ជំពូកទី៥៣
ការចង់បានអ្នកគ្រប់គ្រងដែលមានមហិទ្ធិឫទ្ធិលើសមនុស្សលោក
នៅពេលព្រះយេស៊ូបានធ្វើអព្ភូតហេតុផ្ដល់ម្ហូបអាហារឲ្យមនុស្សរាប់ពាន់នាក់ នោះបណ្ដាជនមានចិត្តស្ញប់ស្ញែងមែន។ ពួកគេនិយាយថា៖ «លោកនេះប្រាកដជាហោរានោះ ដែលត្រូវមកក្នុងលោកីយមែន»។ ពួកគេបានគិតថា ព្រះយេស៊ូច្បាស់ជាព្យាការីដែលធំជាងលោកម៉ូសេទៅទៀត ថែមទាំងគិតថាទ្រង់គឺជាអ្នកគ្រប់គ្រងដែលគួរឲ្យចង់បានជាទីបំផុត។ ដូច្នេះ ពួកគេបំរុងនឹងចាប់ទ្រង់យកទៅធ្វើជាស្តេចរបស់គេ។
ប៉ុន្តែ ព្រះយេស៊ូជ្រាបអំពីអ្វីដែលពួកគេបំរុងនឹងធ្វើនោះ។ ដូច្នេះ ទ្រង់ក៏ចាត់វិធានការភ្លាម ដើម្បីបង្ការកុំឲ្យពួកគេចាប់បង្ខំទ្រង់ឡើយ។ ព្រះយេស៊ូឲ្យហ្វូងមនុស្សវិលទៅវិញ ហើយទ្រង់បានបង្ខំពួកសិស្សទ្រង់ឲ្យចុះទូកឆ្លងទៅក្រុងកាពើណិមវិញ។ រួចមក ទ្រង់ក៏យាងឡើងទៅលើភ្នំដើម្បីអធិស្ឋាន។ ទ្រង់គង់នៅទីនោះតែមួយអង្គទ្រង់អស់មួយយប់។
លុះដល់ពេលជិតភ្លឺ ព្រះយេស៊ូទតមើលពីកំពូលភ្នំឃើញទឹករលកបក់បោកយ៉ាងខ្លាំង។ ពន្លឺលោកខែពេញបូរមី សំគាល់ថាគឺជិតដល់ថ្ងៃបុណ្យនៃថ្ងៃទី៥០ហើយ នោះព្រះយេស៊ូទតឃើញពួកសិស្សកំពុងអុំទូកយ៉ាងលំបាកបញ្ច្រាសខ្យល់។ ពួកសិស្សខំប្រឹងអុំទូកយ៉ាងពេញទំហឹង។
ពេលឃើញដូចនេះ ព្រះយេស៊ូក៏យាងចុះពីភ្នំ ហើយក៏ចាប់ផ្ដើមយាងដើរលើទឹករលកឆ្ពោះទៅរកទូកនោះ។ ពួកគេបានអុំទូកបានចម្ងាយប្រមាណជាប្រាំឬប្រាំមួយគីឡូម៉ែត្រហើយ ពេលព្រះយេស៊ូយាងចូលមកជិតទូកគេនោះ។ ប៉ុន្តែ ទ្រង់យាងដំណើរបន្តហាក់ដូចជាទ្រង់នឹងយាងបង្ហួសទូករបស់ពួកគេ។ នៅពេលដែលពួកសិស្សឃើញទ្រង់ នោះពួកគេស្រែកឡើងថា៖ «ខ្មោចលងហើយ!»។
ព្រះយេស៊ូមានបន្ទូលតបទៅវិញយ៉ាងស្រទន់ថា៖ «គឺខ្ញុំទេតើ! កុំឲ្យភ័យឡើយ»។
ប៉ុន្តែ ពេត្រុសនិយាយថា៖ «ព្រះអម្ចាស់អើយ! បើជាទ្រង់មែន នោះសូមឲ្យទូលបង្គំដើរលើទឹកទៅឯទ្រង់ផង»។
ព្រះយេស៊ូមានបន្ទូលថា៖ «ចូរមកចុះ!»
ដូច្នេះពេត្រុសក៏ចុះពីទូកដើរលើទឹកទៅរកព្រះយេស៊ូ។ តែកាលពេត្រុសឃើញខ្យល់បក់ជាខ្លាំង នោះគាត់មានចិត្តភ័យ ហើយចាប់ផ្ដើមលិចទៅក្នុងទឹក គាត់ស្រែកឡើងថា៖ «ព្រះអម្ចាស់អើយ! សូមជួយសង្គ្រោះទូលបង្គំផង!»។
ព្រះយេស៊ូក៏លូកព្រះហស្តទៅចាប់គាត់ភ្លាម ទាំងមានព្រះបន្ទូលថា៖ «ឱមនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នកសង្ស័យ?»។
បន្ទាប់មក ព្រះយេស៊ូនិងពេត្រុសចូលមកក្នុងទូកវិញ ហើយខ្យល់ក៏ស្ងប់ នេះបានធ្វើឲ្យពួកសិស្សមានចិត្តអស្ចារ្យមែន។ ប៉ុន្តែ តើពួកគេគប្បីមានចិត្តដូច្នេះទេ? ប្រសិនបើពួកគេ «បានយល់ដោយសារការដែលបានចំរើននំប៉័ង»នោះ ហើយអបអរនឹងអព្ភូតហេតុដ៏ធំដែលព្រះយេស៊ូបានធ្វើបីបួនម៉ោងមុននេះ ពេលដែលទ្រង់បានចំអែតមនុស្សរាប់ពាន់នាក់ដោយប្រើនំប៉័ងប្រាំដុំនិងត្រីពីរនោះ គឺពួកគេមិនគួរមានចិត្តអស្ចារ្យ កាលដែលទ្រង់អាចយាងដើរលើទឹក ហើយធ្វើឲ្យខ្យល់ស្ងប់នោះឡើយ។ តែឥឡូវនេះ ពួកសិស្សក៏គោរពព្រះយេស៊ូទាំងទូលថា៖ «ទ្រង់ប្រាកដជាព្រះរាជបុត្រានៃព្រះមែន!»។
មិនយូរប៉ុន្មាន ពួកគេមកដល់គេនេសារ៉ែតជិតក្រុងកាពើណិម ដែលជាស្រុកមានទេសភាពស្អាតនិងសំបូរដីមានជីជាតិ។ ពួកគេក៏បោះយុថ្កានៅទីនោះ។ ប៉ុន្តែ ពេលពួកគេទៅឯឆ្នេរសមុទ្រ នោះពួកមនុស្សនៅទីនោះបានចំណាំព្រះយេស៊ូ ហើយពួកគេចាត់ឲ្យទៅនាំមនុស្សពីគ្រប់កន្លែងនៅស្រុកជុំវិញ ដើម្បីយកមនុស្សទាំងប៉ុន្មានដែលមានជំងឺឲ្យមកឯទ្រង់។ ហើយពេលមនុស្សឈឺទាំងនេះបានមក គេគ្រាន់តែពាល់ជាយព្រះពស្ត្រទ្រង់ប៉ុណ្ណោះ នោះក៏បានជាសះស្បើយ។
ឥឡូវនេះ ហ្វូងមនុស្សដែលឃើញព្រះយេស៊ូធ្វើអព្ភូតហេតុចំអែតមនុស្សរាប់ពាន់នាក់នោះបានដឹងថាទ្រង់យាងទៅបាត់ហើយ ពួកគេក៏ឡើងជិះទូកតូចៗដែលធ្វើដំណើរមកពីក្រុងទីបេរាសជិះឆ្ពោះទៅក្រុងកាពើណិម ដើម្បីរកព្រះយេស៊ូ។ ពេលពួកគេរកទ្រង់ឃើញ នោះពួកគេទូលសួរថា៖ «លោកគ្រូ! លោកមកដល់ទីនេះពីកាលណា?»។ ព្រះយេស៊ូក៏ស្តីបន្ទោសពួកគេ ហើយយើងនឹងឃើញទ្រង់ធ្វើដូច្នេះនៅខាងមុខនេះដែរ។ យ៉ូហាន ៦:១៤-២៥; ម៉ាថាយ ១៤:២២-៣៦; ម៉ាកុស ៦:៤៥-៥៦
▪ ក្រោយពីព្រះយេស៊ូធ្វើអព្ភូតហេតុចំអែតមនុស្សរាប់ពាន់នាក់ តើហ្វូងមនុស្សបំរុងនឹងធ្វើអ្វីចំពោះទ្រង់?
▪ នៅភ្នំដែលទ្រង់បានយាងទៅនោះ តើព្រះយេស៊ូបានទតឃើញអ្វី? ហើយរួចមកតើទ្រង់បានធ្វើអ្វី?
▪ ហេតុអ្វីក៏ពួកសិស្សពុំគួរមានចិត្តស្ញប់ស្ញែងពេកនឹងការទាំងនោះ?
▪ តើមានអ្វីកើតឡើងក្រោយពីពួកគេទៅដល់ឆ្នេរសមុទ្រ?