បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • od ជំ. ៥ ទំ. ៣០-៥២
  • អ្នកត្រួតពិនិត្យដែលឃ្វាលហ្វូងចៀម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្នកត្រួតពិនិត្យដែលឃ្វាលហ្វូងចៀម
  • អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តម្រូវ​ការ​ដើម្បី​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ
  • ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ
  • បុរស​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព
  • ការ​ព្យាយាម​ដើម្បី​ទទួល​មុខ​ងារ
  • ស្ថានភាព​ផ្ទាល់​ខ្លួន​អាច​ប្រែ​ប្រួល
  • មុខ​ងារ​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ
  • អ្នក​ត្រួត​ពិនិត្យ​ក្រុម
  • គណៈ​កម្មាធិការ​កិច្ច​បម្រើ​ក្រុម​ជំនុំ
  • ចូរ​ចុះ​ចូល
  • មុខ​ងារ​ផ្សេង​ទៀត​ក្នុង​អង្គការ​ព្រះ
  • អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល
  • គណៈ​កម្មាធិការ​ការិយាល័យ​សាខា
  • តំណាង​មន្ទីរ​ចាត់​ការ
  • ការ​ត្រួត​ពិនិត្យ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់
  • របៀបដែលអ្នកធ្វើដំណើរត្រួតពិនិត្យបំរើជាអ្នកចាត់ចែងដ៏ស្មោះត្រង់
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ពួកអ្នកធ្វើដំណើរត្រួតពិនិត្យ—អំណោយទានជាមនុស្ស
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
od ជំ. ៥ ទំ. ៣០-៥២

ជំពូក​ទី​៥

អ្នក​ត្រួត​ពិនិត្យ​ដែល​ឃ្វាល​ហ្វូង​ចៀម

កាល​ដែល​លោក​យេស៊ូ​បំពេញ​កិច្ច​បម្រើ​នៅ​ផែនដី លោក​បាន​បង្ហាញ​ថា​លោក​គឺ​ជា​«​គង្វាល​ដ៏​ល្អ​ប្រសើរ​»។ (​យ៉ូន. ១០:១១​) ពេល​លោក​ឃើញ​បណ្ដា​ជន​ដែល​ខំ​ដើរ​តាម​លោក នោះ​«​លោក​មាន​ចិត្ត​អាណិត​អាសូរ​ពួក​គេ ពី​ព្រោះ​ពួក​គេ​បាន​ត្រូវ​គេ​ធ្វើ​ទុក្ខ និង​ទុក​ចោល​ឲ្យ​នៅ​រាត់​រាយ​ដូច​សត្វ​ចៀម​ដែល​គ្មាន​គង្វាល​»។ (​ម៉ាថ. ៩:៣៦​) ពេត្រុស​និង​សាវ័ក​ឯ​ទៀត​បាន​សង្កេត​ឃើញ​របៀប​ដែល​លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​សេចក្ដី​ស្រឡាញ់។ លោក​យេស៊ូ​ពិត​ជា​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​គង្វាល​ក្លែង​ក្លាយ​នៅ​ស្រុក​អ៊ីស្រាអែល​ដែល​បោះ​បង់​ហ្វូង​ចៀម​ចោល​ឲ្យ​នៅ​រាត់​រាយ​គ្មាន​អ្នក​ថែ​រក្សា ហើយ​មិន​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ទាល់​តែ​សោះ! (​អេស. ៣៤:៧, ៨​) លោក​យេស៊ូ​បាន​បង្រៀន​ហ្វូង​ចៀម ហើយ​បាន​ថែ​រក្សា​ពួក​គេ រហូត​ដល់​លះ​បង់​ជីវិត​ដើម្បី​ពួក​គេ​ទៀត​ផង។ ដោយ​សារ​គំរូ​ល្អ​ប្រសើរ​របស់​លោក ពួក​សាវ័ក​បាន​រៀន​អំពី​របៀប​ជួយ​ឲ្យ​អ្នក​ដែល​មាន​ជំនឿ​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ ព្រោះ​លោក​ជា​«​គង្វាល​ដែល​រក្សា​ការ​ពារ​ជីវិត​របស់​[​ពួក​គេ​]​»។—១ពេ. ២:២៥

២ នៅ​ពេល​មួយ កាល​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពេត្រុស លោក​សង្កត់​ធ្ងន់​អំពី​សារៈ​សំខាន់​នៃ​ការ​ឃ្វាល​និង​ការ​ឲ្យ​ចំណី​ហ្វូង​ចៀម។ (​យ៉ូន. ២១:១៥​-​១៧​) ពេត្រុស​ច្បាស់​ជា​ចាំ​មិន​ភ្លេច​នូវ​ចំណុច​នោះ។ ក្រោយ​មក​គាត់​បាន​ឲ្យ​ឱវាទ​ដល់​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​ថា​៖ ​«​ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ​ដែល​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​អ្នក​រាល់​គ្នា មិន​មែន​ឃ្វាល​ដោយ​បង្ខំ​ចិត្ត​ទេ តែ​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​មិន​មែន​ដោយ​ចង់​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ តែ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ក៏​មិន​មែន​ដោយ​ធ្វើ​ជា​ចៅហ្វាយ​លើ​ពួក​អ្នក​ដែល​ជា​មត៌ក​របស់​ព្រះ​ដែរ តែ​ដោយ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​»។ (​១ពេ. ៥:១​-​៣​) ឱវាទ​របស់​ពេត្រុស​ក៏​សំខាន់​ចំពោះ​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ​សព្វ​ថ្ងៃ​នេះ​ដែរ។ ដោយ​យក​តម្រាប់​លោក​យេស៊ូ អ្នក​ចាស់​ទុំ​បំពេញ​ភារកិច្ច​ស្ម័គ្រ​ពី​ចិត្ត​និង​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទុក​ជា​គំរូ​ដល់​ហ្វូង​ចៀម កាល​ដែល​ពួក​គាត់​នាំ​មុខ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។—ហេ. ១៣:៧

ដោយ​យក​តម្រាប់​លោក​យេស៊ូ អ្នក​ចាស់​ទុំ​បំពេញ​ភារកិច្ច​ស្ម័គ្រ​ពី​ចិត្ត​និង​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទុក​ជា​គំរូ​ដល់​ហ្វូង​ចៀម កាល​ដែល​ពួក​គាត់​នាំ​មុខ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា

៣ យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​ចំពោះ​ពួក​អ្នក​ត្រួត​ពិនិត្យ​នៅ​ក្នុង​ក្រុម​ជំនុំ ដែល​បាន​ត្រូវ​តែង​តាំង​ដោយ​សកម្មពល​របស់​ព្រះ។ យើង​ទទួល​ផល​ប្រយោជន៍​ជា​ច្រើន​ពី​កិច្ច​ការ​របស់​ពួក​គាត់។ ជា​ឧទាហរណ៍ ពួក​អ្នក​ត្រួត​ពិនិត្យ​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន​ទាំង​អស់​គ្នា​ក្នុង​ក្រុម​ជំនុំ។ រៀង​រាល់​សប្ដាហ៍ ពួក​គាត់​ព្យាយាម​ក្នុង​ការ​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ដែល​ពង្រឹង​ជំនឿ​របស់​យើង​ទាំង​អស់​គ្នា។ (​រ៉ូម ១២:៨​) ដោយ​សារ​ពួក​គាត់​ខំ​ការ​ពារ​ហ្វូង​ចៀម​ពី​អ្វី​ណា​ឬ​អ្នក​ណា​ក៏​ដោយ​ដែល​អាច​មាន​ឥទ្ធិពល​អាក្រក់ នោះ​យើង​មាន​អារម្មណ៍​ថា​យើង​មាន​សុវត្ថិភាព។ (​អេ. ៣២:២; ទីត. ១:៩​-​១១​) ពួក​គាត់​នាំ​មុខ​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​នេះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​បន្ត​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជា​ទៀង​ទាត់។ (​ហេ. ១៣:១៥​-​១៧​) តាម​រយៈ​«​អំណោយ​ជា​មនុស្ស​»​ទាំង​នេះ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អ្វី​ដែល​ចាំ​បាច់ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​មាំ​មួន​ឡើង។—អេភ. ៤:៨, ១១, ១២

តម្រូវ​ការ​ដើម្បី​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ

៤ ដើម្បី​ឲ្យ​ប្រាកដ​ថា​ក្រុម​ជំនុំ​ទទួល​ការ​ថែ​រក្សា​យ៉ាង​ត្រឹម​ត្រូវ បុរស​ដែល​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ត្រួត​ពិនិត្យ ត្រូវ​បំពេញ​តម្រូវ​ការ​ក្នុង​បណ្ដាំ​របស់​ព្រះ។ លុះ​ត្រា​តែ​ពួក​គាត់​បំពេញ​តម្រូវ​ការ​ទាំង​នោះ ទើប​អាច​និយាយ​ថា​ពួក​គាត់​បាន​ត្រូវ​តែង​តាំង​ដោយ​សកម្មពល​បរិសុទ្ធ។ (​សកម្ម. ២០:២៨​) តម្រូវ​ការ​ក្នុង​គម្ពីរ​សម្រាប់​អ្នក​ត្រួត​ពិនិត្យ​គ្រិស្ត​សាសនិក​គឺ​ខ្ពង់​ខ្ពស់ ពី​ព្រោះ​ពួក​គាត់​មាន​ភារកិច្ច​ធ្ងន់​ធ្ងរ។ ប៉ុន្តែ​តម្រូវ​ការ​ទាំង​នោះ​មិន​ខ្ពស់​ពេក​ឡើយ ព្រោះ​បុរស​ជា​គ្រិស្ត​សាសនិក​ដែល​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា​ហើយ​ចង់​ឲ្យ​លោក​ប្រើ​ពួក​គាត់ អាច​បំពេញ​តម្រូវ​ការ​ទាំង​នោះ​បាន។ អ្នក​ត្រួត​ពិនិត្យ​គួរ​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ឃើញ​ថា ពួក​គាត់​អនុវត្ត​គោល​ការណ៍​គម្ពីរ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។

ដើម្បី​ឲ្យ​ប្រាកដ​ថា​ក្រុម​ជំនុំ​ទទួល​ការ​ថែ​រក្សា​យ៉ាង​ត្រឹម​ត្រូវ បុរស​ដែល​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ត្រួត​ពិនិត្យ ត្រូវ​បំពេញ​តម្រូវ​ការ​ក្នុង​បណ្ដាំ​របស់​ព្រះ

៥ ក្នុង​សំបុត្រ​ទី​១​ដែល​សាវ័ក​ប៉ូល​សរសេរ​ទៅ​កាន់​ធីម៉ូថេ និង​ក្នុង​សំបុត្រ​ដែល​គាត់​សរសេរ​ទៅ​កាន់​ទីតុស គាត់​បញ្ជាក់​អំពី​តម្រូវ​ការ​សម្រាប់​អ្នក​ត្រួត​ពិនិត្យ។ ធីម៉ូថេ​ទី​១ ៣:១​-​៧ ចែង​ថា​៖ ​«​ប្រសិន​បើ​បុរស​ណា​កំពុង​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ជា​អ្នក​ត្រួត​ពិនិត្យ គាត់​ចង់​បាន​កិច្ច​ការ​ដ៏​ល្អ​ប្រសើរ។ ដូច្នេះ អ្នក​ត្រួត​ពិនិត្យ​ត្រូវ​ជា​អ្នក​ដែល​គ្មាន​កន្លែង​បន្ទោស មាន​ប្រពន្ធ​តែ​មួយ ប្រព្រឹត្ត​ដោយ​មាន​តុល្យភាព ដឹង​ខុស​ត្រូវ មាន​សណ្ដាប់​ធ្នាប់ ចេះ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់ មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បង្រៀន មិន​មែន​ជា​អ្នក​ប្រមឹក​ស្រា ឬ​អ្នក​វាយ​តប់ តែ​ជា​មនុស្ស​សម​ហេតុ​ផល មិន​មែន​ជា​អ្នក​ដែល​ចូល​ចិត្ត​ឈ្លោះ​ប្រកែក មិន​ស្រឡាញ់​ប្រាក់ កំពុង​ដឹក​នាំ​ពួក​អ្នក​ផ្ទះ​របស់​ខ្លួន​យ៉ាង​ល្អ​ប្រសើរ មាន​កូន​ដែល​ចុះ​ចូល ថែម​ទាំង​មាន​ភាព​នឹង​ធឹង​គ្រប់​ជំពូក (​ប្រសិន​បើ​អ្នក​ណា​ម្នាក់​មិន​ចេះ​ដឹក​នាំ​ពួក​អ្នក​ផ្ទះ​របស់​ខ្លួន តើ​អ្នក​នោះ​អាច​ថែ​រក្សា​ក្រុម​ជំនុំ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច​បាន?​) មិន​មែន​ជា​អ្នក​ដែល​ទើប​នឹង​ជឿ​ថ្មី ក្រែង​លោ​គាត់​បែរ​ជា​ក្រអឺតក្រអោង រួច​ទទួល​ការ​ផ្ដន្ទា​ទោស​ដូច​មេកំណាច​បាន​ទទួល។ ម្យ៉ាង​ទៀត គាត់​ត្រូវ​មាន​ឈ្មោះ​ល្អ​ក្នុង​ចំណោម​អ្នក​ក្រៅ ដើម្បី​កុំ​ឲ្យ​គាត់​ទទួល​ការ​តិះ​ដៀល ហើយ​ធ្លាក់​ចូល​អន្ទាក់​របស់​មេកំណាច​»។

៦ ប៉ូល​បាន​សរសេរ​ទៅ​កាន់​ទីតុស​ថា​៖ ​«​ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ទុក​អ្នក​នៅ​កោះ​ក្រេត គឺ​ដើម្បី​ឲ្យ​អ្នក​កែ​តម្រង់​អ្វី​ដែល​ខុស ហើយ​តែង​តាំង​បុរស​ចាស់​ទុំ​នៅ​ក្រុង​នីមួយ​ៗ ដូច​ខ្ញុំ​បាន​បង្គាប់។ ប្រសិន​បើ​មាន​បុរស​ណា​ម្នាក់​គ្មាន​កន្លែង​ចាប់​កំហុស​បាន មាន​ប្រពន្ធ​តែ​មួយ មាន​កូន​ជា​អ្នក​ជឿ​ដែល​មិន​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ជា​អ្នក​ប្រព្រឹត្ត​អំពើ​អបាយមុខ​ហើយ​មិន​មែន​ជា​កូន​ពិបាក​គ្រប់​គ្រង។ ព្រោះ​ក្នុង​នាម​ជា​អ្នក​ចាត់​ចែង​ដែល​ព្រះ​បាន​តែង​តាំង នោះ​អ្នក​ត្រួត​ពិនិត្យ​ត្រូវ​គ្មាន​កន្លែង​ចាប់​កំហុស​បាន មិន​ប្រកាន់​តែ​គំនិត​ខ្លួន មិន​ឆាប់​ខឹង មិន​មែន​ជា​អ្នក​ប្រមឹក​ស្រា មិន​មែន​ជា​អ្នក​វាយ​តប់ មិន​ស្វះ​ស្វែង​រក​វិធី​ឲ្យ​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​ចេះ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់ ស្រឡាញ់​សេចក្ដី​ល្អ ដឹង​ខុស​ត្រូវ ជា​មនុស្ស​សុចរិត មាន​ភក្ដី​ភាព ចេះ​ទប់​ចិត្ត។ កាន់​ខ្ជាប់​តាម​បណ្ដាំ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត ក្នុង​របៀប​ដែល​គាត់​បង្រៀន ដើម្បី​គាត់​អាច​បំផុស​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​តាម​រយៈ​សេចក្ដី​បង្រៀន​ដែល​មាន​ប្រយោជន៍ ហើយ​កែ​តម្រង់​អ្នក​ដែល​និយាយ​ប្រឆាំង​សេចក្ដី​បង្រៀន​នោះ​»។—ទីតុស ១:៥​-​៩

៧ តាម​មើល​ទៅ តម្រូវ​ការ​ក្នុង​គម្ពីរ​សម្រាប់​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រហែល​ជា​ពិបាក​បំពេញ ក៏​ប៉ុន្តែ បង​ប្អូន​ប្រុស​ៗ​ដែល​ជា​គ្រិស្ត​សាសនិក មិន​គួរ​ឈប់​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​នោះ​ឡើយ។ ពេល​ពួក​គាត់​បង្ហាញ​គុណ​សម្បត្តិ​ថ្លៃ​ថ្លា​ជា​គ្រិស្ត​សាសនិក​ដែល​អ្នក​ត្រួត​ពិនិត្យ​ត្រូវ​មាន នោះ​ពួក​គាត់​ក៏​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ឲ្យ​ធ្វើ​ដូច​គ្នា​ដែរ។ ប៉ូល​បាន​សរសេរ​ថា​ពួក​បុរស​ដែល​ជា​«​អំណោយ​ជា​មនុស្ស​»​បាន​ត្រូវ​ផ្ដល់​ឲ្យ​ក្រុម​ជំនុំ ដើម្បី​«​កែ​តម្រង់​ពួក​អ្នក​បរិសុទ្ធ ដើម្បី​បំពេញ​កិច្ច​បម្រើ ដើម្បី​ធ្វើ​ឲ្យ​រូប​កាយ​របស់​គ្រិស្ត​បាន​មាំ​មួន​ឡើង រហូត​ដល់​យើង​ទាំង​អស់​គ្នា​មាន​ឯកភាព​ក្នុង​ជំនឿ​និង​ចំណេះ​ត្រឹម​ត្រូវ​អំពី​បុត្រ​ព្រះ រហូត​ដល់​មាន​ភាព​ជា​បុរស​ពេញ​វ័យ ហើយ​ស្មើ​កម្រិត​កម្ពស់​របស់​គ្រិស្ត​»។—អេភ. ៤:៨, ១២, ១៣

៨ អ្នក​ត្រួត​ពិនិត្យ​មិន​មែន​ជា​បុរស​វ័យ​ក្មេង​ឬ​មនុស្ស​ដែល​ទើប​នឹង​ជឿ​ថ្មី​ឡើយ តែ​ជា​មនុស្ស​ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​រស់​នៅ​ជា​គ្រិស្ត​សាសនិក ហើយ​មាន​ចំណេះ​ជា​ច្រើន​អំពី​គម្ពីរ ព្រម​ទាំង​យល់​ធ្លុះ​ជ្រៅ​អំពី​បទ​គម្ពីរ​ដែរ។ បន្ថែម​ទៅ​ទៀត ពួក​គាត់​ស្រឡាញ់​ក្រុម​ជំនុំ​យ៉ាង​ស្មោះ។ ពួក​គាត់​ក៏​ចេះ​និយាយ​ដោយ​ក្លាហាន​ដើម្បី​កែ​តម្រង់​អ្នក​ដែល​ធ្វើ​អំពើ​ខុស​ឆ្គង​ដែរ។ យ៉ាង​នេះ​អ្នក​ត្រួត​ពិនិត្យ​ការ​ពារ​ហ្វូង​ចៀម​ពី​មនុស្ស​ណា​ដែល​ចង់​ទាញ​យក​ប្រយោជន៍​ពី​ពួក​គេ។ (​អេ. ៣២:២​) បង​ប្អូន​ទាំង​ឡាយ​ក្នុង​ក្រុម​ជំនុំ​ទទួល​ស្គាល់​ថា អ្នក​ត្រួត​ពិនិត្យ​ជា​អ្នក​ដែល​មាន​ភាព​ចាស់​ទុំ​និង​ជំនឿ​មាំ​មួន ហើយ​ជា​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​ហ្វូង​ចៀម​របស់​ព្រះ។

៩ ពួក​អ្នក​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​តែង​តាំង​ជា​អ្នក​ត្រួត​ពិនិត្យ ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ បើ​អ្នក​ត្រួត​ពិនិត្យ​មាន​ប្រពន្ធ គាត់​ត្រូវ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​គ្រិស្ត​សាសនិក​ស្ដី​អំពី​អាពាហ៍ពិពាហ៍ ពោល​គឺ​មាន​ប្រពន្ធ​តែ​មួយ ហើយ​កំពុង​ដឹក​នាំ​ពួក​អ្នក​ផ្ទះ​របស់​ខ្លួន​យ៉ាង​ល្អ​ប្រសើរ។ បើ​អ្នក​ត្រួត​ពិនិត្យ​មាន​កូន​ជា​អ្នក​ជឿ​ដែល​ចុះ​ចូល ថែម​ទាំង​មាន​ភាព​នឹង​ធឹង​គ្រប់​ជំពូក ហើយ​មិន​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ជា​អ្នក​ប្រព្រឹត្ត​អំពើ​អបាយមុខ​ហើយ​មិន​មែន​ជា​កូន​ពិបាក​គ្រប់​គ្រង នោះ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​អាច និយាយ​ជា​មួយ​អ្នក​ត្រួត​ពិនិត្យ​នោះ​ដោយ​មាន​ទំនុក​ចិត្ត ដើម្បី​សុំ​ឱវាទ​និង​យោបល់​អំពី​រឿង​ដែល​ទាក់​ទង​ជីវិត​គ្រួសារ​និង​របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក។ អ្នក​ត្រួត​ពិនិត្យ​ជា​អ្នក​ដែល​គ្មាន​កន្លែង​បន្ទោស ហើយ​គ្មាន​កន្លែង​ចាប់​កំហុស​បាន ព្រម​ទាំង​មាន​ឈ្មោះ​ល្អ សូម្បី​តែ​ពី​អ្នក​ក្រៅ។ គាត់​ក៏​នឹង​មិន​ប្រព្រឹត្ត​មិន​សម​រម្យ ដូច្នេះ​គេ​នឹង​គ្មាន​ហេតុ​ត្រឹម​ត្រូវ​ដើម្បី​ចោទ​ប្រកាន់​គាត់ ហើយ​ធ្វើ​ឲ្យ​ខូច​កេរ្ដិ៍​ឈ្មោះ​ក្រុម​ជំនុំ​ឡើយ។ គាត់​ក៏​មិន​មែន​ជា​អ្នក​ដែល​បាន​ត្រូវ​ប្រដៅ​តម្រង់​នៅ​ពេល​ថ្មី​ៗ​ដោយ​សារបាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ដែរ។ ដោយ​សារ​គាត់​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ចង់​យក​តម្រាប់​គាត់ ហើយ​ពួក​គេ​អាច​ទុក​ចិត្ត​ទាំង​ស្រុង​ថា​គាត់​នឹង​ជួយ​ពួក​គេ​ឲ្យ​មាន​របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក​ពិត។—១កូ. ១១:១; ១៦:១៥, ១៦

១០ បុរស​ដែល​មាន​គុណ​សម្បត្តិ​បែប​នេះ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក មាន​តួ​នាទី​ស្រដៀង​នឹង​តួ​នាទី​របស់​បុរស​ចាស់​ទុំ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ។ ពួក​គាត់​ជា​អ្នក​ដែល​«​មាន​ប្រាជ្ញា មាន​យោបល់​»​ និង​មាន​បទ​ពិសោធន៍។ (​ចោ. ១:១៣​) ពួក​អ្នក​ចាស់​ទុំ​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ឡើយ។ ក៏​ប៉ុន្តែ បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​និង​មនុស្ស​ក្នុង​សហគមន៍​ដឹង​ថា ពួក​អ្នក​ចាស់​ទុំ​ជា​អ្នក​ទៀង​ត្រង់ និង​ជា​អ្នក​កោត​ខ្លាច​ព្រះ​ដែល​បាន​បង្ហាញ​អស់​មួយ​រយៈ​ពេល​ថា ពួក​គាត់​ធ្វើ​គ្រប់​ការ​ទាំង​អស់​សម​ស្រប​តាម​គោល​ការណ៍​គម្ពីរ។ ដោយ​សារ​ពួក​គាត់​គ្មាន​កន្លែង​បន្ទោស​បាន នោះ​ពួក​គាត់​អាច​និយាយ​ដោយ​ក្លាហាន​នៅ​ក្នុង​ក្រុម​ជំនុំ។—រ៉ូម ៣:២៣

