បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pe ជំ. ១៧ ទំ. ១៤២-១៤៧
  • ការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ—អាចឃើញបានយ៉ាងណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ—អាចឃើញបានយ៉ាងណា?
  • អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មូលហេតុ​ដែល​ទ្រង់​មិន​អាច​យាង​ត្រឡប់​មក​វិញ​ជា​មនុស្ស
  • រូបកាយ​ខាង​សាច់​ឈាម​មិន​បាន​យក​ទៅ​ស្ថានសួគ៌​ទេ
  • របៀប​ដែល​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ
  • តើ​ព្រះ​គ្រីស្ទ​យាង​ត្រឡប់​មក​ផែនដី​វិញ​ទេ?
  • តើពួកណាឡើងទៅស្ថានសួគ៌ ហើយហេតុអ្វី?
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
pe ជំ. ១៧ ទំ. ១៤២-១៤៧

ជំពូក​ទី១៧

ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះ​គ្រីស្ទ—អាច​ឃើញ​បាន​យ៉ាង​ណា?

១ (​ក​) តើ​ព្រះ​គ្រីស្ទ​បាន​ថ្លែង​សេចក្ដី​សន្យា​អ្វី? (​ខ​) តើ​សេចក្ដី​ត្រូវ​ការ​ណា ដែល​ការ​យាង​ត្រឡប់​របស់​ព្រះ​គ្រីស្ទ​អាច​សម្រេច​បាន?

​«​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​»។ (​យ៉ូហាន ១៤:៣​) ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ថ្លែង​សេចក្ដី​សន្យា​នេះ​ដល់​ពួក​សាវក​ទ្រង់ នៅ​ពេល​ដែល​ទ្រង់​បាន​គង់​នៅ​ជា​មួយ​ពួកគេ នៅ​រាត្រី​មុន​ពេល​ដែល​ទ្រង់​ទទួល​មរណភាព​នោះ។ អ្នក​ប្រហែល​យល់​ស្រប​ថា គ្មាន​ពេល​ណា​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ដែល​ត្រូវ​ការ​ជា​ចាំបាច់​នូវ​សន្ដិភាព សុខភាព និង​ជីវិត ហើយ​មាន​តែ​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះ​គ្រីស្ទ​ក្នុង​អំណាច​ព្រះ​រាជាណាចក្រ​ទេ​ដែល​នឹង​ផ្ដល់​ការ​ទាំង​នេះ​ដល់​មនុស្ស​លោក​បាន។ ប៉ុន្តែ តើ​ព្រះ​គ្រីស្ទ​ទ្រង់​យាង​ត្រឡប់​មក​វិញ​យ៉ាង​ណា? តើ​អ្នក​ណា​អាច​ឃើញ​ទ្រង់ ហើយ​តាម​របៀប​ណា?

២ (​ក​) ពេល​ដែល​ទ្រង់​យាង​ត្រឡប់​មក​វិញ តើ​ព្រះ​គ្រីស្ទ​នឹង​យក​ពួក​អ្នក​កាន់​តាម​ទ្រង់​ដែល​ជា​អ្នក​ចាក់ប្រេងតាំង រួម​ទាំង​ពួក​សាវក​ផង​ឲ្យ​ទៅ​រស់​នៅ​ទីណា? (​ខ​) តើ​រូបកាយ​ប្រភេទ​ណា​ដែល​ពួក​ទ្រង់​មាន​នៅ​ទីនោះ?

២ ក្នុង​ការ​យាង​ត្រឡប់​មក​វិញ​របស់​ទ្រង់ ព្រះ​គ្រីស្ទ​ទ្រង់​មិន​មក​ដើម្បី​នឹង​គង់​លើ​ផែនដី​ទេ។ ផ្ទុយ​ទៅ​វិញ អស់​ពួក​អ្នក​ដែល​ត្រូវ​សោយ​រាជ្យ​ជា​ស្តេច​ជា​មួយ​នឹង​ទ្រង់ នឹង​ត្រូវ​យក​ទៅ​រស់​នៅ​ជា​មួយ​នឹង​ទ្រង់​នៅ​ស្ថានសួគ៌​វិញ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ទៅ​សាវក​របស់​ទ្រង់​ថា​៖ ​«​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ​»។ (​យ៉ូហាន ១៤:៣​) ដូច្នេះ ពេល​ដែល​ព្រះ​គ្រីស្ទ​យាង​ត្រឡប់​មក​វិញ អស់​ពួក​អ្នក​ដែល​នឹង​ត្រូវ​យក​ទៅ​ស្ថានសួគ៌ នឹង​ទៅ​ជា​បុគ្គល​វិញ្ញាណ ហើយ​ពួកគេ​នឹង​ឃើញ​ព្រះ​គ្រីស្ទ​មាន​រូបកាយ​វិញ្ញាណ ដែល​ពោរពេញ​ទៅ​ដោយ​សិរី​ល្អ។ (​កូរិនថូសទី១ ១៥:៤៤​) ប៉ុន្តែ ចំពោះ​មនុស្ស​លោក​ឯ​ទៀត​ដែល​មិន​ទៅ​ស្ថានសួគ៌​នោះ តើ​គេ​អាច​មើល​ឃើញ​ព្រះ​គ្រីស្ទ​ទេ នៅ​ពេល​ដែល​ទ្រង់​យាង​ត្រឡប់​មក​វិញ​នោះ?

