ការលូតលាស់កើនចម្រើនរបស់ពួកគេនៅសម័យថ្មីនេះ
ប្រវត្ដិសាស្ត្រសម័យថ្មីរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ា បានចាប់ផ្ដើមជាងមួយរយឆ្នាំមុននេះ។ នៅដើមនៃទសវត្ស១៨៧០ ពួកសិក្សាព្រះគម្ពីរដែលមិនលេចជ្រងោមួយក្រុម បានចាប់ផ្ដើមនៅទីក្រុងអាលឹគេនី រដ្ឋប៉ិនស៊ីវ៉ានី សហរដ្ឋអាមេរិក ដែលទីក្រុងនោះឥឡូវនេះរួមជាចំណែកនៃទីក្រុងផិត្សប៊ើគ។ ឆាល្ស-ថេស្ស-រ៉ាស្សិល ជាអ្នកដឹកនាំនៃក្រុមនោះ។ នៅខែកក្កដា ឆ្នាំ១៨៧៩ ទស្សនាវដ្ដីប៉មយាមនៃភ្នំស៊ីយ៉ូនដែលប្រកាសវត្តមានរបស់ព្រះគ្រីស្ទលេខទីមួយបានលេចឡើង។ នៅឆ្នាំ១៨៨០មានក្រុមជំនុំជាច្រើនដែលបានលូតលាស់ឡើងពីក្រុមសិក្សាព្រះគម្ពីរតូចតែមួយនោះ ទៅដល់រដ្ឋជិតខាងគេជាច្រើន។ នៅឆ្នាំ១៨៨១ សមាគមប៉មយាមខាងខិត្តប័ណ្ណនៃភ្នំស៊ីយ៉ូនបានត្រូវបង្កើតឡើង ហើយនៅឆ្នាំ១៨៨៤ សមាគមនេះបានត្រូវរួបរួមគ្នាជាសាជីវកម្ម ដោយមានលោករ៉ាស្សិលជាប្រធាន។ ក្រោយមកឈ្មោះសមាគមបានត្រូវផ្លាស់ប្ដូរទៅជាសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណ។ មនុស្សជាច្រើនបានទៅធ្វើបន្ទាល់ពីផ្ទះមួយទៅផ្ទះមួយ ដោយប្រគល់ប្រកាសនវត្ថុខាងព្រះគម្ពីរ។ ពួកអ្នកដែលធ្វើការផ្សាយពេញពេលនេះ នៅឆ្នាំ១៨៨៨មានចំនួន៥០នាក់—ឥឡូវអ្នកផ្សាយពេញពេលមានចំនួនមធ្យមជាង៥០០.០០០នាក់ក្នុងពិភពលោកទាំងមូល។
នៅឆ្នាំ១៩០៩កិច្ចការនេះបានចម្រើនទៅជាការអន្តរជាតិ ហើយមន្ទីរចាត់ការរបស់សមាគមប៉មយាម បានត្រូវផ្លាស់កន្លែងទៅទីក្រុងប៊្រុគ្លីន រដ្ឋនូយ៉ក ហើយសព្វថ្ងៃនេះនៅមានអាសយដ្ឋានដដែល។ ធម្មទានបានត្រូវបោះពុម្ពនៅសារពត៌មានជាច្រើន។ នៅឆ្នាំ១៩១៣ធម្មទាននេះមានជា៤ភាសាហើយក្នុង៣.០០០សារពត៌មាននៅសហរដ្ឋអាមេរិក ស្រុកកាណាដា ហើយទ្វីបអឺរ៉ុប។ គេបានចែកចាយសៀវភៅ កូនសៀវភៅ ហើយខិត្តប័ណ្ណជារាប់រយលានក្បាល។
នៅឆ្នាំ១៩១២គេចាប់ផ្ដើមធ្វើរូបភាពល្ខោនអំពីដំណើរបង្កើត។ ដោយរូបថតបញ្ចាំងហើយភាពយន្តដែលមានសំឡេង រឿងល្ខោននេះបានលាតសម្ដែងពីដំណើររឿងនៃការបង្កើតផែនដី រហូតដល់ទីបញ្ចប់មួយពាន់ឆ្នាំនៃការគ្រងរាជ្យរបស់ព្រះគ្រីស្ទ។ នៅឆ្នាំ១៩១៤គេចាប់ផ្ដើមបង្ហាញល្ខោននេះ ដោយមាន៣៥.០០០នាក់មកមើលជារៀងរាល់ថ្ងៃ។ ល្ខោននេះបានបង្កើតមុនគេបង្អស់ចំពោះភាពយន្តដែលមានសំឡេង។