១១ បង​ប្រុស​ៗ​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ ត្រូវ​ប្រព្រឹត្ត​ដោយ​មាន​តុល្យភាព​ក្នុង​រឿង​ផ្ទាល់​ខ្លួន និង​ក្នុង​ការ​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត។ ពួក​គាត់​មិន​មែន​ជា​មនុស្ស​ជ្រុល​និយម​ទេ ផ្ទុយ​ទៅ​វិញ របៀប​រស់​នៅ​របស់​ពួក​គាត់​គឺ​ប្រកប​ដោយ​តុល្យភាព​និង​ការ​ចេះ​ទប់​ចិត្ត។ ពួក​គាត់​ចេះ​ប្រមាណ​ក្នុង​ការ​បរិភោគ ក្នុង​ការ​សម្រាក​លម្ហែ​កាយ និង​ក្នុង​ការ​កម្សាន្ត។ ពួក​គាត់​ក៏​ចេះ​ប្រមាណ​ក្នុង​ការ​ពិសា​ស្រា​ដែរ ដើម្បី​កុំ​ឲ្យ​គេ​មាន​ហេតុ​ចោទ​ថា​ពួក​គាត់​ស្រវឹង​ស្រា​ឬ​ជា​អ្នក​ប្រមឹក​ស្រា​ឡើយ។ បុគ្គល​ដែល​លែង​មាន​សមត្ថភាព​គ្រប់​គ្រង​ខ្លួន​ដោយ​សារ​ឥទ្ធិពល​ស្រា នឹង​ពិបាក​ទប់​ចិត្ត​ណាស់ ហើយ​ក៏​មិន​អាច​ឃ្វាល​បង​ប្អូន​ឬ​បំពេញ​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ​បាន​ដែរ។

១២ ដើម្បី​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ បង​ប្រុស​ម្នាក់​គួរ​បង្ហាញ​ថា​គាត់​មាន​សណ្ដាប់​ធ្នាប់​មួយ​កម្រិត។ អាការ​ក្រៅ ផ្ទះ និង​កិច្ច​ការ​ប្រចាំ​ថ្ងៃ​របស់​គាត់​បង្ហាញ​ថា​គាត់​មាន​របៀប​រៀប​រយ។ បុរស​បែប​នេះ​មិន​បង្អែ​បង្អង់​ទេ តែ​ពេល​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​មួយ គាត់​រៀបចំ​ឲ្យ​បាន​ល្អ​ដើម្បី​ធ្វើ​កិច្ច​ការ​នោះ។ គាត់​ធ្វើ​តាម​គោល​ការណ៍​របស់​ព្រះ​ជា​និច្ច។

១៣ អ្នក​ត្រួត​ពិនិត្យ​ត្រូវ​ជា​មនុស្ស​សម​ហេតុ​ផល។ គាត់​ត្រូវ​ចេះ​ធ្វើ​ការ​ជា​មួយ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​អ្នក​ចាស់​ទុំ​ដោយ​មាន​សាមគ្គី​ភាព ហើយ​ត្រូវ​ចេះ​សហការ​ជា​មួយ​ពួក​គាត់។ គាត់​ក៏​គួរ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​គាត់ ហើយ​មិន​តម្រូវ​ខ្លាំង​ពេក​ពី​អ្នក​ឯ​ទៀត។ ដោយ​សារ​អ្នក​ត្រួត​ពិនិត្យ​ជា​មនុស្ស​សម​ហេតុ​សម​ផល នោះ​គាត់​មិន​មែន​ជា​មនុស្ស​ដែល​គិត​ថា​យោបល់​របស់​ខ្លួន​គឺ​ល្អ​ជាង​យោបល់​របស់​អ្នក​ចាស់​ទុំ​ឯ​ទៀត​ទេ។ អ្នក​ចាស់​ទុំ​ទាំង​នោះ​ប្រហែល​ជា​មាន​គុណ​សម្បត្តិ​ឬ​សមត្ថភាព​ដែល​គាត់​មិន​មាន​ទេ។ អ្នក​ចាស់​ទុំ​ម្នាក់​ដែល​ជា​មនុស្ស​សម​ហេតុ​សម​ផល​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ផ្អែក​លើ​បទ​គម្ពីរ​ទាំង​ស្រុង ហើយ​ព្យាយាម​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​គ្រិស្ត។ (​ភី. ២:២​-​៨​) អ្នក​ចាស់​ទុំ​មិន​មែន​ជា​អ្នក​ដែល​ចូល​ចិត្ត​ឈ្លោះ​ប្រកែក​ឬ​វាយ​តប់​ទេ ប៉ុន្តែ​ចេះ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត ហើយ​ចាត់​ទុក​ថា​អ្នក​ឯ​ទៀត​ប្រសើរ​ជាង​ខ្លួន។ គាត់​មិន​ប្រកាន់​តែ​គំនិត​ខ្លួន​ដោយ​តែង​តែ​ទាម​ទារ​ឲ្យ​អ្នក​ឯ​ទៀត​ទទួល​យក​យោបល់​របស់​គាត់​ឡើយ។ គាត់​មិន​មែន​ជា​មនុស្ស​ឆាប់​ខឹង ផ្ទុយ​ទៅ​វិញ​គាត់​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។

១៤ ស្រដៀង​គ្នា​ដែរ បុរស​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ​ត្រូវ​ដឹង​ខុស​ត្រូវ។ នេះ​មាន​ន័យ​ថា​គាត់​មាន​ចិត្ត​ធ្ងន់ ហើយ​ចេះ​ពិចារណា​វែង​ឆ្ងាយ​មុន​នឹង​ធ្វើ​ការ​វិនិច្ឆ័យ។ គាត់​យល់​ច្បាស់​អំពី​គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា និង​របៀប​អនុវត្ត​គោល​ការណ៍​ទាំង​នោះ។ បុគ្គល​ដែល​ដឹង​ខុស​ត្រូវ​ពេញ​ចិត្ត​ទទួល​ឱវាទ​និង​ការ​ណែនាំ។ គាត់​មិន​មែន​ជា​មនុស្ស​លាក់​ពុត​ទេ។

១៥ ប៉ូល​បាន​រំលឹក​ទីតុស​ថា អ្នក​ត្រួត​ពិនិត្យ​ក៏​ជា​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​ល្អ។ គាត់​គួរ​ជា​មនុស្ស​សុចរិត ហើយ​មាន​ភក្ដី​ភាព។ គុណ​សម្បត្តិ​ទាំង​នេះ​គឺ​ស​ឲ្យ​ឃើញ​ក្នុង​របៀប​ដែល​គាត់​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត ហើយ​ក្នុង​របៀប​ដែល​គាត់​កាន់​ខ្ជាប់​អ្វី​ដែល​ល្អ​និង​ត្រឹម​ត្រូវ។ គាត់​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ជា​និច្ច ហើយ​តែង​តែ​កាន់​តាម​គោល​ការណ៍​សុចរិត​របស់​លោក។ គាត់​អាច​រក្សា​រឿង​សម្ងាត់​បាន។ គាត់​ក៏​ចេះ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់ ដោយ​ប្រើ​ពេល កម្លាំង និង​អ្វី​ៗ​ដែល​គាត់​មាន ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ឯ​ទៀត។—សកម្ម. ២០:៣៣​-​៣៥

១៦ ដើម្បី​បំពេញ​ភារកិច្ច​របស់​គាត់​ដោយ​មាន​ប្រសិទ្ធភាព អ្នក​ត្រួត​ពិនិត្យ​ត្រូវ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បង្រៀន។ យោង​ទៅ​តាម​ពាក្យ​របស់​ប៉ូល​ទៅ​កាន់​ទីតុស អ្នក​ត្រួត​ពិនិត្យ​ត្រូវ​«​កាន់​ខ្ជាប់​តាម​បណ្ដាំ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត ក្នុង​របៀប​ដែល​គាត់​បង្រៀន ដើម្បី​គាត់​អាច​បំផុស​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​តាម​រយៈ​សេចក្ដី​បង្រៀន​ដែល​មាន​ប្រយោជន៍ ហើយ​កែ​តម្រង់​អ្នក​ដែល​និយាយ​ប្រឆាំង​សេចក្ដី​បង្រៀន​នោះ​»។ (​ទីត. ១:៩​) ក្នុង​ការ​បង្រៀន អ្នក​ត្រួត​ពិនិត្យ​មាន​សមត្ថភាព​វែក​ញែក បង្ហាញ​ភ័ស្តុតាង បញ្ជាក់​ហេតុ​ផល​ដល់​អ្នក​ដែល​ជំទាស់ ហើយ​ពន្យល់​បទ​គម្ពីរ​តាម​របៀប​ដែល​ពង្រឹង​ជំនឿ​អ្នក​ឯ​ទៀត​និង​ធ្វើ​ឲ្យ​ពួក​គេ​ជឿ​ជាក់។ អ្នក​ត្រួត​ពិនិត្យ​ត្រូវ​មាន​សមត្ថភាព​បង្រៀន​ដូច​នេះ ទោះ​ជា​នៅ​ពេល​ដែល​មាន​អំណោយ​ផល ឬ​នៅ​ពេល​ដែល​មាន​ការ​លំបាក​ក្ដី។ (​២ធី. ៤:២​) ដោយ​សារ​អ្នក​ត្រួត​ពិនិត្យ​មាន​ចិត្ត​អត់​ធ្មត់ គាត់​អាច​ប្រដៅ​តម្រង់​ដោយ​ចិត្ត​ស្លូត​បូត​បុគ្គល​ដែល​បាន​ធ្វើ​ខុស ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​សង្ស័យ​ជឿ​ជាក់​វិញ ហើយ​ជំរុញ​ចិត្ត​អ្នក​នោះ​ឲ្យ​ធ្វើ​កិច្ច​ការ​ល្អ​ដោយ​មាន​មូលដ្ឋាន​លើ​ជំនឿ។ បើ​បង​ប្រុស​ម្នាក់​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បង្រៀន​មនុស្ស​មួយ​ក្រុម​ធំ ឬ​បើ​គាត់​ចេះ​បង្រៀន​បង​ប្អូន​ម្នាក់​ៗ​ក្នុង​ក្រុម​ជំនុំ នោះ​បញ្ជាក់​ថា​គាត់​បាន​បំពេញ​តម្រូវ​ការ​ដ៏​សំខាន់​នេះ​សម្រាប់​អ្នក​ត្រួត​ពិនិត្យ។

១៧ ជា​ការ​សំខាន់​ដែល​ពួក​អ្នក​ចាស់​ទុំ​ចូល​រួម​យ៉ាង​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ អ្នក​ចាស់​ទុំ​ក៏​គួរ​បង្ហាញ​តាម​របៀប​នេះ​ដែរ​ថា ពួក​គាត់​កំពុង​ព្យាយាម​យក​តម្រាប់​លោក​យេស៊ូ​ដែល​ចាត់​ទុក​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជា​អ្វី​ដែល​សំខាន់​ណាស់។ លោក​យេស៊ូ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​កាន់​តាម​លោក ដោយ​ជួយ​ឲ្យ​ពួក​គាត់​ចេះ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដោយ​មាន​ប្រសិទ្ធភាព។ (​ម៉ាក. ១:៣៨; លូក. ៨:១​) ពេល​អ្នក​ចាស់​ទុំ​តាំង​ចិត្ត​ចំណាយ​ពេល​ក្នុង​កិច្ច​បម្រើ​ផ្សាយ ទោះ​ជា​ពួក​គាត់​ជាប់​រវល់​ក្ដី នោះ​ធ្វើ​ឲ្យ​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​មាន​ចិត្ត​ខ្នះ​ខ្នែង​ដូច​ពួក​គាត់​ដែរ។ ម្យ៉ាង​ទៀត ពេល​ពួក​អ្នក​ចាស់​ទុំ​ផ្សព្វ​ផ្សាយ​ជា​មួយ​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គាត់ និង​ជា​មួយ​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ នោះ​មាន​ការ​«​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​»។—រ៉ូម ១:១១, ១២

