សំនួរជាច្រើនដែលអ្នកចាប់អារម្មណ៍តែងតែសួរ
បើសិនជាព្រះមានសេចក្ដីស្រឡាញ់ ហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យមានអំពើអាក្រក់ជួជាតិ?
ព្រះទ្រង់បានអនុញ្ញាតឲ្យមានអំពើអាក្រក់ជួជាតិ ហើយមនុស្សរាប់លាននាក់នៅលើផែនដីនេះ កំពុងតែប្រព្រឹត្តអំពើនេះដោយចេតនា។ ឧទាហរណ៍ ពួកគេប្រកាសសង្គ្រាម ទំលាក់គ្រាប់បែកទៅលើកូនក្មេង បង្ខូចផែនដី ហើយបណ្ដាលឲ្យមានទុរភិក្សជាដើម។ មនុស្សរាប់លាននាក់ជក់បារីហើយកើតរោគមហារីកខាងសួត។ គេតែងតែប្រព្រឹត្តអំពើកំផិតហើយកើតកាមរោគ។ គេពិសាស្រាហើយកើតជម្ងឺថ្លើមម្យ៉ាង ជាដើម។ មនុស្សបែបនេះពិតជាមិនប្រាថ្នាចង់ឲ្យអំពើអាក្រក់ជួជាតិគ្រប់ប្រភេទឈប់នោះទេ។ ពួកគេប្រាថ្នាចង់បំបាត់តែពិន័យដែលជាលទ្ធផលនៃអំពើទាំងនោះប៉ុណ្ណោះ។ កាលណាពួកគេច្រូតបានពូជដែលគេបានព្រោះពីមុននោះ ពួកគេស្រែកឡើងថា៖ «ហេតុអ្វីបានកើតមកលើខ្ញុំអ៊ីចឹង?»។ ហើយគេបន្ទោសលើព្រះ ដូចជា សុភាសិត ១៩:៣ បានចែងថា៖ «សេចក្ដីចំកួតរបស់មនុស្ស រមែងបង្ខូចផ្លូវខ្លួនទៅ ហើយអ្នកនោះក៏អន់ចិត្តចំពោះព្រះយេហូវ៉ាដែរ»។ ហើយបើសិនជាព្រះបានបញ្ចប់នូវការប្រព្រឹត្តដ៏អាក្រក់របស់គេ ពួកគេនឹងតវ៉ាថាគេបានបាត់បង់សេរីភាពរបស់គេឲ្យប្រព្រឹត្តការនោះ!
មូលហេតុសំខាន់បំផុតរបស់ព្រះយេហូវ៉ាចំពោះការអនុញ្ញាតឲ្យមានអំពើអាក្រក់ គឺថាដើម្បីតបឆ្លើយនិងដោះស្រាយការចោទប្រឆាំងរបស់អារក្សសាតាំង។ អារក្សសាតាំងបានចោទថា គ្មានមនុស្សដែលនៅផែនដីអាចរក្សាចិត្តស្មោះត្រង់ដ៏គ្រប់ល័ក្ខណ៍ចំពោះទ្រង់នៅក្រោមការល្បងលបានឡើយ។ (យ៉ូប ១:៦-១២; ២:១-១០) ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យអារក្សសាតាំងនៅរស់ ដើម្បីឲ្យវាមានឱកាសនឹងបង្ហាញសក្ខីភាព ថាតើចំណោទប្រឆាំងរបស់វាជារឿងត្រូវឬមិនត្រូវ។ (និក្ខមនំ ៩:១៦) សាតាំងកំពុងតែនាំឲ្យមានសេចក្ដីទុក្ខវេទនារហូតដល់ឥឡូវនេះ ដើម្បីជំរុញឲ្យមនុស្សបែរប្រឆាំងនឹងព្រះ កាលដែលវាខ្នះខ្នែងបង្ហាញសក្ខីភាពចំពោះការចោទប្រឆាំងរបស់វានោះ។ (វិវរណៈ ១២:១២) យ៉ាងណាក៏ដោយ លោកយ៉ូបបានរក្សាចិត្តស្មោះត្រង់ដ៏គ្រប់ល័ក្ខណ៍ចំពោះព្រះ។ ព្រះយេស៊ូក៏បានធ្វើអ៊ីចឹងដែរ។ ពួកគ្រីស្ទានពិតសព្វថ្ងៃនេះក៏កំពុងធ្វើដូច្នោះដែរ។—យ៉ូប ២៧:៥; ៣១:៦; ម៉ាថាយ ៤:១-១១; ពេត្រុសទី១ ១:៦, ៧
ខ្ញុំចង់ជឿទៅលើសួនមនោរម្យនៅលើផែនដី ដែលនៅទីនោះមនុស្សអាចរស់នៅជានិរន្តរ៍ ក៏ប៉ុន្តែ តើរឿងនេះមិនជាការល្អហួសហេតុនឹងជឿថាអាចមានមែនទេឬ?