ឆ្នាំ១៩១៤
ពេលវេលាដ៏សំខាន់ណាស់ជិតមកដល់ហើយ។ នៅឆ្នាំ១៨៧៦អ្នកសិក្សាព្រះគម្ពីរ ឆាល្ស-ថេស្ស-រ៉ាស្សិល បានសរសេរអត្ថបទមួយដែលមានចំណងជើងថា «គ្រារបស់សាសន៍ដទៃ៖ តើកាលណាត្រូវចប់នោះ?» ហើយប្រគល់ដល់ទស្សនាវដ្ដី ការពិនិត្យព្រះគម្ពីរដែលបោះពុម្ពផ្សាយចេញពីទីក្រុងប៊្រុគ្លីន រដ្ឋនូយ៉ក ដែលនៅអត្ថបទនោះ ទំព័រទី២៧នៃលេខខែតុលាថា៖ «ទាំងប្រាំពីរខួបរបស់គ្រានៃសាសន៍ដទៃ នឹងត្រូវចប់នៅឆ្នាំ១៩១៤គ.ស.»។ គ្រារបស់សាសន៍ដទៃជាពេលវេលាដែលព្រះយេស៊ូវបានមានបន្ទូលថាជា «គ្រាកំណត់របស់សាសន៍ដទៃ»។ (លូកា ២១:២៤ ពថ) គ្រប់ការទាំងអស់ដែលគេទន្ទឹងចាំឲ្យកើតមានឡើងនៅឆ្នាំ១៩១៤នោះមិនកើតឡើងទេ ប៉ុន្តែឆ្នាំនោះពិតជាបានសំគាល់ទីបញ្ចប់នៃគ្រារបស់សាសន៍ដទៃ ហើយជាឆ្នាំដែលមានសេចក្ដីសំខាន់យ៉ាងពិសេស។ អ្នកប្រវត្ដិសាស្ត្រហើយអ្នកធ្វើអត្ថាធិប្បាយជាច្រើនយល់ស្របថា ឆ្នាំ១៩១៤ជាចំណុចពេលវេលានៃការផ្លាស់ប្ដូរយ៉ាងសំខាន់ក្នុងប្រវត្ដិសាស្ត្រមនុស្សលោក។ សេចក្ដីដកស្រង់ដែលមានបន្តបន្ទាប់មកនេះ បង្ហាញយ៉ាងជាក់ស្តែងអំពីរឿងនេះ៖
«ឆ្នាំក្រោយបង្អស់ដែលមានភាពធម្មតាក្នុងប្រវត្ដិសាស្ត្រគឺ១៩១៣ ដែលជាឆ្នាំមុនចាប់កំណើតនៃសង្គ្រាមលោកលើកទី១»។—វិចារណកថាមួយក្នុងសារពត៌មានថែម្ស-ហេរ៉ាល្ដ វ៉ាស៊ីនតោន ស.រ.អ. ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៩។
«ចាប់តាំងពីឆ្នាំ១៩១៤មក មនុស្សគ្រប់គ្នាដែលយល់ឃើញនិន្នាការដែលកំពុងកើតឡើងក្នុងលោកីយ គឺទទួលសេចក្ដីខ្វល់ខ្វាយយ៉ាងជ្រៅក្នុងចិត្តពីព្រឹត្ដិការណ៍ ដែលហាក់ដូចជាបព្វវាសនានូវដំណើរទៅមុខចំពោះមហន្តរាយដែលធំឡើងៗតទៅទៀតនោះ។ មនុស្សជាច្រើនដែលមានចិត្តមាំ ឥឡូវជឿថាគ្មានអ្វីដែលអាចធ្វើបានដើម្បីឲ្យបង្ការការធ្លាក់ទៅដល់សេចក្ដីបំផ្លាញគ្រប់ជំពូកបានឡើយ»។—លោកពើរត្រាន្ត-រ៉ាស្សិល ទស្សនាវដ្ដីនូយ៉កថែម្ស ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៥៣។
