ពួកអ្នកធ្វើដំណើរត្រួតពិនិត្យ—អំណោយទានជាមនុស្ស
‹កាលដែលទ្រង់បានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បាននាំយកពួកឈ្លើយទៅ ហើយទ្រង់បានប្រទានអំណោយទានជាមនុស្ស›។—អេភេសូរ ៤:៨
១. តើកិច្ចការថ្មីអ្វីដែលបានប្រកាសប្រាប់ក្នុងទស្សនាវដ្ដីនេះក្នុងឆ្នាំ១៨៩៤?
ជាងមួយសតវត្សកន្លងទៅនេះ ទស្សនាវដ្ដីប៉មយាមបានប្រកាសប្រាប់អ្វីមួយថ្មី។ នេះត្រូវបានរៀបរាប់ជា «កិច្ចការផ្សាយមួយផ្នែកទៀត»។ តើសកម្មភាពថ្មីនេះមានអ្វីខ្លះ? នេះជាការចាប់ផ្ដើមកិច្ចការនៃពួកអ្នកធ្វើដំណើរត្រួតពិនិត្យក្នុងសម័យទំនើបនេះ។ ប៉មយាម ថ្ងៃទី ១ កញ្ញា ១៨៩៤ បានពន្យល់ថា ចាប់ពីពេលនេះតទៅ បងប្អូនប្រុសដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ នឹងទៅជួបក្រុមនានានៃសិស្សព្រះគម្ពីរ ‹ដើម្បីលើកទឹកចិត្តពួកគេនៅក្នុងសេចក្ដីពិត›។
២. អ្នកត្រួតពិនិត្យមណ្ឌលនិងតំបន់មានភារកិច្ចអ្វីខ្លះ?
២ ក្នុងសតវត្សទីមួយសករាជយើង ក្រុមជំនុំគ្រីស្ទាននានាត្រូវបានពួកអ្នកត្រួតពិនិត្យបែបនេះមកជួប ដូចជាប៉ុលនិងបាណាបាស។ ពួកបុរសស្មោះត្រង់ទាំងនេះ មានគោលដៅនឹង‹ស្អាងចិត្ត› បណ្ដាក្រុមជំនុំ។ (កូរិនថូសទី២ ១០:៨) នៅសព្វថ្ងៃនេះ ព្រះប្រទានពរឲ្យយើងមានបុរសរាប់ពាន់នាក់ ដែលកំពុងតែធ្វើកិច្ចការនេះតាមរបៀបរៀបរយ។ គណៈអភិបាលនៃស្មរបន្ទាល់ព្រះយេហូវ៉ា បានតែងតាំងពួកគេឲ្យមានតំណែងជាអ្នកត្រួតពិនិត្យមណ្ឌលនិងជាអ្នកត្រួតពិនិត្យតំបន់។ អ្នកត្រួតពិនិត្យមណ្ឌលបំរើប្រហែល២០ក្រុមជំនុំ ក្នុងក្រុមជំនុំនិមួយៗត្រូវចំណាយពេលមួយសប្ដាហ៍ ហើយនេះត្រូវធ្វើឡើងពីរដងក្នុងមួយឆ្នាំ។ ពេលគាត់មកជួបម្ដងៗ គាត់ឆែកមើលបញ្ជីប្រវត្ដិរូបក្នុងក្រុមជំនុំ ធ្វើការអធិប្បាយ ហើយចូលរួមក្នុងកិច្ចការផ្សាយជាមួយពួកអ្នកផ្សាយព្រះរាជាណាចក្រនៅទីនោះ។ រីឯអ្នកត្រួតពិនិត្យតំបន់ គាត់ជាអ្នកបើកកម្មវិធីសន្និបាតតាមមណ្ឌលប្រចាំឆ្នាំ ដែលចូលរួមពីមណ្ឌលមួយចំនួន។ ហើយគាត់ក៏ចូលរួមក្នុងកិច្ចការផ្សាយជាមួយក្រុមជំនុំដែលទទួលគាត់នោះ ហើយផ្ដល់ការលើកទឹកចិត្តដោយធ្វើការអធិប្បាយអំពីព្រះគម្ពីរ។
គំនិតបូជាខ្លួនរបស់គេ
៣. ហេតុអ្វីក៏អ្នកធ្វើដំណើរត្រួតពិនិត្យត្រូវតែមានគំនិតបូជាខ្លួន?
៣ ពួកអ្នកធ្វើដំណើរត្រួតពិនិត្យតែងតែធ្វើដំណើរជានិច្ច។ ការនេះតម្រូវឲ្យគេមានគំនិតបូជាខ្លួន។ ការធ្វើដំណើរពីក្រុមជំនុំមួយទៅមួយ អាចមានការពិបាកច្រើន តែពួកគេនិងប្រពន្ធគេធ្វើការនេះដោយមានចិត្តរីករាយជានិច្ច។ អ្នកត្រួតពិនិត្យមណ្ឌលម្នាក់បានមានប្រសាសន៍ថា៖ «ប្រពន្ធរបស់ខ្ញុំជួយគាំទ្រខ្ញុំណាស់ ហើយឥតរអ៊ូរទាំទេ . . . នាងសមទទួលកិត្ដិយសច្រើនចំពោះគំនិតបូជាខ្លួនរបស់នាង»។ អ្នកត្រួតពិនិត្យមណ្ឌលខ្លះធ្វើដំណើរជាង១.០០០គ.ម. រវាងបណ្ដាក្រុមជំនុំ។ ពួកគេភាគច្រើនបើករថយន្ត តែខ្លះទៀតប្រើយានសាធារណៈ កង់ សេះ ឬដើរ ក្នុងការធ្វើដំណើរពីកន្លែងមួយទៅមួយ។ ដើម្បីទៅជួបក្រុមជំនុំមួយ អ្នកត្រួតពិនិត្យមណ្ឌលជាតិអាហ្វ្រិកម្នាក់បានលុយទឹកឆ្លងស្ទឹង ដោយឲ្យប្រពន្ធជិះលើស្មា។ ក្នុងដំណើរសាសនទូតរបស់សាវ័កប៉ុល គាត់បានអត់ទ្រាំនឹងអាកាសធាតុក្ដៅនិងត្រជាក់ ការស្រេកឃ្លាន ការអត់ងងុយច្រើនយប់ គ្រោះថ្នាក់ផ្សេងៗ ព្រមទាំងសេចក្ដីបៀតបៀនយ៉ាងឃោរឃៅ។ គាត់ក៏មាន«សេចក្ដីកង្វល់ខាងឯពួកជំនុំទាំងប៉ុន្មាន»ដែរ—នេះជាការពិសោធន៍ទូទៅចំពោះពួកអ្នកធ្វើដំណើរត្រួតពិនិត្យនៅសព្វថ្ងៃនេះ។—កូរិនថូសទី២ ១១:២៣-២៩
៤. តើបញ្ហាសុខភាពអាចមានឥទ្ធិពលលើជីវិតនៃអ្នកធ្វើដំណើរត្រួតពិនិត្យនិងប្រពន្ធរបស់គេយ៉ាងណាខ្លះ?
៤ ដូចធីម៉ូថេ ដែលជាអ្នកធ្វើដំណើរជាមួយប៉ុលម្នាក់ ពួកអ្នកធ្វើដំណើរត្រួតពិនិត្យនិងប្រពន្ធរបស់គេ ជួនកាលមានបញ្ហាសុខភាព។ (ធីម៉ូថេទី១ ៥:២៣) នេះធ្វើឲ្យពួកគេរឹតតែមានភាពតានតឹងថែមទៀត។ ប្រពន្ធរបស់អ្នកត្រួតពិនិត្យមណ្ឌលម្នាក់ពន្យល់ថា៖ «នៅជាមួយបងប្អូនរាល់តែដងធ្វើឲ្យខ្ញុំតានតឹងចិត្តណាស់ ពេលណាខ្ញុំមិនស្រួលខ្លួន។ ដោយព្រោះខ្ញុំទើបដល់វ័យអស់រដូវ នេះជាការពិបាកណាស់ចំពោះខ្ញុំ។ ការរៀបចំអីវ៉ាន់រៀងរាល់សប្ដាហ៍ ហើយរើទៅកន្លែងផ្សេងទៀត ជាការពិបាកមែន។ ជាញឹកញាប់ ខ្ញុំត្រូវតែឈប់រួចអធិស្ឋានទៅព្រះយេហូវ៉ា សូមទ្រង់ប្រទានកម្លាំងដល់ខ្ញុំឲ្យអាចបន្តទៅទៀត»។
៥. ទោះជាមានទុក្ខលំបាកផ្សេងៗក៏ដោយ តើគំនិតបែបណាដែលពួកអ្នកធ្វើដំណើរត្រួតពិនិត្យនិងប្រពន្ធរបស់គេបានបង្ហាញ?
៥ ទោះជាមានបញ្ហាសុខភាពផ្សេងៗនិងទុក្ខលំបាកឯទៀតក៏ដោយ ក៏ពួកអ្នកធ្វើដំណើរត្រួតពិនិត្យនិងប្រពន្ធរបស់គេមានអំណរក្នុងកិច្ចបំរើរបស់គេដែរ ហើយបង្ហាញសេចក្ដីស្រឡាញ់ដ៏បូជាខ្លួន។ អ្នកខ្លះស៊ូប្រថុយជីវិតរបស់គេ ដើម្បីផ្ដល់ជំនួយខាងវិញ្ញាណក្នុងគ្រាដែលមានការធ្វើទុក្ខបៀតបៀន ឬសង្គ្រាម។ កាលណាពួកគេទៅក្រុមជំនុំផ្សេងៗ គេបង្ហាញគំនិតដូចប៉ុលដែរ ដែលគាត់បានប្រាប់គ្រីស្ទានថែស្សាឡូនីចថា៖ «យើងខ្ញុំបាននៅកណ្ដាលអ្នករាល់គ្នា ដោយស្លូតបូតវិញ ប្រៀបដូចជាម្ដាយថ្នមកូន ដែលកំពុងនៅបៅ គឺយ៉ាងនោះហើយ ដែលយើងខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នា ដល់ម្ល៉េះបានជាយើងខ្ញុំចូលចិត្តចែកដំណឹងល្អពីព្រះ មកអ្នករាល់គ្នា មិនត្រឹមតែប៉ុណ្ណោះក៏ចូលចិត្តចែកទាំងជីវិតយើងខ្ញុំផង ដោយព្រោះអ្នករាល់គ្នាបានត្រឡប់ជាស្ងួនភ្ងាដល់យើងខ្ញុំ»។—ថែស្សាឡូនីចទី១ ២:៧, ៨
៦, ៧. តើអ្នកធ្វើដំណើរត្រួតពិនិត្យដែលខំធ្វើការ អាចផ្ដល់ឲ្យឥទ្ធិពលល្អអ្វី?
៦ ដូចពួកអ្នកចាស់ទុំឯទៀតក្នុងក្រុមជំនុំគ្រីស្ទាន ពួកអ្នកធ្វើដំណើរត្រួតពិនិត្យក៏‹ខំប្រឹងផ្សាយនិងបង្រៀន›ដែរ។ ពួកអ្នកចាស់ទុំទាំងអស់នេះគួរតែ«រាប់ជាគួរនឹងគោរពប្រតិបត្ដិជាទ្វេគុណ»។ (ធីម៉ូថេទី១ ៥:១៧) គំរូរបស់គេអាចមានផលប្រយោជន៍ បើក្រោយពី‹បានពិចារណាមើលរបៀបដែលកិរិយារបស់គេបង្កើតផលហើយ នោះយើងគួរត្រាប់តាមជំនឿរបស់គេ›។—ហេព្រើរ ១៣:៧
៧ តើពួកអ្នកធ្វើដំណើរត្រួតពិនិត្យខ្លះមានឥទ្ធិពលយ៉ាងណាមកលើអ្នកឯទៀត? ស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់បានសរសេរថា៖ «បងប្រុស ផ.——មានឥទ្ធិពលល្អអស្ចារ្យណាស់មកលើជីវិតរបស់ខ្ញុំ! គាត់ជាអ្នកធ្វើដំណើរត្រួតពិនិត្យម្នាក់នៅប្រទេសម៉ិចស្សីកូ តាំងពីឆ្នាំ១៩៦០មក។ កាលដែលខ្ញុំនៅក្មេង ខ្ញុំបានរង់ចាំពេលគាត់មកលេងដោយចិត្តរីករាយ។ កាលដែលខ្ញុំមានអាយុដប់ឆ្នាំ គាត់បានប្រាប់ខ្ញុំថា ‹ឯងនឹងទៅជាអ្នកត្រួតពិនិត្យមណ្ឌលម្នាក់ដែរ›។ ក្នុងកំឡុងវ័យជំទង់ដ៏ពិបាកនោះ ខ្ញុំខំស្វែងរកគាត់ជាញឹកញាប់ ពីព្រោះគាត់តែងតែនិយាយពាក្យប្រាជ្ញប្រាប់ខ្ញុំ។ គាត់រស់ដើម្បីគង្វាលហ្វូងចៀម! ឥឡូវនេះ ខ្ញុំជាអ្នកត្រួតពិនិត្យមណ្ឌលម្នាក់ដែរហើយ ដូច្នេះខ្ញុំតែងតែខំយកចិត្តទុកដាក់នឹងពួកក្មេងៗ ហើយខំដាស់តឿនពួកគេឲ្យមានគោលដៅខាងព្រះធិបតេយ្យ ដូចគាត់បានធ្វើសំរាប់ខ្ញុំ។ សូម្បីតែនៅក្នុងកំឡុងអាយុចុងក្រោយរបស់គាត់ ទោះបីជាមានបញ្ហាគាំងបេះដូងក្ដី ក៏បងប្រុស ផ.——តែងតែខំឲ្យពាក្យលើកទឹកចិត្តជានិច្ចដែរ។ គ្រាន់តែមួយថ្ងៃមុនគាត់ទទួលមរណភាពក្នុងខែកុម្ភៈ ១៩៩៥ គាត់បានទៅពិធីសន្និបាតពិសេសមួយជាមួយខ្ញុំ ហើយពេលនោះគាត់បានដាស់តឿនបងប្រុសម្នាក់ដែលជានិម្មាបនិកម្នាក់ ឲ្យមានគោលដៅល្អមួយ។ បងប្រុសនោះក៏បានដាក់ពាក្យសូមបំរើនៅបេតអែលភ្លាមទៅ»។
ការទទួលអបអរពួកគេ
៨. តើពួកណាជា ‹អំណោយទានជាមនុស្ស› ដែលបានចែងប្រាប់ក្នុងអេភេសូរ ជំពូក៤ ហើយតើពួកនេះមានប្រយោជន៍យ៉ាងណាដល់ក្រុមជំនុំ?
៨ ពួកអ្នកធ្វើដំណើរត្រួតពិនិត្យនិងពួកអ្នកចាស់ទុំឯទៀត ដែលបានទទួលកិច្ចបំរើដោយសារព្រះគុណដែលគ្មានសិទ្ធិទទួលរបស់ព្រះ នោះត្រូវហៅថា ‹អំណោយទានជាមនុស្ស›។ ក្នុងឋានៈជាអ្នកតំណាងនៃព្រះយេហូវ៉ានិងជាមេក្រុមជំនុំ ព្រះយេស៊ូបានផ្ដល់នូវពួកបុរសខាងវិញ្ញាណទាំងនេះ ដើម្បីឲ្យយើងម្នាក់ៗអាចបានស្អាងចិត្តឡើង ហើយទទួលគំនិតចាស់ទុំ។ (អេភេសូរ ៤:៨-១៥) អំណោយទានណាក៏ដោយ គឺសមទទួលពាក្យអំណរគុណ។ ជាពិសេស ចំពោះអំណោយទានដែលលើកទឹកចិត្តយើងឲ្យខំបំរើព្រះយេហូវ៉ា។ ដូច្នេះ តើតាមរបៀបណាដែលយើងអាចសម្ដែងអំណរគុណរបស់យើង ចំពោះកិច្ចការនៃពួកអ្នកធ្វើដំណើរត្រួតពិនិត្យ? តើតាមរបៀបណាដែលយើងអាចបង្ហាញថា យើង‹រាប់អានមនុស្សយ៉ាងនេះដោយអំណរ›?—ភីលីព ២:២៩
៩. តើយើងអាចសម្ដែងអំណរគុណដល់ពួកអ្នកធ្វើដំណើរត្រួតពិនិត្យតាមរបៀបណាខ្លះ?
៩ កាលណាទស្សនកិច្ចនៃអ្នកត្រួតពិនិត្យមណ្ឌលត្រូវបានប្រកាសប្រាប់ នោះយើងអាចចាប់ផ្ដើមរៀបចំគម្រោងការយើង ដើម្បីឲ្យអាចចូលរួមពេញទីក្នុងសកម្មភាពផ្សេងៗក្នុងក្រុមជំនុំសំរាប់សប្ដាហ៍នោះ។ ប្រហែលជាយើងអាចទុកពេលវេលាខ្លះ ដើម្បីជួយគាំទ្រកិច្ចផ្សាយបំរើក្នុងកំឡុងទស្សនកិច្ចនោះ។ ប្រហែលជាយើងអាចបំរើជាអ្នកត្រួសត្រាយជំនួយក្នុងកំឡុងខែនោះ។ យើងប្រាកដជានឹងចង់អនុវត្តតាមយោបល់របស់អ្នកត្រួតពិនិត្យមណ្ឌល ដើម្បីឲ្យកិច្ចបំរើរបស់យើងបានចំរើនឡើង។ ការមានគំនិតចេះយកចិត្តទុកដាក់បែបនេះនឹងផ្ដល់ផលប្រយោជន៍ដល់យើង ហើយនឹងឲ្យគាត់ដឹងថាទស្សនកិច្ចរបស់គាត់ជាការមានប្រយោជន៍។ ត្រូវហើយ ពួកអ្នកធ្វើដំណើរត្រួតពិនិត្យមកឯក្រុមជំនុំ ដើម្បីលើកទឹកចិត្តយើង ប៉ុន្តែពួកគេក៏ត្រូវការការលើកទឹកចិត្តខាងវិញ្ញាណដែរ។ មានគ្រាខ្លះ ប៉ុលត្រូវការការលើកទឹកចិត្ត ហើយគាត់តែងតែសូមគ្រីស្ទានឯទៀតឲ្យអធិស្ឋានឲ្យគាត់ផង។ (កិច្ចការ ២៨:១៥; រ៉ូម ១៥:៣០-៣២; កូរិនថូសទី២ ១:១១; កូល៉ុស ៤:២, ៣; ថែស្សាឡូនីចទី១ ៥:២៥) ពួកអ្នកធ្វើដំណើរត្រួតពិនិត្យនៅសម័យនេះ ក៏ត្រូវការការអធិស្ឋាននិងការលើកទឹកចិត្តរបស់យើងដែរ។
១០. តើយើងអាចជួយធ្វើឲ្យកិច្ចការរបស់ពួកអ្នកធ្វើដំណើរត្រួតពិនិត្យមានអំណរយ៉ាងដូចម្ដេច?
១០ តើយើងមានបានប្រាប់អ្នកត្រួតពិនិត្យមណ្ឌលនិងប្រពន្ធរបស់គាត់ ថាយើងមានចិត្តអបអរយ៉ាងណាចំពោះទស្សនកិច្ចរបស់គេទេ? តើយើងអរគុណគាត់ចំពោះដំបូន្មានដ៏មានប្រយោជន៍ ដែលគាត់ឲ្យមកយើងនោះទេ? តើយើងឲ្យគាត់ដឹងថា យោបល់របស់គាត់ចំពោះកិច្ចផ្សាយបំរើ បានធ្វើឲ្យយើងមានអំណរច្រើនក្នុងកិច្ចបំរើទេ? បើសិនជាយើងអាចធ្វើការនេះបាន នេះនឹងជួយគាត់ឲ្យមានអំណរក្នុងកិច្ចការរបស់គាត់។ (ហេព្រើរ ១៣:១៧) អ្នកត្រួតពិនិត្យមណ្ឌលម្នាក់នៅប្រទេសអេស្ប៉ាញបានរៀបរាប់ប្រាប់ថា គាត់និងប្រពន្ធរបស់គាត់បានអបអរនូវកាតថ្លែងអំណរគុណជាច្រើន ដែលគេបានទទួលពីក្រុមជំនុំផ្សេងៗដែលគេបានទៅលេង។ គាត់មានប្រសាសន៍ថា៖ «យើងទុកកាតទាំងនេះសំរាប់អាន កាលណាយើងមានអារម្មណ៍បាក់ទឹកចិត្ត។ កាតទាំងនេះជាប្រភពនៃការលើកទឹកចិត្តដ៏ពិតមែន»។
១១. ហេតុអ្វីក៏យើងគួរតែឲ្យប្រពន្ធរបស់អ្នកត្រួតពិនិត្យមណ្ឌលនិងតំបន់ដឹងថា យើងស្រឡាញ់និងអបអរគេ?
១១ ពាក្យសរសើរមុខជាជួយដល់ប្រពន្ធនៃអ្នកធ្វើដំណើរត្រួតពិនិត្យជាមិនខាន។ នាងបានលះបង់ចោលច្រើនណាស់ ដើម្បីជួយដល់កិច្ចបំរើនៃប្ដីរបស់នាង។ បងស្រីៗស្មោះត្រង់ទាំងនេះបានបោះបង់សេចក្ដីប្រាថ្នាធម្មជាតិរបស់គេ ក្នុងការមានផ្ទះសម្បែងខ្លួនឯង ហើយក្នុងករណីខ្លះ មានកូនចៅផងដែរ។ កូនស្រីរបស់លោកយែបថា ជាអ្នកបំរើព្រះយេហូវ៉ាម្នាក់ ដែលបានសុខចិត្តលះបង់ឱកាសមានប្ដីនិងគ្រួសារ ដោយសារតែពាក្យសច្ចាដែលឪពុករបស់នាងបានធ្វើ។ (ពួកចៅហ្វាយ ១១:៣០-៣៩) តើអ្នកឯទៀតបានមានអារម្មណ៍យ៉ាងណាចំពោះការបូជារបស់នាង? ពួកចៅហ្វាយ ១១:៤០ ចែងថា៖ ‹រាល់តែឆ្នាំពួកកូនស្រីរបស់អ៊ីស្រាអែល គេតែងទៅលើកទឹកចិត្តកូនស្រីរបស់យែបថា ជាពួកកាឡាតនោះ គ្រប់៤ថ្ងៃក្នុងមួយឆ្នាំ›។ ជាការប្រសើរ បើយើងខំខ្នះខ្នែងប្រាប់ប្រពន្ធរបស់អ្នកត្រួតពិនិត្យមណ្ឌលនិងតំបន់ ថាយើងស្រឡាញ់និងអបអរគេ!
‹កុំឲ្យភ្លេចការទទួលរាក់ទាក់›
១២, ១៣. (ក) តើមានបទគម្ពីរណាខ្លះ ចំពោះការឲ្យចេះទទួលរាក់ទាក់ពួកអ្នកធ្វើដំណើរត្រួតពិនិត្យនិងប្រពន្ធរបស់គេ? (ខ) សូមពន្យល់អំពីរបៀបដែលការទទួលរាក់ទាក់បែបនេះ អាចមានប្រយោជន៍ដល់បុគ្គលទាំងសងខាង។
១២ ការទទួលរាក់ទាក់ជាវិធីមួយទៀត ក្នុងការសម្ដែងសេចក្ដីស្រឡាញ់និងការអបអរដល់ពួកអ្នកធ្វើដំណើរក្នុងកិច្ចការគ្រីស្ទាន។ (ហេព្រើរ ១៣:២) សាវ័កយ៉ូហានបានសរសើរលោកកៃយុស ដែលលោកបានទទួលរាក់ទាក់ពួកអ្នកដែលមកលេងក្រុមជំនុំ ដូចជាពួកអ្នកធ្វើដំណើរសាសនទូត។ យ៉ូហានបានសរសេរថា៖ «អ្នកស្ងួនភ្ងាអើយ ការអ្វីដែលអ្នកធ្វើ សំរាប់ពួកបងប្អូន នឹងពួកដទៃដែរ នោះអ្នកក៏ធ្វើដោយស្មោះត្រង់គ្រប់ទាំងអស់ហើយ គេក៏បានធ្វើបន្ទាល់ពីសេចក្ដីស្រឡាញ់របស់អ្នក នៅមុខពួកជំនុំផង បើអ្នកនឹងជួយដំរង់អ្នកទាំងនោះ តាមបែបគួរនឹងព្រះ នោះបានល្អហើយ ដ្បិតគេបានចេញដើរទៅ ដោយព្រោះព្រះនាមទ្រង់ ឥតមានទទួលអ្វីពីសាសន៍ដទៃឡើយ ដូច្នេះ យើងរាល់គ្នាត្រូវជួយទំនុកបំរុងដល់មនុស្សយ៉ាងនោះ ដើម្បីឲ្យយើងបានធ្វើការជាមួយនឹងគេក្នុងសេចក្ដីពិត»។ (យ៉ូហានទី៣ ៥-៨) នៅសព្វថ្ងៃនេះ យើងអាចពង្រីកសកម្មភាពផ្សាយព្រះរាជាណាចក្រ ដោយសម្ដែងការទទួលរាក់ទាក់ដូចនោះដែរ ដល់ពួកអ្នកធ្វើដំណើរត្រួតពិនិត្យនិងប្រពន្ធរបស់គេ។ ពិតមែនហើយ ពួកអ្នកចាស់ទុំក្នុងតំបន់នោះគួរតែលៃលកទីលំនៅឲ្យបានល្អគួរសម ប៉ុន្តែអ្នកត្រួតពិនិត្យតំបន់ម្នាក់បានមានប្រសាសន៍ថា៖ «ការទាក់ទង់របស់យើងជាមួយបងប្អូន មិនមែនអាស្រ័យទៅលើការដែលគេអាចធ្វើជូនយើងវិញនោះទេ។ យើងមិនចង់ឲ្យគេមានចិត្តបែបនេះទាល់តែសោះ។ យើងសុខចិត្តទទួលយកការរាក់ទាក់ពីបងប្អូនយើងទាំងអស់ មិនថាអ្នកមានឬអ្នកក្រ»។
១៣ ការទទួលរាក់ទាក់អាចមានប្រយោជន៍ដល់បុគ្គលទាំងសងខាង។ «ក្នុងគ្រួសាររបស់ខ្ញុំ ជាទម្លាប់មួយដែលយើងអញ្ជើញអ្នកធ្វើដំណើរត្រួតពិនិត្យឲ្យស្នាក់នៅជាមួយយើង» លោកហ្សូហ្សាបាននឹកឃើញ ដែលពីដើមគាត់ធ្លាប់ជាអ្នកត្រួតពិនិត្យមណ្ឌលម្នាក់ដែរ តែឥឡូវនេះកំពុងតែបំរើនៅបេតអែល។ «ខ្ញុំយល់ឃើញថាការមកលេងនេះបានជួយខ្ញុំច្រើនណាស់ គឺហួសពីការនឹកស្មានរបស់ខ្ញុំនៅគ្រានោះទៅទៀត។ ក្នុងកំឡុងវ័យជំទង់ ខ្ញុំមានបញ្ហាខាងវិញ្ញាណ។ ម្ដាយខ្ញុំព្រួយចិត្តអំពីរឿងនេះ តែមិនដឹងត្រូវធ្វើយ៉ាងណាដើម្បីជួយខ្ញុំ ហើយគាត់ក៏បានសូមឲ្យអ្នកត្រួតពិនិត្យមណ្ឌលម្នាក់មកនិយាយជាមួយខ្ញុំ។ មុនដំបូងខ្ញុំជៀសវាងពីគាត់ ដោយសារខ្ញុំខ្លាចមានការទិតៀន។ ប៉ុន្តែឫកពាដ៏រួសរាយរបស់គាត់បានមានជ័យជំនះលើខ្ញុំនៅទីបំផុត។ គាត់បានអញ្ជើញខ្ញុំឲ្យមកញាំអាហារជាមួយគាត់នៅថ្ងៃចន្ទមួយ ហើយខ្ញុំបានបើកចិត្តខ្ញុំជំរាបប្រាប់គាត់ទាំងអស់ ពីព្រោះខ្ញុំដឹងជាប្រាកដថាគាត់មានចិត្តអធ្យាស្រ័យដល់ខ្ញុំ។ គាត់បានស្ដាប់យ៉ាងហ្មត់ចត់។ យោបល់ដ៏មានប្រយោជន៍របស់គាត់មានប្រសិទ្ធិភាពល្អមែន ហើយខ្ញុំក៏ចាប់ផ្ដើមចំរើនលូតលាស់ខាងវិញ្ញាណ»។
១៤. ហេតុអ្វីក៏យើងគួរតែអបអរពួកអ្នកធ្វើដំណើរត្រួតពិនិត្យ ជាជាងទិតៀនពួកគេ?
១៤ អ្នកធ្វើដំណើរត្រួតពិនិត្យខំព្យាយាមជួយខាងវិញ្ញាណដល់មនុស្សទាំងអស់ ទាំងក្មេងទាំងចាស់។ ដោយហេតុនេះ យើងគួរតែបង្ហាញការអបអរដល់ការខំខ្នះខ្នែងរបស់គាត់។ ក៏ប៉ុន្តែ ចុះយ៉ាងណាវិញ បើយើងទិតៀនគាត់ដោយសារចំណុចទន់ខ្សោយរបស់គាត់ណាមួយ ឬ ប្រៀបធៀបគាត់ដោយលំអៀងជាមួយអ្នកឯទៀតដែលមកធ្វើទស្សនកិច្ចក្រុមជំនុំនោះ? នេះអាចធ្វើឲ្យមានការតូចចិត្តណាស់។ មិនជាការលើកទឹកចិត្តទេចំពោះប៉ុលក្នុងការឮការទិតៀនអំពីកិច្ចការរបស់គាត់នោះ។ ដ្បិតមានពួកគ្រីស្ទានខ្លះនៅកូរិនថូសបាននិយាយបង្អាប់ដល់អាការក្រៅនិងសមត្ថភាពអធិប្បាយរបស់គាត់។ គាត់បានស្រង់ពាក្យទិតៀននេះដោយខ្លួនគាត់ផ្ទាល់ ដែលថា៖ «សំបុត្រលោកមានពាក្យធ្ងន់ ហើយមានអំណាច តែកាលណាលោកនៅជាមួយ នោះលោកខ្សោយខាងរូបសាច់វិញ ហើយពាក្យសំដីលោកក៏គួរឲ្យមើលងាយដែរ»។ (កូរិនថូសទី២ ១០:១០) ប៉ុន្តែ ភាគច្រើន ពួកអ្នកធ្វើដំណើរត្រួតពិនិត្យតែងតែឮពាក្យអំណរគុណដែលប្រកបដោយសេចក្ដីស្រឡាញ់។
១៥, ១៦. តើសេចក្ដីស្រឡាញ់និងការខំខ្នះខ្នែងនៃបងប្អូនដែលមានជំនឿដូចគ្នា មានឥទ្ធិពលយ៉ាងណាមកលើពួកអ្នកធ្វើដំណើរត្រួតពិនិត្យនិងប្រពន្ធរបស់គេ?
១៥ អ្នកត្រួតពិនិត្យមណ្ឌលម្នាក់នៅអាមេរិកឡាតាំងដើរទាំងលំបាកពេញមួយថ្ងៃតាមផ្លូវភក់ ដើម្បីទៅជួបបងប្អូនប្រុសស្រីខាងវិញ្ញាណរបស់គាត់ ដែលរស់នៅក្នុងតំបន់កាន់កាប់ដោយពួកទាហានព្រៃ។ គាត់សរសេរថា៖ «របៀបដែលបងប្អូនបានសម្ដែងការអបអរដល់ការមកជួបនេះ ធ្វើឲ្យខ្ញុំរំជួលចិត្តណាស់។ ថ្វីបើខ្ញុំត្រូវខំប្រឹងប្រែងដើម្បីទៅទីនោះ ទាំងជួបប្រទះគ្រោះថ្នាក់និងទុក្ខលំបាកក៏ដោយ សេចក្ដីស្រឡាញ់និងការខ្នះខ្នែងនៃបងប្អូននៅទីនោះ ទុកដូចជារង្វាន់ដល់ខ្ញុំ»។
១៦ អ្នកត្រួតពិនិត្យមណ្ឌលម្នាក់នៅអាហ្វ្រិក សរសេរថា៖ «ដោយព្រោះតែសេចក្ដីស្រឡាញ់នៃបងប្អូននៅទីនោះ យើងចូលចិត្តផ្សាយក្នុងប្រទេសថែនសឺនៀណាស់! បងប្អូននៅទីនោះត្រៀមចាំរៀនពីយើងជានិច្ច ហើយពួកគេមានចិត្តរីករាយក្នុងការទទួលយកយើងមកក្នុងផ្ទះរបស់គេ»។ នៅសតវត្សទីមួយ មានទំនាក់ទំនងដែលប្រកបដោយសេចក្ដីស្រឡាញ់រីករាយមួយ រវាងសាវ័កប៉ុលនិងគូស្វាមីភរិយាគ្រីស្ទាន ឈ្មោះលោកអ័គីឡានិងនាងព្រីស៊ីល។ តាមការពិត ប៉ុលបាននិយាយអំពីពួកគេថា៖ «សូមជំរាបសួរដល់នាងព្រីស៊ីល នឹងអ្នកអ័គីឡា ជាអ្នកដែលធ្វើការជាមួយនឹងខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ គេបានប្រថុយជីវិតដោយព្រោះខ្ញុំ មិនមែនតែខ្ញុំដែលអរគុណដល់គេប៉ុណ្ណោះ គឺទាំងពួកជំនុំសាសន៍ដទៃទាំងប៉ុន្មានថែមទៀត»។ (រ៉ូម ១៦:៣, ៤) ពួកអ្នកធ្វើដំណើរត្រួតពិនិត្យនិងប្រពន្ធរបស់គេមានចិត្តអបអរណាស់ ដោយមានមិត្តនៅសម័យទំនើបនេះ ដែលមានចិត្តដូចលោកអ័គីឡានិងនាងព្រីស៊ីលដែរ ដែលខំខ្នះខ្នែងទទួលរាក់ទាក់និងផ្ដល់មិត្តភាពដល់ពួកគេ។
ការពង្រឹងក្រុមជំនុំ
១៧. ហេតុអ្វីក៏អាចនិយាយថាការចាត់ចែងឲ្យមានអ្នកធ្វើដំណើរត្រួតពិនិត្យ ជាការមានប្រាជ្ញា ហើយតើពួកគេទទួលការណែនាំពីណា?
១៧ ព្រះយេស៊ូមានបន្ទូលថា៖ «ប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលបង្កើត»។ (ម៉ាថាយ ១១:១៩) ប្រាជ្ញាក្នុងការចាត់ចែងឲ្យមានអ្នកធ្វើដំណើរត្រួតពិនិត្យនេះ អាចឃើញច្បាស់ពីការដែលនេះជួយពង្រឹងក្រុមជំនុំនៃប្រជារាស្ត្ររបស់ព្រះ។ ក្នុងដំណើរសាសនទូតលើកទីពីររបស់ប៉ុល គាត់និងលោកស៊ីឡាសបានសម្រេចការ«ដើរកាត់ស្រុកស៊ីរី នឹងស្រុកគីលីគា ក៏ទាំងឲ្យពួកជំនុំទាំងប៉ុន្មានបានខ្ជាប់ខ្ជួនឡើង»។ គម្ពីរកិច្ចការប្រាប់យើងថា៖ «[កាលដែលពួកគេកំពុង]ដើរកាត់អស់ទាំងទីក្រុង នោះក៏ប្រគល់សេចក្ដីបញ្ញត្តទាំងប៉ុន្មានដល់គេ ជាសេចក្ដីដែលពួកសាវក នឹងពួកចាស់ទុំ ដែលនៅក្រុងយេរូសាឡិម បានជំនុំសំរេចឲ្យគេកាន់តាម យ៉ាងនោះពួកជំនុំទាំងប៉ុន្មាន មានសេចក្ដីជំនឿរឹតតែខ្លាំង ហើយចំនួននៃពួកសិស្ស ចេះតែចំរើនកើនឡើងជារាល់ថ្ងៃ»។ (កិច្ចការ ១៥:៤០, ៤១; ១៦:៤, ៥) ពួកអ្នកធ្វើដំណើរត្រួតពិនិត្យនៅបច្ចុប្បន្ននេះ ទទួលការណែនាំខាងវិញ្ញាណពីបទគម្ពីរនិងពីប្រកាសនវត្ថុផ្សេងៗនៃ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ហើយពួកគ្រីស្ទានឯទៀតក៏ទទួលតាមបែបនេះដែរ។—ម៉ាថាយ ២៤:៤៥
១៨. តើពួកអ្នកធ្វើដំណើរត្រួតពិនិត្យពង្រឹងក្រុមជំនុំយ៉ាងដូចម្ដេច?
១៨ ត្រូវហើយ ពួកអ្នកធ្វើដំណើរត្រួតពិនិត្យ ត្រូវតែបន្តទទួលទានអាហារនៅតុខាងវិញ្ញាណរបស់ព្រះយេហូវ៉ា។ ពួកគេត្រូវតែឲ្យដឹងច្បាស់លាស់នូវវិធីនិងគោលការណ៍ណែនាំ ដែលអង្គការរបស់ព្រះកាន់តាម។ រួចបុរសបែបនេះអាចទៅជាពរពិតប្រាកដដល់អ្នកឯទៀត។ តាមរយៈការខំធ្វើគំរូល្អក្នុងកិច្ចផ្សាយបំរើ ពួកគេអាចជួយអ្នកជឿឯទៀតឲ្យបានចំរើនក្នុងកិច្ចបំរើគ្រីស្ទាន។ ការអធិប្បាយពីព្រះគម្ពីរនៃពួកអ្នកចាស់ទុំទាំងនេះ ជួយលើកទឹកចិត្តពួកអ្នកស្ដាប់ខាងផ្នែកវិញ្ញាណ។ ដោយជួយអ្នកដទៃឲ្យអនុវត្តតាមដំបូន្មាននៃព្រះគម្ពីរ បំរើស្រុះស្រួលជាមួយប្រជារាស្ត្ររបស់ព្រះយេហូវ៉ានៅជុំវិញផែនដី ហើយដោយប្រើសំវិធានវត្ថុខាងវិញ្ញាណដែលព្រះប្រទានឲ្យតាមរយៈ ‹អ្នកបំរើស្មោះត្រង់› នោះទើបពួកអ្នកធ្វើដំណើរត្រួតពិនិត្យអាចពង្រឹងក្រុមជំនុំដែលគេទៅជួបនោះ។
១៩. តើមានសំនួរអ្វីខ្លះសំរាប់ការពិនិត្យពិច័យ?
១៩ នៅពេលដែលអង្គការរបស់ព្រះយេហូវ៉ាស្ថាបនាកិច្ចការនៃពួកអ្នកចាស់ទុំដែលធ្វើដំណើរនេះ ក្នុងចំណោមពួកសិស្សព្រះគម្ពីរប្រមាណមួយរយឆ្នាំកន្លងទៅនេះ ទស្សនាវដ្ដីនេះចែងថា៖ «យើងនឹងរង់ចាំមើលលទ្ធផលនិងការដឹកនាំតទៅទៀតនៃព្រះអម្ចាស់»។ ការដឹកនាំនៃព្រះយេហូវ៉ាបានបង្ហាញឲ្យឃើញយ៉ាងជាក់ស្តែងមែន។ ដោយសារតែទ្រង់ប្រទានពរនិងដោយសារការត្រួតពិនិត្យពីគណៈអភិបាល កិច្ចការនេះបានរីកចំរើន និងបានសំរាញ់យ៉ាងល្អប្រសើរជាច្រើនឆ្នាំមកហើយ។ ជាលទ្ធផលនៃការនេះ ក្រុមជំនុំនៃស្មរបន្ទាល់ព្រះយេហូវ៉ានៅជុំវិញផែនដី ត្រូវបានពង្រឹងឲ្យមានជំនឿមុតមាំ ហើយចំនួនក្រុមជំនុំក៏បានរីកចំរើនរៀងរាល់ថ្ងៃ។ ជាការច្បាស់ណាស់ ព្រះយេហូវ៉ាកំពុងតែប្រទានពរដល់គំនិតបូជាខ្លួននៃអំណោយទានជាមនុស្សទាំងនេះ។ ប៉ុន្តែ តើឲ្យពួកអ្នកធ្វើដំណើរត្រួតពិនិត្យអាចបំពេញកិច្ចការរបស់គេដោយជោគជ័យយ៉ាងដូចម្ដេច? តើអ្វីជាគោលដៅរបស់គេ? តើឲ្យគេអាចបង្កើតផលប្រយោជន៍ល្អដល់ក្រុមជំនុំយ៉ាងដូចម្ដេច?
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ អ្នកត្រួតពិនិត្យមណ្ឌលនិងតំបន់មានភារកិច្ចអ្វីខ្លះ?
◻ ហេតុអ្វីក៏អ្នកធ្វើដំណើរត្រួតពិនិត្យត្រូវតែមានគំនិតបូជាខ្លួន?
◻ តើអាចសម្ដែងការអបអរយ៉ាងដូចម្ដេច ចំពោះកិច្ចការនៃពួកអ្នកចាស់ទុំដែលធ្វើដំណើរនិងប្រពន្ធរបស់គេ?
◻ តើពួកអ្នកធ្វើដំណើរត្រួតពិនិត្យអាចធ្វើអ្វីខ្លះ ដើម្បីឲ្យក្រុមជំនុំមានជំនឿមុតមាំ?
[រូបភាពនៅទំព័រ២២]
ការធ្វើដំណើរឥតឈប់ឈរតម្រូវឲ្យមានគំនិតបូជាខ្លួន
[រូបភាពនៅទំព័រ២៥]
តើអ្នកមានបានសម្ដែងការទទួលរាក់ទាក់ដល់អ្នកធ្វើដំណើរត្រួតពិនិត្យនិងប្រពន្ធរបស់គេទេ?