មេរៀនទី១៤
របៀបដែលស្មរបន្ទាល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើង
តើការចាប់ផ្ដើមសម័យទំនើបរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាកើតឡើងនៅពេលណា? (១)
តើការប្រជុំរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាប្រព្រឹត្តឡើងដូចម្ដេច? (២)
តើចំណាយត្រូវជួយចេញយ៉ាងដូចម្ដេច? (៣)
តើអ្នកណាជាអ្នកនាំមុខក្នុងក្រុមជំនុំនិមួយៗ? (៤)
តើមានការប្រជុំធំៗអ្វីខ្លះរៀងរាល់ឆ្នាំ? (៥)
តើកិច្ចការអ្វីដែលគេធ្វើនៅមជ្ឈមណ្ឌលនិងការិយាល័យសាខារបស់គេ? (៦)
១. ការចាប់ផ្ដើមសម័យទំនើបរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា គឺកើតឡើងក្នុងរវាងឆ្នាំ១៨៧០ និង១៨៧៩។ ដំបូង ពួកគេមានឈ្មោះហៅថាជាសិស្សព្រះគម្ពីរ។ ប៉ុន្តែនៅឆ្នាំ១៩៣១ ពួកគេជ្រើសយកឈ្មោះស្មរបន្ទាល់ព្រះយេហូវ៉ាតាមបទគម្ពីរ។ (អេសាយ ៤៣:១០) អង្គការនេះបានលូតលាស់ពីដំបូងដែលមានគ្នាមួយក្រុមតូចរហូតដល់កើនបានចំនួនស្មរបន្ទាល់រាប់លាននាក់ ដែលមានកិច្ចរវល់ក្នុងការផ្សាយប្រកាសក្នុងជាង២៣០ប្រទេស។
២. ក្រុមជំនុំភាគច្រើនរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាមានប្រជុំបីដងរៀងរាល់សប្ដាហ៍។ ពួកគេសូមអញ្ជើញឲ្យអ្នករាល់គ្នាចូលរួមក្នុងប្រជុំទាំងនេះ។ (ហេព្រើរ ១០:២៤, ២៥) ព្រះគម្ពីរគឺជាមូលដ្ឋាននៃការបង្រៀន។ ការប្រជុំគឺចាប់ផ្ដើមឡើងហើយបញ្ចប់ដោយសេចក្ដីអធិស្ឋាន។ «ចំរៀងវិញ្ញាណ»ដ៏ជ្រាលជ្រៅក្នុងចិត្តក៏មានច្រៀងដែរក្នុងប្រជុំភាគច្រើន។ (អេភេសូរ ៥:១៨, ១៩) ឯប្រជុំនោះគឺអាចចូលរួមដោយឥតបាច់បង់ថ្លៃ ហើយឥតមានការប្រមូលយកប្រាក់អ្វីទាំងអស់។—ម៉ាថាយ ១០:៨
៣. ក្រុមជំនុំភាគច្រើនមានប្រជុំក្នុងសាលព្រះរាជាណាចក្រ ដែលធម្មតាជារោងដ៏ស្រួលឥតស្មុគស្មាញ សង់ឡើងដោយពួកស្មរបន្ទាល់ស្ម័គ្រចិត្ត។ អ្នកនឹងឃើញថាឥតមានបដិមាករ រូបព្រះយេស៊ូឆ្កាង ឬរបស់អ្វីៗដូចនេះឡើយនៅសាលព្រះរាជាណាចក្រ។ ចំណាយទាំងប៉ុន្មានគឺជួយចេញដោយប្រាក់អំណោយពីពួកអ្នកស្ម័គ្រចិត្ត។ មានប្រអប់វិភាគទានសំរាប់ពួកអ្នកដែលប្រាថ្នាចង់ធ្វើអំណោយ។—កូរិនថូសទី២ ៩:៧
៤. នៅក្នុងក្រុមជំនុំនិមួយៗមានពួកអ្នកចាស់ទុំឬពួកអ្នកមើលខុសត្រូវ។ ពួកគេនាំមុខក្នុងការបង្រៀនក្នុងក្រុមជំនុំ។ (ធីម៉ូថេទី១ ៣:១-៧; ៥:១៧) ពួកគេគឺមានពួកអ្នកបំរើជំនួយជួយផ្គត់ផ្គង់។ (ធីម៉ូថេទី១ ៣:៨-១០, ១២,១៣) បុរសទាំងនេះឥតមានបុណ្យសក្ដិអ្វីខ្ពស់ជាងអ្នកផងទាំងពួងក្នុងក្រុមជំនុំទេ។ (កូរិនថូសទី២ ១:២៤) ពួកគេឥតមានទទួលមុខតំណែងពិសេសអ្វីទាំងអស់។ (ម៉ាថាយ ២៣:៨-១០) ពួកគេស្លៀកពាក់មិនខុសពីអ្នកឯទៀតឡើយ ហើយធ្វើកិច្ចការក៏ឥតទទួលប្រាក់ខែដែរ។ ពួកចាស់ទុំសុខចិត្តមើលថែទាំសេចក្ដីត្រូវការខាងវិញ្ញាណនៃក្រុមជំនុំ។ ពួកគេអាចផ្ដល់នូវការសម្រាលទុក្ខនិងការណែនាំក្នុងគ្រាមានវិបត្ដិផង។—យ៉ាកុប ៥:១៤-១៦; ពេត្រុសទី១ ៥:២, ៣
៥. ស្មរបន្ទាល់ព្រះយេហូវ៉ាក៏មានសន្និបាតធំៗឬមហាសន្និបាតរាល់ឆ្នាំដែរ។ ក្នុងវេលានេះ ក្រុមជំនុំជាច្រើនបានមករួបរួមជាមួយគ្នា ដើម្បីទទួលកម្មវិធីពិសេសអំពីសេចក្ដីបង្រៀនខាងព្រះគម្ពីរ។ ការធ្វើបុណ្យជ្រមុជទឹកនៃពួកសិស្សថ្មីៗក៏ជាចំណែកដែលមានធ្វើឡើងជារឿយៗនៃកម្មវិធីនិមួយៗនៃសន្និបាតឬមហាសន្និបាត។—ម៉ាថាយ ៣:១៣-១៧; ២៨:១៩, ២០
៦. មជ្ឈមណ្ឌលពិភពលោករបស់ស្មរបន្ទាល់ព្រះយេហូវ៉ាគឺស្ថិតនៅទីក្រុងញូវយ៉ក។ នៅទីនោះមានគណៈអភិបាល ជាក្រុមកណ្ដាលប្រកបដោយពួកអ្នកចាស់ទុំដ៏មានការពិសោធ ដែលមើលខុសត្រូវដល់ក្រុមជំនុំក្នុងពិភពលោកទាំងមូល។ ហើយក៏មានការិយាល័យសាខាជាងមួយរយទូទាំងពិភពលោកដែរ។ នៅទីកន្លែងទាំងនេះ មានពួកអ្នកស្ម័គ្រចិត្តជួយបោះពុម្ពនិងដឹកជញ្ជូនសៀវភៅខាងព្រះគម្ពីរ។ ហើយក៏មានការណែនាំប្រាប់ឲ្យចាត់ចែងកិច្ចការផ្សាយប្រកាសផងដែរ។ ហេតុអ្វីអ្នកមិនគិតទៅលេងឯការិយាល័យសាខាដែលនៅជិតផ្ទះអ្នកម្ដង?