ជំពូកទី៩
«ស្ថាននរក»—តើពិតជាមានមែនឬ?
១ តើសាសនានានាបានបង្រៀនយ៉ាងណាអំពីស្ថាននរក?
មនុស្សរាប់លាននាក់បានត្រូវបង្រៀនដោយសាសនារបស់ពួកគេថា មានកន្លែងធ្វើទារុណកម្មជាអនន្តមួយ ហៅថា«ស្ថាននរក»។ នេះជាកន្លែងដែលមនុស្សអាក្រក់ត្រូវទៅ។ យោងទៅតាមសព្វវចនាធិប្បាយប៊្រីធែណនីកា «សាសនាកាតូលិករ៉ូម៉ាំង បង្រៀនថា ស្ថាននរក . . . នឹងមាននៅជានិរន្តរ៍ ទុក្ខវេទនានៅទីនោះនឹងគ្មានទីបញ្ចប់ឡើយ»។ ចំពោះសេចក្ដីបង្រៀននៃពួកកាតូលិកនេះ សព្វវចនាធិប្បាយចែងបន្តទៅទៀតថា៖ «ក្រុមអភិរក្សប្រូតេស្តង់ជាច្រើនក៏នៅកាន់តាមជំនឿនេះដែរ»។ ពួកកាន់សាសនាហិណ្ឌូ ព្រះពុទ្ធសាសនា និងសាសនាមហាម៉ាត់ ក៏បង្រៀនថា ស្ថាននរកជាកន្លែងសំរាប់ធ្វើទារុណកម្មដែរ។ ម្ល៉ោះហើយ បានជាមនុស្សដែលបានត្រូវបង្រៀនជំនឿនេះ តែងតែនិយាយថា បើស្ថាននរកជាកន្លែងដ៏អាក្រក់ដូចនោះមែន គេមិនចង់ជជែកអំពីរឿងនេះទៀតទេ។
២ តើព្រះទ្រង់បានមានព្រះហឫទ័យយ៉ាងណាចំពោះការដុតកូនចៅទៅក្នុងភ្លើង?
២ រឿងនេះញ៉ាំងឲ្យសួរថា៖ តើព្រះដ៏មានគ្រប់ព្រះចេស្ដា ទ្រង់បានបង្កើត កន្លែងធ្វើទារុណកម្មបែបនេះឬ? អញ្ចឹង តើទស្សនៈរបស់ព្រះយ៉ាងណាដែរ ពេលដែលជនជាតិអ៊ីស្រាអែលបានធ្វើតាមគំរូរបស់ពួកមនុស្សដែលរស់នៅជិតនោះ ដែលបានដុតកូនចៅរបស់ខ្លួនទៅក្នុងភ្លើងនោះ? ទ្រង់បានពន្យល់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ថា៖ «គេក៏បានធ្វើទីខ្ពស់ទាំងប៉ុន្មាន នៅត្រង់តូផែត ដែលនៅក្នុងច្រកភ្នំនៃពួកកូនចៅហ៊ីនណំម ដើម្បីនឹងដុតកូនប្រុសកូនស្រីរបស់គេក្នុងភ្លើង ជាការដែលអញមិនបានបង្គាប់ឡើយ ក៏មិនដែលចូលក្នុងគំនិតអញដែរ»។—យេរេមា ៧:៣១
៣ ហេតុអ្វីក៏មិនសមហេតុសមផល និងមិនស្របតាមព្រះគម្ពីរក្នុងការគិតថា ព្រះទ្រង់នឹងធ្វើទារុណកម្មដល់មនុស្សលោក?
៣ សូមអញ្ជើញគិតអំពីរឿងនេះ។ ប្រសិនបើគំនិតនៃការដុតមនុស្សមិនបានស្ថិតនៅក្នុងព្រះហឫទ័យព្រះផង តើសមហេតុសមផលទេ ដែលថាព្រះទ្រង់បានបង្កើតស្ថានភ្លើងនរក សំរាប់ពួកណាដែលមិនបម្រើទ្រង់នោះ? ព្រះគម្ពីរបានចែងថា «ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) តើព្រះដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់ ពិតជាធ្វើទារុណកម្មដល់មនុស្សលោកជានិរន្តរ៍ឬ? តើអ្នកនឹងធ្វើយ៉ាងនេះទេ? ការស្គាល់ពីសេចក្ដីស្រឡាញ់របស់ព្រះគួរតែជម្រុញយើងឲ្យបែរទៅរកព្រះបន្ទូលរបស់ទ្រង់ ដើម្បីស្វែងរកចម្លើយថាតើ«ស្ថាននរក»ពិតជាកន្លែងសំរាប់ធ្វើទារុណកម្មជានិរន្តរ៍មែន ឬក៏យ៉ាងណា?
ហ្សីអូល និងហាដេស
៤ (ក) តើព្រះគម្ពីរបង្ហាញយ៉ាងណាថាពាក្យហ្សីអូល និងហាដេសមានន័យដូចគ្នានោះ? (ខ) តើហេតុការណ៍ណាដែលសម្ដែងមកថា ព្រះយេស៊ូវបានគង់នៅក្នុងហាដេសនោះ?
៤ ក្នុងការសំដៅចំពោះកន្លែងដែលមនុស្សត្រូវទៅនៅពេលស្លាប់នោះ ព្រះគម្ពីរប្រើពាក្យ«ហ្សីអូល»(Sheol) នៅក្នុងបទគម្ពីរភាសាហេព្រើរ និងពាក្យ«ហាដេស»(Hades) នៅក្នុងបទគម្ពីរភាសាក្រិក។ ពាក្យទាំងនេះដែលមានអត្ថន័យដូចគ្នា បានត្រូវបង្ហាញមកដោយពិនិត្យមើលបទគម្ពីរទំនុកដំកើង ១៦:១០និងកិច្ចការ ២:៣១ ដែលលោកអ្នកអាចឃើញនៅទំព័រខាងមុខនេះ។ សូមកត់សម្គាល់ថា នៅទំនុកដំកើង ១៦:១០ គេប្រើពាក្យហ្សីអូល ហើយកិច្ចការ ២:៣១ ប្រើពាក្យហាដេស។ មានអ្នកខ្លះបានអះអាងថា ហាដេសជាកន្លែងសំរាប់ធ្វើទារុណកម្មជាអនន្ត។ ប៉ុន្តែសូមកត់សម្គាល់ថា ព្រះយេស៊ូវបានគង់នៅក្នុងហាដេស។ តើយើងជឿថា ព្រះទ្រង់នឹងធ្វើទារុណកម្មព្រះគ្រីស្ទនៅក្នុងភ្លើង«ស្ថាននរក»មួយឬ? ប្រាកដជាមិនអញ្ចឹងទេ! កាលដែលទ្រង់បានទទួលមរណភាព ព្រះយេស៊ូវគ្រាន់តែបានគង់នៅក្នុងផ្នូររបស់ទ្រង់ប៉ុណ្ណោះ។
៥, ៦ អ្វីៗដែលបានចែងអំពីលោកយ៉ាកុបនិងកូនប្រុសរបស់គាត់យ៉ូសែប ហើយអំពីលោកយ៉ូប បញ្ជាក់យ៉ាងណាថាហ្សីអូលមិនមែនជាកន្លែងធ្វើទារុណកម្មនោះ?
៥ លោកុប្បត្តិ ៣៧:៣៥ បានចែងប្រាប់អំពីលោកយ៉ាកុប គាត់បានកាន់ទុក្ខនឹងកូនប្រុសជាទីស្រឡាញ់របស់គាត់យ៉ូសែប ដែលគាត់បានគិតថាត្រូវគេសម្លាប់នោះ។ ព្រះគម្ពីរបានចែងអំពីលោកយ៉ាកុបថា៖ «ពួកកូនប្រុសកូនស្រីទាំងអស់ក៏ខំជួយរំដោះទុក្ខគាត់ តែគាត់មិនព្រមទេ ដោយថា អញនឹងចុះទៅឯកូនអញនៅស្ថានឃុំព្រលឹងមនុស្សស្លាប់[ហ្សីអូល]»! ឥឡូវនេះ សូមឈប់មួយភ្លែត ហើយគិតសិន។ តើហ្សីអូល(ស្ថានឃុំព្រលឹងមនុស្សស្លាប់)ជាកន្លែងធ្វើទារុណកម្មឬ? តើយ៉ាកុបបានជឿថា យ៉ូសែបកូនប្រុសរបស់គាត់បានទៅកន្លែងបែបនោះ ដើម្បីនឹងនៅទីនោះជាអនន្តឬ ហើយតើគាត់ចង់ទៅជួបកូនគាត់នៅទីនោះឬ? ឬក៏ផ្ទុយទៅវិញ តើគាត់គ្រាន់តែបានគិតថា កូនសំឡាញ់របស់គាត់បានស្លាប់ និងនៅក្នុងផ្នូរ ហើយលោកយ៉ាកុបខ្លួនគាត់ផ្ទាល់ចង់ស្លាប់ដែរនោះ?
៦ មែនហើយ មនុស្សល្អនឹងទៅហ្សីអូល។ ឧទាហរណ៍ សូមពិចារណាអំពីលោកយ៉ូបជាអ្នកល្បីខាងសេចក្ដីស្មោះត្រង់និងចិត្តស្មោះគ្រប់ល័ក្ខណ៍ចំពោះព្រះ។ នៅពេលដែលលោកកំពុងរងទុក្ខវេទនាយ៉ាងខ្លាំងនោះ លោកបានសូមព្រះឲ្យជួយលោក។ សេចក្ដីអធិស្ឋានរបស់លោកបានចែងមកនៅយ៉ូប ១៤:១៣ ថា៖ «ឱបើទ្រង់នឹងលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់[ហ្សីអូល]ទៅអេះ . . . ហើយដំរូវឲ្យមានពេលកំណត់ដល់ទូលបង្គំ រួចនឹកចាំពីទូលបង្គំផង»! ឥឡូវសូមគិតមើល៖ ប្រសិនបើហ្សីអូលមានន័យថាជាកន្លែងភ្លើងឆេះ និងជាកន្លែងសំរាប់ធ្វើទារុណកម្មនោះ តើលោកយ៉ូបប្រាថ្នានឹងទៅ ហើយចំណាយពេលនៅទីនោះរហូតដល់ព្រះនឹកចាំដល់គាត់ឬ? យ៉ាងច្បាស់ណាស់ លោកយ៉ូប គាត់ចង់ស្លាប់ ហើយទៅក្នុងផ្នូរ ដែលសេចក្ដីវេទនារបស់គាត់អាចបញ្ចប់បាន។
៧ (ក) តើពួកអ្នកដែលនៅក្នុងហ្សីអូលមានស្ថានភាពយ៉ាងណា? (ខ) ដូច្នេះតើហ្សីអូល និងហាដេសជាអ្វី?
៧ នៅគ្រប់កន្លែងទាំងអស់ដែលពាក្យហ្សីអូលបានលេចឡើងនៅក្នុងព្រះគម្ពីរ នោះមិនដែលមានការទាក់ទងនឹងជីវិត សកម្មភាព ឬការធ្វើទារុណកម្មឡើយ។ ប៉ុន្តែជាប់ទាក់ទងទៅនឹងសេចក្ដីស្លាប់ ហើយគ្មានសកម្មភាពទៅវិញ។ ឧទាហរណ៍ សូមគិតអំពីសាស្ដា ៩:១០ ដែលសរសេរថា៖ «ការអ្វីដែលដៃឯងអាចធ្វើបាន នោះចូរធ្វើដោយអស់ពីកំឡាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់[ហ្សីអូល] ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានដំរិះ ឬប្រាជ្ញាឡើយ»។ ដូច្នេះហើយ ចម្លើយគឺច្បាស់ណាស់។ ហ្សីអូលនិងហាដេសមិនមែនសំដៅចំពោះកន្លែងមួយសំរាប់ធ្វើទារុណកម្មទេ ប៉ុន្តែជាផ្នូរទួទៅរបស់មនុស្សលោកទៅវិញ។ (ទំនុកដំកើង ១៣៩:៨) មនុស្សល្អក៏ដូចមនុស្សអាក្រក់ដែរ នឹងទៅហ្សីអូលឬក៏ហាដេស។
ការចេញពីស្ថានឃុំព្រលឹងមនុស្សស្លាប់
៨, ៩ ហេតុអ្វីក៏លោកយ៉ូណាសបានមានប្រសាសន៍ថា គាត់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ពេលដែលគាត់នៅក្នុងពោះត្រីនោះ?
៨ តើមនុស្សអាចចេញពីហ្សីអូល(ហាដេស)បានទេ? សូមពិចារណានូវករណីរបស់លោកយ៉ូណាស។ ពេលដែលព្រះបានឲ្យត្រីដ៏ធំមួយលេបលោកយ៉ូណាស ដើម្បីសង្គ្រោះលោកពីការលង់ទឹកស្លាប់នោះ លោកយ៉ូណាសបានអធិស្ឋានពីក្នុងពោះត្រីថា៖ «ទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះទុក្ខលំបាករបស់ទូលបង្គំ ទ្រង់ក៏បានឆ្លើយមកទូលបង្គំហើយ ទូលបង្គំបានអំពាវនាវ នៅក្នុងពោះនៃស្ថានឃុំព្រលឹងមនុស្សស្លាប់[ហ្សីអូល] ហើយទ្រង់បានឮសំឡេងរបស់ទូលបង្គំ»។—យ៉ូណាស ២:៣
៩ តើលោកយ៉ូណាសចង់និយាយយ៉ាងណា ដោយប្រើឃ្លា«នៅក្នុងពោះនៃស្ថានឃុំព្រលឹងមនុស្សស្លាប់»នោះ? មែនហើយ ពោះត្រីនោះពិតជាមិនមែនជាកន្លែងមួយសំរាប់ធ្វើទារុណកម្មដោយភ្លើងឡើយ។ ប៉ុន្តែ នេះអាចទៅជាផ្នូររបស់លោកយ៉ូណាសបាន។ តាមការពិត ព្រះយេស៊ូវគ្រីស្ទ ទ្រង់បានមានបន្ទូលចំពោះអង្គទ្រង់ថា៖ «ដ្បិតដែលលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់៣ថ្ងៃ៣យប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី៣ថ្ងៃ៣យប់យ៉ាងនោះដែរ»។—ម៉ាថាយ ១២:៤០
១០ (ក) តើមានភស្តុតាងអ្វីដែលបង្ហាញថា ពួកដែលនៅក្នុងស្ថាននរកអាចចេញមកវិញបាន? (ខ) តើមានភស្តុតាងណាទៀតដែលបង្ហាញថា«ស្ថាននរក»មានន័យជា«ផ្នូរ»នោះ?
១០ ព្រះយេស៊ូវបានទទួលមរណភាពនិងគង់នៅក្នុងផ្នូររបស់ទ្រង់ អស់រយៈពេលបីថ្ងៃ។ ប៉ុន្តែ ព្រះគម្ពីររាយការណ៍ថា៖ «ព្រលឹងទ្រង់មិនត្រូវទុកចោល នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់[ហាដេស]ទេ . . . ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ»។ (កិច្ចការ ២:៣១, ៣២) រឿងនេះក៏ស្រដៀងគ្នាដែរ ដោយការដឹកនាំពីព្រះ លោកយ៉ូណាសបានត្រូវធ្វើឲ្យមានជីវិតរស់ឡើងវិញពីហ្សីអូល ពីកន្លែងដែលអាចទៅជាផ្នូររបស់គាត់បាន។ ការនេះបានកើតឡើងនៅពេលដែលត្រី បានក្អែគាត់ទៅលើដីគោកវិញ។ មែនហើយ មនុស្សអាចចេញពីហ្សីអូលបាន! តាមការពិតទៅ សេចក្ដីសន្យាដ៏គួរឲ្យកក់ក្ដៅក្នុងចិត្តនោះ គឺនៅវិវរណៈ ២០:១៣ថា ‹សេចក្ដីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់(ហាដេស) ក៏ប្រគល់ពួកមនុស្សស្លាប់មកវិញដែរ›។ សេចក្ដីបង្រៀនរបស់ព្រះគម្ពីរស្តីអំពីស្ថានភាពនៃមនុស្សស្លាប់ គឺមានភាពខុសគ្នាឆ្ងាយណាស់ហ្ន៎ ពីសេចក្ដីបង្រៀនរបស់សាសនាជាច្រើនឯទៀត!
ហ្គេហេណា និងបឹងភ្លើង
១១ តើពាក្យក្រិកណាដែលលេចឡើងនៅក្នុងព្រះគម្ពីរចំនួន១២ដង ហើយត្រូវបានបកប្រែជា«នរក»នៅក្នុងសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ?
១១ ប៉ុន្តែប្រហែលជាមានអ្នកណាម្នាក់ជំទាស់ ដោយនិយាយថា៖ ‹ព្រះគម្ពីរនិយាយអំពីភ្លើងនរក និងបឹងភ្លើង។ តើនេះមិនបញ្ជាក់ថា មានកន្លែងមួយសំរាប់ធ្វើទារុណកម្មទេឬ›? ពិតមែន សេចក្ដីបកប្រែនៃព្រះគម្ពីរខ្លះ ដូចជាសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ សម្ដែងអំពី«ភ្លើងនរក» ហើយត្រូវ«បោះចោលទៅនរក នៅក្នុងភ្លើងដែលពន្លត់មិនបាន»។ (ម៉ាថាយ ៥:២២; ម៉ាកុស ៩:៤៥) រួមទាំងអស់ទៅ មាន១២វគ្គនៅក្នុងបទគម្ពីរភាសាក្រិក ដែលនៅទីនោះសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធប្រើពាក្យ«នរក» ដែលបកប្រែពីពាក្យក្រិកហ្គេហេណា(Gehenna)។ តើហ្គេហេណាពិតជាកន្លែងសំរាប់ធ្វើទារុណកម្មដោយភ្លើងមួយឬ បើហាដេសគ្រាន់តែមានន័យជាផ្នូរប៉ុណ្ណោះនោះ?
១២ តើហ្គេហេណាជាអ្វី ហើយអ្វីដែលបានធ្វើនៅទីនោះ?
១២ យ៉ាងច្បាស់ណាស់ ពាក្យហេព្រើរហ្សីអូល និងពាក្យក្រិកហាដេសមានន័យថាផ្នូរ។ បើអញ្ចឹងតើពាក្យហ្គេហេណាមានន័យយ៉ាងណាទៅ? នៅក្នុងបទគម្ពីរភាសាហេព្រើរហ្គេហេណាជា«ច្រកភ្នំហ៊ីនណំម»។ លោកអ្នកចាំទេ ហ៊ីនណំមជាឈ្មោះរបស់ជ្រលងជាប់នៅពីក្រៅជញ្ជាំងនៃទីក្រុងយេរូសាឡិម ដែលនៅទីនោះសាសន៍អ៊ីស្រាអែលបានបូជាកូនចៅរបស់ខ្លួនទៅក្នុងភ្លើង។ នៅពេលក្រោយមក ស្តេចល្អម្នាក់នាមយ៉ូសៀស បានបញ្ឈប់ឲ្យគេប្រើជ្រលងនេះចំពោះការប្រព្រឹត្តដ៏អាក្រក់ក្រៃលែងបែបនោះទៀត។ (ពង្សាវតារក្សត្រទី២ ២៣:១០) ជ្រលងនេះក៏បានធ្វើជាទីចាក់សម្រាមដ៏ធំមួយវិញ។
១៣ (ក) នៅក្នុងសម័យព្រះយេស៊ូវ តើហ្គេហេណាបានត្រូវប្រើសំរាប់ធ្វើអ្វី? (ខ) តើអ្វីដែលមិនដែលបានបោះទៅក្នុងទីនោះសោះ?
១៣ ដូច្នេះ នៅកំឡុងពេលដែលព្រះយេស៊ូវបានគង់នៅលើផែនដី ហ្គេហេណាជាកន្លែងចាក់សម្រាមនៃទីក្រុងយេរូសាឡិម។ គេបានបន្ថែមស្ពាន់ធ័រនៅទីនោះ ធ្វើឲ្យភ្លើងនៅឆេះជាបន្តទៅដើម្បីឲ្យឆេះអស់នូវសម្រាម។ វចនានុក្រមព្រះគម្ពីររបស់ស្មីត ក្បាលទី១ ពន្យល់ថា៖ «នេះបានទៅជាកន្លែងចាក់សម្រាមសាធារណៈសំរាប់ទីក្រុងនោះ ដែលនៅទីនោះសពរបស់ឧក្រិដ្ឋជន សាកខ្មោចសត្វចតុប្បាទ និងអ្វីៗដែលក្រខ្វក់ត្រូវបានបោះចោលទៅ»។ ប៉ុន្តែ គ្មានសត្តនិករមានជីវិតណាបានត្រូវបោះទៅទីនោះឡើយ។
១៤ តើមានភស្តុតាងអ្វីដែលបង្ហាញថា ហ្គេហេណាបានត្រូវប្រើជាតំណាងនៃការបំផ្លាញដ៏អស់កល្បជានិច្ច?
១៤ ដោយដឹងអំពីកន្លែងចាក់សម្រាមនៃទីក្រុងរបស់ពួកគេ អ្នកស្រុកយេរូសាឡិមបានយល់អំពីអ្វីដែលព្រះយេស៊ូវចង់មានព្រះបន្ទូល ពេលដែលទ្រង់បានមានបន្ទូលប្រាប់ទៅពួកអ្នកដឹកនាំសាសនាដ៏អាក្រក់នោះថា៖ «ឱសត្វពស់ ឱពូជពស់វែកអើយ ធ្វើដូចម្ដេចឲ្យអ្នករាល់គ្នារួចពីទោស នៅក្នុងនរក[ហ្គេហេណា]បាន»? (ម៉ាថាយ ២៣:៣៣) ព្រះយេស៊ូវទ្រង់ពិតជាមិនបានមានព្រះបន្ទូលថា ពួកអ្នកដឹកនាំសាសនាទាំងនោះនឹងត្រូវជាប់ទារុណកម្មឡើយ។ ពីព្រោះពេលដែលសាសន៍អ៊ីស្រាអែលបានបូជាកូនចៅរបស់គេទាំងរស់នៅក្នុងជ្រលងភ្នំនោះ ព្រះទ្រង់បានមានព្រះបន្ទូលថា ការប្រព្រឹត្តដ៏អាក្រក់ក្រៃលែងបែបនេះ មិនបានមាននៅក្នុងព្រះហឫទ័យទ្រង់សោះ! ដូច្នេះ ជាការច្បាស់ណាស់ដែលព្រះយេស៊ូវបានប្រើពាក្យហ្គេហេណា ដើម្បីជានិមិត្តរូបយ៉ាងសមមួយចំពោះការបំផ្លាញដ៏ពេញលេញនិងអស់កល្បជានិច្ច។ ទ្រង់បានមានព្រះបន្ទូលថា ពួកអ្នកដឹកនាំសាសនាដ៏អាក្រក់ទាំងនោះមិនសមនឹងទទួលដំណើររស់ឡើងវិញទេ។ អស់អ្នកណាដែលបានស្ដាប់ព្រះយេស៊ូវ អាចយល់បានថា ពួកទាំងនោះដែលទៅហ្គេហេណា ក៏ដូចសម្រាមយ៉ាងសន្ធឹកនោះដែរ គឺនឹងត្រូវបំផ្លាញជានិរន្តរ៍ទៅ។
១៥ តើ«បឹងភ្លើង»ជាអ្វី ហើយតើមានភស្តុតាងណាចំពោះរឿងនេះ?