«លោកីយទាំងមូលពិតជាបានផ្ទុះ ក្នុងពេលវេលាសង្គ្រាមលោកលើកទី១ ហើយយើងនៅតែមិនទាន់យល់ហេតុអ្វីនោះទេ។ មុនពេលនោះ មនុស្សលោកបានគិតស្មានថា ផែនដីជាទីបរមសុខពិតជាអាចទទួលបាន។ នៅពេលនោះគឺមានសន្ដិសុខនិងភាពចម្រើន។ បន្ទាប់មកគ្រប់ទាំងអស់បានផ្ទុះឡើង។ តាំងពីពេលនោះមក មនុស្សយើងដូចជាមានជីវិតដែលគ្មានសកម្មភាពឡើយ . . . មនុស្សជាច្រើននាក់បានត្រូវសម្លាប់ក្នុងសតវត្សនេះ ជាងអស់អ្នកដែលបានត្រូវសម្លាប់ក្នុងគ្រប់ប្រវត្ដិសាស្ត្រទាំងអស់»។—វិជ្ជាបណ្ឌិត វ៉ាកើរ-ពើរស៊ី ទស្សនាវដ្ដីដំណឹងខាងវិជ្ជាពេទ្យអាមេរិកាំង ថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ១៩៧៧។
ជាង៥០ឆ្នាំក្រោយពីឆ្នាំ១៩១៤ រដ្ឋបុរសអាឡឺម៉ង់ម្នាក់ឈ្មោះ កុនរ៉ាដ-អាដិនអោ បានសរសេរថា៖ «សន្ដិសុខហើយភាពស្ងប់ស្ងៀមបានត្រូវបាត់បង់ចេញពីជីវិតមនុស្ស តាំងពីឆ្នាំ១៩១៤មក»។—ទស្សនាវដ្ដីពើរគើរទិសខាងលិច ទីក្រុងគ្លីវឡាន្ត រដ្ឋអូហែយ៉ូ ស.រ.អ. ថ្ងៃទី២០ ខែមករា ឆ្នាំ១៩៦៦។
ប្រធានទីមួយនៃសមាគមប៉មយាម លោកជ.-ថ.-រ៉ាស្សិល បានស្លាប់នៅឆ្នាំ១៩១៦ហើយឆ្នាំក្រោយបានត្រូវស្នងដោយ យ៉ូសេព-ហ្វ.-រុទ័រហ្វឺត។ ការផ្លាស់ប្ដូរជាច្រើនបានកើតមានឡើងនៅពេលនោះ។ គេបានបញ្ចេញជាលើកដំបូងនូវទស្សនាវដ្ដីមួយដែលមានឈ្មោះ ទស្សនាវដ្ដីសម័យភោគផលជាគូនៃ ទស្សនាវដ្ដីប៉មយាម (សព្វថ្ងៃមានឈ្មោះទស្សនាវដ្ដីភ្ញាក់រឭក! ហើយចំនួនដែលចេញរៀងរាល់ដង (ពីរដងរៀងរាល់ខែ) ជាង១៣.០០០.០០០ក្បាល និងជាង៦០ភាសា) ។ កិច្ចធ្វើបន្ទាល់ពីទ្វារមួយទៅទ្វារមួយបានត្រូវចាត់ទុកថាជាការសំខាន់ជាងពីមុនទៅទៀត។ ដើម្បីសម្ដែងថាពួកគេខុសប្លែកពីពួកសាសនានិកាយជាច្រើនរបស់ពិភពគ្រីស្ទាន ពួកគ្រីស្ទានទាំងនេះបានទទួលយកដោយអំណរ នូវឈ្មោះស្មរបន្ទាល់ព្រះយេហូវ៉ានៅឆ្នាំ១៩៣១។ ឈ្មោះនេះមានមូលដ្ឋានក្នុងព្រះគម្ពីរ អេសាយ ៤៣:១០-១២។