១៨ ស្ដាប់​ទៅ តម្រូវ​ការ​ទាំង​អស់​នេះ​ប្រហែល​ជា​ច្រើន​ពេក​សម្រាប់​បុគ្គល​ដែល​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ។ គ្មាន​អ្នក​ត្រួត​ពិនិត្យ​ណា​ម្នាក់​ដែល​អាច​បំពេញ​ខ្នាត​តម្រា​ខ្ពង់​ខ្ពស់​ក្នុង​គម្ពីរ​យ៉ាង​ល្អ​ឥត​ខ្ចោះ​បាន​ទេ។ ក៏​ប៉ុន្តែ មិន​គួរ​មាន​អ្នក​ចាស់​ទុំ​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ដែល​ខ្វះ​គុណ​សម្បត្តិ​ណា​មួយ​ខ្លាំង រហូត​ដល់​អាច​ចាត់​ទុក​នេះ​ជា​បញ្ហា​ធំ​ឡើយ។ អ្នក​ចាស់​ទុំ​ម្នាក់​ៗ​អាច​មាន​គុណ​សម្បត្តិ​លេច​ធ្លោ​ខុស​ៗ​គ្នា។ ជា​លទ្ធផល ក្រុម​អ្នក​ចាស់​ទុំ​នឹង​មាន​គុណ​សម្បត្តិ​ទាំង​អស់​ដែល​ចាំ​បាច់ ដើម្បី​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ​របស់​ព្រះ​យ៉ាង​ត្រឹម​ត្រូវ។

១៩ ពេល​ក្រុម​អ្នក​ចាស់​ទុំ​លើក​ឈ្មោះ​បង​ប្រុស​ឯ​ទៀត​ដើម្បី​តែង​តាំង​ជា​អ្នក​ត្រួត​ពិនិត្យ ពួក​គាត់​គួរ​គិត​អំពី​ពាក្យ​របស់​សាវ័ក​ប៉ូល​ដែល​ថា​៖ ​«​ខ្ញុំ​សូម​ប្រាប់​អ្នក​ទាំង​អស់​គ្នា​នៅ​ទី​នោះ​ថា កុំ​គិត​ថា​ខ្លួន​មាន​តម្លៃ​លើស​ពី​អ្វី​ដែល​ត្រូវ​គិត តែ​ចូរ​មាន​គំនិត​សម​ហេតុ​សម​ផល តាម​ដែល​ព្រះ​បាន​ផ្ដល់​ជំនឿ​មួយ​កម្រិត​ដល់​អ្នក​រាល់​គ្នា​ម្នាក់​ៗ​»។ (​រ៉ូម ១២:៣​) អ្នក​ចាស់​ទុំ​ម្នាក់​ៗ​គួរ​ចាត់​ទុក​ថា​ខ្លួន​ជា​អ្នក​តូច​ជាង​គេ។ កាល​ដែល​ពិនិត្យ​មើល​គុណ​សម្បត្តិ​របស់​បង​ប្អូន​ឯ​ទៀត អ្នក​ចាស់​ទុំ​មិន​គួរ​ធ្វើ​ជា​«​មនុស្ស​សុចរិត​ហួស​ល្បត់​»​ឡើយ។ (​សាស្ដ. ៧:១៦​) ដោយ​ផ្អែក​លើ​តម្រូវ​ការ​ក្នុង​គម្ពីរ​សម្រាប់​អ្នក​ចាស់​ទុំ ក្រុម​អ្នក​ចាស់​ទុំ​គួរ​ពិចារណា​ថា តើ​បង​ប្រុស​នោះ​បាន​បំពេញ​តម្រូវ​ការ​បាន​ល្មម​គ្រប់​គ្រាន់​ឬ​យ៉ាង​ណា។ ពេល​អ្នក​ចាស់​ទុំ​ពិចារណា​អំពី​បុរស​ម្នាក់​ដែល​អាច​ទទួល​មុខ​ងារ​ជា​អ្នក​ត្រួត​ពិនិត្យ ពួក​គាត់​គួរ​នឹក​ចាំ​ថា​គ្មាន​បុរស​ណា​ម្នាក់​ដែល​ល្អ​ឥត​ខ្ចោះ​ឡើយ។ ពួក​គាត់​ក៏​មិន​ត្រូវ​មាន​ចិត្ត​ល្អៀង​ឬ​លាក់​ពុត​ដែរ តែ​ត្រូវ​បង្ហាញ​ការ​គោរព​ចំពោះ​ខ្នាត​តម្រា​សុចរិត​របស់​ព្រះ​យេហូវ៉ា ហើយ​ត្រូវ​គិត​អំពី​ផល​ប្រយោជន៍​របស់​ក្រុម​ជំនុំ។ ពួក​គាត់​នឹង​អធិដ្ឋាន​មុន​លើក​ឈ្មោះ​បង​ប្រុស​ណា​ម្នាក់ ក៏​នឹង​ធ្វើ​តាម​ការ​ណែនាំ​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ផង​ដែរ។ នេះ​ជា​ភារកិច្ច​ធ្ងន់​ធ្ងរ​មួយ​របស់​ពួក​គាត់ ហើយ​ពួក​គាត់​ត្រូវ​បំពេញ​ភារកិច្ច​នេះ​សម​ស្រប​តាម​ការ​ដាស់​តឿន​របស់​ប៉ូល​ដែល​ថា​៖ ​«​កុំ​ឆាប់​ដាក់​ដៃ​លើ​បុរស​ណា​ម្នាក់​ឡើយ​»។—១ធី. ៥:២១, ២២

ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ

២០ បុរស​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ស្រប​តាម​គម្ពីរ​បង្ហាញ​ថា សកម្មពល​បរិសុទ្ធ​កំពុង​ដឹក​នាំ​ពួក​គាត់ ក៏​បង្ហាញ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​ក្នុង​ជីវិត​របស់​ពួក​គាត់​ដែរ។ ប៉ូល​បាន​រៀប​រាប់​អំពី​គុណ​សម្បត្តិ​៩​យ៉ាង​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ គឺ ​«​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត ចិត្ត​ធ្ងន់ សេចក្ដី​សប្បុរស គុណធម៌ ជំនឿ ចិត្ត​ស្លូត​បូត ការ​ចេះ​ទប់​ចិត្ត​»។ (​កាឡ. ៥:២២, ២៣​) អ្នក​ត្រួត​ពិនិត្យ​ដែល​មាន​គុណ​សម្បត្តិ​ដូច​នេះ ធ្វើ​ឲ្យ​បង​ប្អូន​មាន​កម្លាំង​ចិត្ត​ឡើង​វិញ ហើយ​ជួយ​ឲ្យ​ក្រុម​ជំនុំ​មាន​សាមគ្គី​ភាព​ក្នុង​កិច្ច​បម្រើ​ពិសិដ្ឋ។ ការ​ប្រព្រឹត្ត​ប្រចាំ​ថ្ងៃ និង​លទ្ធផល​ល្អ​ពី​កិច្ច​ការ​របស់​ពួក​គាត់ ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ពួក​គាត់​បាន​ត្រូវ​តែង​តាំង​ដោយ​សកម្មពល​បរិសុទ្ធ។—សកម្ម. ២០:២៨

បុរស​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព

២១ គឺ​ជា​ការ​សំខាន់​ចាំ​បាច់​ដែល​ពួក​អ្នក​ចាស់​ទុំ​សហការ​គ្នា ដើម្បី​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ។ ពួក​គាត់​ប្រហែល​ជា​មាន​បុគ្គលិក​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ​ណាស់ ប៉ុន្តែ​ពួក​គាត់​រក្សា​សាមគ្គី​ភាព​ជា​ក្រុម ដោយ​ស្ដាប់​យោបល់​របស់​អ្នក​ចាស់​ទុំ​ឯ​ទៀត​ទាំង​បង្ហាញ​ការ​គោរព ទោះ​ជា​មិន​យល់​ស្រប​គ្នា​ក្នុង​គ្រប់​រឿង​ទាំង​អស់​ដែល​យក​មក​ពិភាក្សា​ក៏​ដោយ។ ដរាប​ណា​មិន​មាន​ការ​បំពាន​លើ​គោល​ការណ៍​គម្ពីរ​ណា​មួយ ដរាប​នោះ​អ្នក​ចាស់​ទុំ​ម្នាក់​ៗ​គួរ​សុខ​ចិត្ត​ធ្វើ​តាម ហើយ​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​ក្រុម​អ្នក​ចាស់​ទុំ។ ការ​សុខ​ចិត្ត​ធ្វើ​តាម​អ្នក​ចាស់​ទុំ​ឯ​ទៀត បង្ហាញ​ថា​បុគ្គល​ម្នាក់​កំពុង​ត្រូវ​ដឹក​នាំ​ដោយ​«​ប្រាជ្ញា​ពី​ស្ថាន​លើ​»​ដែល​«​ធ្វើ​ឲ្យ​សន្តិភាព​»​និង​«​សម​ហេតុ​ផល​»។ (​យ៉ា. ៣:១៧, ១៨​) គ្មាន​អ្នក​ចាស់​ទុំ​ណា​ម្នាក់​គួរ​គិត​ថា​ខ្លួន​ប្រសើរ​ជាង​អ្នក​ចាស់​ទុំ​ឯ​ទៀត ក៏​មិន​គួរ​មាន​អ្នក​ចាស់​ទុំ​ណា​ម្នាក់​ដែល​ព្យាយាម​ត្រួត​ត្រា​លើ​អ្នក​ចាស់​ទុំ​ឯ​ទៀត​ដែរ។ នៅ​ពេល​ក្រុម​អ្នក​ចាស់​ទុំ​សហការ​គ្នា​ដើម្បី​ជា​ប្រយោជន៍​ដល់​ក្រុម​ជំនុំ តាម​ការ​ពិត​ពួក​គាត់​កំពុង​សហការ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។—១កូ. ជំ.១២; កូឡ. ២:១៩

ការ​ព្យាយាម​ដើម្បី​ទទួល​មុខ​ងារ

២២ បង​ប្រុស​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ គួរ​ប្រាថ្នា​ឲ្យ​បាន​មុខ​ងារ​ជា​អ្នក​ត្រួត​ពិនិត្យ។ (​១ធី. ៣:១​) ក៏​ប៉ុន្តែ មុខ​ងារ​នោះ​តម្រូវ​ឲ្យ​ឧស្សាហ៍​ធ្វើ​ការ​ហើយ​លះ​បង់​ប្រយោជន៍​ខ្លួន។ បង​ប្រុស​ដែល​ព្យាយាម​ដើម្បី​ទទួល​មុខ​ងារ​ជា​អ្នក​ត្រួត​ពិនិត្យ​ខំ​ជួយ​បង​ប្អូន ជា​ពិសេស​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ពួក​គាត់​ក៏​ខំ​ប្រឹង​បំពេញ​តម្រូវ​ការ​ក្នុង​គម្ពីរ​ដែរ។

ស្ថានភាព​ផ្ទាល់​ខ្លួន​អាច​ប្រែ​ប្រួល

២៣ បង​ប្រុស​ម្នាក់​ដែល​ធ្លាប់​បម្រើ​យ៉ាង​ស្មោះ​ត្រង់​អស់​ជា​ច្រើន​ឆ្នាំ អាច​ធ្លាក់​ខ្លួន​ឈឺ ឬ​មាន​ពិការ​ភាព​ផ្សេង​ទៀត។ ប្រហែល​ជា​គាត់​មាន​អាយុ​ច្រើន ហើយ​មិន​អាច​បន្ត​បំពេញ​ភារកិច្ច​ជា​អ្នក​ត្រួត​ពិនិត្យ​ត​ទៅ​ទៀត។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បង​ប្អូន​នៅ​តែ​គួរ​គោរព​គាត់ ហើយ​ចាត់​ទុក​គាត់​ជា​អ្នក​ចាស់​ទុំ ដរាប​ណា​គាត់​ជា​អ្នក​ដែល​បាន​ត្រូវ​តែង​តាំង។ គាត់​មិន​ចាំ​បាច់​លា​ឈប់​ពី​មុខ​ងារ​នោះ ដោយ​សារ​តែ​គាត់​ពិបាក​បំពេញ​ភារកិច្ច​ឡើយ។ គាត់​នៅ​តែ​សម​នឹង​ទទួល​កិត្តិយស​មួយ​ជា​ពីរ ដូច​អ្នក​ចាស់​ទុំ​ឯ​ទៀត​ទាំង​អស់​ដែល​កំពុង​បម្រើ​អស់​ពី​សមត្ថភាព​ដើម្បី​ឃ្វាល​ហ្វូង​ចៀម។

២៤ ក៏​ប៉ុន្តែ បើ​បង​ប្រុស​ម្នាក់​មាន​អារម្មណ៍​ថា គឺ​ល្អ​ជាង​បើ​លា​ឈប់​ពី​មុខ​ងារ​ជា​អ្នក​ត្រួត​ពិនិត្យ ដោយ​សារ​ស្ថានភាព​របស់​គាត់​ប្រែ​ប្រួល ហើយ​គាត់​ពិបាក​បម្រើ​ត​ទៅ​ទៀត នោះ​គាត់​អាច​សម្រេច​ចិត្ត​លា​ឈប់​បាន។ (​១ពេ. ៥:២​) បង​ប្អូន​គួរ​តែ​គោរព​គាត់​ជា​និច្ច។ គាត់​នៅ​តែ​អាច​ជួយ​ក្រុម​ជំនុំ​យ៉ាង​ច្រើន ទោះ​ជា​គាត់​លែង​មាន​កិច្ច​ការ​និង​ភារកិច្ច​ជា​អ្នក​ចាស់​ទុំ​ក៏​ដោយ។

មុខ​ងារ​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ

២៥ ពួក​អ្នក​ចាស់​ទុំ​មាន​ភារកិច្ច​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ។ ក្រុម​ជំនុំ​នីមួយ​ៗ​មាន​អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ លេខាធិការ​នៃ​ក្រុម​ជំនុំ អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ អ្នក​ដឹក​នាំ​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម និង​អ្នក​ត្រួត​ពិនិត្យ​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត។ អ្នក​ចាស់​ទុំ​ជា​ច្រើន​នាក់​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ក្រុម។ ពួក​អ្នក​ចាស់​ទុំ​បម្រើ​តាម​មុខ​ងារ​ទាំង​នេះ​ដោយ​គ្មាន​រយៈ​ពេល​កំណត់​ទេ។ ក៏​ប៉ុន្តែ បើ​អ្នក​ចាស់​ទុំ​ម្នាក់​រើ​ចេញ​ពី​ក្រុម​ជំនុំ ឬ​មិន​អាច​បំពេញ​ភារកិច្ច​របស់​គាត់​ដោយ​សារ​មាន​បញ្ហា​សុខភាព ឬ​លែង​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ស្រប​តាម​តម្រូវ​ការ​ក្នុង​គម្ពីរ នោះ​អ្នក​ចាស់​ទុំ​ម្នាក់​ទៀត​នឹង​ត្រូវ​ជ្រើស​រើស​ឲ្យ​បំពេញ​ភារកិច្ច​នោះ​វិញ។ ក្នុង​ក្រុម​ជំនុំ​ដែល​មាន​អ្នក​ចាស់​ទុំ​តិច ប្រហែល​ជា​អ្នក​ចាស់​ទុំ​ម្នាក់​ត្រូវ​មាន​ភារកិច្ច​ច្រើន​ជាង​មួយ ទម្រាំ​ដល់​បង​ប្រុស​ឯ​ទៀត​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​តែង​តាំង​ជា​អ្នក​ចាស់​ទុំ។

២៦ អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ​ជា​អ្នក​ដឹក​នាំ​កិច្ច​ប្រជុំ​របស់​ក្រុម​អ្នក​ចាស់​ទុំ។ ដូច្នេះ គាត់​សហការ​ជា​មួយ​អ្នក​ចាស់​ទុំ​ឯ​ទៀត​ដោយ​ចិត្ត​រាប​ទាប ដើម្បី​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ។ (​រ៉ូម ១២:១០; ១ពេ. ៥:២, ៣​) គាត់​គួរ​តែ​ពូកែ​ចាត់​ចែង​កិច្ច​ការ ហើយ​បំពេញ​មុខ​ងារ​របស់​គាត់​យ៉ាង​អស់​ពី​ចិត្ត។—រ៉ូម ១២:៨

២៧ លេខាធិការ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ឯកសារ​របស់​ក្រុម​ជំនុំ។ គាត់​ក៏​មាន​ភារកិច្ច​ជម្រាប​អ្នក​ចាស់​ទុំ​ឯ​ទៀត ពេល​ក្រុម​ជំនុំ​ទទួល​សំបុត្រ​និង​ព័ត៌មាន​សំខាន់​ៗ។ បើ​ចាំ​បាច់ អ្នក​ចាស់​ទុំ​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ម្នាក់​ទៀត​ដែល​មាន​សមត្ថភាព អាច​ត្រូវ​ចាត់​តាំង​ឲ្យ​ជួយ​គាត់។

២៨ អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ការ​រៀបចំ​សម្រាប់​កិច្ច​បម្រើ​ផ្សាយ និង​សកម្មភាព​ឯ​ទៀត​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​ផ្សាយ។ គាត់​រៀបចំ​ធ្វើ​ទស្សនកិច្ច​ជា​ទៀង​ទាត់​នៅ​ក្រុម​ផ្សព្វ​ផ្សាយ​ទាំង​អស់ ហេតុ​នេះ នៅ​ចុង​សប្ដាហ៍​មួយ​ជា​រៀង​រាល់​ខែ គាត់​ទៅ​លេង​ក្រុម​មួយ។ ក្នុង​ក្រុម​ជំនុំ​តូច​ដែល​មាន​ក្រុម​ផ្សព្វ​ផ្សាយ​តែ​ពីរ​បី​ប៉ុណ្ណោះ អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ​អាច​ទៅ​លេង​ក្រុម​នីមួយ​ៗ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ។ ក្នុង​អំឡុង​ទស្សនកិច្ច​របស់​គាត់ គាត់​នឹង​ដឹក​នាំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​ក្រុម​នោះ ហើយ​ជួយ​អ្នក​ផ្សាយ​ក្នុង​ការ​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍​និង​បង្រៀន​គម្ពីរ។

អ្នក​ត្រួត​ពិនិត្យ​ក្រុម

២៩ ឯកសិទ្ធិ​ដ៏​ល្អ​ប្រសើរ​មួយ​នៅ​ក្នុង​ក្រុម​ជំនុំ​គឺ​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ក្រុម។ ភារកិច្ច​របស់​បង​ប្រុស​នេះ​រួម​បញ្ចូល (​១​) យក​ចិត្ត​ទុក​ដាក់​យ៉ាង​សកម្ម​ចំពោះ​ជំនឿ​របស់​បង​ប្អូន​ម្នាក់​ៗ​ក្នុង​ក្រុម​ផ្សព្វ​ផ្សាយ (​២​) ជួយ​ឲ្យ​បង​ប្អូន​ម្នាក់​ៗ​ក្នុង​ក្រុម​ចូល​រួម​កិច្ច​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់ ដោយ​មាន​ចិត្ត​ខ្នះ​ខ្នែង​និង​មាន​អំណរ ហើយ (​៣​) ជួយ​និង​បង្ហាត់​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ក្នុង​ក្រុម ឲ្យ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​អាច​ទទួល​ភារកិច្ច​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ។ ក្រុម​អ្នក​ចាស់​ទុំ​សម្រេច​ចិត្ត​ជា​មួយ​គ្នា​អំពី​បង​ប្រុស​ណា​ដែល​អាច​ធ្វើ​តាម​ចំណុច​ទាំង​អស់​នេះ​ឲ្យ​បាន​ល្អ​បំផុត។

៣០ បើ​អាច​ធ្វើ​បាន អ្នក​ត្រួត​ពិនិត្យ​ក្រុម​គួរ​ជា​អ្នក​ចាស់​ទុំ ដោយ​សារ​នេះ​ជា​ភារកិច្ច​សំខាន់។ បើ​មិន​ដូច្នេះ​ទេ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ដែល​មាន​សមត្ថភាព​អាច​ធ្វើ​បាន ទម្រាំ​ដល់​អ្នក​ចាស់​ទុំ​ម្នាក់​អាច​បំពេញ​ភារកិច្ច​នោះ​វិញ។ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ដែល​បំពេញ​ភារកិច្ច​នេះ​បាន​ត្រូវ​ហៅ​ថា ជំនួយ​ការ​ក្រុម ព្រោះ​គាត់​មិន​បំពេញ​ភារកិច្ច​ជា​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បំពេញ​ភារកិច្ច​នេះ​ក្រោម​ការ​ដឹក​នាំ​របស់​ពួក​អ្នក​ចាស់​ទុំ។

៣១ ផ្នែក​សំខាន់​មួយ​នៃ​កិច្ច​ការ​របស់​អ្នក​ត្រួត​ពិនិត្យ​ក្រុម គឺ​ការ​នាំ​មុខ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ដោយ​សារ​គាត់​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់ ហើយ​មាន​ចិត្ត​ខ្នះ​ខ្នែង​និង​ចិត្ត​រំភើប​ក្នុង​កិច្ច​បម្រើ​ផ្សាយ នេះ​នឹង​លើក​ទឹក​ចិត្ត​អ្នក​ផ្សាយ​ឯ​ទៀត​ក្នុង​ក្រុម​របស់​គាត់។ អ្នក​ផ្សាយ​តែង​ទទួល​ប្រយោជន៍​និង​ការ​លើក​ទឹក​ចិត្ត​ពី​ការ​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា ដូច្នេះ ជា​ការ​ល្អ​បើ​មាន​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​នៅ​ម៉ោង​ដែល​ស្រួល​សម្រាប់​អ្នក​ផ្សាយ​ភាគ​ច្រើន។ (​លូក. ១០:១​-​១៦​) អ្នក​ត្រួត​ពិនិត្យ​ក្រុម​ត្រូវ​ប្រាកដ​ជា​និច្ច​ថា​មាន​តំបន់​ផ្សាយ​គ្រប់​គ្រាន់។ ជា​ទូទៅ គាត់​នឹង​ដឹក​នាំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ ហើយ​រៀបចំ​អ្នក​ផ្សាយ​សម្រាប់​ការ​ផ្សព្វ​ផ្សាយ​ថ្ងៃ​នោះ។ នៅ​ពេល​ដែល​គាត់​មិន​អាច​ដឹក​នាំ​បាន គាត់​គួរ​សុំ​ឲ្យ​អ្នក​ចាស់​ទុំ ជំនួយ​ការ​ខាង​កិច្ច​បម្រើ ឬ​អ្នក​ផ្សាយ​ម្នាក់​ទៀត​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ដឹក​នាំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ។

៣២ អ្នក​ត្រួត​ពិនិត្យ​ក្រុម​គួរ​រៀបចំ​ទុក​ជា​មុន​សម្រាប់​ទស្សនកិច្ច​របស់​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ ដោយ​ប្រាប់​ក្រុម​អំពី​ទស្សនកិច្ច​នោះ ហើយ​បំផុស​ឲ្យ​មាន​ចិត្ត​រំភើប​ចំពោះ​ផល​ប្រយោជន៍​ដែល​ពួក​គេ​នឹង​ទទួល​ពី​ទស្សនកិច្ច​នោះ​ដែរ។ បើ​អ្នក​ផ្សាយ​ទាំង​អស់​ក្នុង​ក្រុម​ដឹង​ច្បាស់​អំពី​ការ​រៀបចំ​នោះ ពួក​គេ​នឹង​រំភើប​ចិត្ត​គាំទ្រ។

៣៣ មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​ក្រុម​ផ្សព្វ​ផ្សាយ​នីមួយ​ៗ​ជា​ក្រុម​តូច​ៗ។ នោះ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ស្គាល់​បង​ប្អូន​ក្នុង​ក្រុម​ច្បាស់។ ដូច​គង្វាល​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ គាត់​យក​ចិត្ត​ទុក​ដាក់​នឹង​បង​ប្អូន​ម្នាក់​ៗ​ក្នុង​ក្រុម​របស់​គាត់។ គាត់​ព្យាយាម​ជួយ​ពួក​គេ​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​រួម​ចំណែក​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ គាត់​ក៏​ព្យាយាម​ធ្វើ​អ្វី​ៗ​ដែល​ចាំ​បាច់​ដើម្បី​ជួយ​បង​ប្អូន​ម្នាក់​ៗ​ឲ្យ​រក្សា​ជំនឿ​មាំ​មួន។ ពួក​អ្នក​ដែល​ឈឺ​ឬ​ធ្លាក់​ទឹក​ចិត្ត​នឹង​ទទួល​ប្រយោជន៍​ពេល​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ទៅ​សួរ​សុខ​ទុក្ខ​ពួក​គេ។ បើ​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្ដល់​យោបល់​ដែល​លើក​ទឹក​ចិត្ត ឬ​ផ្ដល់​ឱវាទ​ដោយ​សប្បុរស នេះ​អាច​ជំរុញ​ចិត្ត​បង​ប្អូន​ខ្លះ​ឲ្យ​ព្យាយាម​ទទួល​ឯកសិទ្ធិ​ថែម​ទៀត​ក្នុង​ក្រុម​ជំនុំ ម្ល៉ោះ​ហើយ ពួក​គេ​អាច​ជួយ​បង​ប្អូន​រួម​ជំនឿ​បាន​ច្រើន​ជាង។ អ្នក​ត្រួត​ពិនិត្យ​ក្រុម​នឹង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត​ចំពោះ​បង​ប្អូន​ក្នុង​ក្រុម​របស់​គាត់។ ក៏​ប៉ុន្តែ ក្នុង​នាម​ជា​អ្នក​ចាស់​ទុំ​និង​ជា​គង្វាល គាត់​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន​ទាំង​អស់​គ្នា​ក្នុង​ក្រុម​ជំនុំ ហើយ​គាត់​ប្រុង​ប្រៀប​ជួយ​អ្នក​ណា​ដែល​មាន​សេចក្ដី​ត្រូវ​ការ។—សកម្ម. ២០:១៧, ២៨

៣៤ ភារកិច្ច​មួយ​របស់​អ្នក​ត្រួត​ពិនិត្យ​ក្រុម គឺ​ជួយ​ប្រមូល​សេចក្ដី​រាយ​ការណ៍​អំពី​កិច្ច​បម្រើ​ផ្សាយ ពី​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុម​របស់​គាត់។ រួច​គាត់​ជូន​សេចក្ដី​រាយ​ការណ៍​ទាំង​នេះ​ទៅ​លេខាធិការ។ អ្នក​ផ្សាយ​ម្នាក់​ៗ​អាច​ជួយ​អ្នក​ត្រួត​ពិនិត្យ​ក្រុម ដោយ​ជូន​សេចក្ដី​រាយ​ការណ៍​ឲ្យ​បាន​ឆាប់​បំផុត។ ពួក​គេ​អាច​ធ្វើ​ដូច្នេះ​ដោយ​ជូន​សេចក្ដី​រាយ​ការណ៍​ដល់​អ្នក​ត្រួត​ពិនិត្យ​ក្រុម​នៅ​ចុង​ខែ ឬ​ដោយ​ដាក់​ក្នុង​ប្រអប់​នៅ​សាល​ប្រជុំ​ដែល​ទុក​សម្រាប់​សេចក្ដី​រាយ​ការណ៍​អំ​ពី​កិច្ច​បម្រើ​ផ្សាយ។

គណៈ​កម្មាធិការ​កិច្ច​បម្រើ​ក្រុម​ជំនុំ

៣៥ គណៈ​កម្មាធិការ​កិច្ច​បម្រើ​ក្រុម​ជំនុំ​មាន​សមាជិក​បី​នាក់ ពោល​គឺ អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ លេខាធិការ​នៃ​ក្រុម​ជំនុំ និង​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ។ គណៈ​កម្មាធិការ​នេះ​មាន​ភារកិច្ច​មួយ​ចំនួន។ ជា​ឧទាហរណ៍ គណៈ​កម្មាធិការ​កិច្ច​បម្រើ​ធ្វើ​ការ​សម្រេច​ចិត្ត​ចំពោះ​ការ​ស្នើ​សុំ​រៀប​អាពាហ៍ពិពាហ៍​ឬ​ធ្វើ​បុណ្យ​សព​នៅ​ឯ​សាល​ប្រជុំ ហើយ​ចាត់​ចែង​អ្នក​ផ្សាយ​ឲ្យ​ចូល​រួម​ក្រុម​ផ្សាយ​ណា​មួយ។ គណៈ​កម្មាធិការ​នេះ​ក៏​ផ្ដល់​ការ​អនុញ្ញាត​ដែរ ពេល​បង​ប្អូន​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ឬ​អ្នក​ត្រួស​ត្រាយ​ជំនួយ ឬ​ពេល​បង​ប្អូន​ដាក់​ពាក្យ​សុំ​សម្រាប់​កិច្ច​បម្រើ​ផ្សេង​ទៀត។ គណៈ​កម្មាធិការ​កិច្ច​បម្រើ​បំពេញ​កិច្ច​ការ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ក្រុម​អ្នក​ចាស់​ទុំ។

៣៦ ការិយាល័យ​សាខា​បាន​ផ្ដល់​ការ​ណែនាំ​ស្ដី​អំពី​របៀប​ដែល​បង​ប្រុស​បី​នាក់​នេះ ព្រម​ទាំង​អ្នក​ដឹក​នាំ​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម អ្នក​ត្រួត​ពិនិត្យ​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត និង​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​អ្នក​ចាស់​ទុំ គួរ​បំពេញ​ភារកិច្ច​របស់​ពួក​គាត់។

៣៧ ក្រុម​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​នីមួយ​ៗ​ប្រជុំ​គ្នា​នៅ​ពេល​ផ្សេង​ៗ​ក្នុង​អំឡុង​មួយ​ឆ្នាំ ដើម្បី​ពិភាក្សា​អំពី​ការ​រីក​ចម្រើន​របស់​ក្រុម​ជំនុំ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ពួក​គាត់​ជួប​ជុំ​គ្នា​ពេល​មាន​ទស្សនកិច្ច​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល ហើយ​ប្រហែល​បី​ខែ​ក្រោយ​ទស្សនកិច្ច​នីមួយ​ៗ ពួក​គាត់​ប្រជុំ​គ្នា​ម្ដង​ទៀត។ បន្ថែម​ទៅ​ទៀត អ្នក​ចាស់​ទុំ​អាច​ជួប​ជុំ​គ្នា​នៅ​ពេល​ណា​ក៏​បាន តាម​កាលៈទេសៈ។

ចូរ​ចុះ​ចូល

៣៨ អ្នក​ត្រួត​ពិនិត្យ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក្រុម​ជំនុំ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ចុះ​ចូល​ចំពោះ​ពួក​គាត់ ព្រោះ​នេះ​ជា​របៀប​រៀបចំ​របស់​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​នឹង​វិនិច្ឆ័យ​អ្នក​ត្រួត​ពិនិត្យ​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គាត់។ ពួក​គាត់​ជា​តំណាង​លោក​និង​ការ​គ្រប់​គ្រង​របស់​លោក។ ហេប្រឺ ១៣:១៧ ប្រាប់​ថា​៖ ​«​ចូរ​ស្ដាប់​បង្គាប់​ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក​ដែល​នាំ​មុខ​អ្នក​រាល់​គ្នា ព្រោះ​ពួក​គេ​កំពុង​ថែ​រក្សា​អ្នក​រាល់​គ្នា ហើយ​ទទួល​ខុស​ត្រូវ​អំពី​របៀប​ដែល​ពួក​គេ​បាន​ធ្វើ​ការ​នោះ។ ដូច្នេះ ពួក​គេ​អាច​ធ្វើ​ការ​នេះ​ដោយ​មាន​អំណរ មិន​មែន​ដោយ​ដក​ដង្ហើម​ធំ​ទេ ព្រោះ​បើ​ដូច្នេះ​នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​បង់​ប្រយោជន៍​វិញ​»។ ដូច​ព្រះ​យេហូវ៉ា​បាន​ប្រើ​សកម្មពល​បរិសុទ្ធ​ដើម្បី​តែង​តាំង​បុរស​ម្នាក់ លោក​ក៏​ប្រើ​សកម្មពល​ដដែល​នោះ​ដើម្បី​ដក​ឯកសិទ្ធិ​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ ពី​បុរស​ណា​ដែល​មិន​បង្ហាញ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ និង​ដែល​មិន​មាន​របៀប​រស់​នៅ​សម​ស្រប​តាម​តម្រូវ​ការ​ក្នុង​គម្ពីរ។

៣៩ យើង​ពិត​ជា​ដឹង​គុណ​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ ដែល​ខំ​ប្រឹង​ធ្វើ​ការ​និង​ទុក​គំរូ​ល្អ​ប្រសើរ។ ពេល​ដែល​ប៉ូល​សរសេរ​សំបុត្រ​ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ក្រុង​ថែស្សាឡូនិច គាត់​បាន​ដាស់​តឿន​ពួក​គេ​ថា​៖ ​«​បង​ប្អូន​អើយ ឥឡូវ​យើង​សុំ​អ្នក​រាល់​គ្នា​គោរព​ពួក​អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ព្រម​ទាំង​ដឹក​នាំ​អ្នក​រាល់​គ្នា​ក្នុង​កិច្ច​បម្រើ​លោក​ម្ចាស់ ហើយ​ដាស់​តឿន​អ្នក​រាល់​គ្នា ហើយ​ឲ្យ​តម្លៃ​ខ្ពស់​ដល់​ពួក​គាត់​ដោយ​សេចក្ដី​ស្រឡាញ់ ដោយ​សារ​កិច្ច​ការ​របស់​ពួក​គាត់​»។ (​១ថែ. ៥:១២, ១៣​) ដោយ​សារ​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ​ខំ​ប្រឹង​ធ្វើ​ការ នោះ​ធ្វើ​ឲ្យ​យើង​មាន​អំណរ​និង​ស្រួល​ជាង​ក្នុង​ការ​បំពេញ​កិច្ច​បម្រើ​ព្រះ។ បន្ថែម​ទៅ​ទៀត ក្នុង​សំបុត្រ​ទី​១​ដែល​ប៉ូល​សរសេរ​ទៅ​កាន់​ធីម៉ូថេ គាត់​បាន​បញ្ជាក់​អំពី​ចិត្ត​គំនិត​ដែល​ពួក​អ្នក​ក្នុង​ក្រុម​ជំនុំ​គួរ​មាន​ចំពោះ​អ្នក​ត្រួត​ពិនិត្យ ដោយ​ប្រាប់​ថា​៖ ​«​ត្រូវ​ចាត់​ទុក​បុរស​ចាស់​ទុំ​ដែល​ដឹក​នាំ​យ៉ាង​ល្អ​ប្រសើរ​ថា គួរ​នឹង​ទទួល​កិត្តិយស​មួយ​ជា​ពីរ ជា​ពិសេស​អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់​ក្នុង​ការ​និយាយ​និង​ការ​បង្រៀន​អំពី​បណ្ដាំ​របស់​ព្រះ​»។—១ធី. ៥:១៧

មុខ​ងារ​ផ្សេង​ទៀត​ក្នុង​អង្គការ​ព្រះ

៤០ ជួន​កាល អ្នក​ចាស់​ទុំ​ខ្លះ​ទទួល​ការ​តែង​តាំង​ឲ្យ​បម្រើ​ជា​សមាជិក​ក្រុម​ដែល​ទទួល​ខុស​ត្រូវ​ផ្នែក​ទៅ​ជួប​អ្នក​ជំងឺ។ អ្នក​ចាស់​ទុំ​ឯ​ទៀត​បម្រើ​ជា​សមាជិក​គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ។ ពួក​គាត់​ទៅ​ជួប​គ្រូ​ពេទ្យ​និង​មន្ទីរ​ពេទ្យ ដើម្បី​ប្រាប់​អំពី​វិធី​ព្យាបាល​ថ្មី​ៗ ហើយ​លើក​ទឹក​ចិត្ត​គ្រូ​ពេទ្យ​ឲ្យ​បន្ត​ព្យាបាល​សាក្សី​ព្រះ​យេហូវ៉ា​ដោយ​មិន​ប្រើ​ឈាម។ អ្នក​ត្រួត​ពិនិត្យ​ឯ​ទៀត​ជួយ​ឲ្យ​កិច្ច​ការ​រាជាណាចក្រ​ព្រះ​ជឿន​ទៅ​មុខ ដោយ​ចូល​រួម​សាង​សង់​និង​ថែ​ទាំ​សាល​ប្រជុំ​ឬ​សាល​សន្និបាត ឬ​ដោយ​បម្រើ​ជា​សមាជិក​គណៈ​កម្មាធិការ​មហា​សន្និបាត។ យើង​ទាំង​អស់​គ្នា​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​ការ​ជា​ច្រើន​របស់​បង​ប្រុស​ទាំង​នេះ​ដែល​សុខ​ចិត្ត​ចំណាយ​កម្លាំង​និង​ពេល​វេលា​តាម​របៀប​នេះ។ យើង​ច្បាស់​ជា​ចង់​«​រក្សា​ឲ្យ​មាន​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​បង​ប្រុស​បែប​នោះ​»។—ភី. ២:២៩

អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល

៤១ គណៈ​អភិបាល​តែង​តាំង​អ្នក​ចាស់​ទុំ​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ឲ្យ​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។ ការិយាល័យ​សាខា​ចាត់​អ្នក​ត្រួត​ពិនិត្យ​ទាំង​នោះ​ឲ្យ​ទៅ​ជួប​ក្រុម​ជំនុំ​ក្នុង​មណ្ឌល​របស់​ពួក​គាត់។ តាម​ធម្មតា​ពួក​គាត់​ធ្វើ​ដូច្នេះ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ។ ម្ដង​ម្កាល​ពួក​គាត់​ក៏​ទៅ​ជួប​អ្នក​ត្រួស​ត្រាយ​ដែល​បម្រើ​នៅ​តំបន់​ដាច់​ស្រយាល​ដែរ។ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​រៀបចំ​កាល​វិភាគ​ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ​នីមួយ​ៗ ហើយ​ជម្រាប​ក្រុម​ជំនុំ​ឲ្យ​បាន​យូរ​ល្មម​ទុក​ជា​មុន ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​ទស្សនកិច្ច​នោះ។

៤២ អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ​នាំ​មុខ​ធ្វើ​ការ​រៀបចំ​ផ្សេង​ៗ ដើម្បី​ឲ្យ​ទស្សនកិច្ច​នោះ​ពង្រឹង​ជំនឿ​របស់​បង​ប្អូន​ទាំង​ឡាយ។ (​រ៉ូម ១:១១, ១២​) ពេល​អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ​ទទួល​ព័ត៌មាន​អំពី​ទស្សនកិច្ច​និង​តម្រូវ​ការ​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​(​និង​ប្រពន្ធ​របស់​គាត់ បើ​មាន​) នោះ​គាត់​នឹង​សុំ​បង​ប្រុស​ផ្សេង​ៗ​ជួយ​គាត់​រៀបចំ​កន្លែង​ស្នាក់​នៅ​និង​អ្វី​ៗ​ផ្សេង​ទៀត​ដែល​ចាំ​បាច់ សម្រាប់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។ បន្ទាប់​មក គាត់​ធ្វើ​ឲ្យ​ប្រាកដ​ថា​បង​ប្អូន​ទាំង​អស់​គ្នា រួម​បញ្ចូល​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល ដឹង​អំពី​ការ​រៀបចំ​ទាំង​នេះ។

៤៣ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នឹង​ទាក់​ទង​អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ ស្ដី​អំពី​កាល​វិភាគ​សម្រាប់​កិច្ច​ប្រជុំ រួម​បញ្ចូល​កិច្ច​ប្រជុំ​សម្រាប់​ផ្សព្វ​ផ្សាយ។ កិច្ច​ប្រជុំ​ទាំង​នេះ​នឹង​ត្រូវ​រៀបចំ​ស្រប​តាម​យោបល់​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល និង​ស្រប​តាម​ការ​ណែនាំ​ពី​ការិយាល័យ​សាខា។ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ជម្រាប​បង​ប្អូន​ទាំង​ឡាយ​ទុក​ជា​មុន អំពី​ម៉ោង​និង​ទី​កន្លែង​នៃ​កិច្ច​ប្រជុំ​ដែល​នឹង​មាន​ជា​មួយ​ក្រុម​ជំនុំ ជា​មួយ​អ្នក​ត្រួស​ត្រាយ និង​ជា​មួយ​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ព្រម​ទាំង​ទី​កន្លែង​និង​ម៉ោង​សម្រាប់​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ផង​ដែរ។

៤៤ នៅ​ពេល​រសៀល​ថ្ងៃ​អង្គារ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នឹង​ពិនិត្យ​មើល​ឯកសារ​ផ្សេង​ៗ ពោល​គឺ កាត​របាយការណ៍​សកម្មភាព​ផ្សព្វ​ផ្សាយ ឯកសារ​ចំនួន​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ ឯកសារ​អំពី​តំបន់​ផ្សាយ និង​ពិនិត្យ​គណនេយ្យ។ នេះ​នឹង​ជួយ​គាត់​យល់​អំពី​សេចក្ដី​ត្រូវ​ការ​ខ្លះ​របស់​ក្រុម​ជំនុំ និង​របៀប​ដែល​គាត់​អាច​ជួយ​អ្នក​ដែល​មាន​ភារកិច្ច​បំពេញ​និង​រក្សា​ឯកសារ​ទាំង​នោះ។ អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ គួរ​រៀបចំ​ឲ្យ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ទទួល​ឯកសារ​ទាំង​អស់​នោះ​ជា​មុន។

៤៥ ក្នុង​អំឡុង​ទស្សនកិច្ច អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ឆ្លៀត​ពេល​និយាយ​ជា​មួយ​បង​ប្អូន​ម្នាក់​ៗ​នៅ​កិច្ច​ប្រជុំ ក្នុង​កិច្ច​បម្រើ​ផ្សាយ ពេល​បរិភោគ និង​នៅ​ពេល​ផ្សេង​ទៀត។ ម្យ៉ាង​ទៀត គាត់​ជួប​ជុំ​ជា​មួយ​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ដើម្បី​ឲ្យ​ឱវាទ​ពី​គម្ពីរ យោបល់ និង​ការ​លើក​ទឹក​ចិត្ត ដោយ​សារ​នេះ​នឹង​ជួយ​ពួក​គាត់​បំពេញ​ភារកិច្ច​ខាង​ការ​ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ ដែល​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​ពួក​គាត់។ (​សុភ. ២៧:២៣; សកម្ម. ២០:២៦​-​៣២; ១ធី. ៤:១១​-​១៦​) អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ក៏​ជួប​ជុំ​ជា​មួយ​នឹង​អ្នក​ត្រួស​ត្រាយ​ដែរ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គាត់ ហើយ​ជួយ​ដោះ​ស្រាយ​បញ្ហា​ដែល​ពួក​គាត់​ប្រហែល​ជា​ជួប​ប្រទះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

៤៦ ប្រសិន​បើ​មាន​បញ្ហា​ផ្សេង​ទៀត​ដែល​ត្រូវ​ដោះ​ស្រាយ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នឹង​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​នោះ ក្នុង​សប្ដាហ៍​នៃ​ទស្សនកិច្ច​របស់​គាត់​ក្នុង​ក្រុម​ជំនុំ។ បើ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នោះ​រួច​រាល់​ក្នុង​អំឡុង​ទស្សនកិច្ច អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នឹង​ជួយ​អ្នក​ចាស់​ទុំ ឬ​អ្នក​ឯ​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​នោះ ឲ្យ​ស្រាវ​ជ្រាវ​ការ​ណែនាំ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ប្រសិន​បើ​ការិយាល័យ​សាខា​ត្រូវ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​និង​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ នឹង​ផ្ញើ​របាយការណ៍​ល្អិត​ល្អន់​ទៅ​ការិយាល័យ​សាខា​អំពី​បញ្ហា​នោះ។

៤៧ ពេល​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នឹង​ចូល​រួម​កិច្ច​ប្រជុំ​របស់​ក្រុម​ជំនុំ។ កិច្ច​ប្រជុំ​ទាំង​នេះ​អាច​ផ្លាស់​ប្ដូរ​ម្ដង​ម្កាល ស្រប​តាម​ការ​ណែ​នាំ​ពី​ការិយាល័យ​សាខា។ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នឹង​ថ្លែង​សុន្ទរកថា​ដែល​លើក​ទឹក​ចិត្ត ដាស់​តឿន ណែនាំ និង​ពង្រឹង​ជំនឿ​របស់​ក្រុម​ជំនុំ។ គាត់​ព្យាយាម​ជួយ​បង​ប្អូន​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា លោក​យេស៊ូ​គ្រិស្ត និង​អង្គការ​របស់​ព្រះ។

៤៨ គោល​បំណង​សំខាន់​មួយ​នៃ​ទស្សនកិច្ច​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល គឺ​លើក​ទឹក​ចិត្ត​បង​ប្អូន​ឲ្យ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង ហើយ​ប្រាប់​យោបល់​អំពី​របៀប​ដែល​ពួក​គេ​អាច​ផ្សព្វ​ផ្សាយ​ដោយ​មាន​ប្រសិទ្ធភាព។ បង​ប្អូន​ជា​ច្រើន​ក្នុង​ក្រុម​ជំនុំ​ប្រហែល​ជា​អាច​ផ្លាស់​ប្ដូរ​កាល​វិភាគ​របស់​ខ្លួន ដើម្បី​ចូល​រួម​យ៉ាង​ពេញ​លេញ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​សប្ដាហ៍​នោះ។ បង​ប្អូន​ខ្លះ​ប្រហែល​ជា​អាច​ត្រួស​ត្រាយ​ជំនួយ​ក្នុង​ខែ​ដែល​មាន​ទស្សនកិច្ច​នោះ។ បង​ប្អូន​ណា​ដែល​ចង់​ផ្សព្វ​ផ្សាយ​ជា​មួយ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ឬ​ប្រពន្ធ​គាត់ អាច​ណាត់​ពេល​ជា​មួយ​ពួក​គាត់​ទុក​ជា​មុន។ ការ​នាំ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ឬ​ប្រពន្ធ​របស់​គាត់​ទៅ​បង្រៀន​សិស្ស​គម្ពីរ ឬ​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍ អាច​ផ្ដល់​ប្រយោជន៍​ជា​ច្រើន។ ពេល​អ្នក​គាំទ្រ​ការ​រៀបចំ​នេះ​យ៉ាង​ពេញ​លេញ​ក្នុង​អំឡុង​ទស្សនកិច្ច នេះ​ពិត​ជា​មាន​តម្លៃ។—សុភ. ២៧:១៧

៤៩ ជា​រៀង​រាល់​ឆ្នាំ មាន​សន្និបាត​ប្រចាំ​មណ្ឌល​ពីរ ដែល​បាន​ត្រូវ​រៀបចំ​សម្រាប់​មណ្ឌល​នីមួយ​ៗ។ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ទទួល​ខុស​ត្រូវ​ចាត់​ចែង​ការ​រៀបចំ​នៃ​សន្និបាត​ទាំង​ពីរ​នេះ។ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​តែង​តាំង​អ្នក​ត្រួត​ពិនិត្យ​សន្និបាត និង​ជំនួយ​ការ​អ្នក​ត្រួត​ពិនិត្យ​សន្និបាត។ ពួក​គាត់​សហការ​ជា​មួយ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ក្នុង​ការ​រៀបចំ​សន្និបាត។ នេះ​មាន​ន័យ​ថា អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​អាច​ប្រមូល​អារម្មណ៍​ទៅ​លើ​កម្ម​វិធី​សន្និបាត។ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ក៏​តែង​តាំង​បង​ប្រុស​ឯ​ទៀត​ដែល​មាន​សមត្ថភាព ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ផ្នែក​ផ្សេង​ៗ​ដែរ។ ម្យ៉ាង​ទៀត ម្ដង​ម្កាល​គាត់​នឹង​រៀបចំ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​គណនេយ្យ​របស់​មណ្ឌល។ នៅ​សន្និបាត​ប្រចាំ​មណ្ឌល​មួយ​ជា​រៀង​រាល់​ឆ្នាំ ភ្ញៀវ​ដែល​ជា​តំណាង​ការិយាល័យ​សាខា​នឹង​ថ្លែង​សុន្ទរកថា។ ដោយ​សារ​ចម្ងាយ ឬ​អគារ​សម្រាប់​ធ្វើ​សន្និបាត​នោះ​តូច មណ្ឌល​ខ្លះ​បាន​ត្រូវ​ចែក​ជា​ផ្នែក​ៗ ហើយ​ផ្នែក​នីមួយ​ៗ​មាន​សន្និបាត​ប្រចាំ​មណ្ឌល។

៥០ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ផ្ញើ​សេចក្ដី​រាយ​ការណ៍​អំពី​កិច្ច​ផ្សព្វ​ផ្សាយ​របស់​គាត់​ទៅ​ការិយាល័យ​សាខា​នៅ​ដំណាច់​ខែ​នីមួយ​ៗ។ ប្រហែល​ជា​គាត់​ត្រូវ​បង់​ចំណាយ​ខ្លះ ដូច​ជា​ចំណាយ​សម្រាប់​ធ្វើ​ដំណើរ អាហារ កន្លែង​ស្នាក់​នៅ និង​អ្វី​ផ្សេង​ទៀត​ដែល​ចាំ​បាច់​ដើម្បី​បំពេញ​កិច្ច​ការ​របស់​គាត់។ ក៏​ប៉ុន្តែ បើ​ក្រុម​ជំនុំ​មិន​បាន​ជួយ​បង់​ថ្លៃ​ចំណាយ​នោះ​ទេ គាត់​អាច​ស្នើ​សុំ​ទៅ​ការិយាល័យ​សាខា​បាន។ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ជឿ​ជាក់​ថា ប្រសិន​បើ​ពួក​គាត់​បន្ត​ស្វែង​រក​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ជា​មុន នោះ​ពួក​គាត់​នឹង​មាន​អ្វី​ដែល​ពួក​គាត់​ត្រូវ​ការ ដូច​ដែល​លោក​យេស៊ូ​បាន​សន្យា។ (​លូក. ១២:៣១​) ក្រុម​ជំនុំ​ទាំង​ឡាយ​គួរ​នឹក​ចាំ​អំពី​ឯកសិទ្ធិ​ក្នុង​ការ​ទទួល​ពួក​គាត់​ដោយ​រាក់​ទាក់ ពី​ព្រោះ​ពួក​គាត់​ខំ​ប្រឹង​បម្រើ​បង​ប្អូន។—៣យ៉ូន. ៥​-​៨

គណៈ​កម្មាធិការ​ការិយាល័យ​សាខា

៥១ ក្នុង​ការិយាល័យ​សាខា​នីមួយ​ៗ​នៃ​សាក្សី​ព្រះ​យេហូវ៉ា​ទូទាំង​ផែនដី មាន​បង​ប្រុស​យ៉ាង​តិច​បី​នាក់​ដែល​មាន​ភាព​ចាស់​ទុំ​និង​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ស្រប​តាម​គម្ពីរ បម្រើ​ជា​គណៈ​កម្មាធិការ​ការិយាល័យ​សាខា ដើម្បី​មើល​ការ​ខុស​ត្រូវ​កិច្ច​បម្រើ​ផ្សាយ​ក្នុង​ប្រទេស​ដែល​បាន​ត្រូវ​កំណត់​ឲ្យ។ សមាជិក​ម្នាក់​ក្នុង​គណៈ​កម្មាធិការ​នោះ បម្រើ​ជា​អ្នក​ចាត់​ចែង​កិច្ច​ការ​គណៈ​កម្មាធិការ​ការិយាល័យ​សាខា។

៥២ សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រឿង​ណា​ដែល​ទាក់​ទង​នឹង​ក្រុម​ជំនុំ​ទាំង​ឡាយ​ក្នុង​តំបន់​ដែល​ស្ថិត​នៅ​ក្រោម​ការ​មើល​ការ​ខុស​ត្រូវ​របស់​ការិយាល័យ​សាខា។ គណៈ​កម្មាធិការ​នេះ​ត្រួត​ពិនិត្យ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ទូទាំង​តំបន់​ដែល​ស្ថិត​នៅ​ក្រោម​ការ​មើល​ការ​ខុស​ត្រូវ​របស់​ការិយាល័យ​សាខា ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ក្រុម​ជំនុំ​និង​មណ្ឌល​បាន​ត្រូវ​រៀបចំ​ឡើង​ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​តំបន់​ផ្សាយ។ គណៈ​កម្មាធិការ​ការិយាល័យ​សាខា​ក៏​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សាសនទូត និង​សកម្មភាព​របស់​អ្នក​ត្រួស​ត្រាយ​ពិសេស អ្នក​ត្រួស​ត្រាយ​ពេញ​ពេល និង​អ្នក​ត្រួស​ត្រាយ​ជំនួយ។ នៅ​ពេល​មាន​សន្និបាត​និង​មហា​សន្និបាត គណៈ​កម្មាធិការ​នេះ​ធ្វើ​ការ​រៀបចំ​និង​ការ​ចាត់​ចែង​កិច្ច​ការ​ផ្សេង​ៗ​ដើម្បី​ឲ្យ​«​អ្វី​ៗ​ទាំង​អស់​ប្រព្រឹត្ត​ទៅ​យ៉ាង​ត្រឹម​ត្រូវ និង​ដោយ​របៀប​រៀប​រយ​»។—១កូ. ១៤:៤០

៥៣ គណៈ​កម្មាធិការ​ប្រចាំ​ប្រទេស​អាច​ត្រូវ​តែង​តាំង​នៅ​ប្រទេស​ខ្លះ​ដែល​នៅ​ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​ដែល​នៅ​ប្រទេស​ផ្សេង​ទៀត។ ដូច្នេះ គណៈ​កម្មាធិការ​ប្រចាំ​ប្រទេស​អាច​ត្រួត​ពិនិត្យ​កិច្ច​បម្រើ​ក្នុង​ប្រទេស​នោះ​ឲ្យ​បាន​ដិត​ដល់​ជាង។ គណៈ​កម្មាធិការ​នេះ​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​បេតអែល មើល​ការ​ខុស​ត្រូវ​ចំពោះ​សំបុត្រ​និង​សេចក្ដី​រាយ​ការណ៍​ផ្សេង​ៗ ហើយ​គណៈ​កម្មាធិការ​នេះ​ក៏​មើល​ការ​ខុស​ត្រូវ​ចំពោះ​សកម្មភាព​ទូទៅ​ក្នុង​តំបន់​នោះ​ដែរ។ គណៈ​កម្មាធិការ​ប្រចាំ​ប្រទេស​សហការ​ជា​មួយ​គណៈ​កម្មាធិការ​ការិយាល័យ​សាខា ដើម្បី​ជួយ​ឲ្យ​កិច្ច​ការ​រាជាណាចក្រ​ព្រះ​ជឿន​ទៅ​មុខ។

៥៤ គណៈ​អភិបាល​តែង​តាំង​អស់​អ្នក​ដែល​បម្រើ​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា និង​គណៈ​កម្មាធិការ​ប្រចាំ​ប្រទេស។

តំណាង​មន្ទីរ​ចាត់​ការ

៥៥ ម្ដង​ម្កាល គណៈ​អភិបាល​ធ្វើ​ការ​រៀបចំ​ដើម្បី​ឲ្យ​បង​ប្រុស​ៗ​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ធ្វើ​ទស្សនកិច្ច​នៅ​ការិយាល័យ​សាខា​នីមួយ​ៗ​ទូទាំង​ផែនដី។ បង​ប្រុស​ម្នាក់​ដែល​បម្រើ​ក្នុង​មុខ​ងារ​នេះ​ហៅ​ថា​តំណាង​មន្ទីរ​ចាត់​ការ។ ភារកិច្ច​ចម្បង​របស់​គាត់ គឺ​ដើម្បី​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​គ្រួសារ​បេតអែល ហើយ​ជួយ​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​ដោះ​ស្រាយ​បញ្ហា​ណា ឬ​ឆ្លើយ​សំណួរ​ណា​ដែល​ពួក​គាត់​មាន​អំពី​កិច្ច​បម្រើ​ផ្សាយ​និង​ការ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ តំណាង​មន្ទីរ​ចាត់​ការ​ក៏​ជួប​ជុំ​ជា​មួយ​នឹង​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​មួយ​ចំនួន ហើយ​ម្ដង​ម្កាល​គាត់​ក៏​នឹង​ជួប​ជុំ​ជា​មួយ​សាសនទូត​ដែរ។ ពេល​ធ្វើ​ដូច្នេះ តំណាង​មន្ទីរ​ចាត់​ការ​ពិភាក្សា​អំពី​បញ្ហា​និង​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គាត់ ហើយ​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ស្ដី​អំពី​សកម្មភាព​សំខាន់​បំផុត ពោល​គឺ​កិច្ច​បម្រើ​ផ្សាយ​និង​ការ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​កាន់​តាម​លោក​យេស៊ូ។

៥៦ តំណាង​មន្ទីរ​ចាត់​ការ​ផ្ដោត​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​តំបន់​ដែល​ស្ថិត​នៅ​ក្រោម​ការ​មើល​ការ​ខុស​ត្រូវ​របស់​ការិយាល័យ​សាខា ជា​ពិសេស​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​និង​សកម្មភាព​ផ្សេង​ទៀត​របស់​ក្រុម​ជំនុំ​នានា។ បើ​មាន​ពេល​គ្រប់​គ្រាន់ គាត់​ក៏​អាច​ទៅ​លេង​ការិយាល័យ​បក​ប្រែ​ដែរ។ ពេល​តំណាង​មន្ទីរ​ចាត់​ការ​ធ្វើ​ទស្សនកិច្ច​នៅ​ការិយាល័យ​សាខា​ណា​មួយ គាត់​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​រាជាណាចក្រ​ព្រះ​តាម​ដែល​អាច​ធ្វើ​បាន។

កាល​ដែល​យើង​បន្ត​ចុះ​ចូល​ចំពោះ​អ្នក​ត្រួត​ពិនិត្យ​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​ឃ្វាល​ហ្វូង​ចៀម នោះ​យើង​កាន់​តែ​មាន​សាមគ្គី​ភាព​ជា​មួយ​ប្រមុខ​នៃ​ក្រុម​ជំនុំ គឺ​លោក​យេស៊ូ​គ្រិស្ត

ការ​ត្រួត​ពិនិត្យ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់

៥៧ យើង​ពិត​ជា​ទទួល​ប្រយោជន៍​ច្រើន​ណាស់​ពី​ការ​ខំ​ប្រឹង​ព្យាយាម និង​ការ​ថែ​រក្សា​ដោយ​សេចក្ដី​ស្រឡាញ់​របស់​បុរស​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ។ កាល​ដែល​យើង​បន្ត​ចុះ​ចូល​ចំពោះ​អ្នក​ត្រួត​ពិនិត្យ​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​ឃ្វាល​ហ្វូង​ចៀម នោះ​យើង​កាន់​តែ​មាន​សាមគ្គី​ភាព​ជា​មួយ​ប្រមុខ​នៃ​ក្រុម​ជំនុំ គឺ​លោក​យេស៊ូ​គ្រិស្ត។ (​១កូ. ១៦:១៥​-​១៨; អេភ. ១:២២, ២៣​) ជា​លទ្ធផល ក្រុម​ជំនុំ​ទាំង​ឡាយ​ទូទាំង​ពិភព​លោក​ទទួល​សកម្មពល​របស់​ព្រះ ហើយ​បណ្ដាំ​របស់​ព្រះ​ដឹក​នាំ​កិច្ច​ការ​របស់​លោក​ទូទាំង​ផែនដី។—ទំនុក. ១១៩:១០៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក