲ្យបានជានៅថ្ងៃឈប់សំរាកទេឬអ្វី›? ការឆ្លើយតបរបស់ព្រះយេស៊ូវធ្វើឲ្យពួកបុរសទាំងអស់នោះ មានចិត្តអាម៉ាស់មុខណាស់។
ក្រោយមក ព្រះយេស៊ូវនិងពួកសាវករបស់ទ្រង់ធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡិម។ នៅពេលដែលពួកគេនៅខាងក្រៅក្រុងយេរីខូរ មនុស្សខ្វាក់សុំទានពីរនាក់ឮថាព្រះយេស៊ូវកំពុងតែដើរកាត់។ ដូច្នេះ គេក៏ស្រែកឡើងថា៖ ‹ឱព្រះយេស៊ូវអើយ សូមជួយយើងផង›!
ព្រះយេស៊ូវក៏ហៅមនុស្សខ្វាក់នោះមក ហើយមានបន្ទូលសួរថា៖ ‹តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីដល់អ្នក›? គេនិយាយថា៖ ‹ព្រះអម្ចាស់អើយ សូមប្រោសឲ្យភ្នែករបស់យើងខ្ញុំបានភ្លឺឡើងផង›។ ព្រះយេស៊ូវពាល់ភ្នែករបស់គេ ហើយភ្លាមនោះគេក៏អាចមើលឃើញ! តើអ្នកដឹងហេតុអ្វីបានជាព្រះយេស៊ូវធ្វើអព្ភូតហេតុដ៏អស្ចារ្យទាំងនេះទេ? ពីព្រោះទ្រង់ស្រឡាញ់ប្រជាជន ហើយទ្រង់ចង់ឲ្យគេមានជំនឿលើទ្រង់។ ដូច្នេះហើយ យើងអាចដឹងជាប្រាកដថា នៅពេលដែលទ្រង់សោយរាជ្យជាស្តេចនោះ គ្មានអ្នកណាមួយនៅលើផែនដីនឹងឈឺទៀតឡើយ។
ម៉ាថាយ ១៥:៣០, ៣១; លូកា ១៣:១០-១៧; ម៉ាថាយ ២០:២៩-៣៤