ជំពូកទី៨
ក្រោយពីស្លាប់ នឹងទៅជាអ្វី?
១ តើសំនួរអ្វីខ្លះ ដែលមនុស្សតែងតែសួរអំពីមនុស្សស្លាប់?
ប្រហែលជាអ្នកដឹងនូវអារម្មណ៍ដ៏សង្រេងសង្រៃ ដែលបានមកពីការបាត់បង់អ្នកដែលជាទីស្រឡាញ់ម្នាក់ទៅក្នុងសេចក្ដីស្លាប់។ តើអ្នកនឹងមានចិត្តក្រៀមក្រំហើយអស់សង្ឃឹមយ៉ាងណាទៅហ្ន៎! ជាការធម្មតាទេក្នុងការសួរថា៖ តើអ្វីនឹងកើតមានឡើងចំពោះមនុស្សម្នាក់ពេលដែលគាត់បានស្លាប់ទៅ? តើគាត់នៅរស់នៅកន្លែងណាមួយទៀតឬ? តើពួកអ្នកដែលនៅរស់នឹងមានលទ្ធភាពអាចជួបពួកអ្នកដែលបានស្លាប់ ជាថ្មីម្ដងទៀតនៅលើផែនដីនេះបានទេ?
២ តើមានអ្វីកើតឡើង ចំពោះបុរសទីមួយអ័ដាមពេលគាត់ស្លាប់?
២ ដើម្បីនឹងឆ្លើយនូវសំនួរបែបនេះបាន ជាជំនួយមួយចំពោះយើងក្នុងការដឹងពីអ្វីដែលកើតមានឡើង ចំពោះអ័ដាមនៅពេលដែលគាត់បានស្លាប់នោះ។ ពេលដែលគាត់បានធ្វើបាប ព្រះបានមានបន្ទូលប្រាប់គាត់ថា៖ «ឯង[នឹង]ត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ»។ (លោកុប្បត្តិ ៣:១៩) សូមគិតមើល តើនេះមានន័យយ៉ាងណា។ មុនពេលដែលព្រះបានបង្កើតគាត់ពីធូលីដី នោះគ្មានអ័ដាមទេ។ គាត់មិនមានជីវិតសោះ។ ដូច្នេះហើយ ក្រោយពេលគាត់បានស្លាប់ទៅ អ័ដាមក៏ត្រឡប់ទៅឯស្ថានភាពដដែល គឺភាពគ្មានជីវិតសោះ។
៣ (ក) តើអ្វីជាសេចក្ដីស្លាប់? (ខ) តើសាស្ដា ៩:៥, ១០ បានចែងយ៉ាងណាអំពីស្ថានភាពនៃមនុស្សស្លាប់?
៣ បើនិយាយឲ្យចំទៅ សេចក្ដីស្លាប់គឺផ្ទុយនឹងជីវិត។ ព្រះគម្ពីរបង្ហាញរឿងនេះនៅក្នុងសាស្ដា ៩:៥, ១០។ បទទាំងនេះបានចែងថា៖ «ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ពីព្រោះសេចក្ដីនឹកចាំពីគេបានសូន្យបាត់ហើយ។ ការអ្វីដែលដៃឯងអាចធ្វើបាន នោះចូរធ្វើដោយអស់ពីកំឡាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានដំរិះ ឬប្រាជ្ញាឡើយ»។
៤ (ក) តើសមត្ថភាពក្នុងការគិតរបស់មនុស្សម្នាក់ នឹងទៅជាយ៉ាងណាពេលដែលគាត់ស្លាប់? (ខ) ហេតុអ្វីក៏ប្រសាទទាំងអស់របស់មនុស្សឈប់មានសកម្មភាពនៅពេលស្លាប់?
៤ ការនេះមានន័យថា មនុស្សស្លាប់មិនអាចធ្វើអ្វីបានសោះឡើយ ក៏និងគ្មានអារម្មណ៍អ្វីដែរ។ ពួកគេលែងមានគំនិតទៀតហើយ ដូចព្រះគម្ពីរបានចែងថា៖ «កុំឲ្យទុកចិត្តនឹងអ្នកធំ ឬនឹងពូជពង្សនៃមនុស្សណាឡើយ គេនឹងជួយឯងមិនបានទេ គេផុតដង្ហើមទៅ ហើយត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ»។ (ទំនុកដំកើង ១៤៦:៣, ៤) នៅពេលស្លាប់ វិញ្ញាណរបស់មនុស្ស ឬកម្លាំងជីវិតរបស់គាត់ដែលត្រូវបានជួយទ្រទ្រង់ដោយការដកដង្ហើមនោះ‹បានផុតទៅ›។ គឺមិនមានជីវិតទៀតទេ។ ដូច្នេះសោតប្រសាទ ចក្ខុប្រសាទ កាយប្រសាទ ឃានប្រសាទ និងជិវ្ហាប្រសាទរបស់មនុស្ស ដែលពឹងពាក់ទៅលើសមត្ថភាពចេះគិតរបស់គាត់នោះ ត្រូវឈប់មានសកម្មភាពទាំងអស់។ យោងទៅតាមព្រះគម្ពីរ មនុស្សស្លាប់នឹងចូលទៅក្នុងភាពដែលឥតដឹងស្មារតីសោះ។
៥ (ក) តើព្រះគម្ពីរបង្ហាញយ៉ាងណាថា ស្ថានភាពមនុស្សស្លាប់និងសត្វស្លាប់គឺដូចគ្នានោះ? (ខ) តើអ្វីជា«ដង្ហើមជីវិត» ដែលធ្វើឲ្យមនុស្សនិងសត្វមានជីវិតនោះ?
៥ កាលណាពួកគេស្លាប់ ទាំងមនុស្ស ទាំងសត្វមានភាពដូចគ្នា គឺស្ថិតនៅក្នុងស្ថានភាពនៃការឥតដឹងស្មារតីសោះ។ សូមកត់សម្គាល់នូវរបៀបដែលព្រះគម្ពីរបញ្ជាក់ចំណុចនេះ៖ «ពួក១ស្លាប់យ៉ាងណា ពួក១ទៀតក៏ស្លាប់យ៉ាងនោះ អើ គេមានដង្ហើមជីវិត[ឬវិញ្ញាណ, ពថ]ដូចគ្នាទាំងអស់ ហើយមនុស្សមិនវិសេសជាងសត្វទេ ដ្បិតគ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ គ្រប់ទាំងអស់ទៅឯកន្លែងតែ១ប៉ុណ្ណោះ ទាំងអស់កើតមកពីធូលីដី ហើយត្រូវត្រឡប់ទៅឯធូលីដីវិញទៀត»។ (សាស្ដា ៣:១៩, ២០) «ដង្ហើមជីវិត»ដែលធ្វើឲ្យសត្វរស់ ក៏ដូចគ្នានឹងដង្ហើមជីវិតដែលធ្វើឲ្យមនុស្សរស់ដែរ។ កាលណា«ដង្ហើមជីវិត» ឬកម្លាំងជីវិតដ៏មើលមិនឃើញនេះផុតទៅ ទាំងមនុស្សទាំងសត្វក៏ត្រឡប់ទៅជាធូលីដីវិញ ដែលពួកគេបានកើតមកនោះ។
ព្រលឹងចេះស្លាប់
៦ តើព្រះគម្ពីរបង្ហាញយ៉ាងណា ថាសត្វជាព្រលឹងដែរនោះ?
៦ មនុស្សខ្លះបាននិយាយថា អ្វីដែលធ្វើឲ្យមនុស្សខុសពីសត្វតិរច្ឆាននោះគឺ មនុស្សមានព្រលឹង ឯសត្វតិរច្ឆានមិនមានទេ។ ប៉ុន្តែ នៅក្នុងសៀវភៅលោកុប្បត្តិ ១:២០, ៣០, ពថ បានចែងថា ព្រះបានបង្កើត«ព្រលឹងដែលរស់» ដើម្បីឲ្យរស់នៅក្នុងទឹក ហើយថាសត្វតិរច្ឆានគឺជា«ព្រលឹងដែលរស់»នោះឯង។ ក្នុងបទទាំងពីរនេះ ព្រះគម្ពីរខ្លះប្រើពាក្យ«មច្ឆជាតិ»និង«ជីវិត»ជាជាងពាក្យ«ព្រលឹង» ប៉ុន្តែកំណត់ចំណាំនៃព្រះគម្ពីរនោះបានយល់ស្របថា ពាក្យ«ព្រលឹង»ជាពាក្យដែលត្រូវបានប្រើក្នុងភាសាដើម។ បទគម្ពីរមួយដែលថាសត្វតិរច្ឆានជាព្រលឹងនោះ គឺនៅជនគណនា ៣១:២៨។ នោះបានចែងថា«ព្រលឹងមួយក្នុងប្រាំរយ ទាំងមនុស្ស ទាំងគោ ទាំងលាហើយនឹងចៀមផង»—ពថ
៧ តើព្រះគម្ពីរសម្ដែងយ៉ាងណាខ្លះ ដើម្បីបញ្ជាក់ថា ទាំងព្រលឹងសត្វនិងព្រលឹងមនុស្សត្រូវស្លាប់នោះ?
៧ ដោយព្រោះតែសត្វតិរច្ឆានជាព្រលឹងនោះ កាលណាពួកវាស្លាប់ ព្រលឹងរបស់វាក៏ស្លាប់ដែរ។ ដូចជាព្រះគម្ពីរបានចែងថា៖ «គ្រប់ទាំងព្រលឹងដែលរស់ក៏ស្លាប់អស់ មែនហើយ គឺរបស់ទាំងអស់ដែលនៅក្នុងសមុទ្រ»។ (វិវរណៈ ១៦:៣, ពថ) តើព្រលឹងរបស់មនុស្សយ៉ាងណាដែរ? ដូចជាយើងបានរៀននៅក្នុងជំពូកមុននេះរួចមកហើយ ព្រះទ្រង់មិនបានបង្កើតមនុស្សជាមួយនឹងព្រលឹងទេ។ មនុស្សគឺជាព្រលឹងមួយ។ ដូច្នេះហើយ ដូចជាយើងបានយល់មក កាលណាមនុស្សស្លាប់ ព្រលឹងរបស់គាត់ក៏ស្លាប់ដែរ។ ម្ដងហើយម្ដងទៀត ព្រះគម្ពីរបានសម្ដែងថា នេះជាការពិត។ ព្រះគម្ពីរមិនដែលសម្ដែងថា ព្រលឹងជាអមតៈ ឬមិនអាចស្លាប់នោះឡើយ។ ទំនុកដំកើង ២២:២៩, ពថ ចែងថា៖ «អស់អ្នកដែលចុះទៅក្នុងធូលីដី នឹងឱនក្រាបនៅចំពោះទ្រង់ ហើយគ្មានអ្នកណានឹងអាចរក្សាព្រលឹងខ្លួនឲ្យរស់បានឡើយ»។ អេសេគាល ១៨:៤ និងខ២០ពន្យល់ប្រាប់ថា៖ «ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់»។ ហើយប្រសិនបើអ្នកបើកទៅឯយ៉ូស្វេ ១០:២៨-៣៩, ពថ អ្នកនឹងឃើញមានប្រាំពីរកន្លែងដែលសម្ដែងថាព្រលឹងត្រូវស្លាប់ ឬត្រូវបំផ្លាញចោល។
៨ តើយ៉ាងដូចម្ដេចបានជាយើងដឹងថាព្រលឹងមនុស្ស ជាព្រះយេស៊ូវគ្រីស្ទ បានទទួលមរណភាព?
៨ នៅក្នុងទំនាយមួយអំពីព្រះយេស៊ូវគ្រីស្ទ ព្រះគម្ពីរបានចែងថា៖ «ទ្រង់បានច្រួចព្រលឹងចេញ រហូតដល់ស្លាប់ . . . ទ្រង់បានទទួលរងទោសនៃអំពើបាបរបស់មនុស្សជាច្រើន»។ (អេសាយ ៥៣:១២) ការបង្រៀនអំពីតម្លៃលោះបានបង្ហាញឲ្យឃើញថា ព្រលឹងមួយ(អ័ដាម)បានធ្វើបាប ហើយដើម្បីនឹងលោះមនុស្សលោកវិញ នោះត្រូវការបូជានូវព្រលឹងដ៏ស្មើគ្នាមួយ(មនុស្សម្នាក់)។ ព្រះគ្រីស្ទ ដោយការ‹ច្រួចព្រលឹងចេញរហូតដល់ស្លាប់› ទ្រង់បានផ្ដល់នូវតម្លៃលោះនោះ។ ព្រះយេស៊ូវ ដែលជាព្រលឹងមនុស្ស ទ្រង់បានទទួលមរណភាព។
៩ តើឃ្លា«វិញ្ញាណត្រឡប់ទៅឯព្រះ ដែលទ្រង់បានប្រទានមកនោះ» មានន័យយ៉ាងណា?
៩ ដូចជាយើងបានឃើញរួចហើយ «វិញ្ញាណ»ជាអ្វីមួយដែលខុសពីព្រលឹងរបស់យើង។ វិញ្ញាណជាកម្លាំងជីវិតរបស់យើង។ កម្លាំងជីវិតនេះ ជារបស់ដែលមាននៅក្នុងគ្រប់កោសិកានៃរាងកាយ ទាំងមនុស្សនិងសត្វតិរច្ឆានដែរ។ នេះអាចជួយទ្រទ្រង់ ឬធ្វើឲ្យនៅរស់បាន ដោយសារការដកដង្ហើម។ អញ្ចឹង តើមានន័យយ៉ាងណា កាលដែលព្រះគម្ពីរបានចែងថា នៅពេលស្លាប់«ធូលីត្រឡប់ជាដី . . . នឹងវិញ្ញាណត្រឡប់ទៅឯព្រះ ដែលទ្រង់បានប្រទានមកនោះ»? (សាស្ដា ១២:៧) នៅពេលស្លាប់ កម្លាំងជីវិតក៏ចេញពីកោសិកានៃរាងកាយទាំងអស់ ហើយរាងកាយក៏ចាប់ផ្ដើមពុករលួយ។ ប៉ុន្តែនេះមិនមែនមានន័យត្រង់ៗថា កម្លាំងជីវិតរបស់យើងនឹងចាកចេញពីផែនដី ហើយធ្វើដំណើរក្នុងលំហអាកាសទៅព្រះនោះទេ។ ផ្ទុយទៅវិញ វិញ្ញាណត្រឡប់ទៅឯព្រះវិញ ក្នុងន័យថា ឥឡូវនេះសេចក្ដីសង្ឃឹមរបស់យើងចំពោះជីវិតទៅអនាគត ស្ថិតនៅលើព្រះទាំងស្រុង។ មានតែឥទ្ធិឫទ្ធិរបស់ទ្រង់ប៉ុណ្ណោះទេ ដែលអាចធ្វើឲ្យវិញ្ញាណឬកម្លាំងជីវិតនោះ អាចបានត្រឡប់មកវិញ ដើម្បីឲ្យយើងរស់ឡើងវិញបាន។—ទំនុកដំកើង ១០៤:២៩, ៣០
លោកឡាសារ—បុរសម្នាក់ដែលបានស្លាប់រវាងបួនថ្ងៃ
១០ ថ្វីបើឡាសារបានស្លាប់ហើយ តើព្រះយេស៊ូវបានមានបន្ទូលយ៉ាងណាអំពីស្ថានភាពរបស់គាត់?
១០ អ្វីៗដែលបានកើតឡើងចំពោះលោកឡាសារ ដែលបានស្លាប់រវាងបួនថ្ងៃនោះ ជួយឲ្យយើងយល់ពីស្ថានភាពនៃមនុស្សស្លាប់បាន។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ដល់សិស្សទ្រង់ថា៖ «ឡាសារ ជាសំឡាញ់យើង គាត់បានដេកលក់ទៅហើយ ខ្ញុំទៅដើម្បីនឹងដាស់គាត់ឡើង»។ ប៉ុន្តែពួកសិស្សទ្រង់បានតបថា៖ «ព្រះអម្ចាស់អើយ បើគាត់ដេកលក់ នោះគាត់នឹងបានជាវិញ»។ ពេលនោះព្រះយេស៊ូវបានមានបន្ទូលទៅគេយ៉ាងច្បាស់ថា៖ «ឡាសារស្លាប់ហើយ»។ ហេតុអ្វីក៏ព្រះយេស៊ូវបានមានបន្ទូលថា ឡាសារបានដេកលក់ បើតាមពិតទៅគាត់ស្លាប់ហើយនោះ? សូមឲ្យយើងពិចារណាមើលទៅទៀត។
១១ តើព្រះយេស៊ូវទ្រង់បានធ្វើយ៉ាងណា ដល់ឡាសារដែលបានស្លាប់ទៅហើយនោះ?
១១ នៅពេលដែលព្រះយេស៊ូវបានយាងទៅជិតភូមិដែលលោកឡាសារបានរស់នៅ នាងម៉ាថាជាបងស្រីរបស់ឡាសារបានទៅជួបទ្រង់។ បន្ដិចក្រោយមក ព្រះយេស៊ូវ នាងម៉ាថា ជាមួយនឹងអ្នកដទៃទៀតបាននាំគ្នាដើរទៅឯផ្នូរ ដែលជាកន្លែងឡាសារបានត្រូវដាក់នោះ។ ឯផ្នូរនោះជារូងភ្នំមួយ ហើយមានគម្របថ្មមួយបិទសន្ធប់។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា៖ «ចូរយកថ្មចេញ»។ ដោយព្រោះឡាសារបានស្លាប់អស់រយៈពេលបួនថ្ងៃហើយនោះ នាងម៉ាថាបានប្រកែកថា៖ «ព្រះអម្ចាស់អើយ ខ្មោចនេះធុំក្លិនហើយ»។ ប៉ុន្តែ គេក៏បានយកថ្មចេញ ហើយព្រះយេស៊ូវក៏បានមានបន្ទូលហៅថា៖ «ឡាសារអើយ ចូរចេញមក»! ហើយគាត់ក៏បានចេញមក! គាត់បានចេញមកទាំងរស់ មានទាំងសំពត់ស្នបរុំជាប់ផង។ ព្រះយេស៊ូវក៏បានមានបន្ទូលថា៖ «ចូរស្រាយគាត់ឲ្យដើរទៅចុះ»។—យ៉ូហាន ១១:១១-៤៤
១២, ១៣ (ក) ហេតុអ្វីក៏យើងអាចដឹងជាពិតប្រាកដថា ឡាសារមិនដឹងស្មារតីសោះពេលដែលគាត់បានស្លាប់នោះ? (ខ) ហេតុអ្វីក៏ព្រះយេស៊ូវបានមានបន្ទូលថា ឡាសារគាត់គ្រាន់តែបានដេកលក់ប៉ុណ្ណោះ ពេលដែលគាត់ពិតជាបានស្លាប់ហើយនោះ?
១២ ឥឡូវនេះសូមអ្នកអញ្ជើញគិតអំពីរឿងនេះ៖ តើលោកឡាសារមានស្ថានភាពយ៉ាងណា ក្នុងរយៈពេលបួនថ្ងៃដែលគាត់បានស្លាប់នោះ? តើគាត់បាននៅលើស្ថានសួគ៌ឬ? ព្រោះអីគាត់ជាមនុស្សល្អម្នាក់។ ប៉ុន្តែឡាសារ គាត់មិនបាននិយាយអ្វីសោះអំពីការនៅលើស្ថានសួគ៌ ហើយប្រសិនជាគាត់បាននៅទីនោះមែន គាត់ពិតជានឹងនិយាយប្រាប់ជាមិនខាន។ ប្រាកដហើយ ឡាសារគាត់ពិតជាបានស្លាប់ ដូចព្រះយេស៊ូវបានមានបន្ទូលរួចហើយថាគាត់បានស្លាប់មែន។ ចុះហេតុអ្វីបានជានៅលើកទីមួយ ព្រះយេស៊ូវបានមានបន្ទូលប្រាប់សិស្សទ្រង់ថា ឡាសារគាត់គ្រាន់តែបានដេកលក់ប៉ុណ្ណោះ?
១៣ មែនហើយ ព្រះយេស៊ូវទ្រង់បានជ្រាបថា ឡាសារមិនដឹងស្មារតីទេ ដូចជាព្រះគម្ពីរបានចែងថា៖ «មនុស្សស្លាប់ឥតដឹងអ្វីឡើយ»។ (សាស្ដា ៩:៥) ប៉ុន្តែមនុស្សមានជីវិតរស់ អាចភ្ញាក់ពីការដេកលក់ស៊ប់បាន។ ដូច្នេះហើយ ព្រះយេស៊ូវបានបង្ហាញថា ដោយសារឥទ្ធិឫទ្ធិរបស់ព្រះដែលបានផ្ដល់ដល់ទ្រង់ ឡាសារជាមិត្តរបស់ទ្រង់ អាចភ្ញាក់ពីស្លាប់បាន។
១៤ តម្រិះវិជ្ជាអំពីឥទ្ធិឫទ្ធិរបស់ព្រះយេស៊ូវដែលអាចប្រោសមនុស្សស្លាប់ គួរតែជម្រុញយើងឲ្យធ្វើអ្វី?
១៤ ពេលណាមនុស្សម្នាក់កំពុងតែដេកលក់យ៉ាងស៊ប់ គាត់មិននឹកចាំអ្វីទាំងអស់។ គឺស្រដៀងនឹងមនុស្សស្លាប់ដែរ។ ពួកគេគ្មានអារម្មណ៍អ្វីទាំងអស់។ ពួកគេលែងមានជីវិតទៀតហើយ។ ប៉ុន្តែ នៅពេលកំណត់របស់ព្រះ មនុស្សស្លាប់ដែលព្រះទ្រង់បានដោះលោះមក នឹងត្រូវប្រោសឲ្យមានជីវិតឡើងវិញ។ (យ៉ូហាន ៥:២៨) យ៉ាងពិតប្រាកដហើយ តម្រិះវិជ្ជានេះគួរតែជម្រុញយើងឲ្យចង់ធ្វើយ៉ាងណាដើម្បីឲ្យបានសេចក្ដីអនុគ្រោះពីព្រះ។ បើយើងខំធ្វើ ទោះបីជាយើងត្រូវស្លាប់ក៏ដោយ ព្រះនឹងនៅចាំយើង ហើយនឹងប្រោសឲ្យមានជីវិតរស់ឡើងវិញជាមិនខាន។—ថែស្សាឡូនីចទី១ ៤:១៣, ១៤
[រូបភាពនៅទំព័រ៧៦]
អ័ដាម—បានបង្កើតមកពីធូលីដី . . . បានត្រឡប់ទៅជាធូលីដីវិញ
[រូបភាពនៅទំព័រ៧៨]
តើស្ថានភាពរបស់ឡាសារយ៉ាងណា មុនពេលដែលព្រះយេស៊ូវបានប្រោសគាត់ឲ្យរស់ឡើងវិញ?