«មើល! អញធ្វើទាំងអស់ឡើងជាថ្មី»
១-៤ (ក) តើរបស់ណាមួយនៃរូបនៅលើក្របព្រឹត្ដិប័ត្រនេះដែលអ្នកចង់ចូលរួម? (ខ) តើសេចក្ដីសង្ឃឹមដ៏ប្រសើរណាខ្លះដែលផ្ដល់ដល់អ្នកនៅទីនេះ? (គ) តើឯកសារណាខ្លះនៅក្នុងព្រះគម្ពីរដែលបានបង្ហាញនូវសេចក្ដីសង្ឃឹមទាំងនោះ?
សូមអញ្ជើញមើលមនុស្សដែលមានការសប្បាយរីករាយនៅលើក្របនៃព្រឹត្ដិប័ត្រនេះ។ តើអ្នកចង់ទៅជាមនុស្សម្នាក់ក្នុងចំណោមគេនេះទេ? ‹មែនហើយ› អ្នកនឹងឆ្លើយឡើង។ ដោយនៅកន្លែងនោះមានសន្ដិភាព ការចុះសម្រុងគ្នាដែលមនុស្សទាំងអស់ប៉ងប្រាថ្នា។ មនុស្សគ្រប់សាសន៍មិនថា ស្បែកខ្មៅ ស លឿង ពួកគេរស់នៅឡូកឡំជាមួយគ្នាជាគ្រួសារតែមួយ។ ឱសេចក្ដីសប្បាយ! សាមគ្គីភាព! ពួកគេពិតជាមិនខ្លាចដល់កាំរស្មីនៃគ្រាប់បែកបរមាណូ និងមិនខ្លាចដល់ការគម្រាមកំហែងនៃភេរវកម្មដែរ។ យន្តហោះចម្បាំងដែលមានសន្ទុះដូចផ្គរលាន់នោះ ក៏មិនហោះកាត់ផ្ទៃមេឃដ៏ស្ងប់ស្ងាត់លើសួនច្បារដ៏ស្អាតនេះឡើយ។ គ្មានកងទ័ព គ្មានរថក្រោះ គ្មានគ្រឿងអាវុធទៀតទេ។ សូម្បីតែដំបងពីភ្នាក់ងារតម្រួត ក៏មិនត្រូវការដើម្បីឱយមានរបៀបរៀបរយនោះឡើយ។ សង្គ្រាមនិងអំពើឧក្រិដ្ឋក៏គ្មានដែរ។ ក៏គ្មានការខ្វះខាតផ្ទះសម្បែងឡើយ គឺមនុស្សម្នាក់ៗ នឹងរស់នៅក្នុងផ្ទះដ៏ល្អដែលជារបស់ផងខ្លួន។
២ សូមអ្នកក្រឡេកមើលទៅពួកក្មេងៗទាំងនោះចុះ! ការលេងរបស់គេក៏ធ្វើឱយយើងសប្បាយដែរ។ មើលសត្វចតុប្បាទដែលកំពុងតែប្រឡែងលេងជាមួយពួកក្មេងៗទាំងនោះចុះ។ នៅក្នុងសួននេះទ្រុងដែកក៏មិនត្រូវការទៀតទេ ពីព្រោះសត្វចតុប្បាទទាំងឡាយរស់នៅជាមួយគ្នានិងជាមួយមនុស្សដោយសន្ដិភាព។ សូម្បីតែសត្វតោក៏ក្លាយទៅជាមិត្តភ័ក្ដ្រជាមួយនឹងកូនចៀមដែរ។ មើលបក្សាបស្សីដែលមានពណ៌ឆើតឆាយកំពុងតែហើរឆ្វាត់ឆ្វែង ហើយសូមអ្នកស្ដាប់នូវចម្រៀងដ៏ពីរោះរបស់គេ ដែលលាយឡំនឹងសំណើចនៃកុមារាកុមារីរណ្ដំគ្នានៅក្នុងលំហអាកាសចុះ។ តើគ្មានទ្រុងទេ? គ្មានទេ ពីព្រោះគ្រប់ទាំងអស់ក្នុងទីនេះគឺជាសេរីភាពនិងសេចក្ដីរីករាយដែលគ្មានព្រំដែន។ សូមក្រេបក្លិនដ៏ក្រអូបនៃបុប្ផា ស្ដាប់សម្លេងទឹកដែលហូររឹមៗតាមប្រឡាយ បណ្ដែតអារម្មណ៍នៅក្រោមភាពដ៏ស្រទន់នៃកំដៅថ្ងៃនោះចុះ។ ឱផ្លែឈើនៅក្នុងល្អីដែលមានរស់ជាតិយ៉ាងឆ្ងាញ់ហើយដែលប្រសើរបំផុតដែលផែនដីអាចបង្កើត ដូចជារបស់ទាំងអស់ឱយយើងឃើញនឹងឱយរីករាយនៅក្នុងសួនច្បារដ៏ល្អនេះ។
៣ ‹ប៉ុន្តែឈប់សិន› អ្នកខ្លះនោះមានសំនួរថា ‹តើនៅឯណាទៅមនុស្សជរា? តើពួកគាត់មិនទទួលនូវសេចក្ដីរីករាយនៅក្នុងសង្គមនេះផងទេ?› តាមការពិត ពួកគាត់ក៏នៅទីនោះដែរ ប៉ុន្តែពួកគាត់ក្លាយទៅជាក្មេងវិញ។ នៅក្នុងសួននេះ គ្មានអ្នកណាមួយត្រូវស្លាប់ដោយចាស់ជរាឡើយ។ មនុស្សក្មេងៗក៏ក្លាយទៅជាមនុស្សចាស់ទុំ ប៉ុន្តែមិនក្លាយទៅជាមនុស្សចាស់ជរាទេ។ ទោះបីជាអាយុ២០ឆ្នាំឬក៏២០០ឆ្នាំក៏ដោយ ម្នាក់ៗក្នុងចំណោមមនុស្សរាប់លាននាក់ដែលនៅក្នុងសួននេះ នឹងត្រេកត្រអាលនូវភាពក្មេងវ័យនិងពេញដោយសុខភាពដ៏បរិបូណ៌។ តើអ្នកថារាប់លាននាក់? ពិតមែនហើយ ពីព្រោះសួននេះនឹងលាតសន្ទឹងពេញផែនដីទាំងមូល។ សួននេះនឹងពោរពេញទៅដោយជីវិតសន្ដិភាពនឹងសម្រស់ពីជ្រុងម្ខាងនៃផែនដីយើងនេះ គឺពីភ្នំហ៊្វូជ្យី (Fuji) រហូតដល់ភ្នំអានដេស (Andes) ពីទីក្រុងហុងកុង (Hong Kong) រហូតដល់សមុទ្រកណ្ដាល (Mediterranean) ។ ផែនដីទាំងមូលនឹងក្លាយទៅជាសួនដែលជាទីមនោរមមួយទៅវិញ។ ទីមនោរមនេះ នឹងបានរៀបចំឡើងនៅលើផែនដីទាំងមូល។
៤ អ្នកប្រហែលជាមានប្រសាសន៍ថា ‹មិនគួរឱយជឿសោះ› មែនទេ? ជាបឋម សូមអ្នកពិនិត្យនូវភស្តុតាងនានាចុះ។ នេះគឺជារឿងពិតមែន ដែលអ្នកហើយគ្រួសារអ្នកអាចរស់ផុតពីការបំផ្លាញចោលនូវលោកីយនេះដែលពោរពេញទៅដោយបញ្ហា ហើយទៅរស់នៅក្នុងទីមនោរមដែលយើងបានបង្ហាញនៅក្នុងក្របនៃព្រឹត្ដិប័ត្រនេះមក។a
សៀវភៅដែលពន្យល់ពីទីមនោរម
៥ (ក) តើសៀវភៅណាដែលពន្យល់ពីរឿងនេះ? (ខ) តើតាមរបៀបណាទៅដែលព្រះគម្ពីរជាសៀវភៅដ៏ប្រសើរនោះ?
៥ ភាពដ៏រុងរឿងនិងការដ៏ជាក់ស្តែងទាំងនេះនឹងត្រូវបានពន្យល់ឡើងនៅក្នុងសៀវភៅមួយដែលជាសៀវភៅដ៏ឧត្តមបំផុត ក្នុងចំណោមសៀវភៅទាំងអស់ក្នុងពិភពលោកយើងនេះ។ សៀវភៅនេះមានឈ្មោះថា ព្រះគម្ពីរ។ សៀវភៅនេះមានចំណាស់យូរមកហើយដែលភាគខ្លះនោះបានត្រូវសរសេរឡើង ៣.៥០០ឆ្នាំមកម្ល៉េះ។ ប៉ុន្តែព្រះគម្ពីរនេះជាសៀវភៅដែលទាន់សម័យ ពីព្រោះបានផ្ដល់នូវដំបូន្មានដ៏ល្អបំផុតសំរាប់អនុវត្តក្នុងការរស់នៅនាបច្ចុប្បន្ននេះ។ ទំនាយជាច្រើនក្នុងព្រះគម្ពីរនេះនឹងជួយបំភ្លឺអ្នកឱយបានឃើញ នូវសេចក្ដីសង្ឃឹមទៅអនាគត។ សៀវភៅនេះបានត្រូវលក់ដាច់ជាងគេនៅក្នុងប្រវត្ដិសាស្ត្រដែលមានចំនួនដល់ទៅជាង២.០០០លានក្បាល ហើយបានបកប្រែចេញជាង១.៨១០ភាសា។
៦ តើអ្វីទៅដែលធ្វើឱយព្រះគម្ពីរមានលក្ខណៈខ្ពស់ជាងសៀវភៅដទៃទៀតដែលចាត់ទុកជាបរិសុទ្ធនោះ?
៦ គ្មានសៀវភៅដ៏បរិសុទ្ធណាដែលបានចែកចាយពេញទាំងពិភពលោកនេះឡើយ ហើយសៀវភៅទាំងនោះក៏គ្មានចំណាស់ដូចព្រះគម្ពីរដែរ។ សៀវភៅកូរ៉ាណនៃពួកអ៊ីស្លាមមានចំណាស់តិចជាង១.៤០០ឆ្នាំ។ ព្រះពុទ្ធនិងកុងហ៊្វូបានរស់នៅរហូតមកដល់ប្រហែលជា២.៥០០ឆ្នាំមុននេះ ហើយក្បួនខ្នាតរបស់គេក៏បានចេញមកនៅពេលនោះដែរ។ គម្ពីររបស់សាសនាពួកសិនតូបានរៀបចំឡើងក្រោយពី១.២០០ឆ្នាំមុននេះ។ ឯសៀវភៅរបស់ពួកម័រម៉ូន មានចំណាស់ទើបតែបាន១៦០ឆ្នាំប៉ុណ្ណោះ។ ក្នុងចំណោមសៀវភៅទាំងអស់នេះ គ្មានសៀវភៅណាមួយដែលអាចបង្ហាញពីប្រវត្ដិរបស់មនុស្សលោកឱយបានច្បាស់លាស់ពីកំណើតមនុស្ស៦.០០០ឆ្នាំមុននេះ ដូចជាព្រះគម្ពីរបានចែងនោះឡើយ។ ដើម្បីឱយយល់ពីដើមកំណើតនៃសាសនា យើងត្រូវអានព្រះគម្ពីរជាចាំបាច់។ នេះជាសៀវភៅតែមួយគត់ដែលផ្ដល់នូវដំណឹងល្អចំពោះមនុស្សលោកទាំងអស់។
៧ តើមនុស្សដែលត្រិះរិះពិចារណានោះបាននិយាយយ៉ាងណាខ្លះអំពីព្រះគម្ពីរ?
៧ ប្រាជ្ញានិងសោភ័ណភាពនៃដំណឹងពីព្រះគម្ពីរ បានត្រូវទទួលការអបអរសាទរជាខ្លាំងពីអ្នកត្រិះរិះពិចារណានៃគ្រប់សញ្ជាតិនិងគ្រប់ប្រភេទទាំងអស់។ លោកបណ្ឌិត អ៊ីសាក់ញូវតុន (Isaac Newton) ជាអ្នកវិទ្យាសាស្ត្រដែលមានឈ្មោះល្បី ហើយជាអ្នករកឃើញនូវច្បាប់កម្លាំងនៃទម្ងន់នោះមានប្រសាសន៍ថា៖ «គ្មានវិទ្យាសាស្ត្រផ្នែកណាមួយដែលបានបង្ហាញនូវសេចក្ដីពិតជាងព្រះគម្ពីរឡើយ»។ លោកប៉ាទ្រិក ហិនរី (Patrick Henry) ជាជនជាតិអាមេរិកាំងម្នាក់ដែលបានដឹកនាំខាងពួកអ្នកបដិវត្តន៍ហើយមានឈ្មោះល្បីដោយនូវពាក្យ៖ «ឱយសេរីភាពមកខ្ញុំឬក៏ឱយសេចក្ដីស្លាប់មកខ្ញុំ» នោះបានបញ្ជាក់ថា៖ «ព្រះគម្ពីរមានតម្លៃជាងសៀវភៅដទៃទៀតដែលបានបោះពុម្ពមក»។ សូម្បីតែអ្នកកាន់សាសនាហិណ្ឌូដ៏ល្បីម្នាក់ឈ្មោះលោកមហាន់ដាស់ ហ៊្គាន់ឌី (Mohandas K. Gandhi) បាននិយាយទៅកាន់ជនជាតិអង់គ្លេសម្នាក់ដែលជាអនុស្តេចនៃប្រទេសឥណ្ឌៀថា៖ «ប្រសិនបើប្រទេសរបស់លោកនិងប្រទេសខ្ញុំប្រតិបត្ដិតាមសេចក្ដីបង្រៀននៃព្រះយេស៊ូវដែលទ្រង់មានបន្ទូលនៅលើភ្នំនោះ បញ្ហារបស់យើងនឹងបានដោះស្រាយរួចមិនខាន ហើយមិនគ្រាន់តែបញ្ហារបស់ប្រទេសយើងប៉ុណ្ណោះទេ គឺបញ្ហាពេញពិភពលោកក៏ដោះស្រាយរួចដែរ»។ លោកហ្គាន់ឌីបាននិយាយអំពីកំណត់ក្នុងព្រះគម្ពីរម៉ាថាយជំពូកទី៥ទៅ៧។ សូមលោកអ្នកអាននូវជំពូកទាំងនេះសាកមើលចុះថា តើអ្នកនឹងរំភើបចិត្តយ៉ាងណាចំពោះដំណឹងដ៏ប្រសើរនេះ។
ព្រះគម្ពីរ—សៀវភៅមកពីបូព៌ា
៨, ៩ (ក) ហេតុអ្វីបានជាមិនត្រឹមត្រូវដែលថាព្រះគម្ពីរជាសៀវភៅរបស់ពួកបស្ចិមនោះ? (ខ) តើព្រះគម្ពីរបានសរសេរមកយ៉ាងណាហើយនៅសម័យណា? (គ) ហេតុអ្វីក៏យើងអាចនិយាយថាព្រះគម្ពីរជាបណ្ណាល័យមួយ? (ឃ) តើអ្នកសរសេរព្រះគម្ពីរមានប៉ុន្មាននាក់? (ង) តើការសិក្សាណាដែលអ្នកខ្លះនៃអ្នកសរសេរនោះបាននិយាយអំពីប្រភពនៃព្រះគម្ពីរ?
៨ ដោយមានការផ្ទុយស្រឡះពីជំនឿដែលមនុស្សជាច្រើនបានជឿនោះ ព្រះគម្ពីរមិនមែនជាសៀវភៅដែលបណ្ដុះបណ្ដាលអារ្យធម៌របស់ពួកបស្ចិមឡើយ ហើយក៏មិនលើកដំកើងដល់អារ្យធម៌នោះដែរ។ សេចក្ដីក្នុងព្រះគម្ពីរស្ទើរតែទាំងអស់បានសរសេរនៅក្នុងបូព៌ាប្រទេស។ អ្នកសរសេរទាំងអស់ក៏ជាមនុស្សនៅប្រទេសបូព៌ាដែរ។ ១ពាន់ឆ្នាំមុនពុទ្ធសាសនា គឺឆ្នាំ១៥១៣មុនសករាជយើង មានបុរសម្នាក់ឈ្មោះម៉ូសេដែលបានរស់នៅចំកណ្ដាលនៃប្រទេសបូព៌ា និងដោយសារតែព្រះវិញ្ញាណដ៏បរិសុទ្ធនោះ លោកបានសរសេរសៀវភៅទី១នៃព្រះគម្ពីរដែលមានឈ្មោះថា លោកុប្បត្តិ។ នេះជាសេចក្ដីផ្ដើមនៃព្រះគម្ពីរ ហើយបន្តបន្ទាប់គ្នានោះក៏មានសៀវភៅជាច្រើនទៀតរហូតដល់សៀវភៅចុងបំផុតដែលមានឈ្មោះថា វិវរណៈ ហើយតាំងពីដើមដល់ទីបញ្ចប់ សាច់រឿងនិងឯកភាពក៏មានភាពសមគ្នាឥតខ្ចោះដែរ។ ព្រះគម្ពីរត្រូវបានសរសេរចប់នៅឆ្នាំ៩៨ក្នុងសករាជយើង គឺប្រហែលជា៦០០ឆ្នាំក្រោយព្រះពុទ្ធ។ តើអ្នកជ្រាបថាព្រះគម្ពីរមានសៀវភៅតូចៗ៦៦នោះទេ? បើនិយាយឱយចំទៅព្រះគម្ពីរជាបណ្ណាល័យដ៏តូចមួយ។
៩ ដូច្នេះក្នុងរយៈពេលប្រហែលជាជាង១.៦០០ឆ្នាំពីសម័យលោកម៉ូសេមក មនុស្សប្រហែលជា៤០នាក់បានចូលរួមក្នុងការសរសេរនេះ ហើយសេចក្ដីបរិយាយក៏ឃើញថាមានឯកភាពជានិច្ច។ អ្នកទាំងនោះបានធ្វើជាសាក្សីថា ព្រះគម្ពីរពិតជាសរសេរឡើងដោយការបញ្ចូលគំនិតពីអ្នកដែលមានឫទ្ធានុភាពមួយដែលខ្ពស់ជាងមនុស្សធម្មតា។ គ្រីស្ទានសាវកប៉ុលបានសរសេរថា៖ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឱយតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឱយដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងសេចក្ដីសុចរិត»។b (ធីម៉ូថេទី២ ៣:១៦) ហើយ សាវកពេត្រុសបានពន្យល់ថា៖ «គ្មានពាក្យទំនាយណាក្នុងគម្ពីរដែលស្រាយបានតាមតែចិត្តនោះឡើយ ដ្បិតសេចក្ដីទំនាយមិនដែលមកដោយបំណងចិត្តមនុស្សទេ គឺជាមនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្ដាលវិញ»។—ពេត្រុសទី២ ១:២០, ២១; សាំយូអែលទី២ ២៣:២; លូកា ១:៧០
១០ (ក) តើព្រះគម្ពីរបានផ្ដល់មកយើងសព្វថ្ងៃតាមរបៀបណា? (ខ) ហេតុអ្វីក៏យើងអាចជឿយ៉ាងពិតប្រាកដថាឯកសារដើមរបស់ព្រះគម្ពីរនៅតែដដែលនោះ?
១០ ការដែលគួរឱយកត់សំគាល់យ៉ាងខ្លាំងនោះ គឺរបៀបដែលព្រះគម្ពីរបានផ្ដល់នូវដំណឹងមកដល់យើងសព្វថ្ងៃនេះ។ ជារាប់ពាន់ឆ្នាំដែលព្រះគម្ពីរបានត្រូវចម្លងដោយដៃឡើង រហូតមកដល់ពេលប្រហែលជា៥០០ឆ្នាំមុននេះដែលមនុស្សរកឃើញការបោះពុម្ពសៀវភៅ។ នៅសម័យមុន គ្មានស្នាដៃអក្សរសាស្ត្រណាដែលបានចម្លងហើយរួចចម្លងទៀតនោះទេ។ ទោះបីជាព្រះគម្ពីរបានត្រូវចម្លងជាច្រើនសារមែន ប៉ុន្តែដោយសេចក្ដីប្រុងប្រយ័ត្នជានិច្ច។ កំហុសដែលកើតឡើងពីអ្នកចម្លងជាច្រើនលើកច្រើនគ្រានោះគឺមានភាគតិចតួចណាស់ ហើយបើគេប្រៀបធៀបសេចក្ដីចម្លងទាំងអស់នោះទៅរឹតតែបញ្ជាក់ឱយដឹងថា អត្ថបទដើមពិតជាបញ្ចូលគំនិតពីព្រះមែន។ អ្នកជំនាញការខាងឯកសារនៃព្រះគម្ពីរម្នាក់ឈ្មោះលោកបណ្ឌិត ហ្វ្រេដេរិក ខេនយ៉ុន (Frederic Kenyon) មានប្រសាសន៍ថា៖ «សេចក្ដីដែលនៅសង្ស័យថាព្រះគម្ពីរដែលផ្ដល់មកយើងយ៉ាងគ្រប់លក្ខណ៍នោះ ឥឡូវនេះបានបាត់អស់ហើយ»។ ឯកសារនៃព្រះគម្ពីរទាំងមូលឬភាគខ្លះដែលបានចម្លងដោយដៃមានចំនួនប្រហែលជា១៦.០០០នោះ សព្វថ្ងៃក៏នៅតែមាននៅឡើយ សូម្បីតែភាគខ្លះដែលបានចម្លងតាំងពី២សតវត្សមុនកំណើតព្រះគ្រីស្ទមកម្ល៉េះ។ បន្ថែមទៅទៀត សេចក្ដីបកប្រែពីភាសាហេព្រើរ ភាសាអារ៉ាម៉េអ៊ីក និងពីភាសាក្រិកដែលជាភាសាដើមរបស់ព្រះគម្ពីរនោះ បានធ្វើឡើងយ៉ាងត្រឹមត្រូវស្ទើរតែគ្រាប់ភាសាទាំងអស់នៅលើផែនដីទាំងមូល។
១១ តើរបស់អ្វីខ្លះដែលបានរកឃើញក្នុងសម័យទំនើបនេះបានស្របទៅនឹងព្រះគម្ពីរ?
១១ អ្នកខ្លះបានបន្ទាបតម្លៃរបស់ព្រះគម្ពីរដោយថាមានលក្ខណៈមិនត្រឹមត្រូវ។ ប៉ុន្តែនៅពេលថ្មីៗកន្លងទៅនេះ អ្នកស្រាវជ្រាវខាងផ្នែកបូរាណវត្ថុបានជីកកកាយដីនិងសំណង់បាក់បែកនៃទីក្រុងដែលបានចែងនៅក្នុងព្រះគម្ពីរ បានរកឃើញអក្សរចារឹកនិងវត្ថុផ្សេងៗជាច្រើនទៀត ដែលជាភស្តុតាងបង្ហាញថាឈ្មោះមនុស្សនិងឈ្មោះដំបន់ទាំងអស់ពីព្រះគម្ពីរនោះគឺពិតជាបានរស់នៅនិងមានមកមែន។ គេបានរកឃើញភស្តុតាងជាច្រើនក្នុងដីដែលអាចបញ្ជាក់បានថា ទឹកជំនន់ពេញពិភពលោកទាំងមូលកើតក្នុងសម័យលោកណូអេ មុន៤.០០០ឆ្នាំកន្លងទៅហើយនោះ គឺពិតជាបានកើតមកមែន។ រឿងនេះព្រះអង្គម្ចាស់មីកាសា (Prince Mikasa) ជាអ្នកស្រាវជ្រាវខាងផ្នែកបូរាណវត្ថុដ៏ល្បីម្នាក់បានថ្លែងថា៖ «តើពិតជាមានទឹកជំនន់មែនទេ? . . . ហេតុការណ៍ដែលថាទឹកជំនន់ពិតជាមានមកមែននោះបានត្រូវបញ្ជាក់ឱយជឿហើយ»។c
ព្រះនៃព្រះគម្ពីរ
១២ (ក) តើអ្នកសើចចំអកនិយាយអ្វីខ្លះពីព្រះ? (ខ) ហេតុអ្វីបានជាព្រះគម្ពីរនិយាយថាព្រះជាព្រះវរបិតា? (គ) តើព្រះគម្ពីរបង្ហាញនូវព្រះនាមព្រះថាជាអ្វី?
១២ ក៏ដូចជាមនុស្សភាគខ្លះបានសើចចំអកដល់ព្រះគម្ពីរ ភាគខ្លះទៀតក៏បានសើចចំអកថាគ្មានព្រះដែលមានព្រះចេស្ដាបំផុតនោះដែរ។ (ពេត្រុសទី២ ៣:៣-៧) ពួកគេថា៖ ‹តើអាចឱយខ្ញុំជឿដល់ព្រះដែលខ្ញុំមើលមិនឃើញនោះទេ? តើមានភស្តុតាងណាមួយដែលបញ្ជាក់ថា អ្នកបង្កើតដែលមិនអាចមើលឃើញ ហើយខ្ពស់ជាងមនុស្សលោកនោះពិតជាមានមែនទេ? តើព្រះមិនមែននៅក្នុងរបស់សព្វសារពើទេឬអី?› អ្នកខ្លះទៀតថា៖ ‹គ្មានព្រះទេ សូម្បីតែព្រះពុទ្ធក៏គ្មានដែរ›។ យ៉ាងណាក៏ដោយ ព្រះគម្ពីរបង្ហាញថាដូចជាយើងទាំងអស់គ្នាបានទទួលជីវិតពីឪពុកម្ដាយ ហើយឪពុកម្ដាយដើមដំបូងទី១របស់យើងក៏បានទទួលជីវិតពីព្រះវរបិតាសួគ៌ា ឬអ្នកបង្កើតដែលមានព្រះនាមយេហូវ៉ានោះដែរ។—ទំនុកដំកើង ៨៣:១៨; ១០០:៣; អេសាយ ១២:២; ២៦:៤
១៣ តើរបៀប២យ៉ាងណាខ្លះដែលព្រះយេហូវ៉ាបានបង្ហាញអំពីទ្រង់ដល់មនុស្សលោក?
១៣ ព្រះយេហូវ៉ាទ្រង់បានបង្ហាញអង្គទ្រង់ដល់មនុស្សលោកដោយតាមរបៀបដ៏ប្រសើរ២យ៉ាង។ របៀបដ៏សំខាន់បំផុតគឺតាមព្រះគម្ពីរដែលនាំឱយមនុស្សយើងដឹងនូវសេចក្ដីពិត និងគោលបំណងដ៏អស់កល្បជានិច្ចរបស់ទ្រង់។ (យ៉ូហាន ១៧:១៧; ពេត្រុសទី១ ១:២៤, ២៥) របៀបមួយទៀតនោះគឺដោយសារអ្វីៗទាំងអស់ដែលទ្រង់បានបង្កើត។ ដោយសារការពិចារណាទៅលើរបស់ដ៏ប្រសើរផ្សេងៗនៅជុំវិញខ្លួនគេ មនុស្សភាគច្រើនមានការអបអរសាទរថា ពិតជាមានព្រះដែលជាអ្នកបង្កើត ហើយយើងអាចស្គាល់គុណសម្បត្ដិដោយសារស្នាព្រះហស្តទ្រង់មែន។—វិវរណៈ ១៥:៣, ៤
១៤ តើព្រះគម្ពីរបានប្រាប់យើងអ្វីខ្លះពីព្រះយេហូវ៉ា?
១៤ ព្រះយេហូវ៉ាទ្រង់ជាអ្នកនិពន្ធព្រះគម្ពីរ។ ព្រះអង្គទ្រង់ជាព្រះវិញ្ញាណដ៏ធំដែលមាននៅពីពេលអស់កល្បរហូតដល់ពេលអស់កល្បជានិច្ច។ (យ៉ូហាន ៤:២៤; ទំនុកដំកើង ៩០:១, ២) ព្រះនាមទ្រង់ «យេហូវ៉ា» បានបង្ហាញយ៉ាងជាក់ស្តែងនូវគោលបំណងរបស់ទ្រង់ចំពោះអ្នកទាំងអស់ដែលទ្រង់បានបង្កើតមក។ គឺជាគោលបំណងរបស់ព្រះអង្គ នឹងធ្វើឱយព្រះនាមទ្រង់បានខ្ពស់ឡើងដោយសារទ្រង់នឹងកំទេចមនុស្សអាក្រក់ ហើយនឹងសង្គ្រោះមនុស្សដែលស្រឡាញ់ទ្រង់ ដើម្បីឱយគេនឹងបានរស់នៅក្នុងទីមនោរមនៅលើផែនដីនេះ។ (និក្ខមនំ ៦:២-៨; អេសាយ ៣៥:១, ២) ដោយព្រះអង្គជាព្រះដែលមានព្រះចេស្ដាបំផុតនោះ ទ្រង់មានបារមីនឹងធ្វើកិច្ចការទាំងនេះបាន។ ក្នុងនាមជាអ្នកបង្កើតសកលលោកទាំងមូល ព្រះអង្គទ្រង់ខ្ពស់លើសលប់ពីព្រះនានានិងរូបសំណាកធម្មតាទាំងអស់។—អេសាយ ៤២:៥, ៨; ទំនុកដំកើង ១១៥:១, ៤-៨
១៥ តើការសិក្សារបស់ពួកបញ្ញាវន្តនោះបានធ្វើឱយគេយល់យ៉ាងណា?
