របៀបរស់នៅជាគ្រិស្តសាសនិក
«[ប៉ូល]អរគុណព្រះហើយក៏មានចិត្តក្លាហាន»
ពេលក្រុមជំនុំនៅក្រុងរ៉ូមបានឮថាប៉ូលមក បងប្អូនមួយក្រុមបានធ្វើដំណើរប្រហែលជា៦៤គីឡូម៉ែត្រដើម្បីមកជួបគាត់។ តើសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ខ្លួនរបស់ពួកគេមានឥទ្ធិពលយ៉ាងណាលើប៉ូល? «កាលដែលប៉ូលឃើញបងប្អូន គាត់អរគុណព្រះហើយក៏មានចិត្តក្លាហាន»។ (សកម្ម. ២៨:១៥) ទោះជាគេស្គាល់ថាប៉ូលតែងតែលើកទឹកចិត្តក្រុមជំនុំផ្សេងៗដែលគាត់ទៅទស្សនកិច្ចក្ដី ពេលដែលគាត់ជាអ្នកទោស គាត់គឺជាអ្នកដែលទទួលការលើកទឹកចិត្ត។—២កូ. ១៣:១០
សព្វថ្ងៃនេះ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលធ្វើដំណើរពីក្រុមជំនុំមួយទៅក្រុមជំនុំមួយដើម្បីពង្រឹងជំនឿរបស់បងប្អូន។ ដូចរាស្ត្ររបស់ព្រះទាំងអស់ដែរ ជួនកាលពួកគាត់ក៏អស់កម្លាំង ខ្វល់ខ្វាយ និងធ្លាក់ទឹកចិត្តផងដែរ។ ដូច្នេះ លើកក្រោយពេលអ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងប្រពន្ធរបស់គាត់មកក្រុមជំនុំរបស់អ្នក តើអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយពួកគាត់ឲ្យមានចិត្តក្លាហាន និង«លើកទឹកចិត្តគ្នាទៅវិញទៅមក»?—រ៉ូម ១:១១, ១២
ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលទទួលការលើកទឹកចិត្ត ពេលអ្នកផ្សាយសុខចិត្តលះបង់ដើម្បីទទួលប្រយោជន៍យ៉ាងពេញលេញនៅសប្ដាហ៍ដែលមានសកម្មភាពពិសេស។ (១ថែ. ១:២, ៣; ២:២០) សូមគិតពិចារណាអំពីការធ្វើជាអ្នកត្រួសត្រាយជំនួយក្នុងអំឡុងខែដែលមានទស្សនកិច្ច។ តើអ្នកអាចស្នើសុំផ្សព្វផ្សាយជាមួយគាត់និងប្រពន្ធរបស់គាត់ ឬអាចយកពួកគាត់ណាម្នាក់ទៅការបង្រៀនគម្ពីរជាមួយអ្នកឬទេ? ពួកគាត់ចូលចិត្តផ្សព្វផ្សាយជាមួយបងប្អូនផ្សេងៗ រួមទាំងអ្នកថ្មី ឬអ្នកដែលមិនសូវប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ។
បង្ហាញចិត្តរាក់ទាក់។ តើអ្នកអាចស្នើផ្ដល់កន្លែងស្នាក់នៅ ឬក៏អាហារឬទេ? នេះបង្ហាញអ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងប្រពន្ធរបស់គាត់ថា អ្នកស្រឡាញ់ពួកគាត់។ ពួកគាត់មិនរំពឹងទទួលអ្វីពិសេសៗទេ។—លូក. ១០:៣៨-៤២
ស្ដាប់ ហើយធ្វើតាមការណែនាំនិងឱវាទដែលគាត់បានឲ្យ។ ដោយសេចក្ដីស្រឡាញ់ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលជួយយើងឲ្យស្គាល់អំពីរបៀបបង្កើនសមត្ថភាពក្នុងកិច្ចបម្រើរបស់យើងចំពោះព្រះយេហូវ៉ា។ ពេលខ្លះ គាត់ប្រហែលជាឲ្យឱវាទដ៏ម៉ឺងម៉ាត់។ (១កូ. ៥:១-៥) គាត់មានអំណរពេលឃើញយើងស្ដាប់បង្គាប់និងចុះចូល។—ហេ. ១៣:១៧
បង្ហាញចិត្តដឹងគុណ។ សូមប្រាប់អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងប្រពន្ធរបស់គាត់ថាអ្នកទទួលប្រយោជន៍ពីការខំប្រឹងរបស់ពួកគាត់។ អ្នកអាចប្រាប់ពួកគាត់ដោយផ្ទាល់ ឬតាមរយៈការសរសេរសំបុត្រខ្លីមួយ។—កូឡ. ៣:១៥