មូលហេតុ​ដែល​ទ្រង់​មិន​អាច​យាង​ត្រឡប់​មក​វិញ​ជា​មនុស្ស

៣ តើ​មាន​ភស្តុតាង​អ្វី​នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​បង្ហាញ​ថា​មនុស្ស​នឹង​លែង​ឃើញ​ព្រះ​គ្រីស្ទ​ទៀត​នោះ?

៣ នៅ​រាត្រី​ដដែល​នោះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​ពួក​សាវក​របស់​ទ្រង់​ថា​៖ ​«​បន្ដិចទៀត លោកីយ​នឹង​លែង​ឃើញ​ខ្ញុំ​»។ (​យ៉ូហាន ១៤:១៩​) ពាក្យ​ថា​«​លោកីយ​»​ សំដៅ​ចំពោះ​មនុស្ស​លោក។ ដូច្នេះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ក្នុង​បទ​នេះ​យ៉ាង​ច្បាស់​ថា មនុស្ស​នៅ​លើ​ផែនដី​នឹង​មិន​អាច​ឃើញ​ទ្រង់​ទៀត​ឡើយ បន្ទាប់​ពី​ការ​យាង​ឡើង​ទៅ​ស្ថានសួគ៌​របស់​ទ្រង់​វិញ។ សាវក​ប៉ុល​ក៏​បាន​សរសេរ​ថា​៖ ​«​តែ​បើ​យើង​ខ្ញុំ​បាន​ស្គាល់​ព្រះ​គ្រីស្ទ​ខាង​សាច់​ឈាម​ហើយ គង់​តែ​ឥឡូវ​នេះ​មិន​ស្គាល់​ទ្រង់​យ៉ាង​នោះ​ទៀត​ឡើយ​»។—កូរិនថូសទី២ ៥:១៦

៤ អ្វី​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ព្រះ​គ្រីស្ទ​យាង​ត្រឡប់​មក​វិញ​ជា​បុគ្គល​វិញ្ញាណ​ដែល​មាន​អានុភាព​ដ៏​ខ្ពស់ និង​មើល​មិន​ឃើញ​នោះ?

៤ ក៏​ប៉ុន្តែ នៅ​មាន​មនុស្ស​ជា​ច្រើន​ជឿ​ថា ព្រះ​គ្រីស្ទ​នឹង​យាង​ត្រឡប់​មក​វិញ​ដោយ​រូបកាយ​ជា​មនុស្ស​ដូច​កាល​ដែល​គេ​ធ្វើ​គុត​ទ្រង់ ហើយ​ថា​ពួក​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ទាំងអស់​នឹង​ឃើញ​ទ្រង់​ដែរ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​បាន​ចែង​ថា ព្រះ​គ្រីស្ទ​យាង​មក​ក្នុង​សិរី​ល្អ​របស់​ទ្រង់​ជា​មួយ​នឹង​ពួក​ទេវតា​ទាំង​ឡាយ ហើយ​នឹង​ឡើង​គង់​«​លើ​បល្ល័ង្ក​រុង​រឿង​ឧត្តម​របស់​លោក​»។ (​ម៉ាថាយ ២៥:៣១​) ប្រសិន​បើ​ព្រះ​យេស៊ូវ​ត្រូវ​យាង​មក ហើយ​គង់​លើ​បល្ល័ង្ក​នៅ​លើ​ផែនដី​ជា​មនុស្ស​វិញ ទ្រង់​នឹង​ទៅ​ជា​មាន​ឋានៈ​ទាប​ជាង​ពួក​ទេវតា​ទៅ​ទៀត។ ប៉ុន្តែ ទ្រង់​យាង​មក​ជា​អ្នក​មាន​អានុភាព​និង​សិរី​ល្អ​ដ៏​ខ្ពស់ ជាង​ព្រះ​រាជបុត្រា​វិញ្ញាណ​ទាំងអស់​របស់​ព្រះ ដូច្នេះ​ហើយ​ទ្រង់​ជា​បុគ្គល​ដែល​មើល​មិន​ឃើញ​ដូច​ពួកគេ​ដែរ។—ភីលីព ២:៨​-​១១

៥ ហេតុ​អ្វី​ក៏​ព្រះ​គ្រីស្ទ​មិន​អាច​យាង​ត្រឡប់​មក​វិញ​ជា​រូបកាយ​មនុស្ស?

៥ ម្យ៉ាង​វិញ​ទៀត ជាង​១.៩០០​ឆ្នាំ​កន្លង​ទៅ​នេះ ជា​ការ​ចាំបាច់​ណាស់​ចំពោះ​ព្រះ​យេស៊ូវ​ដែល​ទ្រង់​ត្រូវ​បន្ទាប​អង្គ​ទ្រង់ ហើយ​ទៅ​ជា​មនុស្ស​ម្នាក់​នោះ។ ទ្រង់​ត្រូវ​ប្រទាន​ជា​ចាំបាច់​នូវ​ព្រះ​ជន្ម​ជា​មនុស្ស​ល្អ​ឥតខ្ចោះ ជា​តម្លៃ​លោះ​សំរាប់​យើង។ ម្ដង​នោះ ព្រះ​យេស៊ូវ​ទ្រង់​បាន​មាន​បន្ទូល​ពន្យល់​ពី​រឿង​នេះ​ថា​៖ ​«​ឯ​នំប៉័ង​ដែល​ខ្ញុំ​ឲ្យ គឺ​ជា​រូប​សាច់​ខ្ញុំ ដែល​ខ្ញុំ​នឹង​ឲ្យ​ជំនួស​ជីវិត​មនុស្ស​លោក​»។ (​យ៉ូហាន ៦:៥១​) ដូច្នេះ​ហើយ ព្រះ​យេស៊ូវ​បាន​ប្រទាន​រូបកាយ​ខាង​សាច់​ឈាម​របស់​ទ្រង់​ជា​យញ្ញបូជា​សំរាប់​មនុស្ស​លោក។ តើ​សំរាប់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ ដែល​យញ្ញបូជា​នោះ​មាន​ប្រសិទ្ធិភាព? សាវក​ប៉ុល​បាន​ឆ្លើយ​ថា​៖ ​«​យើង​រាល់​គ្នា​បាន​ញែក​ជា​បរិសុទ្ធ ដោយសារ​ដង្វាយ​ថ្វាយ​រូប​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ​១​ដង​ជា​សំរេច​»។ (​ហេព្រើរ ១០:១០​) ដោយ​បាន​លះបង់​សាច់​ឈាម​ទ្រង់​សំរាប់​ជីវិត​របស់​លោកីយ៍​រួច​ហើយ ព្រះ​គ្រីស្ទ​មិន​អាច​យក​សាច់​ឈាម​ដើម​នោះ​មក​វិញ ហើយ​ទៅ​ជា​មនុស្ស​ម្នាក់​ម្ដង​ទៀត​បាន​ឡើយ។ ដោយសារ​ហេតុ​ដ៏​សំខាន់​នេះ ការ​យាង​ត្រឡប់​មក​វិញ​របស់​ទ្រង់ មិន​អាច​ជា​រូបកាយ​មនុស្ស ដែល​ទ្រង់​បាន​បូជា​មួយ​ដង​ជា​សម្រេច​នោះ​ទេ។

រូបកាយ​ខាង​សាច់​ឈាម​មិន​បាន​យក​ទៅ​ស្ថានសួគ៌​ទេ

៦ ហេតុ​អ្វី​ក៏​មនុស្ស​ជា​ច្រើន​ជឿ​ថា ព្រះ​គ្រីស្ទ​បាន​យក​រូបកាយ​សាច់​ឈាម​របស់​ទ្រង់​ទៅ​ស្ថានសួគ៌?

៦ យ៉ាង​ណា​ក៏​ដោយ មនុស្ស​ជា​ច្រើន​ជឿ​ថា ព្រះ​គ្រីស្ទ​បាន​យក​រូបកាយ​សាច់​ឈាម​របស់​ទ្រង់​ទៅ​ស្ថានសួគ៌។ ពួកគេ​បាន​សំអាង​ទៅ​លើ​រឿង​ដែល​ថា ពេល​ដែល​ព្រះ​គ្រីស្ទ​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​ពី​មរណភាព​នោះ រូបកាយ​សាច់​ឈាម​របស់​ទ្រង់​មិន​ស្ថិត​នៅ​ក្នុង​ផ្នូរ​ទៀត​ឡើយ។ (​ម៉ាកុស ១៦:៥​-​៧​) ម្យ៉ាង​ទៀត ក្រោយ​ពី​បាន​ទទួល​មរណភាព​ហើយ ព្រះ​យេស៊ូវ​បាន​លេច​មក​ឯ​សិស្ស​របស់​ទ្រង់ ក្នុង​រូបកាយ​សាច់​ឈាម​មួយ ដើម្បី​បង្ហាញ​ពួកគេ​ថា​ទ្រង់​នៅ​មាន​ព្រះ​ជន្ម​រស់​នៅ។ នៅ​ពេល​មួយ ទ្រង់​ថែម​ទាំង​ឲ្យ​សាវក​ថូម៉ាស​ដាក់​ដៃ​គាត់​ទៅ​លើ​ស្នាម​នៅ​ត្រង់​ចំហៀង​ទ្រង់ ដើម្បី​អាច​ឲ្យ​ថូម៉ាស​ជឿ​ថា​ទ្រង់​ពិត​ជា​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មែន។ (​យ៉ូហាន ២០:២៤​-​២៧​) តើ​រឿង​នេះ​មិន​បង្ហាញ​ជា​ភស្តុតាង​ថា ទ្រង់​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ក្នុង​រូបកាយ​ដដែល ដែល​ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត​នោះ​ទេ​ឬ​អ្វី?

៧ អ្វី​ដែល​បង្ហាញ​ថា ព្រះ​គ្រីស្ទ​បាន​យាង​ទៅ​ស្ថានសួគ៌​ជា​បុគ្គល​វិញ្ញាណ​ម្នាក់​នោះ?

៧ ទេ មិន​មែន​ទេ។ ព្រះ​គម្ពីរ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ ពេល​ដែល​ចែង​មក​ថា​៖ ​«​ព្រះ​គ្រីស្ទ​បាន​ទទួល​មរណភាព​តែ​ម្ដង​សំរាប់​គ្រប់​ពេល​វេលា​ទាំងអស់ ចំពោះ​អំពើ​បាប។ . . . ដោយ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​ត្រូវ​បាន​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ជា​វិញ្ញាណ​»។ (​ពេត្រុសទី១ ៣:១៨, ពថ​) មនុស្ស​ដែល​មាន​រូបកាយ​សាច់​ឈាម មិន​អាច​រស់​នៅ​ក្នុង​ស្ថានសួគ៌​បាន​ទេ។ រីឯ​ជីវិត​រស់​ឡើង​វិញ​ដែល​ទៅ​ឯ​ស្ថានសួគ៌ ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​បាន​កប់​ទៅ ជា​រូបកាយ ខាង​សាច់​ឈាម តែ​រស់​ឡើង ជា​រូបកាយ ខាង​វិញ្ញាណ​វិញ . . . សាច់​ឈាម​ពុំ​អាច​នឹង​គ្រង​នគរ​ព្រះ​ជា​មរដក​បាន​ឡើយ​»។ (​កូរិនថូសទី១ ១៥:៤៤​-​៥០​) មាន​តែ​បុគ្គល​វិញ្ញាណ​ដែល​មាន​រូបកាយ​ខាង​វិញ្ញាណ​ទេ ដែល​អាច​រស់​នៅ​ក្នុង​ស្ថានសួគ៌​បាន។

៨ តើ​អ្វី​បាន​កើត​ឡើង ចំពោះ​រូបកាយ​ខាង​សាច់​ឈាម​របស់​ព្រះ​គ្រីស្ទ?

៨ អញ្ចឹង តើ​មាន​អ្វី​កើត​ឡើង ចំពោះ​រូបកាយ​ខាង​សាច់​ឈាម​របស់​ព្រះ​យេស៊ូវ? តើ​ពួក​សិស្ស​របស់​ទ្រង់​មិន​បាន​ឃើញ​ផ្នូរ​របស់​ទ្រង់​នៅ​ទទេ​ទេ​ឬ? ពួកគេ​បាន​ឃើញ​អញ្ចឹង​មែន ពីព្រោះ​ព្រះ​ទ្រង់​បាន​យក​ចេញ​រូបកាយ​របស់​ព្រះ​យេស៊ូវ​បាត់​ទៅ​ហើយ។ ហេតុ​អ្វី​ក៏​ព្រះ​ទ្រង់​បាន​ធ្វើ​ដូច្នេះ? គឺ​ដើម្បី​សម្រេច​អ្វី​ៗ​ដែល​បាន​ចែង​ទុក​មក​នៅ​ក្នុង​ព្រះ​គម្ពីរ។ (​ទំនុកដំកើង ១៦:១០; កិច្ចការ ២:៣១​) ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ទត​ឃើញ​ថា ជា​ការ​ត្រឹម​ត្រូវ​ក្នុង​ការ​យក​ចេញ​រូបកាយ​របស់​ព្រះ​យេស៊ូវ ដូច​ជា​ទ្រង់​បាន​ធ្វើ​នឹង​រូបកាយ​របស់​លោក​ម៉ូសេ​ពីមុន​មក​ដែរ។ (​ចោទិយកថា ៣៤:៥, ៦​) ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​រូបកាយ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ផ្នូរ​នោះ ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ​មិន​អាច​យល់​បាន​ថា ទ្រង់​បាន​ត្រូវ​ប្រោស​ឡើង​ពី​មរណភាព​នោះ​ទេ ពីព្រោះ​ពេល​នោះ​ពួកគេ​មិន​ទាន់​បាន​យល់​ឲ្យ​ច្បាស់​លាស់​អំពី​កិច្ចការ​ខាង​វិញ្ញាណ​នៅ​ឡើយ។

៩ តើ​យ៉ាង​ណា​ដែល​ថូម៉ាស​អាច​ដាក់​ដៃ​គាត់​ទៅ​លើ​ស្នាម​នៅ​រូបកាយ​ដែល​បាន​ប្រែក្រឡា របស់​ព្រះ​យេស៊ូវ​ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នោះ?

៩ ប៉ុន្តែ ដោយសារ​សាវក​ថូម៉ាស​អាច​ដាក់​ដៃ​របស់​គាត់​នៅ​លើ​ស្នាម​នៅ​ត្រង់​ចំហៀង​ទ្រង់​នោះ តើ​នោះ​មិន​បង្ហាញ​ថា ព្រះ​យេស៊ូវ​បាន​ត្រូវ​ប្រោស​ពី​មរណភាព​ក្នុង​រូបកាយ​ដដែល ដែល​បាន​ត្រូវ​បោះ​ដែក​គោល​នៅ​បង្គោល​ទេ​ឬ​អ្វី? មិន​មែន​ទេ ពីព្រោះ​ព្រះ​យេស៊ូវ​ទ្រង់​បាន​ប្រែក្រឡា ឬ​ក៏​យក​រូបកាយ​សាច់​ឈាម​មួយ​ទៀត ដូច​ជា​ពួក​ទេវតា​បាន​ធ្វើ​នៅ​សម័យ​ដើម​ដែរ។ ដើម្បី​ធ្វើ​ឲ្យ​ថូម៉ាស​បាន​ជឿ​ថា​ទ្រង់​ជា​អ្នក​ណា​នោះ ទ្រង់​បាន​ប្រើ​រូបកាយ​មួយ​ដែល​មាន​ស្នាម​របួស។ ទ្រង់​បាន​លេច​មក​ហាក់​ដូច​ជា​មនុស្ស​យ៉ាង​ពេញលេញ ដែល​អាច​សោយ​ម្ហូប​និង​សោយ​ទឹក​បាន ដូច​ជា​ពួក​ទេវតា​ដែល​នៅ​ពេល​មួយ លោក​អ័ប្រាហាំ​បាន​រៀបចំ​ម្ហូបអាហារ​ឲ្យ​សោយ​នោះ​ដែរ។—លោកុប្បត្តិ ១៨:៨; ហេព្រើរ ១៣:២

១០ អ្វី​ដែល​បង្ហាញ​ថា ព្រះ​យេស៊ូវ​បាន​ប្រែក្រឡា​ជា​រូបកាយ​ផ្សេង​ៗ​ទៀត​នោះ?

១០ ថ្វី​បើ​ព្រះ​យេស៊ូវ​បាន​លេច​មក​ឯ​ថូម៉ាស​នៅ​ក្នុង​រូបកាយ​ស្រដៀង​នឹង​រូបកាយ​ដែល​ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត​នោះ​ក៏​ដោយ ក៏​ទ្រង់​បាន​ប្រែក្រឡា​ទៅ​ជា​រូបកាយ​ផ្សេង​ៗ​ទៀត​ដែរ ពេល​ដែល​បាន​លេច​មក​ឯ​ពួក​អ្នក​កាន់​តាម​ទ្រង់។ ដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​ដំបូង នាង​ម៉ារា​ម៉ាក់ដាឡា​បាន​គិត​ស្មាន​ថា ព្រះ​យេស៊ូវ​ជា​អ្នក​ថែ​សួនច្បារ​ម្នាក់។ នៅ​ពេល​ផ្សេង​ទៀត ពួក​សិស្ស​ទ្រង់​មិន​បាន​ស្គាល់​ទ្រង់​ទេ នៅ​ពេល​ដែល​គេ​ឃើញ​ទ្រង់​ជា​លើក​ដំបូង។ ក្នុង​ករណី​ទាំង​នេះ មិន​មែន​ជា​អាការ​ខាង​ក្រៅ​ផ្ទាល់​របស់​ទ្រង់​ទេ ដែល​ជា​ជំនួយ​ដើម្បី​ឲ្យ​ស្គាល់​ទ្រង់​នោះ ប៉ុន្តែ​ជា​ព្រះ​បន្ទូល​ឬ​ក៏​កាយវិការ​ខ្លះ​ៗ ដែល​ធ្វើ​ឲ្យ​ពួកគេ​ស្គាល់​ទ្រង់​បាន។—យ៉ូហាន ២០:១៤​-​១៦; ២១:៦, ៧; លូកា ២៤:៣០, ៣១

១១, ១២ (​ក​) តាម​បែប​ណា​ដែល​ព្រះ​គ្រីស្ទ​បាន​យាង​ចាក​ចេញ​ពី​ផែនដី? (​ខ​) ដូច្នេះ តើ​យើង​គិត​ថា តាម​បែប​ណា​ដែល​ព្រះ​គ្រីស្ទ​យាង​ត្រឡប់​មក​វិញ?

១១ ក្រោយ​ពី​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ព្រះ​យេស៊ូវ​បាន​លេច​ឡើង​ជា​រូបកាយ​សាច់​ឈាម​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​ឃើញ​អស់រយៈ​ពេល​៤០​ថ្ងៃ។ (​កិច្ចការ ១:៣​) បន្ទាប់​មក ទ្រង់​បាន​យាង​ឡើង​ទៅ​ឯ​ស្ថានសួគ៌។ ប៉ុន្តែ អ្នក​ណា​ម្នាក់​ប្រហែល​ជា​សួរ​ថា​៖ ‹តើ​ទេវតា​ពីរ​អង្គ​ដែល​នៅ​ទីនោះ​មិន​បាន​ប្រាប់​ទៅ​ពួក​សាវក​ថា ព្រះ​គ្រីស្ទ​«​ទ្រង់​នឹង​យាង​មក​វិញ តាម​បែប​ដដែល​ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឃើញ​ទ្រង់​ទៅ​នោះ​ដែរ​»​ទេ​ឬ​អ្វី›? (​កិច្ចការ ១:១១​) ត្រូវ​ហើយ ពួក​ទេវតា​នោះ​បាន​មាន​បន្ទូល​អញ្ចឹង​មែន។ ប៉ុន្តែ​សូម​កត់សម្គាល់​នូវ​បន្ទូល​របស់​ពួកគេ ដែល​ថា​«​តាម​បែប​ដដែល​»​ មិន​មែន​ក្នុង​រូបកាយ​ដដែល​ទេ។ ហើយ តើ​ព្រះ​យេស៊ូវ​បាន​យាង​ទៅ​តាម​បែប​ណា? គឺ​យ៉ាង​ស្ងាត់ គ្មាន​ការ​សម្ដែង​ជា​សាធារណៈ​ទេ។ មាន​តែ​ពួក​សាវក​របស់​ទ្រង់​ទេ ដែល​ដឹង​អំពី​រឿង​នេះ។ ​លោកីយ៍​មិន​បាន​ដឹង​ទេ។

១២ សូម​ពិនិត្យ​អំពី​របៀប​ដែល​ព្រះ​គម្ពីរ​បាន​ពណ៌នា​ពី​បែប​ដែល​ព្រះ​យេស៊ូវ​បាន​ចាក​ចេញ​ពី​ពួក​សាវក​ទ្រង់​ទៅ​ស្ថានសួគ៌​៖ ​«​ហើយ​ពួក​សាវក​កំពុង​តែ​មើល នោះ​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ រួច​មាន​ពពក​មក​បំបាំង​ទ្រង់ ពី​ភ្នែក​គេ​»។ (​កិច្ចការ ១:៩​) ដូច្នេះ ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ចាប់​ផ្ដើម​យាង​ទៅ​លើ​មេឃ ពពក​បាន​បំបាំង​ទ្រង់​ពី​ភ្នែក​របស់​ពួក​សាវក​ទ្រង់។ ដូច្នេះ​ហើយ ការ​យាង​ចេញ​របស់​ព្រះ​​យេស៊ូវ ជា​ការ​មើល​មិន​ឃើញ​​ចំពោះ​ពួកគេ។ ពួកគេ​មិន​បាន​ឃើញ​ទ្រង់​ទេ។ នៅ​ពេល​នោះ ទ្រង់​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​ក្នុង​រូបកាយ​ខាង​វិញ្ញាណ​របស់​ទ្រង់។ (​ពេត្រុសទី១ ៣:១៨, ពថ​) ដូច្នេះ ការ​យាង​ត្រឡប់​មក​វិញ​របស់​ទ្រង់​ក្នុង​រូបកាយ​ខាង​វិញ្ញាណ​ក៏​ជា​ការ​មើល​មិន​ឃើញ​ដែរ។

របៀប​ដែល​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ

១៣ តើ​យើង​អាច​យល់​បាន​យ៉ាង​ណា ចំពោះ​សេចក្ដី​ថ្លែង​ដែល​ថា ​«​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​»​ព្រះ​គ្រីស្ទ នៅ​ពេល​ដែល​ទ្រង់​យាង​មក​តាម​ពពក​នោះ?

១៣ ប៉ុន្តែ តើ​យើង​អាច​យល់​ពី​ឃ្លា​នៅ​ក្នុង​វិវរណៈ ១:៧ យ៉ាង​ណា? ក្នុង​បទ​នេះ​សាវក​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​មើល ទ្រង់​យាង​មក​តាម​ពពក នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ទ្រង់ ព្រម​ទាំង​ពួក​អ្នក​ដែល​ចាក់​ទ្រង់​ផង រួច​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​យំសោក ដោយ​ព្រោះ​ទ្រង់​»។ នៅ​ទីនេះ​ព្រះ​គម្ពីរ​បាន​ចែង​អំពី​ការ​ឃើញ មិន​មែន​ជា​ការ​ឃើញ​នឹង​ភ្នែក​មែនទែន​ទេ ប៉ុន្តែ​ក្នុង​ន័យ​ជា​ការ ពិចារណា​ឲ្យ​ដឹង ឬ វិនិច្ឆ័យ​ឲ្យ​យល់។ ដូច្នេះ កាលណា​អ្នក​ណា​ម្នាក់​បាន​យល់​នូវ​រឿង​អ្វី​មួយ គាត់​ប្រហែល​ជា​ថា ‹ខ្ញុំ​យល់​ឃើញ​ហើយ›។ តាម​ការ​ពិត ព្រះ​គម្ពីរ​បាន​ចែង​អំពី​«​ភ្នែក​ចិត្ត​របស់​អ្នក​រាល់​គ្នា​»។ (​អេភេសូរ ១:១៨​) ដូច្នេះ ប្រយោគ​ដែល​ថា​«​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ទ្រង់​»​មាន​ន័យ​ថា មនុស្ស​គ្រប់​ៗ​គ្នា​នឹង​យល់​ឬ​ក៏​ទទួល​ស្គាល់​វត្តមាន​របស់​ព្រះ​គ្រីស្ទ។

១៤ (​ក​) តើ​«​ពួក​អ្នក​ដែល​ចាក់​ទ្រង់​»​ជា​ពួក​ណា? (​ខ​) ហេតុ​អ្វី​ក៏​នឹង​មាន​ទុក្ខ​សោក​យ៉ាង​ខ្លាំង​ក្រៃលែង នៅ​ពេល​ដែល​មនុស្ស​គ្រប់​ៗ​គ្នា​នៅ​ទទួល​ស្គាល់​នូវ​វត្តមាន​របស់​ព្រះ​គ្រីស្ទ​ទីបំផុត​នោះ?

១៤ ពួក​អ្នក​ដែល​«​បាន​ចាក់​»​ព្រះ​យេស៊ូវ មិន​បាន​នៅ​រស់​លើ​ផែនដី​ទៀត​ឡើយ។ ដូច្នេះ ពួក​នេះ​ជា​តំណាង​ពួក​ណា​ដែល​ធ្វើ​ទុក្ខ​ដល់​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូវ​នៅ​បច្ចុប្បន្ន​កាល​នេះ ដោយ​យក​តម្រាប់​តាម​ចរិយា​របស់​មនុស្ស​បែប​នោះ​នៅ​សតវត្ស​ទី​មួយ។ (​ម៉ាថាយ ២៥:៤០, ៤៥​) ពេល​វេលា​ដែល​ព្រះ​គ្រីស្ទ​នឹង​កាត់​ទោស​ដល់​ពួក​កំណាច​បែប​នេះ ជិត​មក​ដល់​ហើយ។ ពួកគេ​បាន​ត្រូវ​ព្រមាន​ជា​មុន​អំពី​រឿង​នេះ។ កាល​ដែល​ការ​កាត់​ទោស​នេះ​មក​ដល់ ពួកគេ​នឹង​«​ឃើញ​»​ឬ​ក៏​ទទួល​ស្គាល់​ពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​ពួកគេ។ ហើយ​សេចក្ដី​ទុក្ខ​សោក​របស់​ពួកគេ នឹង​ពិត​ជា​មាន​យ៉ាង​ខ្លាំង​ក្រៃលែង!

តើ​ព្រះ​គ្រីស្ទ​យាង​ត្រឡប់​មក​ផែនដី​វិញ​ទេ?

១៥ តាម​របៀប​ណា​ខ្លះ​ដែល​ពាក្យ​ថា ​«​ត្រឡប់​»​បាន​ត្រូវ​ប្រើ​ជា​ញឹកញាប់?

១៥ ការ​ត្រឡប់​មក​វិញ មិន​ចាំបាច់​មាន​ន័យ​ថា អ្នក​នោះ​ទៅ​កន្លែង​មួយ​មែនទែន​ទេ។ ចំពោះ​មនុស្ស​ឈឺ គេ​អាច​និយាយ​បាន​ថា គេ​‹ត្រឡប់​បាន​មាន​សុខភាព​ល្អ​វិញ›។ ហើយ​ចំពោះ​អ្នក​ធ្លាប់​គ្រប់​គ្រង​ពីមុន គេ​អាច​និយាយ​បាន​ថា គេ​‹ត្រឡប់​មក​កាន់​អំណាច​វិញ›។ តាម​របៀប​ស្រដៀង​នេះ​ដែរ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ទៅ​អ័ប្រាហាំ​ថា​៖ ​«​ដល់​វេលា​កំណត់ នោះ​អញ​នឹង​មក​ឯ​ឯង លុះ​គ្រប់​ខែ​ហើយ សារ៉ា​នឹង​បង្កើត​បាន​កូន​ប្រុស​១​»។ (​លោកុប្បត្តិ ១៨:១៤; ២១:១​) ការ​យាង​ត្រឡប់​មក​របស់​ព្រះ​យេហូវ៉ា មិន​មែន​ជា​ការ​យាង​ត្រឡប់​មក​មែនទែន​ទេ ប៉ុន្តែ​មាន​ន័យ​ថា​ជា​ការ​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​នាង​សារ៉ា ដើម្បី​ធ្វើ​អ្វី​ដែល​ទ្រង់​បាន​សន្យា​នោះ។

១៦ (​ក​) តាម​របៀប​ណា ដែល​ព្រះ​គ្រីស្ទ​ត្រូវ​យាង​ត្រឡប់​មក​ផែនដី​វិញ? (​ខ​) តើ​ពេល​ណា​ដែល​ព្រះ​គ្រីស្ទ​បាន​យាង​ត្រឡប់​មក​វិញ ហើយ​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ពេល​នោះ?

១៦ តាម​របៀប​ដូច​គ្នា ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះ​គ្រីស្ទ មិន​មាន​ន័យ​ថា ទ្រង់​យាង​ត្រឡប់​មក​ផែនដី​វិញ​មែនទែន​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​មាន​ន័យ​ថា ទ្រង់​ចាប់​ផ្ដើម​សោយ​រាជ្យ​ក្នុង​ព្រះ​រាជាណាចក្រ ហើយ​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​ចំពោះ​ផែនដី​នេះ។ ទ្រង់​មិន​បាច់​យាង​ចាក​ចេញ​ពី​បល្ល័ង្ក​នៅ​ស្ថានសួគ៌​របស់​ទ្រង់ ហើយ​យាង​ចុះ​មក​ផែនដី​ដើម្បី​ធ្វើ​កិច្ចការ​នេះ​ឡើយ។ ដូច​ជា​យើង​បាន​ឃើញ​នៅ​ក្នុង​ជំពូក​ពីមុន​រួច​មក​ហើយ ភស្តុតាង​នៃ​ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​១៩១៤​ស.យ. ពេល​វេលា​របស់​ព្រះ​បាន​មក​ដល់​ចំពោះ​ព្រះ​គ្រីស្ទ​ក្នុង​ការ​យាង​ត្រឡប់​មក​វិញ ហើយ​ចាប់​ផ្ដើម​សោយ​រាជ្យ។ នៅ​ពេល​នោះ​ហើយ​ដែល​សម្លេង​មួយ​យ៉ាង​ខ្លាំង​បាន​ឮ​ឡើង​នៅ​លើ​មេឃ​ថា​៖ ​«​ឥឡូវ​នេះ សេចក្ដី​សង្គ្រោះ ព្រះ​ចេស្ដា នឹង​រាជ្យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​អំណាច​របស់​ព្រះ​គ្រីស្ទ​នៃ​ទ្រង់ បាន​មក​ដល់​ហើយ​»។—វិវរណៈ ១២:១០

១៧ ដោយសារ​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះ​គ្រីស្ទ​មើល​មិន​ឃើញ​នោះ តើ​ទ្រង់​បាន​ប្រទាន​អ្វី​ដើម្បី​ឲ្យ​យើង​អាច​ដឹង​ថា ទ្រង់​បាន​យាង​ត្រឡប់​មក​មែន​នោះ?

១៧ ដោយ​ព្រោះ​តែ​ការ​យាង​ត្រឡប់​របស់​ព្រះ​គ្រីស្ទ​ជា​ការ​មើល​មិន​ឃើញ​នោះ តើ​មាន​មធ្យោបាយ​ណា​ដើម្បី​បញ្ជាក់​ថា​ការ​ទាំង​នេះ​ពិត​ជា​បាន​កើត​ឡើង​មែន​ទេ? ពិត​ជា​មាន។ ព្រះ​គ្រីស្ទ​បាន​ប្រទាន​នូវ​«​ទីសំគាល់​»​ដ៏​មើល​ឃើញ ដែល​ដោយសារ​នោះ​យើង​អាច​ដឹង​ថា ទ្រង់​មាន​វត្តមាន​ដ៏​មើល​មិន​ឃើញ ហើយ​ថា​ទីបញ្ចប់​របស់​លោកីយ៍​នេះ​ជិត​មក​ដល់​ហើយ។ សូម​ឲ្យ​យើង​ពិនិត្យមើល​«​ទីសំគាល់​»​នេះ។

[​រូបភាព​នៅ​ទំព័រ​១៤២​]

ព្រះ​គ្រីស្ទ​បាន​ប្រទាន​រូប​អង្គ​ទ្រង់ ជា​យញ្ញបូជា​មួយ។ ទ្រង់​មិន​អាច​យក​រូបកាយ​នោះ​មក​វិញ ហើយ​ទៅ​ជា​មនុស្ស​ម្នាក់​ម្ដង​ទៀត​បាន​ឡើយ

[​រូបភាព​នៅ​ទំព័រ​១៤៤, ១៤៥​]

ហេតុ​អ្វី​ក៏​នាង​ម៉ារា​ម៉ាក់ដាឡា​បាន​យល់​ច្រឡំ​ថា ព្រះ​យេស៊ូវ​ជា​អ្នក​ថែ​សួនច្បារ​ម្នាក់​ទៅ​វិញ ក្រោយ​ពី​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នោះ?

តើ​ព្រះ​យេស៊ូវ​ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ បាន​មាន​បន្ទូល​ឲ្យ​ថូម៉ាស​ដាក់​ដៃ​គាត់​ទៅ​លើ​រូបកាយ​សាច់​ឈាម​ណា?

[​រូបភាព​នៅ​ទំព័រ​១៤៧​]

ព្រះ​គ្រីស្ទ​ទ្រង់​ត្រូវ​យាង​ត្រឡប់​មក​វិញ តាម​បែប​ដូច​គ្នា​ដែល​ទ្រង់​បាន​យាង​ចាក​ចេញ​ពី​ផែនដី​ដែរ។ តើ​តាម​បែប​ណា ដែល​ទ្រង់​បាន​យាង​ចាក​ចេញ​ពី​ផែនដី​នោះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក