បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pe ជំ. ៦ ទំ. ៥៧-៦៨
  • ព្រះយេស៊ូវគ្រីស្ទ—បានបញ្ជូនមកពីព្រះឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេស៊ូវគ្រីស្ទ—បានបញ្ជូនមកពីព្រះឬ?
  • អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ពីមុន
  • ព្រះ​ជន្ម​របស់​ទ្រង់​នៅ​លើ​ផែនដី
  • ហេតុ​ដែល​ទ្រង់​បាន​យាង​មក​ផែនដី
  • ទ្រង់​បាន​ប្រទាន​ព្រះ​ជន្ម​ទ្រង់​ជា​តម្លៃ​លោះ
  • ហេតុ​ដែល​ព្រះ​យេស៊ូវ​បាន​បង្កើត​ឲ្យ​មាន​អព្ភូតហេតុ
  • អ្នក​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ
  • ថ្លៃលោះជាអំណោយវិសេសបំផុតពីព្រះ
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តម្លៃលោះរបស់ព្រះយេស៊ូជាអំណោយវិសេសបំផុតរបស់ព្រះ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើលោកយេស៊ូគ្រិស្ដជាអ្នកណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • តើលោកយេស៊ូគ្រិស្តជាអ្នកណា?
    ព្រះមានដំណឹងល្អសម្រាប់យើង!
មើលបន្ថែមទៀត
អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
pe ជំ. ៦ ទំ. ៥៧-៦៨

ជំពូក​ទី៦

ព្រះ​យេស៊ូវ​គ្រីស្ទ—បាន​បញ្ជូន​មក​ពី​ព្រះ​ឬ?

១, ២ (​ក​) តើ​មាន​ភស្តុតាង​អ្វី​ដែល​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​ប្រាកដ​ជា​បុគ្គល​ដ៏​ពិត​មួយ​អង្គ? (​ខ​) តើ​មាន​សំនួរ​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ?

នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ស្ទើរតែ​គ្រប់​ៗ​គ្នា​ធ្លាប់​បាន​ឮ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ។ អានុភាព​របស់​ទ្រង់​ទៅ​លើ​ប្រវត្ដិសាស្ត្រ​មាន​សភាព​ធំ​ក្រៃលែង​ជាង​អានុភាព​របស់​មនុស្ស​ដទៃ​ទៀត​ទាំងអស់។ មែន​ហើយ ស្ទើរតែ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​ក្នុង​ពិភពលោក គេ​បាន​ប្រើ​ប្រក្រតីទិន​សំអាង​ទៅ​លើ​ឆ្នាំ​ដែល​គេ​គិត​ថា​ទ្រង់​បាន​ប្រសូត​មក​នោះ! ដូច​ជា​នៅ​ក្នុង​សព្វ​វចនាធិប្បាយ​សៀវភៅ​ពិភពលោក​បាន​រាយការណ៍​មក​៖ ​«​ថ្ងៃ​ខែ​មុន​ឆ្នាំ​នោះ​ត្រូវ​បាន​ដាក់​ជា​ម.គ.ស. ឬ​មុន​ព្រះ​គ្រីស្ទ។ ថ្ងៃ​ខែ​ក្រោយ​ពី​ឆ្នាំ​នោះ​បាន​ដាក់​ជា​គ.ស. ឬ​ក៏​(​ឆ្នាំ​ព្រះ​អម្ចាស់​នៃ​យើង​)​»។

២ ដូច្នេះ ព្រះ​យេស៊ូវ​មិន​មែន​ជា​បុគ្គល​ដែល​ប្រឌិត​ឡើង​ពី​មនោគតិ​របស់​អ្នក​ណា​ម្នាក់​នោះ​ទេ។ ទ្រង់​ពិត​ជា​បាន​គង់​នៅ​ជា​បុរស​ម្នាក់​នៅ​លើ​ផែនដី​មែន។ សព្វ​វចនាធិប្បាយ​ប៊្រីធែណនីកា​សម្គាល់​ឃើញ​ថា​៖ ​«​នៅ​សម័យ​ដើម សូម្បី​តែ​អ្នក​ប្រឆាំង​នៃ​សាសនា​គ្រីស្ទាន ក៏​មិន​ដែល​សង្ស័យ​ចំពោះ​វត្តមាន​ដ៏​ពិត​របស់​ព្រះ​យេស៊ូវ​ដែរ​»។ ដូច្នេះ​តើ​ព្រះ​យេស៊ូវ​ជា​អ្នក​ណា? តើ​ទ្រង់​ត្រូវ​បាន​បញ្ជូន​មក​ពី​ព្រះ​មែន​ឬ? ហេតុ​អ្វី​ក៏​ទ្រង់​ល្បី​ល្បាញ​ម្ល៉េះ?

ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ពីមុន

៣ (​ក​) តាម​ពាក្យ​សម្ដី​របស់​ទេវតា តើ​នាង​ម៉ារា​នឹង​ប្រសូត​បាន​បុត្រា​របស់​អ្នក​ណា? (​ខ​) តើ​ស្ត្រី​ក្រមុំ​សុទ្ធ​អាច​មាន​លទ្ធភាព​នឹង​ប្រសូត​ព្រះ​យេស៊ូវ​បាន​យ៉ាង​ណា?

៣ មិន​ដូច​មនុស្ស​លោក​ទួទៅ​ទេ ព្រះ​យេស៊ូវ​ទ្រង់​បាន​ប្រសូត​មក​ពី​ស្ត្រី​ក្រមុំ​សុទ្ធ​ម្នាក់។ នាង​មាន​ឈ្មោះ​ថា​ម៉ារា។ ទេវតា​មួយ​បាន​ពោល​ពី​បុត្រ​របស់​នាង​ថា​៖ ​«​បុត្រ​នោះ​នឹង​បាន​ជា​ធំ​ឧត្តម ហើយ​គេ​នឹង​ហៅ​ទ្រង់ ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​»។ (​លូកា ១:២៨​-​៣៣; ម៉ាថាយ ១:២០​-​២៥​) ប៉ុន្តែ តើ​ស្ត្រី​ដែល​មិន​ដែល​មាន​ការ​សេព​មេថុន​ជា​មួយ​បុរស​សោះ​នោះ អាច​មាន​កូន​បាន​យ៉ាង​ណា? នេះ​គឺ​ដោយសារ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ។ ព្រះ​យេហូវ៉ា ទ្រង់​បាន​ផ្ទេរ​ព្រះ​ជន្ម​នៃ​ព្រះ​រាជ​បុត្រ​ជា​វិញ្ញាណ​ដ៏​មាន​ព្រះ​​ចេស្ដា​របស់​ទ្រង់​ពី​ស្ថានសួគ៌ ទៅ​ក្នុង​ផ្ទៃ​នៃ​ស្ត្រី​ក្រមុំ​សុទ្ធ​នាង​ម៉ារា។ នេះ​ជា​អព្ភូតហេតុ​មួយ! ពិត​មែន​ហើយ ព្រះ​អង្គ​ដែល​បាន​បង្កើត​ស្ត្រី​ទី​មួយ​ដោយ​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុង​ការ​បង្កើត​កូនចៅ​នោះ ទ្រង់​ក៏​អាច​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​មាន​កូន​មិន​ចាំបាច់​មាន​ឪពុក​មនុស្ស​ម្នាក់​ឡើយ។ ព្រះ​គម្ពីរ​បាន​ពន្យល់​ថា​៖ ​«​តែ​លុះ​វេលា​កំណត់​បាន​មក​ដល់ នោះ​ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​រាជបុត្រា​ទ្រង់​ឲ្យ​មក​ចាប់​កំណើត​នឹង​ស្ត្រី​»។—កាឡាទី ៤:៤

៤ (​ក​) តើ​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​ប្រភេទ​ណា មុន​ពេល​ដែល​ទ្រង់​ត្រូវ​បាន​ប្រសូត​មក​ជា​បុត្រ​ក្មេង? (​ខ​) តើ​ព្រះ​យេស៊ូវ​ទ្រង់​បាន​មាន​បន្ទូល​យ៉ាង​ណា​ដែល​បង្ហាញ​ថា ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​នៅ​លើ​ស្ថានសួគ៌​ពីមុន​មក​នោះ?

៤ ដូច្នេះ​ហើយ មុន​ពេល​បាន​ប្រសូត​មក​ជា​បុរស​ម្នាក់​នៅ​លើ​ផែនដី ព្រះ​យេស៊ូវ​ទ្រង់​បាន​គង់​នៅ​ស្ថានសួគ៌​ជា​បុគ្គល​វិញ្ញាណ​ដែល​មាន​ព្រះ​ចេស្ដា​រួច​មក​ហើយ។ ទ្រង់​មាន​រូបកាយ​ខាង​វិញ្ញាណ​ដែល​មើល​មិន​ឃើញ​ចំពោះ​ភ្នែក​របស់​មនុស្ស ដូច​ជា​ព្រះ​ដែរ។ (​យ៉ូហាន ៤:២៤​) ជា​ញឹកញាប់ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី​ឋានៈ​ដ៏​ខ្ពស់​របស់​ទ្រង់​ដែល​ធ្លាប់​មាន​នៅ​ស្ថានសួគ៌។ នៅ​ពេល​មួយ​ទ្រង់​បាន​អធិស្ឋាន​ថា​៖ ​«​ឱ​ព្រះវរបិតា​អើយ សូម​ដំកើង​ទូលបង្គំ​ឡើង​ជា​មួយ​នឹង​ទ្រង់​ផង ដោយ​សិរី​ល្អ​ដែល​ទូលបង្គំ​មាន​ជា​មួយ​នឹង​ទ្រង់ ក្នុង​កាល​ដែល​លោកីយ​មិន​ទាន់​បាន​កើត​នៅ​ឡើយ​»។ (​យ៉ូហាន ១៧:៥​) ទ្រង់​ក៏​បាន​មាន​បន្ទូល​ទៅ​ពួក​អ្នក​ដែល​ស្ដាប់​ទ្រង់​ថា​៖ ​«​អ្នក​រាល់​គ្នា​មក​ពី​ស្ថាន​ក្រោម ឯ​ខ្ញុំ​ៗ​មក​ពី​ស្ថាន​លើ​វិញ​»។ ​«​ចុះ​បើ​អ្នក​រាល់​គ្នា​បាន​ឃើញ​កូន​មនុស្ស​ឡើង​ទៅ​ឯ​ស្ថាន ដែល​លោក​នៅ​ពីដើម នោះ​តើ​នឹង​គិត​ដូច​ម្ដេច​ទៅ​»​? ​«​មុន​ដែល​លោក​អ័ប្រាហាំ​កើត​មក នោះ​មាន​ខ្ញុំ​ហើយ​»។—យ៉ូហាន ៨:២៣; ៦:៦២; ៨:៥៨; ៣:១៣; ៦:៥១

៥ (​ក​) ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូវ​ត្រូវ​មាន​ព្រះ​នាម​ជា​«​ព្រះ​បន្ទូល​»​ ​«​រាជ​បុត្រ​ច្បង​»​ហើយ ​«​ព្រះ​រាជបុត្រា​តែមួយ​»​? (​ខ​) តើ​កិច្ចការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ចូលរួម​ជា​មួយ​នឹង​ព្រះ?

៥ មុន​ពេល​ដែល​ទ្រង់​យាង​មក​ផែនដី ព្រះ​យេស៊ូវ​មាន​ព្រះ​នាម​ជា​ព្រះ​បន្ទូល​របស់​ព្រះ។ ឋានន្តរ​នេះ​បាន​បង្ហាញ​ថា ទ្រង់​បាន​បម្រើ​ជា​អ្នក​នាំ​ពាក្យ​សំរាប់​ព្រះ​នៅ​លើ​ស្ថានសួគ៌។ ទ្រង់​ក៏​មាន​ព្រះ​នាម​ទៀត​ជា​«​រាជ​បុត្រ​ច្បង​»​ហើយ​«​ព្រះ​រាជបុត្រា​តែ​១​»​របស់​ព្រះ។ (​យ៉ូហាន ១:១៤; ៣:១៦; ហេព្រើរ ១:៦, ពថ​) ការ​ទាំង​នេះ​បាន​សេចក្ដី​ថា ទ្រង់​ត្រូវ​បាន​បង្កើត​មុន​រាជ​បុត្រ​វិញ្ញាណ​ទាំងអស់​របស់​ព្រះ ហើយ​មាន​តែ​ទ្រង់​ទេ​ដែល​ព្រះ​បាន​បង្កើត​ដោយ​អង្គ​ទ្រង់​ផ្ទាល់។ ព្រះ​គម្ពីរ​បាន​ពន្យល់​ថា​«​រាជ​បុត្រ​ច្បង​»​នេះ​បាន​ចូលរួម​ជា​មួយ​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្កើត​របស់​របរ​សព្វសារពើ​ផ្សេង​ៗ​ទៀត។ (​កូល៉ុស ១:១៥, ១៦, ពថ​) ដូច្នេះ កាល​ដែល​ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ថា ​«​ចូរ​យើង​ធ្វើ​មនុស្ស​ឲ្យ​ដូច​ជា​រូប​យើង​»​ គឺ​ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់​ព្រះ​រាជ​បុត្រ​នេះ​ឯង។ មែន​ហើយ ទ្រង់​មួយ​អង្គ​នេះ​ឯង​ដែល​ក្រោយ​មក​បាន​យាង​មក​ផែនដី ហើយ​បាន​ប្រសូត​ពី​ស្ត្រី​ម្នាក់​នោះ ដែល​បាន​ចូលរួម​ក្នុង​ការ​បង្កើត​នូវ​របស់​ទាំងអស់! ទ្រង់​បាន​គង់​នៅ​ជា​មួយ​ព្រះវរបិតា​ទ្រង់​នៅ​លើ​ស្ថានសួគ៌​រួច​មក​ហើយ មិន​ដឹង​ជា​ប៉ុន្មាន​ឆ្នាំ​ទេ!—លោកុប្បត្តិ ១:២៦; សុភាសិត ៨:២២, ៣០; យ៉ូហាន ១:៣

ព្រះ​ជន្ម​របស់​ទ្រង់​នៅ​លើ​ផែនដី

៦ (​ក​) តើ​ព្រឹត្ដិការណ៍​អ្វី​ដែល​បាន​កើត​មាន​ឡើង ពីមុន​ហើយ​និង​បន្ទាប់​ពី​កំណើត​របស់​ព្រះ​យេស៊ូវ? (​ខ​) តើ​ព្រះ​យេស៊ូវ​ត្រូវ​បាន​ប្រសូត​មក​នៅ​ទីណា ហើយ​បាន​មាន​ព្រះ​ជន្ម​ធំ​ឡើង​នៅ​ទីណា?

៦ នាង​ម៉ារា​បាន​សន្យា​នឹង​រៀប​ការ​ជា​មួយ​យ៉ូសែប​រួច​ទៅ​ហើយ។ ប៉ុន្តែ​ពេល​ដែល​គាត់​បាន​ដឹង​ថា​នាង​មាន​គភ៌​នោះ គាត់​ស្មាន​ថា​នាង​មាន​ការ​ជាប់​ទាក់ទង​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ដទៃ ហើយ​ដោយសារ​រឿង​នេះ​គាត់​ក៏​បម្រុង​នឹង​មិន​រៀប​ការ​ជា​មួយ​នាង។ ប៉ុន្តែ ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​គាត់​ថា ដោយសារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទេ​ដែល​ធ្វើ​ឲ្យ​នាង​មាន​ផ្ទៃពោះ​នោះ គាត់​ក៏​សុខ​ចិត្ត​យក​នាង​ម៉ារា​ជា​ប្រពន្ធ​របស់​គាត់​ទៅ។ (​ម៉ាថាយ ១:១៨​-​២០, ២៤, ២៥​) ក្រោយ​មក ពេល​ដែល​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​បេថ្លេហិម​នោះ ព្រះ​យេស៊ូវ​ក៏​បាន​ប្រសូត​មក។ (​លូកា ២:១​-​៧; មីកា ៥:១​) ពេល​ដែល​ព្រះ​យេស៊ូវ​នៅ​ជា​ទារក​នៅ​ឡើយ​នោះ ស្តេច​ហេរ៉ូឌ​បាន​ស្វែងរក​វិធី​ធ្វើ​គុត​ដល់​ទ្រង់។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​យ៉ូសែប ឲ្យ​យក​គ្រួសារ​គាត់ ហើយ​រត់​ទៅ​ប្រទេស​អេស៊ីព្ទ។ ក្រោយ​ពេល​ដែល​ស្តេច​ហេរ៉ូឌ​បាន​ទទួល​មរណភាព​ទៅ យ៉ូសែប​និង​នាង​ម៉ារា​ជា​មួយ​នឹង​ព្រះ​យេស៊ូវ បាន​ត្រឡប់​មក​ទីក្រុង​ណាសារ៉ែត ក្នុង​ស្រុក​កាលីឡេ​វិញ។ ទីនេះ​ហើយ​ដែល​ទ្រង់​មាន​ព្រះ​ជន្ម​ធំ​ឡើង។—ម៉ាថាយ ២:១៣​-​១៥, ១៩​-​២៣

៧ (​ក​) តើ​អ្វី​បាន​កើត​ឡើង ពេល​ដែល​ព្រះ​យេស៊ូវ​មាន​ព្រះជន្មាយុ​បាន​១២​ឆ្នាំ​នោះ? (​ខ​) តើ​កិច្ចការ​អ្វី ដែល​ព្រះ​យេស៊ូវ​បាន​រៀន​នៅ​ពេល​ដែល​កំពុង​មាន​ព្រះ​ជន្ម​ធំ​ឡើង​នោះ?

