បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pe ជំ. ៧ ទំ. ៦៩-៧៥
  • មូលហេតុដែលយើងមានជីវិតរស់នៅ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • មូលហេតុដែលយើងមានជីវិតរស់នៅ
  • អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តាម​របៀប​វិវត្តន៍​ឬ​តាម​សេចក្ដី​បង្កើត?
  • របៀប​ដែល​ព្រះ​បាន​បង្កើត​មនុស្ស​លោក
  • មូលហេតុ​ដែល​ព្រះ​បាន​ដាក់​មនុស្ស​នៅ​ទីនេះ
  • មូលហេតុ​ដែល​យើង​ទៅ​ជា​ចាស់​ជរា​ហើយ​ស្លាប់
  • លោកយេស៊ូបានស្លាប់និងបានត្រូវប្រោសឲ្យរស់ឡើងវិញ តើនេះអាចផ្ដល់ប្រយោជន៍អ្វីដល់លោកអ្នក?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • សត្រូវចុងក្រោយ ពោលគឺសេចក្ដីស្លាប់នឹងត្រូវបំផ្លាញឲ្យសាបសូន្យ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • គោលបំណងរបស់ព្រះយេហូវ៉ានឹងបានសម្រេច!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ព្រះបានបង្កើតបុរសនិងស្ត្រីដំបូង
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
មើលបន្ថែមទៀត
អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
pe ជំ. ៧ ទំ. ៦៩-៧៥

ជំពូក​ទី៧

មូលហេតុ​ដែល​យើង​មាន​ជីវិត​រស់​នៅ

១ តើ​ពួក​មនុស្ស​ដែល​ចេះ​ពិចារណា បាន​សន្និដ្ឋាន​យ៉ាង​ណា?

មនុស្ស​បាន​ងឿងឆ្ងល់​ជា​យូរ​យារ​ណាស់​មក​ហើយ អំពី​អត្ថន័យ​នៃ​ជីវិត​នៅ​លើ​ផែនដី។ ពួកគេ​បាន​សម្លឹង​មើល​ទៅ​លើ​មេឃ​ដ៏​ធំធេង​ដែល​ពោរពេញ​ទៅ​ដោយ​ផ្កាយ​ព្រោងព្រាត។ ពួកគេ​បាន​កោត​សរសើរ​សោភ័ណ​នៃ​ទេសភាព​តាម​ជនបទ និង​ថ្ងៃ​លិច​ដែល​ពោរពេញ​ទៅ​ដោយ​ពណ៌​ឆើតឆាយ។ ពួក​មនុស្ស​ដែល​ចេះ​ពិចារណា​បាន​គិត​ឃើញ​ថា គឺ​ត្រូវ​តែ​មាន​គោល​បំណង​ដ៏​ធំ​ណា​មួយ​ចំពោះ​របស់​ទាំងអស់​នេះ​ជា​មិន​ខាន។ ប៉ុន្តែ ជា​ញឹកញាប់​ពួកគេ​បាន​ងឿងឆ្ងល់​ពី​ចំណែក​ដែល​ពួកគេ​មាន​នៅ​ក្នុង​បំណង​នោះ។—ទំនុកដំកើង ៨:៣, ៤

២ តើ​សំនួរ​អ្វី​ខ្លះ​ដែល​មនុស្ស​យើង​បាន​សួរ?

២ នៅ​ពេល​ណា​មួយ​ក្នុង​ជីវិត មនុស្ស​ភាគ​ច្រើន​តែង​តែ​សួរ​ថា​៖ តើ​យើង​គ្រាន់​តែ​រស់​បាន​មួយ​រយៈ​ពេល​យ៉ាង​ខ្លី ប្រមូល​យក​អ្វី​ៗ​ដែល​យើង​អាច​យក​បាន​ក្នុង​ជីវិត ហើយ​បន្ទាប់​មក​ត្រូវ​ស្លាប់​ទៅ​វិញ​ឬ? តាម​ពិត​ទៅ តើ​ជីវិត​យើង​កំពុង​តែ​ឆ្ពោះ​ទៅ​ទីដៅ​ណា? ក្រៅ​ពី​វដ្ដៈ​ដ៏​ខ្លី ដែល​ជា​ដំណើរ​វិល​កើត​វិល​ស្លាប់​នោះ តើ​មាន​អ្វី​ច្រើន​ទៀត ដែល​យើង​អាច​ទទួល​បាន​ពី​ជីវិត​ទេ? (​យ៉ូប ១៤:១, ២​) អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​យល់​អំពី​រឿង​នេះ គឺ​ជា​ចម្លើយ​ចំពោះ​សំនួរ​៖ តើ​យើង​បាន​មាន​ជីវិត​មក​នៅ​ទីនេះ​តាម​របៀប​ណា?

តាម​របៀប​វិវត្តន៍​ឬ​តាម​សេចក្ដី​បង្កើត?

៣ តើ​អ្វី​ជា​សេចក្ដី​បង្រៀន​ខាង​ការ​វិវត្តន៍?

៣ នៅ​កន្លែង​ខ្លះ​គេ​បាន​បង្រៀន​ជា​ទួទៅ​ថា របស់​ដែល​មើល​ឃើញ​ទាំងអស់​បាន​កើត​មក​ដោយ​ខ្លួន​ឯង គឺ​កើត​មក​ដោយ​ចៃដន្យ ឬ​ក៏​ដោយ​ឥត​មាន​បំណង​ទេ។ គេ​បាន​និយាយ​ថា ក្នុង​រយៈ​ពេល​រាប់​លាន​ឆ្នាំ ជីវិត​បាន​វិវត្តន៍​ឬ​បាន​លូត​លាស់​មក​ពី​សណ្ឋាន​ជីវិត​ដ៏​ទាប រហូត​ដល់​ទីបំផុត ក៏​បាន​កើត​មាន​មនុស្ស​ឡើង។ នៅ​កន្លែង​ជា​ច្រើន​នៃ​ផែនដី ទ្រឹស្តី​នៃ​ការ​វិវត្តន៍​នេះ បាន​ត្រូវ​បង្រៀន​ជា​សេចក្ដី​ពិត។ ប៉ុន្តែ​តើ​នេះ​ជា​សេចក្ដី​ពិត​ទេ ដែល​ថា​យើង​បាន​កើត​មក​ពី​សត្វ​ដូច​សត្វ​ស្វា​ធំ​ៗ​ដែល​បាន​រស់​នៅ​រាប់​លាន​ឆ្នាំ​ពីមុន​នោះ? តើ​សកលលោក​ដ៏​ធំ​នេះ​បាន​កើត​ឡើង​ពី​ការ​ចៃដន្យ​ឬ?

៤ ហេតុ​អ្វី​ក៏​យើង​អាច​ជឿ​បាន​ថា​«​ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែនដី​»​?

៤ ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែនដី​»។ (​លោកុប្បត្តិ ១:១​) ហើយ​ភស្តុតាង​នានា​នៃ​​វិទ្យា​សាស្ត្រ​បាន​គាំទ្រ​ថា ផ្ទៃ​មេឃ​រួម​ជា​មួយ​នឹង​ផ្កាយ​រាប់​កោដិ និង​ផែនដី​យើង​មាន​ការ​ចាប់​ផ្ដើម​ពី​ដំបូង​មក។ ទាំងអស់​បាន​ត្រូវ​បង្កើត​មក។ ចលនា​របស់​ផ្កាយ​និង​ផ្កាយ​ដី​នានា​គឺ​ទៀងទាត់​ដល់​ម្ល៉េះ ដែល​សូម្បី​តែ​ជា​ច្រើន​ឆ្នាំ​ទុក​ជា​មុន ក៏​គេ​អាច​រក​ដឹង​នូវ​ទីកន្លែង​របស់​វា​ត្រូវ​ចំ​ៗ​ច្បាស់​ណាស់។ ផ្កាយ​និង​ផ្កាយ​ដី​ទាំង​ឡាយ​ធ្វើ​ដំណើរ​ក្នុង​លោក​ធាតុ​ដោយ​យោង​ទៅ​តាម​ច្បាប់​និង​គោលការណ៍​នៃ​គណិតសាស្ត្រ។ សាស្ដ្រាចារ្យ​ខាង​គណិតសាស្ត្រ​ម្នាក់ មក​ពី​មហា​វិទ្យាល័យ​ខេមប៊្រីជ្ដ លោក​ភូល ឌីរ៉ាក់ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ទស្សនាវដ្ដី​វិទ្យា​​សាស្ត្រ​អាមេរិកាំង​ថា​៖ ​«​គេ​ប្រហែល​ជា​អាច​ពណ៌នា​អំពី​ស្ថានការណ៍​នោះ ដោយ​និយាយ​ថា ព្រះ​ទ្រង់​ជា​អ្នក​គណិតសាស្ត្រ​ថ្នាក់​ដ៏​ខ្ពស់​បំផុត ហើយ​ទ្រង់​បាន​ប្រើ​គណិតសាស្ត្រ​ដ៏​ជឿនលឿន​បំផុត​ក្នុង​ការ​ស្ថាបនា​នូវ​សកលលោក​»។

៥ តើ​រូប​រាង​កាយ​របស់​យើង​បង្ហាញ​យ៉ាង​ណា​ថា យើង​ត្រូវ​បាន​បង្កើត​មក​មិន​មែន​ជា​ផលិតផល​របស់​ការ​វិវត្តន៍​នោះ?

៥ ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​ត្រូវ​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ គឺ​ទ្រង់​ដែល​បាន​បង្កើត​យើង​ខ្ញុំ យើង​ខ្ញុំ​ជា​របស់​ផង​ទ្រង់​»។ (​ទំនុកដំកើង ១០០:៣​) រូប​រាង​កាយ​របស់​មនុស្ស​លោក​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​រៀបចំ​ដ៏​អស្ចារ្យ​នេះ ដែល​អ្នក​សរសេរ​ព្រះ​គម្ពីរ​ម្នាក់​ត្រូវ​បាន​បណ្ដាល​ឲ្យ​ទូល​ទៅ​ព្រះ​ថា​៖ ​«​ទូលបង្គំ​នឹង​អរ​ព្រះ​គុណ​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូលបង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ . . . នោះ​គ្រោង​កាយ​របស់​ទូលបង្គំ​មិន​កំបាំង​នឹង​ទ្រង់​ទេ ព្រះ​នេត្រ​ទ្រង់​បាន​ឃើញ​ធាតុ​នៃ​ទូលបង្គំ . . . ទាំងអស់​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ទ្រង់​»។ (​ទំនុកដំកើង ១៣៩:១៤​-​១៦​) ទារក​លូត​លាស់​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​តាម​របៀប​ដ៏​អស្ចារ្យ​មួយ។ ទស្សនាវដ្ដី​ញូស្សវីក បាន​ចែង​ពី​រឿង​នេះ​ថា​៖ ​«​យ៉ាង​ច្បាស់​ហើយ នេះ​ជា​អព្ភូតហេតុ​មួយ​»។ ហើយ​បាន​បន្ថែម​ទៀត​ថា​៖ ​«​គ្មាន​បច្ចេកទេស​ណា​អាច​បង្ហាញ​ឲ្យ​ដឹង​យ៉ាង​ជាក់លាក់ ពី​ពេល​វេលា​សំខាន់​នៃ​ការ​ចាប់​កំណើត​បាន​ឡើយ។ គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​អាច​ប្រាប់​បាន​អំពី​ឥទ្ធិពល​ដ៏​អស្ចារ្យ​ដែល​ចាត់​ចែង​ឲ្យ​លូត​លាស់​នូវ​សរីរាង្គ និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជា​ច្រើន​របស់​ទារក​នោះ​ឡើយ​»។

៦ ហេតុ​អ្វី​បាន​ជា​សម​ហេតុ​ផល​ចំពោះ​យើង ក្នុង​ការ​ជឿ​ទៅ​លើ​ការ​បង្កើត​ជាជាង​ទៅ​លើ​ការ​វិវត្តន៍?

៦ សូម​គិត​អំពី​សកលលោក​ដ៏​ធំធេង​របស់​យើង ហើយ​រូប​រាង​កាយ​របស់​យើង​ដែរ ព្រម​ទាំង​ការ​ស្ថាបនា​និង​ការ​រៀបចំ​ដ៏​អស្ចារ្យ​នៃ​របស់​ទាំង​នោះ។ វិចារណញ្ញាណ​ដ៏​ត្រឹម​ត្រូវ​គួរ​តែ​ប្រាប់​យើង​ថា របស់​ទាំង​នេះ​មិន​មែន​បាន​វិវត្តន៍​មក ឬ​ក៏​បាន​មក​ដោយ​ខ្លួន​ឯង​ទេ។ របស់​ទាំង​នេះ​ត្រូវ​តែ​មាន​អ្នក​រៀបចំ​ម្នាក់​ជា​ចាំបាច់ ជា​អ្នក​បង្កើត។ សូម​ពិចារណា​អំពី​របស់​ផ្សេង​ៗ​ដែល​យើង​ឃើញ​នៅ​ជុំវិញ​យើង។ កាលណា​អ្នក​នៅ​ក្នុង​គេហដ្ឋាន​អ្នក សូម​សួរ​ខ្លួន​ឯង​ថា​៖ តើ​តុ​រៀន ចង្កៀង គ្រែ តុ ជញ្ជាំង ឬ​ក៏​ផ្ទះ​នេះ បាន​វិវត្តន៍​មក​ឬ? ឬ​ក៏​មាន​ជាង​ធ្វើ​ម្នាក់? ពិត​មែន​ហើយ មនុស្ស​ដែល​មាន​ប្រាជ្ញា​បាន​ធ្វើ​របស់​ទាំង​នេះ! អញ្ចឹង តើ​ឲ្យ​អាច​អះអាង​ថា សកលលោក​ដ៏​ស្មុគស្មាញ​របស់​យើង និង​ខ្លួន​យើង​ផ្ទាល់​មិន​ត្រូវ​ការ​អ្នក​បង្កើត​នោះ​យ៉ាង​ដូច​ម្ដេច​បាន? ហើយ​បើ​ព្រះ​បាន​ដាក់​យើង​នៅ​ទីនេះ ទ្រង់​ពិត​ជា​មាន​មូលហេតុ​ណា​មួយ​ចំពោះ​ការ​នេះ​ហើយ។

៧ (​ក​) តើ​ព្រះ​យេស៊ូវ​ទ្រង់​បាន​បង្ហាញ​យ៉ាង​ណា ថា​ទ្រង់​បាន​ជឿ​ទៅ​លើ​ការ​បង្កើត? (​ខ​) តើ​មាន​ភស្តុតាង​ណា​ទៀត ដែល​បញ្ជាក់​ថា​អ័ដាម​ប្រាកដ​ជា​បុគ្គល​ដ៏​ពិត​នោះ?

៧ ព្រះ​យេស៊ូវ​គ្រីស្ទ​ផ្ទាល់​បាន​មាន​បន្ទូល​អំពី​បុរស​និង​ស្ត្រី​ទី​មួយ​ថា​៖ ​«​ទ្រង់​បង្កើត​មនុស្ស​កាល​ពីដើម ថា​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទាំង​ប្រុស​ទាំង​ស្រី . . . រួច​ក៏​មាន​បន្ទូល​ថា ‹ដោយ​ហេតុ​នោះ​បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ›​»​ (​ម៉ាថាយ ១៩:៤, ៥​) នៅ​ទីនេះ​ព្រះ​យេស៊ូវ​បាន​ដកស្រង់​ចេញ​ពី​លោកុប្បត្តិ ១:២៧ និង ២:២៤ ដែល​ចែង​អំពី​ការ​បង្កើត​អ័ដាម​និង​នាង​អេវ៉ា។ ទ្រង់​បាន​បង្ហាញ​អំពី​ដំណើរ​រឿង​នៃ​ព្រះ​គម្ពីរ​នេះ ថា​ជា​សេចក្ដី​ពិត។ (​យ៉ូហាន ១៧:១៧​) ម្យ៉ាង​ទៀត ព្រះ​គម្ពីរ​បាន​ចែង​អំពី​លោក​អេណុក​ថា​ជា​«​ដំណ​ទី៧​ពី​លោក​អ័ដាម​មក​»។ (​យូដាស ១៤​) ប្រសិន​បើ​អ័ដាម​មិន​មែន​ជា​បុគ្គល​ពិត​ទេ​នោះ ព្រះ​គម្ពីរ​នឹង​មិន​បាន​សម្គាល់​គាត់​តាម​របៀប​ដ៏​ពិសេស​នេះ​ទេ។—លូកា ៣:៣៧, ៣៨

៨ តើ​ទស្សនៈ​ណា​អំពី​ដើម​កំណើត​របស់​មនុស្ស ដែល​ព្រះ​គម្ពីរ​មិន​បាន​បង្រៀន?

៨ មនុស្ស​ខ្លះ​និយាយ​ថា ព្រះ​ទ្រង់​បាន​ប្រើ​ដំណើរ​នៃ​ការ​វិវត្តន៍ ក្នុង​ការ​បង្កើត​មនុស្ស។ ពួកគេ​អះអាង​ថា ព្រះ​ទ្រង់​បាន​បណ្ដោយ​ឲ្យ​មនុស្ស​វិវត្តន៍ ហើយ​កាលណា​មនុស្ស​បាន​មក​ដល់​ថ្នាក់​ណា​មួយ ទ្រង់​បាន​ដាក់​ព្រលឹង​ទៅ​ក្នុង​ខ្លួន​គេ។ ប៉ុន្តែ​គ្មាន​កន្លែង​ណា​ក្នុង​ព្រះ​គម្ពីរ​បាន​បង្ហាញ​នូវ​គំនិត​នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​បាន​ចែង​ថា រុក្ខជាតិ​និង​សត្វ​ទាំង​ឡាយ​ត្រូវ​បាន​បង្កើត​«​តាម​ពូជ​»។ (​លោកុប្បត្តិ ១:១១, ២១, ២៤​) ហើយ​ហេតុ​ការណ៍​ទាំង​ប៉ុន្មាន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រភេទ​នៃ​រុក្ខជាតិ​ឬ​ក៏​សត្វ​ណា​មួយ ក្រោយ​មក មិន​បាន​ផ្លាស់ប្ដូរ​ទៅ​ជា​ប្រភេទ​ផ្សេង​ទៀត​ឡើយ។ ពត៌មាន​ថែម​ទៀត​ក្នុង​ការ​បង្ហាញ​ជា​ភស្តុតាង​ថា យើង​ទាំងអស់​គ្នា​មិន​មែន​ជា​ផលិតផល​នៃ​ការ​វិវត្តន៍​នោះ អាច​រកឃើញ​នៅ​ក្នុង​សៀវភៅ ​«​ជីវិត—បាន​កើត​មាន​ឡើង​តាម​របៀប​ណា? តាម​របៀប​វិវត្តន៍ ឬ​តាម​ការ​បង្កើត​»​? (​ជា​ភាសា​អង់គ្លេស​)

របៀប​ដែល​ព្រះ​បាន​បង្កើត​មនុស្ស​លោក

៩ (​ក​) តើ​ព្រះ​គម្ពីរ​ពណ៌នា​យ៉ាង​ណា​អំពី​ការ​បង្កើត​មនុស្ស? (​ខ​) តើ​មាន​អ្វី​កើត​ឡើង ពេល​ដែល​ព្រះ​បាន​ផ្លុំ​បញ្ចូល​«​ដង្ហើម​ជីវិត​»​ទៅ​ក្នុង​រន្ធច្រមុះ​របស់​មនុស្ស​នោះ?

៩ ព្រះ​បាន​បង្កើត​មនុស្ស​ពី​ធូលីដី ដើម្បី​ឲ្យ​រស់​នៅ​លើ​ផែនដី ដូច​ជា​ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​យក​ធូលីដី​មក​សូន​ធ្វើ​ជា​មនុស្ស ទ្រង់​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធច្រមុះ នោះ​ក៏​ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង​»។ (​លោកុប្បត្តិ ២:៧​) ពី​សេចក្ដី​នេះ យើង​អាច​ឃើញ​ថា មនុស្ស​ត្រូវ​បាន​បង្កើត​ផ្ទាល់​ដោយ​ព្រះ។ ដោយ​កិច្ច​បង្កើត​ដ៏​ពិសេស​មួយ ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​បាន​ជា​បុគ្គល​គ្រប់​ពេញ​តួ។ ពេល​ដែល​ព្រះ​បាន​ផ្លុំ​ទៅ​ក្នុង​រន្ធច្រមុះ​មនុស្ស​នូវ​«​ខ្យល់​ដង្ហើម​ជីវិត​»​ សួត​របស់​មនុស្ស​បាន​ពេញ​ទៅ​ដោយ​ខ្យល់។ ប៉ុន្តែ​ទ្រង់​បាន​សម្រេច​ច្រើន​ជាង​នេះ​ទៅ​ទៀត។ តាម​របៀប​នេះ ព្រះ​បាន​ប្រទាន​ជីវិត​ទៅ​រូបកាយ​មនុស្ស។ កម្លាំង​ជីវិត​នេះ​ត្រូវ​បាន​ទ្រទ្រង់ ឬ​ត្រូវ​បាន​ធ្វើ​ដំណើរ​បន្ត​ទៅ​មុខ ដោយសារ​ការ​ដកដង្ហើម។

១០ តើ​ព្រលឹង​របស់​មនុស្ស​ជា​អ្វី ហើយ​តើ​ត្រូវ​បាន​បង្កើត​មក​យ៉ាង​ណា​ដែរ?

១០ យ៉ាង​ណា​ក៏​ដោយ​សូម​កត់សម្គាល់​ថា ព្រះ​គម្ពីរ​មិន​បាន​ចែង​ថា ព្រះ​ទ្រង់​បាន​ប្រទាន​ព្រលឹង​មួយ​ទៅ​មនុស្ស​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​បាន​ចែង​ថា ក្រោយ​ពេល​ដែល​ព្រះ​បាន​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​ដកដង្ហើម មនុស្ស​«​នោះ​ក៏​ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង​»។ ដូច្នេះ​ហើយ​មនុស្ស​ជា​ព្រលឹង​មួយ ក៏​ដូច​ជា​មនុស្ស​ដែល​បាន​ទៅ​ជា​គ្រូពេទ្យ​ម្នាក់ ជា​គ្រូពេទ្យ​មួយ​ដែរ។ (​កូរិនថូសទី១ ១៥:៤៥​) ​«​ធូលីដី​»​ដែល​រូបកាយ​បាន​ត្រូវ​សូន​ពី​នោះ មិន​មែន​ជា​ព្រលឹង​ទេ។ ព្រះ​គម្ពីរ​ក៏​មិន​បាន​ចែង​ថា​«​ខ្យល់​ដង្ហើម​ជីវិត​»​ជា​ព្រលឹង​ដែរ។ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​បង្ហាញ​ថា ដោយ​ការ​ផ្សំ​នូវ​របស់​ទាំង​ពីរ​នេះ បាន​លទ្ធផល​ជា​មនុស្ស​‹ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង›។

១១ តើ​ភស្តុតាង​នៃ​ព្រះ​គម្ពីរ​អំពី​ព្រលឹង​មនុស្ស​មាន​អ្វី​ខ្លះ ដែល​បង្ហាញ​ថា​មិន​អាច​ជា​អ្វី​ដូច​ជា​ស្រមោល ដែល​អាច​រស់​នៅ​ខាង​ក្រៅ​បុគ្គល​នោះ?

១១ ដោយ​ព្រោះ​ព្រលឹង​មនុស្ស​ជា​មនុស្ស​ផ្ទាល់​នោះ ដូច្នេះ​មិន​អាច​ជា​អ្វី​ដូច​ជា​ស្រមោល ដែល​នៅ​ក្នុង​រាង​កាយ ឬ​ក៏​អាច​ចាក​ចេញ​ពី​រាង​កាយ​បាន​ឡើយ។ បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​គម្ពីរ​បង្រៀន​ថា ព្រលឹង​របស់​អ្នក​គឺ​ជា​ខ្លួន​អ្នក។ ឧទាហរណ៍ ព្រះ​គម្ពីរ​បាន​ចែង​អំពី​ព្រលឹង​ដែល​ចេះ​ស្រេក​ឃ្លាន ថា​៖ ​«​ព្រលឹង​គេ​ក៏​ហេវ​ទៅ ដោយ​ស្រេក​ឃ្លាន​»។ (​ទំនុកដំកើង ១០៧:៥​) រួច​ក៏​បាន​បង្ហាញ​ទៀត​អំពី​ព្រលឹង​ដែល​គេ​អាច​ចាក់​ទឹក​ទៅ​លើ​បាន ដោយ​ចែង​ថា​៖ ​«​ទឹក​បាន​ត្រជាក់​ដល់​ព្រលឹង​មនុស្ស​ល្វឹងល្វើយ​»។—សុភាសិត ២៥:២៥

មូលហេតុ​ដែល​ព្រះ​បាន​ដាក់​មនុស្ស​នៅ​ទីនេះ

១២ តើ​គោល​បំណង​របស់​ព្រះ​ចំពោះ​មនុស្ស​លោក​នៅ​លើ​ផែនដី ជា​អ្វី?

១២ មិន​មែន​ជា​គោល​បំណង​របស់​ព្រះ​ទេ ដែល​អ័ដាម​និង​នាង​អេវ៉ា​ត្រូវ​ស្លាប់​ក្រោយ​ពី​បាន​រស់​មួយ​រយៈ ហើយ​ទៅ​រស់​នៅ​ទីណា​ផ្សេង​ទៀត​នោះ។ ពួកគេ​ត្រូវ​បាន​បង្កើត​ឲ្យ​នៅ​ទីនេះ ដើម្បី​ថែទាំ​ផែនដី​និង​របស់​ដែល​មាន​ជីវិត​ទាំងអស់។ ដូច​ជា​ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​ទ្រង់​ប្រទាន​ពរ​ដល់​គេ ហើយ​មាន​បន្ទូល​ថា ‹ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី​ចុះ ត្រូវ​បង្ក្រាប​ផែនដី​ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស នឹង​ជីវិត​ផង​ទាំង​ឡាយ​ដែល​កំរើក​នៅ​ផែនដី​ផង›​»។ (​លោកុប្បត្តិ ១:២៨; ២:១៥​) អ័ដាម​និង​នាង​អេវ៉ា ព្រម​ទាំង​កូនចៅ​ទាំងអស់​ដែរ អាច​មាន​សុភមង្គល​នៅ​លើ​ផែនដី​ជា​និរន្តរ៍​បាន ហើយ​ធ្វើ​កិច្ចការ​ដែល​ព្រះ​មាន​ព្រះ​​ហឫទ័យ​ចង់​ឲ្យ​ពួកគេ​ធ្វើ​នោះ។

១៣ (​ក​) តើ​យើង​អាច​បាន​សុភមង្គល​យ៉ាង​ណា? (​ខ​) តើ​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​មាន​ន័យ​ដ៏​ពិត​ប្រាកដ​បាន?

១៣ សូម​កត់​ចំណាំ​ថា​«​ទ្រង់​ប្រទាន​ពរ​ដល់​គេ​»។ ទ្រង់​ពិត​ជា​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​នឹង​កូនចៅ​នៅ​លើ​ផែនដី​របស់​ទ្រង់​ណាស់។ ដូច្នេះ ជា​ព្រះវរបិតា​មួយ​អង្គ​ដែល​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ទ្រង់​បាន​ប្រទាន​សេចក្ដី​បង្គាប់​ជា​ច្រើន ដើម្បី​ជា​ប្រយោជន៍​ដល់​ពួកគេ។ ពួកគេ​មុខ​ជា​អាច​រក​សុភមង្គល​បាន បើ​គេ​ប្រតិបត្ដិ​តាម​សេចក្ដី​បង្គាប់​ទាំង​នោះ។ ព្រះ​យេស៊ូវ​ទ្រង់​បាន​ជ្រាប​នូវ​រឿង​នេះ ហើយ​ក្រោយ​មក​ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្ដាប់​ព្រះ​បន្ទូល ហើយ​កាន់​តាម​»​! (​លូកា ១១:២៨​) ព្រះ​យេស៊ូវ​បាន​កាន់​តាម​បន្ទូល​របស់​ព្រះ។ ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​ខ្ញុំ​ចេះ​តែ​ធ្វើ​ការ ដែល​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ជា​ដរាប​»។ (​យ៉ូហាន ៨:២៩​) នេះ​ជា​មូលដ្ឋាន​ដ៏​សំខាន់​បំផុត ចំពោះ​មូលហេតុ​ដែល​យើង​មាន​ជីវិត​រស់​នៅ។ គឺ​ឲ្យ​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​យ៉ាង​បរិបូណ៌ ដោយ​ប្រព្រឹត្ត​ឲ្យ​ស្រប​តាម​ព្រះ​ហឫទ័យ​ព្រះ។ ការ​នេះ​នឹង​ផ្ដល់​នូវ​ន័យ​ដ៏​ពិត​ប្រាកដ​ចំពោះ​ជីវិត​យើង​សព្វ​ថ្ងៃ​នេះ បើ​យើង​បម្រើ​ព្រះ​យេហូវ៉ា។ ហើយ​ដោយសារ​ការ​ប្រព្រឹត្ត​បែប​នេះ យើង​នឹង​ដាក់​ខ្លួន​យើង​ផ្ទាល់​ទៅ​ក្នុង​មាគ៌ា​ដើម្បី​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។—ទំនុកដំកើង ៣៧:១១, ២៩

មូលហេតុ​ដែល​យើង​ទៅ​ជា​ចាស់​ជរា​ហើយ​ស្លាប់

១៤ ដោយសារ​ការ​មិន​ស្ដាប់បង្គាប់​ច្បាប់​របស់​ព្រះ តើ​អ័ដាម​និង​អេវ៉ា​បាន​ធ្វើ​អ្វី?

១៤ ប៉ុន្តែ​ឥឡូវ​នេះ យើង​ទៅ​ជា​ចាស់​ជរា ហើយ​ស្លាប់។ តើ​មក​ពី​ហេតុ​អ្វី? ដូច​ជា​បាន​ជំរាប​នៅ​ក្នុង​ជំពូក​មុន​រួច​មក​ហើយ រឿង​ទាំង​នេះ​គឺ​ដោយសារ​តែ​ការ​បះបោរ​របស់​អ័ដាម​និង​អេវ៉ា។ ព្រះ​យេហូវ៉ា​ទ្រង់​បាន​ដាក់​ទៅ​លើ​ពួកគេ​នូវ​ការ​ល្បង​មើល​មួយ ដើម្បី​បង្ហាញ​ពី​ការ​ចាំបាច់​នូវ​ការ​គោរព​ស្ដាប់បង្គាប់​របស់​ពួកគេ​ចំពោះ​ព្រះ។ ទ្រង់​បាន​មាន​បន្ទូល​ទៅ​អ័ដាម​ថា​៖ ​«​ឯង​នឹង​ស៊ី​ផ្លែ​ឈើ​ទាំងអស់​ក្នុង​សួនច្បារ​នេះ​បាន​តាម​ចិត្ត តែ​ឯ​ត្រង់​ដើម​ដឹង​ខុសត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។ (​លោកុប្បត្តិ ២:១៦, ១៧​) ដោយសារ​ការ​បរិភោគ​ពីដើម​ឈើ​នេះ អ័ដាម​និង​អេវ៉ា​បាន​បែរខ្នង​ដាក់​ព្រះវរបិតា​សួគ៌ា​របស់​ពួកគេ ហើយ​បាន​បដិសេធ​ចោល​នូវ​ការ​ណែនាំ​របស់​ទ្រង់។ ពួកគេ​មិន​បាន​ស្ដាប់បង្គាប់​ព្រះ​ឡើយ ហើយ​បាន​ប្រព្រឹត្ត​ល្មើស​ដោយ​យក​អ្វី​ដែល​មិន​មែន​ជា​របស់​ផង​គេ។ ពួកគេ​អាច​បាន​រស់​នៅ​ដោយ​រីករាយ នៅ​ក្នុង​សួន​មនោរម្យ​មួយ​ជា​និរន្តរ៍ គ្មាន​ភាពក្រខ្សត់ ឬ​សេចក្ដី​វេទនា​ទេ ប៉ុន្តែ​ឥឡូវ​នេះ ពួកគេ​បាន​នាំ​ទណ្ឌកម្ម​នៃ​អំពើ​បាប​មក​លើ​ខ្លួន​គេ​ទៅ​វិញ។ ទណ្ឌកម្ម​នេះ​ជា​ភាព​មិន​ល្អ​ឥតខ្ចោះ និង​សេចក្ដី​ស្លាប់។—រ៉ូម ៦:២៣

១៥ តើ​យ៉ាង​ណា​ដែល​យើង​បាន​ទទួល​អំពើ​បាប​ពី​អ័ដាម?

១៥ តើ​អ្នក​ដឹង​ទេ យ៉ាង​ណា​ដែល​យើង​បាន​ទទួល​អំពើ​បាប​ពី​អ័ដាម​នោះ? ក្រោយ​ពេល​ដែល​អ័ដាម​បាន​ទៅ​ជា​មិន​ល្អ​ឥតខ្ចោះ​នោះ ភាព​មិន​ល្អ​ឥតខ្ចោះ​និង​សេចក្ដី​ស្លាប់​របស់​គាត់​ក៏​បាន​ឆ្លង​បន្ត​ទៅ​កូនចៅ​របស់​គាត់​ដែរ។ (​យ៉ូប ១៤:៤; រ៉ូម ៥:១២​) ដើម្បី​ជួយ​លោក​អ្នក​ឲ្យ​យល់​នូវ​ស្ថានការណ៍​នេះ សូម​គិត​មើល តើ​មាន​អ្វី​កើត​ឡើង​បើ​អ្នក​ធ្វើ​នំប៉័ង ដុត​នំ​នោះ​នៅ​ក្នុង​ចាន​ដែក​មួយ​ដែល​មាន​ស្នាម​ពៀច​នៅ​ក្នុង​នោះ។ គឺ​នឹង​ឃើញ​មាន​ស្នាម​នៅ​គ្រប់​នំប៉័ង​ទាំងអស់​ដែល​បាន​ធ្វើ​នៅ​ក្នុង​ចាន​ដែក​នោះ។ អ័ដាម​ក៏​ដូច​ជា​ចាន​ដែក​នោះ​ដែរ ហើយ​យើង​ទាំងអស់​គ្នា​ក៏​ដូច​ជា​នំប៉័ង។ គាត់​បាន​ទៅ​ជា​មិន​ល្អ​ឥតខ្ចោះ ពេល​ដែល​គាត់​បាន​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​របស់​ព្រះ។ ការ​នេះ​ហាក់​ដូច​ជា​គាត់​បាន​ទទួល​ស្នាម​ពៀច ឬ​ស្នាម​អាក្រក់​មួយ។ ដូច្នេះ ពេល​ដែល​គាត់​បាន​បង្កើត​កូនចៅ ពួក​កូនចៅ​របស់​គាត់​ទាំងអស់​ក៏​បាន​ទទួល​ស្នាម​នោះ ដែល​ជា​អំពើ​បាប​និង​ភាព​មិន​ល្អ​ឥតខ្ចោះ​ដែរ។

១៦, ១៧ តើ​អព្ភូតហេតុ​របស់​ព្រះ​យេស៊ូវ​មួយ​បាន​បង្ហាញ​យ៉ាង​ណា​ថា ជម្ងឺ​បាន​មក​លើ​គ្រួសារ​មនុស្ស​ដោយសារ​តែ​អំពើ​បាប​នោះ?

១៦ សព្វ​ថ្ងៃ​នេះ មនុស្ស​យើង​មាន​ជម្ងឺ​ហើយ​ក៏​ទៅ​ជា​ចាស់​ជរា គឺ​ពីព្រោះ​តែ​អំពើ​បាប​ដែល​យើង​ទាំងអស់​គ្នា​បាន​ទទួល​ពី​អ័ដាម​មក។ អព្ភូតហេតុ​មួយ​ដែល​ព្រះ​យេស៊ូវ​បាន​បង្កើត​ឲ្យ​មាន​ឡើង បង្ហាញ​នូវ​រឿង​នេះ។ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​កំពុង​បង្រៀន​នៅ​ក្នុង​ផ្ទះ​មួយ​ដែល​ទ្រង់​បាន​ស្នាក់​គង់​នៅ មនុស្ស​មួយ​ហ្វូង​ធំ​បាន​ជួបជុំ​គ្នា​នៅ​ទីនោះ រហូត​ដល់​គ្មាន​អ្នក​ណា​ផ្សេង​ទៀត​អាច​ប្រជ្រៀត​ចូល​ទៅ​ក្នុង​បន្ទប់​នោះ​បាន​ឡើយ។ គ្រា​នោះ មាន​មនុស្ស​ប្រុស​បួន​នាក់​បាន​សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ដែល​ទម្រេត​នៅ​លើ​គ្រែ​ស្នែង​មួយ ពួកគេ​បាន​ឃើញ​ថា​គេ​មិន​អាច​ចូល​ទៅ​ក្នុង​បាន​ឡើយ។ ដូច្នេះ​គេ​ក៏​ឡើង​ទៅ​លើ​ដំបូល ចោះប្រហោង​មួយ​នៅ​ទីនោះ ហើយ​ក៏​សម្រូត​គ្រែ​ស្នែង​ដោយ​មាន​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​នៅ​លើ​នោះ មក​ត្រង់​កន្លែង​ដែល​ព្រះ​យេស៊ូវ​គង់​នៅ។

១៧ ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ឃើញ​នូវ​សេចក្ដី​ជំនឿ​ដ៏​សម្បើម​របស់​ពួកគេ ទ្រង់​ក៏​បាន​មាន​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា​៖ ​«​បាប​របស់​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ​»។ ប៉ុន្តែ​មាន​មនុស្ស​ខ្លះ​ដែល​នៅ​ទីនោះ មិន​បាន​គិត​ថា​ព្រះ​យេស៊ូវ​អាច​អត់​ទោស​នូវ​បាប​បាន​ទេ។ ដូច្នេះ ព្រះ​យេស៊ូវ​ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​‹ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា នៅ​ផែនដី​នេះ កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​បាន›—(​នោះ​ទ្រង់​មាន​បន្ទូល​ទៅ​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ថា​)​៖ ‹អញ​ប្រាប់​ឲ្យ​ឯង​ក្រោក​ឡើង យក​គ្រែ​ឯង​ដើរ​ទៅ​ផ្ទះ​ទៅ›។ គាត់​ក៏​ក្រោក​ឡើង​ភ្លាម យក​គ្រែ​ចេញ​ទៅ​នៅ​មុខ​អ្នក​ទាំងអស់​គ្នា​»។—ម៉ាកុស ២:១​-​១២

១៨ តើ​អនាគត​ប្រភេទ​ណា ដែល​ពួក​អ្នក​បម្រើ​ព្រះ​អាច​សង្ឃឹម​នឹង​ទទួល​បាន?

១៨ សូម​គិត​ទៅ​មើល តើ​អានុភាព​របស់​ព្រះ​យេស៊ូវ​បែប​នេះ​នឹង​មាន​ន័យ​យ៉ាង​ណា​ទៅ​ហ្ន៎​ចំពោះ​យើង! នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​រាជាណាចក្រ ព្រះ​គ្រីស្ទ​នឹង​មាន​សមត្ថភាព​អត់​ទោស​បាប​របស់​មនុស្ស​ទាំងអស់​ដែល​ស្រឡាញ់​និង​បម្រើ​ព្រះ។ ការ​នេះ​មាន​ន័យ​ថា ការ​ចុកចាប់​និង​ការ​ឈឺចាប់ និង​ជម្ងឺ​ទាំងអស់​នឹង​លែង​មាន​ទៀត​ហើយ។ គ្មាន​អ្នក​ណា​ម្នាក់ នឹង​ទៅ​ជា​ចាស់​ជរា ហើយ​ស្លាប់​ឡើយ! តើ​នេះ​ជា​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​យ៉ាង​ណា​ទៅ ចំពោះ​អនាគត! មែន​ហើយ យើង​អាច​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​ជីវិត​ច្រើន​ណាស់ មិន​មែន​គ្រាន់​តែ​កើត​មក រស់​នៅ​បាន​មួយ​រយៈ​ពេល​ខ្លី ហើយ​បន្ទាប់​មក​ស្លាប់​ទៅ​វិញ​ទេ។ ដោយ​ការ​រៀន​បន្ត​ទៅ​ទៀត​អំពី​ព្រះ និង​ដោយសារ​ការ​បម្រើ​ទ្រង់ យើង​ពិត​ជា​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី​បាន។

[​រូបភាព​នៅ​ទំព័រ​៦៩​]

មនុស្ស​ជា​ច្រើន​ងឿងឆ្ងល់​អំពី​អត្ថន័យ​នៃ​ជីវិត

[​រូបភាព​នៅ​ទំព័រ​៧០​]

តើ​របស់​ទាំងអស់​នេះ​បាន​​វិវត្តន៍​ឬ​ក៏​បាន​ធ្វើ​មក?

[​រូបភាព​នៅ​ទំព័រ​៧៥​]

ដំណើរ​រឿង​ក្នុង​ព្រះ​គម្ពីរ​ដែល​ចែង​អំពី​ព្រះ​យេស៊ូវ​ប្រោស​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​ឲ្យ​ជា បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​លោក​កើត​ជម្ងឺ​ដោយសារ​តែ​អំពើ​បាប​របស់​អ័ដាម

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក