អត្ថបទសិក្សា ៤៧
របៀបរក្សាសេចក្ដីស្រឡាញ់ឲ្យខ្លាំងចំពោះគ្នាទៅវិញទៅមក
«ចូរយើងបន្តស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ពីព្រោះសេចក្ដីស្រឡាញ់គឺមកពីព្រះ»។—១យ៉ូន. ៤:៧
ចម្រៀងលេខ១០៩ ចូរស្រឡាញ់គ្នាឲ្យខ្លាំងដោយស្មោះពីចិត្ត
សេចក្ដីសង្ខេបa
១-២. (ក) ហេតុអ្វីសាវ័កប៉ូលអាចនិយាយថាសេចក្ដីស្រឡាញ់គឺជាគុណសម្បត្តិ«សំខាន់បំផុត»? (ខ) តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
ពេលសាវ័កប៉ូលនិយាយអំពីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ គាត់បញ្ចប់ដោយនិយាយថា៖ «ក្នុងចំណោម[គុណសម្បត្តិ]ទាំងបីយ៉ាងនេះ សេចក្ដីស្រឡាញ់គឺសំខាន់បំផុត»។ (១កូ. ១៣:១៣) ហេតុអ្វីប៉ូលអាចនិយាយដូច្នេះ? ពីព្រោះនៅថ្ងៃអនាគត យើងនឹងលែងត្រូវការជំនឿលើសេចក្ដីសន្យារបស់ព្រះអំពីពិភពលោកថ្មី ឬសង្ឃឹមថាសេចក្ដីសន្យាទាំងនោះនឹងសម្រេច ដោយសារនោះបានក្លាយជាការពិតរួចហើយ។ ប៉ុន្តែ យើងនឹងតែងតែត្រូវមានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងមនុស្ស។ តាមពិត សេចក្ដីស្រឡាញ់របស់យើងចំពោះលោកនិងមនុស្សនឹងបន្តកើនឡើងជារៀងរហូត។
២ ដោយសារយើងនឹងតែងតែងត្រូវមានសេចក្ដីស្រឡាញ់ យើងនឹងពិចារណាសំណួរបីគឺ៖ ទី១ ហេតុអ្វីយើងគួរស្រឡាញ់គ្នាទៅវិញទៅមក? ទី២ តើយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកយ៉ាងដូចម្ដេច? ទី៣ តើយើងអាចរក្សាសេចក្ដីស្រឡាញ់របស់យើងឲ្យខ្លាំងចំពោះគ្នាទៅវិញទៅមកតាមរបៀបណា?
ហេតុអ្វីយើងគួរស្រឡាញ់គ្នាទៅវិញទៅមក?
៣. តើយើងមានមូលហេតុអ្វីខ្លះឲ្យស្រឡាញ់គ្នាទៅវិញទៅមក?
៣ ហេតុអ្វីគឺសំខាន់ឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក? មូលហេតុមួយ គឺសេចក្ដីស្រឡាញ់ជាលក្ខណៈសម្គាល់ថាយើងជាគ្រិស្តសាសនិកពិត។ លោកយេស៊ូបានប្រាប់ពួកសាវ័ករបស់លោកថា៖ «យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា»។ (យ៉ូន. ១៣:៣៥) ការមានសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកក៏ជួយយើងឲ្យរក្សាសាមគ្គីភាពដែរ។ ប៉ូលបានហៅសេចក្ដីស្រឡាញ់ថាជា«ចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ»។ (កូឡ. ៣:១៤) ប៉ុន្តែ មានមូលហេតុសំខាន់មួយទៀតដែលយើងគួរស្រឡាញ់គ្នាទៅវិញទៅមក។ សាវ័កយ៉ូហានបានសរសេរទៅកាន់បងប្អូនរួមជំនឿថា៖ «អ្នកណាដែលស្រឡាញ់ព្រះ អ្នកនោះក៏ត្រូវស្រឡាញ់បងប្អូនខ្លួនដែរ»។ (១យ៉ូន. ៤:២១) ពេលយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក យើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះ។
៤-៥. សូមលើកឧទាហរណ៍អំពីរបៀបដែលសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ គឺជាប់ទាក់ទងនឹងសេចក្ដីស្រឡាញ់របស់យើងចំពោះគ្នាទៅវិញទៅមក។
៤ តើសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះជាប់ទាក់ទងយ៉ាងណានឹងសេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូន? ជាឧទាហរណ៍ សូមគិតអំពីទំនាក់ទំនងរវាងបេះដូងនិងអវយវៈផ្សេងនៃរូបកាយរបស់យើង។ ពេលគ្រូពេទ្យពិនិត្យមើលជីបចរនៅកដៃរបស់យើងដើម្បីដឹងថាវាខ្សោយឬខ្លាំង គាត់ប្រហែលជាអាចដឹងព័ត៌មានខ្លះអំពីសុខភាពបេះដូងរបស់យើង។ តើយើងអាចរៀនអ្វីពីគោលការណ៍នេះ?
៥ ដូចគ្រូពេទ្យអាចដឹងព័ត៌មានខ្លះអំពីសុខភាពបេះដូងរបស់យើងពេលពិនិត្យមើលជីបចរយើង យើងអាចដឹងព័ត៌មានខ្លះអំពីសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះថាគឺខ្លាំងយ៉ាងណា ដោយពិនិត្យមើលសេចក្ដីស្រឡាញ់របស់យើងចំពោះអ្នកឯទៀត។ បើយើងកត់សម្គាល់ឃើញថាសេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូនរួមជំនឿខ្សោយជាងមុន នោះប្រហែលជាបង្ហាញថាសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះក៏ចុះខ្សោយដែរ។ ប៉ុន្តែ ពេលយើងបង្ហាញសេចក្ដីស្រឡាញ់ជាទៀងទាត់ចំពោះបងប្អូនរួមជំនឿ យើងនឹងដឹងថាសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះគឺខ្លាំង។
៦. ហេតុអ្វីយើងគួរយកចិត្តទុកដាក់បើសេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូនចុះខ្សោយ? (យ៉ូហានទី១ ៤:៧-៩, ១១)
៦ យើងគួរយកចិត្តទុកដាក់ បើសេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូនចុះខ្សោយ។ ហេតុអ្វី? ពីព្រោះនេះមានន័យថាយើងអាចងាយបាត់បង់ចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា។ សាវ័កយ៉ូហានបានបញ្ជាក់ច្បាស់អំពីចំណុចនេះ ពេលគាត់រំលឹកយើងថា៖ «អ្នកណាដែលមិនស្រឡាញ់បងប្អូនដែលខ្លួនមើលឃើញ អ្នកនោះមិនអាចស្រឡាញ់ព្រះដែលខ្លួនមើលមិនឃើញឡើយ»។ (១យ៉ូន. ៤:២០) តើមានមេរៀនអ្វីសម្រាប់យើង? ព្រះយេហូវ៉ាពេញចិត្តយើង លុះត្រាតែយើង«ស្រឡាញ់គ្នាទៅវិញទៅមក»។—សូមអាន យ៉ូហានទី១ ៤:៧-៩, ១១
តើយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកយ៉ាងដូចម្ដេច?
៧-៨. តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះគ្នាទៅវិញទៅមកតាមរបៀបណាខ្លះ?
៧ ម្ដងហើយម្ដងទៀតក្នុងបណ្ដាំព្រះ យើងឃើញបង្គាប់ឲ្យ«ស្រឡាញ់គ្នាទៅវិញទៅមក»។ (យ៉ូន. ១៥:១២, ១៧; រ៉ូម ១៣:៨; ១ថែ. ៤:៩; ១ពេ. ១:២២; ១យ៉ូន. ៤:១១) ប៉ុន្តែ សេចក្ដីស្រឡាញ់គឺជាអារម្មណ៍ដែលមានក្នុងចិត្តយើងដែលគ្មានអ្នកណាអាចមើលឃើញឡើយ។ ដូច្នេះ តើតាមរបៀបណាយើងអាចធ្វើឲ្យសេចក្ដីស្រឡាញ់របស់យើងចំពោះគ្នាទៅវិញទៅមកស្ដែងចេញមកក្រៅ? គឺដោយពាក្យសម្ដីនិងការប្រព្រឹត្តរបស់យើង។
៨ មានរបៀបជាច្រើនដែលយើងអាចបង្ហាញបងប្អូនរបស់យើងថាយើងស្រឡាញ់ពួកគេ។ របៀបខ្លះដែលយើងអាចធ្វើដូច្នេះមានដូចតទៅនេះ៖ «ចូរនិយាយពាក្យពិតចំពោះគ្នា»។ (សាក. ៨:១៦) «[ចូរ]រក្សាសេចក្ដីសុខសាន្តនឹងគ្នាជានិច្ច»។ (ម៉ាក. ៩:៥០) «ក្នុងការលើកកិត្តិយសគ្នាទៅវិញទៅមក ចូរលើកកិត្តិយសគេមុន»។ (រ៉ូម ១២:១០) «ចូរទទួលស្វាគមន៍គ្នាទៅវិញទៅមក»។ (រ៉ូម ១៥:៧) «[ចូរ]អភ័យទោសឲ្យគ្នាទៅវិញទៅមក»។ (កូឡ. ៣:១៣) «ចូរបន្តរែកពុនបន្ទុកគ្នាទៅវិញទៅមក»។ (កាឡ. ៦:២) «ចូរបន្តសម្រាលទុក្ខគ្នាទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក»។ (១ថែ. ៥:១១, កំ.ស.) «[ចូរ]អធិដ្ឋានឲ្យគ្នាទៅវិញទៅមក»។—យ៉ា. ៥:១៦
តើយើងអាចជួយបងប្អូនរួមជំនឿដែលពិបាកចិត្តតាមរបៀបណា? (សូមមើលវគ្គ៧-៩)
៩. ហេតុអ្វីការសម្រាលទុក្ខអ្នកឯទៀតគឺជារបៀបសំខាន់មួយដើម្បីបង្ហាញពួកគេថាយើងស្រឡាញ់ពួកគេ? (សូមមើលរូបភាពផងដែរ)
៩ សូមយើងពិចារណាអំពីរបៀបមួយដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀត។ យើងនឹងពិចារណាអំពីពាក្យរបស់ប៉ូលដែលថា៖ «ចូរបន្តសម្រាលទុក្ខគ្នាទៅវិញទៅមក»។ ហេតុអ្វីការសម្រាលទុក្ខអ្នកឯទៀតគឺជារបៀបសំខាន់មួយដើម្បីបង្ហាញពួកគេថាយើងស្រឡាញ់ពួកគេ? តាមឯកសារយោងមួយអំពីគម្ពីរ ពាក្យដែលប៉ូលបានប្រើសម្រាប់«សម្រាលទុក្ខ»មានន័យថា«ឈរក្បែរបុគ្គលណាម្នាក់ដើម្បីលើកទឹកចិត្តគាត់ពេលគាត់ជួបទុក្ខលំបាកដ៏ធ្ងន់ធ្ងរ»។ ដូច្នេះ ដោយផ្ដល់ការសម្រាលទុក្ខ យើងជួយបងប្អូនរួមជំនឿដែលពិបាកចិត្តឲ្យក្រោកឈរឡើង ហើយបន្តដើរនៅលើផ្លូវទៅឯជីវិត។ រាល់ដងដែលយើងសម្រាលទុក្ខបងប្អូន យើងបង្ហាញគាត់ថាយើងស្រឡាញ់គាត់។—២កូ. ៧:៦, ៧, ១៣
១០. តើចិត្តអាណិតមេត្តានិងការសម្រាលទុក្ខជាប់ទាក់ទងគ្នាយ៉ាងណា?
១០ ការមានចិត្តអាណិតមេត្តានិងការសម្រាលទុក្ខជាប់ទាក់ទងគ្នាយ៉ាងខ្លាំង។ តើតាមរបៀបណា? ពេលបុគ្គលម្នាក់មានចិត្តអាណិតមេត្តាចំពោះអ្នកដែលរងទុក្ខ គាត់ចង់សម្រាលទុក្ខអ្នកនោះ ហើយធ្វើអ្វីដើម្បីជួយអ្នកនោះ។ ដូច្នេះ ដំបូងយើងមានចិត្តអាណិតមេត្តា បន្ទាប់មកយើងផ្ដល់ការសម្រាលទុក្ខ។ ប៉ូលបានពន្យល់ថាសេចក្ដីអាណិតមេត្តារបស់ព្រះយេហូវ៉ាចំពោះមនុស្សជំរុញចិត្តលោកឲ្យសម្រាលទុក្ខពួកគេ។ ប៉ូលបានរៀបរាប់អំពីព្រះយេហូវ៉ាថាជា«បិតានៃសេចក្ដីមេត្តាករុណា និងជាព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»។ (២កូ. ១:៣) នៅទីនេះ ព្រះបានត្រូវហៅថាបិតាឬប្រភពនៃសេចក្ដីមេត្តាករុណា ដោយសារលោកមានសេចក្ដីអាណិតមេត្តាជាខ្លាំងចំពោះមនុស្ស។ ម្យ៉ាងទៀត សេចក្ដីអាណិតមេត្តានោះជំរុញលោកឲ្យសម្រាលទុក្ខ«យើងពីសេចក្ដីវេទនាសព្វបែបយ៉ាង»។ (២កូ. ១:៤) ដូចទឹកស្អាតដែលហូរចេញពីប្រភពទឹក ធ្វើឲ្យពួកអ្នកដែលស្រេកទឹកមានកម្លាំងឡើងវិញ ព្រះយេហូវ៉ាផ្ដល់កម្លាំងឡើងវិញនិងការសម្រាលទុក្ខដល់ពួកអ្នកដែលពិបាកចិត្ត។ តើយើងអាចយកតម្រាប់ព្រះយេហូវ៉ាក្នុងការបង្ហាញចិត្តអាណិតមេត្តា និងការផ្ដល់ការសម្រាលទុក្ខដល់អ្នកឯទៀតយ៉ាងដូចម្ដេច? របៀបមួយដែលយើងអាចធ្វើដូច្នេះ គឺដោយបណ្ដុះគុណសម្បត្តិផ្សេងៗដែលជាប់ទាក់ទងនឹងការផ្ដល់ការសម្រាលទុក្ខ។ តើនោះជាគុណសម្បត្តិអ្វីខ្លះ?
១១. យោងទៅតាមកូឡុស ៣:១២ និងពេត្រុសទី១ ៣:៨ តើគុណសម្បត្តិអ្វីទៀតនឹងជួយយើងឲ្យស្រឡាញ់និងសម្រាលទុក្ខអ្នកឯទៀត?
១១ តើអ្វីនឹងជួយយើងឲ្យរក្សាសេចក្ដីស្រឡាញ់ដែលយើងត្រូវការ ដើម្បី«បន្តសម្រាលទុក្ខគ្នាទៅវិញទៅមក»ពីមួយថ្ងៃទៅមួយថ្ងៃ? យើងត្រូវបណ្ដុះឲ្យមានគុណសម្បត្តិដូចជា ចេះកើតទុក្ខជាមួយគ្នា ស្រឡាញ់រាប់អានគ្នាជាបងប្អូន និងមានសេចក្ដីសប្បុរស។ (សូមអាន កូឡុស ៣:១២; ពេត្រុសទី១ ៣:៨) តើគុណសម្បត្តិទាំងនេះនឹងជួយយើងយ៉ាងដូចម្ដេច? ពេលយើងមានចិត្តអាណិតមេត្តាចំពោះបងប្អូននិងយកចិត្តទុកដាក់យ៉ាងស្មោះចំពោះពួកគេ យើងនឹងមានបំណងចិត្តខ្លាំងឲ្យសម្រាលទុក្ខពួកគេពេលពួកគេរងទុក្ខលំបាក។ ដូចលោកយេស៊ូបានមានប្រសាសន៍ «មាត់តែងនិយាយអ្វីដែលមានពោរពេញនៅក្នុងចិត្ត។ មនុស្សល្អ បញ្ចេញអ្វីល្អ ពីរបស់ល្អដែលគាត់បានសន្សំទុក»។ (ម៉ាថ. ១២:៣៤, ៣៥) ការផ្ដល់ការសម្រាលទុក្ខដល់បងប្អូនរបស់យើងដែលត្រូវការ គឺជារបៀបដ៏សំខាន់ណាស់ដែលយើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះពួកគេ។
តើយើងអាចរក្សាសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកឲ្យខ្លាំងយ៉ាងដូចម្ដេច?
១២. (ក) ហេតុអ្វីយើងត្រូវប្រុងប្រយ័ត្នមិនឲ្យបាត់បង់សេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក? (ខ) តើយើងនឹងពិចារណាចម្លើយចំពោះសំណួរអ្វីនៅឥឡូវនេះ?
១២ យើងទាំងអស់គ្នាចង់«បន្តស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច»។ (១យ៉ូន. ៤:៧) ប៉ុន្តែ គឺសំខាន់ឲ្យយើងចាំថាលោកយេស៊ូបានព្រមានថា៖ «សេចក្ដីស្រឡាញ់របស់មនុស្សភាគច្រើននឹងរសាយទៅ»។ (ម៉ាថ. ២៤:១២) លោកយេស៊ូមិនបានមានប្រសាសន៍ថា នេះនឹងកើតឡើងដល់ពួកអ្នកកាន់តាមភាគច្រើនរបស់លោកទេ។ ប៉ុន្តែ យើងគួរបន្តប្រុងប្រយ័ត្នដើម្បីមិនទទួលឥទ្ធិពលពីការខ្វះសេចក្ដីស្រឡាញ់របស់មនុស្សដែលនៅជុំវិញយើងក្នុងពិភពលោកនេះ។ ដោយចាំចំណុចនេះ សូមយើងពិចារណាអំពីសំណួរសំខាន់នេះ៖ តើមានវិធីដែលជួយយើងឲ្យដឹងថាសេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូនគឺខ្លាំងឬទេ?
១៣. តើអ្វីអាចល្បងលសេចក្ដីស្រឡាញ់របស់យើង?
១៣ របៀបមួយដើម្បីដឹងថាសេចក្ដីស្រឡាញ់របស់យើងគឺខ្លាំងយ៉ាងណា គឺដោយពិនិត្យមើលប្រតិកម្មរបស់យើងចំពោះស្ថានភាពផ្សេងៗក្នុងជីវិត។ (២កូ. ៨:៨) ស្ថានភាពមួយបានត្រូវរៀបរាប់ដោយសាវ័កពេត្រុសដែលថា៖ «ជាពិសេស ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យខ្លាំង ពីព្រោះសេចក្ដីស្រឡាញ់គ្របបាំងការខុសឆ្គងជាច្រើន»។ (១ពេ. ៤:៨) ដូច្នេះ សេចក្ដីស្រឡាញ់របស់យើងអាចត្រូវសាកល្បងដោយភាពទន់ខ្សោយនិងភាពមិនល្អឥតខ្ចោះរបស់អ្នកឯទៀត។
១៤. យោងទៅតាមពេត្រុសទី១ ៤:៨ តើយើងត្រូវការសេចក្ដីស្រឡាញ់បែបណា? សូមលើកឧទាហរណ៍។
១៤ សូមយើងពិនិត្យមើលយ៉ាងដិតដល់អំពីពាក្យរបស់ពេត្រុស។ ផ្នែកដំបូងនៃខ៨រៀបរាប់អំពីសេចក្ដីស្រឡាញ់ដែលយើងត្រូវមាន គឺ‹សេចក្ដីស្រឡាញ់ឲ្យខ្លាំង›។ ពាក្យ«ឲ្យខ្លាំង»ដែលពេត្រុសបានប្រើមានន័យត្រង់ថាលាតសន្ធឹង។ ផ្នែកទី២នៃខនេះរៀបរាប់អំពីឥទ្ធិពលដែលសេចក្ដីស្រឡាញ់ខ្លាំងអាចមាន។ នោះគឺគ្របបាំងការខុសឆ្គងរបស់បងប្អូន។ ជាឧទាហរណ៍ សូមស្រមៃគិតអំពីតុមួយដែលមានស្នាមជាច្រើន។ យើងអាចយកផ្ទាំងក្រណាត់មួយលាតសន្ធឹងលើតុនោះដើម្បីមិនគ្រាន់តែបិទបាំងស្នាមមួយឬពីរប៉ុណ្ណោះទេ តែស្នាមជាច្រើន។ ស្រដៀងគ្នាដែរ បើយើងស្រឡាញ់បងប្អូនរបស់យើងឲ្យខ្លាំង យើងអាចគ្របបាំងឬអភ័យទោសមិនគ្រាន់តែភាពមិនល្អឥតខ្ចោះមួយឬពីរប៉ុណ្ណោះទេ តែ«ការខុសឆ្គងជាច្រើន»។
១៥. បើយើងស្រឡាញ់បងប្អូនឲ្យខ្លាំង តើយើងនឹងអាចធ្វើអ្វី? (កូឡុស ៣:១៣)
១៥ សេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូនរួមជំនឿគួរខ្លាំងល្មមដែលយើងអាចអភ័យទោសចំពោះភាពមិនល្អឥតខ្ចោះរបស់ពួកគេ ទោះជានោះគឺពិបាកខ្លាំងណាស់ក្ដី។ (សូមអាន កូឡុស ៣:១៣) ពេលយើងអភ័យទោសឲ្យអ្នកឯទៀត យើងបង្ហាញថាសេចក្ដីស្រឡាញ់របស់យើងគឺខ្លាំង ហើយថាយើងចង់ទទួលការពេញចិត្តពីព្រះយេហូវ៉ា។ តើអ្វីទៀតអាចជួយយើងឲ្យមើលរំលងគុណវិបត្តិនិងកំហុសរបស់អ្នកឯទៀត?
ដូចយើងរក្សាទុករូបថតស្អាតៗ ហើយលុបរូបថតផ្សេងទៀត យើងឲ្យតម្លៃចំពោះអនុស្សាវរីយ៍ល្អៗដែលយើងមានជាមួយបងប្អូនរួមជំនឿ ហើយមិនគិតអំពីអនុស្សាវរីយ៍ជូរចត់ (សូមមើលវគ្គ១៦-១៧)
១៦-១៧. តើអ្វីទៀតនឹងជួយយើងឲ្យមើលរំលងការខុសឆ្គងតូចតាចរបស់អ្នកឯទៀត? សូមលើកឧទាហរណ៍។ (សូមមើលរូបភាពផងដែរ)
១៦ សូមផ្ដោតអារម្មណ៍ទៅលើគុណសម្បត្តិរបស់បងប្អូន មិនមែនគុណវិបត្តិទេ។ សូមគិតអំពីការប្រដូចនេះ។ សូមស្រមៃគិតថា អ្នកនៅក្នុងចំណោមបងប្អូនមួយក្រុមដែលជួបជុំគ្នា។ អ្នកមានពេលដ៏សប្បាយរីករាយ ហើយចុងបញ្ចប់ អ្នកថតរូបជុំគ្នា។ តាមពិត អ្នកថតរូបពីរទៀតក្រែងលោរូបថតទី១មិនស្អាត។ ដូច្នេះ អ្នកមានរូបថតបី។ ប៉ុន្តែអ្នកកត់សម្គាល់ឃើញថា ក្នុងរូបថតមួយបងប្រុសម្នាក់មិនញញឹមទេ។ តើអ្នកនឹងធ្វើអ្វីចំពោះរូបថតនោះ? អ្នកនឹងលុបវាចេញ ដោយសារអ្នកមានរូបថតពីរទៀតដែលគ្រប់គ្នាក្នុងក្រុម រួមទាំងបងប្រុសនោះញញឹម។
១៧ យើងអាចប្រដូចរូបថតដែលយើងរក្សាទុកទៅនឹងអនុស្សាវរីយ៍របស់យើង។ តាមធម្មតា យើងមានអនុស្សាវរីយ៍ល្អៗជាមួយបងប្អូន។ ប៉ុន្តែ ប្រហែលជាមានពេលមួយដែលបងប្អូនណាម្នាក់និយាយឬធ្វើអ្វីដែលមិនសប្បុរស។ តើយើងគួរធ្វើអ្វីចំពោះការនឹកចាំនោះ? យើងគួរព្យាយាមបំភ្លេចវា ដូចយើងលុបរូបថតមួយនោះចេញ។ (សុភ. ១៩:១១; អេភ. ៤:៣២) យើងអាចបំភ្លេចការខុសឆ្គងតូចតាចរបស់បងប្អូន ដោយសារយើងមានអនុស្សាវរីយ៍ល្អៗជាច្រើនជាមួយបងប្អូននោះ។ អ្វីនោះគឺជាការចងចាំដែលយើងចង់រក្សាទុកនិងឲ្យតម្លៃ។
ហេតុអ្វីសេចក្ដីស្រឡាញ់គឺកាន់តែសំខាន់នៅសព្វថ្ងៃនេះ?
១៨. តើយើងបានពិចារណាចំណុចសំខាន់អ្វីខ្លះអំពីសេចក្ដីស្រឡាញ់ក្នុងអត្ថបទនេះ?
១៨ ហេតុអ្វីយើងចង់រក្សាសេចក្ដីស្រឡាញ់របស់យើងឲ្យខ្លាំងចំពោះគ្នាទៅវិញទៅមក? ដូចយើងបានពិចារណា ពេលយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូន យើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា។ តើយើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូនរួមជំនឿតាមរបៀបណា? របៀបមួយគឺដោយផ្ដល់ការសម្រាលទុក្ខដល់ពួកគេ។ យើងនឹងអាច«បន្តសម្រាលទុក្ខគ្នាទៅវិញទៅមក» បើយើងមានចិត្តអាណិតមេត្តាចំពោះអ្នកឯទៀត។ តើយើងអាចរក្សាសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកឲ្យខ្លាំងយ៉ាងដូចម្ដេច? គឺដោយអភ័យទោសចំពោះកំហុសរបស់អ្នកឯទៀត។
១៩. ហេតុអ្វីគឺកាន់តែសំខាន់នៅសព្វថ្ងៃនេះឲ្យបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក?
១៩ ហេតុអ្វីគឺកាន់តែសំខាន់នៅសព្វថ្ងៃនេះឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក? សូមកត់សម្គាល់អំពីមូលហេតុដែលពេត្រុសផ្ដល់ឲ្យ គឺថា៖ «ទីបញ្ចប់នៃអ្វីៗទាំងអស់គឺជិតដល់ហើយ។ ដូច្នេះ . . . ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យខ្លាំង»។ (១ពេ. ៤:៧, ៨) កាលដែលទីបញ្ចប់នៃពិភពលោកដ៏ទុច្ចរិតនេះកាន់តែខិតចូលមកដល់ តើយើងអាចរំពឹងអ្វី? លោកយេស៊ូបានប្រាប់ទុកជាមុនអំពីពួកអ្នកកាន់តាមលោកថា៖ «ប្រជាជាតិទាំងឡាយនឹងស្អប់អ្នករាល់គ្នា ដោយសារអ្នករាល់គ្នាកាន់តាមខ្ញុំ»។ (ម៉ាថ. ២៤:៩) ដើម្បីស៊ូទ្រាំនឹងការស្អប់បែបនេះ យើងត្រូវរក្សាសាមគ្គីភាព។ បើយើងស្រឡាញ់បងប្អូនរបស់យើង សាថាននឹងមិនអាចបំបែកបំបាក់យើងបានទេ ដោយសារសេចក្ដីស្រឡាញ់ជា«ចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ»។—កូឡ. ៣:១៤; ភី. ២:១, ២
ចម្រៀងលេខ១៣០ យើងត្រូវចេះអភ័យទោស
a ឥឡូវ គឺសំខាន់ជាងពេលមុនៗទៅទៀតឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនរួមជំនឿ។ ហេតុអ្វីដូច្នេះ ហើយតើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកតាមរបៀបណា?