បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/២ ទំ. ១៨-២១
  • តើអ្នកនឹងទទួលស្គាល់ព្រះមេស្ស៊ីទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកនឹងទទួលស្គាល់ព្រះមេស្ស៊ីទេ?
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ‹យើង​ចង់​ឃើញ​សញ្ញា​មួយ›
  • ‹ពួក​ស្រឡាញ់​ប្រាក់›
  • «ខ្លាច​សាសន៍​យូដា»
  • តើ​អ្នក​ពិត​ជា​ទទួល​ស្គាល់​ព្រះ​មេស្ស៊ី​ទេ?
  • មេស្ស៊ីជាមធ្យោបាយដែលព្រះសង្គ្រោះមនុស្ស!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • ព្រះយេស៊ូគ្រីស្ទកូនសោដែលបង្ហាញនូវចំណេះអំពីព្រះ
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • តើលោកយេស៊ូគ្រិស្តជាអ្នកណា?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើព្រះយេស៊ូគ្រីស្ទជាអ្នកណា?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/២ ទំ. ១៨-២១

តើ​អ្នក​នឹង​ទទួល​ស្គាល់​ព្រះ​មេស្ស៊ី​ទេ?

ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ចំណាយ​ពេល​៣​ឆ្នាំ​កន្លះ​ក្នុង​ការ​ផ្សាយ​បន្ទូល​របស់​ព្រះ​ក្នុង​ចំណោម​ពួក​អ៊ីស្រាអែល។ ប៉ុន្តែ​នៅ​ពេល​ដែល​ការ​ផ្សាយ​របស់​ទ្រង់​ជិត​មក​ដល់​ទី​បញ្ចប់ មនុស្ស​ភាគ​ច្រើន​នៅ​ជំនាន់​ទ្រង់​បាន​បដិសេធ​ចោល​ទ្រង់​ជា​ព្រះ​មេស្ស៊ី ឬ‹អ្នក​ចាក់​ប្រេង​តាំង›ដែល​ព្រះ​បាន​សន្យា​មក។ តើ​ហេតុ​អ្វី?

ព្រះ​គម្ពីរ​ជួយ​យើង​ឲ្យ​ឃើញ​នូវ​មូលហេតុ​ផ្សេង​ៗ ដែល​ពួក​យូដា​នៅ​សតវត្ស​ទី​មួយ​មិន​បាន​ទទួល​ស្គាល់​ព្រះ​យេស៊ូ ជា​ព្រះ​មេស្ស៊ី។ មូលហេតុ​បី​នេះ​បាន​រា​រាំង​មនុស្ស​ជា​ច្រើន​ពី​ការ​ទទួល​ស្គាល់​ឋានៈ​របស់​ព្រះ​យេស៊ូ​នៅ​សម័យ​នេះ ជា​ស្តេច ព្រះ​មេស្ស៊ី។

‹យើង​ចង់​ឃើញ​សញ្ញា​មួយ›

មូលហេតុ​មួយ​ដែល​ពួក​យូដា​នៅ​សតវត្ស​ទី​មួយ​មិន​ទទួល​ស្គាល់​ព្រះ​មេស្ស៊ី គឺ​ដោយ​សារ​ពួក​គេ​មិន​ទទួល​យក​សញ្ញា​ពី​ព្រះ​គម្ពីរ ដែល​ចង្អុល​ទៅ​ព្រះ​មេស្ស៊ី។ នៅ​ពេល​ខ្លះ ពួក​បណ្ដា​ជន​ដែល​ស្ដាប់​ព្រះ​យេស៊ូ​បាន​ទាម​ទារ​ឲ្យ​ទ្រង់​ធ្វើ​អព្ភូតហេតុ ដើម្បី​បញ្ជាក់​ថា​ទ្រង់​ជា​បុគ្គល​ដែល​ព្រះ​បញ្ជូន​មក។ ឧទាហរណ៍ ម៉ាថាយ ១២:៣៨ រាយ​ការណ៍​ប្រាប់​ថា​ពួក​ស្ក្រែប​និង​ពួក​ផារីស៊ី​ខ្លះ បាន​មាន​ប្រសាសន៍​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ចង់​ឃើញ​ទី​សំគាល់​ពី​លោក»។ តើ​ព្រះ​យេស៊ូ​មិន​បាន​បង្ហាញ​សញ្ញា​ប្រាប់​ពួក​គេ​ហើយ​ទេ​ឬ? ប្រាកដ​មែន ទ្រង់​បាន​បង្ហាញ​ហើយ។