៧ ពេល​ដែល​ព្រះ​យេស៊ូវ​មាន​ព្រះជន្មាយុ​បាន​១២​ឆ្នាំ ទ្រង់​បាន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះ​រាជ​វង្ស​ទ្រង់​ទៅ​ទីក្រុង​យេរូសាឡិម ដើម្បី​ចូលរួម​ក្នុង​ការ​ធ្វើ​ពិធី​បុណ្យ​ពិសេស​មួយ ដែល​ហៅ​ថា​បុណ្យ​រំលង។ កាល​ដែល​នៅ​ទីនោះ​ទ្រង់​បាន​ចំណាយ​ពេល​បី​ថ្ងៃ​គង់​នៅ​ក្នុង​ព្រះ​វិហារ ដើម្បី​ស្ដាប់​ពួក​គ្រូ​អាចារ្យ និង​សួរ​ពួកគេ​នូវ​សំនួរ​ជា​ច្រើន។ មនុស្ស​ទាំង​ឡាយ​ដែល​បាន​ស្ដាប់​ទ្រង់ មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​ចំណេះ​ជា​ច្រើន​ដែល​ទ្រង់​ដឹង។ (​លូកា ២:៤១​-​៥២​) ក្នុង​កាល​ដែល​ទ្រង់​បាន​មាន​ព្រះ​ជន្ម​ធំ​ឡើង​នៅ​ឯ​ក្រុង​ណាសារ៉ែត​នោះ ទ្រង់​បាន​រៀន​ធ្វើ​ជាជាង​ឈើ​ម្នាក់។ ទ្រង់​ប្រាកដ​ជា​បាន​ត្រូវ​បង្ហាត់​ឲ្យ​ធ្វើ​«​កិច្ចការ​នេះ​ដោយសារ​បិតា​​ចិញ្ចឹម​របស់​ទ្រង់ យ៉ូសែប​ដែល​គាត់​ក៏​ជាជាង​ឈើ​ម្នាក់​ដែរ។—ម៉ាកុស ៦:៣; ម៉ាថាយ ១៣:៥៥

៨ តើ​មាន​អ្វី​កើត​ឡើង ពេល​ដែល​ព្រះ​យេស៊ូវ​មាន​ព្រះជន្មាយុ​បាន​៣០​ឆ្នាំ?

៨ នៅ​ពេល​ទ្រង់​មាន​ព្រះជន្មាយុ​បាន​៣០​ឆ្នាំ ការ​ប្រែប្រួល​យ៉ាង​ធំ​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ។ ទ្រង់​បាន​យាង​ទៅ​យ៉ូហាន​-​បាទីស្ទ ហើយ​បាន​សូម​លោក​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដល់​ទ្រង់ គឺ​ជ្រមុជ​រាង​កាយ​ទាំងមូល​ទៅ​ក្នុង​ទឹក​ទន្លេ​យ័រដាន់។ ព្រះ​គម្ពីរ​បាន​រាយការណ៍​ថា​៖ ​«​កាល​ព្រះ​យេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ទ្រង់​យាង​ឡើង​ពី​ទឹក​ភ្លាម ស្រាប់​តែ​មេឃ​ក៏​របើក​ឡើង ឲ្យ​ទ្រង់​ឃើញ​ព្រះ​វិញ្ញាណ​នៃ​ព្រះ យាង​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ក៏​សណ្ឋិត​លើ​ទ្រង់ នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា ‹នេះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់›​»។ (​ម៉ាថាយ ៣:១៦, ១៧​) នៅ​ក្នុង​សតិ​របស់​លោក​យ៉ូហាន គឺ​មិន​អាច​មាន​ការ​សង្ស័យ​ទេ​ចំពោះ​រឿង​ដែល​ថា ព្រះ​យេស៊ូវ​ត្រូវ​បាន​បញ្ជូន​មក​ពី​ព្រះ​នោះ។

៩ (​ក​) តាម​ពិត​ទៅ តើ​ព្រះ​យេស៊ូវ​បាន​ទៅ​ជា​ព្រះ​គ្រីស្ទ​នៅ​ពេល​ណា ហើយ​ហេតុ​អ្វី​ក៏​នៅ​ពេល​នោះ? (​ខ​) ដោយ​បុណ្យ​ជ្រមុជ​ទឹក​របស់​ទ្រង់ តើ​ព្រះ​យេស៊ូវ​បាន​ថ្វាយ​អង្គ​ទ្រង់​ដើម្បី​ធ្វើ​អ្វី?

៩ ដោយ​ការ​ចាក់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទៅ​លើ​ព្រះ​យេស៊ូវ ព្រះ​យេហូវ៉ា​ទ្រង់​បាន​ចាក់ប្រេងតាំង ឬ​ក៏​តែងតាំង​ព្រះ​យេស៊ូវ​ឲ្យ​ទៅ​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​ដែល​នឹង​មក​ដល់​នោះ។ ដោយសារ​ការ​ចាក់ប្រេងតាំង​ដោយ​វិញ្ញាណ​ព្រះ ព្រះ​យេស៊ូវ​បាន​ទៅ​ជា​«​ព្រះ​មែស៊ី​»​ ឬ​ក៏​«​ព្រះ​គ្រីស្ទ​»​ ដែល​ជា​ភាសា​​ហេព្រើរ​និង​ភាសា​ក្រិក​មាន​ន័យ​ថា​«​អ្នក​ចាក់ប្រេងតាំង​»។ ដូច្នេះ​ហើយ តាម​ពិត​ទ្រង់​បាន​ទៅ​ជា​ព្រះ​​យេស៊ូវ​គ្រីស្ទ ឬ​ព្រះ​យេស៊ូវ​ជា​អ្នក​ចាក់ប្រេងតាំង។ សាវក​របស់​ទ្រង់​ឈ្មោះ​ពេត្រុស​បាន​មាន​ប្រសាសន៍​អំពី​«​ព្រះ​យេស៊ូវ ពី​ស្រុក​ណាសារ៉ែត ដែល​ព្រះ​បាន​ចាក់​ព្រះ​វិញ្ញាណ​បរិសុទ្ធ នឹង​ព្រះ​ចេស្ដា​ឲ្យ​មក​សណ្ឋិត​លើ​ទ្រង់​»។ (​កិច្ចការ ១០:៣៨​) ម្យ៉ាង​ទៀត ដោយសារ​បុណ្យ​ជ្រមុជ​ទៅ​ក្នុង​ទឹក​របស់​ទ្រង់ ព្រះ​យេស៊ូវ​បាន​ថ្វាយ​អង្គ​ទ្រង់​ចំពោះ​ព្រះ ដើម្បី​អនុវត្ត​នូវ​កិច្ចការ​ដែល​ព្រះ​បាន​បញ្ជូន​ឲ្យ​មក​ធ្វើ​នៅ​ផែនដី។ តើ​កិច្ចការ​ដ៏​សំខាន់​នេះ​ជា​អ្វី?

ហេតុ​ដែល​ទ្រង់​បាន​យាង​មក​ផែនដី

១០ តើ​សេចក្ដី​ពិត​ណា ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​ផែនដី​ដើម្បី​ប្រកាស​នោះ?

១០ ក្នុង​ការ​ពន្យល់​អំពី​ហេតុ​ដែល​ទ្រង់​បាន​យាង​មក​ផែនដី ព្រះ​យេស៊ូវ​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ដល់​​អភិបាល​នៃ​សាសន៍​រ៉ូម លោក​ប៉ុនទាស​-​ពីឡាត់​ថា​៖ ​«​ខ្ញុំ​បាន​កើត​មក ហើយ​ក៏​ចូល​ក្នុង​លោកីយ​នេះ​​សំរាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ពិត​»។ (​យ៉ូហាន ១៨:៣៧​) ប៉ុន្តែ តើ​សេចក្ដី​ពិត​ពិសេស​ណា​ដែល​ព្រះ​យេស៊ូវ​បាន​ត្រូវ​បញ្ជូន​មក​ផែនដី​ដើម្បី​ប្រកាស​នោះ? ទី​មួយ គឺ​ប្រកាស​សេចក្ដី​ពិត​អំពី​ព្រះវរបិតា​សួគ៌ា​របស់​ទ្រង់។ ទ្រង់​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​អធិស្ឋាន ដើម្បី​ឲ្យ​ព្រះ​នាម​ព្រះវរបិតា​ទ្រង់​បាន​ជា​ពិសិដ្ឋ ឬ​ឲ្យ​បាន​បរិសុទ្ធ។ (​ម៉ាថាយ ៦:៩​) ហើយ​ទ្រង់​បាន​អធិស្ឋាន​ថា​៖ ​«​នោះ​ទូលបង្គំ​បាន​បើក​សំដែង​ឲ្យ​គេ​ស្គាល់​ព្រះ​នាម​ទ្រង់​»។ (​យ៉ូហាន ១៧:៦​) ទ្រង់​ក៏​មាន​បន្ទូល​ទៀត​ថា​៖ ​«​ខ្ញុំ​ត្រូវ​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ . . . ហេតុ​នោះ​បាន​ជា​ព្រះវរបិតា​ចាត់​ឲ្យ​ខ្ញុំ​មក​»។—លូកា ៤:៤៣

១១ (​ក​) ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូវ​ចាត់​ថា​កិច្ចការ​របស់​ទ្រង់​ជា​ការ​សំខាន់​ម្ល៉េះ? (​ខ​) តើ​ព្រះ​យេស៊ូវ​មិន​ដែល​ខាន​ធ្វើ​កិច្ចការ​អ្វី? ដូច្នេះ​តើ​យើង​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា?

