មេរៀនទី៤
តើលោកយេស៊ូគ្រិស្តជាអ្នកណា?
១. តើលោកយេស៊ូមកពីណា?
តើគុណសម្បត្ដិអ្វីដែលធ្វើឲ្យលោកយេស៊ូជាមនុស្សស្រួលទាក់ទង?—ម៉ាថាយ ១១:២៩; ម៉ាកុស ១០:១៣-១៦
លោកយេស៊ូខុសគ្នាពីមនុស្សជាតិ ដោយសារមុនពេលលោកយេស៊ូមកកើតជាមនុស្សនៅផែនដី លោកជាទេវតាខ្លាំងក្លាមួយរូបដែលរស់នៅស្ថានសួគ៌។ (យ៉ូហាន ៨:២៣) ព្រះបានបង្កើតលោកយេស៊ូមុនអ្វីៗទាំងអស់ ហើយលោកបានជួយព្រះក្នុងការបង្កើតរបស់សព្វសារពើ។ មានតែលោកយេស៊ូទេដែលព្រះយេហូវ៉ាបានបង្កើតដោយផ្ទាល់។ ហេតុនេះ ជាការសមត្រឹមត្រូវដែលលោកបានត្រូវហៅថា បុត្រ«តែមួយ»របស់ព្រះ។ (យ៉ូហាន ១:១៤) លោកយេស៊ូបានធ្វើជាអ្នកនាំពាក្យរបស់ព្រះ។ ដូច្នេះ លោកក៏បានត្រូវហៅថា«បណ្ដាំ»ដែរ។—សូមអាន សុភាសិត ៨:២២, ២៣, ៣០; កូឡុស ១:១៥, ១៦
២. ហេតុអ្វីលោកយេស៊ូមកផែនដី?
ព្រះបានឲ្យបុត្ររបស់លោកមកកើតជាមនុស្សនៅផែនដី ដោយផ្ទេរជីវិតបុត្ររបស់លោកពីស្ថានសួគ៌មកដាក់ក្នុងផ្ទៃរបស់ស្ត្រីក្រមុំបរិសុទ្ធសាសន៍យូដាម្នាក់ឈ្មោះម៉ារៀ។ ដូច្នេះ លោកយេស៊ូមិនមានឪពុកជាមនុស្សជាតិឡើយ។ (លូកា ១:៣០-៣៥) មានមូលហេតុបីយ៉ាងដែលលោកយេស៊ូមកកើតជាមនុស្សនៅផែនដី (១) ដើម្បីបង្រៀនសេចក្ដីពិតអំពីព្រះ (២) ទុកគំរូសម្រាប់យើង ស្តីអំពីរបៀបធ្វើតាមបំណងប្រាថ្នារបស់ព្រះទោះជាមានការពិបាកក៏ដោយ និង(៣) ដើម្បីឲ្យជីវិតដ៏ល្អឥតខ្ចោះរបស់លោកជា«ថ្លៃលោះ»។—សូមអាន ម៉ាថាយ ២០:២៨
៣. ហេតុអ្វីយើងត្រូវការអ្នកលោះ?
ថ្លៃលោះគឺជាតម្លៃដែលត្រូវបង់ដើម្បីលោះបុគ្គលណាម្នាក់ឲ្យរួចពីការស្លាប់។ (និក្ខមនំ ២១:២៩, ៣០) នៅដើមដំបូង ពេលព្រះបង្កើតមនុស្ស លោកគ្មានបំណងឲ្យពួកគេចាស់និងស្លាប់ទេ។ តើយើងអាចដឹងអំពីរឿងនេះយ៉ាងដូចម្ដេច? ព្រះបានមានប្រសាសន៍ទៅអាដាមដែលជាបុរសដំបូងថា បើគាត់ធ្វើអ្វីមួយដែលគម្ពីរហៅថាអំពើ«ខុសឆ្គង» នោះគាត់នឹងត្រូវស្លាប់។ បើអាដាមមិនធ្វើអំពើខុសឆ្គង នោះគាត់នឹងនៅរស់នៅឡើយ។ (លោកុប្បត្តិ ២:១៦, ១៧; ៥:៥) គម្ពីរចែងថា សេចក្ដីស្លាប់«បានចូល»ក្នុងពិភពលោកនេះតាមរយៈមនុស្សម្នាក់ គឺអាដាម។ ដូច្នេះ អាដាមបានចម្លងភាពខុសឆ្គងដល់កូនចៅទាំងអស់របស់គាត់ ហើយទោសដែលមកពីភាពខុសឆ្គងនោះ គឺជាសេចក្ដីស្លាប់។ ហេតុនេះហើយ យើងត្រូវការអ្នកលោះដើម្បីជួយយើងឲ្យរួចពីទោសស្លាប់ដែលយើងបានទទួលជាមត៌កពីអាដាម។—សូមអាន រ៉ូម ៥:១២; ៦:២៣
តើអ្នកណាអាចបង់ថ្លៃលោះដើម្បីជួយសង្គ្រោះយើងឲ្យរួចពីសេចក្ដីស្លាប់? ពេលដែលយើងស្លាប់ យើងបង់ឬទូទាត់សងនូវកំហុសឆ្គងរបស់យើងតែប៉ុណ្ណោះ។ គ្មានមនុស្សមិនល្អឥតខ្ចោះណាម្នាក់ដែលអាចបង់ឬទូទាត់សងនូវកំហុសឆ្គងរបស់អ្នកឯទៀតបានឡើយ។—សូមអាន ទំនុកតម្កើង ៤៩:៧-៩
៤. ហេតុអ្វីលោកយេស៊ូស្លាប់?
