ជំពូកទី២៨
ចុះចូលនឹងគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់
១ (ក) តើលោកអ្នកអាចទៅជាផ្នែកមួយនៃអង្គការរបស់ព្រះបានយ៉ាងណា? (ខ) អញ្ចឹង តើបញ្ញត្តណាដែលលោកអ្នកត្រូវតែគោរពកាន់តាមនោះ?
ពេលដែលលោកអ្នកបានចម្រើននូវតម្រិះវិជ្ជា និងសេចក្ដីអំណរចំពោះព្រះយេហូវ៉ានិងព្រះរាជបំណងរបស់ទ្រង់នោះ លោកអ្នកនឹងចង់ចូលរួមឲ្យបានរឿយៗជាមួយបុគ្គលទាំងឡាយដែលមានជំនឿនិងសេចក្ដីសង្ឃឹមដូចគ្នានេះជាមិនខាន។ ដោយសារការធ្វើដូច្នេះ លោកអ្នកនឹងបានទៅជាផ្នែកនៃអង្គការដែលមើលឃើញរបស់ព្រះ ជាភាតរភាពមួយនៃពួកគ្រីស្ទានពិតប្រាកដ។ «ចូររាប់អានដល់មនុស្សទាំងអស់ ហើយស្រឡាញ់បងប្អូន» នឹងទៅជាបញ្ញត្តមួយដែលលោកអ្នកត្រូវគោរពកាន់តាម។—ពេត្រុសទី១ ២:១៧; ៥:៨, ៩
២ (ក) តើសេចក្ដីបញ្ញត្តថ្មីណា ដែលព្រះយេស៊ូវបានប្រទានដល់ពួកអ្នកកាន់តាមទ្រង់នោះ? (ខ) តើឃ្លាដែលថា «ទៅវិញទៅមក» និង«ដល់គ្នាទៅវិញទៅមក»បានបង្ហាញឲ្យឃើញច្បាស់អំពីអ្វី? (គ) តើជាការសំខាន់ប៉ុណ្ណា ក្នុងការមានសេចក្ដីស្រឡាញ់?
២ ព្រះយេស៊ូវគ្រីស្ទបានដៅបញ្ជាក់ថាជាការសំខាន់ណាស់ ដែលពួកអ្នកកាន់តាមទ្រង់ត្រូវចេះស្រឡាញ់គ្នាទៅវិញទៅមក។ ទ្រង់បានមានបន្ទូលទៅពួកគេថា៖ «ខ្ញុំឲ្យសេចក្ដីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក . . . គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៤, ៣៥) ឃ្លាដែលថា «ទៅវិញទៅមក» និង«ដល់គ្នាទៅវិញទៅមក» បង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ពួកគ្រីស្ទានពិតប្រាកដទាំងអស់នឹងរួបរួមជាមួយគ្នាជាក្រុម ឬអង្គការមួយ។ (រ៉ូម ១២:៥; អេភេសូរ ៤:២៥) ហើយអង្គការនេះនឹងត្រូវសម្គាល់បាន ដោយសារសេចក្ដីស្រឡាញ់ដែលពួកសមាជិករបស់គេមានរវាងគ្នានឹងគ្នា។ ប្រសិនបើបុគ្គលណាមិនមានសេចក្ដីស្រឡាញ់ទេនោះ អ្វីៗផ្សេងទាំងអស់នឹងទៅជាមោឃៈ។—កូរិនថូសទី១ ១៣:១-៣
៣ តើព្រះគម្ពីរបានបញ្ជាក់យ៉ាងណា ពីការសំខាន់នៃសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ចំពោះពួកគ្រីស្ទានគ្នាឯងនោះ?
៣ ដូច្នេះហើយ បានជាពួកគ្រីស្ទានពីដើមតែងតែត្រូវបានប្រាប់ពីការរំឭកបែបនេះ៖ «ចូរមានចិត្តថ្នមគ្នាទៅវិញទៅមក»។ «ចូរទទួលគ្នាទៅវិញទៅមក»។ «ត្រូវឲ្យបំរើគ្នាទៅវិញទៅមក»។ «ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្ដោស»។ «ចូរបន្តទ្រាំទ្រគ្នា ទាំងអត់ទោសគ្នាទៅវិញទៅមកដោយឥតរុញរាចុះ ប្រសិនបើអ្នកណាមួយមានហេតុទាស់នឹងអ្នកណាមួយទៀតនោះ»។ «ចូរកំសាន្ត ហើយស្អាងចិត្តគ្នាទៅវិញទៅមក»។ «ចូរនៅជាមួយគ្នាដោយមេត្រីចុះ»។ «ត្រូវឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត»។—រ៉ូម ១២:១០; ១៥:៧; កាឡាទី ៥:១៣; អេភេសូរ ៤:៣២; កូល៉ុស ៣:១៣, ១៤, ពថ; ថែស្សាឡូនីចទី១ ៥:១១, ១៣; ពេត្រុសទី១ ៤:៨; យ៉ូហានទី១ ៣:២៣; ៤:៧, ១១
៤ (ក) ក្រៅពី«គ្នាទៅវិញទៅមក» តើអ្វីដែលបង្ហាញថា ពួកគ្រីស្ទានត្រូវតែស្រឡាញ់អ្នកដទៃដែរនោះ? (ខ) ជាពិសេស តើពួកគ្រីស្ទានត្រូវតែស្រឡាញ់អ្នកណា?
៤ ប៉ុន្តែ នេះមិនមានន័យថា ពួកគ្រីស្ទានត្រូវស្រឡាញ់តែសមាជិកគ្នាឯងនៃអង្គការរបស់ព្រះប៉ុណ្ណោះទេ។ ពួកគេក៏ត្រូវតែស្រឡាញ់អ្នកដទៃដែរ។ តាមការពិត ព្រះគម្ពីរបានជម្រុញពួកគេឲ្យចម្រើន«សេចក្ដីស្រឡាញ់ . . . ដល់គ្នាទៅវិញទៅមក ព្រមទាំងដល់មនុស្សទាំងអស់ផង»។ (ថែស្សាឡូនីចទី១ ៣:១២; ៥:១៥) ក្នុងការផ្ដល់នូវទស្សនៈដែលស្មើត្រឹមត្រូវនោះ សាវកប៉ុលបានសរសេរថា៖ «ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម»។ (កាឡាទី ៦:១០) ដូច្នេះ កាលដែលពួកគ្រីស្ទានត្រូវតែស្រឡាញ់ដល់មនុស្សទាំងអស់ រួមទាំងសត្រូវទាំងឡាយរបស់ពួកគេផងនោះ ជាពិសេសពួកគេត្រូវតែស្រឡាញ់ពួកសមាជិកគ្នាឯងនៃអង្គការរបស់ព្រះ ដែលជាបងប្អូនប្រុសស្រីខាងវិញ្ញាណរបស់ពួកគេ។—ម៉ាថាយ ៥:៤៤
៥ អ្វីដែលបង្ហាញថា ពួកគ្រីស្ទានពិតប្រាកដពីដើមនិងសព្វថ្ងៃនេះ ត្រូវបានសម្គាល់ឃើញពីសេចក្ដីស្រឡាញ់របស់ពួកគេនោះ?
៥ ពួកគ្រីស្ទានពីដើមបានល្បីឈ្មោះចំពោះសេចក្ដីស្រឡាញ់នេះ ដែលពួកគេមានរវាងគ្នានឹងគ្នា។ យោងទៅតាមលោកទ័រទូលលាន ជាអ្នកនិពន្ធម្នាក់នៅសតវត្សទីពីរ មនុស្សម្នាច្រើនតែងនិយាយអំពីពួកគេថា៖ ‹សូមមើល ពួកគេស្រឡាញ់គ្នាទៅវិញទៅមកណាស់ហ្ន៎ ហើយពួកគេសុខចិត្តស្លាប់ដើម្បីគ្នាឯងទៀត›! សេចក្ដីស្រឡាញ់បែបនេះ ក៏ត្រូវបានឃើញក្នុងចំណោមពួកគ្រីស្ទានពិតប្រាកដនៅសព្វថ្ងៃនេះដែរ។ ប៉ុន្តែ តើនេះមានន័យថា មិនមានបញ្ហាឬផលវិបាកណា ក្នុងចំណោមពួកគ្រីស្ទានពិតប្រាកដទេឬ?
លទ្ធផលពីភាពមិនល្អឥតខ្ចោះ
៦ សូម្បីតែគ្រីស្ទានពិតប្រាកដ ជួនកាលក៏ធ្វើអំពើបាបរវាងគ្នានឹងគ្នាដែរ តើមកពីហេតុអ្វី?
៦ ពីការសិក្សាព្រះគម្ពីររបស់លោកអ្នក លោកអ្នកពិតជាដឹងថា មនុស្សយើងទាំងអស់គ្នាបានទទួលជាមរតកនូវភាពមិនល្អឥតខ្ចោះពីឪពុកម្ដាយដើមរបស់យើង អ័ដាមនិងអេវ៉ា។ (រ៉ូម ៥:១២) ដូច្នេះ យើងចេះតែមានចិត្តទោរទន់ទៅធ្វើអំពើខុស។ ព្រះគម្ពីរចែងថា៖ «យើងទាំងអស់គ្នាក៏ជំពប់ជាញយៗដែរ»។ (យ៉ាកុប ៣:២; រ៉ូម ៣:២៣) ហើយលោកអ្នកត្រូវដឹងថា សមាជិកនៃអង្គការរបស់ព្រះក៏មិនល្អឥតខ្ចោះដែរ ហើយជួនកាលពួកគេធ្វើអំពើអ្វីដែលជាការមិនត្រឹមត្រូវផង។ ជាលទ្ធផល ការនេះអាចបង្កើតឲ្យមានបញ្ហានិងផលវិបាកជាច្រើន សូម្បីតែក្នុងចំណោមពួកគ្រីស្ទានពិតប្រាកដក៏ដោយ។
៧ (ក) ហេតុអ្វីក៏នាងអ៊ើរ៉ូឌា នឹងនាងស៊ុនទីចត្រូវបានប្រាប់«ឲ្យមូលគំនិតតែ១»ដូច្នេះ? (ខ) អ្វីដែលបង្ហាញថា តាមពិតទៅ អ្នកទាំងពីរនេះជាស្ត្រីគ្រីស្ទានដ៏ប្រសើរនោះ?
៧ សូមពិចារណាអំពីស្ថានការណ៍រវាងស្ត្រីពីរនាក់ឈ្មោះ អ៊ើរ៉ូឌានិងស៊ុនទីចនៅក្នុងក្រុមជំនុំភីលីពពីដើម។ សាវកប៉ុលបានសរសេរថា៖ «ខ្ញុំសូមទូន្មានដល់នាងអ៊ើរ៉ូឌា នឹងនាងស៊ុនទីចដែរ ឲ្យមូលគំនិតតែ១ក្នុងព្រះអម្ចាស់»។ តើហេតុអ្វីបានជាប៉ុលលើកទឹកចិត្តស្ត្រីទាំងពីរនាក់នេះ «ឲ្យមូលគំនិតតែ១»ដូច្នេះ? រវាងអ្នកទាំងពីរនោះ ពិតជាមានរឿងរ៉ាវអ្វីមួយហើយ។ ព្រះគម្ពីរមិនបានចែងប្រាប់យើងអំពីរឿងរ៉ាវនោះទេ។ ពួកគេប្រហែលជាមានការច្រណែនរវាងគ្នានឹងគ្នាក៏មិនដឹង។ ប៉ុន្តែ តាមពិតទៅ អ្នកទាំងពីរនេះជាស្ត្រីដ៏ប្រសើរ។ ពួកគេបានទៅជាគ្រីស្ទានជាយូរឆ្នាំក្រែលមកហើយ មុននឹងគេបានចូលរួមក្នុងការផ្សាយជាមួយប៉ុលទៅទៀត។ ដូច្នេះហើយបានជាប៉ុលបានសរសេរទៅក្រុមជំនុំនោះថា៖ «សូមជួយស្ត្រីទាំង២នោះ ដែលបានតតាំងជា១នឹងខ្ញុំ ក្នុងដំណឹងល្អផង»។—ភីលីព ៤:១-៣
៨ (ក) តើរឿងរ៉ាវអ្វី ដែលបានកើតមានឡើងរវាងប៉ុលនិងបាណាបាស? (ខ) ប្រសិនបើលោកអ្នកបាននៅទីនោះ ហើយបានឃើញរឿងរ៉ាវនោះ តើអ្នកប្រហែលជាសន្និដ្ឋានយ៉ាងណា?
៨ នៅពេលមួយ រឿងរ៉ាវក៏បានកើតមានឡើងរវាងសាវកប៉ុលនិងសហការីរួមដំណើរជាមួយលោក គឺលោកបាណាបាសដែរ។ នៅពេលដែលពួកគេបម្រុងនឹងចេញដំណើរសាសនទូតទីពីរ លោកបាណាបាសចង់នាំយកប្អូនជីដូនមួយរបស់គាត់ម៉ាកុសទៅជាមួយដែរ។ ប៉ុន្តែ ប៉ុលមិនចង់ឲ្យម៉ាកុសទៅជាមួយទេ ពីព្រោះម៉ាកុសបានរត់ចោលពួកគេ ហើយទៅផ្ទះវិញ កាលកំឡុងដំណើរសាសនទូតទីមួយនោះ។ (កិច្ចការ ១៣:១៣) ព្រះគម្ពីរបានចែងថា៖ «ដូច្នេះ គេមានការណ៍ទាស់ទែងគ្នាជាខ្លាំង ដល់ម្ល៉េះបានជាបែកចេញពីគ្នា»។ (កិច្ចការ ១៥:៣៧-៤០) សូមលោកអ្នកនឹកស្មានអំពីរឿងនេះមើល! ប្រសិនបើលោកអ្នកបាននៅទីនោះ ហើយបានឃើញ«ការណ៍ទាស់ទែងគ្នាជាខ្លាំង»នោះ តើលោកអ្នកនឹងសន្និដ្ឋានថា លោកប៉ុលនិងបាណាបាសមិនមែនជាផ្នែកនៃអង្គការរបស់ព្រះ ដោយព្រោះតែឥរិយាបទដែលពួកគេបានបញ្ចេញឬ?
៩ (ក) តើពេត្រុសបានប្រព្រឹត្តអំពើបាបអ្វី ហើយអ្វីដែលបានបណ្ដាលឲ្យគាត់ប្រព្រឹត្តយ៉ាងនេះ? (ខ) តើប៉ុលបានធ្វើអ្វី ពេលដែលគាត់បានឃើញការនោះកើតឡើង?
៩ នៅគ្រាមួយទៀត សាវកពេត្រុសបានធ្វើខុស។ គាត់បានឈប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងពួកគ្រីស្ទានដែលជាសាសន៍ដទៃ ដោយព្រោះតែខ្លាចពួកគ្រីស្ទានសាសន៍យូដាខ្លះគេមិនចូលចិត្ត ដែលពួកគេបានមើលងាយដ៏មិនត្រឹមត្រូវទៅលើបងប្អូនដែលជាសាសន៍ដទៃរបស់ពួកគេនោះ។ (កាឡាទី ២:១១-១៤) ពេលដែលសាវកប៉ុលបានឃើញអ្វីដែលពេត្រុសបានធ្វើនោះ គាត់បានកាត់ទោសដល់ចរិយាមិនត្រឹមត្រូវរបស់ពេត្រុស នៅនឹងមុខពួកអ្នកទាំងអស់ដែលបាននៅទីនោះ។ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ ប្រសិនបើអ្នកជាពេត្រុសនោះ?
ដោះស្រាយផលវិបាកដោយសេចក្ដីស្រឡាញ់
១០ (ក) តើពេត្រុសមានចិត្តយ៉ាងណាដែរ ពេលដែលប៉ុលបានប្រដៅគាត់នោះ? (ខ) តើយើងអាចរៀនបានយ៉ាងណាខ្លះពីគំរូរបស់ពេត្រុស?
១០ ពេត្រុសអាចទៅជាខឹងនឹងប៉ុលក៏បាន។ គាត់អាចអាក់អន់ចិត្តពីរបៀបដែលប៉ុលបានប្រដៅគាត់នៅនឹងមុខអ្នកដទៃក៏បានដែរ។ ប៉ុន្តែ គាត់មិនបានមានចិត្តដូច្នេះទេ។ (សាស្ដា ៧:៩) ពេត្រុសគាត់បានបន្ទាបខ្លួនទៅវិញ។ គាត់បានទទួលនូវការប្រដៅនោះ ហើយគាត់មិនបានបណ្ដោយឲ្យការនេះធ្វើឲ្យរសាយសេចក្ដីស្រឡាញ់របស់គាត់ចំពោះប៉ុលទេ។ (ពេត្រុសទី១ ៣:៨, ៩) សូមកត់សម្គាល់ពីរបៀបដែលពេត្រុស ក្រោយមកបានសរសេរអំពីប៉ុលនៅក្នុងសំបុត្រលើកទឹកចិត្តមួយ ទៅពួកគ្រីស្ទានគ្នាឯងដោយមានសេចក្ដីថា៖ «ហើយត្រូវរាប់សេចក្ដីអត់ធ្មត់របស់ព្រះអម្ចាស់នៃយើង ទុកជាសេចក្ដីសង្គ្រោះ ដូចជាប៉ុល ជាបងប្អូនស្ងួនភ្ងារបស់យើងខ្ញុំ បានសរសេរមកអ្នករាល់គ្នាតាមប្រាជ្ញាដែលព្រះបានប្រទានមកលោកដែរ»។ (ពេត្រុសទី២ ៣:១៥) មែនហើយ ពេត្រុសបានទុកឲ្យសេចក្ដីស្រឡាញ់គ្របបិទបាំងផលវិបាក ដែលនៅក្នុងករណីនេះបានកើតមកពីចរិយាមិនត្រឹមត្រូវរបស់គាត់នោះ។—សុភាសិត ១០:១២
១១ (ក) ទោះបីមានការផ្ទុះនូវកំហឹងរបស់ពួកគេយ៉ាងណាក៏ដោយ តើប៉ុលនិងបាណាបាសបានបង្ហាញយ៉ាងណាថាពួកគេជាគ្រីស្ទានពិតប្រាកដនោះ? (ខ) តើយើងអាចទទួលប្រយោជន៍ពីគំរូរបស់ពួកគេបានយ៉ាងណា?
១១ តើបញ្ហារវាងប៉ុលនិងបាណាបាសយ៉ាងណាទៅ? រឿងនេះក៏បានដោះស្រាយដោយសេចក្ដីស្រឡាញ់ដែរ។ ពីព្រោះក្រោយមក ពេលដែលប៉ុលបានសរសេរសំបុត្រទៅក្រុមជំនុំនៅកូរិនថូស គាត់បាននិយាយអំពីបាណាបាសថាជាសហការីដ៏ជិតស្និទ្ធម្នាក់។ (កូរិនថូសទី១ ៩:៥, ៦) ហើយទោះបីប៉ុលប្រហែលជាមានមូលហេតុយ៉ាងល្អ ចំពោះការសង្ស័យពីប្រយោជន៍របស់ម៉ាកុសជាអ្នករួមដំណើរជាមួយគ្នានោះក៏ដោយ យុវជននេះក្រោយមកបានលូតលាស់ដល់វ័យចាស់ទុំរហូតដល់កម្រិតដែលប៉ុលអាចសរសេរទៅធីម៉ូថេថា៖ «ចូរឲ្យអ្នកនាំម៉ាកុសទៅជាមួយផង ដ្បិតគាត់ជាអ្នកមានប្រយោជន៍ក្នុងការងារខ្ញុំ»។ (ធីម៉ូថេទី២ ៤:១១) យើងអាចទទួលប្រយោជន៍ពីគំរូនៃដំណោះស្រាយនូវបញ្ហាជំទាស់គ្នានេះបាន។
១២ (ក) ហេតុអ្វីបានជាយើងអាចសន្មតបានថា នាងអ៊ើរ៉ូឌានិងនាងស៊ុនទីចបានដោះស្រាយនូវការជំទាស់របស់ពួកនាងនោះ? (ខ) យោងទៅតាម កាឡាទី ៥:១៣-១៥ ហេតុអ្វីក៏ជាការសំខាន់ម្ល៉េះ ដែលគ្រីស្ទានត្រូវដោះស្រាយនូវការជំទាស់របស់គេដោយសេចក្ដីស្រឡាញ់?
១២ អញ្ចឹង តើរឿងនាងអ៊ើរ៉ូឌានិងនាងស៊ុនទីចយ៉ាងណាដែរ? តើពួកនាងបានដោះស្រាយការជំទាស់គ្នា ដោយអនុញ្ញាត្តឲ្យសេចក្ដីស្រឡាញ់គ្របបិទបាំងអំពើបាបទាំងឡាយណាដែលពួកគេបានប្រព្រឹត្តរវាងគ្នានឹងគ្នាទេ? ព្រះគម្ពីរមិនបានចែងប្រាប់យើង អំពីហេតុការណ៍ដែលបានកើតដល់ពួកនាងនៅទីបញ្ចប់នោះទេ។ ប៉ុន្តែ ដោយពួកគេជាស្ត្រីដ៏ប្រសើរ ដែលបានផ្សាយជាមួយនឹងប៉ុលក្នុងកិច្ចបម្រើគ្រីស្ទានរបស់គាត់ យើងអាចសន្មតដោយសមហេតុសមផលថា ពួកនាងពិតជាបានបន្ទាបខ្លួនទទួលព្រមយកដំបូន្មានដែលបានឲ្យមកជាមិនខាន។ ពេលដែលក្រុមជំនុំនោះបានទទួលសំបុត្ររបស់ប៉ុល យើងអាចនឹកស្មានពីការដែលនាងទាំងពីរនោះទៅរកគ្នាទៅវិញទៅមក ហើយដោះស្រាយនូវបញ្ហារបស់ពួកគេតាមរបៀបនៃសេចក្ដីស្រឡាញ់ហើយ។—កាឡាទី ៥:១៣-១៥
១៣ តើព្រះយេហូវ៉ាបានសម្ដែងគំរូអ្វីចំពោះការបង្ហាញនូវសេចក្ដីស្រឡាញ់?
១៣ លោកអ្នកប្រហែលជាមានការពិបាកដែរក្នុងការចុះចូលជាមួយបុគ្គលណាម្នាក់ ឬបុគ្គលទាំងឡាយនៅក្នុងក្រុមជំនុំ។ ទោះបីពួកគេនៅមានការខិតខំជាច្រើនទៀតក្នុងការលូតលាស់នូវគុណសម្បត្ដិនៃគ្រីស្ទានពិតក៏ដោយ សូមគិតអំពីរឿងនេះ៖ តើព្រះយេហូវ៉ាទ្រង់ចាំរហូតដល់មនុស្សលោកបានបោះបង់ផ្លូវអាក្រក់របស់គេទាំងអស់សិន មុននឹងទ្រង់ស្រឡាញ់ពួកគេឬ? មិនមែនទេ ព្រះគម្ពីរបានចែងថា៖ «តែឯព្រះ ទ្រង់សំដែងសេចក្ដីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង»។ (រ៉ូម ៥:៨) យើងត្រូវតែកាន់តាមគំរូរបស់ព្រះជាចាំបាច់ ហើយត្រូវបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកណា ដែលធ្វើអំពើបាបនិងអំពើចោលម្សៀតផង។—អេភេសូរ ៥:១, ២; យ៉ូហានទី១ ៤:៩-១១; ទំនុកដំកើង ១០៣:១០
១៤ តើដំបូន្មានអ្វី ដែលព្រះយេស៊ូវបានប្រទានពីការមិនត្រូវរិះគន់ដល់អ្នកដទៃនោះ?
១៤ ដោយសារតែពួកយើងទាំងអស់គ្នាមិនមានលក្ខណៈល្អឥតខ្ចោះនោះ ព្រះយេស៊ូវបានបង្រៀនថា យើងមិនត្រូវរិះគន់ដល់អ្នកដទៃឡើយ។ ពិតមែនហើយ អ្នកដទៃគេមានកំហុស ប៉ុន្តែយើងក៏មានកំហុសដែរ។ ព្រះយេស៊ូវបានមានបន្ទូលសួរថា៖ «ធ្វើដូចម្ដេចឲ្យអ្នកនិយាយនឹងបងប្អូនថា ចូរឲ្យអញយកកំទេចពីភ្នែកឯងចេញ តែមើល មានធ្នឹមនៅក្នុងភ្នែកខ្លួនឯងវិញ»? (ម៉ាថាយ ៧:១-៥) ដោយចាំទុកក្នុងចិត្តនូវដំបូន្មានដ៏មានប្រាជ្ញាបែបនេះ នោះនឹងជួយយើងឲ្យចុះចូលជាមួយនឹងបងប្អូនប្រុសស្រីរបស់យើងជាមិនខាន។
១៥ (ក) ហេតុអ្វីក៏ជាការសំខាន់ ដែលយើងត្រូវអត់ឱនទោសឲ្យអ្នកដទៃ ទោះបីនៅពេលដែលយើងមានបុព្វហេតុគួរឲ្យទាស់នឹងគេនោះ? (ខ) ក្នុងឧទាហរណនិទស្សន៍របស់ទ្រង់ នៅក្នុងម៉ាថាយជំពូក១៨ តើព្រះយេស៊ូវបានបង្រៀនយ៉ាងណា ពីការចាំបាច់នូវការអត់ឱនទោសនោះ?
១៥ ជាការចាំបាច់បំផុត ដែលយើងត្រូវមានសេចក្ដីមេត្ដាករុណានិងសុខចិត្តអត់ឱនទោស។ ពិតមែនហើយ លោកអ្នកប្រហែលជាមានបុព្វហេតុត្រឹមត្រូវមួយ ដែលគួរឲ្យត្អូញត្អែរនឹងបងប្អូនប្រុសឬក៏បងប្អូនស្រីណាម្នាក់។ ប៉ុន្តែ សូមចងចាំពីដំបូន្មានរបស់ព្រះគម្ពីរដែលថា៖ «ចូរបន្តទ្រាំទ្រគ្នា ទាំងអត់ទោសគ្នាទៅវិញទៅមកដោយឥតរុញរាចុះ ប្រសិនបើអ្នកណាមួយមានហេតុទាស់នឹងអ្នកណាមួយទៀតនោះ»។ ប៉ុន្តែ ហេតុអ្វីក៏លោកអ្នកត្រូវតែអត់ទោសឲ្យអ្នកដទៃ បើលោកអ្នកមានបុព្វហេតុដ៏ស្មោះគួរឲ្យទាស់នឹងពួកគេនោះ? ព្រះគម្ពីរបានឆ្លើយថា៖ ពីព្រោះ «ព្រះយេហូវ៉ាបានអត់ទោសឲ្យអ្នករាល់គ្នា»។ (កូល៉ុស ៣:១៣, ពថ) ហើយ ប្រសិនបើយើងចង់ទទួលនូវការអត់ទោសពីទ្រង់ ព្រះយេស៊ូវបានមានបន្ទូលថា យើងត្រូវតែអត់ទោសដល់អ្នកដទៃដែរ។ (ម៉ាថាយ ៦:៩-១២, ១៤, ១៥) ព្រះយេហូវ៉ា ទ្រង់ដូចជាស្តេចនៅក្នុងឧទាហរណនិទស្សន៍របស់ព្រះយេស៊ូវមួយនោះដែរ បានអត់ទោសឲ្យយើងរាប់ពាន់ដង ដូច្នេះ តើយើងមិនអាចអត់ទោសឲ្យបងប្អូនយើងតែពីរបីដងនេះមិនបានទេឬ?—ម៉ាថាយ ១៨:២១-៣៥; សុភាសិត ១៩:១១
១៦ (ក) យោងទៅតាម យ៉ូហានទី១ ៤:២០, ២១ តើសេចក្ដីស្រឡាញ់ដល់ព្រះទាក់ទងទៅនឹងសេចក្ដីស្រឡាញ់ដល់ពួកគ្រីស្ទានគ្នាឯងយ៉ាងណា? (ខ) តើការប្រព្រឹត្តណាជាការចាំបាច់ ប្រសិនបើបងប្អូនរបស់អ្នកបានធ្វើអ្វីមួយប្រឆាំងនឹងអ្នកនោះ?
១៦ យើងមិនអាចជាអ្នកកាន់សេចក្ដីពិត ហើយនៅពេលជាមួយគ្នានោះជាអ្នកប្រព្រឹត្តដល់បងប្អូនប្រុសស្រីរបស់យើងដោយឥតសេចក្ដីស្រឡាញ់ ឥតមានការអត់ទោសនោះឡើយ។ (យ៉ូហានទី១ ៤:២០, ២១; ៣:១៤-១៦) ដូច្នេះហើយ ប្រសិនបើលោកអ្នកមានរឿងរ៉ាវណាមួយជាមួយនឹងជនគ្រីស្ទានគ្នាឯងណាម្នាក់ អ្នកមិនត្រូវឈប់និយាយជាមួយគាត់ឡើយ។ សូមកុំឲ្យចងគំនុំ ប៉ុន្តែ សូមដោះស្រាយរឿងរ៉ាវនោះដោយមានចិត្តស្រឡាញ់វិញ។ ប្រសិនបើលោកអ្នកបានជំទាស់ចិត្តបងប្អូនរបស់អ្នក ត្រូវសុខចិត្តទៅសុំខមាទោសគេ រួចសូមឲ្យគេអត់ឱនទោសឲ្យចុះ។—ម៉ាថាយ ៥:២៣, ២៤
១៧ តើលោកអ្នកត្រូវធ្វើតាមវិធីត្រឹមត្រូវណា ប្រសិនបើមានអ្នកណាម្នាក់ធ្វើខុសនឹងអ្នកនោះ?
១៧ ប៉ុន្តែ តើយ៉ាងណាទៅ ប្រសិនបើមានអ្នកណាម្នាក់ប្រមាថតិះដៀល ឬក៏ប្រព្រឹត្តខុសនឹងអ្នកដោយវិធីណាមួយនោះ? ព្រះគម្ពីរទូន្មានថា៖ «កុំឲ្យពោលដូច្នេះឡើយថា៖ ‹អញនឹងប្រព្រឹត្តដល់គេ ដូចជាគេបានប្រព្រឹត្តដល់អញដែរ›»។ (សុភាសិត ២៤:២៩; រ៉ូម ១២:១៧, ១៨) ព្រះយេស៊ូវគ្រីស្ទបានទូន្មានថា៖ «បើអ្នកណាទះកំផ្លៀងស្ដាំនៃអ្នក នោះត្រូវតែបែរកំផ្លៀងម្ខាងទៅឲ្យទៀត»។ (ម៉ាថាយ ៥:៣៩) ការទះកំផ្លៀងមិនមែនបម្រុងធ្វើឲ្យមានរបួសខាងរាងកាយទេ ប៉ុន្តែគ្រាន់តែធ្វើឲ្យទាស់ចិត្តឬក៏ធ្វើឲ្យខឹងប៉ុណ្ណោះ។ ដូច្នេះ ព្រះយេស៊ូវបានបង្រៀនពួកអ្នកកាន់តាមទ្រង់ឲ្យចៀសវាងនូវការជាប់ទាក់ទាមជាមួយនឹងការប្រយុទ្ធឬការឈ្លោះប្រកែកគ្នា។ ជាជាង«ការអាក្រក់ស្នងនឹងការអាក្រក់ ឬពាក្យប្រមាថស្នងនឹងពាក្យប្រមាថ» លោកអ្នកគួរតែ«ស្វែងរក ហើយដេញតាមសេចក្ដីមេត្រីភាព»វិញ។—ពេត្រុសទី១ ៣:៩, ១១; រ៉ូម ១២:១៤
១៨ តើយើងគួរតែរៀនអ្វីពីគំរូរបស់ព្រះ ក្នុងការស្រឡាញ់មនុស្សលោកទាំងអស់នោះ?
១៨ សូមនឹកចាំថា យើងត្រូវតែ«រាប់អានដល់មនុស្សទាំងអស់ ហើយស្រឡាញ់បងប្អូន»។ (ពេត្រុសទី១ ២:១៧) ព្រះយេហូវ៉ាជាគំរូសំរាប់យើង។ ទ្រង់មិនប្រកាន់បក្សពួកទេ។ សាសន៍ទាំងអស់មានភាពស្មើគ្នាចំពោះព្រះនេត្រទ្រង់។ (កិច្ចការ ១០:៣៤, ៣៥; ១៧:២៦) ពួកអ្នកទាំងនោះដែលនឹងត្រូវការពារពី«គ្រាវេទនាយ៉ាងធំ»នៅខាងមុខនេះ នឹងត្រូវបានយកពី«គ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ (វិវរណៈ ៧:៩, ១៤-១៧) ដូច្នេះ ក្នុងការយកតម្រាប់តាមព្រះ យើងមិនត្រូវស្រឡាញ់អ្នកដទៃតិចជាង ដោយព្រោះតែពួកគេមានសញ្ជាតិផ្សេង ឬក៏សាសន៍ផ្សេង ឬក៏ឋានៈនៃសង្គមផ្សេង ឬក៏មានសម្បុរស្បែកផ្សេងឡើយ។
១៩ (ក) តើតាមរបៀបណាខ្លះដែលយើងត្រូវរាប់អាននិងចាត់ទុកពួកគ្រីស្ទានគ្នាឯង? (ខ) តើឯកសិទ្ធិដ៏ធំណា ដែលអាចទៅជារបស់យើងនោះ?
១៩ សូមឲ្យស្គាល់ជនទាំងអស់នៅក្នុងក្រុមជំនុំគ្រីស្ទានឲ្យបានស្និទ្ធស្នាល ហើយលោកអ្នកនឹងមានចិត្តស្រឡាញ់ហើយមានអំណរចំពោះពួកគេជាមិនខាន។ សូមចាត់ទុកពួកអ្នកចាស់ៗ ជាឪពុកនិងម្ដាយ ពួកអ្នកក្មេងៗ ដូចជាបងប្អូនប្រុសនិងបងប្អូនស្រីចុះ។ (ធីម៉ូថេទី១ ៥:១, ២) នេះគឺពិតជាឯកសិទ្ធិមួយ ដែលបានជាផ្នែកមួយនៃអង្គការមើលឃើញដែលដូចជាគ្រួសារមួយរបស់ព្រះ ដែលពួកសមាជិកទាំងនោះមានការចុះចូលយ៉ាងប្រពៃរវាងគ្នានឹងគ្នាក្នុងសេចក្ដីស្រឡាញ់។ តើជាការប្រសើរយ៉ាងណាទៅហ្ន៎ ដោយរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី ជាមួយគ្រួសារយ៉ាងប្រពៃមួយបែបនេះ!—កូរិនថូសទី១ ១៣:៤-៨
[រូបភាពនៅទំព័រ២៣៣]
តើយើងអាចរៀនបានអ្វីខ្លះ អំពីរឿងរ៉ាវដែលបានកើតឡើងរវាងនាងអ៊ើរ៉ូឌា និងនាងស៊ុនទីចនោះ?
[រូបភាពនៅទំព័រ២៣៥]
តើជម្លោះរវាងប៉ុលនិងបាណាបាស មានន័យថាពួកគេមិនមែនជាសមាជិកនៃអង្គការរបស់ព្រះឬ?
[រូបភាពនៅទំព័រ២៣៦]
ពួកគ្រីស្ទានពិត ទុកឲ្យសេចក្ដីស្រឡាញ់គ្របបិទបាំងបុព្វហេតុទាំងឡាយដែលគួរឲ្យត្អូញត្អែរ
[រូបភាពនៅទំព័រ២៣៧]
នៅក្នុងអង្គការរបស់ព្រះ ពួកគ្រីស្ទានបានត្រូវជម្រុញដោយសេចក្ដីស្រឡាញ់ ដើម្បីឲ្យចុះចូលនឹងគ្នាឲ្យបានស្មើ