ជំនឿមិនពិតទី២: មនុស្សអាក្រក់រងការឈឺចាប់នៅស្ថាននរក
តើអ្វីជាប្រភពដើមនៃជំនឿមិនពិតនោះ? «ក្នុងចំណោមពួកទស្សនវិទូជនជាតិក្រិចទាំងអស់ អ្នកដែលមានឥទ្ធិពលខ្លាំងជាងគេទៅលើជំនឿអំពីស្ថាននរក គឺប្លាតុង» (Histoire des enfers, by Georges Minois, page 50)។
«ចាប់ផ្ដើមឆ្នាំ១៥០ គ.ស. គ្រិស្តសាសនិកខ្លះដែលបានទទួលការអប់រំអំពីទស្សនវិជ្ជាក្រិច ចាប់ផ្ដើមយកគំនិតរបស់ពួកទស្សនវិទូមកធ្វើជាទីសំអាងដើម្បីពន្យល់ជំនឿគ្រិស្តសាសនា . . . ទស្សនវិជ្ជាដែលពួកគេពេញចិត្តជាងគេ គឺការបង្រៀនរបស់ប្លាតុង» (The New Encyclopædia Britannica (1988), Volume 25, page 890)។
«ការបង្រៀនរបស់សាសនាកាតូលិកបញ្ជាក់ថា ពិតជាមានស្ថាននរក ដែលនៅស្ថិតស្ថេរជារៀងរហូត។ ក្រោយមនុស្សដែលប្រព្រឹត្តខុសធ្ងន់ស្លាប់ទៅ ព្រលឹងវិញ្ញាណរបស់គេចុះទៅស្ថាននរកភ្លាម ហើយក៏ទទួលទោសដែលជាទារុណកម្ម ពោលគឺ‹ស្ថិតក្នុងភ្លើងជារៀងរហូត›។ ទោសធ្ងន់បំផុតដែលគេទទួលនៅស្ថាននរក គឺត្រូវដាក់ឲ្យនៅដាច់ឆ្ងាយពីព្រះជារៀងរហូត» (Catechism of the Catholic Church, 1994edition, page 270)។
តើគម្ពីរបង្រៀនយ៉ាងណា? «ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ . . . ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានដំរិះ ឬប្រាជ្ញាឡើយ»។—សាស្ដា ៩:៥, ១០
តើបទគម្ពីរនៅសាស្ដា ៩:៥, ១០នេះបញ្ជាក់អ្វីខ្លះអំពីស្ថានភាពមនុស្សស្លាប់? តើពួកគេរងការឈឺចាប់នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ដើម្បីទទួលទោសជាសំណងចំពោះអំពើខុសឆ្គងរបស់ពួកគេឬទេ? អត់ទេ។ ពីព្រោះ«មនុស្សស្លាប់ឥតដឹងអ្វីឡើយ»។ ហេតុនេះ ពេលដែលយ៉ូបបានរងទុក្ខយ៉ាងខ្លាំងដោយសារជំងឺធ្ងន់ នោះគាត់បានអង្វរព្រះថា៖ «[សូម]លាក់ទូលបង្គំនៅស្ថានឃុំព្រលឹងមនុស្សស្លាប់»។ (យ៉ូប ១៤:១៣) ប្រសិនបើស្ថានឃុំព្រលឹងមនុស្សស្លាប់ជាកន្លែងធ្វើទារុណកម្មជារៀងរហូត នោះពាក្យអង្វររបស់យ៉ូបគឺមិនសមហេតុផលទេ មែនទេ? ពាក្យស្ថានឃុំព្រលឹងមនុស្សស្លាប់ក្នុងគម្ពីរមានន័យថា ផ្នូរទូទៅរបស់មនុស្សជាតិ។ នៅទីនោះគ្មានសកម្មភាពអ្វីសោះ។
ការពន្យល់នេះពិតជាសមហេតុផលជាង ហើយក៏សមស្របនឹងបទគម្ពីរដែរ មែនទេ? បើព្រះជាសេចក្ដីស្រឡាញ់ តើលោកនឹងធ្វើទារុណកម្មមនុស្សជារៀងរហូត ដោយសារពួកគេបានធ្វើអំពើអាក្រក់ណាមួយឬ? (យ៉ូហានទី១ ៤:៨) បើជំនឿអំពីស្ថាននរកគឺមិនពិត តើជំនឿអំពីស្ថានសួគ៌យ៉ាងណាដែរ?
សូមអានបទគម្ពីរ: ទំនុកតម្កើង ១៤៦:៣, ៤; សកម្មភាព ២:២៥-២៧; រ៉ូម ៦:៧, ២៣
ការពិត:
ព្រះមិនដាក់ទោសមនុស្ស ឲ្យរងការឈឺចាប់នៅស្ថាននរកទេ
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៥]
Barrators—Giampolo/The Doré Illustrations For Dante’s Divine Comedy/Dover Publications Inc.