របៀបរៀបចំដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមក
១ សាវ័កប៉ុលបានសរសេរសំបុត្រទៅក្រុមជំនុំនៅទីក្រុងរ៉ូមថា៖ «ខ្ញុំមានបំណងចង់ជួបមុខបងប្អូនយ៉ាងខ្លាំង ដើម្បីចែកព្រះអំណោយទានណាមួយរបស់ព្រះវិញ្ញាណជូនបងប្អូន អោយបងប្អូនបានមាំមួនឡើង គឺថា ពេលយើងនៅជាមួយគ្នា យើងលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយជំនឿដែលយើងមានរួមគ្នា ទាំងបងប្អូន ទាំងខ្ញុំ»។ (រ៉ូម ១:១១, ១២, ខ.ស.) អ្នកធ្វើដំណើរត្រួតពិនិត្យមណ្ឌលនៅសព្វថ្ងៃនេះក៏មានឱកាសផ្ដល់ឲ្យយើងនូវការលើកទឹកចិត្តដូចគ្នាដែរ។
២ ក្រុមជំនុំ : ជាធម្មតាពេលមានទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យមណ្ឌល នោះត្រូវផ្សាយប្រកាសឲ្យក្រុមជំនុំដឹងបីខែទុកជាមុន។ នេះទុកឱកាសឲ្យយើងអាចកែប្រែកាលវិភាគខ្លះៗដើម្បីទទួលប្រយោជន៍ឲ្យបានពេញលេញ។ (អេភ. ៥:១៥, ១៦) ប្រសិនបើអ្នកធ្វើការ អ្នកអាចសុំច្បាប់ពីការងារដើម្បីអាចចូលរួមផ្សព្វផ្សាយក្នុងអំឡុងសប្ដាហ៍ដែលមានទស្សនកិច្ចនោះ។ បងប្អូនខ្លះក៏បានចុះឈ្មោះធ្វើជាអ្នកត្រួសត្រាយជំនួយក្នុងខែនោះដែរ។ ប្រសិនបើអ្នកមានគម្រោងទៅកន្លែងណាមួយ តើអ្នកអាចផ្លាស់ប្ដូរគម្រោងក្នុងអំឡុងសប្ដាហ៍ដែលមានទស្សនកិច្ចនោះបានទេ?
៣ គោលបំណងដ៏សំខាន់របស់អ្នកត្រួតពិនិត្យមណ្ឌលគឺដើម្បីលើកទឹកចិត្តម្នាក់ៗ និងផ្ដល់ការបង្ហាត់បង្រៀនក្នុងកិច្ចបម្រើផ្សាយ។ តើអ្នកអាចចុះឈ្មោះទៅផ្សព្វផ្សាយជាមួយគាត់ ឬភរិយារបស់គាត់បានទេ ប្រសិនបើគាត់មាន? អ្នកត្រួតពិនិត្យមណ្ឌលសប្បាយចិត្តនឹងផ្សព្វផ្សាយជាមួយបងប្អូនគ្រប់ៗគ្នា រួមបញ្ចូលបងប្អូនដែលប្រហែលជាមិនសូវមានបទពិសោធន៍ និងបងប្អូនដែលចង់បានបទពិសោធន៍ច្រើនជាងក្នុងកិច្ចបម្រើផ្សាយ។ អ្នកផ្សាយទាំងអស់អាចរៀន និងអនុវត្តតាមយោបល់ដែលគាត់ផ្ដល់ឲ្យអំពីកិច្ចបម្រើផ្សាយ។ (១កូ. ៤:១៦, ១៧) ដោយអញ្ជើញគាត់ឲ្យញ៉ាំបាយជាមួយអ្នក នោះបើកឱកាសឲ្យលើកទឹកចិត្តគ្នាទៅវិញទៅមក។ (ហេ. ១៣:២) ដោយសារសុន្ទរកថារបស់គាត់ផ្លាស់ប្ដូរទៅតាមសេចក្ដីត្រូវការរបស់ក្រុមជំនុំ សូមយកចិត្តទុកដាក់ស្ដាប់។
៤ អ្នកត្រួតពិនិត្យមណ្ឌល : សាវ័កប៉ុលមិនខុសប្លែកពីបងប្អូនឯទៀតក្នុងក្រុមជំនុំទេ។ គាត់ជួបប្រទះនឹងទុក្ខលំបាក មានកង្វល់ និងត្រូវការការលើកទឹកចិត្ត ហើយគាត់ក៏មានអំណរគុណដែលបងប្អូនបានបង្ហាញចំពោះគាត់ដែរ។ (២កូ. ១១:២៦-២៨) ពេលដែលក្រុមជំនុំនៅទីក្រុងរ៉ូមដឹងថាប៉ុលជាអ្នកទោស ហើយត្រូវគេបញ្ជូនមកទីក្រុងរ៉ូម នោះបងប្អូនខ្លះបានធ្វើដំណើរចម្ងាយដល់ទៅ ៧៤គីឡូម៉ែត្រ ដើម្បីទៅជួបគាត់នៅឯផ្សារអាប់ភាស។ «លុះប៉ុលឃើញគេ នោះក៏អរព្រះគុណដល់ព្រះ ហើយមានចិត្តសង្ឃឹមឡើង»។ (កិច្ច. ២៨:១៥) អ្នកក៏អាចផ្ដល់ការលើកទឹកចិត្តដល់អ្នកត្រួតពិនិត្យមណ្ឌលដូចគ្នាដែរ។ អ្នកអាចបង្ហាញចំពោះគាត់នូវការ«គោរពប្រតិបត្ដិជាទ្វេគុណ»គឺដោយ មានចិត្តខ្នះខ្នែងដើម្បីផ្ដល់ការគាំទ្រ ពេលដែលមានទស្សនកិច្ចរបស់គាត់។ (១ធី. ៥:១៧) ចូរសម្ដែងឲ្យគាត់ដឹងថាអ្នកពិតជាអបអរយ៉ាងស្មោះចំពោះការខំប្រឹងរបស់គាត់ដើម្បីប្រយោជន៍អ្នក។ គាត់និងភរិយារបស់គាត់មានអំណរដោយឃើញពីជំនឿ សេចក្ដីស្រឡាញ់ និងការស៊ូទ្រាំរបស់អ្នក។—២ថែ. ១:៣, ៤
៥ នៅ«គ្រាលំបាកណាស់»នេះ យើងទាំងអស់គ្នាត្រូវការការលើកទឹកចិត្ត។ (២ធី. ៣:១) សូមរៀបចំពីឥឡូវ ដើម្បីរួមចំណែកឲ្យបានពេញលេញជាមួយអ្នកត្រួតពិនិត្យមណ្ឌលនៅសប្ដាហ៍ដែលមានសកម្មភាពពិសេសនោះ។ យើងទាំងអស់គ្នា ទាំងអ្នកត្រួតពិនិត្យមណ្ឌល និងអ្នកផ្សាយឯទៀត អាចទទួលនូវអំណរដែលមកពីការលើកទឹកចិត្តគ្នា។ ពិតមែនហើយ នេះជាវិធីដែលយើងអាច«លើកទឹកចិត្តគ្នា និងអប់រំគ្នាទៅវិញទៅមក»។—១ថស. [១ថែ.] ៥:១១, ខ.ស.
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើមានឱកាសល្អអ្វីដែលអ្នកធ្វើដំណើរត្រួតពិនិត្យផ្ដល់ឲ្យយើង?
២. តើការប្រកាសឲ្យដឹងជាមុនអំពីពេលដែលមានទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យមណ្ឌលមានប្រយោជន៍អ្វី?
៣. តើយើងម្នាក់ៗអាចធ្វើអ្វីដើម្បីទទួលការលើកទឹកចិត្តពីទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យមណ្ឌល?
៤. តើយើងអាចលើកទឹកចិត្តអ្នកត្រួតពិនិត្យមណ្ឌលរបស់យើងយ៉ាងដូចម្ដេច?
៥. ហេតុអ្វីនៅសព្វថ្ងៃនេះ យើងទាំងអស់គ្នាត្រូវការការលើកទឹកចិត្ត?