មិនមែនទេ យោងទៅតាមព្រះគម្ពីរ។ សេចក្ដីសន្យានេះមើលទៅហាក់ដូចជាការល្អហួសពីលទ្ធភាពនឹងទៅជាការពិត គឺព្រោះតែមនុស្សបានជួបប្រទះតែសេចក្ដីអាក្រក់ជាច្រើនសតវត្សមកហើយ។ ព្រះយេហូវ៉ាបានបង្កើតផែនដី ហើយមានបន្ទូលប្រាប់មនុស្សលោកឲ្យបំពេញផែនដីទាំងមូលដោយមនុស្សប្រុសនិងស្រីដ៏សុចរិត ដែលនឹងថែរក្សាសត្វនានានិងរុក្ខជាតិទាំងឡាយ ព្រមទាំងរក្សាទុកសោភ័ណភាពនៃផែនដី ជាជាងបំផ្លាញទៅវិញនោះ។ (សូមមើលទំព័រ១២និង១៧) សួនមនោរម្យដែលបានសន្យាមកមិនមែនល្អហួសពីលទ្ធភាពនឹងទៅជាការពិតនោះទេ។ ផ្ទុយទៅវិញនោះ ស្ថានភាពដ៏គួរឲ្យស្ដាយទាំងនេះជាការអាក្រក់ហួសពេក ដែលមិនគួរតែមានតទៅទៀតឡើយ។ សួនមនោរម្យនឹងមានជំនួសសេចក្ដីអាក្រក់ទាំងនេះវិញ។
តើឲ្យខ្ញុំអាចឆ្លើយបានយ៉ាងណា ចំពោះមនុស្សដែលចំអកហើយនិយាយថា ព្រះគម្ពីរជារឿងព្រេងហើយមិនស្របនឹងវិទ្យាសាស្ត្រ?
