ការចំរើនលូតលាស់របស់ពួកគេនៅសម័យថ្មីនេះ
ប្រវត្ដិសាស្ត្រសម័យថ្មីរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា បានចាប់ផ្ដើមជាងមួយរយឆ្នាំមុននេះ។ នៅដើមនៃទសវត្ស ១៨៧០ ពួកអ្នកសិស្សាព្រះគម្ពីរដែលមិនលេចធ្លោមួយក្រុមបានចាប់ផ្ដើមនៅទីក្រុង អាលឹគេនីរដ្ឋប៉ិនស៊ីវ៉ានី សហរដ្ឋអាមេរិក ដែលទីក្រុងនោះឥឡូវនេះរួមជាចំណែកនៃទីក្រុងផិតបឺក។ ឆាល្ស ថេស្ស រ៉ាសិល ជាអ្នកដឹកនាំនៃក្រុមនោះ។ នៅខែកក្កដាឆ្នាំ ១៨៧៩ ទស្សនាវដ្ដី ប៉មយាមនៃភ្នំស៊ីយ៉ូនដែលប្រកាសវត្តមានរបស់ព្រះគ្រីស្ទ លេខទីមួយបានចេញមក។ នៅឆ្នាំ ១៨៨០ មានក្រុមជំនុំជាច្រើន ដែលបានលូតលាស់ឡើងពីក្រុមសិក្សាព្រះគម្ពីរតូចតែមួយនោះ ទៅដល់រដ្ឋជិតខាងគេជាច្រើន។ នៅឆ្នាំ ១៨៨១សមាគមប៉មយាមខាងខិត្តប័ណ្ណនៃភ្នំស៊ីយ៉ូនបានត្រូវបង្កើតឡើង ហើយនៅឆ្នាំ ១៨៨៤ សមាគមនេះបានត្រូវរួបរួមគ្នាជាសាជីវកម្ម ដោយមានលោករ៉ាសិលជាប្រធាន។ ក្រោយមកឈ្មោះសមាគមបានត្រូវផ្លាស់ប្ដូរទៅជាសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណ។ មនុស្សជាច្រើនបានទៅធ្វើបន្ទាល់ពីផ្ទះមួយទៅផ្ទះមួយ ដោយប្រគល់ប្រកាសនវត្ថុខាងព្រះគម្ពីរ។ ពួកអ្នកដែលធ្វើការផ្សាយពេញពេលនេះ នៅឆ្នាំ ១៨៨៨ មានចំនួន៥០នាក់។ ក៏ប៉ុន្តែ ឥឡូវអ្នកផ្សាយពេញពេលមានចំនួនមធ្យមជាង ៧០០.០០០ នាក់ទូទាំងពិភពលោក។
នៅឆ្នាំ ១៩០៩ កិច្ចការនេះបានចម្រើនទៅជាកិច្ចការអន្តរជាតិ ហើយមន្ទីរចាត់ការរបស់សមាគមប៉មយាមបានត្រូវផ្លាស់កន្លែងទៅទីក្រុងប៊្រុគ្លីន រដ្ឋញូវយ៉ក ហើយសព្វថ្ងៃនេះនៅមានអាស័យដ្ឋានដដែល។ ធម្មទានបានត្រូវបោះពុម្ពនៅសារពត៌មានជាច្រើន។ នៅឆ្នាំ ១៩១៣ ធម្មទាននេះមានជាបួនភាសាហើយក្នុងរាប់ពាន់សារពត៌មាននៅសហរដ្ឋអាមេរិក ប្រទេសកាណាដា ហើយទ្វីបអឺរ៉ុប។ គេបានចែកចាយសៀវភៅ សៀវភៅស្តើង ហើយខិត្តប័ណ្ណរាប់រយលានក្បាល។
នៅឆ្នាំ ១៩១២ គេចាប់ផ្ដើមធ្វើល្ខោនរូបភាពនៃការបង្កើត។ ដោយរូបថតបញ្ចាំងហើយភាពយន្តដែលមានសម្លេងរឿងល្ខោននេះ បានសម្ដែងពីដំណើររឿងនៃការបង្កើតផែនដីរហូតដល់ទីបញ្ចប់មួយពាន់ឆ្នាំនៃការគ្រងរាជ្យរបស់ព្រះគ្រីស្ទ។ នៅឆ្នាំ ១៩១៤ គេចាប់ផ្ដើមបង្ហាញល្ខោននេះដោយមាន ៣៥.០០០ នាក់មកមើលជារៀងរាល់ថ្ងៃ។ ល្ខោននេះបានបង្កើតមុនគេបង្អស់ចំពោះភាពយន្តដែលមានសម្លេង។
ឆ្នាំ១៩១៤
ពេលវេលាដ៏សំខាន់ជិតមកដល់ហើយ។ នៅឆ្នាំ ១៨៧៦ អ្នកសិក្សាព្រះគម្ពីរ ឈ្មោះឆាល្ស ថេស្ស រ៉ាសិល បានសរសេរអត្ថបទមួយដែលមានចំណងជើងថា «គ្រារបស់សាសន៍ដទៃ តើពេលណាត្រូវចប់?» ហើយប្រគល់ដល់ទស្សនាវដ្ដីការពិនិត្យព្រះគម្ពីរ ដែលបោះពុម្ពផ្សាយចេញពីទីក្រុងប៊្រុគ្លីនរដ្ឋញូវយ៉ក ដែលនៅអត្ថបទនោះក្នុងទំព័រទី២៧ ខែតុលាចែងថា៖ «ទាំងប្រាំពីរខួបរបស់គ្រានៃសាសន៍ដទៃនឹងត្រូវចប់នៅឆ្នាំ ១៩១៤ គ.ស.»។ គ្រារបស់សាសន៍ដទៃជាពេលវេលាដែលព្រះយេស៊ូបានមានបន្ទូលថាជា «គ្រាកំណត់របស់សាសន៍ដទៃ»។ (លូកា ២១:២៤, ព.ថ.) គ្រប់ការទាំងអស់ដែលគេទន្ទឹងចាំឲ្យកើតមានឡើងនៅឆ្នាំ ១៩១៤ នោះ មិនកើតឡើងទេ ប៉ុន្តែឆ្នាំនោះពិតជាបានសំគាល់ទីបញ្ចប់នៃគ្រារបស់សាសន៍ដទៃ និងជាឆ្នាំដែលមានសេចក្ដីសំខាន់យ៉ាងពិសេស។ អ្នកប្រវត្ដិសាស្ត្រនិងអ្នកធ្វើអត្ថាធិប្បាយជាច្រើនយល់ស្របថាឆ្នាំ ១៩១៤ ជាចំណុចពេលវេលានៃការផ្លាស់ប្ដូរយ៉ាងធំក្នុងប្រវត្ដិសាស្ត្រមនុស្សលោក។ សេចក្ដីដកស្រង់ដែលមានបន្តបន្ទាប់មកនេះ បង្ហាញយ៉ាងជាក់ស្តែងអំពីរឿងនេះ៖
«ឆ្នាំក្រោយបង្អស់ដែលមានភាពធម្មតាក្នុងប្រវត្ដិសាស្ត្រគឺ ១៩១៣ ដែលជាឆ្នាំមុនចាប់កំណើតនៃសង្គ្រាមលោកលើកទី១»។—វិចារណកថាមួយក្នុងសារពត៌មានថែម្ស-ហេរ៉ាល្ដ វ៉ាស៊ីនតោន ស.រ.អ. ថ្ងៃទី១៣ ខែមីនា ឆ្នាំ ១៩៤៩។
«កំឡុងពេល៧៥ឆ្នាំពីឆ្នាំ១៩១៤ទៅឆ្នាំ១៩៨៩ ដែលមានសង្គ្រាមលោកទាំងពីរលើកនិងសង្គ្រាមត្រជាក់ នោះពួកអ្នកប្រវត្ដិសាស្ត្ររឹតតែឃើញថាជាសម័យតែមួយគត់ដែលដាច់ពីគេ ជាគ្រាដែលប្រទេសជាច្រើនចូលច្បាំងក្នុងសង្គ្រាម ងើបពីសង្គ្រាម ឬប្រុងប្រៀបចូលធ្វើសង្គ្រាម»។—ទស្សនាវដ្ដីញូវយ៉កថែម្ស ថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៩៥។
«លោកីយ៍ទាំងមូលពិតជាបានផ្ទុះក្នុងសង្គ្រាមលោកលើកទី១ ហើយយើងនៅតែមិនទាន់យល់ហេតុអ្វីនោះទេ។ មុនពេលនោះ មនុស្សលោកបានគិតស្មានថា ផែនដីជាទីបរមសុខពិតជាអាចទទួលបាន។ នៅពេលនោះគឺមានសន្ដិសុខនិងភាពចម្រើន។ បន្ទាប់មកគ្រប់ទាំងអស់បានផ្ទុះឡើង។ តាំងពីពេលនោះមក មនុស្សយើងដូចជាមានជីវិតដែលគ្មានសកម្មភាពឡើយ . . . មនុស្សជាច្រើននាក់បានត្រូវស្លាប់ក្នុងសតវត្សនេះ ជាងអស់អ្នកដែលបានត្រូវស្លាប់ក្នុងគ្រប់ប្រវត្ដិសាស្ត្រទាំងអស់»។—វិជ្ជាបណ្ឌិត វ៉លកឺ-ភើស៊ី ទស្សនាវដ្ដីដំណឹងខាងវិជ្ជាពេទ្យអាមេរិកកាំង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៧៧។
ជាង៥០ឆ្នាំក្រោយពីឆ្នាំ ១៩១៤ រដ្ឋបុរសអាល្លឺម៉ង់ម្នាក់ឈ្មោះ កុនរ៉ាដ អាដិនអោ បានសរសេរថា៖ «សន្ដិសុខហើយភាពស្ងប់ស្ងៀមបានត្រូវបាត់បង់ចេញពីជីវិតមនុស្ស តាំងពីឆ្នាំ ១៩១៤ មក»។—ទស្សនាវដ្ដីពើគើទិសខាងលិច ទីក្រុងគ្លីវឡាន្ត រដ្ឋអូហៃយ៉ូ ស.រ.អ. ថ្ងៃទី២០ ខែមករា ឆ្នាំ១៩៦៦។
ប្រធានទីមួយនៃសមាគមប៉មយាម លោករ៉ាសិលបានទទួលមរណភាពនៅឆ្នាំ ១៩១៦ ហើយឆ្នាំក្រោយបានត្រូវស្នងដោយលោកយ៉ូសែប រ៉ូធើហ្វឺត។ ការផ្លាស់ប្ដូរជាច្រើនបានកើតមានឡើងនៅពេលនោះ។ គេបានបញ្ចេញជាលើកដំបូងនូវទស្សនាវដ្ដីមួយដែលមានឈ្មោះទស្សនាវដ្ដីសម័យភោគផល ជាគូនៃទស្សនាវដ្ដីប៉មយាម (សព្វថ្ងៃមានឈ្មោះទស្សនាវដ្ដីភ្ញាក់រឭក! ហើយចំនួនដែលចេញរៀងរាល់ដង (ពីរដងរៀងរាល់ខែ) ជាង ២០.០០០.០០០ ក្បាល និងជាង៨០ភាសា)។ ការធ្វើបន្ទាល់ពីផ្ទះមួយទៅផ្ទះមួយបានត្រូវចាត់ទុកថាជាការសំខាន់ជាងពីមុនទៅទៀត។ ដើម្បីសម្ដែងថាពួកគេខុសប្លែកពីពួកសាសនានិកាយជាច្រើនរបស់ពិភពគ្រីស្ទាន ពួកគ្រីស្ទានទាំងនេះបានទទួលយកដោយអំណរនូវឈ្មោះស្មរបន្ទាល់ព្រះយេហូវ៉ានៅឆ្នាំ ១៩៣១។ ឈ្មោះនេះមានមូលដ្ឋានក្នុងព្រះគម្ពីរ អេសាយ ៤៣:១០-១២។
ពួកគេបានប្រើវិទ្យុយ៉ាងសុសសាយក្នុងទសវត្ស ១៩២០ ព្រមទាំង ១៩៣០។ នៅឆ្នាំ ១៩៣៣ សមាគមប៉មយាមកំពុងប្រើ ៤០៣ ស្ថានីយវិទ្យុ ដើម្បីផ្សាយការបង្រៀនអំពីព្រះគម្ពីរ។ បន្ទាប់មក គេបានឈប់ប្រើវិទ្យុ តែប្រើការផ្សាយតាមផ្ទះជំនួសវិញ។ ពួកស្មរបន្ទាល់បានប្រើសុន្ទរកថាដែលបានថតហើយ យកមកចាក់លើថាសសម្លេង ដើម្បីឲ្យអ្នកម្ចាស់ផ្ទះអាចឮបាន។ គេបានចាប់ផ្ដើមការសិក្សាព្រះគម្ពីរ ដើម្បីជួយអស់អ្នកដែលចាប់អារម្មណ៍នោះ។
ជ័យជំនះខាងតុលាការ
ក្នុងកំឡុងពេលទសវត្ស ១៩៣០ ហើយ ១៩៤០ គឺមានការចាប់ឃុំឃាំងជាច្រើននៃពួកស្មរបន្ទាល់ដែលធ្វើកិច្ចបំរើនេះ ហើយគេបានតស៊ូនឹងប្ដឹងនៅតុលាការ ដើម្បីឲ្យបានរក្សាទុកសេរីភាពខាងពាក្យសំដី ខាងពត៌មាន ខាងរួមប្រជុំគ្នា ហើយខាងការថ្វាយបង្គំ។ នៅក្នុងសហរដ្ឋអាមេរិក ការសុំឲ្យតុលាការជាន់ខ្ពស់នៃសហរដ្ឋអាមេរិកពិនិត្យឡើងវិញនូវចំណាត់ការពីតុលាការជាន់ទាប នោះជាលទ្ធផល ស្មរបន្ទាល់ព្រះយេហូវ៉ាបានឈ្នះ ៤៣ បណ្ដឹងក្ដី។ ស្រដៀងនឹងគ្នានោះ ការវិនិច្ឆ័យល្អបានត្រូវទទួលពីតុលាការជាន់ខ្ពស់នៅប្រទេសជាច្រើន។ សាស្ដ្រាចារ្យ លោកប្រេដិន បានសរសេរក្នុងសៀវភៅរបស់លោកដែលមានឈ្មោះថា ពួកនេះជាអ្នកជឿដែរ អំពីការឈ្នះខាងតុលាការទាំងនេះនៃស្មរបន្ទាល់ព្រះយេហូវ៉ាថា៖ «ពួកនេះបានធ្វើការបំរើ ដែលមានសារៈសំខាន់ចំពោះប្រជាធិបតេយ្យភាព ដោយសារការតស៊ូរបស់គេឲ្យរក្សាសិទ្ធិពលរដ្ឋរបស់គេ ព្រោះដោយការតស៊ូរបស់គេនោះ ពួកគេបានជួយគ្រប់ទាំងក្រុមមនុស្សភាគតិចក្នុងសហរដ្ឋអាមេរិកឲ្យបានទទួលសិទ្ធិទាំងនោះដែរ»។
កម្មវិធីអប់រំដ៏ពិសេស
លោកយ៉ូសែប រ៉ូធើហ្វឺតបានទទួលមរណភាពនៅឆ្នាំ ១៩៤២ ហើយលោកណេថិន ន័របានទទួលតំណែងជាប្រធាន។ កម្មវិធីអប់រំរួបរួមគ្នាមួយបានត្រូវចាប់ផ្ដើមឡើង។ នៅឆ្នាំ ១៩៤៣ គេបានតាំងឡើងនូវសាលាអប់រំមួយពិសេសសម្រាប់សាសនទូត ហៅថាសាលាអប់រំគីលាតខាងព្រះគម្ពីរនៃសមាគមប៉មយាម។ តាំងពីពេលនោះមក អ្នកចប់ការសិក្សាពីសាលានេះបានត្រូវចាត់ឲ្យទៅប្រទេសនានាជុំវិញផែនដី។ ក្រុមជំនុំថ្មីៗក៏បានលេចមានឡើងនៅក្នុងប្រទេសដែលមិនមានពីមុននោះ ហើយការិយាល័យសាខាដែលបានតាំងឡើងតាមអន្តរជាតិគឺមានជាង ១០០។ យូរៗម្ដងសាលាអប់រំពិសេសបានត្រូវតាំងឡើងសម្រាប់អប់រំអ្នកចាស់ទុំក្នុងក្រុមជំនុំ អ្នកធ្វើការដោយស្ម័គ្រចិត្តតាមការិយាល័យសាខា ហើយអស់អ្នកដែលធ្វើពេញពេល (ជាអ្នកត្រួសត្រាយ) នូវកិច្ចបំរើនៃការធ្វើបន្ទាល់។ ហើយក៏មានសាលាបែបពិសេសមួយចំនួនសំរាប់អ្នកបំរើ ដែលមានដំណើរការនៅឯមណ្ឌលអប់រំនៅឯក្រុងផាតឺសិន រដ្ឋញូវយ៉ក។
លោក ណេថិន ន័រ បានទទួលមរណៈភាពនៅឆ្នាំ ១៩៧៧។ សេចក្ដីផ្លាស់ប្ដូរក្រោយបង្អស់មួយក្នុងអង្គការ ដែលលោកមានចំណែកក្នុងការសម្រេចមុននឹងលោកស្លាប់នោះ គឺជាការពង្រីកឡើងនូវគណៈអភិបាលក្នុងមន្ទីរចាត់ការនៅទីក្រុងប៊្រុគ្លីន។ នៅឆ្នាំ ១៩៧៦ ភារៈខាងការចាត់ការបានត្រូវបែងចែកហើយចាត់ទៅដល់គណៈផ្សេងៗ ដែលធ្វើឡើងពីសមាជិកនៃគណៈអភិបាល ដែលម្នាក់ៗបានដកពិសោធជាច្រើនទសវត្សមកហើយ ជាអ្នកបំរើព្រះ។
រោងចក្របោះពុម្ពពង្រីកឡើង
ប្រវត្ដិសាស្ត្ររបស់ស្មរបន្ទាល់ព្រះយេហូវ៉ានៅសម័យថ្មីៗ បានពោរពេញទៅដោយព្រឹត្ដិការណ៍ដែលធ្វើឲ្យរំភើបចិត្តជាខ្លាំង។ ចាប់តាំងពីឆ្នាំ ១៨៧០ កាលដែលមានពួកសិក្សាព្រះគម្ពីរតែមួយក្រុមយ៉ាងតូចនៅរដ្ឋប៊ីនស៊ីវ៉ានីនោះ មកដល់ឆ្នាំ ២០០០ ស្មរបន្ទាល់ព្រះយេហូវ៉ាបានលូតលាស់មានជាង ៩០.០០០ ក្រុមជំនុំទូទាំងពិភពលោក។ ពីដើម គ្រប់ប្រកាសនវត្ថុខាងព្រះគម្ពីរបានត្រូវបោះពុម្ពដោយក្រុមហ៊ុនឯកជន បន្ទាប់មក នៅឆ្នាំ ១៩២០ ប្រកាសនវត្ថុខាងព្រះគម្ពីរខ្លះរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា បានត្រូវបោះពុម្ពនៅក្នុងអាគាររោងចក្រដែលបានជួលពីគេ។ ប៉ុន្តែតាំងពីឆ្នាំ ១៩២៧ មក ប្រកាសនវត្ថុជាច្រើនទៅទៀតបានត្រូវបោះពុម្ពឡើងនៅក្នុងអាគាររោងចក្រដែលមាន៨ជាន់ នៅទីក្រុងប៊្រុគ្លីនរដ្ឋញូវយ៉ក ដែលជារបស់ផងសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក ជាសាជីវកម្ម។ ឥឡូវអាគារនេះបានត្រូវពង្រីករហូតដល់អាគាររោងចក្រ និងអាគារការិយាល័យដែលផ្ដុំគ្នាជាច្រើនទៀត។ គឺមានអាគារនៅជិតនោះជាច្រើនទៀតនៅទីក្រុងប៊្រុគ្លីន ដែលជាទីលំនៅសម្រាប់ពួកធ្វើការដោយស្ម័គ្រចិត្ត ដែលត្រូវការជាចាំបាច់ដើម្បីធ្វើប្រតិបត្ដិការរោងចក្របោះពុម្ពទាំងនោះ។ បន្ថែមទៅទៀតនោះ នៅកន្លែងមួយជិតទីក្រុងវ៉លគីលនៅរដ្ឋញូវយ៉ក មានរោងចក្របោះពុម្ពព្រមទាំងដីចំការ។ កន្លែងនោះបោះពុម្ពទស្សនាវដ្ដីប៉មយាម ហើយទស្សនាវដ្ដីភ្ញាក់រឭក! ហើយផលិតផលម្ហូបសម្រាប់អ្នកធ្វើការដែលបំរើនៅកន្លែងនិមួយៗ។ អ្នកធ្វើការដោយស្ម័គ្រចិត្តម្នាក់ៗទាំងនោះ ទទួលប្រាក់សំណងមួយចំនួនតូចសម្រាប់សេចក្ដីត្រូវការផ្ទាល់ខ្លួន។
មហាសន្និបាតអន្តរជាតិ
នៅឆ្នាំ ១៨៩៣ គេបានធ្វើមហាសន្និបាតជាលើកទីមួយនៅទីក្រុងឆិខាហ្គោ រដ្ឋអ៊ីលីណយ សហរដ្ឋអាមេរិក។ ៣៦០ នាក់បានមករួមប្រជុំគ្នានៅទីនោះ ហើយអ្នកថ្មី ៧០ នាក់បានធ្វើបុណ្យជ្រមុជទឹក។ ពេលក្រោយបង្អស់ដែលគេធ្វើសន្និបាតអន្តរជាតិយ៉ាងធំសម្បើម ដែលមានតែមួយក្នុងផែនដីទាំងមូលនោះ បានរៀបចំឡើងនៅទីក្រុងញូវយ៉កនៅឆ្នាំ ១៩៥៨។ គេបានប្រើកីឡាមណ្ឌលយ៉ាង្គីនិងកីឡាមណ្ឌលប៉ូឡូដែលនៅមាននៅឡើយនៅពេលនោះ។ កម្រិតចំនួនមនុស្សដែលផ្ដុំគ្នានៅទីនោះគឺ ២៥៣.៩២២ នាក់ ហើយអ្នកថ្មីដែលធ្វើបុណ្យជ្រមុជទឹកនោះមានចំនួន ៧.១៣៦ នាក់។ តាំងពីពេលនោះមក មហាសន្និបាតអន្តរជាតិបានមានតៗគ្នាក្នុងប្រទេសជាច្រើន។ បើសរុបទៅ សន្និបាតអន្តរជាតិដែលមានតៗគ្នានោះមានជាងមួយពាន់នៅទូទាំងផែនដីនេះ។
[ឃ្លាអក្សរធំនៅទំព័រ៨]
ការបំរើដែលមានសារៈសំខាន់ចំពោះសេរីភាពពលរដ្ឋ
[រូបភាពនៅទំព័រ៦]
«ប៉មយាម»កើនពី៦.០០០ក្បាល ជាភាសាតែមួយប៉ុណ្ណោះ រហូតដល់ជាង២២.០០០.០០០ក្បាលនិងជាង ១៣២ភាសា
[រូបភាពនៅទំព័រ៧]
ពេលដែលមានការផ្លាស់ប្ដូរសំខាន់មួយក្នុងប្រវត្ដិសាស្ត្រមនុស្សលោក
[រូបភាពពេញមួយទំព័រនៅទំព័រ១០]