លោកយេស៊ូខុសពីយើង លោកជាមនុស្សល្អឥតខ្ចោះ។ លោកមិនធ្លាប់ប្រព្រឹត្តអំពើខុសឆ្គងសោះ។ ហេតុនេះហើយ លោកមិនចាំបាច់ស្លាប់ដើម្បីកំហុសឆ្គងរបស់លោកទេ។ ផ្ទុយទៅវិញ លោកយេស៊ូបានស្លាប់ដើម្បីទូទាត់សងនូវអំពើខុសឆ្គងរបស់អ្នកឯទៀត។ ព្រះបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ធំធេងចំពោះមនុស្សជាតិ ដោយចាត់បុត្ររបស់លោកឲ្យមកស្លាប់ជំនួសយើងទាំងអស់គ្នា។ លោកយេស៊ូក៏បានបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើងដែរ ដោយស្ដាប់បង្គាប់បិតាលោក ព្រមទាំងឲ្យជីវិតលោកដើម្បីទូទាត់សងនូវអំពើខុសឆ្គងរបស់យើង។—សូមអាន យ៉ូហាន ៣:១៦; រ៉ូម ៥:១៨, ១៩
សូមមើលវីដេអូ ហេតុអ្វីលោកយេស៊ូបានស្លាប់?
៥. តើលោកយេស៊ូកំពុងធ្វើអ្វីនៅសព្វថ្ងៃនេះ?
ពេលលោកយេស៊ូនៅផែនដី លោកបានធ្វើឲ្យមនុស្សឈឺជាសះស្បើយ ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ និងជួយមនុស្សឲ្យរួចពីទុក្ខវេទនា។ ដោយធ្វើដូច្នេះ លោកបានបង្ហាញអំពីអ្វីដែលលោកនឹងធ្វើនៅអនាគតដើម្បីជួយមនុស្សទាំងអស់ដែលចេះស្ដាប់បង្គាប់។ (ម៉ាថាយ ១៥:៣០, ៣១; យ៉ូហាន ៥:២៨) ក្រោយពេលដែលលោកយេស៊ូស្លាប់ ព្រះបានប្រោសលោកឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណ។ (ពេត្រុសទី១ ៣:១៨) បន្ទាប់មក លោកយេស៊ូអង្គុយនៅខាងស្ដាំព្រះយេហូវ៉ារង់ចាំរហូតដល់ព្រះឲ្យលោកមានអំណាចដើម្បីធ្វើជាស្តេចគ្រប់គ្រងមកលើផែនដីនេះ។ (ហេប្រឺ ១០:១២, ១៣) នៅសព្វថ្ងៃនេះ លោកយេស៊ូកំពុងគ្រប់គ្រងជាស្តេចនៅស្ថានសួគ៌ ហើយអ្នកកាន់តាមលោកកំពុងប្រកាសប្រាប់អំពីដំណឹងល្អនោះនៅទូទាំងពិភពលោក។—សូមអាន ដានីយ៉ែល ៧:១៣, ១៤; ម៉ាថាយ ២៤:១៤
បន្ដិចទៀត លោកយេស៊ូនឹងប្រើអំណាចជាស្តេចដើម្បីបំបាត់ចោលទុក្ខវេទនាទាំងអស់ និងពួកអ្នកដែលបង្កឲ្យមានទុក្ខវេទនាទាំងនោះ។ អស់អ្នកដែលបង្ហាញជំនឿលើលោកយេស៊ូហើយស្ដាប់បង្គាប់លោក ពួកគេនឹងមានជីវិតនៅផែនដីជាសួនឧទ្យាន។—សូមអាន ទំនុកតម្កើង ៣៧:៩-១១