ជំនឿទៅលើសេចក្ដីសន្យាទាំងនេះ មិនមែនជាភាពងាយជឿឡើយ។ «សេចក្ដីជំនឿកើតឡើងដោយឮ»។ ដោយការសិក្សាព្រះបន្ទូលរបស់ព្រះ មនុស្សម្នាក់អាចយល់ឃើញនូវប្រាជ្ញារបស់ព្រះគម្ពីរនោះយ៉ាងជាក់ស្តែងមែន និងឃើញថាជំនឿអាចលូតលាស់បាន។—រ៉ូម ១០:១៧; ហេព្រើរ ១១:១
ការស្រាវជ្រាវវត្ថុបុរាណខាងព្រះគម្ពីរជួយបង្ហាញភាពត្រឹមត្រូវជាច្រើននៃប្រវត្ដិសាស្ត្រនៃព្រះគម្ពីរ។ វិទ្យាសាស្ត្រដ៏ពិតប្រាកដមានភាពស្របតាមព្រះគម្ពីរ។ សេចក្ដីពិតបន្តបន្ទាប់មកនេះ បានត្រូវចែងទុកនៅក្នុងព្រះគម្ពីរជាយូរយារមុនដែលវិជ្ជាកររបស់លោកីយ៍បានរកឃើញការនេះទៅទៀត ដូចជា៖ លំដាប់នៃដំណាក់ការលូតលាស់របស់ផែនដីនៅពេលដំបូងនោះ ផែនដីមានរាងមូលហើយបានត្រូវព្យួរនៅលើទទេ ហើយហេតុការណ៍ដែលថាសត្វស្លាបផ្លាស់លំនៅតាមរដូវ។—លោកុប្បត្តិ ជំពូកទី១; អេសាយ ៤០:២២; យ៉ូប ២៦:៧; យេរេមា ៨:៧
ការសម្រេចនៃបទទំនាយជាច្រើនសម្ដែងថា ព្រះគម្ពីរជាលទ្ធផលនៃវិញ្ញាណបរិសុទ្ធរបស់ព្រះ។ ព្យាការីដានីយ៉ែលបានទាយទុកជាមុន អំពីការកើនឡើងនិងការធ្លាក់ចុះរបស់មហាអំណាចនៃលោកីយ៍ ហើយថែមទាំងពេលវេលាដែលព្រះមេស្ស៊ីនឹងត្រូវយាងមកនិងត្រូវគេធ្វើគុតទ្រង់ទៀតផង។ (ដានីយ៉ែល ជំពូកទី២និងទី៨; ៩:២៤-២៧) សព្វថ្ងៃនេះ បទទំនាយជាច្រើនឯទៀតកំពុងតែសម្រេចនៅឡើយ ដែលសម្ដែងថាគ្រានេះជា «ជាន់ក្រោយបង្អស់»។ (ធីម៉ូថេទី២ ៣:១-៥; ម៉ាថាយ ជំពូកទី២៤) ការដឹងនូវអនាគតពីមុនបែបនេះ មិនមែនមកពីសមត្ថភាពរបស់មនុស្សលោកទេ។ (អេសាយ ៤១:២៣) បើលោកអ្នកចង់បានសេចក្ដីបញ្ជាក់ថែមទៀតនោះ សូមអញ្ជើញមើលសៀវភៅដែលបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណ ដូចជា ព្រះគម្ពីរ—បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? និងសៀវភៅ តើមានព្រះអាទិទេពដែលយកចិត្តទុកដាក់នឹងអ្នកឬទេ? (ជាភាសាអង់គ្លេស)
តើតាមរបៀបណាដែលខ្ញុំអាចរៀនចេះឆ្លើយសំនួរនានាអំពីព្រះគម្ពីរបាន?
លោកអ្នកត្រូវតែសិក្សាហើយរំពឹងគិតអំពីព្រះគម្ពីរ ហើយដំណាលគ្នានោះត្រូវអធិស្ឋានសុំឲ្យវិញ្ញាណបរិសុទ្ធរបស់ព្រះជួយដឹកនាំលោកអ្នកដែរ។ (សុភាសិត ១៥:២៨; លូកា ១១:៩-១៣) ព្រះគម្ពីរបានចែងថា៖ «តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ»។ (យ៉ាកុប ១:៥) ម្យ៉ាងទៀតនោះ មានគ្រឿងជំនួយជាច្រើនក្នុងការសិក្សាព្រះគម្ពីរ ដែលមានប្រយោជន៍នឹងពិចារណា។ ជាធម្មតា មនុស្សយើងត្រូវការជំនួយពីអ្នកដទៃដែរ ដូចជាពេលដែលលោកភីលីពបានជួយបង្រៀនអ្នកស្រុកអេធីយ៉ូពីម្នាក់។ (កិច្ចការ ៨:២៦-៣៥) ស្មរបន្ទាល់ព្រះយេហូវ៉ាជួយបង្រៀនព្រះគម្ពីរដោយឥតគិតថ្លៃ ជាមួយនឹងមនុស្សណាដែលចាប់អារម្មណ៍នៅក្នុងផ្ទះរបស់អ្នកនោះ។ អញ្ជើញសូមសិក្សាព្រះគម្ពីរដោយសេរី។
ហេតុអ្វីបានជាមនុស្សជាច្រើនប្រឆាំងនឹងស្មរបន្ទាល់ព្រះយេហូវ៉ា ហើយប្រាប់ខ្ញុំកុំឲ្យសិក្សាជាមួយ នឹងពួកគេនោះ?
គឺមានការប្រឆាំងចំពោះការផ្សាយរបស់ព្រះយេស៊ូ ហើយទ្រង់មានបន្ទូលថាអ្នកកាន់តាមទ្រង់នឹងត្រូវបានគេប្រឆាំងដែរ។ កាលដែលអ្នកខ្លះបានចាប់អារម្មណ៍នឹងការបង្រៀនរបស់ព្រះយេស៊ូ នោះអ្នកប្រឆាំងខាងសាសនាបានចោទប្រកាន់ថា៖ «អ្នករាល់គ្នាត្រូវបញ្ឆោតដែរឬ? តើមានអ្នកឯណាក្នុងពួកនាម៉ឺន ឬក្នុងពួកផារិស៊ី ដែលជឿដល់អ្នកនោះឬទេ?»។ (យ៉ូហាន ៧:៤៦-៤៨; ១៥:២០) មនុស្សជាច្រើនដែលទូន្មានលោកអ្នកកុំឲ្យសិក្សាជាមួយនឹងស្មរបន្ទាល់ព្រះយេហូវ៉ា គឺមិនទាន់ដឹងអំពីពួកគេយ៉ាងត្រឹមត្រូវនៅឡើយទេ ឬក៏មានចិត្តប្រកាន់នឹងពួកគេ។ សូមអញ្ជើញសិក្សាជាមួយនឹងស្មរបន្ទាល់ព្រះយេហូវ៉ាផ្ទាល់ខ្លួន ហើយពិនិត្យមើលដោយខ្លួនឯងចុះ ថាតើតម្រិះវិជ្ជានិងការយល់ខាងព្រះគម្ពីររបស់អ្នកនឹងត្រូវបានចម្រើនឡើងឬក៏អត់។—ម៉ាថាយ ៧:១៧-២០
ហេតុអ្វីបានជាស្មរបន្ទាល់ព្រះយេហូវ៉ាទៅផ្សាយដល់មនុស្សដែលមានសាសនារួចហើយនោះ?
ដោយធ្វើយ៉ាងនេះ ពួកគេយកតម្រាប់តាមព្រះយេស៊ូ។ ទ្រង់បានយាងទៅផ្សាយដល់ពួកយូដា។ ពួកយូដានោះមានសាសនារបស់គេរួចទៅហើយ ប៉ុន្តែ តាមរបៀបជាច្រើន សាសនានោះបានបែរចេញពីបន្ទូលរបស់ព្រះ។ (ម៉ាថាយ ១៥:១-៩) គ្រប់ៗសាសន៍មានសាសនាប្រភេទផ្សេងៗគ្នា ទោះជាសាសនាដែលគេហៅថាជាគ្រីស្ទាន ឬក៏មិនមែនគ្រីស្ទានក៏ដោយ។ ការដែលមនុស្សត្រូវតែកាន់តាមជំនឿ ដែលស្របនឹងបន្ទូលរបស់ព្រះអង្គផ្ទាល់នោះ មានសារៈសំខាន់ណាស់។ ហើយសេចក្ដីខ្នះខ្នែងរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាដើម្បីជួយគេឲ្យធ្វើយ៉ាងនេះ គឺជាការដែលសម្ដែងនូវសេចក្ដីស្រឡាញ់ដល់អ្នកជិតខាងពិតមែន។
តើស្មរបន្ទាល់ព្រះយេហូវ៉ាជឿថា សាសនារបស់គេជាសាសនាត្រឹមត្រូវតែមួយឬ?
អ្នកណាក៏ដោយដែលកាន់សាសនាខ្លួនយ៉ាងស៊ប់ចិត្តគួរតែគិតថាជាសាសនាត្រឹមត្រូវ។ បើមិនមែនអ៊ីចឹងទេ ហេតុអ្វីបានជាគេទាក់ទងនឹងសាសនានោះ? ពួកគ្រីស្ទានបានត្រូវទូន្មានថា៖ «ចូរលមើលគ្រប់ទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្ដីដែលត្រឹមត្រូវ»។ (ថែស្សាឡូនីចទី១ ៥:២១) មនុស្សម្នាក់គួរតែធ្វើឲ្យបានប្រាកដប្រជាថា ជំនឿរបស់ខ្លួនមានមូលដ្ឋានទៅលើព្រះគម្ពីរ ដ្បិតមានជំនឿដ៏ពិតតែមួយទេ។ អេភេសូរ ៤:៥ បានបញ្ជាក់រឿងនេះ ដោយចែងថា៖ «មានព្រះអម្ចាស់តែ១ សេចក្ដីជំនឿតែ១ បុណ្យជ្រមុជតែ១»។ ព្រះយេស៊ូមិនបានយល់ស្របនឹងទស្សនៈសម័យទំនើបយ៉ាងរាក់កំផែលដែលថា មានផ្លូវជាច្រើន សាសនាជាច្រើន ដែលគ្រប់ទាំងអស់ដឹកនាំទៅឯសេចក្ដីសង្គ្រោះនោះទេ។ ផ្ទុយទៅវិញ ទ្រង់មានបន្ទូលថា៖ «តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ ដែលរកផ្លូវនោះឃើញ»។ ស្មរបន្ទាល់ព្រះយេហូវ៉ាជឿថា គេបានរកឃើញផ្លូវនោះហើយ។ បើមិនអ៊ីចឹងទេ ពួកគេនឹងស្វែងរកសាសនាមួយទៀតហើយ។—ម៉ាថាយ ៧:១៤
តើពួកគេជឿថា គេជាពួកតែមួយគត់ដែលនឹងត្រូវបានសង្គ្រោះឬ?
មិនមែនទេ។ មនុស្សរាប់លាននាក់ដែលបានរស់នៅក្នុងកំឡុងពេលជាច្រើនសតវត្សកន្លងមកនោះ ហើយដែលមិនមែនជាស្មរបន្ទាល់ព្រះយេហូវ៉ានោះទេ នឹងមានជីវិតម្ដងទៀតតាមដំណើររស់ឡើងវិញ ហើយនឹងមានឱកាសនឹងទទួលជីវិតបាន។ មនុស្សជាច្រើននាក់ដែលកំពុងរស់នៅសព្វថ្ងៃនេះ ប្រហែលនឹងតាំងចិត្តគាំទ្រសេចក្ដីសុចរិតនិងសេចក្ដីពិតពីមុនគ្រា «វេទនាជាខ្លាំងណាស់» ហើយអ្នកនោះនឹងទទួលសេចក្ដីសង្គ្រោះបាន។ ម្យ៉ាងទៀតនោះ ព្រះយេស៊ូមានបន្ទូលថា យើងមិនត្រូវថ្កោលទោសមនុស្សគ្នាឯងឡើយ។ មនុស្សយើងមើលតែអាការក្រៅប៉ុណ្ណោះទេ តែឯចំណែកព្រះ នោះទ្រង់ទតមើលចិត្តវិញ។ ព្រះទ្រង់ទតឃើញយ៉ាងច្បាស់ត្រឹមត្រូវ ហើយជំនុំជំរះដោយមេត្ដាករុណាផង។ ព្រះទ្រង់បានប្រគល់សេចក្ដីជំនុំជំរះទៅព្រះយេស៊ូ មិនមែនប្រគល់ឲ្យយើងនោះទេ។—ម៉ាថាយ ៧:១-៥; ២៤:២១; ២៥:៣១
តើវិភាគទានអ្វីដែលតម្រូវពីមនុស្សដែលរួមប្រជុំនឹងស្មរបន្ទាល់ព្រះយេហូវ៉ានោះ?
ចំណែកឯវិភាគទានខាងលុយនោះ សាវ័កប៉ុលមានប្រសាសន៍ថា៖ «ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្ដាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ»។ (កូរិនថូសទី២ ៩:៧) នៅក្នុងសាលព្រះរាជាណាចក្រនិងទីប្រជុំសំរាប់សន្និបាតរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា មិនដែលរៃលុយឡើយ។ ប្រអប់បានត្រូវដាក់នៅកន្លែងនានា ដើម្បីធ្វើឲ្យស្រួលសម្រាប់អ្នកណាដែលមានចិត្តប្រាថ្នាចង់ថ្វាយវិភាគទាន ឲ្យថ្វាយទៅបាន។ គ្មានអ្នកណាដឹងចំនួនដែលអ្នកដទៃថ្វាយទេ។ អ្នកខ្លះអាចថ្វាយច្រើនជាងអ្នកដទៃ តែអ្នកខ្លះទៀតប្រហែលជាមិនអាចថ្វាយអ្វីឡើយ។ ព្រះយេស៊ូបានបង្ហាញទស្សនៈត្រឹមត្រូវ ពេលដែលទ្រង់មានបន្ទូលអំពីប្រអប់វិភាគទាននៅឯព្រះវិហារក្នុងទីក្រុងយេរូសាឡិម ហើយអំពីមនុស្សដែលថ្វាយអំណោយនៅទីនោះ៖ អ្វីដែលសំខាន់នោះគឺជាសមត្ថភាពនិងសទ្ធាចិត្តចង់ថ្វាយ មិនមែនចំនួនលុយនោះទេ។—លូកា ២១:១-៤
បើសិនជាខ្ញុំទៅជាស្មរបន្ទាល់ម្នាក់របស់ព្រះយេហូវ៉ា តើនោះតម្រូវឲ្យខ្ញុំទៅផ្សព្វផ្សាយដូចជាពួកគេធ្វើដែរឬទេ?
កាលណាមនុស្សណាម្នាក់ត្រូវបានពោរពេញទៅដោយតម្រិះវិជ្ជាអំពីសួនមនោរម្យនៅលើផែនដីដែលបានសន្យាមក នៅក្រោមព្រះរាជាណាចក្ររបស់ព្រះគ្រីស្ទ អ្នកនោះមានចិត្តចង់ចែកដំណឹងនេះជាមួយអ្នកដទៃទៀតដែរ។ លោកអ្នកនឹងមានចិត្តចង់ធ្វើដូច្នោះដែរ។ នេះជាដំណឹងល្អណាស់!—កិច្ចការ ៥:៤១, ៤២
ការប្រព្រឹត្តបែបនេះជាវិធីសំខាន់មួយដែលបង្ហាញថា លោកអ្នកជាសិស្សរបស់ព្រះយេស៊ូគ្រីស្ទ។ នៅក្នុងព្រះគម្ពីរ ព្រះយេស៊ូបានត្រូវហៅថា «ស្មរបន្ទាល់ស្មោះត្រង់ ហើយពិតប្រាកដ»។ កាលដែលទ្រង់គង់នៅលើផែនដីនៅឡើយ ទ្រង់បានផ្សាយដោយមានបន្ទូលថា៖ «នគរស្ថានសួគ៌ជិតដល់ហើយ» ហើយទ្រង់បានចាត់ពួកសិស្សរបស់ទ្រង់ឲ្យធ្វើដូចគ្នាដែរ។ (វិវរណៈ ៣:១៤; ម៉ាថាយ ៤:១៧; ១០:៧) បន្ទាប់មក ព្រះយេស៊ូបានបញ្ជាអ្នកកាន់តាមទ្រង់ថា៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំង . . . បង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។ ទ្រង់ថែមទាំងទាយទុកថា មុនទីបញ្ចប់នឹងមកដល់នោះ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍»។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០
គឺមានវិធីជាច្រើនដើម្បីផ្សាយប្រកាសដំណឹងល្អនេះ។ ការសន្ទនាជាមួយនឹងពួកសំឡាញ់និងអ្នកធ្លាប់ស្គាល់គ្នា ជាញឹកញាប់អាចបើកផ្លូវឲ្យធ្វើការប្រកាសនេះបាន។ អ្នកខ្លះធ្វើការផ្សាយដោយសរសេរសំបុត្រទៅគេ ឬក៏ដោយប្រើទូរស័ព្ទដែរ។ អ្នកខ្លះទៀតផ្ញើប្រកាសនវត្ថុតាមប្រៃសណីយ៍ ដែលមានរឿងដែលគេគិតថាអ្នកដែលគេស្គាល់ម្នាក់នឹងចាប់ចិត្តជាពិសេសនោះ។ ដោយមានចិត្តប្រាថ្នានឹងចង់ជួបមនុស្សទាំងអស់ ស្មរបន្ទាល់ព្រះយេហូវ៉ាដើរពីផ្ទះមួយទៅផ្ទះមួយដើម្បី នឹងផ្សាយដំណឹងល្អនេះ។
នៅក្នុងព្រះគម្ពីរមានសេចក្ដីអញ្ជើញដ៏រាក់ទាក់នេះ៖ «ព្រះវិញ្ញាណ នឹងប្រពន្ធថ្មោងថ្មីពោលថា៖ ‹អញ្ជើញមក›! ហើយអ្នកណាដែលឮ ក៏ថា៖ ‹អញ្ជើញមក›! ដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ»។ (វិវរណៈ ២២:១៧) ការប្រាប់អ្នកដទៃអំពីផែនដីមនោរម្យ និងអំពីពរដ៏ល្អនោះ ជាការដែលត្រូវធ្វើដោយស្ម័គ្រចិត្ត ពីចិត្តដែលពោរពេញទៅដោយសេចក្ដីប្រាថ្នាចង់ចែកដំណឹងល្អនេះជាមួយអ្នកដទៃ។
យើងយល់ថា លោកអ្នកប្រាកដជាមានសំនួរឯទៀតអំពីស្មរបន្ទាល់ព្រះយេហូវ៉ា និងអំពីជំនឿរបស់គេហើយ។ ប្រហែលជាសំនួរខ្លះនោះអាចនាំអោយមានវាទប្បដិវាទ។ យើងចង់ឆ្លើយសំនួរទាំងអស់របស់លោកអ្នក។ នៅក្នុងសៀវភៅស្តើងនេះមិនមានកន្លែងច្រើនទេ។ ហេតុដូច្នេះហើយបានជាយើងអញ្ជើញលោកអ្នកសួរសំនួរទាំងនេះ ដល់ស្មរបន្ទាល់ព្រះយេហូវ៉ានៅជិតទីកន្លែងរបស់លោកអ្នក។ អ្នកអាចសួរគេនៅឯកិច្ចប្រជុំរបស់គេ នៅសាលព្រះរាជាណាចក្រ ឬកាលដែលគេទៅជួបលោកអ្នកនៅតាមផ្ទះរបស់អ្នក។ ឬក៏លោកអ្នកអាចផ្ញើសំនួររបស់លោកអ្នក ទៅសមាគមប៉មយាម (Watch Tower) ដោយប្រើអាស័យដ្ឋានពីបញ្ជីនៅខាងក្រោមនេះ។