សំនួរជាច្រើនដែលអ្នកចាប់ចិត្តតែងតែសួរ
គេតែងតែសួរសំនួរខ្លះ ច្រើនជាងសំនួរឯទៀត។ សំនួរខ្លះៗនៃសំនួរបែបនេះ បានត្រូវយកមកពិចារណានៅទីនេះ។
បើសិនជាព្រះទ្រង់ជាសេចក្ដីស្រឡាញ់ តើហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យមានអំពើសហ័ស?
ព្រះបានអនុញ្ញាតឲ្យមានអំពើសហ័ស ហើយមនុស្សរាប់លាននាក់នៅលើផែនដីនេះ កំពុងតែប្រព្រឹត្តអំពើនេះដោយចេតនា។ ឧទាហរណ៍ ពួកគេប្រកាសសង្គ្រាម ទំលាក់គ្រាប់បែកទៅលើកូនក្មេង បង្ខូចផែនដី ហើយបណ្ដាលឲ្យមានទុរភិក្សជាដើម។ មនុស្សរាប់លាននាក់ជក់បារីហើយកើតរោគមហារីកខាងសួត គេតែងតែប្រព្រឹត្តអំពើកំផិតហើយកើតកាមរោគ គេផឹកស្រាឬគ្រឿងសុរាជាច្រើនហើយកើតជម្ងឺថ្លើមម្យ៉ាង ហើយមានការផ្សេងៗជាច្រើនតទៅទៀតបែបនេះដែរ។ មនុស្សបែបនេះពិតជាមិនប្រាថ្នាចង់ឲ្យអំពើសហ័សគ្រប់ប្រភេទឈប់នោះទេ។ ពួកគេប្រាថ្នាចង់បំបាត់តែពិន័យដែលជាលទ្ធផលនៃអំពើទាំងនោះប៉ុណ្ណោះ។ កាលណាពួកគេច្រូតបានពូជដែលគេបានព្រោះពីមុននោះ ពួកគេស្រែកឡើងថា «ហេតុអ្វីបានកើតមកលើខ្ញុំអញ្ចឹង»? ហើយគេដាក់ទោសទៅលើព្រះ ដូចជាសុភាសិត ១៩:៣ បានចែងថា៖ «សេចក្ដីចំកួតរបស់មនុស្ស រមែងបង្ខូចផ្លូវខ្លួនទៅ ហើយអ្នកនោះក៏អន់ចិត្តចំពោះព្រះយេហូវ៉ាដែរ»។ ហើយបើសិនជាព្រះទ្រង់បានបញ្ចប់នូវការប្រព្រឹត្តដ៏អាក្រក់របស់គេ ពួកគេនឹងតវ៉ាថាគេបានបាត់បង់សេរីភាពរបស់គេឲ្យប្រព្រឹត្តការនោះ!
មូលហេតុសំខាន់បំផុតរបស់ព្រះយេហូវ៉ាចំពោះការអនុញ្ញាតឲ្យមានអំពើអាក្រក់គឺថា ដើម្បីតបឆ្លើយនិងដោះស្រាយការចោទប្រឆាំងរបស់អារក្សសាតាំង។ អារក្សសាតាំងបានចោទថា ព្រះមិនអាចដាក់មនុស្សនៅលើផែនដីដែលនឹងរក្សាចិត្តស្មោះត្រង់ដ៏គ្រប់លក្ខណ៍ចំពោះទ្រង់នៅក្រោមការល្បងលបានឡើយ។ (យ៉ូប ១:៦-១២; ២:១-១០) ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យអារក្សសាតាំងនៅរស់ ដើម្បីឲ្យវាមានឱកាសនឹងបង្ហាញសក្ខីភាព ថាតើចំណោទប្រឆាំងរបស់វាជារឿងត្រូវឬមិនត្រូវ។ (សូមប្រៀបធៀបនឹង និក្ខមនំ ៩:១៦) សាតាំងកំពុងតែនាំឲ្យមានសេចក្ដីទុក្ខវេទនារហូតដល់ឥឡូវនេះ ដើម្បីជំរុញឲ្យមនុស្សបែរប្រឆាំងនឹងព្រះ កាលដែលវាខ្នះខ្នែងបង្ហាញសក្ខីភាពចំពោះការចោទប្រឆាំងរបស់វានោះ។ (វិវរណៈ ១២:១២) យ៉ាងណាក៏ដោយ លោកយ៉ូបបានរក្សាចិត្តស្មោះត្រង់ដ៏គ្រប់លក្ខណ៍ចំពោះព្រះ។ ព្រះយេស៊ូវក៏បានធ្វើអញ្ចឹងដែរ។ ពួកគ្រីស្ទានពិតប្រាកដសព្វថ្ងៃកំពុងធ្វើដូច្នោះផង។—យ៉ូប ២៧:៥; ៣១:៦; ម៉ាថាយ ៤:១-១១; ពេត្រុសទី១ ១:៦, ៧
ខ្ញុំចង់ជឿទៅលើសួនមនោរមនៅលើផែនដី ដែលនៅទីនោះមនុស្សអាចរស់នៅដ៏អស់កល្បជានិច្ចបាន ក៏ប៉ុន្តែ តើរឿងនេះមិនជាការល្អហួសហេតុនឹងជឿថាអាចមានមែនឬទេ?
មិនមែនទេ យោងទៅតាមព្រះគម្ពីរ។ សេចក្ដីសន្យានេះមើលទៅហាក់ដូចជាការល្អហួសពីលទ្ធភាពនឹងទៅជាការពិត គឺព្រោះតែមនុស្សបានជួបប្រទះតែសេចក្ដីអាក្រក់ជាច្រើនសតវត្សមកហើយ។ ព្រះយេហូវ៉ាបានបង្កើតផែនដី ហើយមានបន្ទូលប្រាប់មនុស្សលោក ឲ្យបំពេញផែនដីទាំងមូលដោយមនុស្សប្រុសនិងស្រីដ៏សុចរិត ដែលនឹងថែរក្សាសត្វលោកនិងរុក្ខជាតិទាំងឡាយ ហើយនឹងរក្សាទុកសោភ័ណភាពនៃផែនដី ជាជាងបំផ្លាញទៅវិញនោះ។ (សូមអញ្ជើញមើលទំព័រ១២, ១៧) សួនមនោរមដែលបានសន្យាមកមិនមែនល្អហួសពីលទ្ធភាពនឹងទៅជាការពិតនោះទេ ផ្ទុយទៅវិញនោះ ស្ថានភាពដ៏គួរឲ្យស្ដាយទាំងនេះជាការអាក្រក់ហួសពេកដែលមិនគួរតែមានតទៅទៀតឡើយ។ សួនមនោរមនឹងត្រូវកើតជំនួសសេចក្ដីអាក្រក់ទាំងនេះវិញ។
ជំនឿទៅលើសេចក្ដីសន្យាទាំងនេះ មិនមែនជាសទ្ធាលុភាពឡើយ។ «សេចក្ដីជំនឿកើតឡើងដោយឮ»។ តែដោយការសិក្សាបន្ទូលរបស់ព្រះ មនុស្សម្នាក់អាចយល់ឃើញនូវគតិបណ្ឌិតរបស់គម្ពីរនោះយ៉ាងជាក់ស្តែងមែន ហើយដោយឃើញការនេះជំនឿអាចលូតលាស់បាន។—រ៉ូម ១០:១៧; ហេព្រើរ ១១:១
តើឲ្យខ្ញុំអាចឆ្លើយបានយ៉ាងណា ចំពោះមនុស្សដែលចំអកហើយនិយាយថា ព្រះគម្ពីរជារឿងអភូតកថាហើយមិនស្របនឹងវិទ្យាសាស្ត្រ?
ការស្រាវជ្រាវវត្ថុបុរាណខាងព្រះគម្ពីរជួយបង្ហាញភាពត្រឹមត្រូវជាច្រើននៃប្រវត្ដិសាស្ត្រនៃព្រះគម្ពីរ។ វិទ្យាសាស្ត្រដ៏ពិតប្រាកដមានភាពស្របតាមព្រះគម្ពីរ។ សេចក្ដីពិតបន្តបន្ទាប់មកនេះ បានត្រូវចែងទុកនៅក្នុងព្រះគម្ពីរជាយូរយារមុនដែលវិជ្ជាកររបស់លោកីយបានរកឃើញការនេះទៅទៀត ដូចជា៖ លំដាប់នៃដំណាក់ការលូតលាស់របស់ផែនដីនៅពេលដំបូងនោះ ផែនដីមានរាងមូលហើយបានត្រូវព្យួរនៅលើទទេ ហើយហេតុការណ៍ថាសត្វស្លាបផ្លាស់លំនៅតាមរដូវ។—លោកុប្បត្តិ ជំពូកទី១; អេសាយ ៤០:២២; យ៉ូប ២៦:៧; យេរេមា ៨:៧
ការសម្រេចនៃបទទំនាយជាច្រើនសម្ដែងថា ព្រះគម្ពីរជាលទ្ធផលនៃវិញ្ញាណបរិសុទ្ធរបស់ព្រះ។ ហោរាដានីយ៉ែលបានទាយទុកជាមុន អំពីការកើនឡើងនិងការទំលាក់ចុះរបស់មហាអំណាចនៃលោកីយ ហើយថែមទាំងពេលវេលាដែលព្រះមែស៊ីនឹងត្រូវយាងមកនិងត្រូវគេធ្វើគុតទ្រង់ដែរ។ (ដានីយ៉ែល ជំពូកទី២ទី៨; ៩:២៤-២៧) សព្វថ្ងៃនេះ បទទំនាយជាច្រើនឯទៀតកំពុងតែបានសម្រេចនៅឡើយ ដែលសម្ដែងថាគ្រានេះជា «ជាន់ក្រោយបង្អស់»។ (ធីម៉ូថេទី២ ៣:១-៥; ម៉ាថាយ ជំពូកទី២៤) ការដឹងនូវអនាគតពីមុនបែបនេះ មិនមែនមកពីសមត្ថភាពរបស់មនុស្សលោកទេ។ (អេសាយ ៤១:២៣) បើលោកអ្នកចង់បានសេចក្ដីបញ្ជាក់ថែមទៀតនោះ សូមអញ្ជើញមើលសៀវភៅពីសមាគមប៉មយាមនេះ៖ ព្រះគម្ពីរ—ជាបន្ទូលរបស់ព្រះ ឬក៏ពាក្យសំដីរបស់មនុស្ស? (ហើយ ជីវិត—បានកើតមានឡើងតាមរបៀបណា? តាមរបៀបវិវត្តន៍ ឬតាមព្រះបង្កើតមក?—បោះពុម្ពផ្សាយជាភាសាអង់គ្លេស)
តាមរបៀបណាដែលខ្ញុំអាចមានសមត្ថភាពនឹងឆ្លើយសំនួរនានាអំពីព្រះគម្ពីរបាន?
លោកអ្នកត្រូវតែសិក្សាហើយរំពឹងគិតអំពីព្រះគម្ពីរ ហើយដំណាលគ្នានោះត្រូវអធិស្ឋានសុំឲ្យវិញ្ញាណបរិសុទ្ធរបស់ព្រះជួយដឹកនាំលោកអ្នកដែរ។ (សុភាសិត ១៥:២៨; លូកា ១១:៩-១៣) ព្រះគម្ពីរបានចែងថា៖ «តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ»។ (យ៉ាកុប ១:៥) ម្យ៉ាងទៀតនោះ មានគ្រឿងជំនួយក្នុងការសិក្សាព្រះគម្ពីរជាច្រើនដែលមានប្រយោជន៍នឹងមើលពិចារណា។ ជាធម្មតា មនុស្សយើងត្រូវការជំនួយពីអ្នកដទៃដែរ ដូចជាពេលដែលលោកភីលីពបានជួយបង្រៀនអ្នកស្រុកអេធីយ៉ូពីម្នាក់។ (កិច្ចការ ៨:២៦-៣៥) ពួកស្មរបន្ទាល់ព្រះយេហូវ៉ាជួយបង្រៀនព្រះគម្ពីរដោយឥតគិតថ្លៃ ជាមួយនឹងមនុស្សណាដែលចាប់ចិត្តនៅក្នុងផ្ទះរបស់អ្នកនោះ។ សូមអញ្ជើញសុំតាមចិត្តនូវហិតប្រយោជន៍នេះចុះ។
ហេតុអ្វីបានជាមនុស្សជាច្រើនប្រឆាំងនឹងពួកស្មរបន្ទាល់ព្រះយេហូវ៉ា ហើយប្រាប់ខ្ញុំថាកុំឲ្យសិក្សាជាមួយនឹងពួកគេនោះ?
គឺមានការប្រឆាំងចំពោះការផ្សាយរបស់ព្រះយេស៊ូវ ហើយទ្រង់មានបន្ទូលថាអ្នកកាន់តាមទ្រង់នឹងត្រូវបានគេប្រឆាំងដែរ។ កាលដែលអ្នកខ្លះបានចាប់អារម្មណ៍នឹងការបង្រៀនរបស់ព្រះយេស៊ូវ អ្នកប្រឆាំងខាងសាសនាបានចោទប្រកាន់ថា៖ «អ្នករាល់គ្នាត្រូវបញ្ឆោតដែរឬ? តើមានអ្នកឯណាក្នុងពួកនាម៉ឺន ឬក្នុងពួកផារិស៊ី ដែលជឿដល់អ្នកនោះឬទេ»? (យ៉ូហាន ៧:៤៦-៤៨; ១៥:២០) មនុស្សជាច្រើនដែលទូន្មានឲ្យលោកអ្នកកុំឲ្យសិក្សាជាមួយនឹងពួកស្មរបន្ទាល់ព្រះយេហូវ៉ា គឺមិនទាន់ដឹងអំពីពួកគេយ៉ាងត្រឹមត្រូវនៅឡើយទេ ឬក៏មានចិត្តប្រកាន់នឹងពួកគេ។ សូមអញ្ជើញសិក្សាជាមួយនឹងពួកស្មរបន្ទាល់ព្រះយេហូវ៉ាផ្ទាល់ខ្លួន ហើយពិនិត្យមើលដោយខ្លួនឯងចុះ ថាតើតម្រិះវិជ្ជានិងការយល់ខាងព្រះគម្ពីររបស់អ្នកនឹងត្រូវបានចម្រើនឡើងឬទេ។—ម៉ាថាយ ៧:១៧-២០
តើហេតុអ្វីបានជាពួកស្មរបន្ទាល់ព្រះយេហូវ៉ាទៅផ្សាយដល់មនុស្សដែលមានសាសនារួចហើយនោះ?
ដោយធ្វើយ៉ាងនេះ ពួកគេកាន់តម្រាប់តាមព្រះយេស៊ូវ។ ទ្រង់បានយាងទៅផ្សាយដល់ពួកយូដា។ ពួកយូដានោះមានសាសនារបស់គេរួចទៅហើយ ប៉ុន្តែ តាមរបៀបជាច្រើន សាសនានោះបានបែរចេញពីបន្ទូលរបស់ព្រះ។ (ម៉ាថាយ ១៥:១-៩) គ្រប់ៗសាសន៍មានសាសនាប្រភេទផ្សេងៗគ្នា ទោះជាសាសនាដែលគេហៅថាជាគ្រីស្ទាន ឬក៏មិនគ្រីស្ទានក៏ដោយ។ ការដែលមនុស្សត្រូវតែកាន់តាមជំនឿដែលស្របនឹងបន្ទូលរបស់ព្រះអង្គផ្ទាល់នោះ មានសារៈសំខាន់ជាជីវិតសម្ពន្ធ។ ហើយសេចក្ដីខ្នះខ្នែងរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ាដើម្បីជួយគេឲ្យធ្វើយ៉ាងនេះ គឺជាការដែលសម្ដែងនូវសេចក្ដីស្រឡាញ់ដល់អ្នកជិតខាងពិតមែន។
តើពួកស្មរបន្ទាល់ព្រះយេហូវ៉ាជឿថា សាសនារបស់គេជាសាសនាត្រឹមត្រូវតែមួយឬ?
អ្នកណាក៏ដោយដែលកាន់សាសនាខ្លួនយ៉ាងស៊ប់ចិត្តគួរតែគិតថាជាសាសនាត្រឹមត្រូវ។ បើមិនមែនអញ្ចឹងទេ ហេតុអ្វីបានជាគេទាក់ទងនឹងសាសនានោះ? ពួកគ្រីស្ទានត្រូវបានទូន្មានថា៖ «ចូរលមើលគ្រប់ទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្ដីដែលត្រឹមត្រូវ»។ (ថែស្សាឡូនីចទី១ ៥:២១) មនុស្សម្នាក់គួរតែធ្វើឲ្យបានប្រាកដប្រជាថា ជំនឿរបស់ខ្លួនមានមូលដ្ឋានទៅលើបទព្រះគម្ពីរ ដ្បិតមានជំនឿដ៏ពិតប្រាកដតែមួយទេ។ អេភេសូរ ៤:៥ បានបញ្ជាក់រឿងនេះ ដោយចែងថា៖ «មានព្រះអម្ចាស់តែ១ សេចក្ដីជំនឿតែ១ បុណ្យជ្រមុជតែ១»។ ព្រះយេស៊ូវមិនបានយល់ស្របនឹងទស្សនៈសម័យទំនើបយ៉ាងរាក់កំភែលដែលថា មានផ្លូវជាច្រើន សាសនាជាច្រើន ដែលគ្រប់ទាំងអស់ដឹកនាំទៅឯសេចក្ដីសង្គ្រោះនោះទេ។ ផ្ទុយទៅវិញ ទ្រង់មានបន្ទូលថា៖ «តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ ដែលរកផ្លូវនោះឃើញ»។ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាជឿថា គេបានរកឃើញផ្លូវនោះហើយ។ បើមិនអញ្ចឹងទេ ពួកគេនឹងស្វែងរកសាសនាមួយផ្សេងទៀត។—ម៉ាថាយ ៧:១៤
តើពួកគេជឿថា គេជាពួកតែមួយគត់ដែលនឹងត្រូវបានសង្គ្រោះឬ?
មិនមែនទេ។ មនុស្សរាប់លាននាក់ដែលបានរស់នៅក្នុងកំលុងពេលជាច្រើនសតវត្សកន្លងមកនោះ ហើយដែលមិនមែនជាពួកស្មរបន្ទាល់ព្រះយេហូវ៉ានោះទេ នឹងមានជីវិតម្ដងទៀតតាមដំណើររស់ឡើងវិញ ហើយនឹងមានឱកាសនឹងទទួលជីវិតបាន។ មនុស្សជាច្រើននាក់ដែលកំពុងរស់នៅសព្វថ្ងៃនេះ ប្រហែលនឹងតាំងចិត្តទ្រាំទ្រសេចក្ដីសុចរិតនិងសេចក្ដីពិតពីមុនគ្រា «វេទនាជាខ្លាំងណាស់» ហើយអ្នកនោះនឹងទទួលសេចក្ដីសង្គ្រោះបាន។ ម្យ៉ាងទៀតនោះ ព្រះយេស៊ូវទ្រង់មានបន្ទូលថា យើងមិនត្រូវថ្កោលទោសមនុស្សគ្នាឯងឡើយ។ មនុស្សយើងមើលតែអាការក្រៅប៉ុណ្ណោះទេ តែឯចំណែកព្រះ នោះទ្រង់ទតមើលចិត្តវិញ។ ព្រះទ្រង់ទតឃើញយ៉ាងច្បាស់ត្រឹមត្រូវ ហើយជំនុំជំរះដោយមេត្ដាករុណាផង។ ព្រះទ្រង់បានប្រគល់សេចក្ដីជំនុំជំរះទៅព្រះយេស៊ូវ មិនមែនប្រគល់ឲ្យយើងនោះទេ។—ម៉ាថាយ ៧:១-៥; ២៤:២១
តើវិភាគទានខាងលុយណាដែលតម្រូវពីមនុស្សដែលរួមប្រជុំនឹងពួកស្មរបន្ទាល់ព្រះយេហូវ៉ានោះ?
ចំណែកឯវិភាគទានខាងលុយនោះ សាវកប៉ុលមានប្រសាសន៍ថា៖ «ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្ដាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ»។ (កូរិនថូសទី២ ៩:៧) នៅក្នុងសាលព្រះរាជាណាចក្រនិងសវនាដ្ឋានសន្និបាតរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ា មិនដែលរៃលុយឡើយ។ ប្រអប់បានត្រូវដាក់នៅកន្លែងនានា ដើម្បីធ្វើឲ្យស្រួលសម្រាប់អ្នកណាដែលមានចិត្តប្រាថ្នាចង់ថ្វាយវិភាគទាន ឲ្យថ្វាយទៅបាន។ គ្មានអ្នកណាដឹងចំនួនដែលអ្នកដទៃថ្វាយទេ។ អ្នកខ្លះអាចថ្វាយច្រើនជាងអ្នកដទៃ តែអ្នកខ្លះទៀតប្រហែលជាមិនអាចថ្វាយអ្វីឡើយ។ ព្រះយេស៊ូវបានបង្ហាញទស្សនៈត្រឹមត្រូវ ពេលដែលទ្រង់មានបន្ទូលអំពីប្រអប់វិភាគទាននៅឯព្រះវិហារក្នុងទីក្រុងយេរូសាឡិម ហើយអំពីមនុស្សដែលថ្វាយអំណោយនៅទីនោះ៖ អ្វីដែលសំខាន់នោះគឺជាសមត្ថភាពនិងសទ្ធាចិត្តចង់ថ្វាយឲ្យ មិនមែនចំនួនលុយនោះទេ។—លូកា ២១:១-៤
បើសិនជាខ្ញុំទៅជាពួកស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ តើនោះតម្រូវឲ្យខ្ញុំទៅផ្សាយដូចជាពួកគេធ្វើដែរឬទេ?
កាលណាជនណាម្នាក់ត្រូវបានពោរពេញទៅដោយតម្រិះវិជ្ជាអំពីសួនមនោរមនៅលើផែនដីដែលបានសន្យាមក នៅក្រោមរាជាណាចក្ររបស់ព្រះគ្រីស្ទ អ្នកនោះមានចិត្តចង់ចែកដំណឹងនេះជាមួយអ្នកដទៃទៀតដែរ។ លោកអ្នកនឹងមានចិត្តចង់ដូច្នោះដែរ។ នេះជាដំណឹងល្អណាស់!—កិច្ចការ ៥:៤១, ៤២
ប្រព្រឹត្តបែបនេះជាវិធីសំខាន់មួយដែលបង្ហាញថា លោកអ្នកជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ។ នៅក្នុងព្រះគម្ពីរ ព្រះយេស៊ូវបានត្រូវហៅថា «ស្មរបន្ទាល់ស្មោះត្រង់ ហើយពិតប្រាកដ»។ កាលដែលទ្រង់គង់នៅលើផែនដីនៅឡើយ ទ្រង់បានផ្សាយដោយមានបន្ទូលថា៖ «នគរស្ថានសួគ៌ជិតដល់ហើយ» ហើយទ្រង់បានចាត់ពួកសិស្សរបស់ទ្រង់ឲ្យធ្វើដូចគ្នាដែរ។ (វិវរណៈ ៣:១៤; ម៉ាថាយ ៤:១៧; ១០:៧) បន្ទាប់មក ព្រះយេស៊ូវបានបញ្ជាអ្នកកាន់តាមទ្រង់ថា៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំង . . . បង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។ ទ្រង់ថែមទាំងទាយទុកថា មុនទីបញ្ចប់នឹងមកដល់នោះ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍»។—ម៉ាថាយ ២៨:១៩, ២០; ២៤:១៤
គឺមានវិធីជាច្រើនដើម្បីផ្សាយប្រកាសដំណឹងល្អនេះ។ ការសន្ទនាជាមួយនឹងពួកសំឡាញ់ហើយអនាទរមិត្ត ជាញឹកញាប់អាចបើកផ្លូវឲ្យធ្វើការប្រកាសនេះបាន។ អ្នកខ្លះធ្វើការផ្សាយដោយសរសេរសំបុត្រទៅគេ ឬក៏ដោយប្រើទូរស័ព្ទដែរ។ អ្នកឯទៀតខ្លះផ្ញើប្រកាសនវត្ថុតាមប្រៃសណីយ៍ ដែលមានរឿងដែលគេគិតថាអនាទរមិត្តម្នាក់នឹងចាប់ចិត្តជាពិសេសនោះ។ ដោយមានចិត្តប្រាថ្នានឹងចង់ជួបមនុស្សទាំងអស់ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាដើរពីផ្ទះមួយទៅផ្ទះមួយដើម្បីនឹងផ្សាយរឿងដំណឹងល្អនេះ។
នៅក្នុងព្រះគម្ពីរមានសេចក្ដីអញ្ជើញដ៏រាក់ទាក់នេះ៖ «ព្រះវិញ្ញាណ នឹងប្រពន្ធថ្មោងថ្មីពោលថា ‹អញ្ជើញមក›! ហើយអ្នកណាដែលឮ ក៏ថា៖ ‹អញ្ជើញមក›!ដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ»។ (វិវរណៈ ២២:១៧) ការផ្សាយប្រកាសដល់អ្នកដទៃអំពីផែនដីជាសួនមនោរមហើយអំពីពរដ៏ល្អនោះ ជាការដែលត្រូវធ្វើដោយស្ម័គ្រចិត្ត ពីចិត្តដែលពោរពេញទៅដោយសេចក្ដីប្រាថ្នាចង់ចែកដំណឹងល្អនេះជាមួយអ្នកដទៃ។
យើងយល់ថា លោកអ្នកប្រាកដជាមានសំនួរឯទៀតខ្លះអំពីពួកស្មរបន្ទាល់ព្រះយេហូវ៉ាហើយពីជំនឿរបស់គេ។ ប្រហែលជាសំនួរខ្លះនោះអាចនាំឲ្យមានវាទប្បដិវាទ។ ពួកយើងចង់ឆ្លើយសំនួរទាំងអស់របស់លោកអ្នក។ នៅក្នុងសៀវភៅស្តើងនេះមិនមានកន្លែងច្រើនទេ ហេតុដូច្នេះហើយបានជាយើងអញ្ជើញឲ្យលោកអ្នកសួរសំនួរទាំងនេះ ពីពួកស្មរបន្ទាល់ព្រះយេហូវ៉ានៅជិតទីកន្លែងរបស់លោកអ្នក នៅក្នុងប្រជុំរបស់គេនៅសាលព្រះរាជាណាចក្រ ឬកាលដែលគេទៅជួបលោកអ្នកនៅតាមផ្ទះរបស់អ្នក។ ឬក៏លោកអ្នកអាចផ្ញើសំនួររបស់លោកអ្នក ទៅដល់សមាគមប៉មយាម (Watch Tower Society) នៅការិយាល័យសាខាដែលជិតទីលំនៅរបស់លោកអ្នក។ សូមអញ្ជើញប្រើអាសយដ្ឋានពីបញ្ជីនៅខាងក្រោមនេះ។