ពួកគេបានប្រើវិទ្យុយ៉ាងសុសសាយក្នុងទសវត្ស១៩២០ព្រមទាំង១៩៣០។ នៅឆ្នាំ១៩៣៣ សមាគមប៉មយាមកំពុងប្រើ៤០៣ស្ថានីយវិទ្យុ ដើម្បីផ្សាយអត្ថាធិប្បាយអំពីព្រះគម្ពីរ។ បន្ទាប់មក គេបានឈប់ប្រើវិទ្យុ តែប្រើការផ្សាយតាមផ្ទះជាជំនួសនោះវិញ។ ពួកស្មរបន្ទាល់បានប្រើសុន្ទរកថាដែលបានអាត់រួចហើយដែលអ្នកម្ចាស់ផ្ទះអាចឮពីម៉ាស៊ីនសំឡេងដែលគេនាំយកជាមួយនោះ។ គេបានចាប់ផ្ដើមការសិក្សាព្រះគម្ពីរ ដើម្បីជួយអស់អ្នកដែលចាប់ចិត្តនោះ។
ជ័យជំនះខាងតុលាការ
ក្នុងកំលុងពេលទសវត្ស១៩៣០ហើយ១៩៤០ គឺមានការចាប់ឃុំឃាំងជាច្រើននៃពួកស្មរបន្ទាល់ដែលធ្វើកិច្ចបំរើនេះ ហើយគេបានតស៊ូនឹងបណ្ដឹងនៅតុលាការ ដើម្បីឲ្យបានរក្សាទុកសេរីភាពខាងពាក្យសំដី ខាងពត៌មាន ខាងរួមប្រជុំគ្នា ហើយខាងសក្ការៈ។ នៅក្នុងសហរដ្ឋអាមេរិក ការសុំអំពាវនូវបណ្ដឹងក្ដីពីតុលាការជាន់ទាបមានលទ្ធផលថា ស្មរបន្ទាល់ព្រះយេហូវ៉ាបានឈ្នះ៤៣បណ្ដឹងក្ដី នៅក្នុងតុលាការជាន់ខ្ពស់បំផុតនៃសហរដ្ឋអាមេរិក។ ស្រដៀងនឹងគ្នានោះ ការវិនិច្ឆ័យល្អបានត្រូវទទួលពីតុលាការជាន់ខ្ពស់នៅស្រុកជាច្រើនផ្សេងៗគ្នា។ សាស្ដ្រាចារ្យ ក.-ស.-ប្រេដិន បានសរសេរក្នុងសៀវភៅរបស់លោកដែលមានឈ្មោះថា ពួកនេះជាអ្នកជឿដែរ អំពីការឈ្នះខាងតុលាការទាំងនេះនៃស្មរបន្ទាល់ព្រះយេហូវ៉ាថា៖ «ពួកនេះបានធ្វើការបំរើដែលមានសារៈសំខាន់ចំពោះប្រជាធិបតេយ្យភាព ដោយសារការតស៊ូរបស់គេឲ្យរក្សាសិទ្ធិពលរដ្ឋរបស់គេ ព្រោះដោយការតស៊ូរបស់គេនោះ ពួកគេបានជួយគ្រប់ទាំងក្រុមមនុស្សអប្បភាគក្នុងសហរដ្ឋអាមេរិកឲ្យបានទទួលសិទ្ធិទាំងនោះដែរ»។
កម្មវិធីអប់រំដ៏ពិសេស
លោក យ.ហ្វ.-រុទ័រហ្វឺតបានស្លាប់នៅឆ្នាំ១៩៤២ហើយលោក ន.ហ.-ណ័រ បានស្នងជាប្រធាន។ កម្មវិធីអប់រំរួបរួមគ្នាមួយបានត្រូវចាប់ផ្ដើមឡើង។ នៅឆ្នាំ១៩៤៣គេបានតាំងឡើងនូវសាលាអប់រំមួយពិសេសសម្រាប់សាសនទូត ហៅថាសាលាអប់រំគីលាតខាងព្រះគម្ពីរនៃសមាគមប៉មយាម។ តាំងពីពេលនោះមក អ្នកចប់ការសិក្សាពីសាលានេះបានត្រូវចាត់ឲ្យទៅជាង១៤០ស្រុកនៅជុំវិញផែនដីទាំងមូល។ ក្រុមជំនុំថ្មីៗក៏បានលេចមានឡើងនៅក្នុងប្រទេសដែលមិនមានពីមុននោះ ហើយការិយាល័យសាខាដែលបានតាំងឡើងតាមអន្តរជាតិគឺមានប្រមាណ១០០។ យូរៗម្ដងសាលាអប់រំពិសេសបានត្រូវតាំងឡើងសម្រាប់អប់រំអ្នកចាស់ទុំក្នុងក្រុមជំនុំ អ្នកធ្វើការដោយស្ម័គ្រចិត្តតាមការិយាល័យសាខា ហើយអស់អ្នកដែលធ្វើពេញពេល (ជាអ្នកត្រាយផ្សាយ)នូវកិច្ចបំរើធ្វើបន្ទាល់។
លោកន.ហ.-ណ័របានស្លាប់នៅឆ្នាំ១៩៧៧។ សេចក្ដីផ្លាស់ប្ដូរក្រោយបង្អស់មួយក្នុងអង្គការដែលលោកមានចំណែកក្នុងការសម្រេចមុននឹងលោកស្លាប់នោះ គឺជាការពង្រីកឡើងនូវគណៈអភិបាលក្នុងមន្ទីរចាត់ការនៅទីក្រុងប៊្រុគ្លីន។ នៅឆ្នាំ១៩៧៦ភារៈខាងការចាត់ការបានត្រូវចែងចែកហើយចាត់ទៅដល់គណៈផ្សេងៗ ដែលធ្វើឡើងពីសមាជិកនៃគណៈអភិបាល។ សមាជិកទាំង១២នាក់(នៅឆ្នាំ១៩៩១) ម្នាក់ៗបានថ្វាយពេលវេលាពេញទីរបស់គេដើម្បីធ្វើកិច្ចបន្ទាល់ប្រមាណ៥០ឆ្នាំឬក៏ជាង៥០ឆ្នាំទៅទៀត។
រោងចក្របោះពុម្ពពង្រីកឡើង
ប្រវត្ដិសាស្ត្ររបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ានៅសម័យថ្មីៗ បានពោរពេញទៅដោយព្រឹត្ដិការណ៍ដែលធ្វើឲ្យរំភើបចិត្តជាខ្លាំង។ ចាប់តាំងពីឆ្នាំ១៨៧០ កាលដែលមានពួកសិក្សាព្រះគម្ពីរតែមួយក្រុមយ៉ាងតូចនៅរដ្ឋប៊ីនស៊ីវ៉ានីនោះ មកដល់ឆ្នាំ១៩៩១ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានលូតលាស់មានជាង៦៥.០០០ក្រុមជំនុំពេញពិភពលោកទាំងមូល។ ពីដើម គ្រប់ប្រកាសនវត្ថុខាងព្រះគម្ពីរបានត្រូវបោះពុម្ពដោយក្រុមហ៊ុនឯកជន បន្ទាប់មក នៅឆ្នាំ១៩២០ប្រកាសនវត្ថុខាងព្រះគម្ពីរខ្លះរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ា បានត្រូវបោះពុម្ពនៅក្នុងអាគាររោងចក្រដែលបានជួលពីគេ។ ប៉ុន្តែតាំងពីឆ្នាំ១៩២៧មក ប្រកាសនវត្ថុជាច្រើនទៅទៀតបានត្រូវបោះពុម្ពឡើងនៅក្នុងអាគាររោងចក្រដែលមាន៨ជាន់ នៅទីក្រុងប៊្រុគ្លីន រដ្ឋនូយ៉ក ដែលជារបស់ផងសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋនូយ៉ក ជាសាជីវកម្ម។ ឥឡូវអាគារនេះបានត្រូវពង្រីករហូតដល់ជាងប្រាំពីរអាគាររោងចក្រ និងអាគារការិយាល័យដែលផ្ដុំគ្នាជាច្រើនទៀត។ គឺមានអាគារនៅជិតនោះជាច្រើនទៀតនៅទីក្រុងប៊្រុគ្លីន ដែលជាទីលំនៅសម្រាប់ជាង៣.០០០នាក់នៃពួកធ្វើការដោយស្ម័គ្រចិត្ត ដែលត្រូវការជាចាំបាច់ដើម្បីធ្វើប្រតិបត្ដិការរោងចក្របោះពុម្ពទាំងនោះ។ រាប់រយនាក់ថែមទៀតនោះ បំរើនៅក្នុងស្ថានអប់រំនៅទីក្រុងផែធើសុន រដ្ឋនូយ៉ក។ បន្ថែមទៅទៀតនោះ នៅកន្លែងមួយជិតទីក្រុងវ៉លគីលនៅរដ្ឋនូយ៉ក មានរោងចក្រព្រមទាំងដីចំការ ដែលនៅទីនោះមានអ្នកធ្វើការជាង១.០០០នាក់ដែរ។ កន្លែងនោះបោះពុម្ពទស្សនាវដ្ដីប៉មយាមហើយទស្សនាវដ្ដីភ្ញាក់រឭក! ហើយផលិតផលម្ហូបសម្រាប់អ្នកធ្វើការដោយស្ម័គ្រចិត្តរាប់ពាន់នាក់ទាំងនេះ។ អ្នកធ្វើការដោយស្ម័គ្រចិត្តម្នាក់ៗទាំងនោះ ទទួលប្រាក់សំណងមួយចំនួនតូចសម្រាប់សេចក្ដីត្រូវការផ្ទាល់ខ្លួន។
មហាសន្និបាតអន្តរជាតិ
នៅឆ្នាំ១៨៩៣គេបានធ្វើមហាសន្និបាតជាលើកទីមួយនៅទីក្រុងឆិខាកូរ រដ្ឋអ៊ីលីណូយ សហរដ្ឋអាមេរិក។ ៣៦០នាក់បានមករួមប្រជុំគ្នានៅទីនោះហើយអ្នកថ្មី៧០នាក់បានធ្វើបុណ្យជ្រមុជទឹក។ ពេលក្រោយបង្អស់ដែលគេធ្វើសន្និបាតអន្តរជាតិយ៉ាងធំសម្បើមដែលមានតែមួយក្នុងផែនដីទាំងមូលនោះ បានរៀបចំឡើងនៅទីក្រុងនូយ៉កនៅឆ្នាំ១៩៥៨។ គេបានប្រើកីឡាមណ្ឌលយ៉ាង្គីនិងកីឡាមណ្ឌលប៉ូឡូដែលនៅមាននៅឡើយនៅពេលនោះ។ កម្រិតចំនួនមនុស្សដែលផ្ដុំគ្នានៅទីនោះគឺ២៥៣.៩២២នាក់ ហើយអ្នកថ្មីដែលធ្វើបុណ្យជ្រមុជទឹកនោះមានចំនួន៧.១៣៦នាក់។ តាំងពីពេលនោះមក សន្និបាតអន្តរជាតិបានទៅជាសភាជាច្រើនដែលមានតៗគ្នាក្នុងប្រទេសជាច្រើន។ សព្វថ្ងៃសន្និបាតអន្តរជាតិដែលមានតៗគ្នានោះមានជាង១.៤០០សភានៅជាង១០០ប្រទេស។
[ឃ្លាអក្សរធំនៅទំព័រ៦]
ភាពយន្តពីដើមដែលមានសំឡេង
[ឃ្លាអក្សរធំនៅទំព័រ៧]
ពេលដែលមានការផ្លាស់ប្ដូរសំខាន់មួយក្នុងប្រវត្ដិសាស្ត្រមនុស្សលោក
[ឃ្លាអក្សរធំនៅទំព័រ៨]
ការបំរើដែលមានសារៈសំខាន់ចំពោះសេរីភាពពលរដ្ឋ
[រូបភាពនៅទំព័រ៦]
«ទស្សនាវដ្ដីប៉មយាម» កើនពី៦.០០០ក្បាលក្នុងភាសាតែមួយប៉ុណ្ណោះ រហូតដល់ជាង១៥.០០០.០០០ក្បាលនិងជាង ១១០ភាសា
[រូបភាពនៅទំព័រ១០]
រោងចក្របោះពុម្ពនៅទីក្រុងវ៉លគីល រដ្ឋនូយ៉ក
. . . ហើយនៅទីក្រុងប៊្រុគ្លីនរដ្ឋនូយ៉ក