មក​ដល់​គ្រា​នោះ ព្រះ​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន។ ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា​ស្រា ប្រោស​កូន​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ប្រោស​ម្ដាយ​ក្មេក​របស់​ពេត្រុស​ដែល​មាន​ជម្ងឺ បាន​ធ្វើ​ឲ្យ​បុគ្គល​ឃ្លង់​ជា​ស្អាត បាន​ជួយ​ពួក​បុគ្គល​ខ្វិន​ដៃ​ខ្វិន​ជើង​ឲ្យ​ចេះ​ដើរ​ឡើង​វិញ បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ដែល​បាន​ឈឺ​ជាង​៣៨​ឆ្នាំ​ជា​ស្បើយ​ឡើង​វិញ បាន​ធ្វើ​ឲ្យ​ដៃ​ស្វិត​របស់​បុគ្គល​ម្នាក់​បាន​ដូច​ដើម​វិញ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ធូរ​ស្បើយ​ពី​រោគ​ដ៏​ឈឺ​ចាប់​របស់​គេ ប្រោស​អ្នក​បំរើ​របស់​ទាហាន​ម្នាក់ ប្រោស​ឲ្យ​កូន​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ឲ្យ​រស់​ពី​ស្លាប់ ហើយ​បាន​ធ្វើ​ឲ្យ​បុរស​ខ្វាក់​និង​គរ​ជា​ឡើង​វិញ។ អព្ភូតហេតុ​ទាំង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ភូមិ​កាណា ក្រុង​កាពើណិម ក្រុង​យេរូសាឡិម និង​ក្រុង​ណា​អ៊ីន។ ថែម​ទៀត​នោះ ពត៌មាន​អំពី​អព្ភូតហេតុ​បែប​នេះ​បាន​ឮ​សុសសាយ​ពេញ​ស្រុក​យូដា​និង​តាម​ស្រុក​ផ្សេង​ៗ។—យ៉ូហាន ២:១​-​១២; ៤:៤៦​-​៥៤; ម៉ាថាយ ៨:១៤​-​១៧; ៨:១​-​៤; ៩:១​-​៨; យ៉ូហាន ៥:១​-​៩; ម៉ាថាយ ១២:៩​-​១៤; ម៉ាកុស ៣:៧​-​១២; លូកា ៧:១​-​១០; ៧:១១​-​១៧; ម៉ាថាយ ១២:២២

យ៉ាង​ច្បាស់​ណាស់ គឺ​មាន​សញ្ញា​ជា​ច្រើន​ក្នុង​ការ​បង្ហាញ​ថា​ព្រះ​យេស៊ូ ជា​ព្រះ​មេស្ស៊ី។ ទោះ​បី​ជា​ទ្រង់​បាន​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន​នៅ​ពី​មុខ​មនុស្ស​ក៏​ដោយ ពួក​គេ​មិន​មាន​ជំនឿ​ក្នុង​ទ្រង់​ទេ។ ពួក​អ្នក​ដែល​បាន​ឃើញ​ភស្តុ​តាង​ថា​ព្រះ​យេស៊ូ​ត្រូវ​បាន​ព្រះ​បញ្ជូន​មក តែ​មិន​បាន​ទទួល​ស្គាល់​ទ្រង់​ជា​ព្រះ​មេស្ស៊ី គឺ​ជា​ពួក​មនុស្ស​ដែល​ខ្វាក់​ខាង​វិញ្ញាណ។ ចិត្ត​របស់​ពួក​គេ​គឺ​រឹង​ទទឹង​ហើយ​មិន​ឲ្យ​សេចក្ដី​ពិត​ជ្រាប​ចូល​ក្នុង​ខ្លួន​គេ​ទេ។—យ៉ូហាន ១២:៣៧​-​៤១

ចុះ​យ៉ាង​ណា​វិញ​ចំពោះ​សម័យ​យើង​នេះ? មនុស្ស​ខ្លះ​គេ​និយាយ​ថា៖ «ខ្ញុំ​គ្រាន់​តែ​ជឿ​អ្វី​ដែល​ខ្ញុំ​ឃើញ​នឹង​ភ្នែក​ប៉ុណ្ណោះ»។ ប៉ុន្តែ​តើ​នេះ​ជា​ផ្លូវ​ដ៏​មាន​ប្រាជ្ញា​ឬ? ទំនាយ​របស់​ព្រះ​គម្ពីរ​បញ្ជាក់​ថា​ព្រះ​យេស៊ូ​ត្រូវ​ឡើង​សោយ​រាជ្យ​ជា​ស្តេច​លើ​ស្ថាន​សួគ៌ ក្នុង​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី។ ដោយ​សារ​យើង​មើល​ទ្រង់​មិន​ឃើញ យើង​ត្រូវ​ការ​សញ្ញា​ដើម្បី​ជួយ​យើង​ឲ្យ​យល់​អំពី​ការ​គ្រប់​គ្រង​របស់​ទ្រង់ ដែល​ប្រាប់​ពី​ការ​ចាប់​ផ្ដើម​នៃ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នៃ​របប​លោកីយ៍​នេះ។ តើ​អ្នក​ដឹង​សញ្ញា​នោះ​ទេ?—ម៉ាថាយ ២៤:៣

យោង​ទៅ​តាម​ព្រះ​គម្ពីរ ការ​គ្រប់​គ្រង​របស់​គ្រីស្ទ ជា​ស្តេច​មេស្ស៊ី នឹង​សម្គាល់​ឲ្យ​ឃើញ​ដោយ​ការ​ច្បាំង​គ្នា ការ​កក្រើក​ផែនដី ការ​អត់​ឃ្លាន និង​មាន​រោគ​រាតត្បាត​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ ក្នុង«ថ្ងៃ​ជាន់​ក្រោយ​បង្អស់» ទំនាក់​ទំនង​របស់​មនុស្ស​នឹង​ត្រូវ​បាន​សម្គាល់​ដោយ​ចិត្ត​កំណាញ់ ការ​លោភ និង​ការ​ឥត​ចេះ​ទប់​ចិត្ត។ (ធីម៉ូថេ​ទី​២ ៣:១​-​៥; ម៉ាថាយ ២៤:៦, ៧; លូកា ២១:១០, ១១) ក្រៅ​ពី​មាន​ភស្តុ​តាង​តាម​កាល​ប្រវត្ដិវិជ្ជា គឺ​មាន​ចំណុច​២០​ផ្សេង​ទៀត​នៃ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ ដែល​បង្ហាញ​យ៉ាង​ជាក់​លាក់​ពី​ការ​ចាប់​ផ្ដើម​សោយ​រាជ្យ​របស់​ព្រះ​មេស្ស៊ី​ក្នុង​ឆ្នាំ​១៩១៤។—សូម​មើល ប៉ម​យាម នៃ​ខែ មីនា ទី​១ ១៩៩៣ ទំព័រ ៥។ (ភាសា​អង់គ្លេស)

‹ពួក​ស្រឡាញ់​ប្រាក់›

វត្ថុ​និយម​ជា​មូលហេតុ​មួយ​ទៀត ដែល​ពួក​យូដា​បាន​បដិសេធ​ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី។ ការ​ដាក់​ទម្ងន់​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​ហួស​ហេតុ​ពេក បាន​រា​រាំង​មនុស្ស​ជា​ច្រើន​ពី​ការ​កាន់​តាម​ព្រះ​យេស៊ូ។ ឧទាហរណ៍ ពួក​ផារីស៊ី​ត្រូវ​បាន​គេ​ស្គាល់​ជា‹ពួក​ស្រឡាញ់​ប្រាក់›។ (លូកា ១៦:១៤) សូម​ពិចារណា​មើល​ករណី​របស់​អ្នក​គ្រប់​គ្រង​ក្មេង​ម្នាក់ ដែល​បាន​មក​ឯ​ព្រះ​យេស៊ូ ហើយ​បាន​សួរ​ពី​របៀប​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច។ ព្រះ​យេស៊ូ​បាន​តប​ឆ្លើយ​ថា៖ «ចូរ​កាន់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​ចុះ»។ ដោយ​ដឹង​នូវ​អ្វី​ច្រើន​ទៀត​ដែល​ត្រូវ​ការ​ដើម្បី​រក្សា​ច្បាប់​ខ្លះ​ៗ​នោះ អ្នក​គ្រប់​គ្រង​ក្មេង​ម្នាក់​នេះ​បាន​ទូល​សួរ​ទៀត​ថា៖ «ខ្ញុំ​បាន​កាន់​តាម​គ្រប់​សេចក្ដី​ទាំង​នោះ តាំង​ពី​ក្មេង​មក​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត»? ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​គាត់​ថា៖ «ចូរ​អ្នក​ទៅ​លក់​របស់​ទ្រព្យ​ខ្លួន ហើយ​ចែក​ដល់​ពួក​អ្នក​ក្រី​ក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្ដិ​នៅ​ឯ​ស្ថាន​សួគ៌​វិញ រួច​ឲ្យ​មក​តាម​ខ្ញុំ​ចុះ»។ នេះ​ជា​ឱកាស​ដ៏​ល្អ​មែន—ដែល​អាច​ទៅ​ជា​សិស្ស​នៃ​ព្រះ​មេស្ស៊ី! ប៉ុន្តែ អ្នក​គ្រប់​គ្រង​នេះ​បាន​បែរ​ខ្លួន​ចេញ​ដោយ​ព្រួយ​ចិត្ត​ទៅ​វិញ។ ហេតុ​អ្វី? ពី​ព្រោះ​ចំពោះ​គាត់ ទ្រព្យសម្បត្ដិ​នៅ​លើ​ផែនដី​គឺ​សំខាន់​ជាង​ទ្រព្យ​សម្បត្ដិ​នៅ​ស្ថាន​សួគ៌​ទៅ​ទៀត។—ម៉ាថាយ ១៩:១៦​-​២២

ស្ថានការណ៍​ដូច​នេះ​គឺ​មិន​បាន​ប្រែ​ប្រួល​ទេ។ ការ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ព្រះ​មេស្ស៊ី មាន​ន័យ​ថា​ផល​ប្រយោជន៍​ខាង​វិញ្ញាណ​ទុក​ជា​សំខាន់​ជាង​អ្វី​ៗ​ផ្សេង​ទៀត រួម​បញ្ចូល​ទ្រព្យ​សម្បត្ដិ​នៅ​ផែនដី។ ចំពោះ​អស់​អ្នក​ដែល​មើល​ឃើញ​តែ​ទ្រព្យ​សម្បត្ដិ នេះ​គឺ​ជា​ការ​ពិបាក​មួយ។ ឧទាហរណ៍ សាសនទូត​គូ​ស្វាមីភរិយា​ដែល​រស់​នៅ​ក្នុង​ប្រទេស​មួយ​ក្នុង​ទិស​ខាង​កើត បាន​និយាយ​ជា​មួយ​ស្ត្រី​ម្នាក់​អំពី​ព្រះ​គម្ពីរ។ ដោយ​ជឿ​ថា​នាង​ចង់​រៀន​ទៀត​អំពី​ព្រះ​យេហូវ៉ា​និង​អំពី​រាជបុត្រា​របស់​ទ្រង់ ព្រះ​យេស៊ូ​គ្រីស្ទ ដូច្នេះ​គូ​ស្វាមីភរិយា​នេះ​ក៏​លក់​ទស្សនាវដ្ដី​ប៉ម​យាម​និង​ភ្ញាក់​រឭក ទៅ​ឲ្យ​នាង។ តើ​នាង​បាន​ប្រព្រឹត្ត​តប​ឆ្លើយ​យ៉ាង​ណា? ស្ត្រី​នោះ​សួរ​ថា៖ «តើ​ទស្សនាវដ្ដី​នេះ​នឹង​ជួយ​ខ្ញុំ​ឲ្យ​រក​លុយ​បាន​ច្រើន​ទេ»? ស្ត្រី​នេះ​គឺ​ចាប់​អារម្មណ៍​អំពី​ទ្រព្យ​សម្បត្ដិ​ជាង​ចាប់​អារម្មណ៍​អំពី​របស់​ខាង​វិញ្ញាណ។

គូ​ស្វាមីភរិយា​ដដែល​នេះ​ក៏​បាន​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ក្មេង​ប្រុស​ម្នាក់ ដែល​បាន​ចាប់​ផ្ដើម​មក​ឯ​កិច្ច​ប្រជុំ​នៅ​សាល​ព្រះ​រាជាណាចក្រ។ ឪពុក​ម្ដាយ​គាត់​ប្រាប់​ថា៖ «ឯង​ធ្វើ​នេះ​គឺ​ខាត​ពេល​ទេ ឯង​គួរ​រក​ការងារ​មួយ​ទៀត​នៅ​ពេល​ល្ងាច ដើម្បី​រក​លុយ​ឲ្យ​បាន​ច្រើន​វិញ»។ ជា​ការ​គួរ​ឲ្យ​ស្ដាយ​ណាស់ នៅ​ពេល​ដែល​ឪពុក​ម្ដាយ​ដាស់​តឿន​កូន​របស់​គេ​ឲ្យ​ទុក​ទ្រព្យ​សម្បត្ដិ​ជា​អ្វី​សំខាន់​ជាង​រៀន​សូត្រ​អំពី​ស្តេច​ព្រះ​មេស្ស៊ី! សុភាសិត​ចិន​មួយ​ចែង​ថា៖ «ទោះ​បី​ជា​អ្នក​គ្រប់​គ្រង​ម្នាក់​មាន​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​ទិញ​ជីវិត​ដប់​ពាន់​ឆ្នាំ​បាន​ឡើយ»។

ឥឡូវ​នេះ​មនុស្ស​ជា​ច្រើន​ដឹង​ថា ការ​រៀន​សូត្រ​ហើយ​ការ​កាន់​តាម​ព្រះ​មេស្ស៊ី មិន​បណ្ដោយ​ឲ្យ​ស្រឡាញ់​ប្រាក់​ឡើយ។ ស្មរបន្ទាល់​ម្នាក់​នៃ​ព្រះ​យេហូវ៉ា ដែល​ធ្លាប់​មាន​មុខ​របរ​ខ្លួន​ឯង ហើយ​មាន​ប្រាក់​ខែ​ច្រើន បាន​និយាយ​ថា៖ «ការ​មាន​ប្រាក់​ច្រើន​គឺ​ធ្វើ​ឲ្យ​រីករាយ ប៉ុន្តែ​នេះ​គឺ​មិន​ចាំ​បាច់​ទេ។ ប្រាក់​មិន​មែន​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​សប្បាយ​ចិត្ត​នោះ​ទេ»។ ឥឡូវ​នេះ​នាង​ជា​សមាជិក​នៃ​ក្រុម​គ្រួសារ​បេតអែល​នៅ​ការិយាល័យ​សាខា​នៃ​សមាគម​ប៉ម​យាម​ក្នុង​ទ្វីប​អឺរ៉ុប។

«ខ្លាច​សាសន៍​យូដា»

ការ​ខ្លាច​មនុស្ស​ក៏​ជា​មូលហេតុ​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​ពួក​យូដា​មិន​ទទួល​ស្គាល់​ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី។ ការ​ទទួល​ស្គាល់​ព្រះ​មេស្ស៊ី​ជា​សាធារណៈ នោះ​មាន​ន័យ​ថា​អាច​ខូច​កិត្ដិយស​របស់​គេ។ ចំពោះ​អ្នក​ខ្លះ​នេះ​គឺ​ជា​តម្លៃ​ខ្ពស់​ណាស់។ សូម​ពិចារណា​មើល នីកូដេម ជា​សមាជិក​ម្នាក់​នៃ​តុលាការ​ជាន់​ខ្ពស់​យូដា​ឈ្មោះ សែនហ៊ីឌ្រិន។ ដោយ​មាន​ចិត្ត​រំភើប​នឹង​សញ្ញា​ហើយ​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ លោក​បាន​សារភាព​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ​ពិត ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ទី​សំគាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ លើក​តែ​ព្រះ​គង់​នៅ​ជា​មួយ​ប៉ុណ្ណោះ»។ ប៉ុន្តែ នីកូដេម​បាន​មក​ប្រាប់​ព្រះ​យេស៊ូ​នៅ​ពេល​យប់ ប្រហែល​ដើម្បី​ជៀស​វាង​កុំ​ឲ្យ​ពួក​យូដា​មើល​ឃើញ​លោក។—យ៉ូហាន ៣:១, ២

ចំពោះ​មនុស្ស​ជា​ច្រើន​ដែល​បាន​ឮ​ព្រះ​យេស៊ូ​មាន​បន្ទូល​មក ការ​ឲ្យ​អ្នក​ដទៃ​ទទួល​ស្គាល់​ខ្លួន​គឺ​សំខាន់​ជាង​ព្រះ​ទៅ​ទៀត។ (យ៉ូហាន ៥:៤៤) នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​គង់​នៅ​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​បុណ្យ​បារាំ​ក្នុង​ឆ្នាំ​៣២ ស.យ. «ក្នុង​ហ្វូង​មនុស្ស ក៏​ឮ​ខ្សឹបខ្សៀវ​ពី​ដំណើរ​ទ្រង់​ជា​ច្រើន»។ គ្មាន​អ្នក​ណា​មួយ​ចេញ​មុខ​និយាយ​អំពី​ព្រះ​យេស៊ូ​ឡើយ «ព្រោះ​ខ្លាច​សាសន៍​យូដា»។ (យ៉ូហាន ៧:១០​-​១៣) សូម្បី​តែ​ឪពុក​ម្ដាយ​នៃ​បុរស​ដែល​ព្រះ​យេស៊ូ​បាន​ប្រោស​ឲ្យ​ជា​ពី​ខ្វាក់ ក៏​មិន​សុខ​ចិត្ត​ទទួល​ស្គាល់​អព្ភូតហេតុ​នេះ ថា​ចេញ​ពី​អ្នក​តំណាង​របស់​ព្រះ​ឡើយ។ ពួក​គេ​ក៏«ខ្លាច​សាសន៍​យូដា»ដែរ។—យ៉ូហាន ៩:១៣​-​២៣

នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ខ្លះ​ដឹង​ថា ព្រះ​យេស៊ូ​ឥឡូវ​នេះ​កំពុង​តែ​សោយ​រាជ្យ​ជា​ស្តេច​នៅ​លើ​ស្ថាន​សួគ៌ ប៉ុន្តែ ពួក​គេ​មាន​ចិត្ត​ខ្លាច​ក្នុង​ការ​ចេញ​មុខ​ទទួល​ស្គាល់​ការ​នេះ។ តម្លៃ​នៃ​ការ​បាត់​បង់​ឋានៈ​របស់​គេ គឺ​ខ្ពស់​ណាស់។ ឧទាហរណ៍ ក្នុង​ប្រទេស​អាល្លឺម៉ង់ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​បង្រៀន​ព្រះ​គម្ពីរ​ជា​មួយ​បុរស​ម្នាក់ ដែល​បាន​សារភាព​ថា៖ «អ្វី​ដែល​ពួក​ស្មរបន្ទាល់​បង្រៀន​អំពី​ព្រះ​គម្ពីរ​គឺ​ពិត​ទាំង​អស់។ ប៉ុន្តែ បើ​ខ្ញុំ​ក្លាយ​ទៅ​ជា​ស្មរបន្ទាល់​ម្នាក់​នៅ​សព្វ​ថ្ងៃ​នេះ ស្អែក​ឡើង​មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​អំពី​រឿង​នេះ​ហើយ។ តើ​គេ​នឹង​គិត​យ៉ាង​ណា​អំពី​ខ្ញុំ​នៅ​កន្លែង​ធ្វើ​ការ នៅ​តាម​តំបន់​អ្នក​ជិត​ខាង នៅ​តាម​ក្លឹប គ្រួសារ​ខ្ញុំ ហើយ​ខ្ញុំ​ជា​របស់​អ្នក​ណា? ខ្ញុំ​មិន​អាច​ស៊ូ​ទ្រាំ​បាន​ទេ»។

តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​បុរស​នេះ​ខ្លាច? អំនួត ចង់​បាន​ភាព​ជា​ទី​ស្រឡាញ់​ពី​គ្រួសារ​និង​មិត្ត ខ្លាច​គេ​សើច​ចំអក​និង​អាម៉ាស់​មុខ ព្រួយ​ខ្លាច​មនុស្ស​គិត​ថា​ខ្លួន​ខុស​ពី​គេ។ អារម្មណ៍​បែប​នេះ​គឺ​ជា​ការ​សាក​ល្បង​មួយ​ចំពោះ​អស់​អ្នក​ដែល​ចាប់​ផ្ដើម​រៀន​សូត្រ​ព្រះ​គម្ពីរ​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ឧទាហរណ៍ ក្មេង​ស្រីម្នាក់​មាន​ចិត្ត​យ៉ាង​រំភើប នៅ​ពេល​រៀន​ដឹង​អំពី​សួន​មនោរម្យ ដែល​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មេស្ស៊ី​នឹង​ស្ថាបនា​នៅ​លើ​ផែនដី ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ ប៉ុន្តែ នាង​ជា​អ្នក​ចូល​ចិត្ត​ទៅ​លេង​កន្លែង​រាំ ហើយ​ការ​ខ្លាច​មនុស្ស​បាន​រា​រាំង​នាង​ពី​ការ​និយាយ​ប្រាប់​អ្នក​ដទៃ​អំពី​សេចក្ដី​សង្ឃឹម​នេះ។ នៅ​ទី​បំផុត នាង​មាន​សេចក្ដី​ក្លាហាន​ក្នុង​ការ​និយាយ​អំពី​ព្រះ​គម្ពីរ​ដោយ​ឥត​លាក់​លាម។ ពួក​មិត្ត​ដែល​ចូល​លេង​រាំ​បាន​បដិសេធ​នាង​ចោល ប៉ុន្តែ ប្ដី​និង​ឪពុក​ម្ដាយ​របស់​នាង​បាន​ចាប់​អារម្មណ៍​អំពី​រឿង​នេះ។ នៅ​ទី​បំផុត ស្ត្រី​នេះ​និង​ម្ដាយ​របស់​នាង​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ហើយ​ប្ដី​និង​ឪពុក​របស់​នាង​ក៏​ចាប់​ផ្ដើម​រៀន​សូត្រ​ព្រះ​គម្ពីរ​ដែរ។ នេះ​ជា​រង្វាន់​ដ៏​ល្អ​មែន ចំពោះ​ការ​ឥត​ខ្លាច​មនុស្ស!

តើ​អ្នក​ពិត​ជា​ទទួល​ស្គាល់​ព្រះ​មេស្ស៊ី​ទេ?

នៅ​ពេល​ដែល​ព្រះ​យេស៊ូ​កំពុង​តែ​សោយ​ទិវង្គត​នៅ​លើ​បង្គោល​ឈើ​ទារុណកម្ម មាន​ពួក​សិស្ស​របស់​ទ្រង់​ខ្លះ​នៅ​ទី​នោះ​ដែរ។ ពួក​គេ​បាន​ទទួល​ស្គាល់​ទ្រង់​ជា​ព្រះ​មេស្ស៊ី​ដែល​ព្រះ​បាន​សន្យា​មក។ ពួក​អ្នក​គ្រប់​គ្រង​នៃ​សាសន៍​យូដា​ក៏​នៅ​ទី​នោះ​ដែរ ហើយ​បើ​និយាយ​ជា​ប្រៀប​ធៀប ពួក​គេ​នៅ​តែ​ទាម​ទារ​រក​សញ្ញា។ «បើ​វា​ជា​ព្រះ​គ្រីស្ទ[ឬ​ព្រះ​មេស្ស៊ី] ជា​អ្នក​រើស​តាំង​របស់​ព្រះ​មែន នោះ​ឲ្យ​វា​ជួយ​សង្គ្រោះ​ខ្លួន​វា​ទៅ»។ (លូកា ២៣:៣៥) តើ​គេ​នឹង​ឈប់​សួរ​រក​សញ្ញា​ឬ​ទេ? ព្រះ​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន។ ថែម​ទៀត​នោះ កំណើត​របស់​ទ្រង់ កិច្ច​បំរើ សេចក្ដី​ទុក្ខ​លំបាក ការ​ប្រហារ​ជីវិត និង​ដំណើរ​រស់​ឡើង​វិញ​បាន​សម្រេច​ទំនាយ​ព្រះ​គម្ពីរ​ភាសា​ហេព្រើរ​ជា​ច្រើន។—សូម​មើល “All Scripture Is Inspired of God and Beneficial,” បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក ទំព័រ ៣៤៣​-​៤។

ពួក​អ្នក​ដែល​ដើរ​កាត់​បាន​សើច​ចំអក​ដាក់​ព្រះ​យេស៊ូ ក្រោយ​ពី​បាន​បដិសេធ​ចោល​ភស្តុ​តាង​នៃ​ភាព​ជា​ព្រះ​មេស្ស៊ី​របស់​ទ្រង់។ (ម៉ាថាយ ២៧:៣៩, ៤០) ពួក​ទាហាន​បាន​យក​ព្រះ​ពស្ត្រ​របស់​ព្រះ​យេស៊ូ​មក​ចែក​គ្នា ដោយ​ចាប់​ឆ្នោត​យក​សំលៀក​បំពាក់​របស់​ទ្រង់។ (យ៉ូហាន ១៩:២៣, ២៤) ការ​ខ្លាច​មនុស្ស​ក៏​ជា​មូលហេតុ​មួយ​ក្នុង​ករណី​ខ្លះ។ ឧទាហរណ៍ សូម​ពិចារណា​មើល​យ៉ូសែប​អ្នក​ស្រុក​អើរីម៉ាថេ ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់។ គាត់«ជា​សិស្ស​របស់​ព្រះ​យេស៊ូវ​ដោយ​សំងាត់ ព្រោះ​ខ្លាច​ពួក​យូដា»។ ក្រោយ​ពី​ព្រះ​មេស្ស៊ី​បាន​សោយ​ទិវង្គត យ៉ូសែប​និង​នីកូដេម​បាន​មក​យក​ព្រះ​សព​នៃ​ព្រះ​យេស៊ូ​ទៅ​រុំ​នឹង​សំពត់​ទេស​ឯក។ ដោយ​ធ្វើ​ដូច​នេះ យ៉ូសែប​បាន​មាន​ជ័យ​ជំនះ​លើ​ការ​ខ្លាច​មនុស្ស។—យ៉ូហាន ១៩:៣៨​-​៤០

បើ​សិន​ជា​អ្នក​រស់​នៅ​ក្នុង​សតវត្ស​ទី​មួយ តើ​អ្នក​នឹង​ទទួល​ស្គាល់​ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី​ទេ? បើ​ទទួល​ស្គាល់ នោះ​ច្បាស់​ជា​មាន​ន័យ​ថា​អ្នក​ត្រូវ​ទទួល​យក​ភស្តុ​តាង​ពី​ព្រះ​គម្ពីរ បដិសេធ​ចោល​ការ​គិត​ខាង​វត្ថុ​ទ្រព្យ ហើយ​មិន​ចុះ​ចាញ់​ការ​ខ្លាច​មនុស្ស។ ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ យើង​រាល់​គ្នា​គួរ​តែ​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​ទទួល​ស្គាល់​ព្រះ​យេស៊ូ​ឥឡូវ​នេះ​ជា​ស្តេច​នៅ​ស្ថាន​សួគ៌​ទេ›? មិន​យូរ​ប៉ុន្មាន​ទៀត ទ្រង់​នឹង​ដោះ​ស្រាយ​បញ្ហា​ផែនដី។ នៅ​ពេល​គ្រា​នោះ​កើត​ឡើង តើ​អ្នក​នឹង​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ពិត​ជា​ទទួល​ស្គាល់​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ព្រះ​មេស្ស៊ី​ដែល​បាន​សន្យា​មក​នោះ​ទេ?

[រូប​ភាព​នៅ​ទំព័រ​១៨]

សូម​កុំ​ធ្វើ​ជា​កន្តើយ​នឹង​ភស្តុ​តាង​ថា​ព្រះ​យេស៊ូ ជា​ស្តេច​មេស្ស៊ី​នោះ​ឡើយ

[រូប​ភាព​នៅ​ទំព័រ​២១]

ការ​រៀន​សូត្រ​អំពី​ព្រះ​មេស្ស៊ី ធម្មតា​មាន​ន័យ​ថា យើង​អាច​ឈ្នះ​លើ​ការ​ខ្លាច​អ្វី​ៗ​ដែល​អ្នក​ដទៃ​និយាយ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក