អង្គការនិងកិច្ចបំរើរបស់ពួកគេដែលមានទូទាំងពិភពលោក
គឺមានការទាក់ទងជាច្រើនដែលបានត្រូវប្រើក្នុងការដឹកនាំឲ្យធ្វើកិច្ចបំរើផ្សាយនៅជាង ២៣០ ប្រទេសដែលកំពុងធ្វើប្រតិបត្ដិការនេះ។ ការដឹកនាំលើកិច្ចបំរើផ្សាយទាំងមូលនេះ ចេញពីគណៈអភិបាលនៅមន្ទីរចាត់ការពិភពលោកនៅទីក្រុងប៊្រុគ្លីន រដ្ឋញូវយ៉ក។ ជារៀងរាល់ឆ្នាំ គណៈអភិបាលចាត់អ្នកតំណាងឲ្យទៅតំបន់ផ្សេងៗទូទាំងពិភពលោក ដើម្បីទាក់ទងជាមួយនឹងអ្នកតំណាងរបស់ការិយាល័យសាខានានានៅតាមតំបន់ទាំងនេះ។ នៅក្នុងការិយាល័យសាខានិមួយៗ មានគណៈកម្មាធិការសាខាដែលមានសមាជិកប្រមាណបីទៅប្រាំពីរនាក់ ដើម្បីត្រួតពិនិត្យលើកិច្ចបំរើផ្សាយនៅក្នុងប្រទេសដែលនៅក្រោមសមត្ថកិច្ចរបស់គេ។ ការិយាល័យខ្លះមានរោងចក្របោះពុម្ព ការិយាល័យខ្លះនេះប្រើម៉ាស៊ីនបោះពុម្ពដែលវិលដោយល្បឿនយ៉ាងលឿនបំផុត។ ការិយាល័យសាខានានាបំរើប្រទេសមួយ ឬក៏អាចរួមទាំងប្រទេសនៅជិតខាងគេដែរ។ តំបន់ត្រួតពិនិត្យនៃការិយាល័យសាខានិមួយៗ បានត្រូវចែកជាតំបន់នានា ហើយតំបន់និមួយៗបានត្រូវចែកជាមណ្ឌលនានា។ មណ្ឌលនិមួយៗមានប្រមាណ ២០ ក្រុមជំនុំ។ អ្នកត្រួតពិនិត្យតាមតំបន់ម្នាក់ទៅធ្វើទស្សនកិច្ចមណ្ឌលនានាក្នុងតំបន់នោះតាមវេន។ រាល់តែឆ្នាំមានសន្និបាតពីរសម្រាប់មណ្ឌលនិមួយៗ។ មានអ្នកត្រួតពិនិត្យតាមមណ្ឌលដែរ ហើយលោកទៅធ្វើទស្សនកិច្ចក្រុមជំនុំនិមួយៗក្នុងមណ្ឌលរបស់លោកជាធម្មតាពីរដងក្នុងមួយឆ្នាំ ដើម្បីជួយពួកស្មរបន្ទាល់ក្នុងការចាត់ចែង ហើយធ្វើការផ្សព្វផ្សាយដំណឹងនៅក្នុងតំបន់ផ្សាយ ដែលត្រូវបានចាត់ចែងចំពោះក្រុមជំនុំនោះ។
ក្រុមជំនុំនៅកន្លែងមួយ និងសាលព្រះរាជាណាចក្ររបស់គេ គឺជាមន្ទីរចាត់ការសម្រាប់ផ្សាយដំណឹងល្អនៅក្នុងសហគមន៍របស់លោកអ្នក។ តំបន់ផ្សាយនៃក្រុមជំនុំនិមួយៗ បានត្រូវចែកជាផែនទីនៃកន្លែងផ្សាយតូចៗ។ ផែនទីនេះបានត្រូវចាត់ឲ្យទៅស្មរបន្ទាល់ម្នាក់ៗ ដែលខំព្យាយាមទៅជួបហើយនិយាយជាមួយមនុស្សនៅគ្រប់ផ្ទះនៅទីនោះ។ ក្រុមជំនុំនិមួយៗមានចំនួនពីតិចតួចរហូតដល់មានស្មរបន្ទាល់ជាង ២០០ នាក់ ហើយមានពួកអ្នកចាស់ទុំដែលបានត្រូវចាត់ចែងឲ្យមើលខុសត្រូវភារៈផ្សេងៗ។ អ្នកផ្សាយដំណឹងល្អម្នាក់ៗ គឺជាអ្នកសំខាន់ជាចាំបាច់ក្នុងអង្គការរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។ ស្មរបន្ទាល់គ្រប់ៗគ្នា ទោះជាពួកគេបំរើនៅក្នុងមន្ទីរចាត់ការពិភពលោក នៅតាមការិយាល័យសាខា ឬក៏នៅក្នុងក្រុមជំនុំនិមួយៗក្ដី ពួកគេធ្វើកិច្ចការប្រកាសនេះដោយប្រាប់អ្នកដទៃអំពីព្រះរាជាណាចក្រដោយផ្ទាល់ខ្លួន។
នៅទីបំផុត សេចក្ដីរាយការណ៍អំពីសកម្មភាពនេះមកដល់មន្ទីរចាត់ការពិភពលោក ហើយរៀងរាល់ឆ្នាំសេចក្ដីរាយការណ៍ទាំងនេះបានត្រូវប្រមូលផ្ដុំ ហើយបោះពុម្ពផ្សាយជាសៀវភៅប្រចាំឆ្នាំ។ (ជាភាសាអង់គ្លេស) បន្ថែមទៅទៀត ជារៀងរាល់ឆ្នាំក្នុងលេខទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា មានបោះពុម្ពផ្សាយបញ្ជីពីសេចក្ដីរាយការណ៍ទាំងនេះ។ ប្រកាសនវត្ថុទាំងពីរនេះឲ្យសេចក្ដីរាយការណ៍ដ៏ល្អិតល្អន់ជាច្រើន អំពីការដែលបានសម្រេចក្នុងមួយឆ្នាំៗនោះ ក្នុងការធ្វើបន្ទាល់អំពីព្រះយេហូវ៉ា ហើយអំពីព្រះរាជាណាចក្ររបស់ទ្រង់ដែលនៅក្រោមការគ្រងរាជ្យនៃព្រះយេស៊ូគ្រីស្ទ។ នៅក្នុងឆ្នាំថ្មីៗនេះមានចំនួន ១៤.០០០.០០០ ស្មរបន្ទាល់និងមានមនុស្សចាប់អារម្មណ៍ ដែលបានមករួមប្រជុំគ្នានៅក្នុងពិធីបុណ្យរំឭកនៃការសោយទិវង្គតរបស់ព្រះយេស៊ូដែលមានមួយដងក្នុងមួយឆ្នាំ។ ស្មរបន្ទាល់ព្រះយេហូវ៉ាបានចំណាយជាង ១.០០០.០០០.០០០ ម៉ោងក្នុងមួយឆ្នាំ ដើម្បីផ្សាយប្រកាសដំណឹងល្អ ហើយមានអ្នកថ្មីចំនួនជាង ៣០០.០០០ នាក់ដែលបានទទួលបុណ្យជ្រមុជទឹកផង។ ប្រកាសនវត្ថុដែលគេប្រគល់ដល់ជនដែលស្ដាប់គេនោះ មានចំនួនជាច្រើនរយលានក្បាល។