មេរៀនទី១៧
តើអ្នកត្រួតពិនិត្យប្រចាំមណ្ឌលជួយយើងយ៉ាងដូចម្ដេច?
ម៉ាឡាវី
ប្រជុំផ្សព្វផ្សាយ
ផ្សព្វផ្សាយ
កិច្ចប្រជុំពួកអ្នកចាស់ទុំ
បទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចរៀបរាប់ច្រើនដងអំពីបាណាបាសនិងសាវ័កប៉ូល។ ពួកគាត់បម្រើជាអ្នកធ្វើដំណើរត្រួតពិនិត្យ ដោយធ្វើទស្សនៈកិច្ចក្រុមជំនុំនៅជំនាន់ដើម។ ហេតុអ្វី? ពីព្រោះពួកគាត់យកចិត្តទុកដាក់យ៉ាងស្មោះចំពោះសុខទុក្ខរបស់បងប្អូនរួមជំនឿ។ ប៉ូលបាននិយាយថា គាត់ចង់«ត្រឡប់ទៅឯបងប្អូន»ដើម្បីសួរសុខទុក្ខពួកគេ។ គាត់ស្ម័គ្រចិត្តធ្វើដំណើររាប់រយគីឡូម៉ែត្រដើម្បីទៅជួបនិងលើកទឹកចិត្តពួកគេ។ (សកម្មភាព ១៥:៣៦) ពួកអ្នកធ្វើដំណើរត្រួតពិនិត្យនៅសព្វថ្ងៃនេះក៏មានបំណងប្រាថ្នាដូចគ្នាដែរ។
ពួកគាត់មកដើម្បីលើកទឹកចិត្តយើង។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់ៗធ្វើទស្សនៈកិច្ចក្រុមជំនុំ២០ឬច្រើនជាង ដោយចំណាយពេលមួយសប្ដាហ៍ជាមួយនឹងក្រុមជំនុំនីមួយៗ ហើយពួកគាត់ធ្វើដូច្នេះពីរដងក្នុងមួយឆ្នាំ។ យើងអាចទទួលប្រយោជន៍យ៉ាងច្រើនដោយស្ដាប់បទពិសោធន៍ពួកគាត់និងប្រពន្ធរបស់ពួកគាត់បើរៀបការហើយ។ ពួកគាត់ព្យាយាមស្គាល់បងប្អូនទាំងចាស់ទាំងក្មេង ហើយពួកគាត់ចូលរួមក្នុងកិច្ចផ្សព្វផ្សាយនិងការបង្រៀនគម្ពីរជាមួយយើង។ អ្នកត្រួតពិនិត្យប្រចាំតំបន់រៀបចំទៅជួបដើម្បីពង្រឹងជំនឿបងប្អូនជាមួយនឹងពួកអ្នកចាស់ទុំ ហើយគាត់លើកទឹកចិត្តយើងតាមរយៈសុន្ទរកថានៅឯកិច្ចប្រជុំនិងសន្និបាត។—សកម្មភាព ១៥:៣៥
ពួកគាត់យកចិត្តទុកដាក់ចំពោះយើងទាំងអស់គ្នា។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានភាពក្នុងក្រុមជំនុំដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ។ ពួកគាត់ប្រជុំគ្នាជាមួយនឹងពួកអ្នកចាស់ទុំ និងជំនួយការខាងកិច្ចបម្រើដើម្បីពិភាក្សាអំពីការរីកចម្រើនក្នុងក្រុមជំនុំ និងផ្ដល់ឱវាទដែលពួកអ្នកចាស់ទុំនិងពួកជំនួយការខាងកិច្ចបម្រើងាយធ្វើតាមដើម្បីបំពេញភារកិច្ចរបស់ពួកគេ។ ពួកគាត់ជួយអ្នកត្រួសត្រាយពេញពេលឲ្យទទួលជោគជ័យក្នុងការផ្សព្វផ្សាយ ហើយពួកគាត់ក៏រីករាយស្គាល់អ្នកថ្មីដែលចូលរួមកិច្ចប្រជុំ ថែមទាំងរីករាយស្ដាប់អំពីការខំព្យាយាមរីកចម្រើនរបស់ពួកគេក្នុងសេចក្ដីពិតដែរ។ ពួកអ្នកត្រួតពិនិត្យទាំងនេះស្ម័គ្រចិត្តធ្វើជា«អ្នករួមធ្វើការដើម្បីឲ្យ[យើង]រាល់គ្នាទទួលប្រយោជន៍»។ (កូរិនថូសទី២ ៨:២៣) យើងគួរយកតម្រាប់តាមជំនឿនិងចិត្តស្មោះភក្ដីរបស់ពួកគាត់ចំពោះព្រះ។—ហេប្រឺ ១៣:៧
តើពួកអ្នកត្រួតពិនិត្យប្រចាំមណ្ឌលធ្វើទស្សនៈកិច្ចក្រុមជំនុំនានាដោយមានគោលបំណងអ្វី?
តើអ្នកអាចទទួលប្រយោជន៍យ៉ាងណាពីការធ្វើទស្សនៈកិច្ចរបស់ពួកគាត់?