បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pe ជំ. ១៤ ទំ. ១២០-១២៦
  • តើពួកណាឡើងទៅស្ថានសួគ៌ ហើយហេតុអ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើពួកណាឡើងទៅស្ថានសួគ៌ ហើយហេតុអ្វី?
  • អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​មនុស្ស​ល្អ​ទាំងអស់​ឡើង​ទៅ​ស្ថានសួគ៌​ឬ?
  • មូលហេតុ​ដែល​ពួក​អ្នក​ស្មោះ​ត្រង់​ខ្លះ​ឡើង​ទៅ​ស្ថានសួគ៌
  • តើ​មាន​ប៉ុន្មាន​នាក់​ឡើង​ទៅ​ស្ថានសួគ៌?
  • ហេតុ​អ្វី​ក៏​ត្រូវ​ជ្រើសរើស​ពី​ផែនដី
  • ពួក​ជំនុំ​នៃ​ព្រះ
  • របស់​ថ្មី​នៅ​ក្នុង​គោល​បំណង​របស់​ព្រះ
  • តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើមនុស្សល្អទាំងអស់ទៅស្ថានសួគ៌ឬ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • តើអ្នកស្មោះត្រង់ទាំងអស់ដែលគោរពប្រណិប័តន៍ព្រះឡើងទៅស្ថានសួគ៌ឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
មើលបន្ថែមទៀត
អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
pe ជំ. ១៤ ទំ. ១២០-១២៦

ជំពូក​ទី១៤

តើ​ពួក​ណា​ឡើង​ទៅ​ស្ថានសួគ៌ ហើយ​ហេតុ​អ្វី?

១ តើ​មនុស្ស​ជា​ច្រើន​នឹង​ឆ្លើយ​យ៉ាង​ណា​ចំពោះ​សំនួរ តើ​ពួក​ណា​ឡើង​ទៅ​ស្ថានសួគ៌ ហើយ​ហេតុ​អ្វី?

មនុស្ស​ជា​ច្រើន​និយាយ​ថា ‹មនុស្ស​ល្អ​ទាំងអស់​ឡើង​ទៅ​ស្ថានសួគ៌›។ ប៉ុន្តែ ពេល​ដែល​បាន​សួរ​ថា​ហេតុ​អ្វី​បាន​ជា​ពួកគេ​ឡើង​ទៅ​ស្ថានសួគ៌ គេ​ប្រហែល​ជា​ឆ្លើយ​ថា​៖ ‹គឺ​ដើម្បី​ទៅ​នៅ​ជា​មួយ​នឹង​ព្រះ› ឬ​ក៏​‹គឺ​ជា​រង្វាន់​ចំពោះ​ការ​ប្រព្រឹត្ត​ល្អ›។ តើ​ព្រះ​គម្ពីរ​បាន​បង្រៀន​យ៉ាង​ណា​អំពី​រឿង​នេះ?

២, ៣ (​ក​) ហេតុ​អ្វី​ក៏​យើង​អាច​ជឿជាក់​ថា មាន​មនុស្ស​ខ្លះ​នឹង​ឡើង​ទៅ​ស្ថានសួគ៌​នោះ? (​ខ​) តើ​សំនួរ​អ្វី ដែល​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ចម្លើយ?

២ ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​ថា ព្រះ​យេស៊ូវ​ត្រូវ​បាន​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​មរណភាព​ឡើង​វិញ ហើយ​ថា​ទ្រង់​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌។ ព្រះ​គម្ពីរ​ក៏​បាន​ចែង​ទៀត​ថា មនុស្ស​លោក​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​យក​ទៅ​ទីនោះ​ដែរ។ នៅ​រាត្រី​មុន​នឹង​មរណភាព​របស់​ទ្រង់ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ទៅ​សាវក​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​ថា​៖ ​«​នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទីលំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ​»។—យ៉ូហាន ១៤:១​-​៣

៣ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សាវក​របស់​ទ្រង់​យ៉ាង​ច្បាស់​ថា ពួកគេ​នឹង​ត្រូវ​យក​ទៅ​ស្ថានសួគ៌ ទៅ​នៅ​ជា​មួយ​នឹង​ទ្រង់។ ជា​ញឹកញាប់ សាវក​ប៉ុល​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​គ្រីស្ទាន​ពីដើម អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នេះ។ ជា​ឧទាហរណ៍ លោក​បាន​សរសេរ​ថា​៖ ​«​ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថានសួគ៌​វិញ ក៏​នៅ​ចាំ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង​»។ (​ភីលីព ៣:២០, ២១; រ៉ូម ៦:៥; កូរិនថូសទី២ ៥:១, ២​) ដោយ​សំអាង​ទៅ​លើ​សេចក្ដី​សន្យា​យ៉ាង​នេះ មនុស្ស​រាប់​លាន​នាក់​បាន​តាំង​ចិត្ត​ចង់​បាន​ជីវិត​នៅ​ស្ថានសួគ៌។ ប៉ុន្តែ តើ​មនុស្ស​ល្អ​ទាំងអស់​ឡើង​ទៅ​ស្ថានសួគ៌​ឬ?

តើ​មនុស្ស​ល្អ​ទាំងអស់​ឡើង​ទៅ​ស្ថានសួគ៌​ឬ?

៤, ៥ តើ​មាន​ភស្តុតាង​អ្វី​ដែល​ថា​ដាវីឌ​និង​យ៉ូប​មិន​បាន​ទៅ​ស្ថានសួគ៌​នោះ?

៤ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​ពី​មរណភាព សាវក​ពេត្រុស​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​សាសន៍​យូដា​មួយ​ហ្វូង​ថា​៖ ​«​ហ្លួង​ដាវីឌ ជា​ឰយុកោ . . . បាន​ទាំង​សុគត ហើយ​គេ​បាន​បញ្ចុះ​សព​លោក​ដែរ ផ្នូរ​លោក​ក៏​នៅ​ជា​មួយ​នឹង​យើង​រាល់​គ្នា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ ដ្បិត​ហ្លួង​ដាវីឌ​មិន​បាន​ឡើង​ទៅ​ស្ថានសួគ៌​ទេ​»។ (​កិច្ចការ ២:២៩, ៣៤​) ដូច្នេះ ដាវីឌ​ជា​បុរស​ដ៏​ល្អ​ម្នាក់​ដែល​មិន​បាន​ឡើង​ទៅ​ស្ថានសួគ៌​ទេ។ តើ​យ៉ូប​ដែល​ជា​បុរស​សុចរិត​នោះ​យ៉ាង​ណា​ដែរ?

៥ នៅ​ពេល​កំពុង​រង​ទុក្ខវេទនា យ៉ូប​បាន​អធិស្ឋាន​ទៅ​ព្រះ​ថា​៖ ​«​ឱ​ទ្រង់​នឹង​លាក់​ទូលបង្គំ​នៅ​ក្នុង​ហ្សីអូល​[​ផ្នូរ​ខ្មោច​] នោះ​ទ្រង់​នឹង​ដាក់​ទូលបង្គំ​នៅ​ទី​សម្ងាត់ ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ទ្រង់​បាន​ស្ងប់​ស្ងៀម​ទៅ ហើយ​ទ្រង់​នឹង​សម្រេច​ពេល​កំណត់​សំរាប់​ទូលបង្គំ ហើយ​នឹក​ចាំ​ទូលបង្គំ​ដែរ!​»​ យ៉ូប​បាន​យល់​ថា ពេល​ដែល​លោក​ស្លាប់​ទៅ លោក​នឹង​ត្រូវ​បាត់​ស្មារតី​នៅ​ក្នុង​ផ្នូរ​ជា​មិន​ខាន។ លោក​បាន​ដឹង​ថា លោក​នឹង​មិន​ឡើង​ទៅ​​ស្ថានសួគ៌​ទេ។ ប៉ុន្តែ លោក​មាន​សេចក្ដី​សង្ឃឹម ដូច​ជា​លោក​បាន​ពន្យល់​ថា​៖ ​«​បើ​បុរស​សុពល​ស្លាប់​ទៅ តើ​គាត់​អាច​រស់​ឡើង​វិញ​ទៀត​ឬ? គ្រប់​ពេល​វេលា​ដែល​តម្រូវ​ឲ្យ​ទូលបង្គំ​បម្រើ​[​ពេល​កំណត់​នៅ​ក្នុង​ផ្នូរ​] នោះ​ទូលបង្គំ​នឹង​រង់ចាំ ដរាប​ដល់​ជំនួយ​របស់​ទូលបង្គំ​មក​ដល់។ ទ្រង់​នឹង​មាន​បន្ទូល​ហៅ ហើយ​ខ្លួន​ទូលបង្គំ​នឹង​តប​ឆ្លើយ​ទ្រង់​វិញ​»។—យ៉ូប ១៤:១៣​-​១៥, ពថ

៦, ៧ (​ក​) អ្វី​ដែល​បង្ហាញ​ថា គ្មាន​អ្នក​ណា​មួយ​ដែល​បាន​ស្លាប់​មុន​ព្រះ​យេស៊ូវ បាន​ឡើង​ទៅ​ស្ថានសួគ៌​ទេ​នោះ? (​ខ​) តើ​អ្វី​នឹង​កើត​មាន​ឡើង​ចំពោះ​ពួក​អ្នក​ស្មោះ​ត្រង់​ទាំងអស់ ដែល​បាន​ស្លាប់​មុន​ព្រះ​យេស៊ូវ?

៦ យ៉ូហាន ជា​អ្នក​ដែល​បាន​ជ្រមុជ​ទឹក​ព្រះ​យេស៊ូវ លោក​ក៏​ជា​បុរស​ដ៏​ល្អ​ម្នាក់​ដែរ។ ប៉ុន្តែ ព្រះ​យេស៊ូវ​ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌ នោះ​ធំ​ជាង​គាត់​ហើយ​»។ (​ម៉ាថាយ ១១:១១​) សេចក្ដី​នេះ​ត្រូវ​មែន ពីព្រោះ​យ៉ូហាន​-​បាទីស្ទ​មិន​បាន​ឡើង​ទៅ​ស្ថានសួគ៌​ទេ។ ពេល​ដែល​ព្រះ​​យេស៊ូវ​បាន​គង់​នៅ​លើ​ផែនដី ដែល​មាន​រយៈ​ពេល​ជាង​៤.០០០​ឆ្នាំ​ក្រោយ​ពី​ការ​បះបោរ​ប្រឆាំង​របស់​អ័ដាម​និង​អេវ៉ា​នោះ ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​គ្មាន​អ្នក​ណា​បាន​ឡើង​ទៅ​ស្ថានសួគ៌​ឡើយ មាន​តែ​ព្រះ​អង្គ ដែល​យាង​ចុះ​ពី​ស្ថានសួគ៌​មក​ប៉ុណ្ណោះ គឺ​ជា​កូន​មនុស្ស​»។—យ៉ូហាន ៣:១៣

៧ ដូច្នេះ​ហើយ តាម​ព្រះ​បន្ទូល​ផ្ទាល់​របស់​ព្រះ​យេស៊ូវ គឺ​គ្មាន​អ្នក​ណា​ម្នាក់​បាន​ឡើង​ទៅ​ស្ថានសួគ៌​ទេ ក្នុង​កំឡុង​ពេល​ទាំង​៤.០០០​ឆ្នាំ​ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្ស​មក​ដល់​សម័យ​ទ្រង់​នោះ។ ដាវីឌ យ៉ូប ហើយ​និង​យ៉ូហាន​-​បាទីស្ទ​នឹង​បាន​ទទួល​ជីវិត​រស់​ឡើង​វិញ​នៅ​លើ​ផែនដី។ តាម​ការ​ពិត បុរស​និង​ស្ត្រី​ដ៏​ស្មោះ​ត្រង់​ទាំងអស់​ដែល​បាន​ស្លាប់​មុន​ពេល​ព្រះ​យេស៊ូវ​បាន​ទទួល​មរណភាព មាន​សេចក្ដី​សង្ឃឹម​នឹង​រស់​នៅ​ម្ដង​ទៀត​នៅ​លើ​ផែនដី មិន​មែន​នៅ​ឯ​ស្ថានសួគ៌​ទេ។ ពួកគេ​នឹង​ប្រោស​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ ដើម្បី​នឹង​ទៅ​ជា​អនុរាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​លើ​ផែនដី។—ទំនុកដំកើង ៧២:៧, ៨; កិច្ចការ ១៧:៣១

មូលហេតុ​ដែល​ពួក​អ្នក​ស្មោះ​ត្រង់​ខ្លះ​ឡើង​ទៅ​ស្ថានសួគ៌

៨ ចម្លើយ​ចំពោះ​សំនួរ​ណា​ខ្លះ​ដែល​ជា​ការ​សំខាន់ ហើយ​ហេតុ​អ្វី?

៨ ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូវ​បាន​យាង​ទៅ​ស្ថានសួគ៌? តើ​កិច្ចការ​អ្វី​ដែល​ទ្រង់​ត្រូវ​តែ​ធ្វើ​នៅ​ទីនោះ? ចម្លើយ​ចំពោះ​សំនួរ​ទាំង​នេះ​ជា​ការ​សំខាន់​ណាស់។ ពីព្រោះ​ពួក​អ្នក​ដែល​ឡើង​ទៅ​ស្ថានសួគ៌​នឹង​ចូលរួម​ជា​មួយ​នឹង​ព្រះ​យេស៊ូវ​ក្នុង​កិច្ចការ​របស់​ទ្រង់​ដែរ។ ពួកគេ​ឡើង​ទៅ​ស្ថានសួគ៌​ដើម្បី​សម្រេច​គោល​បំណង​ដ៏​សំខាន់​នោះ​ឯង។

៩, ១០ យោង​ទៅ​តាម​ដានីយ៉ែល ក្រៅ​ពី​ព្រះ​យេស៊ូវ តើ​មាន​អ្នក​ណា​ទៀត​នឹង​សោយ​រាជ្យ​នៅ​ក្នុង​រដ្ឋាភិបាល​ព្រះ?

៩ យើង​បាន​រៀន​នៅ​ក្នុង​ជំពូក​កន្លង​ទៅ​នេះ​ថា ព្រះ​យេស៊ូវ​នឹង​គ្រប់​គ្រង​ទៅ​លើ​ផែនដី​ថ្មី​ដែល​ជា​សួន​មនោរម្យ ជា​ស្តេច​នៃ​រដ្ឋាភិបាល​សួគ៌ា​របស់​ព្រះ។ ជា​យូរ​យារ​កន្លង​មក​មុន​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​ផែនដី ព្រះ​គម្ពីរ​ដានីយ៉ែល​បាន​ទាយ​ជា​មុន​ថា ​«​កូន​មនុស្ស​»​នឹង​ត្រូវ​«​បាន​ប្រទាន​ឲ្យ . . . មាន​អំណាច​គ្រប់​គ្រង​»។ ​«​កូន​មនុស្ស​»​នោះ​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ។ (​ម៉ាកុស ១៤:៤១, ៦២​) ហើយ​ដានីយ៉ែល​បាន​មាន​ប្រសាសន៍​បន្ត​ទៅ​ទៀត​ថា​៖ ​«​ឯ​អំណាច​គ្រប់​គ្រង​របស់​ទ្រង់ នោះ​ក៏​ស្ថិត​ស្ថេរ​នៅ​​អស់កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ទ្រង់​នឹង​បំផ្លាញ​មិន​បាន​ផង​»។—ដានីយ៉ែល ៧:១៣, ១៤

១០ យ៉ាង​ណា​ក៏​ដោយ ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​កត់សំគាល់​នៅ​ទីនេះ ក្នុង​សៀវភៅ​ដានីយ៉ែល​ដែល​ថា ​«​កូន​មនុស្ស​»​នឹង​មិន​គ្រប់​គ្រង​តែ​ម្នាក់​ឯង​ទេ។ ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​នោះ​រាជ្យ នឹង​អំណាច​គ្រប់​គ្រង . . . នឹង​បាន​ប្រគល់ ដល់​បណ្ដាជន ជា​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត រាជ្យ​របស់​ទ្រង់​[​ពួក​ទ្រង់​«​ពថ​»​]​ស្ថិត​ស្ថេរ​នៅ​អស់កល្ប​ជានិច្ច​»។ (​ដានីយ៉ែល ៧:២៧​) ឃ្លា​ដូច​ជា​«​បណ្ដាជន​»​និង​«​រាជ្យ​របស់​ទ្រង់​[​ពួក​ទ្រង់, ពថ​]​»​នេះ បាន​បញ្ជាក់​ឲ្យ​យើង​ដឹង​ថា អ្នក​ដទៃ​ទៀត​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​ដែរ នៅ​ក្នុង​រដ្ឋាភិបាល​របស់​ព្រះ។

១១ តើ​អ្វី​ដែល​បង្ហាញ​ថា អ្នក​កាន់​តាម​ព្រះ​យេស៊ូវ​ពីដើម​នឹង​សោយ​រាជ្យ​ជា​មួយ​នឹង​ទ្រង់?

១១ នៅ​រាត្រី​ចុង​ក្រោយ​បង្អស់​ដែល​ព្រះ​យេស៊ូវ​បាន​គង់​នៅ​ជា​មួយ​ពួក​សាវក​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​ទាំង​១១​នាក់​នោះ ទ្រង់​បាន​បង្ហាញ​ថា​ពួកគេ​នឹង​បាន​ទៅ​ជា​អ្នក​គ្រប់​គ្រង​ជា​មួយ​នឹង​ទ្រង់ នៅ​ក្នុង​រាជាណាចក្រ​របស់​ព្រះ។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួកគេ​ថា​៖ ​«​ឯ​អ្នក​រាល់​គ្នា គឺ​ជា​ពួក​ដែល​បាន​កាន់​ខ្ជាប់​ជា​មួយ​នឹង​ខ្ញុំ ក្នុង​អស់​ទាំង​សេចក្ដី​ល្បងល​ខ្ញុំ ខ្ញុំ​ក៏​ដំរូវ​នគរ​១​ឲ្យ​អ្នក​រាល់​គ្នា ដូច​ជា​ព្រះវរបិតា​នៃ​ខ្ញុំ​បាន​ដំរូវ​នគរ​ឲ្យ​ខ្ញុំ​ដែរ​»។ (​លូកា ២២:២៨, ២៩​) ក្រោយ​មក​សាវក​ប៉ុល​និង​ធីម៉ូថេ ក៏​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កិច្ចសន្យា​នេះ ឬ​ក៏​កិច្ច​ព្រម​ព្រៀង ចំពោះ​ព្រះ​រាជាណាចក្រ​នេះ​ដែរ។ ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​ប៉ុល​បាន​សរសេរ​ទៅ​ធីម៉ូថេ​ថា​៖ ​«​បើ​យើង​ទ្រាំទ្រ នោះ​យើង​នឹង​សោយ​រាជ្យ​ជា​មួយ​នឹង​ទ្រង់​»។ (​ធីម៉ូថេ​ទី​២ ២:១២​) សាវក​យ៉ូហាន​ក៏​បាន​សរសេរ​ដែរ ពី​ពួក​អ្នក​ដែល​នឹង​«​សោយ​រាជ្យ​លើ​ផែនដី​»​ជា​មួយ​នឹង​ព្រះ​​យេស៊ូវ​គ្រីស្ទ។—វិវរណៈ ៥:៩, ១០; ២០:៦

១២ តើ​ហេតុ​ការណ៍​ណា​អំពី​«​ពូជ​»​របស់​អ័ប្រាហាំ ដែល​បញ្ចេញ​ឲ្យ​ដឹង​ថា ព្រះ​យេស៊ូវ​នឹង​មាន​ពួក​អ្នក​គ្រប់​គ្រង​ចូលរួម​ជា​មួយ​ទ្រង់?

១២ ដូច្នេះ ពួក​អ្នក​ដែល​ឡើង​ទៅ​ស្ថានសួគ៌ ទៅ​ទីនោះ ដើម្បី​បម្រើ​ជា​អ្នក​គ្រប់​គ្រង​ជា​មួយ​ព្រះ​គ្រីស្ទ​នៅ​ក្នុង​រដ្ឋាភិបាល​សួគ៌ា​របស់​ព្រះ។ ថ្វី​បើ​ព្រះ​យេស៊ូវ​ជា​«​ពូជ​»​សន្យា​ដ៏​សំខាន់​បំផុត​នោះ ព្រះ​ទ្រង់​ក៏​ជ្រើសរើស​អ្នក​ដទៃ​ទៀត​ពី​ចំណោម​មនុស្ស​ជាតិ ដើម្បី​គ្រប់​គ្រង​ជា​មួយ​នឹង​ព្រះ​យេស៊ូវ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​នោះ​ដែរ។ ដូច្នេះ ពួកគេ​ក៏​បាន​ទៅ​ជា​ផ្នែក​នៃ​«​ពូជ​»​នោះ​ដែរ ដូច​ជា​ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះ​គ្រីស្ទ នោះ​ក៏​ពេញ​ជា​ពូជ​របស់​លោក​អ័ប្រាហាំ​ហើយ ក៏​ជា​អ្នក​គ្រង​មរដក​តាម​សេចក្ដី​សន្យា​ផង​»។—កាឡាទី ៣:១៦, ២៩; យ៉ាកុប ២:៥

តើ​មាន​ប៉ុន្មាន​នាក់​ឡើង​ទៅ​ស្ថានសួគ៌?

១៣ (​ក​) ហេតុ​អ្វី​ក៏​ទារក​ទាំង​ឡាយ​នឹង​មិន​អាច​ឡើង​ទៅ​ស្ថានសួគ៌? (​ខ​) តើ​ព្រះ​យេស៊ូវ​បាន​ពណ៌នា​យ៉ាង​ណា​ពី​ចំនួន​ពួក​ដែល​នឹង​ទទួល​ព្រះ​រាជាណាចក្រ?

១៣ ដោយ​ព្រោះ​តែ​ពួកគេ​នឹង​គ្រប់​គ្រង​ទៅ​លើ​ផែនដី ជា​ការ​ច្បាស់​ណាស់​ថា ពួក​ដែល​ទៅ​ស្ថានសួគ៌​ទាំង​នោះ នឹង​ត្រូវ​ជា​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ​ដែល​បាន​ល្បង​មើល​រួច​ហើយ។ នេះ​បាន​សេចក្ដី​ថា ទារក ឬ​ក៏​កូនក្មេង​ដែល​មិន​បាន​ល្បង​មើល​ឲ្យ​បាន​ពេញលេញ តាម​រយៈ​កិច្ចបម្រើ​របស់​គ្រីស្ទាន​ជា​ច្រើន​ឆ្នាំ​នោះ នឹង​មិន​ត្រូវ​បាន​យក​ទៅ​ស្ថានសួគ៌​ទេ។ (​ម៉ាថាយ ១៦:២៤​) យ៉ាង​ណា​ក៏​ដោយ ពួក​ក្មេង​ទាំង​នេះ​ដែល​បាន​ស្លាប់​ទៅ មាន​សេចក្ដី​សង្ឃឹម​នឹង​រស់​ឡើង​វិញ​នៅ​លើ​ផែនដី។ (​យ៉ូហាន ៥:២៨, ២៩​) ដូច្នេះ ចំនួន​ទាំងអស់​ដែល​ទៅ​ស្ថានសួគ៌​នឹង​មាន​គ្នា​តិច​ណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​មនុស្ស​ជា​ច្រើន​ដែល​នឹង​ទទួល​ជីវិត​នៅ​លើ​ផែនដី នៅ​ក្រោម​ការ​គ្រង​រាជាណាចក្រ​របស់​ព្រះ​នោះ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​សិស្ស​របស់​ទ្រង់​ថា​៖ ​«​កុំ​ឲ្យ​ខ្លាច ហ្វូង​តូច​អើយ ព្រោះ​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ទ្រង់​សព្វ​ព្រះ​ហឫទ័យ នឹង​ប្រទាន​នគរ​មក​អ្នក​រាល់​គ្នា​ពិត​»។—លូកា ១២:៣២

១៤ តើ​ពួក​រៀប​ផ្គុំ​ឡើង​ជា​«​ហ្វូង​តូច​»​ដែល​ឡើង​ទៅ​ស្ថានសួគ៌​នោះ មាន​ចំនួន​ប៉ុន្មាន​នាក់?

១៤ តើ​ចំនួន​របស់​ក្រុម​អ្នក​គ្រប់​គ្រង​រាជ្យ​នោះ​តូច​យ៉ាង​ណា​ទៅ? តើ​មាន​តែ​ពួក​សាវក និង​អ្នក​កាន់​តាម​ព្រះ​យេស៊ូវ​ពីដើម​តែ​ប៉ុណ្ណោះ​ឬ? មិន​មែន​ទេ ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា​«​ហ្វូង​តូច​»​ នឹង​រួម​បញ្ចូល​អ្នក​ជា​ច្រើន​ទៀត។ នៅ​ក្នុង​វិវរណៈ ១៤:១, ៣ ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​កូន​ចៀម​[​ព្រះ​យេស៊ូវ​គ្រីស្ទ​] ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​[​សួគ៌ា​] ហើយ​មាន​មនុស្ស​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់ . . . ដែល​ទ្រង់​លោះ​[​បាន​យក​]​ពី​ផែនដី​ចេញ​ប៉ុណ្ណោះ​»។ សូម​កត់សំគាល់​ថា មាន​តែ​១៤៤.០០០​នាក់​ទេ​ដែល​បាន​ឃើញ​ជា​មួយ​កូន​ចៀម ជា​ព្រះ​យេស៊ូវ​គ្រីស្ទ នៅ​លើ​ភ្នំ​ស៊ីយ៉ូន​សួគ៌ា​នោះ។ (​ហេព្រើរ ១២:២២​) ដូច្នេះ មិន​មែន​មនុស្ស​ល្អ​ទាំងអស់​នឹង​ឡើង​ទៅ​ស្ថានសួគ៌​ទេ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​បាន​សម្ដែង​ឲ្យ​ដឹង​ថា មាន​តែ​១៤៤.០០០​នាក់​ប៉ុណ្ណោះ​ដែល​ជា​អ្នក​ត្រូវ​បាន​ល្បង​មើល​ហើយ​ស្មោះ​ត្រង់ នឹង​ត្រូវ​យក​ទៅ​ទីនោះ​ដើម្បី​សោយ​រាជ្យ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ។

ហេតុ​អ្វី​ក៏​ត្រូវ​ជ្រើសរើស​ពី​ផែនដី

១៥ ហេតុ​អ្វី​ក៏​ព្រះ​ជ្រើសរើស​អ្នក​គ្រប់​គ្រង​រាជាណាចក្រ ពី​ចំណោម​មនុស្ស​លោក​ដូច្នេះ?

១៥ ប៉ុន្តែ ហេតុ​អ្វី​ក៏​ព្រះ​ជ្រើសរើស​ពួក​អ្នក​គ្រប់​គ្រង​ទាំង​នេះ​ពី​ចំណោម​មនុស្ស​លោក? ហេតុ​អ្វី​ក៏​មិន​ឲ្យ​ពួក​ទេវតា​សោយ​រាជ្យ​ជា​មួយ​ព្រះ​គ្រីស្ទ? ពីព្រោះ គឺ​នៅ​លើ​ផែនដី​នេះ​ហើយ ដែល​សិទ្ធិ​ដាច់​មុខ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​គ្រប់​គ្រង​ត្រូវ​បាន​ចោទ​ប្រឆាំង​ឡើង។ គឺ​នៅ​ទីនេះ​ហើយ ដែល​សេចក្ដី​ស្មោះ​ត្រង់​របស់​មនុស្ស​ចំពោះ​ព្រះ អាច​ត្រូវ​ល្បង​មើល​នៅ​ក្រោម​ការ​ប្រឆាំង​របស់​អារក្ស​សាតាំង។ គឺ​នៅ​ទីនេះ ដែល​ព្រះ​យេស៊ូវ​បាន​សម្ដែង​ឲ្យ​ឃើញ​ភក្ដីភាព​ដ៏​ពេញលេញ​របស់​ទ្រង់​ចំពោះ​ព្រះ នៅ​ក្រោម​ការ​ល្បង​មើល ហើយ​បាន​ប្រទាន​ព្រះ​ជន្ម​របស់​ទ្រង់​ទុក​ជា​តម្លៃ​លោះ​សំរាប់​មនុស្ស​លោក។ ដូច្នេះ គឺ​ពី​ផែនដី​នេះ ដែល​ព្រះ​យេហូវ៉ា​បាន​រៀបចំ​យក​ពួក​«​ហ្វូង​តូច​»​ពី​ពួក​មនុស្ស​លោក​ដើម្បី​ឲ្យ​ចូលរួម​ជា​មួយ​ព្រះ​រាជបុត្រា​របស់​ទ្រង់ នៅ​ក្នុង​ព្រះ​រាជាណាចក្រ​សួគ៌ា។ ពួកគេ​គឺ​ជា​ពួក​ដែល ដោយសារ​សេចក្ដី​ស្មោះ​ត្រង់​របស់​គេ​ចំពោះ​ព្រះ បាន​បង្ហាញ​ថា ការ​ចោទ​របស់​អារក្ស​ដែល​ថា​មនុស្ស​បម្រើ​ព្រះ​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ គឺ​ខុស​ទាំង​ស្រុង។ ដូច្នេះ​ហើយ ជា​ការ​សម​ណាស់​ដែល​ព្រះ​យេហូវ៉ា​ប្រើ​មនុស្ស​ទាំង​នេះ​ដើម្បី​ជា​សិរី​ល្អ​ដល់​ទ្រង់។—អេភេសូរ ១:៩​-​១២

១៦ ហេតុ​អ្វី​ក៏​យើង​អាច​មាន​ចិត្ត​កតញ្ញូ​ធម៌ ដែល​អ្នក​គ្រប់​គ្រង​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​បាន​ធ្លាប់​រស់​នៅ​លើ​ផែនដី​នោះ?

១៦ ម្យ៉ាង​ទៀត សូម​អញ្ជើញ​គិត​មើល តើ​ជា​ការ​អស្ចារ្យ​យ៉ាង​ណា​ទៅ ដោយ​មាន​អ្នក​គ្រប់​គ្រង​ជា​បុគ្គល​ដែល​បាន​បង្ហាញ​សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​ព្រះ​នៅ​លើ​ផែនដី ដែល​ភាគ​ច្រើន​នៃ​ពួកគេ​បាន​បូជា​រហូត​ដល់​ជីវិត​របស់​ខ្លួន​ដើម្បី​ព្រះ​រាជាណាចក្រ។ (​វិវរណៈ ១២:១០, ១១; ២០:៤​) ពួក​ទេវតា​មិន​បាន​ជួបប្រទះ​នូវ​ការ​សាកល្បង​របៀប​នេះ​ទេ។ ហើយ​ពួកគេ​ក៏​មិន​បាន​មាន​ការ​ពិសោធន៍​នូវ​បញ្ហា​ទូទៅ​របស់​មនុស្ស​លោក​ដែរ។ ដូច្នេះ ពួកគេ​មិន​អាច​យល់​ឲ្យ​បាន​ពិត​ប្រាកដ អំពី​ការ​ពិសោធន៍​របស់​មនុស្ស​មាន​បាប​ទេ ហើយ​ក៏​មិន​យល់​ពី​បញ្ហា​ដែល​មនុស្ស​លោក​យើង​មាន​ដែរ។ ប៉ុន្តែ ពួក​១៤៤.០០០​នាក់​នឹង​យល់ ពីព្រោះ​ពួកគេ​បាន​ជួបប្រទះ​បញ្ហា​ទាំង​នេះ​រួច​មក​ហើយ។ អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ បាន​ខំ​ទប់ទល់​ហើយ​បាន​មាន​ជ័យជំនះ​លើ​ទំលាប់​អំពើ​បាប​ដ៏​អាក្រក់ ហើយ​ពួកគេ​បាន​ដឹង តើ​អាច​មាន​ការ​ពិបាក​យ៉ាង​ណា​ក្នុង​ការ​ធ្វើ​យ៉ាង​នេះ។ (​កូរិនថូសទី១ ៦:៩​-​១១​) ដូច្នេះ​ហើយ ពួកគេ​នឹង​ធ្វើ​ការ​ទាក់ទង​ជា​មួយ​អនុរាស្ត្រ​របស់​ពួកគេ​នៅ​លើ​ផែនដី តាម​អធ្យាស្រ័យ​ភាព​ជា​មិន​ខាន។​​—ហេព្រើរ ២:១៧, ១៨

ពួក​ជំនុំ​នៃ​ព្រះ

១៧ តើ​ពាក្យ​ថា​«​ពួក​ជំនុំ​»​បាន​សំដៅ​ចំពោះ​អ្វី?

១៧ ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​យើង​ថា ព្រះ​គ្រីស្ទ​ជា​សិរសា​នៃ​ពួក​ជំនុំ​របស់​ព្រះ ហើយ​សមាជិក​ទាំង​ឡាយ​ត្រូវ​ចុះ​ចូល​ចំពោះ​ព្រះ​យេស៊ូវ។ (​អេភេសូរ ៥:២៣, ២៤​) ដូច្នេះ​ពាក្យ​ដែល​ថា​«​ព្រះ​វិហារ​»​ឬ​ក៏​«​ពួក​ជំនុំ​នៃ​ព្រះ​»​ មិន​មែន​សំដៅ​ចំពោះ​អាគារ​វិហារ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​សំដៅ​ចំពោះ​ក្រុម​ជំនុំ​គ្រីស្ទាន​មួយ។ (​កូរិនថូសទី១ ១៥:៩​) សព្វ​ថ្ងៃ​នេះ យើង​អាច​និយាយ​អំពី​ក្រុម​ជំនុំ​នៃ​ពួក​គ្រីស្ទាន ដែល​យើង​ចូលរួម​ជា​មួយ​ពួកគេ។ តាម​របៀប​ដូច​គ្នា​ដែរ យើង​បាន​អាន​នៅ​ក្នុង​ព្រះ​គម្ពីរ អំពី​«​ពួក​ជំនុំ នៅ​ក្រុង​ឡៅឌីសេ​»​ ហើយ​នៅ​ក្នុង​សំបុត្រ​របស់​សាវក​ប៉ុល​ទៅ​ភីលេម៉ូន អំពី​«​ពួក​ជំនុំ​ដែល​ប្រជុំ​នៅ​ផ្ទះ​[​របស់​គាត់​]​»។​—កូល៉ុស ៤:១៦; ភីលេម៉ូន ២

១៨ (​ក​) តើ​ពួក​ណា​ដែល​រៀប​ផ្គុំ​ឡើង​ជា​«​ពួក​ជំនុំ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​»​? (​ខ​) តើ​ព្រះ​គម្ពីរ​បាន​ចែង​អំពី​ក្រុម​ជំនុំ​នេះ ដោយ​ប្រើ​ឃ្លា​ណា​ខ្លះ?

១៨ ក៏​ប៉ុន្តែ កាលណា​ព្រះ​គម្ពីរ​បាន​ចែង​អំពី​«​ពួក​ជំនុំ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​»​ គឺ​បាន​សំដៅ​ចំពោះ​ក្រុម​​ពិសេស​មួយ​នៃ​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ។ (​ធីម៉ូថេទី១ ៣:១៥​) ពួកគេ​ត្រូវ​បាន​ហៅ​ដែរ​ជា ​«​ជំនុំ​ពួក​កូន​ច្បង​ដែល​កត់​ទុក​នៅ​ស្ថានសួគ៌​»។ (​ហេព្រើរ ១២:២៣​) ដូច្នេះ ​«​ពួក​ជំនុំ​នៃ​ព្រះ​»​នេះ​បាន​រៀប​ឡើង​ដោយ​ពួក​គ្រីស្ទាន​ទាំងអស់​នៅ​លើ​ផែនដី ដែល​មាន​សេចក្ដី​សង្ឃឹម​នឹង​មាន​ជីវិត​នៅ​ស្ថានសួគ៌។ ក្នុង​ចំណោម​ពួក​ទាំងអស់​នោះ មាន​តែ​១៤៤.០០០​នាក់​ទេ​ដែល​នៅ​ទីបំផុត​នឹង​រៀប​ផ្គុំ​ជា​«​ពួក​ជំនុំ​នៃ​ព្រះ​»។ សព្វ​ថ្ងៃ​នេះ មាន​តែមួយ​ចំនួន​តូច​ទេ​នៃ​ពួក​នេះ ពួក​សំណល់ រស់​នៅ​លើ​ផែនដី​នៅ​ឡើយ។ ពួក​គ្រីស្ទាន​ដែល​សង្ឃឹម​នឹង​រស់​នៅ​លើ​ផែនដី​ជា​និរន្តរ៍​នោះ នឹង​ស្វែងរក​ការ​ដឹក​នាំ​ខាង​វិញ្ញាណ ពី​សមាជិក​នៃ​«​ពួក​ជំនុំ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​»​នេះ។ ព្រះ​គម្ពីរ​ក៏​បាន​ចែង​អំពី​ពួក​ជំនុំ​ដែល​មាន​សមាជិក​១៤៤.០០០​នាក់​នេះ ដោយ​ប្រើ​ឃ្លា​ដូច​ជា ​«​ប្រពន្ធ​ថ្មោង​ថ្មី ជា​ភរិយា​របស់​កូន​ចៀម​»​ ​«​រូបកាយ​ព្រះ​គ្រីស្ទ​»​ ​«​ព្រះ​វិហារ​នៃ​ព្រះ​»​ ​«​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ​»​ ហើយ​និង​«​ក្រុង​យេរូសាឡិម​ថ្មី​»។—វិវរណៈ ២១:៩; អេភេសូរ ៤:១២; កូរិនថូសទី១ ៣:១៧; កាឡាទី ៦:១៦; វិវរណៈ ២១:២

របស់​ថ្មី​នៅ​ក្នុង​គោល​បំណង​របស់​ព្រះ

១៩ តើ​របស់​ថ្មី​ណា ដែល​ព្រះ​បាន​សម្ដែង​មក​នោះ ដើម្បី​សម្រេច​នូវ​គោល​បំណង​ដើម​របស់​ទ្រង់​ចំពោះ​ផែនដី?

១៩ ក្រោយ​ពី​អ័ដាម​បាន​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​មនុស្ស​ជាតិ បាន​ធ្លាក់​ទៅ​ក្នុង​ផ្លូវ​នៃ​អំពើ​បាប​និង​សេចក្ដី​ស្លាប់​នោះ ព្រះ​យេហូវ៉ា​មិន​បាន​ប្ដូរ​គោល​បំណង​របស់​ទ្រង់​ចំពោះ​ផែនដី និង​មនុស្ស​ដែល​នៅ​លើ​នោះ​ឡើយ។ ប្រសិន​បើ​ទ្រង់​ប្ដូរ នោះ​អាច​មាន​ន័យ​ថា ទ្រង់​មិន​មាន​សមត្ថភាព​ក្នុង​ការ​សម្រេច​គោល​បំណង​ដើម​របស់​ទ្រង់​ឡើយ។ គោល​បំណង​របស់​ទ្រង់​ពីដើម​ដំបូង​នោះ​គឺ ឲ្យ​មាន​សួន​​មនោរម្យ​នៅ​ពេញ​លើ​ផែនដី ដែល​បំពេញ​ទៅ​ដោយ​មនុស្ស​ម្នា​ដែល​សប្បាយ​រីករាយ​ហើយ​សុខភាព​ល្អ។ ហើយ​ព្រះ​បំណង​នោះ សព្វ​ថ្ងៃ​នេះ​ក៏​នៅ​ដដែល។ របស់​ថ្មី​ដែល​ព្រះ​បាន​សម្ដែង​មក​នោះ គឺ​មាន​តែ​ការ​រៀបចំ​របស់​ទ្រង់​ចំពោះ​រដ្ឋាភិបាល​ថ្មី​មួយ ដើម្បី​សម្រេច​នូវ​គោល​បំណង​ទ្រង់។ ដូច​ជា​យើង​បាន​ឃើញ​មក​ហើយ ព្រះ​រាជ​បុត្រ​របស់​ទ្រង់ ព្រះ​យេស៊ូវ​គ្រីស្ទ ជា​អ្នក​គ្រប់​គ្រង​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​រដ្ឋាភិបាល​នេះ ហើយ​អ្នក​១៤៤.០០០​នាក់​នឹង​ត្រូវ​បាន​យក​ពី​ចំណោម​មនុស្ស​លោក ដើម្បី​សោយ​រាជ្យ​ជា​មួយ​នឹង​ទ្រង់​នៅ​ស្ថានសួគ៌។—វិវរណៈ ៧:៤

២០ (​ក​) ពួក​ណា​ដែល​បាន​រៀប​ផ្គុំ​ឡើង​ជា​«​ផ្ទៃ​មេឃ​ថ្មី​»​និង​«​ផែនដី​ថ្មី​»​? (​ខ​) តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​បាន​ទៅ​ជា​ផ្នែក​នៃ​«​ផែនដី​ថ្មី​»​នោះ?

២០ អ្នក​គ្រប់​គ្រង​នៅ​លើ​ស្ថានសួគ៌​នេះ នឹង​រួបរួម​ធ្វើ​ជា​«​ផ្ទៃ​មេឃ​ថ្មី​»​នៃ​របប​ថ្មី​របស់​ព្រះ។ ដូច្នេះ​ហើយ ជា​ការ​ច្បាស់​ណាស់​ថា ប្រសិន​បើ​មាន​អ្នក​គ្រប់​គ្រង​ទៅ​លើ​ផែនដី​ដ៏​សុចរិត​បែប​នេះ​មែន នឹង​ត្រូវ​តែ​មាន​ពួក​មនុស្ស​ដែល​គេ​គ្រប់​គ្រង​ពី​លើ​ដែរ។ ព្រះ​គម្ពីរ​បាន​សំដៅ​ចំពោះ​ពួក​មនុស្ស​ទាំង​នោះ​ជា​«​ផែនដី​ថ្មី​»។ (​ពេត្រុសទី២ ៣:១៣; វិវរណៈ ២១:១​-​៤​) ពួកគេ​នឹង​រួម​បញ្ចូល​ទាំង យ៉ូប ដាវីឌ និង​​យ៉ូហាន​-​បាទីស្ទ​ដែរ—មែន​ហើយ គឺ​រួម​បញ្ចូល​ពួក​មនុស្ស​ស្មោះ​ត្រង់​ទាំងអស់​ដែល​បាន​មាន​ជីវិត​រស់​នៅ មុន​ពេល​ដែល​ព្រះ​គ្រីស្ទ​បាន​យាង​មក​ផែនដី​នោះ។ ប៉ុន្តែ នឹង​មាន​គ្នា​ជា​ច្រើន​ទៀត​ដែល​នឹង​រៀប​ផ្គុំ​ឡើង​ជា​«​ផែនដី​ថ្មី​»​ គឺ​រួម​បញ្ចូល​ទាំង​មនុស្ស​ដែល​បាន​រស់​ផុត​ពី​ទីបញ្ចប់​នៃ​សម័យ​ដ៏​អាក្រក់​ក្រៃលែង​នេះ​ដែរ។ តើ​អ្នក​នឹង​ទៅ​ជា​បុគ្គល​ម្នាក់​នៅ​ក្នុង​ចំណោម​ពួក​នៅ​រស់​នេះ​ទេ? តើ​អ្នក​ចង់​ទៅ​ជា​អនុរាស្ត្រ​ម្នាក់​នៃ​រដ្ឋាភិបាល​របស់​ព្រះ​ទេ? ប្រសិន​បើ​អ្នក​ចង់​មែន មាន​សេចក្ដី​តម្រូវ​ខ្លះ​ៗ​ដែល​អ្នក​ត្រូវ​តែ​បំពេញ។

[​រូបភាព​នៅ​ទំព័រ​១២១​]

តើ​មនុស្ស​ល្អ​ទាំង​នេះ​បាន​ឡើង​ទៅ​ស្ថានសួគ៌​ទេ?

ស្តេច​ដាវីឌ

យ៉ូប

យ៉ូហាន​-​បាទីស្ទ

[​រូបភាព​នៅ​ទំព័រ​១២២​]

នៅ​រាត្រី​ចុង​ក្រោយ​របស់​ទ្រង់​ជា​មួយ​ពួក​សាវក ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា ពួកគេ​នឹង​ទៅ​ជា​អ្នក​គ្រប់​គ្រង​ជា​មួយ​នឹង​ទ្រង់​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះវរបិតា​ទ្រង់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក