១១៥
សួនមនោរម្យថ្មីនៅលើផែនដី
សូមក្រឡេកមើលដើមឈើខ្ពស់ៗ បុប្ផាដ៏ល្អស្រស់និងភ្នំខ្ពស់ត្រដែតទាំងនេះ។ នេះជាកន្លែងដ៏ល្អបំព្រងណាស់ មែនទេ? សូមមើលនូវរបៀបដែលសត្វប្រើសកំពុងតែស៊ីចំណីពីដៃរបស់ក្មេងតូចនេះ។ ហើយសូមមើលសិង្ហ និងសេះនៅវាលស្មៅឯណោះ។ តើអ្នកមិនចង់រស់នៅក្នុងផ្ទះដែលសង់នៅកន្លែងដូចនេះទេឬ?
ព្រះមានព្រះហឫទ័យចង់ឲ្យអ្នករស់ជានិរន្តរ៍ នៅលើផែនដីក្នុងសួនមនោរម្យ។ ហើយទ្រង់មិនមានព្រះហឫទ័យចង់ឲ្យអ្នកមានការឈឺចាប់ ដែលមនុស្សកំពុងតែរងទុក្ខសព្វថ្ងៃនេះទេ។ នេះជាសេចក្ដីសន្យានៃព្រះគម្ពីរចំពោះអ្នកណាដែលនឹងរស់នៅក្នុងសួនមនោរម្យថ្មី៖ ‹ព្រះនឹងគង់នៅជាមួយពួកគេ នឹងលែងមានសេចក្ដីស្លាប់ ឬការយំសោក ឬការឈឺចាប់ណាទៀតឡើយ។ ដ្បិតអ្វីៗពីដើមបានកន្លងបាត់ទៅហើយ›។
ព្រះយេស៊ូវនឹងទទួលរ៉ាប់រងថា ការប្រែប្រួលដ៏អស្ចារ្យនេះនឹងត្រូវកើតឡើង។ តើអ្នកដឹងនៅពេលណាទេ? ត្រូវហើយ គឺបន្ទាប់ពីទ្រង់បោសសំអាតផែនដីឲ្យអស់ពីអំពើអាក្រក់និងមនុស្សអាក្រក់ទាំងអស់។ អ្នកចាំទេ កាលដែលព្រះយេស៊ូវបានគង់នៅផែនដី ទ្រង់បានធ្វើឲ្យមនុស្សជាពីជំងឺគ្រប់ប្រភេទ ហើយទ្រង់ក៏បានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញដែរ។ ព្រះយេស៊ូវបានធ្វើការទាំងអស់នេះ ដើម្បីសម្ដែងនូវអ្វីៗដែលទ្រង់នឹងធ្វើនៅពាសពេញផែនដី នៅពេលដែលទ្រង់បានទៅជាស្តេចនៃព្រះរាជាណាចក្ររបស់ព្រះ។
សូមពិចារណាមើល តើនឹងទៅជាអស្ចារ្យយ៉ាងណាទៅហ្ន៎ នៅក្នុងសួនមនោរម្យថ្មីនៅលើផែនដី! ព្រះយេស៊ូវ ព្រមទាំងអ្នកខ្លះដែលទ្រង់ជ្រើសរើស នឹងគ្រប់គ្រងពីស្ថានសួគ៌។ អ្នកគ្រប់គ្រងទាំងនេះនឹងមើលថែរក្សាមនុស្សគ្រប់រូបនៅលើផែនដី ហើយនិងលៃលកយ៉ាងណាឲ្យពួកគេបានសប្បាយរីករាយ។ សូមឲ្យយើងពិនិត្យមើលតទៅទៀត អំពីអ្វីដែលយើងត្រូវធ្វើ ដើម្បីឲ្យយើងអាចដឹងច្បាស់ថា ព្រះនឹងប្រទានជីវិតអស់កល្បជានិច្ចដល់យើង នៅក្នុងសួនមនោរម្យថ្មីរបស់ទ្រង់។
វិវរណៈ ២១:៣, ៤; ៥:៩, ១០; ១៤:១-៣