ជំពូកទី៣៤
តើអ្វីនឹងកើតឡើងបើយើងស្លាប់?
កូនប្រហែលជាដឹងហើយថា មនុស្សនៅសព្វថ្ងៃនេះទៅជាចាស់ ឈឺ ហើយស្លាប់។ សូម្បីតែកូនក្មេងខ្លះក៏ស្លាប់ដែរ។ តើកូនគួរខ្លាចស្លាប់ ឬខ្លាចអ្នកណាម្នាក់ដែលបានស្លាប់ទេ?— បើយើងស្លាប់ តើអ្វីនឹងកើតឡើង? តើកូនដឹងទេ?—
នៅសព្វថ្ងៃនេះ មិនធ្លាប់មាននរណាស្លាប់ហើយរស់ឡើងវិញទេ ដូច្នេះគ្មានអ្នកណាអាចប្រាប់យើងអំពីអ្វីដែលកើតឡើងពេលស្លាប់នោះឡើយ។ ប៉ុន្តែ ពេលលោកយេស៊ូជាគ្រូដ៏ល្អប្រសើររស់នៅផែនដី ធ្លាប់មានបុរសម្នាក់បានស្លាប់ហើយរស់ឡើងវិញ។ ដូច្នេះ ដោយអានរឿងរបស់គាត់ យើងអាចដឹងអំពីអ្វីដែលកើតឡើង ពេលមនុស្សស្លាប់។ បុរសនោះជាមិត្តភក្ដិរបស់លោកយេស៊ូ គាត់រស់នៅក្រុងបេថានី ជាក្រុងតូចមួយជិតក្រុងយេរូសាឡិម។ គាត់ឈ្មោះឡាសា គាត់មានបងស្រីពីរនាក់ ឈ្មោះម៉ាថានិងម៉ារៀ។ សូមស្ដាប់អ្វីដែលគម្ពីរប្រាប់អំពីគាត់។
ថ្ងៃមួយ ឡាសាធ្លាក់ខ្លួនឈឺជាទម្ងន់។ នៅពេលនោះ លោកយេស៊ូនៅឆ្ងាយពីកន្លែងដែលឡាសារស់នៅ។ ដូច្នេះ ម៉ាថានិងម៉ារៀបានឲ្យអ្នកនាំដំណឹងម្នាក់ទៅប្រាប់លោកយេស៊ូថា ឡាសាប្អូនប្រុសរបស់ពួកគាត់កំពុងឈឺ។ ពួកគាត់បានឲ្យគេទៅប្រាប់ដំណឹងនោះ ដោយសារពួកគាត់ដឹងថាលោកយេស៊ូអាចធ្វើឲ្យប្អូនប្រុសរបស់ពួកគាត់ជាសះស្បើយបាន។ លោកយេស៊ូមិនមែនជាគ្រូពេទ្យទេ តែលោកមានឫទ្ធានុភាពពីព្រះ ដូច្នេះលោកអាចធ្វើឲ្យជំងឺគ្រប់បែបយ៉ាងជាសះស្បើយ។—ម៉ាថាយ ១៥:៣០, ៣១
ប៉ុន្តែ មុនលោកយេស៊ូទៅដល់ក្រុងដែលឡាសារស់នៅ ជំងឺរបស់ឡាសាកាន់តែធ្ងន់ទៅៗរហូតដល់ស្លាប់។ ទោះជាយ៉ាងនោះក៏ដោយ លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកថាឡាសាកំពុងដេកលក់ ហើយលោកនឹងទៅដាស់គាត់។ ពួកអ្នកកាន់តាមលោកមិនយល់ថាលោកយេស៊ូចង់មានន័យអ្វីទេ។ ដូច្នេះ លោកយេស៊ូនិយាយដោយត្រង់ថា៖ «ឡាសាបានស្លាប់ហើយ»។ តើនេះបង្ហាញយ៉ាងណាអំពីសេចក្ដីស្លាប់?— មែនហើយ សេចក្ដីស្លាប់ប្រៀបដូចជាការដេកលក់ស៊ប់។ នោះគឺជាការដេកលក់យ៉ាងស៊ប់ ដែលសូម្បីតែការយល់សប្ដិក៏គ្មានផង។
ក្រោយមក លោកយេស៊ូធ្វើដំណើរទៅជួបម៉ាថានិងម៉ារៀ។ មិត្តភក្ដិជាច្រើនរបស់ពួកគាត់បានទៅដល់មុនហើយ។ ពួកគេបានមកចូលរួមរំលែកទុក្ខស្ត្រីពីរនាក់នេះ ដោយសារប្អូនប្រុសរបស់ពួកគាត់បានស្លាប់។ ពេលម៉ាថាឮថាលោកយេស៊ូកំពុងមកជួបនាង នាងក៏ចេញទៅជួបលោក។ មិនយូរក្រោយមក ម៉ារៀក៏ចេញទៅជួបលោកយេស៊ូដែរ។ នាងក្រៀមក្រំចិត្តខ្លាំងណាស់ ហើយកំពុងយំផង នាងក៏បានលំឱនកាយជិតជើងលោក។ មិត្តភក្ដិផ្សេងទៀតដែលបានដើរតាមម៉ារៀក៏បានយំដែរ។
គ្រូដ៏ល្អប្រសើរសួរពួកគេអំពីកន្លែងដែលទុកសពឡាសា។ ពេលនោះ បណ្ដាជននាំលោកយេស៊ូទៅដល់រូងភ្នំដែលគេបញ្ចុះសពឡាសា។ ពេលលោកយេស៊ូឃើញមនុស្សទាំងអស់យំ លោកក៏យំដែរ។ លោកដឹងថាគឺឈឺចាប់ខ្លាំងណាស់ ពេលដែលមានមនុស្សជាទីស្រឡាញ់ស្លាប់។
នៅទីបញ្ចុះសពនោះមានថ្មមួយបិទមាត់រូង ដូច្នេះលោកយេស៊ូប្រាប់ថា៖ «ចូរយកថ្មនោះចេញ»។ តើពួកគេគួរយកចេញទេ?— ម៉ាថាគិតថាមិនគួរទេ។ នាងបាននិយាយថា៖ «លោកម្ចាស់ សពច្បាស់ជាធុំក្លិន ព្រោះបួនថ្ងៃបានកន្លងទៅហើយ»។
ប៉ុន្តែ លោកយេស៊ូនិយាយទៅនាងថា៖ «តើខ្ញុំមិនបានប្រាប់នាងថា ប្រសិនបើនាងជឿ នោះនាងនឹងឃើញសិរីរុងរឿងរបស់ព្រះទេឬ?»។ ការពិតលោកយេស៊ូចង់មានន័យថា ម៉ាថានឹងឃើញអ្វីមួយដែលនាំឲ្យព្រះទទួលការសរសើរតម្កើង។ តើលោកយេស៊ូនឹងធ្វើអ្វី? ពេលគេប្រមៀលថ្មនោះចេញ លោកយេស៊ូបានអធិដ្ឋានឮៗទៅព្រះយេហូវ៉ា។ រួចមក លោកយេស៊ូបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ឡាសា! ចូរចេញមក!»។ តើកូនគិតថាគាត់អាចចេញមកបានទេ?—
តើកូនអាចដាស់អ្នកណាម្នាក់ពីការដេកលក់បានទេ?— បាន បើកូនហៅគាត់ឮៗ គាត់នឹងភ្ញាក់។ ប៉ុន្តែ តើកូនអាចដាស់អ្នកណាម្នាក់ដែលដេកលក់ក្នុងសេចក្ដីស្លាប់បានទេ?— មិនបានទេ ទោះជាកូនហៅខ្លាំងយ៉ាងណាក្ដី អ្នកស្លាប់នោះមិនឮទេ។ មិនថាកូន ឬខ្ញុំ ឬក៏មនុស្សផ្សេងទៀត យើងទាំងអស់គ្នាមិនអាចដាស់មនុស្សស្លាប់ឲ្យភ្ញាក់បានឡើយ ទោះជាធ្វើតាមវិធីណាក៏ដោយ។
តើលោកយេស៊ូបានជួយឡាសាយ៉ាងដូចម្ដេច?
ប៉ុន្តែ លោកយេស៊ូគឺខុសពីយើង។ លោកមានឫទ្ធានុភាពពិសេសពីព្រះ។ ដូច្នេះ ពេលលោកយេស៊ូហៅឡាសា នោះធ្វើឲ្យការអស្ចារ្យមួយបានកើតឡើង។ ឡាសាដែលស្លាប់អស់បួនថ្ងៃហើយនោះបានចេញពីរូងភ្នំមក! គាត់បានត្រូវប្រោសឲ្យមានជីវិតឡើងវិញ! គាត់អាចដកដង្ហើម ដើរ និងនិយាយម្ដងទៀត! មែនហើយ លោកយេស៊ូបានប្រោសឡាសាឲ្យរស់ឡើងវិញ។—យ៉ូហាន ១១:១-៤៤
ឥឡូវសូមគិតអំពីនេះ ពេលឡាសាស្លាប់ តើមានអ្វីកើតឡើងចំពោះគាត់? តើមានព្រលឹងឬវិញ្ញាណបានចេញពីរូបកាយរបស់គាត់ទៅរស់នៅកន្លែងផ្សេងទៀតទេ? តើព្រលឹងឡាសាបានទៅស្ថានសួគ៌ឬទេ? តើគាត់បានរស់នៅទីនោះអស់បួនថ្ងៃជាមួយព្រះនិងទេវតាបរិសុទ្ធទេ?—
អត់ទេ គាត់មិនបាននៅទេ។ កូនប្រហែលជានៅចាំ លោកយេស៊ូបានប្រាប់ថាឡាសាកំពុងដេកលក់។ ពេលមនុស្សដេកលក់ តើពួកគេដឹងអ្វីទេ? ពេលកូនគេងលក់យ៉ាងស៊ប់ កូនមិនដឹងថាមានអ្វីកើតឡើងនៅជុំវិញកូនទេ មែនទេ?— ណាមួយទៀត ពេលកូនភ្ញាក់ឡើង កូនក៏មិនដឹងថាកូនបានគេងយូរប៉ុនណាដែរ ទាល់តែកូនមើលម៉ោងទើបដឹង។
មនុស្សស្លាប់ក៏ដូចជាមនុស្សដែលដេកលក់ដែរ ពីព្រោះពួកគេមិនដឹងអ្វីទាំងអស់ ហើយក៏មិនអាចធ្វើអ្វីបានឡើយ។ ពេលដែលឡាសាស្លាប់គាត់មានស្ថានភាពបែបនោះ។ សេចក្ដីស្លាប់គឺប្រៀបដូចការដេកលក់ស៊ប់ ព្រោះអ្នកដែលដេកលក់ស៊ប់មិនដឹងអ្វីទាំងអស់។ ហេតុនេះ គម្ពីរប្រាប់ថា៖ «មនុស្សស្លាប់ឥតដឹងអ្វីឡើយ»។—សាស្ដា ៩:៥, ១០
ពេលឡាសាស្លាប់ តើអ្វីបានកើតឡើងចំពោះគាត់?
សូមគិតអំពីនេះដែរ បើឡាសាបាននៅស្ថានសួគ៌អស់បួនថ្ងៃមែន គាត់ច្បាស់ជានិយាយខ្លះៗអំពីរឿងនោះ មែនទេ?— ម្យ៉ាងទៀត បើគាត់បាននៅស្ថានសួគ៌មែន តើលោកយេស៊ូនឹងបង្ខំឲ្យគាត់ចេញពីទីកន្លែងដ៏សែនអស្ចារ្យនោះមកផែនដីវិញទេ?— ពិតជាអត់ទេ!
ប៉ុន្តែ មនុស្សជាច្រើននិយាយថា យើងមានព្រលឹង ហើយពួកគេក៏និយាយដែរថា ព្រលឹងគឺនៅរស់ក្រោយពីរូបកាយស្លាប់។ ពួកគេនិយាយថាព្រលឹងឡាសារស់នៅកន្លែងណាមួយ។ ប៉ុន្តែ គម្ពីរមិនប្រាប់ដូច្នោះទេ។ គម្ពីរប្រាប់ថា ពេលព្រះបានបង្កើតបុរសទី១ឈ្មោះអាដាម គាត់ជា«ព្រលឹងរស់»។ អាដាមជាព្រលឹង។ គម្ពីរក៏ប្រាប់ដែរថា ពេលអាដាមធ្វើអំពើខុសឆ្គង គាត់បានស្លាប់។ គាត់បានក្លាយទៅជាព្រលឹងស្លាប់ ហើយគាត់ត្រឡប់ទៅជាធូលីដីវិញ ព្រោះព្រះបានបង្កើតគាត់ពីធូលីដី។ គម្ពីរក៏ប្រាប់ដែរថា កូនចៅទាំងអស់របស់អាដាមបានទទួលភាពខុសឆ្គងនិងសេចក្ដីស្លាប់ពីគាត់។—លោកុប្បត្តិ ២:៧; ៣:១៧-១៩; រ៉ូម ៥:១២
ដូច្នេះ យើងពិតជាមិនមានព្រលឹងដែលចេញពីរូបកាយយើងទេ។ យើងម្នាក់ៗជាព្រលឹង។ ណាមួយទៀត ដោយសារមនុស្សបានទទួលភាពខុសឆ្គងពីអាដាមជាបុរសទី១ គម្ពីរប្រាប់ថា៖ ‹ព្រលឹងដែលធ្វើអំពើខុសឆ្គងនឹងត្រូវស្លាប់›។—អេសេគាល ១៨:៤
ហេតុអ្វីយើងគ្មានហេតុខ្លាចមនុស្សស្លាប់?
អ្នកខ្លះខ្លាចមនុស្សស្លាប់។ ពួកគេមិនទាំងហ៊ានទៅជិតកន្លែងបញ្ចុះសពផង ព្រោះពួកគេគិតថាមនុស្សស្លាប់មានព្រលឹងចេញពីរូបកាយ ហើយអាចធ្វើបាបអ្នកដែលនៅរស់។ ប៉ុន្តែ តើមនុស្សស្លាប់អាចធ្វើបាបអ្នកណាម្នាក់ដែលនៅរស់បានទេ?— មនុស្សស្លាប់មិនអាចធ្វើបាបអ្នកណាឡើយ។
អ្នកខ្លះទៀតរហូតដល់ជឿថាមនុស្សស្លាប់អាចមកវិញជាវិញ្ញាណដើម្បីមកលេងអ្នកដែលនៅរស់។ ដូច្នេះ ពួកគេសែនម្ហូបឲ្យអ្នកស្លាប់នោះ។ ប៉ុន្តែ មនុស្សដែលធ្វើដូច្នោះពិតជាមិនជឿអ្វីដែលព្រះយេហូវ៉ាប្រាប់អំពីមនុស្សស្លាប់ទេ។ បើយើងជឿអ្វីដែលព្រះយេហូវ៉ាប្រាប់ យើងនឹងមិនខ្លាចមនុស្សស្លាប់ឡើយ។ ម្យ៉ាងទៀត បើយើងពិតជាអរគុណព្រះដោយសារលោកបានឲ្យជីវិតដល់យើង យើងនឹងបង្ហាញការដឹងគុណនេះដោយធ្វើអ្វីដែលព្រះពេញចិត្ត។
ប៉ុន្តែ កូនប្រហែលជាឆ្ងល់ថា ‹តើព្រះពិតជាចង់ប្រោសកូនក្មេងដែលបានស្លាប់ឲ្យរស់ឡើងវិញទេ? តើលោកនឹងធ្វើដូច្នោះទេ?›។ សូមយើងស្ដាប់អំពីរឿងនោះនៅជំពូកបន្ទាប់។
សូមអានថែមទៀតក្នុងគម្ពីរអំពីអ្វីកើតឡើងពេលមនុស្សស្លាប់ និងអំពីមនុស្សជាព្រលឹងនៅ ទំនុកតម្កើង ១១៥:១៧; ១៤៦:៣, ៤ និងអេសេគាល ១៨:២០។