១១ តើ​កិច្ចការ​ប្រកាស​ប្រាប់​ឲ្យ​គេ​ស្គាល់​នូវ​ព្រះ​នាម​និង​រាជាណាចក្រ​របស់​ព្រះវរបិតា​ទ្រង់ ជា​ការ​សំខាន់​យ៉ាង​ណា​ទៅ​ចំពោះ​ព្រះ​យេស៊ូវ? ទ្រង់​បាន​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ទ្រង់​ថា​៖ ​«​ឯ​អាហារ​ខ្ញុំ គឺ​ត្រង់​ដែល​ខ្ញុំ​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ព្រម​ទាំង​បង្ហើយ​ការ​របស់​ទ្រង់​នោះ​ឯង​»។ (​យ៉ូហាន ៤:៣៤​) ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូវ​ចាត់​ថា​កិច្ចការ​របស់​ព្រះ ជា​ការ​សំខាន់​ដូច​ជា​អាហារ​យ៉ាង​នេះ? ពីព្រោះ​ព្រះ​រាជាណាចក្រ​ជា​វិធី​ដែល​ព្រះ​ទ្រង់​នឹង​ប្រើ​ដើម្បី​បំពេញ​ព្រះ​បំណង​ដ៏​អស្ចារ្យ​របស់​ទ្រង់​ចំពោះ​មនុស្ស​លោក។ គឺ​ជា​ព្រះ​រាជាណាចក្រ​នេះ​ហើយ ដែល​នឹង​កំទេច​ចោល​នូវ​អំពើ​កាច​សាហាវ​ទាំង​អស់ ហើយ​នឹង​លាង​ឲ្យ​ជ្រះ​នូវ​កេរ្ដិ៍​អាក្រក់​ទាំង​ឡាយ​ដែល​ត្រូវ​បាន​ដាក់​ទៅ​លើ​ព្រះ​នាម​ព្រះ​យេហូវ៉ា។ (​ដានីយ៉ែល ២:៤៤; វិវរណៈ ២១:៣, ៤​) ដូច្នេះ​ហើយ ព្រះ​យេស៊ូវ​ទ្រង់​មិន​ដែល​ខាន​សោះ​ឡើយ នូវ​ការ​ប្រកាស​ប្រាប់​អំពី​ព្រះ​នាម​និង​រាជាណាចក្រ​របស់​ព្រះ។ (​ម៉ាថាយ ៤:១៧; លូកា ៨:១; យ៉ូហាន ១៧:២៦; ហេព្រើរ ២:១២​) ទ្រង់​បាន​មាន​បន្ទូល​ពី​សេចក្ដី​ពិត​ជានិច្ច ទោះបី​នេះ​មាន​ប្រជាប្រិយភាព​ឬ​មិន​មាន​ក៏​ដោយ។ ដោយសារ​ការ​នេះ ទ្រង់​បាន​ផ្ដល់​ឲ្យ​យើង​នូវ​គំរូ ដែល​យើង​ត្រូវ​តែ​ប្រព្រឹត្ត​តាម​ដើម្បី​ជា​ទី​ពេញ​ព្រះ​​ហឫទ័យ​ព្រះ។—ពេត្រុសទី១ ២:២១

១២ តើ​ព្រះ​យេស៊ូវ​បាន​យាង​មក​ផែនដី​នេះ​សំរាប់​មូលហេតុ​សំខាន់​ណា​ទៀត?

១២ យ៉ាង​ណា​ក៏​ដោយ ដើម្បី​ឲ្យ​មាន​លទ្ធភាព​ចំពោះ​យើង ក្នុង​ការ​បាន​នូវ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ ព្រះ​យេស៊ូវ​ត្រូវ​តែ​បង្ហូរ​លោហិត​ព្រះ​ជន្ម​ទ្រង់​ដោយ​ការ​ទទួល​មរណភាព។ ដូច​ជា​សាវក​របស់​ព្រះ​យេស៊ូវ​ពីរ​នាក់​បាន​មាន​ប្រសាសន៍​មក​ថា​៖ ​«​[​យើង​]​បាន​រាប់​ជា​សុចរិត ដោយសារ​ព្រះ​លោហិត​ទ្រង់​»។ ​«​ព្រះ​លោហិត​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​នៃ​ទ្រង់ ក៏​សំអាត​យើង​រាល់​គ្នា ពី​គ្រប់​អំពើ​បាប​ទាំងអស់​»។ (​រ៉ូម ៥:៩; យ៉ូហានទី១ ១:៧​) ដូច្នេះ មូលហេតុ​ដ៏​សំខាន់​ដែល​នាំ​ឲ្យ​ព្រះ​យេស៊ូវ​យាង​មក​ផែនដី​នោះ គឺ​ដើម្បី​ទទួល​មរណភាព​សំរាប់​យើង​រាល់​គ្នា។ ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​ដូច​ជា​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​លោក​ទេ គឺ​នឹង​បំរើ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង​»។ (​ម៉ាថាយ ២០:២៨​) ប៉ុន្តែ តើ​មាន​ន័យ​យ៉ាង​ណា ដែល​ថា​ព្រះ​គ្រីស្ទ​បាន​ប្រទាន​ព្រះ​ជន្ម​ទ្រង់​ជា​«​ថ្លៃ​លោះ​»​? ហេតុ​អ្វី​ក៏​ការ​បង្ហូរ​លោហិត​ព្រះ​ជន្ម​ទ្រង់ ដោយ​មរណភាព​ជា​ការ​ចាំបាច់ ដើម្បី​សង្គ្រោះ​យើង​រាល់​គ្នា?

ទ្រង់​បាន​ប្រទាន​ព្រះ​ជន្ម​ទ្រង់​ជា​តម្លៃ​លោះ

១៣ (​ក​) តើ​អ្វី​ជា​តម្លៃ​លោះ? (​ខ​) តើ​តម្លៃ​លោះ​ដែល​ព្រះ​យេស៊ូវ​បាន​បង់​ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​បាបកម្ម​និង​សេចក្ដី​ស្លាប់ ជា​អ្វី?

១៣ ពាក្យ​ថា​«​ថ្លៃ​លោះ​»​ គេ​ច្រើន​តែ​ប្រើ​នៅ​ពេល​ដែល​មាន​ការ​ចាប់​មនុស្ស​ជំរឹតយក​ប្រាក់។ ក្រោយ​ពី​ពេល​បាន​ចាប់​អ្នក​ណា​ម្នាក់ អ្នក​ចាប់​គេ​នឹង​ទាមទារ​ឲ្យ​បង់​ប្រាក់​មួយ​ចំនួន​ជា​តម្លៃ​លោះ ទើប​លែង​បុគ្គល​ដែល​គេ​ចាប់​នោះ​ឲ្យ​ត្រឡប់​មក​វិញ។ ដូច្នេះ តម្លៃ​លោះ​ជា​អ្វី​មួយ​ដែល​ប្រើ​ក្នុង​ការ​រំដោះ​បុគ្គល​ណា​ម្នាក់​ពី​ចំណាប់។ គឺ​ជា​អ្វី​មួយ​ដែល​ត្រូវ​បង់​កុំ​ឲ្យ​គាត់​បាត់បង់​នូវ​ជីវិត​របស់​គាត់។ ព្រះ​ជន្ម​ដ៏​ល្អ​ឥតខ្ចោះ​របស់​ព្រះ​យេស៊ូវ បាន​ត្រូវ​ផ្ដល់​ឲ្យ​ដើម្បី​នឹង​រំដោះ​មនុស្ស​លោក​ឲ្យ​រួច​ពី​សេវកភាព​នៃ​អំពើ​បាប​និង​សេចក្ដី​ស្លាប់។ (​ពេត្រុសទី១ ១:១៨, ១៩; អេភេសូរ ១:៧​) ហេតុ​អ្វី​ក៏​ការ​រំដោះ​ឲ្យ​រួច​បែប​នេះ​ត្រូវ​ការ​ជា​ចាំបាច់?

១៤ ហេតុ​អ្វី​ក៏​តម្លៃ​លោះ​ដែល​បាន​ផ្ដល់​ដោយ​ព្រះ​យេស៊ូវ​ជា​ការ​ចាំបាច់?

១៤ ជា​ការ​ចាំបាច់​ពីព្រោះ​អ័ដាម បុព្វ​បុរស​របស់​យើង​រាល់​គ្នា បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ។ ការ​ប្រព្រឹត្ត​ដោយ​ឥត​ច្បាប់​របស់​គាត់ បាន​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​មនុស្ស​មាន​បាប​ម្នាក់ ព្រោះ​ព្រះ​គម្ពីរ​បាន​ពន្យល់​ថា ​«​ដ្បិត​អំពើ​បាប​ជា​រំលង​នូវ​ក្រិត្យ​វិន័យ​ហើយ​»។ (​យ៉ូហានទី១ ៣:៤; ៥:១៧​) ជា​លទ្ធផល គាត់​មិន​សមនឹង​ទទួល​អំណោយ​ទាន​របស់​ព្រះ ដែល​ជា​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​ទេ។ (​រ៉ូម ៦:២៣​) ដូច្នេះ អ័ដាម​បាន​បាត់បង់​ចំពោះ​ខ្លួន​គាត់​ផ្ទាល់ នូវ​ជីវិត​មនុស្ស​ល្អ​ឥតខ្ចោះ​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី​យើង​នេះ។ កូនចៅ​របស់​គាត់​ទាំងអស់​ដែល​គាត់​នឹង​បង្កើត ក៏​បាត់បង់​នូវ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នេះ​ដែរ។ ‹ប៉ុន្តែ​ហេតុ​អ្វី› អ្នក​ប្រហែល​ជា​សួរ​ឡើង ‹តើ​កូនចៅ​របស់​គាត់​ទាំងអស់​ត្រូវ​តែ​ស្លាប់​ឬ បើ​អ័ដាម​ជា​អ្នក​បាន​ធ្វើ​អំពើ​បាប​ទេ​នោះ›?

១៥ បើ​អ័ដាម​ជា​អ្នក​បាន​ធ្វើ​អំពើ​បាប​ទេ​នោះ ហេតុ​អ្វី​ក៏​កូនចៅ​របស់​គាត់​ត្រូវ​រង​ទុក្ខ ហើយ​ស្លាប់​ដូច្នេះ?

១៥ រឿង​នេះ​គឺ​មក​ពី​អ័ដាម ពេល​ដែល​គាត់​បាន​ទៅ​ជា​មនុស្ស​បាប​នោះ ក៏​គាត់​បាន​បញ្ជូន​នូវ​បាបកម្ម​និង​សេចក្ដី​ស្លាប់​ដល់​កូនចៅ​គាត់​ដែរ រួម​នឹង​មនុស្ស​លោក​ទាំងអស់​ដែល​កំពុង​រស់​នៅ​សព្វ​ថ្ងៃ​នេះ។ (​យ៉ូប ១៤:៤; រ៉ូម ៥:១២​) ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​ពីព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ​»។ (​រ៉ូម ៣:២៣; ពង្សាវតារក្សត្រទី១ ៨:៤៦​) សូម្បី​ស្តេច​ដាវីឌ​ដែល​ជា​អ្នក​កោត​ខ្លាច​ដល់​ព្រះ​នោះ​ក៏​បាន​ពោល​ថា​៖ ​«​មើល ទូលបង្គំ​បាន​កើត​មក​ក្នុង​សេចក្ដី​ទុច្ចរិត ហើយ​ម្ដាយ​ទូលបង្គំ​បាន​មាន​​ទំងន់​បង្កើត​ទូលបង្គំ​នៅ​ក្នុង​អំពើ​បាប​ដែរ​»។ (​ទំនុកដំកើង ៥១:៥​) អញ្ចឹង​ហើយ មនុស្ស​លោក​ទាំង​ឡាយ​ត្រូវ​បាន​ស្លាប់ ដោយសារ​តែ​អំពើ​បាប​ដែល​បាន​ទទួល​ជា​ដំណែល​ពី​អ័ដាម។ តើ​តម្លៃ​នៃ​ការ​បូជា​ព្រះ​ជន្ម​ព្រះ​យេស៊ូវ​មាន​លទ្ធភាព​អាច​ដោះលែង​មនុស្ស​ទាំងអស់ ឲ្យ​រួច​ពី​សេវកភាព​នៃ​បាបកម្ម និង​សេចក្ដី​ស្លាប់​បាន​យ៉ាង​ណា?

១៦ (​ក​) ក្នុង​ការ​ផ្ដល់​នូវ​តម្លៃ​លោះ តើ​ព្រះ​បាន​បង្ហាញ​យ៉ាង​ណា ចំពោះ​ការ​គោរព​តាម​ក្រិត្យ​វិន័យ​របស់​ទ្រង់​ដែល​ថា​‹ត្រូវ​សង​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត›? (​ខ​) ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូវ ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​បង់​នូវ​តម្លៃ​លោះ​បាន?

១៦ ការ​ទាំង​នេះ​ទាក់ទង​ទៅ​នឹង​គោលការណ៍​ពេញច្បាប់​មួយ នៅ​ក្នុង​ក្រិត្យ​វិន័យ​របស់​ព្រះ​ចំពោះ​សាសន៍​អ៊ីស្រាអែល។ គោលការណ៍​នេះ​បាន​ចែង​មក​ថា​‹ត្រូវ​សង​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត›។ (​និក្ខមនំ ២១:២៣; ចោទិយកថា ១៩:២១​) ដោយ​ការ​មិន​គោរព​ស្ដាប់បង្គាប់​របស់​គាត់ មនុស្ស​ល្អ​ឥតខ្ចោះ​អ័ដាម​បាន​បាត់បង់​នូវ​ជីវិត​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​សួន​មនោរម្យ​លើ​ផែនដី ចំពោះ​ខ្លួន​គាត់​ផ្ទាល់ និង​ចំពោះ​កូនចៅ​របស់​គាត់​ទាំងអស់​ដែរ។ ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ប្រទាន​ព្រះ​ជន្ម​ល្អ​ឥតខ្ចោះ​របស់​ទ្រង់​ផ្ទាល់ ដើម្បី​ទិញ​មក​វិញ​នូវ​អ្វី​ដែល​អ័ដាម​បាន​បាត់បង់​នោះ។ មែន​ហើយ ព្រះ​យេស៊ូវ​«​ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់ ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំងអស់​»។ (​ធីម៉ូថេទី១ ២:៥, ៦​) ពីព្រោះ​តែ​ទ្រង់​ជា​បុរស​ល្អ​ឥតខ្ចោះ ដូច​អ័ដាម​ពីដើម​ដែរ​នោះ ព្រះ​យេស៊ូវ​ត្រូវ​បាន​ហៅ​ជា​«​អ័ដាម​ក្រោយ​បង្អស់​»។ (​កូរិនថូសទី១ ១៥:៤៥​) គ្មាន​មនុស្ស​ណា​ផ្សេង​ទៀត​ក្រៅ​ពី​ព្រះ​យេស៊ូវ អាច​ផ្ដល់​នូវ​តម្លៃ​លោះ​បាន​ឡើយ។ រឿង​នេះ គឺ​ពីព្រោះ​ព្រះ​យេស៊ូវ​ជា​បុរស​តែ​ម្នាក់​គត់​ដែល​បាន​រស់ ដែល​ស្មើ​នឹង​អ័ដាម​ជា​កូន​មនុស្ស​ល្អ​ឥតខ្ចោះ​របស់​ព្រះ។—ទំនុកដំកើង ៤៩:៧; លូកា ១:៣២; ៣:៣៨

១៧ នៅ​ពេល​ណា​ដែល​តម្លៃ​លោះ​បាន​បង់​ទៅ​ព្រះ?

១៧ ព្រះ​យេស៊ូវ​ទ្រង់​បាន​ទទួល​មរណភាព នៅ​ពេល​ដល់​ព្រះជន្មាយុ​បាន​៣៣​ឆ្នាំ​កន្លះ។ ប៉ុន្តែ នៅ​ថ្ងៃ​ទីបី​ក្រោយ​ពី​ទ្រង់​បាន​ទទួល​មរណភាព​នោះ ទ្រង់​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ៤០​ថ្ងៃ​ក្រោយ​មក ទ្រង់​បាន​យាង​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ។ (​កិច្ចការ ១:៣, ៩​-​១១​) ទីនោះ​ហើយ ដែល​ទ្រង់​បាន​ទៅ​ជា​បុគ្គល​វិញ្ញាណ​ម្ដង​ទៀត រួច​ទ្រង់​បាន​លេច​«​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​នៃ​ព្រះ ដំណាង​យើង​រាល់​គ្នា​»​ ដោយ​នាំ​យក​នូវ​តម្លៃ​យញ្ញបូជា​លោះ​បាប​របស់​ទ្រង់​ទៅ​ជា​មួយ​ផង។ (​ហេព្រើរ ៩:១២, ២៤​) នៅ​ពេល​នោះ​ហើយ តម្លៃ​លោះ​បាន​ត្រូវ​បង់​ទៅ​ព្រះ​នៅ​ស្ថានសួគ៌។ ឥឡូវ​នេះ សេចក្ដី​រំដោះ​អាច​បាន​ដល់​មនុស្ស​លោក​ហើយ។ ប៉ុន្តែ នៅ​ពេល​ណា​ដែល​ផល​ប្រយោជន៍​នៃ​តម្លៃ​លោះ​នេះ​នឹង​បាន​ឃើញ​ជាក់​ស្តែង?

១៨ (​ក​) សូម្បី​តែ​ឥឡូវ​នេះ តើ​យើង​អាច​ទទួល​នូវ​ផល​ប្រយោជន៍​ពី​តម្លៃ​លោះ​បាន​យ៉ាង​ណា? (​ខ​) តើ​តម្លៃ​លោះ​នឹង​ធ្វើ​ឲ្យ​មាន​លទ្ធភាព​យ៉ាង​ណា ទៅ​អនាគត?

១៨ សូម្បី​ឥឡូវ​នេះ យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូវ ក៏​អាច​មាន​ផល​ប្រយោជន៍​ដល់​យើង​ដែរ។ តើ​តាម​របៀប​ណា? ដោយ​ការ​ខំ​អនុវត្ត​ជំនឿ​ទៅ​លើ​សេចក្ដី​នេះ យើង​អាច​សប្បាយ​នូវ​ឋានៈ​ស្អាត​ស្អំ​ចំពោះ​ព្រះ​ភក្ដ្រ​ព្រះ​បាន ហើយ​នឹង​បាន​នៅ​ក្រោម​សេចក្ដី​ការពារ​ដ៏​ថ្នាក់ថ្នម ហើយ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែរ។ (​វិវរណៈ ៧:៩, ១០, ១៣​-​១៥​) ភាគ​ច្រើន​ក្នុង​ចំណោម​យើង ប្រហែល​ជា​បាន​ប្រព្រឹត្ត​បាបកម្ម​ដ៏​អាក្រក់ មុន​ពេល​ដែល​យើង​បាន​រៀន​អំពី​ព្រះ។ ហើយ​សូម្បី​តែ​ឥឡូវ​នេះ​ក៏​យើង​នៅ​តែ​ធ្វើ​ខុស​ដែរ ជួនកាល​ជា​កំហុស​ធ្ងន់ធ្ងរ​ផង។ ប៉ុន្តែ​យើង​អាច​សូម​សេចក្ដី​អត់​ទោស​តាម​សេរី​ពី​ព្រះ ដោយ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​នៃ​តម្លៃ​លោះ​នោះ ហើយ​ដោយ​ដឹង​ប្រាកដ​ក្នុង​ចិត្ត​ថា​ទ្រង់​នឹង​ឮ​យើង​ជា​មិន​ខាន។ (​យ៉ូហានទី១ ២:១, ២; កូរិនថូសទី១ ៦:៩​-​១១​) ម្យ៉ាង​ទៀត ទៅ​ថ្ងៃ​មុខ តម្លៃ​លោះ​នឹង​បើក​ឲ្យ​យើង​ទទួល​អំណោយ​ទាន​របស់​ព្រះ​ជា​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​ក្នុង​ពិភពលោក​ថ្មី​ដ៏​សុចរិត​របស់​ទ្រង់។ (​ពេត្រុសទី២ ៣:១៣​) នៅ​ពេល​នោះ​អស់​អ្នក​ណា​ដែល​ខំ​អនុវត្ត​ជំនឿ​ទៅ​លើ​តម្លៃ​លោះ នឹង​ត្រូវ​រំដោះ​ឲ្យ​រួច​យ៉ាង​ពេញលេញ​ពី​សេវកភាព​នៃ​បាបកម្ម និង​សេចក្ដី​ស្លាប់។ ពួកគេ​អាច​ទន្ទឹង​ចាំ​យ៉ាង​រីករាយ​នូវ​ជីវិត​ជា​និរន្តរ៍​ដែល​ពេញ​ដោយ​ភាព​ល្អ​ឥតខ្ចោះ!

១៩ (​ក​) តើ​ការ​ផ្ដល់​តម្លៃ​លោះ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ? (​ខ​) តើ​សាវក​ប៉ុល​បាន​មាន​ប្រសាសន៍​យ៉ាង​ណា ដែល​យើង​ត្រូវ​តែ​បង្ហាញ​នូវ​កតញ្ញូ​ធម៌​របស់​យើង​ចំពោះ​តម្លៃ​លោះ?

១៩ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ ចំពោះ​ការ​រៀន​អំពី​តម្លៃ​លោះ​នេះ? តើ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ចិត្ត​អ្នក​កក់ក្ដៅ​ចំពោះ​ព្រះ​យេហូវ៉ា​ទេ​ឬ​អី ដោយ​ដឹង​ថា​ទ្រង់​ស្រឡាញ់​អ្នក​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ស្ងួនភ្ងា​របស់​ទ្រង់ ដើម្បី​ជា​ប្រយោជន៍​ដល់​លោក​អ្នក​នោះ? (​យ៉ូហាន ៣:១៦; យ៉ូហានទី១ ៤:៩, ១០​) ប៉ុន្តែ សូម​អញ្ជើញ​គិត​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ដែរ។ ទ្រង់​បាន​ស្ម័គ្រ​ព្រះ​ហឫទ័យ​នឹង​យាង​មក​ផែនដី ដើម្បី​ទទួល​មរណភាព​ជំនួស​យើង។ តើ​យើង​មិន​គួរ​ដឹង​ព្រះ​គុណ​ទ្រង់​ទេ​ឬ? សាវក​ប៉ុល​បាន​ពន្យល់​អំពី​របៀប​ដែល​យើង​ត្រូវ​បង្ហាញ​កតញ្ញូ​ធម៌​នេះ ពេល​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ទ្រង់​ក៏​បាន​សុគត​ជំនួស​មនុស្ស​ទាំងអស់​យ៉ាង​នោះ គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សំរាប់​ព្រះ​អង្គ ដែល​សុគត​ជំនួស​គេ ហើយ​បាន​រស់​ឡើង​នោះ​វិញ​»។ (​កូរិនថូសទី២ ​៥:១៤, ១៥​) តើ​លោក​អ្នក​នឹង​បង្ហាញ​កតញ្ញូ​ធម៌​របស់​អ្នក ដោយ​យក​ជីវិត​របស់​អ្នក​ទៅ​បម្រើ​ព្រះ និង​ព្រះ​រាជបុត្រា​សួគ៌ា​របស់​ទ្រង់ ព្រះ​យេស៊ូវ​គ្រីស្ទ​ទេ?

ហេតុ​ដែល​ព្រះ​យេស៊ូវ​បាន​បង្កើត​ឲ្យ​មាន​អព្ភូតហេតុ

២០ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​អំពី​ព្រះ​យេស៊ូវ ពី​ការ​ដែល​ទ្រង់​បាន​ធ្វើ​មនុស្ស​ឃ្លង់​ឲ្យ​ជា​នោះ?

២០ ព្រះ​យេស៊ូវ​បាន​ល្បី​ល្បាញ​ដោយសារ​អព្ភូតហេតុ​ដែល​ទ្រង់​បាន​បង្កើត​ឡើង។ ទ្រង់​មាន​អារម្មណ៍​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​មនុស្ស​ណា​ដែល​មាន​បញ្ហា ហើយ​ទ្រង់​មាន​ព្រះទ័យ​ខ្នះខ្នែង​នឹង​ប្រើ​ឥទ្ធិពល​ដែល​បាន​ទទួល​ពី​ព្រះ ដើម្បី​ជួយ​ពួកគេ​ដែរ។ ឧទាហរណ៍ មនុស្ស​ម្នាក់​ដែល​កើត​ជម្ងឺ​ឃ្លង់​គួរ​ឲ្យ​ខ្លាច​បាន​មក​ឯ​ទ្រង់ ហើយ​បាន​និយាយ​ថា​៖ ​«​បើ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន​»។ ព្រះ​យេស៊ូវ​«​ទ្រង់​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត ក៏​លូក​ព្រះ​ហស្ត​ទៅ​ពាល់​គាត់​ដោយ​បន្ទូល​ថា ‹ខ្ញុំ​ចង់​ដែរ ឲ្យ​ជា​ស្អាត​ទៅ›​»។ ហើយ​បុរស​ដែល​មាន​ជម្ងឺ​នោះ​ក៏​បាន​ជា​ទៅ!—ម៉ាកុស ១:៤០​-​៤២

២១ តើ​ព្រះ​យេស៊ូវ​បាន​ជួយ​ហ្វូង​មនុស្ស​យ៉ាង​ណា?

២១ សូម​ពិចារណា​អំពី​វិការដ្ឋាន​នៃ​ព្រះ​គម្ពីរ​មួយ​ទៀត ហើយ​សូម​នឹក​គិត​អំពី​មនោសញ្ចេតនា​ដ៏​ស្រទន់​របស់​ព្រះ​យេស៊ូវ​ចំពោះ​មនុស្ស ដែល​បាន​ពណ៌នា​ដូច​តទៅ​៖ ​«​នោះ​មាន​ហ្វូង​មនុស្ស​មក​ឯ​ទ្រង់​កកកុញ នាំ​ទាំង​មនុស្ស​ខ្វិន ខ្វាក់ គ ពិការ នឹង​មនុស្ស​ឯ​ទៀត​ជា​ច្រើន មក​ដាក់​នៅ​ទៀប​ព្រះ​បាទ​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​គេ​បាន​ជា ដល់​ម្ល៉េះ​បាន​ជា​បណ្ដា​មនុស្ស​ទាំង​ប៉ុន្មាន​មាន​សេចក្ដី​អស្ចារ្យ ដោយ​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​បាន​មាំមួន មនុស្ស​ខ្វិន​ដើរ​រួច នឹង​មនុស្ស​ខ្វាក់​មើល​ឃើញ ហើយ​គេ​ក៏​​សរសើរ​ដំកើង​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​គ្រប់​ៗ​គ្នា​»។—ម៉ាថាយ ១៥:៣០, ៣១

២២ អ្វី​ដែល​បង្ហាញ​ថា ព្រះ​យេស៊ូវ​ពិត​ជា​ស្រឡាញ់​ពួក​មនុស្ស​ដែល​ទ្រង់​បាន​ជួយ?

២២ ចំពោះ​រឿង​ដែល​ព្រះ​យេស៊ូវ​ពិត​ជា​បាន​ស្រឡាញ់​មនុស្ស​រង​ទុក្ខ​ទាំង​នេះ ហើយ​បាន​ចង់​ជួយ​ពួកគេ​យ៉ាង​ស្មោះ​ស្ម័គ្រ នោះ​អាច​បាន​ឃើញ​ពី​បន្ទូល​របស់​ទ្រង់​ទៅ​ពួក​សិស្ស​របស់​ទ្រង់​នៅ​ពេល​ក្រោយ​មក​ទៀត។ ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​ខ្ញុំ​មាន​ចិត្ត​ក្ដួល​អាណិត ដល់​ហ្វូង​មនុស្ស​នេះ​ណាស់ ដ្បិត​គេ​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ​អស់​៣​ថ្ងៃ​មក​ហើយ គេ​គ្មាន​អ្វី​នឹង​បរិភោគ​សោះ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ទៅ​វិញ​ទាំង​អត់​ឃ្លាន​ទេ ក្រែង​ហេវ​តាម​ផ្លូវ​»។ ដូច្នេះ​ព្រះ​យេស៊ូវ​បាន​បង្កើត​អព្ភូតហេតុ​ឡើង ចំអែត​មនុស្ស​«​៤​ពាន់​នាក់ ឥត​រាប់​ស្រី​ៗ ហើយ​នឹង​ក្មេង​ផង​ទេ​»​ ដោយ​មាន​នំប៉័ង​តែ​៧​ដុំ​និង​ត្រី​តូច​ៗ​ខ្លះ​ប៉ុណ្ណោះ។—ម៉ាថាយ ១៥:៣២​-​៣៨

២៣ អ្វី​ដែល​បណ្ដាល​ឲ្យ​ព្រះ​យេស៊ូវ​ប្រោស​កូន​ប្រុស​នៃ​ស្ត្រី​មេម៉ាយ​ម្នាក់​ឲ្យ​រស់​ពី​ស្លាប់​នោះ?

២៣ នៅ​ពេល​មួយ​ទៀត ព្រះ​យេស៊ូវ​បាន​ជួបប្រទះ​នឹង​ក្បួន​ធ្វើ​បុណ្យ​ដង្ហែ​សព ដែល​មក​ពី​ទីក្រុង​ណាអ៊ីន។ ព្រះ​គម្ពីរ​បាន​ពណ៌នា​រឿង​នេះ​ដោយ​សេចក្ដី​ថា​៖ ​«​នោះ​ឃើញ​គេ​សែង​ខ្មោច​ចេញ​មក ជា​ខ្មោច​កូន​តែមួយ ដែល​ម្ដាយ​នៅ​មេម៉ាយ . . . កាល​ព្រះ​អម្ចាស់​បាន​ឃើញ នោះ​ទ្រង់​មាន​ព្រះ​​ហឫទ័យ​ក្ដួល​អាណិតអាសូរ​ដល់​គាត់​ណាស់​»។ ទ្រង់​បាន​ជ្រាប​ដឹង​យ៉ាង​ជ្រាល​ជ្រៅ​នូវ​ការ​សោក​សង្រេង​របស់​ម្ដាយ។ ដូច្នេះ​ទ្រង់​ក៏​បាន​បែរ​ទៅ​សព​នោះ ហើយ​បាន​បញ្ជា​ថា​៖ ​«​អ្នក​កំឡោះ​អើយ ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង​»​! ជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ម្ល៉េះ​ហ្ន៎! ​«​អ្នក​ដែល​ស្លាប់​នោះ ក៏​ក្រោក​ឡើង​អង្គុយ ហើយ​ចាប់​តាំង​និយាយ រួច​ទ្រង់​ប្រគល់​ដល់​ម្ដាយ​វិញ​»។ សូម​គិត​ទៅ​មើល តើ​ម្ដាយ​នោះ​បាន​មាន​មនោសញ្ចេតនា​យ៉ាង​ណា​ទៅ! តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ? ពត៌មាន​អំពី​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​នេះ បាន​ផ្សព្វផ្សាយ​ពាស​ពេញ​គ្រប់​ទីកន្លែង។ ដូច្នេះ គ្មាន​អ្វី​គួរ​ឲ្យ​ប្លែក​ទេ ដែល​ព្រះ​យេស៊ូវ​ល្បី​ល្បាញ​នោះ។—លូកា ៧:១១​-​១៧

២៤ តើ​អព្ភូតហេតុ​របស់​ព្រះ​យេស៊ូវ​បាន​បង្ហាញ​យ៉ាង​ណា ចំពោះ​រឿង​អនាគត?

២៤ ប៉ុន្តែ អព្ភូតហេតុ​ដែល​ព្រះ​យេស៊ូវ​បាន​បង្កើត​នោះ បាន​ប្រយោជន៍​គ្រាន់​តែ​ជា​បណ្ដោះអាសន្ន​ប៉ុណ្ណោះ។ មនុស្ស​ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​ជា បាន​ត្រឡប់​ជា​មាន​បញ្ហា​ខាង​រូប​រាង​កាយ​វិញ។ ហើយ​អស់​អ្នក​ណា​ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ក៏​បាន​ស្លាប់​ទៅ​វិញ​ទៀត​ដែរ។ ប៉ុន្តែ អព្ភូតហេតុ​របស់​ព្រះ​យេស៊ូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ទ្រង់​បាន​ត្រូវ​បញ្ជូន​មក​ដោយសារ​ព្រះ ហើយ​ថា​ទ្រង់​ពិត​ជា​ព្រះ​រាជ​​បុត្រ​របស់​ព្រះ​មែន។ ហើយ​ទាំង​នេះ​បាន​បង្ហាញ​ទៀត​ថា ដោយសារ​ឥទ្ធិឫទ្ធិ​របស់​ព្រះ បញ្ហា​ទាំង​ឡាយ​នៃ​មនុស្ស​ទាំងអស់​អាច​ត្រូវ​ដោះ​ស្រាយ​បាន។ មែន​ហើយ ការ​ទាំង​នេះ​បាន​បង្ហាញ​គ្រាន់​តែ​បន្ដិច​បន្តួច​ទេ អំពី​អ្វី​ៗ​ដែល​នឹង​កើត​មាន​ឡើង​នៅ​ក្រោម​រាជាណាចក្រ​របស់​ព្រះ។ នៅ​ពេល​នោះ អ្នក​ស្រេក​ឃ្លាន​នឹង​ត្រូវ​បាន​ចំអែត អ្នក​ជម្ងឺ​នឹង​បាន​សះ​ស្បើយ ហើយ​សូម្បី​តែ​អ្នក​ស្លាប់​ក៏​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ! ហើយ​នឹង​មិន​មាន​ជម្ងឺ សេចក្ដី​ស្លាប់ ឬ បញ្ហា​ផ្សេង​ៗ​ទៀត​មក​បណ្ដាល​ឲ្យ​មាន​អពមង្គល​ឡើយ។ តើ​ការ​ទាំង​នេះ​នឹង​នាំ​ឲ្យ​មាន​ប្រសិទ្ធិពរ​យ៉ាង​ណា​ទៅ​ហ្ន៎!—វិវរណៈ ២១:៣, ៤; ម៉ាថាយ ១១:៤, ៥

អ្នក​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ

២៥ តើ​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ​អាច​ចែក​ទៅ​ជា​៣​ផ្នែក​ណា?

២៥ ព្រះ​ជន្ម​របស់​រាជបុត្រា​ព្រះ​មាន​បី​ផ្នែក។ ផ្នែក​ទី​មួយ គឺ​ពុំ​ដឹង​ជា​ប៉ុន្មាន​ឆ្នាំ​ទេ ដែល​ទ្រង់​បាន​គង់​ជា​មួយ​ព្រះវរបិតា​របស់​ទ្រង់​នៅ​ស្ថានសួគ៌ មុន​នឹង​ទ្រង់​បាន​យាង​មក​ជា​មនុស្ស​លោក។ បន្ទាប់​មក ទ្រង់​បាន​គង់​អស់រយៈ​ពេល​៣៣​ឆ្នាំ​កន្លះ នៅ​លើ​ផែនដី​ក្រោយ​ពី​កំណើត​របស់​ទ្រង់​ជា​មនុស្ស។ ហើយ​ឥឡូវ​នេះ ទ្រង់​មាន​ព្រះ​ជន្ម​ជា​បុគ្គល​វិញ្ញាណ​មួយ​អង្គ​ដែល​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ។ តើ​ឋានៈ​អ្វី ដែល​ទ្រង់​បាន​ទទួល​នៅ​ស្ថានសួគ៌ ចាប់​ពី​ពេល​ដែល​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នោះ?

២៦ ដោយ​សេចក្ដី​ស្មោះ​ត្រង់​របស់​ទ្រង់​នៅ​លើ​ផែនដី ព្រះ​យេស៊ូវ​ទ្រង់​បាន​បង្ហាញ​ថា​ទ្រង់​គួរ​នឹង​ទៅ​ជា​អ្វី?

២៦ យ៉ាង​ច្បាស់​ណាស់​ដែល​ព្រះ​យេស៊ូវ​ទ្រង់​នឹង​បាន​ទៅ​ជា​ស្តេច​មួយ​អង្គ។ សូម្បី​តែ​ទេវតា​ក៏​បាន​ប្រកាស​ប្រាប់​ដល់​នាង​ម៉ារា​ថា​៖ ​«​ទ្រង់​នឹង​សោយ​រាជ្យ . . . នៅ​អស់កល្ប​រៀង​ទៅ ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ផុត​ឡើយ​»។ (​លូកា ១:៣៣​) នៅ​កំឡុង​ពេល​កិច្ចបម្រើ​របស់​ទ្រង់​នៅ​លើ​ផែនដី ទ្រង់​បាន​មាន​បន្ទូល​រាល់​តែ​ដង​អំពី​រាជាណាចក្រ​របស់​ព្រះ។ ទ្រង់​បាន​បង្រៀន​ដល់​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​អធិស្ឋាន​ថា​៖ ​«​សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ​»។ ហើយ​ទ្រង់​បាន​ជម្រុញ​ឲ្យ​គេ​«​ស្វែងរក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន​»។ (​ម៉ាថាយ ​៦:១០, ៣៣​) ដោយសារ​សេចក្ដី​ស្មោះ​ត្រង់​របស់​ទ្រង់​នៅ​លើ​ផែនដី ព្រះ​យេស៊ូវ​ទ្រង់​បាន​បង្ហាញ​ថា ទ្រង់​សម​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​នេះ។ តើ​ទ្រង់​បាន​ចាប់​ផ្ដើម​សោយ​រាជ្យ​ភ្លាម ក្រោយ​ពី​ទ្រង់​បាន​យាង​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ​ឬ?

២៧ (​ក​) តើ​ព្រះ​យេស៊ូវ​ទ្រង់​បាន​ធ្វើ​អ្វី ក្រោយ​ពេល​ដែល​ទ្រង់​បាន​យាង​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ? (​ខ​) ក្នុង​ឋានៈ​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ តើ​សកម្មភាព​ទី​មួយ​របស់​ព្រះ​យេស៊ូវ​ជា​អ្វី?

២៧ ទេ ទ្រង់​មិន​បាន​ចាប់​ផ្ដើម​សោយ​រាជ្យ​ភ្លាម​ទេ។ សាវក​ប៉ុល​បាន​សំដៅ​ទៅ​លើ​ទំនុកដំកើង ១១០:១ ដែល​ពន្យល់​ថា​៖ ​«​តែ​ទ្រង់​[​ព្រះ​យេស៊ូវ​]​វិញ ក្រោយ​ដែល​ទ្រង់​បាន​ថ្វាយ​យញ្ញបូជា​តែ​១ ដោយ​ព្រោះ​បាប នោះ​ទ្រង់​បាន​គង់​ខាង​ស្ដាំ​ព្រះ នៅ​ជា​រៀង​រាប​ដរាប​ទៅ ទាំង​ចាំ​ទំរាំ​ដល់​បាន​ដាក់​ពួក​ខ្មាំង​សត្រូវ ឲ្យ​ធ្វើ​ជា​កំណល់​កល់​ព្រះ​បាទ​ទ្រង់​»។ (​ហេព្រើរ ១០:១២, ១៣​) ព្រះ​យេស៊ូវ​ទ្រង់​បាន​រង់ចាំ​នូវ​ព្រះ​បញ្ជា​របស់​ព្រះ​យេហូវ៉ា​៖ ​«​ឲ្យ​ឯង​គ្រប់​គ្រង​នៅ​កណ្ដាល​ពួក​ខ្មាំង​សត្រូវ​ផង​»។ (​ទំនុកដំកើង ១១០:២​) កាល​ដែល​ពេល​វេលា​នោះ​បាន​មក​ដល់ ទ្រង់​បាន​ចាប់​ផ្ដើម​បោស​សំអាត​ស្ថានសួគ៌ ដោយ​បណ្ដេញ​សាតាំង​និង​ពួក​ទេវតា​របស់​វា​ចេញ។ លទ្ធផល​នៃ​សង្គ្រាម​នៅ​ស្ថានសួគ៌​នោះ បាន​ថ្លែង​ដោយ​ពាក្យ​ដូច​តទៅ​៖ ​«​ឥឡូវ​នេះ សេចក្ដី​សង្គ្រោះ ព្រះ​ចេស្ដា នឹង​រាជ្យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​អំណាច​របស់​ព្រះ​គ្រីស្ទ​នៃ​ទ្រង់ បាន​មក​ដល់​ហើយ ដ្បិត​អា​នោះ​ដែល​ចោទ​ប្រកាន់​ពី​ពួក​បងប្អូន​យើង​រាល់​គ្នា ដែល​ចេះ​តែ​ចោទ​ពី​គេ នៅ​ចំពោះ​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ វា​ត្រូវ​បោះ​ទំលាក់​ទៅ​ហើយ​»​! (​វិវរណៈ ១២:១០​) ដូច​ជា​បាន​ឃើញ​នៅ​ក្នុង​ជំពូក​ពីមុន​នៃ​សៀវភៅ​នេះ​មក​ហើយ ភស្តុតាង​នានា​បាន​បង្ហាញ​ថា​សង្គ្រាម​នេះ​បាន​កើត​នៅ​ស្ថានសួគ៌​រួច​ហើយ ហើយ​នៅ​បច្ចុប្បន្ន​នេះ ព្រះ​យេស៊ូវ​គ្រីស្ទ​កំពុង​តែ​សោយ​រាជ្យ នៅ​កណ្ដាល​នៃ​ពួក​សត្រូវ​របស់​ទ្រង់។

២៨ (​ក​) តើ​ព្រះ​គ្រីស្ទ​នឹង​ធ្វើ​អ្វី ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ? (​ខ​) តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​បាន​ទទួល​សេចក្ដី​​ការពារ​ពី​ទ្រង់?

២៨ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ព្រះ​គ្រីស្ទ​និង​ទេវតា​របស់​ទ្រង់​នៅ​ស្ថានសួគ៌ នឹង​បញ្ចេញ​សកម្មភាព​ដើម្បី​បំបាត់​ពី​ផែនដី នូវ​រដ្ឋាភិបាល​នៃ​លោកីយ៍​ទាំងអស់​នៅ​បច្ចុប្បន្ន​នេះ។ (​ដានីយ៉ែល ២:៤៤; វិវរណៈ ១៧:១៤​) ព្រះ​គម្ពីរ​បាន​ចែង​ថា ទ្រង់​មាន​«​ដាវ​យ៉ាង​មុត​ចេញ​ពី​ព្រះ​ឱ​ស​ទ្រង់ ដើម្បី​នឹង​កាប់​អស់​ទាំង​សាសន៍ ហើយ​ទ្រង់​នឹង​ឃ្វាល​គេ ដោយ​ដំបង​ដែក​»។ (​វិវរណៈ ១៩:១១​-​១៦​) ដើម្បី​ឲ្យ​យើង​អាច​ទទួល​នូវ​សេចក្ដី​ការពារ នៅ​ពេល​ដែល​សេចក្ដី​ហិនវិនាស​នេះ​មក​ដល់ យើង​ត្រូវ​តែ​អនុវត្ត​ជំនឿ​ទៅ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ចាំបាច់។ (​យ៉ូហាន ៣:៣៦​) យើង​ត្រូវ​តែ​ទៅ​ជា​សិស្ស​របស់​ទ្រង់ ហើយ​ត្រូវ​ដាក់​ខ្លួន​យើង​ចុះ​ចូល​ដល់​ទ្រង់ ដែល​ជា​ស្តេច​សួគ៌ា​របស់​យើង។ តើ​អ្នក​នឹង​ធ្វើ​ដូច្នេះ​ទេ?

[​រូបភាព​នៅ​ទំព័រ​៥៨​]

ព្រះ​យេស៊ូវ​បាន​បោះបង់​ចោល​មុខ​របរ​ជាង​ឈើ​របស់​ទ្រង់ ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​ទៅ​ជា​អ្នក​ចាក់ប្រេងតាំង​របស់​ព្រះ​យេហូវ៉ា

[​រូបភាព​នៅ​ទំព័រ​៦៣​]

ព្រះ​យេស៊ូវ​ទ្រង់​បាន​ស្មើ​នឹង​អ័ដាម​ដែល​ជា​បុរស​ល្អ​ឥតខ្ចោះ

[​រូបភាព​នៅ​ទំព័រ​៦៤​]

ដោយ​មាន​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​ព្រះ​យេស៊ូវ​ក៏​ជួយ​ដល់​អ្នក​ឈឺ​និង​អ្នក​អត់​ឃ្លាន

[​រូបភាព​នៅ​ទំព័រ​៦៧​]

ដោយសារ​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​មក​វិញ ព្រះ​​យេស៊ូវ​បាន​សម្ដែង​ឲ្យ​ឃើញ​នូវ​ទំហំ​យ៉ាង​ធំ​ពី​អ្វី​ៗ​ដែល​ទ្រង់​នឹង​ធ្វើ នៅ​ពេល​ដែល​ព្រះ​រាជាណាចក្រ​បាន​គ្រប់​គ្រង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក