សូមអរសប្បាយនឹងជីវភាពគ្រួសារចុះ
តើគ្រួសារពិតជាអាចប្រកបទៅដោយសុភមង្គលបានទេ?
តើនេះអាចមានលទ្ធភាពយ៉ាងណាបាន?
តើលោកអ្នកស្គាល់គ្រួសារណាមួយ ដែលប្រកបទៅដោយសាមគ្គីភាពនិងសុភមង្គល ដូចគ្រួសារក្នុងខិត្តប័ណ្ណនេះឬទេ? នៅគ្រប់កន្លែងទាំងអស់ គ្រួសារជាច្រើនបានបាក់បែកគ្នា។ ការលះលែងគ្នា គ្មានការធានារ៉ាប់រងខាងការងារ បញ្ហាដ៏លំបាកខាងមាតាឬបិតាតែម្នាក់ឯង នឹងការអន្ទះអន្ទែងក្នុងចិត្ត—គឺជាបុព្វហេតុដែលបណ្ដាលឲ្យមានវិបត្ដិដូចនេះ។ អ្នកជំនាញខាងជីវភាពគ្រួសារម្នាក់បាននិយាយយ៉ាងសោកស្ដាយថា៖ «មកដល់ឥឡូវ ការទាយនៃរឿងបាក់បែកនៃក្រុមគ្រួសារគឺបានដឹងឮដល់មនុស្សគ្រប់គ្នាអស់ហើយ»។
ហេតុអ្វីបានជាគ្រួសារសព្វថ្ងៃនេះពោរពេញទៅដោយបញ្ហាជាច្រើនក្រៃលែងដូច្នេះ? តើយើងអាចអរសប្បាយនឹងជីវភាពគ្រួសារយ៉ាងណាទៅបាន?
របៀបដែលគ្រួសារបានចាប់ផ្ដើមមក
ជាបឋម យើងត្រូវតែដឹងអំពីដើមកំណើតនៃអាពាហ៍ពិពាហ៍និងគ្រួសារ ដើម្បីនឹងឆ្លើយនូវសំនួរទាំងអស់នេះបាន។ ដ្បិតប្រសិនបើមានអ្នកផ្ដើមកំណើតមក—ឬអ្នកបង្កើតនោះ—សមាជិកក្នុងគ្រួសារនិមួយៗត្រូវតែពឹងទៅលើទ្រង់សម្រាប់ការណែនាំ ព្រោះទ្រង់ពិតជាជ្រាបជាងមនុស្សយើងថាតាមរបៀបណា ដែលយើងអាចអរសប្បាយដ៏ប្រសើរបំផុតក្នុងជីវភាពគ្រួសារនោះបាន។
ជាការចំឡែកណាស់ មនុស្សជាច្រើនជឿថាការរៀបចំនៃក្រុមគ្រួសារគ្មានអ្នកផ្ដើមកំណើតទេ។ សព្វវចនាធិប្បាយអាមេរិកាណា បានចែងថា ‹អ្នកវិជ្ជាករខ្លះបានមានចិត្តទោរទន់ស្មានថា ដើមកំណើតនៃអាពាហ៍ពិពាហ៍បានមកពីការផ្សំផ្គុំនៃសត្វញីឈ្មោលដែលទាបជាងមនុស្ស›។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលអំពីសេចក្ដីបង្កើតនៃបុរសនិងស្ត្រី។ ទ្រង់បានដកស្រង់ចេញពីប្រភពបញ្ជីព្រះគម្ពីរដើមជាសំអាង ហើយមានបន្ទូលថា៖ «ដូច្នេះ កុំឲ្យអ្នកណាពង្រាត់មនុស្ស ដែលព្រះទ្រង់បានផ្សំផ្គុំគ្នាឡើយ»។—ម៉ាថាយ ១៩:៤-៦
ដូច្នេះព្រះយេស៊ូវបានមានបន្ទូលត្រូវមែន។ ព្រះដ៏មានបញ្ញាបានបង្កើតមនុស្សកាលពីដំបូង ហើយបានរៀបចំឡើងដើម្បីឲ្យជីវភាពក្នុងគ្រួសារប្រកបទៅដោយសុភមង្គល។ ព្រះបានយកគូពីដំបូងនេះមកផ្សំផ្គុំជាមួយនឹងគ្នាក្នុងអាពាហ៍ពិពាហ៍ ហើយមានបន្ទូលថាបុរស«ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ»។ (លោកុប្បត្តិ ២:២២-២៤) អញ្ចឹង តើមូលហេតុដែលមានបញ្ហានៅក្នុងគ្រួសារសព្វថ្ងៃនេះ គឺមកពីការស្វែងរកផ្លូវជីវភាពដែលរំលោភលើបមាណីយ ដែលបានចាត់ទុកដោយអ្នកបង្កើតនៅបន្ទូលរបស់ទ្រង់ជាព្រះគម្ពីរឬ?
តើមានវិធីណាដែលគ្រួសារនិងត្រូវបានជោគជ័យនោះ?
ដូចជាលោកអ្នកដឹងឮហើយ ពិភពលោកសម័យទំនើបនេះ លើកផ្សាយឲ្យមនុស្សរកតែផលប្រយោជន៍ផ្ទាល់ខ្លួន ព្រមទាំងសេចក្ដីពេញចិត្តតែខ្លួនឯងប៉ុណ្ណោះទេ។ ហិរញ្ញនិយុត្តម្នាក់បានប្រាប់ទៅនិស្សិតមួយថ្នាក់ដែលទើបបានរៀនចប់ នៅអនុវិទ្យាល័យនៅសហរដ្ឋអាមេរិកថា៖ «សេចក្ដីល្មោភជាផលប្រយោជន៍ប្រសើរណាស់»។ «អ្នកអាចទៅជាមនុស្សល្មោភ ហើយនូវមានសោមនស្សចំពោះខ្លួនឯងផង»។ ប៉ុន្តែការស្វែងរកនូវទ្រព្យសម្បត្ដិទាំងប៉ុន្មាន មិនអាចនាំមកឲ្យមានជោគជ័យសោះឡើយ។ តាមការពិតទៅ វត្ថុនិយមគឺជាបុព្វហេតុដ៏ធំមួយដែលអាចបៀតបៀនជីវភាពនៃក្រុមគ្រួសារ ពីព្រោះនេះរារាំងទំនាក់ទំនងរបស់មនុស្ស ព្រមទាំងធ្វើឲ្យគេអស់លែងមានពេលវេលានិងលុយរបស់គេផង។ ផ្ទុយទៅវិញ សូមពិចារណាតាមរបៀបណាដែលសុភាសិតតែ២ប្រការពីព្រះគម្ពីរ នឹងជួយយើងឲ្យយល់នូវហេតុដ៏សំខាន់ចំពោះសុភមង្គលនោះចុះ។
«ស៊ូឲ្យមានតែបន្លែជាម្ហូប នៅកន្លែងណាដែលមានសេចក្ដីស្រឡាញ់ ជាជាងមានសាច់គោដែលបំប៉នឲ្យធាត់ហើយមានសេចក្ដីសំអប់វិញ»។
«បើមានតែបាយក្រៀម១ដុំ ដែលនឹងបរិភោគដោយសេចក្ដីសុខ នោះវិសេសជាងមានផ្ទះពេញដោយការជប់លៀង តែមានសេចក្ដីទាស់ទែងគ្នាវិញ»។
សុភាសិតទាំងនេះមានភាពខ្លឹមសារណាស់ មែនទេ? សូមគិតមើលបើគ្រប់គ្រួសារទាំងអស់កាន់យ៉ាងខ្ជាប់ខ្ជួននូវសុភាសិតដ៏សំខាន់បែបនេះ តើលោកីយនឹងមានភាពខុសប្លែកគ្នាយ៉ាងណាទៅហ្ន៎! ព្រះគម្ពីរក៏បានផ្ដល់ឲ្យនូវការណែនាំដ៏មានប្រយោជន៍ ចំពោះយ៉ាងណាដែលសមាជិកគ្រួសារគួរតែប្រព្រឹត្តនឹងគ្នាឯងនោះដែរ។ សូមពិចារណានូវសេចក្ដីបង្គាប់ខ្លះៗដែលព្រះគម្ពីរបានផ្ដល់ឲ្យចុះ។
ចំពោះមុខងាររបស់ប្ដីបានចែងថា៖ «ត្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធ . . . ដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ»។—អេភេសូរ ៥:២៨-៣០
ដំបូន្មាននេះគឺស្រួលយល់មែន តែមានផលប្រយោជន៍ប្រសើរណាស់! ព្រះគម្ពីរក៏បានដឹកនាំប្ដីឲ្យ ‹រាប់អាន[ប្រពន្ធ]› ដែរ។ (ពេត្រុសទី១ ៣:៧) គាត់អាចប្រព្រឹត្តតាមការណែនាំបែបនេះដោយផ្ដល់ឲ្យទៅនាង នូវការយកចិត្តទុកដាក់ដ៏ពិសេស ព្រមទាំងការថ្នាក់ថ្នមយ៉ាងស្រទន់ មានចិត្តអធ្យាស្រ័យចំពោះនាង និងជួយសម្រាលទុក្ខនឹងនាងផង។ គាត់ក៏ត្រូវស្ដាប់នូវពាក្យសំដីរបស់នាងព្រមទាំងប៉ាន់តម្លៃនឹងមតិរបស់នាងផង។ (សូមប្រៀបធៀប លោកុប្បត្តិ ២១:១២) បើសិនប្ដីប្រព្រឹត្តនឹងប្រពន្ធរបស់ខ្លួនដោយមានចិត្តស្រឡាញ់ ដូចជាគាត់ចង់ឲ្យគេប្រព្រឹត្តនឹងខ្លួននោះ តើលោកអ្នកមិនយល់ស្របថា គ្រួសារនោះនឹងបានផលប្រយោជន៍ទេឬ?—ម៉ាថាយ ៧:១២
ចំពោះមុខងារប្រពន្ធវិញ៖ «ក៏ត្រូវកោតខ្លាចប្ដី[របស់ខ្លួន]ដែរ»។—អេភេសូរ ៥:៣៣
ប្រពន្ធអាចផ្ដល់សុភមង្គលដល់ជីវភាពក្នុងគ្រួសារ ដោយជួយប្រដុងប្រជាប្ដីរបស់នាង ដើម្បីឲ្យបានសម្រេចភារៈដ៏ធ្ងន់ធ្ងររបស់គាត់។ នេះហើយជាព្រះទ័យបំណងដើមនោះ ព្រោះព្រះបានផ្ដល់ភរិយាមកឲ្យ «ដើម្បីជាគូបង្គ្រប់ចំពោះគាត់» (លោកុប្បត្តិ ២:១៨ពថ) តើលោកអ្នកអបអរនូវប្រយោជន៍ចំពោះជីវភាពគ្រួសារ កាលណាប្រពន្ធបង្ហាញនូវសេចក្ដីគោរពចំពោះប្ដីនាង ដោយជួយគាំទ្រក្នុងការសម្រេចចិត្តរបស់គាត់ ព្រមទាំងរួមមតិនឹងគាត់ដើម្បីឲ្យបានសម្រេចគោលបំណងនៅក្នុងគ្រួសារឬទេ?
ចំពោះគូអាពាហ៍ពិពាហ៍៖ «ប្ដីនិងប្រពន្ធត្រូវតែមានចិត្តស្មោះត្រង់នឹងគ្នាទៅវិញទៅមក»។—ហេព្រើរ ១៣:៤ (កំណែថ្មីអង់គ្លេសសម្រាប់សព្វថ្ងៃនេះ)
នៅពេលប្ដីប្រពន្ធមានការស្មោះត្រង់និងគ្នា ជីវភាពគ្រួសារប្រាកដជាបានផលប្រយោជន៍ជាមិនខាន។ សេចក្ដីកំផិតតែងតែនាំឲ្យមានបញ្ហាយ៉ាងសម្បើមក្នុងគ្រួសារ។ (សុភាសិត ៦:២៧-២៩, ៣២) ដោយហេតុនេះហើយ ព្រះគម្ពីរជំរុញណែនាំដោយគតិបណ្ឌិតថា៖ «ចូរឲ្យឯងបានរីករាយចំពោះប្រពន្ធដែលបានគ្នាពីកាលក្រមុំកំឡោះចុះ . . . តើមានទំនងឲ្យឯងទៅឈ្លក់ចិត្តចំពោះស្ត្រីដទៃហើយឱបទ្រូងនៃស្ត្រីក្រៅឬអី?—សុភាសិត ៥:១៨-២០
ចំពោះមាតាបិតា៖ «ចូរបង្ហាត់[កូនរបស់អ្នក]ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត[សំរាប់ពួកគេចុះ]»។—សុភាសិត ២២:៦
កាលណាមាតាបិតាផ្ដល់ពេលវេលាព្រមទាំងយកចិត្តទុកដាក់និងកូនរបស់គេនោះ ជីវភាពគ្រួសារប្រាកដជានឹងបានប្រសើរឡើងជាមិនខាន។ ដូច្នេះហើយព្រះគម្ពីរជំរុញណែនាំមាតាបិតា ឲ្យបង្រៀនកូនចៅរបស់គេនូវគោលការណ៍ដ៏ត្រឹមត្រូវ៖ «កាលដែលឯងអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ កាលដែលដេក ហើយក្រោកឡើងផង»។ (ចោទិយកថា ១១:១៩) ព្រះគម្ពីរបានចែងទៀតថា មាតាបិតាត្រូវបង្ហាញថាគេស្រឡាញ់កូនចៅរបស់គេ ដោយប្រដៅទូន្មានកូនរបស់គេដែរ។—អេភេសូរ ៦:៤
ចំណែកមុខងារកូនចៅវិញបានចែងថា៖ «ក្មេងរាល់គ្នាអើយ ចូរស្ដាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់»។—អេភេសូរ ៦:១
ពិតមែនហើយនៅក្នុងពិភពលោកដែលទទឹងច្បាប់នេះ គឺមិនជាការស្រួលទេក្នុងការស្ដាប់បង្គាប់មាតាបិតារបស់អ្នកជារៀងរាល់ដងនោះ។ ប៉ុន្តែ តើអ្នកមិនយល់ស្របថាជាការប្រសើរដ៏មានគតិបណ្ឌិតឬទេ ក្នុងការអនុវត្តតាមបន្ទូលរបស់អ្នកផ្ដើមកំណើតគ្រួសារនោះ? ទ្រង់ជ្រាបនូវអ្វីដែលជាការប្រសើរ ដើម្បីធ្វើឲ្យជីវភាពគ្រួសារប្រកបទៅដោយសុភមង្គលថែមទៀតនោះ។ ដូច្នេះសូមខំព្យាយាមស្ដាប់បង្គាប់នឹងមាតាបិតារបស់អ្នកចុះ។ សូមតាំងចិត្តប្ដេជ្ញាឲ្យចៀសវាងពីសេចក្ដីល្បួងជាច្រើនរបស់លោកីយ ដែលជំរុញឲ្យប្រព្រឹត្តតែអំពើអាក្រក់នោះចុះ។—សុភាសិត ១:១០-១៩
បើសមាជិកក្នុងគ្រួសារនិមួយៗអនុវត្តតាមដំបូន្មានព្រះគម្ពីរឲ្យពេញលេញយ៉ាងណា ជីវភាពគ្រួសារនឹងត្រូវបានផលប្រយោជន៍ជាប្រាកដ។ គ្រួសារនិងអរសប្បាយនូវជីវិតដ៏ប្រសើរមិនត្រឹមតែឥឡូវនេះ ប៉ុន្តែនឹងមានសេចក្ដីសង្ឃឹមនូវអនាគតកាលដ៏អស្ចារ្យ ក្នុងពិភពលោកថ្មីដែលបានសន្យាដោយព្រះនោះផង។ (ពេត្រុសទី២ ៣:១៣; វិវរណៈ ២១:៣, ៤) ដូច្នេះសូមប្រតិបត្ដិឲ្យបានជាទម្លាប់ក្នុងគ្រួសារ ដើម្បីសិក្សាព្រះគម្ពីរជាមួយគ្នាចុះ! ក្រុមគ្រួសាររាប់លាននៅជុំវិញផែនដី បានមានពិសោធន៍នូវការណែនាំដែលបានប្រគល់មក នៅក្នុងសៀវភៅដែលបានតែងលំអដោយរូបយ៉ាងសោភ័ណ ដែលមានចំណងជើងថា អ្នកអាចរស់នៅអស់កល្បជានិច្ចក្នុងសួនមនោរមនៅលើផែនដី ជាដំបូន្មានដ៏មានផលប្រយោជន៍យ៉ាងប្រសើរពិតមែន។
បើគ្មានការបញ្ជាក់ថែមទៀតទេនោះ បទគម្ពីរនៅក្នុងខិត្តប័ណ្ណនេះបានដកស្រង់ចេញពីសេចក្ដីបកប្រែជាភាសាខ្មែរ ពីសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ ដែលផ្សាយចេញក្នុងឆ្នាំ ១៩៥៤។ បើមាន «ពថ» នៅបន្ទាប់បទគម្ពីរណា នោះមានន័យថា បានធ្វើការបកប្រែពីសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធ ជាភាសាអង់គ្លេស កំណែថ្មីនៃឆ្នាំ១៩៨៤។