១៥ អញ្ចឹង តើ«បឹងភ្លើង»ដែលបានសម្ដែងនៅក្នុងសៀវភៅវិវរណៈជាអ្វីទៅ? នេះក៏មានអត្ថន័យស្រដៀងនឹងពាក្យហ្គេហេណាដែរ។ នេះមិនមានន័យថា ការធ្វើទារុណកម្មដោយដឹងស្មារតីទេ ប៉ុន្តែជាសេចក្ដីស្លាប់ ឬក៏ជាការបំផ្លាញដ៏អស់កល្បជានិច្ចវិញ។ សូមកត់សម្គាល់អ្វីដែលព្រះគម្ពីរបានចែងមក នៅវិវរណៈ ២០:១៤ ថា៖ «ចំណែកសេចក្ដីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់[ហាដេស]នោះត្រូវបោះទៅក្នុងបឹងភ្លើងដែរ នេះជាសេចក្ដីស្លាប់ទី២»។ មែនហើយ បឹងភ្លើងមានន័យថា ជា«សេចក្ដីស្លាប់ទី២» ជាសេចក្ដីស្លាប់ដែលគ្មានដំណើររស់ឡើងវិញទាល់តែសោះ។ ជាការជាក់ស្តែងណាស់ ដែល«បឹង»នេះជានិមិត្តរូបមួយ ពីព្រោះសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់(ហាដេស)នឹងត្រូវបោះចូលទៅក្នុងនោះ។ សេចក្ដីស្លាប់និងស្ថានឃុំព្រលឹងមនុស្សស្លាប់ មិនអាចដុតឆេះមែនទែនបានទេ។ ប៉ុន្តែសេចក្ដីស្លាប់និងស្ថានឃុំមនុស្សស្លាប់ អាចនឹងធ្វើឲ្យលែងមានបាន ឬក៏កំចាត់ចោលឲ្យសាបសូន្យទៅ។
១៦ ចំពោះរឿងដែលអារក្សនឹងត្រូវរងទុក្ខវេទនាជានិរន្តរ៍នៅក្នុង«បឹងភ្លើង»នោះ មានន័យយ៉ាងណា?
១៦ ប្រហែលជាមានអ្នកណាម្នាក់លើករឿងនេះមកនិយាយថា ‹ប៉ុន្តែព្រះគម្ពីរបាននិយាយថា អារក្សនឹងត្រូវរងទុក្ខវេទនាជានិរន្តរ៍នៅក្នុងបឹងភ្លើង›។ (វិវរណៈ ២០:១០) តើនេះមានន័យយ៉ាងណា? នៅពេលដែលព្រះយេស៊ូវបានគង់នៅលើផែនដី ពេលនោះអ្នកយាមគុកត្រូវបានហៅជា«មេភូឃុំ»។ ដូចជាព្រះយេស៊ូវបានមានបន្ទូលអំពីមនុស្សម្នាក់នៅក្នុងឧទាហរណនិទស្សន៍របស់ទ្រង់មួយ ថា៖ «ចៅហ្វាយក៏មានសេចក្ដីក្រោធ ហើយបញ្ជូនវាទៅឯមេភូឃុំ ទាល់តែបានសងបំណុលនោះគ្រប់ចំនួន»។ (ម៉ាថាយ ១៨:៣៤) ដោយព្រោះតែពួកអ្នកដែលបោះទៅក្នុង«បឹងភ្លើង»នឹងទៅក្នុង«សេចក្ដីស្លាប់ទី២» ដែលគ្មានដំណើររស់ឡើងវិញនោះ ការនេះអាចនិយាយបានថា ពួកគេនឹងត្រូវឃុំជានិរន្តរ៍នៅក្នុងសេចក្ដីស្លាប់។ ពួកគេនឹងនៅក្នុងសេចក្ដីស្លាប់ ដូចជានៅក្នុងការឃុំឃាំងដ៏អនន្តរបស់អ្នកយាមគុកដែរ។ ពិតមែនហើយ មនុស្សអាក្រក់មិនបានត្រូវគេធ្វើទារុណកម្មមែនទែនទេ ពីព្រោះដូចជាយើងបានឃើញមក ពេលណាបុគ្គលម្នាក់បានស្លាប់ទៅនោះ គាត់នឹងគ្មានជីវិតទាល់តែសោះ។ គាត់មិនដឹងអ្វីទាល់តែសោះ។
បុរសអ្នកមាននិងលោកឡាសារ
១៧ តើយ៉ាងដូចម្ដេចបានជាយើងដឹងថា ព្រះបន្ទូលរបស់ព្រះយេស៊ូវអំពីបុរសអ្នកមាននិងលោកឡាសារ គឺជាឧទាហរណនិទស្សន៍?
១៧ បើអញ្ចឹង តើព្រះយេស៊ូវទ្រង់ចង់មានព្រះបន្ទូលយ៉ាងណា ពេលដែលទ្រង់បានមានបន្ទូលនៅក្នុងឧទាហរណនិទស្សន៍របស់ទ្រង់ដែលថា៖ «អ្នកក្រនោះក៏ស្លាប់ទៅ ហើយពួកទេវតានាំយកគាត់ ទៅដាក់ . . . នាដើមទ្រូងលោកអ័ប្រាហាំ ឯអ្នកមាននោះ ក៏ស្លាប់ដែរ ហើយគេនាំយកទៅកប់ គាត់រងទុក្ខវេទនា នៅស្ថានឃុំព្រលឹងមនុស្សស្លាប់[ហាដេស] ក៏ងើបភ្នែកឡើង ឃើញលោកអ័ប្រាហាំពីចំងាយ នឹងឡាសារនៅដើមទ្រូងលោក»? (លូកា ១៦:១៩-៣១) ដូចជាយើងបានឃើញមកហើយ ដោយហាដេសសំដៅចំពោះផ្នូររបស់មនុស្សលោក ហើយមិនមែនជាកន្លែងធ្វើទារុណកម្មមួយទេនោះ ដូច្នេះព្រះយេស៊ូវច្បាស់ជាបានមានបន្ទូលប្រាប់អំពីឧទាហរណនិទស្សន៍ ឬក៏រឿងប្រៀបធៀបមួយ។ ភស្តុតាងមួយទៀតដែលបញ្ជាក់ថា នេះមិនមែនជារឿងមែនទែននោះ តែជាឧទាហរណនិទស្សន៍មួយ សូមពិចារណានូវករណីនេះ៖ តើស្ថាននរកពិតជាមានចម្ងាយជិតម្ល៉េះពីស្ថានសួគ៌ដែលការសន្ទនាមែនទែនមួយអាចប្រព្រឹត្តបានឬ? ម្យ៉ាងវិញទៀត ប្រសិនបើបុរសអ្នកមានពិតជានៅក្នុងបឹងភ្លើងមែននោះ តើអ័ប្រាហាំ អាចបញ្ជូនឡាសារឲ្យទៅធ្វើឲ្យអណ្ដាតគាត់ត្រជាក់ ដោយសារតែទឹកមួយដំណក់ពីចុងម្រាមដៃគាត់ យ៉ាងណាបាន? បើអញ្ចឹង តើព្រះយេស៊ូវបានប្រៀបធៀបពីអ្វី?
១៨ តើឧទាហរណនិទស្សន៍នោះមានន័យយ៉ាងណា ចំពោះ(ក) បុរសអ្នកមាន? (ខ) លោកឡាសារ? (គ) សេចក្ដីស្លាប់របស់គេម្នាក់ៗ? (ឃ) ការធ្វើទារុណកម្មចំពោះបុរសអ្នកមាន?
១៨ បុរសអ្នកមាននៅក្នុងឧទាហរណនិទស្សន៍នេះ ជាតំណាងពួកអ្នកដឹកនាំសាសនាដែលលើកខ្លួនឯងជាសំខាន់ គឺជាពួកដែលបានបដិសេធមិនទទួលស្គាល់ព្រះយេស៊ូវ ហើយក្រោយមកក៏បានធ្វើគុតទ្រង់ទៀត។ លោកឡាសារជាតំណាងមនុស្សសាមញ្ញដែលទទួលស្គាល់ព្រះរាជបុត្រារបស់ព្រះ។ សេចក្ដីស្លាប់របស់បុរសអ្នកមាន និងលោកឡាសារបានតំណាងនូវការប្រែប្រួលមួយក្នុងស្ថានភាពរបស់ពួកគេ។ ការប្រែប្រួលនេះបានកើតឡើងនៅពេលដែលព្រះយេស៊ូវបានបំប៉នខាងវិញ្ញាណ ដល់ពួកមនុស្សដែលគេមិនអើពើដូចជាលោកឡាសារ ដើម្បីឲ្យពួកគេបានទទួលនូវសេចក្ដីពេញព្រះហឫទ័យពីអ័ប្រាហាំដ៏ធំគឺព្រះយេហូវ៉ា។ នៅពេលជាមួយគ្នានោះ អ្នកដឹកនាំសាសនាមិនពិត «បានស្លាប់»ក្នុងន័យថា គេពុំបានជាទីពេញព្រះហឫទ័យដល់ព្រះទេ។ ពួកគេត្រូវបានគេបោះបង់ចោលហើយត្រូវរងទុក្ខវេទនានូវទារុណកម្ម នៅពេលដែលពួកកាន់តាមព្រះយេស៊ូវបានលាតត្រដាងឲ្យឃើញនូវអំពើអាក្រក់របស់ពួកគេនោះ។ (កិច្ចការ ៧:៥១-៥៧) ដូច្នេះ ឧទាហរណនិទស្សន៍នេះមិនបានបង្រៀនថា មនុស្សស្លាប់ខ្លះនឹងត្រូវទទួលទារុណកម្មនៅក្នុងស្ថានភ្លើងនរកមែនទែនឡើយ។
សេចក្ដីបង្រៀនដែលបណ្ដាលដោយអារក្ស
១៩ (ក) តើពាក្យកំភូតអ្វី ដែលអារក្សបានផ្សព្វផ្សាយ? (ខ) ហេតុអ្វីក៏យើងអាច ដឹងយ៉ាងប្រាកដថា សេចក្ដីបង្រៀនអំពីអបាយភូមិជាការមិនពិត?
១៩ គឺជាអារក្សដែលបានប្រាប់នាងអេវ៉ាថា៖ «អ្នកមិនស្លាប់ជាពិតមែនទេ»។ (លោកុប្បត្តិ ៣:៤; វិវរណៈ ១២:៩) ប៉ុន្តែនាងត្រូវបានស្លាប់ គ្មានផ្នែកអ្វីមួយរបស់នាងបានរស់នៅបន្តទៅទៀតឡើយ។ ដែលថាព្រលឹងរស់នៅបន្តទៅទៀតក្រោយពីស្លាប់ នោះជាពាក្យកំភូតមួយដែលបានផ្ដើមដោយសារអារក្ស។ ហើយនេះក៏ជាពាក្យកំភូតដែរ ដែលអារក្សបានផ្សព្វផ្សាយថា ព្រលឹងរបស់ពួកអាក្រក់នឹងត្រូវទទួលទារុណកម្មនៅក្នុងស្ថាននរក ឬក៏អបាយភូមិមួយនោះ។ ដោយព្រះគម្ពីរបានបង្ហាញយ៉ាងច្បាស់ថា មនុស្សស្លាប់មិនដឹងអ្វីទាំងអស់នោះ សេចក្ដីបង្រៀនទាំងនេះមិនអាចជាការពិតបានទេ។ តាមការពិត សូម្បីតែពាក្យ«អបាយភូមិ»ឬគំនិតនៃអបាយភូមិក៏មិនបានរកឃើញនៅក្នុងព្រះគម្ពីរឡើយ។
២០ (ក) តើយើងបានរៀនអ្វីខ្លះពីជំពូកនេះ? (ខ) តើតម្រិះវិជ្ជានេះ មានលទ្ធផលយ៉ាងណាដែរទៅលើរូបអ្នក?
២០ យើងបានយល់ហើយថាហ្សីអូលឬហាដេសជាកន្លែងសម្រាកមួយ ក្នុងសេចក្ដីសង្ឃឹមសំរាប់មនុស្សស្លាប់។ ទាំងមនុស្សល្អនិងអាក្រក់ទៅទីនោះ ដើម្បីរង់ចាំដំណើររស់ឡើងវិញ។ យើងក៏បានរៀនទៀតថាហ្គេហេណាមិនមែនមានន័យថា ជាកន្លែងធ្វើទារុណកម្មទេ ប៉ុន្តែពាក្យនេះត្រូវបានប្រើនៅក្នុងព្រះគម្ពីរ ជាតំណាងនៃការបំផ្លាញដ៏អស់កល្បជានិច្ចវិញ។ «បឹងភ្លើង»ក៏ដូចគ្នាដែរ មិនមែនជាកន្លែងមែនទែនដែលមានភ្លើងឆេះនោះទេ ប៉ុន្តែជាតំណាង«សេចក្ដីស្លាប់ទី២»ដែលនៅទីនោះគ្មានសេចក្ដីរស់ឡើងវិញឡើយ។ កន្លែងនេះមិនអាចជាកន្លែងធ្វើទារុណកម្មមួយទេ ពីព្រោះគំនិតបែបនេះមិនបានស្ថិតនៅសតិឬក៏នៅក្នុងព្រះហឫទ័យរបស់ព្រះទាល់តែសោះ។ ម្យ៉ាងវិញទៀត ការធ្វើទារុណកម្មមនុស្សម្នាក់ជាអនន្ត ដោយព្រោះតែគេបានធ្វើខុសនៅលើផែនដីអស់ពីរបីឆ្នាំប៉ុណ្ណោះនោះជាការផ្ទុយនឹងយុត្ដិធម៌។ តើជាការល្អយ៉ាងណាទៅហ្ន៎ក្នុងការដឹងសេចក្ដីពិតអំពីមនុស្សស្លាប់! នេះពិតជាអាចរំដោះបុគ្គលណាមួយឲ្យរួចពីការភិតភ័យនិងជំនឿឆ្វេង។—យ៉ូហាន ៨:៣២
[ប្រអប់នៅទំព័រ៨៣]
ពាក្យភាសាហេព្រើរ«ហ្សីអូល» និងភាសាក្រិក«ហាដេស»មានន័យដូចគ្នា
សេចក្ដីបកប្រែព្រះគម្ពីរបមាណីយអាមេរិកាំង
10 For thou wilt not leave my soul
to Shēʹōl;
Neither wilt thou suffer thy
holy one to see corruption.
31 he foreseeing this spake of the resurrection of the Christ, that neither was he left unto Hāʹdēs, nor did his flesh see corruption.
[រូបភាពនៅទំព័រ៨៤, ៨៥]
ក្រោយពីគាត់ត្រូវបានត្រីមួយលេប ហេតុអ្វីក៏លោកយ៉ូណាសបានមានប្រសាសន៍ថា៖ «ទូលបង្គំបានអំពាវនាវ នៅក្នុងពោះនៃស្ថានឃុំព្រលឹងមនុស្សស្លាប់»?
[រូបភាពនៅទំព័រ៨៦]
ហ្គេហេណាជាជ្រលងមួយនៅខាងក្រៅទីក្រុងយេរូសាឡិម។ ពាក្យនេះបានប្រើជាតំណាងនៃសេចក្ដីស្លាប់ដ៏អស់កល្បជានិច្ច