១៥ ក្នុងសតវត្សថ្មីៗកន្លងទៅនេះ អ្នកវិទ្យាសាស្ត្របានប្រើពេលវេលាជាច្រើនក្នុងការសិក្សាពីស្នាព្រះហស្តនៃការបង្កើត។ នៅទីបញ្ចប់តើគេសន្និដ្ឋានយ៉ាងដូចម្ដេច? អ្នកប្រាជ្ញអង់គ្លេសម្នាក់ដែលនៅក្នុងចំណោមអ្នកត្រួសត្រាយទាំងអស់ក្នុងវិស័យអគ្គីសនី ជាអ្នករូបនិយមលោកខេលវិន (Lord Kelvin) បានប្រកាសថា៖ «ខ្ញុំជឿជាក់ថា នៅពេលដែលគេសិក្សាយ៉ាងហ្មត់ចត់នូវវិទ្យាសាស្ត្រនោះ គេនឹងចាកផុតនូវលទ្ធិបដិសេធថាគ្មានព្រះនោះហើយ»។ អ្នកវិទ្យាសាស្ត្រដែលមានកំណើតនៅអឺរ៉ុបម្នាក់ អាល់ប៊ែត អែនស្តែន (Albert Einstein) ដែលល្បីថាជាអ្នកមិនជឿព្រះបានសារភាពថា៖ «នេះនឹងគ្រប់គ្រាន់ដល់ខ្ញុំហើយ . . . . កាលណាខ្ញុំពិចារណាទៅលើរចនាសម្ព័ន្ធនៃសកលលោក អំពីរបស់ដែលយើងនៅតែដឹងមិនច្បាស់ ហើយខំបន្ទាបខ្លួនឱយយល់នូវផ្នែកតូចក្រៃលែងនៃបញ្ញាដែលមាននៅក្នុងធម្មជាតិដែលបានបង្ហាញមក»។ អ្នកវិទ្យាសាស្ត្រជាតិអាមេរិកនិងជាអ្នកទទួលរង្វាន់ណូបែលម្នាក់ឈ្មោះ អាថួរ ហល្លី ខមតុន (Arthur Holly Compton) មានប្រសាសន៍ថា៖ «របៀបរៀបរយដ៏ឥតខ្ចោះនៅក្នុងសកលលោកទាំងមូលបានបង្ហាញនូវការពិតនៃសេចក្ដីថ្លែងដ៏សម្បើមអស្ចារ្យដែលបានពោលថា— ‹កាលដើមដំបូងឡើយព្រះ› »។ គាត់បានដកស្រង់ពីឃ្លាដំបូងនៅក្នុងព្រះគម្ពីរ។
១៦ តើសកលលោកទាំងមូលលើកដំកើងនូវប្រាជ្ញានិងបារមីរបស់ព្រះតាមរបៀបណា?
១៦ អ្នកគ្រប់គ្រងនៃប្រទេសដ៏ខ្លាំងនានា បានអួតអាងទៅលើបញ្ញានិងការជឿនលឿនខាងផ្នែកវិទ្យាសាស្ត្ររបស់គេនៅក្នុងលំហអាកាស។ ប៉ុន្តែបើប្រៀបធៀបទៅនឹងលោកខែដែលវិលជុំវិញផែនដី និងផ្កាយដទៃទៀតដែលវិលជុំវិញថ្ងៃនោះ ឃើញថាយន្តប្រត្ដិកម្មនៅក្នុងលំហអាកាសរបស់គេហាក់ដូចជាគ្មានន័យសោះ។ តើតូចកំប្រឹងយ៉ាងណាទៅស្នាដៃរបស់មនុស្ស បើប្រៀបធៀបទៅនឹងស្នាព្រះហស្តរបស់ព្រះយេហូវ៉ា ក្នុងការបង្កើតរបស់ទ្រង់ដែលមានកញ្ចុំផ្កាយរាប់កោដិ ហើយកញ្ចុំផ្កាយមួយៗនោះមានថ្ងៃរាប់កោដិដូចជាថ្ងៃរបស់ពិភពយើងនេះដែរ ហើយមានរបៀបរៀបរយនៅតាមកន្លែងរបស់វាដែលពេលវេលាមិនអាចរាប់បាននោះ! (ទំនុកដំកើង ១៩:១, ២; យ៉ូប ២៦:៧, ១៤) ដូច្នេះហើយគ្មានការប្លែកទេដែលព្រះយេហូវ៉ាទតមកមនុស្សនៅលើផែនដីដូចជាសត្វកណ្ដូបហើយប្រទេសដ៏ខ្លាំងនោះក៏ដូចជាសូន្យទទេដែរ។—អេសាយ ៤០:១៣-១៨, ២២
១៧ ហេតុអ្វីបានជាសមហេតុសមផលក្នុងការជឿទៅលើអ្នកបង្កើត?
១៧ តើអ្នករស់នៅក្នុងផ្ទះមួយឬ? អ្នកប្រហែលជាមិនបានសង់ផ្ទះនោះដោយផ្ទាល់ដៃទេ ហើយក៏មិនដឹងថាអ្នកណាមួយបានសង់មកហើយដែរ។ ថ្វីបើអ្នកមិនស្គាល់អ្នកសង់ផ្ទះនោះក៏ដោយ ក៏មិនបញ្ឈប់អ្នកឱយជឿនូវសេចក្ដីពិតដែលថា អ្នកមានបញ្ញាម្នាក់បានសង់ផ្ទះនោះមកមែន។ បើនិយាយថាផ្ទះត្រូវបានកើតមកដោយខ្លួនឯង អ្នកនោះពិតជាល្ងង់ខ្លៅមែន។ ទំរាំបើសកលលោកដ៏ធំនិងរបស់ទាំងឡាយនៅក្នុងនោះវិញ ប្រាជ្ញាដ៏វៀងវៃដែលគ្មានព្រំដែនគឺពិតជាត្រូវការចាំបាច់ក្នុងការសង់នោះ។ តើមិនសមហេតុសមផលទេឬអី ដែលសន្និដ្ឋានថាត្រូវតែមានព្រះដែលជាអ្នកបង្កើតដ៏មានបញ្ញានោះ? ពិតប្រាកដហើយ មានតែមនុស្សល្ងង់ខ្លៅទេដែលគិតក្នុងចិត្តថា៖ «គ្មានព្រះទេ»។—ទំនុកដំកើង ១៤:១; ហេព្រើរ ៣:៤
១៨ តើអ្វីដែលបង្ហាញថាព្រះជាបុគ្គលដែលមានតម្លៃបំផុតនិងត្រូវទទួលសេចក្ដីសរសើរ?
១៨ ភាពដ៏ប្រសើរជាច្រើនដែលគួរឆ្ងល់នៅជុំវិញយើង បុប្ផា បក្សាបក្សី សត្វចតុប្បាទ របស់កើតឡើងដ៏អស្ចារ្យដែលគេហៅថាមនុស្ស អព្ភូតហេតុនៃជីវិតនិងកំណើត ទាំងអស់នេះបានធ្វើបន្ទាល់ពីអ្នកជំនាញខាងបញ្ញាដ៏មើលមិនឃើញដែលបានបង្កើតរបស់នោះមក។ (រ៉ូម ១:២០) ទីណាដែលមានបញ្ញា ទីនោះក៏មានសតិ ទីណាដែលមានសតិ ទីនោះក៏មានបុគ្គលដែរ។ អ្នកបញ្ញាដ៏ខ្ពស់បំផុតនោះក៏ជាបុគ្គលដ៏ខ្ពស់បំផុតហើយក៏ជាអ្នកបង្កើតនៃជីវិតដើមដំបូងទាំងអស់ដែរ។ (ទំនុកដំកើង ៣៦:៩) ព្រះដែលជាអ្នកបង្កើតត្រូវតែទទួលនូវសេចក្ដីសរសើរដ៏មានតម្លៃនិងការថ្វាយបង្គំ។—ទំនុកដំកើង ១០៤:២៤; វិវរណៈ ៤:១១
១៩ (ក) ហេតុអ្វីក៏គ្មានប្រជាជាតិណាមួយអាចថាព្រះបានផ្ដល់នូវជោគជ័យដល់ខ្លួនគេនៅក្នុងសង្គ្រាមនោះឡើយ? (ខ) ហេតុអ្វីក៏ព្រះទ្រង់មិនឡូកឡំក្នុងការធ្វើសង្គ្រាមនៃសាសន៍នានា?
១៩ មនុស្សជាច្រើនដែលមានជំនឿទៅលើព្រះ មានការខកចិត្តអំពីការពិសោធន៍នៃសង្គ្រាមលោកលើកទី២។ នៅពេលនោះប្រទេសនិមួយៗបានអំពាវនាវរក«ព្រះ»រៀងៗខ្លួន ទោះបីជាកាតូលិក (Catholic) ឬប្រូតេស្ថង់ (Protestant) ឬក៏សាសនាខាងប៉ែកបូព៌ាក៏ដោយ។ តើអាចនិយាយបានថា «ព្រះ» ទ្រង់ផ្ដល់នូវជោគជ័យដល់ជាតិខ្លះ ហើយឱយបរាជ័យដល់ជាតិដទៃទៀតឬទេ? ព្រះគម្ពីរបង្ហាញថាគ្មានជាតិណាមួយបានស្រែកហៅដល់ព្រះដ៏ពិតប្រាកដនោះទេ។ ព្រះយេហូវ៉ាដែលជាអ្នកបង្កើតផ្ទៃមេឃនិងផែនដីទ្រង់មិនទទួលការខុសត្រូវក្នុងការជ្រួលច្របល់សង្គ្រាមរវាងជាតិនានាឡើយ។ (កូរិនថូសទី១ ១៤:៣៣) គំនិតរបស់ទ្រង់ខ្ពស់លើសលប់ជាងគំនិតអ្នកនយោបាយនិងអ្នកយោធានៅលើផែនដីទាំងអស់។ (អេសាយ ៥៥:៨, ៩) ដូច្នេះហើយបានជាសាសនាដ៏ត្រឹមត្រូវនិងការថ្វាយបង្គំដល់ព្រះយេហូវ៉ាគ្មានការឡូកឡំនឹងសង្គ្រាមរវាងជាតិនានាឡើយ។ ព្រះយេហូវ៉ាទ្រង់ខ្ពស់លើសលប់ជាងព្រះខាងជាតិនិយមទាំងអស់។ គឺទ្រង់តែមួយអង្គគត់ដែលជាព្រះរបស់បុរសនិងស្ត្រីគ្រប់សញ្ជាតិទាំងអស់ដែលស្រឡាញ់នូវសន្ដិភាព។ ដូចជាព្រះគម្ពីរបានចែងថា៖ «ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិតនោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ»។ (កិច្ចការ ១០:៣៤, ៣៥) មនុស្សជាច្រើនគ្រប់សញ្ជាតិដែលជាអ្នកស្រឡាញ់សេចក្ដីសុចរិត ឥឡូវនេះបានសិក្សាព្រះគម្ពីរ ហើយបានធ្វើតាមការថ្វាយបង្គំដល់ព្រះពិតប្រាកដដែលជា«ព្រះនៃសេចក្ដីសុខសាន្ត» ជាអ្នកបង្កើតមនុស្សលោកយើងនេះ។—រ៉ូម ១៦:២០; កិច្ចការ ១៧:២៤-២៧
២០ អ្វីទៅដែលបង្ហាញពីពួកដែលនៅក្នុងពិភពគ្រីស្ទាន ជាគ្រីស្ទានមិនពិតប្រាកដហើយប្រឆាំងនឹងព្រះទៅវិញនោះ?
២០ អ្នកខ្លះបានឃើញពួកដែលនៅក្នុងសាសនាពិភពគ្រីស្ទានហើយជាអ្នកដែលអះអាងថាគេធ្វើតាមព្រះគម្ពីរ ប៉ុន្តែជាពួកមានការបែកបាក់គ្នានិងការលាក់ពុតទៅវិញ។ គេក៏បញ្ចេញយោបល់ទៀតថា៖ ‹តើអាចឱយខ្ញុំជឿដល់ព្រះនៃព្រះគម្ពីរដូចម្ដេចបាន បើមនុស្សសាសន៍ជាច្រើនមានព្រះគម្ពីរនៅនឹងដៃ ប៉ុន្តែប្រឹងប្រែងស្តុកទុកនូវគ្រាប់បែកបរមាណូទៅវិញនោះ?›។ បើនិយាយឱយពិតទៅ ព្រះគម្ពីរនៅតែមានលក្ខណៈត្រឹមត្រូវជាដរាប ប៉ុន្តែជនជាតិនានានៅក្នុងពិភពគ្រីស្ទាន បានបែកយ៉ាងឆ្ងាយចេញពីគ្រីស្ទសាសនាដ៏ពិតតាមព្រះគម្ពីរ ដូចជាប៉ូលខាងជើងនិងប៉ូលខាងត្បូង។ ពួកគេមានការលាក់ពុតដោយតាំងខ្លួនថាជាគ្រីស្ទាន។ ពួកគេមានព្រះគម្ពីរប៉ុន្តែមិនគោរពតាមសេចក្ដីបង្រៀននៅក្នុងព្រះគម្ពីរឡើយ។ លោកប្រធានាធិបតីនៃប្រទេសអាមេរិកដែលជាអ្នកបានបញ្ជាឱយគេទម្លាក់គ្រាប់បែកបរមាណូទៅលើទីក្រុងហ៊ីរ៉ូស្សីម៉ា (Hiroshima) នោះបានស្រែកថា៖ «អូ! បើប្រសិនជាមានអេសាយឬក៏សាវកប៉ុល»—ដែលអាចដឹកនាំមនុស្សឱយចូលទៅក្នុងវិបត្ដិនៃពិភពលោកនេះ។ បើប្រសិនជាលោកជឿដល់អេសាយនៅក្នុងព្រះគម្ពីរមែននោះ លោកនឹងមិនអាចបញ្ជាឱយគេទម្លាក់គ្រាប់បែកនោះឡើយ ពីព្រោះអេសាយបានគាំទ្រនូវ៖ «នោះគេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ»។ ជាការបន្ថែមក្នុងរឿងនេះ ប៉ុលនៅក្នុងព្រះគម្ពីរបានប្រកាសថា៖ «ដ្បិតទោះបើយើងខ្ញុំដើរក្នុងសាច់ឈាមមែន គង់តែមិនតយុទ្ធតាមសាច់ឈាមទេ ព្រោះគ្រឿងសស្ដ្រាវុធពិជ័យសង្គ្រាមរបស់យើងខ្ញុំមិនមែនជារបស់ខាងសាច់ឈាមទេ»។ (អេសាយ ២:៤; កូរិនថូសទី២ ១០:៣, ៤) យ៉ាងណាក៏ដោយប្រជាជាតិនៅក្នុងពិភពគ្រីស្ទាននោះមិនប្រតិបត្ដិតាមដំបូន្មានដែលមានប្រាជ្ញារបស់ព្រះគម្ពីរទេ បែរទៅជាឡូកឡំក្នុងការប្រណាំងប្រជែងនឹងបង្កើតគ្រឿងសស្ដ្រាវុធសម្រាប់សម្លាប់មនុស្សគ្នាឯងទៅវិញ។ ដូច្នេះហើយការប្រកាសថាពួកគេជាគ្រីស្ទានធ្វើតាមព្រះគម្ពីរនោះ គឺមិនត្រឹមត្រូវឡើយ។ ពួកគេនឹងត្រូវនៅក្រោមការជំនុំជំរះរបស់ព្រះ ព្រោះគេមិនបានធ្វើតាមព្រះហឫទ័យរបស់ទ្រង់។—ម៉ាថាយ ៧:១៨-២៣; សេផានា ១:១៧, ១៨
ស្នាព្រះហស្តនិងអព្ភូតហេតុរបស់ព្រះយេហូវ៉ា
២១ ហេតុអ្វីបានជាសមហេតុសមផលក្នុងការជឿទៅលើអព្ភូតហេតុនៃព្រះ?
២១ ព្រះយេហូវ៉ាបង្កើតរបស់ទាំងឡាយនិងសម្ដែងនូវអព្ភូតហេតុជាច្រើន។ តើអ្នកមានការសង្ស័យទេនូវភាពដ៏អស្ចារ្យដែលព្រះគម្ពីរបានចែងដូចជា៖ ការធ្វើទឹកឱយទៅជាឈាម ការញែកទឹកនៅសមុទ្រក្រហម កំណើតនៃព្រះយេស៊ូវពីស្ត្រីព្រហ្មចារី ហើយនិងអព្ភូតហេតុជាច្រើនទៀតនោះ? ដោយកម្លាំងប្រាជ្ញារបស់មនុស្សមានព្រំដែននោះ គេនឹងមិនអាចយល់បានឡើយនូវអព្ភូតហេតុដែលបានកើតមានឡើង ក្នុងផ្លូវជាមួយគ្នានេះ គេក៏មិនអាចយល់នូវអព្ភូតហេតុនៃថ្ងៃក្នុងការបញ្ចាំងរស្មីជារៀងរាល់ថ្ងៃនេះដែរ។ ការបង្កើតមនុស្សក៏ជាអព្ភូតហេតុមួយដែរ។ មនុស្សក្នុងសម័យយើងនេះមិនបានឃើញអព្ភូតហេតុនោះយ៉ាងណាក៏ដោយ ក៏ប៉ុន្តែគេដឹងថាពិតជាកើតមានឡើង ដោយគេរស់នៅរហូតមកដល់សព្វថ្ងៃនេះជាភស្តុតាង។ មែនហើយ ជីវិតទាំងអស់និងសកលលោកទាំងមូលជាអព្ភូតហេតុមួយដ៏គ្មានទីបញ្ចប់។ តើយើងនៅតែមានការសង្ស័យទៀតឬ ដែលបន្ទូលរបស់ព្រះគឺព្រះគម្ពីរចែងថា ព្រះទ្រង់បានសម្ដែងនូវអព្ភូតហេតុក្នុងពេលដ៏ជាក់លាក់ ទោះបីជាពេលសព្វថ្ងៃនេះមិនត្រូវការអព្ភូតហេតុទាំងនោះក៏ដោយ?
២២ ចូរពិពណ៌នាអំពីការបង្កើតជាដំបូងបង្អស់ពីព្រះ?
២២ ការបង្កើតទាំងអស់ពីព្រះយេហូវ៉ាគឺជាការអស្ចារ្យមែន។ ប៉ុន្តែរបស់ដែលទ្រង់បានបង្កើតមុនដំបូងបង្អស់នោះគឺរឹតតែអស្ចារ្យណាស់ទៅទៀត។ នេះគឺការបង្កើតព្រះរាជបុត្រាដែលជាវិញ្ញាណមួយអង្គ «បងច្បង»។ (កូល៉ុស ១:១៥) ព្រះរាជបុត្រានៅស្ថានសួគ៌នេះមានព្រះនាមថា«ព្រះបន្ទូល»។ អស់រយៈពេលជាច្រើនដែលគេមិនអាចរាប់បាន គឺចាប់ពីពេលដែលទ្រង់ត្រូវបានបង្កើតមកនោះ ទ្រង់ក៏បានយាងមកផែនដីហើយបានទទួលព្រះនាមថា៖ «មនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវ»។ (ធីម៉ូថេទី១ ២:៥) បន្ទាប់មកទ្រង់ត្រូវបានគេនិយាយថា៖ «ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណនិងសេចក្ដីពិត»។—យ៉ូហាន ១:១៤
២៣ (ក) តើការទាក់ទងរវាងព្រះនិងព្រះរាជបុត្រា បានត្រូវពន្យល់តាមរបៀបណា? (ខ) ដោយសារព្រះរាជបុត្រា តើព្រះបានបង្កើតអ្វីខ្លះ?
២៣ ការទាក់ទងគ្នារវាងព្រះយេហូវ៉ានិងព្រះរាជបុត្រារបស់ទ្រង់ គេអាចប្រៀបធៀបទៅនឹងម្ចាស់នៃរោងជាងមួយ ហើយនិងកូនរបស់គាត់ដែលជួយធ្វើរបស់សព្វសារពើទាំងអស់ដែលឪពុកបានរៀបចំឱយ។ ដោយព្រះរាជបុត្រាច្បងដែលជាអ្នកធ្វើការជាមួយទ្រង់នោះ ព្រះយេហូវ៉ាទ្រង់បានបង្កើតបុគ្គលជាវិញ្ញាណដែលជាកូនរបស់ទ្រង់ជាច្រើនដទៃទៀត។ បន្ទាប់មកពួកកូនព្រះក៏មានការសប្បាយដោយឃើញព្រះរាជបុត្រារបស់ព្រះយេហូវ៉ាដែលជាមេជាងរបស់ទ្រង់នោះ បានបង្កើតបន្តទៅទៀតនូវរបស់ទាំងឡាយនៅក្នុងផ្ទៃមេឃនិងផែនដីដែលយើងរស់នៅលើសព្វថ្ងៃ។ តើអ្នកនៅមានការសង្ស័យទេដែលថា របស់ទាំងអស់នេះបានត្រូវបង្កើតឡើងនោះ? រាប់ពាន់ឆ្នាំក្រោយមកព្រះយេហូវ៉ាមានបន្ទូលសួរទៅបុរសដ៏ស្មោះត្រង់ម្នាក់ថា៖ «តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កើតផែនដីឡើង? ចូរប្រាប់មកបើឯងមានយោបល់ ក្នុងកាលដែលផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ»។—យ៉ូប ៣៨:៤, ៧; យ៉ូហាន ១:៣
២៤ (ក) តើរបស់ដ៏ប្រសើរដែលព្រះបានបង្កើតនៅលើផែនដីជាអ្វី ហើយតាមរបៀបណា? (ខ) ហេតុអ្វីបានជាមិនសមហេតុសមផលនិយាយថាមនុស្សបានកើតឡើងពីសត្វតិរច្ឆាននោះ?
២៤ ក្រោយមកព្រះយេហូវ៉ាទ្រង់បានបង្កើតរបស់ដែលរស់នៅលើផែនដី រុក្ខជាតិ ដើមឈើ បុប្ផា មច្ជា បក្សាបក្សី និងសត្វចតុប្បាទនានាជាច្រើន។ (លោកុប្បត្តិ ១:១១-១៣, ២០-២៥) បន្ទាប់មកទ្រង់មានបន្ទូលទៅមេជាងរបស់ទ្រង់ថា៖ «ចូរយើងធ្វើមនុស្សឱយដូចជារូបយើង ឱយមានភាពដូចយើង ហើយ . . . ទ្រង់ក៏បង្កើតមនុស្សឱយដូចរូបអង្គទ្រង់ គឺបានបង្កើតគេឱយចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី»។ (លោកុប្បត្តិ ១:២៦, ២៧) ដោយមនុស្សបានបង្កើតមកដូចជារូបអង្គព្រះនោះ គេក៏មានគុណសម្បត្ដិដូចព្រះដែរ គឺសេចក្ដីស្រឡាញ់ ប្រាជ្ញា យុត្ដិធម៌ និងកម្លាំងដែលមនុស្សពីបុរាណមានលក្ខណៈខ្ពស់ជាងសត្វទាំងឡាយ។ មនុស្សស្ថិតនៅក្នុងស្ថានភាពមួយដែលប្លែកពីសត្វតិរច្ឆាន គឺអាចបញ្ចេញយោបល់បាន គេអាចមានគម្រោងការណ៍ទៅអនាគតនិងមានសមត្ថភាពក្នុងការថ្វាយបង្គំដល់ព្រះ។ សត្វនានាគ្មានបញ្ញាហើយមិនអាចត្រិះរិះវែកញែកឱយឃើញអ្វីបានឡើយ គឺបណ្ដោយតាមសភាវគតិ លក្ខណៈពីធម្មជាតិរបស់វាតែប៉ុណ្ណោះ។ គឺមិនសមហេតុសមផលទេ ការដែលថាគ្មានព្រះដែលជាអ្នកបង្កើតនោះ ហើយបែរជាជឿថាសត្វនិកាយដែលមានលក្ខណៈសមនិងប្រាជ្ញាវៀងវៃ គឺមនុស្សយើងនេះឯង ដែលបានកើតឡើងពីសត្វតិរច្ឆាននោះ!—ទំនុកដំកើង ៩២:៦, ៧; ១៣៩:១៤
២៥, ២៦ (ក) តើសេចក្ដីសង្ឃឹមដ៏ធំណាដែលបានផ្ដល់ដល់មនុស្ស? (ខ) ហេតុអ្វីក៏នឹងគ្មានបញ្ហានៃការលើសមនុស្សនៅលើផែនដី?
២៥ ព្រះទ្រង់បានដាក់មនុស្សនៅក្នុង «សួនច្បារ១នៅស្រុកអេដែនទិសខាងកើត»។ សួនច្បារនោះប្រហាក់ប្រហែលនឹងរូបសួនច្បារនៅលើក្របនៃព្រឹត្ដិប័ត្រនេះ ប៉ុន្តែមានតែមនុស្សពីរនាក់ទេគឺអ័ដាមនិងភរិយារបស់គាត់ដែលបានរស់នៅទីនោះ។ ទីមនោរមពីដើមនោះមិនបានស្ថិតស្ថេរនៅយូរឡើយ ដោយសារទឹកជំនន់ដ៏ធំនៅសម័យលោកណូអេបានបំផ្លាញចោល។ ប៉ុន្តែទីកន្លែងនោះប្រហែលជានៅជិតបូព៌ាប្រទេស ពីព្រោះទន្លេដែលហូរកាត់សួនច្បារអេដែនដែលបានត្រូវរៀបរាប់នៅក្នុងព្រះគម្ពីរនោះ មានរហូតមកដល់សព្វថ្ងៃនេះ។ (លោកុប្បត្តិ ២:៧-១៤) មនុស្សមានឱកាសដ៏ធំនឹងយកសួនច្បារនេះធ្វើជាចំណុចកណ្ដាលក្នុងការពង្រីក និងលាតសន្ធឹងផែនដីទាំងមូលឱយទៅជាទីមនោរមមួយ។—អេសាយ ៤៥:១២, ១៨
២៦ ក៏ដូចជាព្រះវរបិតានិងព្រះរាជបុត្រាដែលខំធ្វើការនោះ ព្រះអង្គទ្រង់បានប្រគល់ការងារដល់មនុស្សលោកនៅលើផែនដីឱយធ្វើដែរ។ (យ៉ូហាន ៥:១៧) ចំពោះអ័ដាមនិងអេវ៉ាដែលជាបុរសនិងស្ត្រីទី១នោះ ព្រះអង្គមានបន្ទូលថា៖ «ចូរបង្កើតកូនឱយចម្រើនជាច្រើនឡើង ឱយមានពេញពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដីហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាសនិងជីវិតផងទាំងឡាយដែលកំរើកនៅផែនដីផង»។ (លោកុប្បត្តិ ១:២៨) តើនេះបានសេចក្ដីថា មនុស្សត្រូវបង្កើតកូនឱយបានច្រើនឡើងរហូតដល់ពេញផែនដី ហើយបន្តទៅទៀតរហូតដល់រកកន្លែងរស់នៅមិនបាននោះទេឬ? មិនមែនទេ។ បើអ្នកណាម្នាក់សុំឱយអ្នកចាក់ទឹកតែទៅក្នុងពែងមួយឱយពេញនោះ អ្នកមិនអាចចាក់ទៅក្នុងពែងរហូតដល់ពេញហូរហៀរហើយកំពប់ទៅលើតុទៀតទេ។ អ្នកក៏ចាក់ពេញល្មមរួចហើយក៏ឈប់។ ក្នុងករណីនេះក៏អញ្ចឹងដែរ ព្រះបញ្ជាគ្រាន់តែឱយមនុស្ស «ពេញពាសលើផែនដី» តែប៉ុណ្ណោះ ហើយកាលណាគម្រោងការណ៍របស់ទ្រង់បានគ្រប់គ្រាន់ហើយនោះ ការបង្កើតកូនចៅក៏នឹងត្រូវបញ្ឈប់ទៅដែរ។ នេះនឹងមិនផ្ដល់នូវបញ្ហាដល់សង្គមមនុស្សគ្រប់លក្ខណ៍នោះទេ។ ការលើសហួសកម្រិតនៃមនុស្សលើផែនដីជាបញ្ហាមួយដែលកើតឡើងនៅក្នុងតែចំណោមមនុស្សមិនគ្រប់លក្ខណ៍ក្នុងលោកីយយើងនេះ។
អំពើអាក្រក់—តើហេតុអ្វីបានជាព្រះអនុញ្ញាតឱយមាន?
២៧ តើសំនួរអ្វីខ្លះដែលត្រូវការនូវចម្លើយ?
២៧ បើសិនជាគោលបំណងរបស់ព្រះថា ផែនដីទាំងមូលនឹងទៅជាទីមនោរម ហេតុដូចម្ដេចបានជាផែនដីទាំងមូលពោរពេញទៅដោយអំពើកាចសាហាវ ទុក្ខលំបាកនិងទុក្ខព្រួយដូច្នេះ? បើព្រះមានចេស្ដាបំផុតមែន ហេតុអ្វីក៏ទ្រង់អនុញ្ញាត្តឱយមានស្ថានភាពដូចនេះយូរម្ល៉េះ? តើមានសេចក្ដីសង្ឃឹមណាមួយថា ភាពដ៏លំបាកនេះនឹងត្រូវបញ្ចប់នៅពេលណាមួយទេ? តើព្រះគម្ពីរបានចែងយ៉ាងដូចម្ដេចខ្លះ?
២៨ តាមរបៀបណាទៅដែលការបះបោរបានចូលទៅក្នុងទីមនោរមនោះ?
២៨ ព្រះគម្ពីរបានបង្ហាញថាបញ្ហារបស់មនុស្សលោកបានចាប់កំណើតឡើង ពេលដែលកូនព្រះមួយក្នុងចំណោមកូនព្រះដែលជាវិញ្ញាណទាំងអស់នោះ បានបះបោរប្រឆាំងនឹងអធិបតេយ្យភាពឬការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ (រ៉ូម ១:២០; ទំនុកដំកើង ១០៣:២២) មិនគួរឱយសង្ស័យទេថាទេវតាមួយនេះ គឺពិតជានៅក្នុងចំណោមទេវតាទាំងឡាយ ដែលមានសេចក្ដីរីករាយ នៅពេលដែលឃើញការបង្កើតមនុស្សលោកនោះ។ ប៉ុន្តែសេចក្ដីលោភនិងការក្រអឺតក្រទមបានចាក់ឫសនៅក្នុងចិត្តវា វាក៏បានត្រូវល្បួងដោយចង់បានអ័ដាមនិងអេវ៉ាឱយធ្វើការថ្វាយបង្គំដល់វា ជាជាងដល់ព្រះយេហូវ៉ាដែលជាអ្នកបង្កើតទៅវិញ។ ទេវតានេះបានអន្ទងអេវ៉ាឱយឈប់ស្ដាប់បង្គាប់ដល់ព្រះដែលមានចេស្ដាបំផុត ដោយប្រើសត្វពស់របៀបដូចជាអ្នកចេះនិយាយនៅក្នុងពោះធ្វើហាក់ដូចជារូបតុក្កតាចេះនិយាយដោយខ្លួនឯងអញ្ចឹង។ បន្ទាប់មកប្ដីរបស់នាងអេវ៉ាអ័ដាមក៏ធ្វើតាមនាងក្នុងការមិនស្ដាប់បង្គាប់ដល់ព្រះដែរ។—លោកុប្បត្តិ ២:១៥-១៧; ៣:១-៦; យ៉ាកុប ១:១៤, ១៥
២៩ (ក) តើចំណោទអ្វីដែលត្រូវតែដោះស្រាយ? (ខ) តើព្រះទ្រង់បានដោះស្រាយនូវការប្រកួតប្រជែងយ៉ាងណា? (គ) តើអ្នកអាចឆ្លើយយ៉ាងណាចំពោះការតេះដៀលរបស់សាតាំងដល់ព្រះយេហូវ៉ា?
២៩ ទេវតាដែលជាអ្នកបះបោរនេះ បានត្រូវគេស្គាល់ថាជា «ពស់ពីបូរាណ»។ (វិវរណៈ ១២:៩; កូរិនថូសទី២ ១១:៣) វាត្រូវគេហៅថាសាតាំងដែលមានន័យថាអ្នកប្រឆាំង ហើយអារក្សដែលមានន័យថាអ្នកនិយាយបង្កាច់បង្ខូច។ វាបានជំទាស់ទៅលើសិទ្ធិនិងសេចក្ដីសុចរិតនៃរបបគ្រប់គ្រងរបស់ព្រះយេហូវ៉ានៅលើផែនដី ហើយវាប្រកួតប្រជែងនឹងព្រះក្នុងពេលនេះថា វាអាចធ្វើមនុស្សទាំងអស់ឱយងាកចេញពីការថ្វាយបង្គំដ៏ត្រឹមត្រូវបាន។ អស់រយៈពេលប្រហែលជា៦.០០០ឆ្នាំមកហើយ ដែលព្រះទ្រង់អនុញ្ញាតឱយវាប៉ុនប៉ងនិងអាចបង្ហាញនូវការប្រកួតប្រជែងរបស់វា ដើម្បីឱយចំណោទដែលចោទទៅលើអធិបតេយ្យភាពរបស់ព្រះយេហូវ៉ា អាចត្រូវដោះស្រាយបានអស់កល្បជានិច្ច។ ការគ្រប់គ្រងរបស់មនុស្សដែលគ្មានការពឹងផ្អែកទៅលើព្រះនោះបានធ្លាក់ទៅក្នុងភាពរហេមរហាម។ ប៉ុន្តែបុរសនិងស្ត្រីដែលមានការស្មោះត្រង់នៅក្នុងចំណោមនោះ មានព្រះយេស៊ូវដែលជាគំរូដ៏ប្រសើរ ទោះបីជានៅក្រោមការល្បងដ៏ខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏គេនៅតែមានភក្ដីភាពជានិច្ចនឹងលើកដំកើងព្រះយេហូវ៉ា ហើយបង្ហាញថាអារក្សជាអ្នកភូតភរទៅវិញ។ (លូកា ៤:១-១៣; យ៉ូប ១:៧-១២; ២:១-៦; ២៧:៥) អ្នកក៏អាចទៅជាអ្នកមានភក្ដីភាពដែរ។ (សុភាសិត ២៧:១១) ប៉ុន្តែមិនមែនតែសាតាំងមួយទេ ជាសត្រូវដែលផ្ដល់នូវទុក្ខវេទនាដល់យើង។ តើអ្វីដែលជាសត្រូវផ្សេងទៀត?
សត្រូវ—សេចក្ដីស្លាប់
៣០ តើព្រះគម្ពីរបានបង្ហាញយើងនូវទណ្ឌកម្មនៃការមិនស្ដាប់បង្គាប់យ៉ាងណា?
៣០ ព្រះទ្រង់បានផ្ដន្ទាទោសដល់ការដែលមិនស្ដាប់បង្គាប់គឺ —សេចក្ដីស្លាប់។ ការផ្ដន្ទាទោសដល់ស្ត្រីទីមួយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា៖ «អញនឹងចំរើនឱយឯងមានសេចក្ដីព្រួយលំបាកជាច្រើនឡើង ក្នុងវេលាដែលមានផ្ទៃពោះ ឯងនឹងបង្កើតកូនដោយឈឺចាប់ ចិត្តឯងនឹងប្រាថ្នាខាងឯប្ដី ហើយប្ដីនឹងត្រួតត្រាលើឯង»។ ទៅមនុស្សប្រុសអ័ដាមទ្រង់មានបន្ទូលថា៖ «ឯងនឹងបានអាហារស៊ីដោយការបែកញើសដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ»។ (លោកុប្បត្តិ ៣:១៦-១៩) អ្នកទាំងពីរដែលមិនស្ដាប់បង្គាប់នេះបានត្រូវបណ្ដេញចេញពីទីមនោរមជាកន្លែងប្រកបដោយសុភមង្គល ទៅរស់នៅលើផែនដីដែលមិនទាន់ធ្វើកសិកម្មនៅឡើយ។ ពេលក្រោយមកអ្នកទាំងពីរក៏បានស្លាប់ទៅ។—លោកុប្បត្តិ ៥:៥
៣១ តើអំពើបាបជាអ្វី? ហើយផ្ដល់លទ្ធផលអ្វីដល់មនុស្សលោក?
៣១ នៅក្រោយពេលបន្ទាប់ពីអ័ដាមនិងអេវ៉ាបានបាត់បង់នូវភាពគ្រប់លក្ខណ៍របស់គេនោះ គេក៏ចាប់ផ្ដើមបង្កើតកូនជាច្រើន។ មនុស្សទាំងអស់ដែលរស់នៅសព្វថ្ងៃបានទទួលនូវភាពមិនគ្រប់លក្ខណ៍របស់ពួកគាត់ ហើយក៏ត្រូវតែស្លាប់ទៅវិញទាំងអស់គ្នា។ អ្នកសរសេរព្រះគម្ពីរម្នាក់បានពន្យល់រឿងនេះដោយមានពាក្យដូចតទៅ៖ «ដូច្នេះដែលបាបបានចូលមកក្នុងលោកីយ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»។ តើអំពើបាបមានន័យយ៉ាងដូចម្ដេច? អំពើបាបមានន័យថា ការមិនបានសម្រេចនូវភាពគ្រប់លក្ខណ៍ ឬភាពពេញលេញ។ ព្រះយេហូវ៉ាទ្រង់មិនពេញព្រះហឫទ័យ ឬក៏មិនទុកឱយរស់តទៅទៀតនូវអ្វីៗដែលមិនគ្រប់លក្ខណ៍ទេ។ ដោយមនុស្សទាំងឡាយបានទទួលមរដកដែលជាអំពើបាបនិងភាពមិនគ្រប់លក្ខណ៍ពីអ័ដាមនោះ សេចក្ដីស្លាប់បាន «សោយរាជ្យ» លើយើងរាល់គ្នា។ (រ៉ូម ៥:១២, ១៤) មនុស្សលោកក៏ត្រូវស្លាប់ដូចជាសត្វតិរច្ឆានដែរ។—សាស្ដា ៣:១៩-២១
៣២ តើព្រះគម្ពីរបានពណ៌នាពីសេចក្ដីស្លាប់ដែលយើងបានទទួលជាមរតកនេះយ៉ាងណា?
៣២ តើសេចក្ដីស្លាប់ជាអ្វី? សេចក្ដីស្លាប់គឺផ្ទុយនឹងការរស់នៅ។ ព្រះបានសន្យានូវជីវិតដ៏អស់កល្បជានិច្ច បើសិនជាគេស្ដាប់បង្គាប់ដល់ទ្រង់។ ប៉ុន្តែមនុស្សដែលមិនបានស្ដាប់បង្គាប់ព្រះនោះ ទោសរបស់គេគឺសេចក្ដីស្លាប់ ការមិនដឹងខ្លួន ការបាត់សូន្យ។ ព្រះទ្រង់មិនបានមានព្រះបន្ទូលថា ជីវិតរបស់មនុស្សកាលណាស្លាប់ហើយនោះ នឹងទៅនៅក្នុងស្ថានវិញ្ញាណឬក៏ទៅនៅក្នុងស្ថានភ្លើងនរកឡើយ ហើយក៏គ្មានការផ្ដន្ទាទោសនៅទីនោះដែរ គឺកាលណាគេមិនស្ដាប់បង្គាប់ គេនឹងត្រូវស្លាប់ទៅវិញប៉ុណ្ណោះ។ ព្រះអង្គបានហាមមនុស្សដោយមានព្រះបន្ទូលថា៖ «ឯងនឹងត្រូវស្លាប់ជាមិនខាន»។ ប៉ុន្តែឃាតករនៃមនុស្សបានភូតដោយពាក្យថា៖ «អ្នកមិនស្លាប់ជាពិតមែនទេ»។ (លោកុប្បត្តិ ២:១៧; ៣:៤; យ៉ូហាន ៨:៤៤) ដូច្នេះហើយមនុស្សទាំងអស់បានទទួលនូវមរតកនេះ គឺសេចក្ដីស្លាប់បានសេចក្ដីថានឹងត្រឡប់ទៅជាធូលីដីវិញ។—សាស្ដា ៩:៥, ១០; ទំនុកដំកើង ១១៥:១៧; ១៤៦:៤
៣៣ (ក) នៅលើផែនដីនេះ តើអនាគតដ៏ត្រចះត្រចង់ណាដែលមនុស្សនឹងរង់ចាំ? (ខ) តើកិច្ចការ៣ប្រការណាដែលព្រះយេហូវ៉ាទ្រង់នឹងសំរេចដោយសារព្រះរាជបុត្រា?
៣៣ ដូច្នេះ តើគ្មានអនាគតចំពោះមនុស្សដែលស្លាប់ទៅហើយនោះទេឬអី? គឺពិតជាមានអនាគតដ៏ត្រចះត្រចង់មួយមែន។ ព្រះគម្ពីរបង្ហាញនូវគោលបំណងរបស់ព្រះ អំពីផែនដីដែលទៅជាទីមនោរមចំពោះមនុស្សលោក ហើយនិងអ្នកដែលបានស្លាប់ទៅហើយក្ដី ក៏គោលបំណងនេះគឺពិតជាកើតឡើងមែន។ ព្រះយេហូវ៉ាមានបន្ទូលថា៖ «ផ្ទៃមេឃជាបល្ល័ង្ករបស់អញ ហើយផែនដីជាកំណល់កល់ជើងអញ»។ «ហើយអញនឹងធ្វើឱយទីនៃជើងអញបានរុងរឿងឧត្តម»។ (អេសាយ ៦៦:១; ៦០:១៣) ដោយសេចក្ដីស្រឡាញ់ដ៏ក្រៃលែងរបស់ទ្រង់ចំពោះមនុស្សលោក ព្រះយេហូវ៉ាបានប្រទានព្រះរាជបុត្រាគឺព្រះបន្ទូលមកផែនដី ឱយមនុស្សលោកបានទទួលជីវិតឡើងវិញដោយសារព្រះរាជបុត្រានេះ។ (យ៉ូហាន ៣:១៦; យ៉ូហានទី១ ៤:៩) ក្នុងករណីនេះមានកិច្ចការ៣ប្រការដែលយើងត្រូវតែយកមកពិភាក្សាដែលព្រះយេហូវ៉ាសំរេចដោយសារព្រះរាជបុត្រាទ្រង់គឺ៖ (១) មធ្យោបាយសង្គ្រោះឱយផុតពីអំណាចនៃសេចក្ដីស្លាប់ (២) ការដែលធ្វើឱយអ្នកដែលស្លាប់ទៅហើយ មានជីវិតមកវិញ (៣) ការតែងតាំងរដ្ឋាភិបាលដ៏គ្រប់លក្ខណ៍មួយលើមនុស្សលោកទាំងអស់។
ការសង្គ្រោះពីសេចក្ដីស្លាប់
៣៤, ៣៥ (ក) តើផ្លូវតែមួយណាដែលអាចឱយមនុស្សផុតចាកពីសេចក្ដីស្លាប់? (ខ) អីទៅដែលថាតម្លៃលោះ?
៣៤ តាំងពីសម័យមុនម្ល៉េះ ហោរារបស់ព្រះបានបង្ហាញយ៉ាងជឿជាក់នូវសេចក្ដីសង្ឃឹមថា ព្រះទ្រង់នឹង «លោះគេ» ឱយផុតពីសេចក្ដីស្លាប់បាន គឺមិនមែនផ្ដេកផ្ដួលទៅលើជំនឿដែលថាព្រលឹងមនុស្សមិនអាចស្លាប់នោះទេ។ (ហូសេ ១៣:១៤) ប៉ុន្តែធ្វើយ៉ាងដូចម្ដេចដើម្បីឱយមនុស្សរួចចាកពីចំណងនៃសេចក្ដីស្លាប់បាន? យុត្ដិធម៌ដ៏គ្រប់លក្ខណ៍របស់ព្រះយេហូវ៉ាបានតម្រូវថា៖ ‹ជីវិតធួននឹងជីវិត ភ្នែកធួននឹងភ្នែក ធ្មេញធួននឹងធ្មេញ›។ (ចោទិយកថា ១៩:២១) ដោយហេតុតែអ័ដាមបានទុកមរតកឱយយើងនូវសេចក្ដីស្លាប់ ដោយសារតែការមិនស្ដាប់បង្គាប់ព្រះដោយចេតនារហូតដល់ទៅបានបាត់បង់នូវជីវិតដ៏គ្រប់លក្ខណ៍នោះ គឺមានតែមនុស្សម្នាក់ទៀតដែលគ្រប់លក្ខណ៍ដូចអ័ដាមប៉ុណ្ណោះ ដែលអាចទិញវត្ថុដ៏មានតម្លៃដែលបាត់បង់ទៅហើយនោះមកវិញបាន។
៣៥ គោលការណ៍ដ៏ត្រឹមត្រូវដែលថា សងឱយស្មើគ្នានោះបានត្រូវទទួលស្គាល់ជាយូរយារណាស់មកហើយក្នុងប្រវត្ដិសាស្ត្រ។ គេច្រើនតែប្រើពាក្យថា៖ «បង់ថ្លៃតម្លៃលោះ»។ អ្វីដែលហៅថាតម្លៃលោះ? នេះជា «តម្លៃដែលត្រូវបង់ ដើម្បីអាចយកមកវិញបាននូវបុគ្គលឬរបស់អ្វីមួយពីអ្នកដែលបង្ខាំងទុកនូវបុគ្គលឬវត្ថុនោះ។ ដូច្នេះហើយអ្នកជាប់គុកនៅក្នុងសង្គ្រាមឬក៏ទាសករដែលបានត្រូវលោះមកវិញនោះ គឺកាលណាគេបានត្រូវរំដោះដោយសារតម្លៃអ្វីមួយ . . . អ្វីៗក៏ដោយដែលត្រូវយកមកជំនួសឬក៏យកមកប្ដូរក្នុងការទូទាត់គ្នានេះជាតម្លៃលោះ»។d ដោយសារអំពើបាបរបស់អ័ដាម មនុស្សលោកទាំងអស់ប្រៀបដូចជាអ្នកជាប់គុក ឬក៏ទាសករដែលរុំជាប់ដោយភាពមិនគ្រប់លក្ខណ៍និងសេចក្ដីស្លាប់។ តម្លៃលោះត្រូវតែបានផ្ដល់ឡើងដើម្បីនឹងរំដោះគេ។ ដើម្បីចៀសវាងនូវការខ្វែងគំនិតគ្នាអំពីការត្រឹមត្រូវនៃតម្លៃលោះនេះ ការបូជានៃជីវិតមនុស្សដ៏គ្រប់លក្ខណ៍មួយគឺជាការចាំបាច់បំផុតដើម្បីឱយស្មើនឹងអ័ដាម។
៣៦ តើព្រះយេហូវ៉ាបានផ្ដល់នូវជីវិតមនុស្សដ៏គ្រប់លក្ខណ៍ជាតម្លៃលោះនោះតាមរបៀបណា?
៣៦ ប៉ុន្តែ តើជីវិតមនុស្សគ្រប់លក្ខណ៍នោះនឹងអាចរកនៅទីណាបានទៅ? មនុស្សទាំងអស់ដែលជាពូជរបស់អ័ដាមមិនគ្រប់លក្ខណ៍នោះ ក៏បាននាំមកជាមួយនូវភាពមិនគ្រប់លក្ខណ៍ដែរ។ «នោះគ្មានអ្នកណាមួយនឹងអាចលោះបងប្អូនខ្លួន ឬយកដំឡៃសំរាប់លោះគេទៅថ្វាយដល់ព្រះបានឡើយ»។ (ទំនុកដំកើង ៤៩:៧) ដើម្បីនឹងឆ្លើយនឹងការចាំបាច់នេះ ដោយសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះមនុស្សលោក ព្រះយេហូវ៉ាទ្រង់បានផ្ដល់ព្រះរាជបុត្រា «បងច្បង» ដែលជាទីស្រឡាញ់របស់ទ្រង់ឱយទៅជាយញ្ញបូជាដែលមនុស្សត្រូវការបំផុត។ ព្រះអង្គទ្រង់បានបញ្ជូនជីវិតដ៏គ្រប់លក្ខណ៍នៃព្រះរាជបុត្រាដែលជាវិញ្ញាណ គឺព្រះបន្ទូលនោះ មកចាប់កំណើតនៅក្នុងផ្ទៃនៃស្ត្រីបរិសុទ្ធម្នាក់នៃសាសន៍យូដាឈ្មោះ នាងម៉ារា។ នាងក៏មានផ្ទៃពោះហើយក៏បានប្រសូតបុត្រាមួយដែលមាននាមថា «យេស៊ូវ»។ (ម៉ាថាយ ១:១៨-២៥) ព្រះដែលជាអ្នកបង្កើតជីវិតនោះ ពិតជាសមហេតុសមផលមែន ដែលទ្រង់អាចបង្កើតឱយមាននូវអព្ភូតហេតុដ៏អស្ចារ្យមួយនេះ។
៣៧ តើព្រះយេស៊ូវបានបង្ហាញនូវសេចក្ដីស្រឡាញ់ ចំពោះមនុស្សទាំងអស់ដែលចង់បានជីវិតនោះតាមរបៀបណា?
៣៧ ព្រះយេស៊ូវបានធំពេញរូបពេញរាងឡើង ក៏បានថ្វាយខ្លួនទ្រង់ដល់ព្រះយេហូវ៉ា ហើយក៏បានធ្វើពិធីជ្រមុជទឹក។ បន្ទាប់មកព្រះយេហូវ៉ាបានបង្គាប់យេស៊ូវឱយធ្វើតាមព្រះហឫទ័យទ្រង់។ (ម៉ាថាយ ៣:១៣, ១៦, ១៧) ដោយសារតែជីវិតរបស់ព្រះយេស៊ូវនៅលើផែនដីបានមកពីស្ថានសួគ៌ ហើយទ្រង់ជាអ្នកគ្រប់លក្ខណ៍នោះ ព្រះយេស៊ូវអាចបូជាជីវិតរបស់ទ្រង់ដែលជាមនុស្សដ៏គ្រប់លក្ខណ៍ដើម្បីនឹងរំដោះមនុស្សលោកពីសេចក្ដីស្លាប់បាន។ (រ៉ូម ៦:២៣; ៥:១៨, ១៩) ទ្រង់មានបន្ទូលថា៖ «ខ្ញុំបានមកដើម្បីឱយវារាល់គ្នាមានជីវិត ហើយឱយមានជីវិតនោះពេញបរិបូណ៌ផង»។ «គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្ដូរជីវិតជំនួសពួកសំឡាញ់របស់ខ្លួននោះទេ»។ (យ៉ូហាន ១០:១០; ១៥:១៣) ពេលដែលសាតាំងបានធ្វើគុតទ្រង់នៅលើបង្គោលឈើនោះ ទោះបីសម្លាប់យ៉ាងឃោរឃៅក៏ដោយ ក៏ព្រះយេស៊ូវបានបណ្ដោយឱយគេសម្លាប់ទ្រង់ដែរ ពីព្រោះទ្រង់ដឹងថាមនុស្សណាដែលមានជំនឿនឹងអាចទទួលជីវិតបាន ដោយសារការផ្ដល់នូវតម្លៃលោះនេះ។—ម៉ាថាយ ២០:២៨; ធីម៉ូថេទី១ ២:៥, ៦
ការធ្វើឱយមានជីវិតមកវិញ
៣៨ តើព្រះរាជបុត្រានៃព្រះបានរស់ឡើងវិញតាមរបៀបណា ហើយមានភស្តុតាងណាខ្លះដែលបានបង្ហាញក្នុងរឿងនេះ?
៣៨ ទោះបីជាសត្រូវបានធ្វើគុតដល់ទ្រង់ក៏ដោយ ព្រះរាជបុត្រាមិនបានបាត់បង់នូវសិទ្ធិនៃជីវិតដ៏គ្រប់លក្ខណ៍ទេ ពីព្រោះទ្រង់បានរក្សានូវភក្ដីភាពចំពោះព្រះជានិច្ច។ ប៉ុន្តែបើសិនជាព្រះយេស៊ូវនៅតែសុគតក្នុងផ្នូរនោះ តើទ្រង់អាចយកសិទ្ធិនៃជីវិតមនុស្សដែលមានតម្លៃនោះទៅប្រើដើម្បីនឹងជួយមនុស្សលោកបានតាមរបៀបណា? នៅគ្រានោះហើយដែលព្រះយេហូវ៉ាបានបង្កើតនូវអព្ភូតហេតុមួយទៀតដែលមានប្រភេទថ្មី។ បីថ្ងៃក្រោយពីពេលដែលព្រះយេស៊ូវបានចូលទីវង្គតនោះ ព្រះយេហូវ៉ាបានធ្វើឱយព្រះយេស៊ូវរស់ឡើងទៅ ជាបុគ្គលដែលជាវិញ្ញាណដែលមិនស្លាប់ទៅវិញ។ (រ៉ូម ៦:៩; ពេត្រុសទី១ ៣:១៨) ដើម្បីនឹងឱយសិស្សទ្រង់ជឿនូវការរស់ឡើងវិញនោះ ជាច្រើនលើកច្រើនគ្រា ទ្រង់បានបង្ហាញអង្គកាយដូចជាមនុស្សអញ្ចឹង ហើយគ្រាមួយនោះទ្រង់បានបង្ហាញដល់សិស្សទ្រង់ដែលមានគ្នាជាង៥០០នាក់។ គ្មានសិស្សណាមួយមានការសង្ស័យអំពីការរស់ឡើងវិញនៃព្រះយេស៊ូវឡើយ សូម្បីតែសាវកប៉ុលដែលនៅពេលមួយនោះ បានត្រូវខ្វាក់ភ្នែកដោយសារតែការបង្ហាញនូវសិរីល្អនៃព្រះយេស៊ូវក៏ដោយ។—កូរិនថូសទី១ ១៥:៣-៨; កិច្ចការ ៩:១-៩
៣៩ (ក) តើព្រះយេស៊ូវប្រើតម្លៃការបូជាជីវិតរបស់ទ្រង់តាមរបៀបណា ហើយជាបឋមចំពោះពួកណា? (ខ) តើព្រះយេស៊ូវបានមានបន្ទូលអំពីអព្ភូតហេតុដ៏ធំមួយទៀតណា?
៣៩ ៤០ថ្ងៃក្រោយមក ព្រះយេស៊ូវដែលបានរស់ឡើងវិញនោះ ទ្រង់បានឡើងទៅចំពោះព្រះភក្ដ្រព្រះយេហូវ៉ានៅស្ថានសួគ៌ដើម្បីនឹងថ្វាយដល់ព្រះនូវតម្លៃនៃការបូជាមនុស្សគ្រប់លក្ខណ៍ ក្នុងការរំដោះមនុស្សលោក។ «តែទ្រង់វិញ ក្រោយដែលទ្រង់បានថ្វាយយញ្ញបូជាតែ១ដោយព្រោះបាប នោះទ្រង់បានគង់ខាងស្ដាំព្រះនៅជារៀងរាបដរាបទៅ ទាំងចាំទំរាំដល់បានដាក់ពួកខ្មាំងសត្រូវ ឱយធ្វើជាកំណល់កល់ព្រះបាទទ្រង់»។ (ហេព្រើរ ១០:១២, ១៣) ក្រុមទី១ដែលត្រូវបានលោះដោយសារតម្លៃនោះគឺ«ហ្វូងតូច» ដែលជាគ្រីស្ទានដ៏ស្មោះត្រង់ «ដែលជារបស់ផងព្រះគ្រីស្ទ» (លូកា ១២:៣២; កូរិនថូសទី១ ១៥:២២, ២៣) ពួកនេះត្រូវ «បានលោះគេចេញពីពួកមនុស្សលោក» ដូច្នេះហើយ នៅពេលរស់ឡើងវិញគេនឹងក្លាយទៅជាបុគ្គលដែលជាវិញ្ញាណ ចូលរួមជាមួយនឹងព្រះយេស៊ូវនៅលើស្ថានសួគ៌។ (វិវរណៈ ១៤:១-៥) ប៉ុន្តែមនុស្សជាច្រើនដែលបានស្លាប់ទៅហើយនោះ តើនឹងទៅជាយ៉ាងដូចម្ដេច? នៅគ្រាដែលព្រះយេស៊ូវរស់នៅលើផែនដីនោះ ទ្រង់មានបន្ទូលថា ព្រះវរបិតាទ្រង់បានប្រគល់ដល់ទ្រង់នូវអំណាចក្នុងការជំនុំជំរះនិងផ្ដល់ជីវិតដល់មនុស្ស។ ទ្រង់បានបន្ថែមទៀតថា៖ «កុំឱយឆ្ងល់ពីសេចក្ដីនេះឡើយ ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរ នឹងឮសម្លេងទ្រង់ ហើយនឹងចេញមក . . . គេនឹងរស់ឡើងវិញ»។ (យ៉ូហាន ៥:២៦-២៩) ទ្រង់នឹងប្រោសគេឱយមានជីវិតឡើងវិញនៅក្នុងទីមនោរមនៅលើផែនដី។
៤០, ៤១ (ក)សូមអ្នកពន្យល់ឱយបានហ្មត់ចត់ពីពាក្យ «ដំណើររស់ឡើងវិញ»។ (ខ) តើហេតុអ្វីបានជាយើងអាចជឿបាននូវពាក្យសន្យារបស់ព្រះក្នុង «ដំណើររស់ឡើងវិញ» នេះ?
៤០ សូមចំណាំនូវបន្ទូលរបស់ព្រះយេស៊ូវ «កុំឱយឆ្ងល់ពីសេចក្ដីនេះឡើយ»។ ទោះបីជាទ្រង់មានបន្ទូលដូច្នេះក៏ដោយ អ្នកដែលបានស្លាប់ជាយូរយារណាស់មកហើយ តើធ្វើយ៉ាងដូចម្ដេចដើម្បីនឹងរំដោះគេពីសេចក្ដីស្លាប់ឱយមានជីវិតទៅបាន? តើរូបកាយរបស់គេមិនបានត្រឡប់ទៅជាធូលីដីទេឬអី? ចំណែកយ៉ាងតូចៗជាច្រើនពីរូបកាយទាំងនោះ ប្រហែលជាបានជ្រួតជ្រាបទៅក្នុងរបស់ដែលមានជីវិត ដូចជារុក្ខជាតិនិងសត្វដទៃទៀតទៅហើយ។ ប៉ុន្តែការប្រោសជីវិតនោះមិនមានន័យថា ការផ្សំផ្គុំនៃជាតិគីមីដែលមានពីដើមនោះទេ។ ទាំងនេះមានន័យថាព្រះទ្រង់បង្កើតមនុស្សដដែលសាជាថ្មីដោយមានចរិយាសម្បត្ដិដូចពីមុនអញ្ចឹង។ ទ្រង់នឹងបង្កើតរូបកាយថ្មីដោយវត្ថុធាតុពីដី។ ជាមួយនឹងរូបកាយនេះព្រះទ្រង់នឹងបង្កើតលក្ខណៈ គុណភាពផ្សេងៗ សតិដូចដើម និងលំនាំជីវិតដែលគេមានមករហូតមកទល់ពេលស្លាប់។
៤១ អ្នកប្រហែលជាមានការពិសោធន៍ នៅពេលដែលផ្ទះជាទីស្រឡាញ់របស់អ្នកបានត្រូវភ្លើងឆេះនោះ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនមានការពិបាកនឹងសង់ឡើងវិញនូវផ្ទះនោះទេ ពីព្រោះគំរូនឹងភាពល្អិតល្អន់នៃផ្ទះដែលជាទីស្រឡាញ់នោះបានស្ថិតនៅក្នុងសតិរបស់អ្នកយ៉ាងច្បាស់។ ពិតហើយ ព្រះដែលជាអ្នកបង្កើតនៃសតិនោះ ទ្រង់នឹងអាចបង្កើតឡើងវិញនូវមនុស្សទាំងឡាយដែលទ្រង់ចាំបាន ពីព្រោះទ្រង់បានស្រឡាញ់គេ។ (អេសាយ ៦៤:៨) ដូច្នេះហើយបានជាព្រះគម្ពីរប្រើនូវពាក្យ «ផ្នូរនៃសេចក្ដីនឹកចាំ» (ពថ) ។ កាលណាពេលវេលារបស់ព្រះមកដល់ សំរាប់ប្រោសមនុស្សឱយរួចពីសេចក្ដីស្លាប់ហើយឱយមានជីវិតឡើងវិញនោះ ទ្រង់នឹងសម្ដែងនូវអព្ភូតហេតុដូចកាលដែលទ្រង់បានសម្ដែងអព្ភូតហេតុក្នុងការបង្កើតបុរសទី១ ប៉ុន្តែនៅពេលនេះទ្រង់នឹងសម្ដែងរឿងនេះជាច្រើនដង។—លោកុប្បត្តិ ២:៧; កិច្ចការ ២៤:១៥
៤២ តើហេតុអ្វីក៏ជីវិតអស់កល្បជានិច្ចនៅលើផែនដីអាចកើតឡើងយ៉ាងពិតប្រាកដបាន?
៤២ ព្រះទ្រង់នឹងប្រោសមនុស្សឱយមានជីវិតឡើងវិញដោយនូវសេចក្ដីសង្ឃឹមថា នឹងគ្មានសេចក្ដីស្លាប់នៅលើផែនដីទៀតទេ។ ប៉ុន្តែតើធ្វើយ៉ាងដូចម្ដេចដើម្បីនឹងអាចឱយមានជីវិតអស់កល្បជានិច្ចទៅបាន? រឿងនេះនឹងអាចកើតឡើងពិតប្រាកដបាន ពីព្រោះនេះតាមហឫទ័យនិងគោលបំណងរបស់ព្រះ។ (យ៉ូហាន ៦:៣៧-៤០; ម៉ាថាយ ៦:១០) បុព្វហេតុតែមួយដែលធ្វើឱយមនុស្សយើងស្លាប់នោះគឺការទទួលអំពើបាបពីអ័ដាម។ កាលណាយើងពិនិត្យមើលរបស់ដ៏ល្អផ្សេងៗជាច្រើនដែលគ្មានទីបញ្ចប់ ដែលធ្វើឱយមនុស្សយើងមានសេចក្ដីសប្បាយរីករាយនោះ អាយុដែលតិចជាងមួយរយឆ្នាំនេះជារយៈពេលខ្លីណាស់។ ក្នុងការដែលព្រះទ្រង់បានប្រគល់ផែនដីដល់មនុស្សលោក ទ្រង់មានបំណងថាមនុស្សយើងគួរតែរស់នៅហើយរីករាយដោយភាពត្រចះត្រចង់ពីការបង្កើតរបស់ព្រះ មិនមែនគ្រាន់តែរាប់រយឬរាប់ពាន់ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែដ៏អស់កល្បជានិច្ចវិញ!—ទំនុកដំកើង ១១៥:១៦; ១៣៣:៣
រដ្ឋាភិបាលដ៏គ្រប់លក្ខណ៍ដែលផ្ដល់នូវសន្ដិភាព
៤៣ (ក) ហេតុអ្វីបានជាមនុស្សត្រូវការជាចាំបាច់នូវរដ្ឋាភិបាលដ៏គ្រប់លក្ខណ៍? (ខ) តើព្រះយេហូវ៉ាទ្រង់មានគោលបំណងយ៉ាងណាក្នុងរឿងនេះ?
៤៣ ដោយសារតែឪពុកម្ដាយរបស់យើងពីដំបូងបង្អស់មិនគោរពក្រិត្យវិន័យរបស់ព្រះនោះរដ្ឋាភិបាលរបស់មនុស្សលោកក៏បានស្ថិតនៅក្រោមអំណាចរបស់សាតាំង។ ជាការសមហេតុសមផលមែនដែលព្រះគម្ពីរបានហៅសាតាំងថា «ព្រះរបស់លោកីយនេះ»។ (កូរិនថូសទី២ ៤:៤) សង្គ្រាម ភាពឃោរឃៅ អំពើពុករលួយនិងភាពមិននឹងនរបស់រដ្ឋាភិបាលបានបង្ហាញឱយឃើញយ៉ាងជាក់លាក់ថា វាពិតជាព្រះរបស់លោកីយនេះ។ អង្គការសង្គមប្រជាជាតិនិងអង្គការសហប្រជាជាតិ មិនបានផ្ដល់នូវសន្ដិភាពអ្វីក្រៅពីការវង្វេងវង្វាន់នោះទេ។ មនុស្សលោកស្រែកអំពាវនាវរករដ្ឋាភិបាលដែលមានសន្ដិភាព។ តើមិនសមហេតុសមផលទេឬអីថា ព្រះជាអ្នកបង្កើតនោះទ្រង់មានបំណងនឹងធ្វើផែនដីទាំងមូលឱយទៅជាទីមនោរម ហើយទ្រង់នឹងផ្ដល់នូវរដ្ឋាភិបាលដ៏គ្រប់លក្ខណ៍មួយដល់ទីមនោរមនេះ? គឺពិតជាអញ្ចឹងមែនដែលព្រះយេហូវ៉ាទ្រង់បានសម្រេចព្រះហឫទ័យនឹងធ្វើក្នុងរឿងនេះ។ ស្តេចដែលជាដំណាងទ្រង់ក្នុងរដ្ឋាភិបាលនេះគឺ «ជាម្ចាស់នៃមេត្រីភាព» ព្រះយេស៊ូវគ្រីស្ទ ហើយ «សេចក្ដីចំរើននៃរដ្ឋាភិបាលទ្រង់ និងសេចក្ដីសុខសាន្តរបស់ទ្រង់នោះនឹងមិនចេះផុត» —អេសាយ ៩:៦, ៧
៤៤ (ក) តើរដ្ឋាភិបាលនេះនឹងនៅទីណា? (ខ) តើរដ្ឋាភិបាលនេះនឹងត្រូវតែងតាំងឡើងតាមរបៀបណា?
៤៤ ព្រះគម្ពីរបានបង្ហាញថា រដ្ឋាភិបាលដ៏គ្រប់លក្ខណ៍នេះនឹងនៅក្នុងស្ថានសួគ៌។ ពីកន្លែងដ៏មានប្រៀបនេះ សម្ដេចយេស៊ូវគ្រីស្ទនឹងគ្រប់គ្រងយ៉ាងសក្ដិសិទ្ធទៅលើផែនដីទាំងមូលដោយសេចក្ដីសុចរិត។ ម្យ៉ាងទៀត ទ្រង់នឹងធ្វើសហប្រតិបត្ដិការជាមួយអ្នកគ្រប់គ្រងដទៃទៀត នៅក្នុងរដ្ឋាភិបាលសួគ៌ាដែលមិនអាចមើលឃើញ។ ពួកនេះបានរើសមកពីពួកដែលស្មោះត្រង់និងជាអ្នកដើរតាមព្រះយេស៊ូវ ហើយជាប់ជាមួយគ្នាក្នុងគ្រារងទុក្ខវេទនា ដែលព្រះយេស៊ូវមានបន្ទូលទៅពួកគេថា៖ «ខ្ញុំក៏ដំរូវនគរមួយឱយអ្នករាល់គ្នា ដូចជាព្រះវរបិតានៃខ្ញុំបានដំរូវនគរឱយខ្ញុំដែរ»។ (លូកា ២២:២៨, ២៩) ពួកនេះមានភាគតិចណាស់ ដែលនឹងត្រូវយកចេញពីមនុស្សលោកពីផែនដីទៅស្ថានសួគ៌ដើម្បីនឹងគ្រប់គ្រងជាមួយព្រះគ្រីស្ទយេស៊ូវ។ រឿងនេះក៏ប្រហាក់ប្រហែលទៅនឹងសាសន៍នានាក្នុងពេលបច្ចុប្បន្ននេះដែរ គឺមានមនុស្សតែមួយចំនួនប៉ុណ្ណោះដែលធ្វើការនៅក្នុងសាលសន្និសីទឬក៏ក្នុងមន្ទីររដ្ឋសភា។ ព្រះគម្ពីរបានបង្ហាញថា ពួកដែលគ្រប់គ្រងជាមួយនឹងព្រះយេស៊ូវនោះ គឺមានចំនួន១៤៤.០០០នាក់។ ដូច្នេះអាណាចក្ររបស់ព្រះឬរដ្ឋាភិបាលសួគ៌ានេះ មានព្រះគ្រីស្ទយេស៊ូវហើយនិង១៤៤.០០០នាក់ដែលបានយកពីផែនដីទៅស្ថានសួគ៌។ (វិវរណៈ ១៤:១-៤; ៥:៩, ១០) ចុះចំណែកខាងផែនដីវិញ? ទំនុកដំកើង ៤៥:១៦ បានចែងថាស្តេចនឹងតែងតាំងឱយមាន «ចៅហ្វាយនៅគ្រប់លើផែនដី»។ «ចៅហ្វាយ» មនុស្សឬក៏អ្នកត្រួតត្រារបស់រដ្ឋាភិបាលនេះ នឹងត្រូវតែងតាំងឡើងពីស្ថានសួគ៌ពីព្រោះតែភក្ដីភាពដ៏ជ្រាលជ្រៅទៅនឹងគោលការណ៍នៃសេចក្ដីសុចរិតរបស់គេ។—ប្រៀបធៀបទៅនឹង អេសាយ ៣២:១
៤៥, ៤៦ (ក) តើអ្វីដែលជាផ្ទៃរឿងដ៏សំខាន់បំផុតនៃការផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវនៅលើផែនដី? (ខ) ហេតុអ្វីបានជារដ្ឋាភិបាលដ៏គ្រប់លក្ខណ៍នេះមិនបានបង្កើតឡើងនៅពេលដែលព្រះយេស៊ូវគង់នៅលើផែនដី? (គ) ហេតុអ្វីបានជាឆ្នាំ១៩១៤នៃសករាជយើងនេះចាត់ទុកជាឆ្នាំដ៏សំខាន់ក្នុងទំនាយពីព្រះគម្ពីរហើយនៅក្នុងស្ថានការណ៍នៅពិភពលោក?
៤៥ នៅពេលណានិងតាមរបៀបណាដែលរដ្ឋាភិបាលដ៏គ្រប់លក្ខណ៍នេះបានបង្កើតឡើង? កាលដែលព្រះយេស៊ូវនៅលើផែនដីនោះ អាណាចក្រព្រះគឺជាផ្ទៃរឿងដ៏សំខាន់បំផុតក្នុងការផ្សាយដំណឹងល្អរបស់ទ្រង់។ (ម៉ាថាយ ៤:១៧; លូកា ៨:១) ប៉ុន្តែទ្រង់ក៏មិនបានបង្កើតអាណាចក្រព្រះនៅពេលនោះ ឬនៅពេលដែលទ្រង់បានត្រូវប្រោសពីស្លាប់ឡើងវិញនោះដែរ។ (កិច្ចការ ១:៦-៨) ទោះបីជាទ្រង់យាងទៅស្ថានសួគ៌វិញនោះក៏ដោយ ក៏ទ្រង់ត្រូវតែរង់ចាំដល់ពេលកំណត់ដែលព្រះយេហូវ៉ាបានគ្រោងទុកនោះដែរ។ (ទំនុកដំកើង ១១០:១, ២; ហេព្រើរ ១:១៣) ទំនាយពីព្រះគម្ពីរបានបង្ហាញថាពេលកំណត់នោះបានមកដល់នៅឆ្នាំ១៩១៤ក្នុងសករាជយើងនេះ។ ប៉ុន្តែអ្នកខ្លះនឹងសួរថា ‹ជំនួសពីរដ្ឋាភិបាលដ៏គ្រប់លក្ខណ៍វិញនោះ តើឆ្នាំ១៩១៤ មិនមែនជាពេលដែលការវេទនាបានកើតរឹតតែច្រើនឡើងនោះទេឬអី?› នេះជាពិតប្រាកដមែន! ពីព្រោះមានការទាក់ទងយ៉ាងជិតដិតរវាងកំណើតនៃអាណាចក្រព្រះនិងមហន្តរាយជាច្រើនក្នុងឆ្នាំថ្មីៗនេះដែលយើងនឹងឃើញមកទៀត។
៤៦ ក្នុងរយៈពេលប្រហែលជា៣៥ឆ្នាំមុនឆ្នាំ១៩១៤ ទស្សនាវដ្ដីប៉មយាម (ឥឡូវនេះដែលជាទស្សនាវដ្ដីនៃសាសនាដែលចែកចាយនៅពេញផែនដីនេះ) បានបញ្ជាក់ហើយបញ្ជាក់ទៀតថាឆ្នាំ១៩១៤នេះគឺជាឆ្នាំដែលទំនាយនៅក្នុងព្រះគម្ពីរបានកំណត់ទុក។ ទំនាយទាំងអស់នោះបានបំពេញ ឡើងមែនចាប់តាំងពីឆ្នាំ១៩១៤។ ទំនាយមួយរបស់ព្រះយេស៊ូវដែលទ្រង់បានទាយទុក១.៩០០ឆ្នាំមុននេះគឺ «ទីសំគាល់» នៃបំផុតកល្បរបស់លោកីយនេះ ដែលនឹងឱយភស្តុតាងថាទ្រង់មានវត្តមានដោយអំណាចរបស់ទ្រង់ជាស្តេច ដែលយើងមិនអាចមើលឃើញផ្ទាល់នឹងភ្នែក។ ក្នុងការឆ្លើយតបទៅនឹងសំនួររបស់សិស្សទ្រង់អំពីទីសំគាល់នេះ ទ្រង់មានបន្ទូលថា «សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ហើយនឹងកើតមានអំណត់ ជម្ងឺអាសន្នរោគ និងកក្រើកដីនៅកន្លែងផ្សេងៗ តែការទាំងនោះជាដើមចមនៃសេចក្ដីទុក្ខទេ»។ (ម៉ាថាយ ២៤:៣, ៧, ៨) ស្ថានការណ៍ដែលកើតឡើងតាមទំនាយនេះ មានសង្គ្រាមលោកលើកទី១នៅឆ្នាំ១៩១៤ ដែលបណ្ដាលឱយមានមហន្តរាយ៧ដងធំជាងសង្គ្រាមទាំង៩០០ ដែលកើតមានឡើងក្នុងរយៈពេល២.៥០០ឆ្នាំមុននោះ។ សេចក្ដីទុក្ខវេទនានេះមានរហូតមកដល់សព្វថ្ងៃនេះដែរ។ តើអ្នកមានការពិសោធន៍នឹងមហន្តរាយនៃសង្គ្រាម ការអត់បាយឬការរំជួយផែនដីដ៏ខ្លាំងមួយ ដែលធ្វើឱយមនុស្សលោកមានការរងទុក្ខវេទនាពីឆ្នាំ១៩១៤មកទេ? បើអ្នកមានការពិសោធន៍នោះ អ្នកនឹងបានជាសាក្សីអំពី «ទីសំគាល់» នៃ «គ្រាចុងបំផុត» របស់លោកីយនេះ—ដានីយ៉ែល ១២:៤
៤៧ តើស្ថានការណ៍ដែលជាទីសំគាល់នោះ បានកើតឡើងយ៉ាងដូចម្ដេចខ្លះក្នុងឆ្នាំថ្មីៗកន្លងទៅនេះ?
៤៧ «សេចក្ដីទុក្ខ» បានរាលដាលរហូតដល់សង្គ្រាមលោកលើកទី២ ដែលធំជាងសង្គ្រាមលោកលើកទីមួយ៤ដងទៅទៀត ហើយក៏បានធ្លាក់ទៅក្នុងសម័យគ្រាប់បែកបរមាណូ ដូចព្រះយេស៊ូវបានទាយមកទៀតថា៖ «ហើយនៅលើផែនដីនឹងមានសេចក្ដីលំបាកនៅគ្រប់ទាំងសាសន៍ និងសេចក្ដីទ័លគំនិត . . . មនុស្សនឹងស្រយុតចិត្តដោយភ័យ ហើយដោយទន្ទឹងចាំការដែលត្រូវមកលើផែនដី»។ (លូកា ២១:២៥, ២៦) ការកើតឡើងនូវអំពើឧក្រិដ្ឋនិងមនុស្សទុច្ចរិត ការមិនស្ដាប់បង្គាប់និងការប្រព្រឹត្តបទល្មើសក្នុងចំណោមមនុស្សក្មេងៗ ការដុះដាលរឹតតែច្រើនឡើងនូវការមិនស្គាល់ព្រះ គ្មានសីលធម៌ រឿងរ៉ាវដ៏គួរឱយខ្លាច ដែលបានទាយមកនេះបានបង្ហាញនៅ «ជាន់ក្រោយបង្អស់» នៃលោកីយដ៏អាក្រក់នេះ។—ធីម៉ូថេទី២ ៣:១-៥; ម៉ាថាយ ២៤:១២
៤៨ តើអ្នកណាដែលទទួលខុសត្រូវនូវសេចក្ដីវេទនានៅលើផែនដី ហើយហេតុអ្វីបានជារឿងទាំងនេះរឹតតែកើតឡើងចាប់តាំងពីឆ្នាំ១៩១៤មកម្ល៉េះ?
៤៨ បើសិនជារដ្ឋាភិបាលសួគ៌ាបានតាំងឡើងក្នុងឆ្នាំ១៩១៤មែននោះ ហេតុអ្វីក៏មានសេចក្ដីទុក្ខលំបាកច្រើនម្ល៉េះ? នេះគឺអារក្សសាតាំងដែលជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ។ ពេលដែលព្រះយេស៊ូវឡើងកាន់អំណាចនៅក្នុងព្រះរាជាណាចក្រនោះ សកម្មភាពទី១របស់ទ្រង់គឺធ្វើសង្គ្រាមជាមួយសាតាំងនៅលើស្ថានសួគ៌ដែលមើលមិនឃើញ។ លទ្ធផលគឺសាតាំង «ដែលបាននាំលោកីយទាំងមូលឱយវង្វេងចេញ» ជាមួយនិងទេវតារបស់វា បានត្រូវបោះទម្លាក់មកលើផែនដីនេះ។ ដោយវាដឹងថាការកំទេចរបស់វាជិតមកដល់ហើយនោះ វាបានបង្កើតភាពជ្រួលច្របល់នៅលើផែនដី។ បានន័យថា៖ «វេទនាដល់ផែនដីនិងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នាទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។—វិវរណៈ ១២:៧-៩, ១២
៤៩ (ក) តើពួកដែល «បង្ខូចផែនដី» នឹងទៅជាយ៉ាងណា? (ខ) តើព្រះយេហូវ៉ាទ្រង់នឹងប្រព្រឹត្តនូវ «ការគិតសម្រេច» តាមរបៀបណាទៅលើប្រជាជាតិទាំងអស់?
៤៩ តើសេចក្ដីវេទនានេះនឹងត្រូវចប់នៅថ្ងៃណាមួយទេ? មែនហើយ នៅពេលដែលរដ្ឋាភិបាលនៃស្ថានសួគ៌គឺជាអាណាចក្ររបស់ព្រះដែលមានព្រះចេស្ដាដ៏ធំបំផុតនោះ នឹងធ្វើសកម្មភាពដើម្បីនឹង «ត្រូវបំផ្លាញពួកអ្នកដែលបង្ខូចផែនដីផង»។ (វិវរណៈ ១១:១៨; ដានីយ៉ែល ២:៤៤) ជាដាច់ខាត ព្រះនឹងមិនអនុញ្ញាត្តឱយអ្នកនយោបាយ ពួកគ្រីស្ទានមិនពិត ឬក៏អ្នកផ្សេងៗទៀតបំផ្លាញនូវស្នាព្រះហស្តគឺផែនដីដោយគ្រាប់បែកបរមាណូរបស់គេឡើយ។ ផ្ទុយទៅវិញ ទ្រង់មានបន្ទូលថា៖ «ពីព្រោះអញបានគិតសម្រេច នឹងប្រមូលអស់ទាំងសាសន៍ ដើម្បីនឹងភ្ជុំនគរទាំងប៉ុន្មាន ប្រយោជន៍នឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់អញ គឺជាសេចក្ដីក្រេវក្រោធដ៏សហ័សរបស់អញទៅលើគេ»។ (សេផានា ៣:៨) ដោយសារព្រះគ្រីស្ទ ព្រះយេហូវ៉ាទ្រង់នឹងប្រើកម្លាំងដ៏មហិមាដែលទ្រង់បានបង្ក្រាបនៅលើធម្មជាតិទាំងអស់នោះ នឹងកំទេចចោលឱយអស់នូវមនុស្សទាំងឡាយដែលដើរតាមសាតាំង។ រឿងទាំងនេះនឹងកើតឡើងនៅពេញផែនដីទាំងមូល ដែលមានទំហំទៅនឹងទឹកជំនន់ដ៏ធំនៃសម័យលោកណូអេដែរ។—យេរេមា ២៥:៣១-៣៤; ពេត្រុសទី២ ៣:៥-៧, ១០
៥០ (ក) «អើម៉ាគេដូន» ជាអ្វី? (ខ) តើមានតែអ្នកណាទេ នឹងបានទទួលសង្គ្រោះពីអើម៉ាគេដូន?
៥០ នៅក្នុងព្រះគម្ពីរ ការបំផ្លាញនូវជនជាតិដ៏អាក្រក់ទាំងនោះមានឈ្មោះថា សង្គ្រាមរបស់ព្រះនៅ «អើម៉ាគេដូន»។ (វិវរណៈ ១៦:១៤-១៦) មានតែមនុស្សសុភាពរាបសាគឺមនុស្សដែលស្វែងរកព្រះយេហូវ៉ា និងសេចក្ដីសុចរិតទេ ដែលអាចទទួលនូវសេចក្ដីសង្គ្រោះពីសង្គ្រាមអើម៉ាគេដូន នឹងរស់នៅក្នុងរបបថ្មីរបស់ព្រះយេហូវ៉ាដោយសន្ដិភាព។ (សេផានា ២:៣; អេសាយ ២៦:២០, ២១) ក្នុងរឿងនេះព្រះគម្ពីរបានចែងថា៖ «ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូណ៌»។ (ទំនុកដំកើង ៣៧:១១) បន្ទាប់មកនឹងមានកិច្ចការដ៏ធំមួយ គឺការធ្វើផែនដីទាំងមូលឱយទៅជាទីមនោរមសាជាថ្មី។
ការអប់រំឆ្ពោះទៅទីមនោរម
៥១ ហេតុអ្វីក៏អ្នកត្រូវតែបង្ហាញនូវសកម្មភាព ដែលជាការចាំបាច់ក្នុងពេលឥឡូវនេះ?
៥១ តើអ្នកចូលចិត្តរស់នៅក្នុងទីមនោរមទេ? បើអ្នកឆ្លើយថាចូលចិត្តនោះ អ្នកនឹងមានចិត្តរំភើបដោយដឹងថា ពេលដែលព្រះយេស៊ូវបានសម្ដែងអំពីការជ្រួលច្របល់នៃរបបសព្វថ្ងៃនិង «ទីសំគាល់» នូវការបំផ្លាញដែលជិតមកដល់នោះ ដែលទ្រង់បានបន្ថែមថា៖ «មនុស្សដំណនេះនឹងមិនទាន់កន្លងហួសបាត់ទៅ ទាល់តែគ្រប់ការទាំងនេះបានកើតមកដល់»។ យ៉ាងហោចណាស់ក៏មានអ្នកខ្លះក្នុងដំណដែលបានឃើញនូវ «ដើមចមនៃសេចក្ដីទុក្ខ» នៅឆ្នាំ១៩១៤នឹងរស់នៅរហូតដល់ទៅបានឃើញនូវទីមនោរម ដែលនឹងបានធ្វើសាជាថ្មីនៅលើផែនដីយើងនេះ។ (ម៉ាថាយ ២៤:៣-៨, ៣៤) ប៉ុន្តែគួរឱយស្ដាយណាស់ ដែលមនុស្សភាគច្រើនរាល់ថ្ងៃស្ថិតនៅក្នុងផ្លូវទូលាយ ដែលដឹកនាំទៅឯសេចក្ដីហិនវិនាស។ (ម៉ាថាយ ៧:១៣, ១៤) ពេលវេលាមានតិចណាស់ដែលទុកឱយពួកគេផ្លាស់ប្ដូរចិត្តគំនិត។ តើគួរឱយយើងថ្លែងអំណរគុណដល់ព្រះយ៉ាងណាទៅ ដែលទ្រង់បានព្រមានដោយទាន់ពេលវេលាដល់យើងនោះ! ពីព្រោះព្រះយេហូវ៉ាទ្រង់ចង់ឱយអ្នកមានជីវិតរស់នៅ នឹងជួយអ្នកឱយបានដើរទៅក្នុងផ្លូវត្រូវ។—ពេត្រុសទី២ ៣:៩; អេសេគាល ១៨:២៣
៥២ តើអ្នកត្រូវការអ្វីចាំបាច់ក្នុងការជ្រើសរើសឱយបានត្រឹមត្រូវក្នុងរឿងសាសនា?
៥២ ការចាំបាច់ដ៏បន្ទាន់របស់អ្នកក្នុងពេលឥឡូវនេះ គឺចំណេះវិជ្ជាដ៏ត្រឹមត្រូវពីព្រះគម្ពីរ។ (ធីម៉ូថេទី១ ២:៤; យ៉ូហាន ១៧:៣) តើអ្នកអាចរកឃើញនូវចំណេះវិជ្ជានេះតាមសាសនាណា? តើអាចរកឃើញនៅក្នុងសាសនាទាំងអស់ឬ? មនុស្សជាច្រើននិយាយថា សាសនាទាំងអស់តែងតែនាំទៅរកទីដៅតែមួយ ដូចជាផ្លូវជាច្រើននៅលើភ្នំមួយដែលនាំអ្នកដំណើរឆ្ពោះទៅលើកំពូលនោះ។ គេពិតជាច្រឡំហើយ! ដើម្បីនឹងរកឱយឃើញនូវផ្លូវដ៏ត្រឹមត្រូវនោះ អ្នកឡើងភ្នំភាគច្រើនតែងតែប្រើផែនទីនិងជួលអ្នកនាំផ្លូវ។ ក៏ដូចគ្នាដែរគឺមានសាសនានៃសេចក្ដីពិតតែមួយគត់ ដែលនាំឱយមានជីវិតអស់កល្បជានិច្ច ហើយយើងត្រូវការជាចាំបាច់នូវការដឹកនាំដើម្បីនឹងរកឱយឃើញនូវរឿងនេះ។—កិច្ចការ ៨:២៦-៣១
៥៣ (ក) ដើម្បីឱយបានទទួលជីវិតអស់កល្បជានិច្ច តើអ្វីដែលអ្នកត្រូវតែខំប្រព្រឹត្តបន្តទៅទៀតនោះ? (ខ) តើការល្បួងណាខ្លះពីសាតាំងដែលយើងត្រូវតែពុះពារ?
៥៣ ព្រឹត្ដិប័ត្រនេះ បានផ្ដល់មកពីស្មរបន្ទាល់របស់ព្រះយេហូវ៉ាដើម្បីជួយអ្នក។ តើព្រឹត្ដិប័ត្រនេះជួយអ្នកឱយយល់នូវគោលនៃសេចក្ដីពិតរបស់ព្រះគម្ពីរខ្លះហើយឬទេ? មែនហើយ អ្នកពិតជាបានបញ្ជាក់ថា ចំណុចមួយៗនេះបានចេញមកពីព្រះបន្ទូលពីព្រះគម្ពីរ។ ឥឡូវនេះដើម្បីឱយបានជឿនលឿនឆ្ពោះទៅលើគោលបំណងនោះ អ្នកត្រូវខំរៀនតទៅទៀត។ ក៏ដូចជាចំណេះវិជ្ជាខាងផ្នែកទូទៅ ដែលជាការចាំបាច់ដល់មនុស្សក្នុងការរស់នៅក្នុងសង្គមសព្វថ្ងៃនេះ ចំណេះវិជ្ជាដ៏ត្រឹមត្រូវខាងផ្នែកព្រះគម្ពីរក៏ជាការចាំបាច់ក្នុងការអប់រំមនុស្សម្នាក់ៗ ដើម្បីនឹងចូលទៅក្នុងសង្គមដែលនឹងទទួលសេចក្ដីសង្គ្រោះ នឹងបានរស់នៅក្នុងផែនដីដែលជាទីមនោរមដែរ។ (ធីម៉ូថេទី២ ៣:១៦, ១៧) សាតាំងវានឹងប្រឹងប្រែងបន្លប់អ្នកដោយធ្វើឱយមនុស្សដែលជិតស្និទ្ធនឹងអ្នកនោះប្រឆាំងនឹងអ្នក ឬល្បួងអ្នកទៅក្នុងភាពអញនិយម មូលធននិយម ឬក៏អំពើដែលគ្មានសីលធម៌។ កុំចុះចាញ់នឹងសាតាំងឡើយ! សន្ដិសុខ និងអនាគតទាំងមូលរបស់អ្នក និងគ្រួសាររបស់អ្នកស្ថិតនៅលើការសិក្សាបន្តទៅទៀតនូវព្រះគម្ពីរ។—ម៉ាថាយ ១០:៣៦; យ៉ូហានទី១ ២:១៥-១៧
៥៤ តើការផ្ដល់ណាទៀតខាងចំណេះវិជ្ជានៃព្រះគម្ពីរដែលព្រះយេហូវ៉ាបានប្រទាននៅទីជិតខាងអ្នក?
៥៤ នៅមានមធ្យោបាយផ្សេងទៀត ដែរក្រៅពីបន្តការសិក្សាព្រះគម្ពីរក្នុងពេលឥឡូវនេះ។ មនុស្សជិតខាងអ្នកដែលយកចិត្តទុកដាក់ពីការអប់រំនៃព្រះគម្ពីរនោះ បានទៅប្រជុំជារៀងរាល់ពេលនៅ សាលព្រះរាជាណាចក្រ។ ពួកដែលទៅប្រជុំនៅទីនោះ គឺជាពួកដែលខំទទួលនូវសេចក្ដីបង្រៀនពីព្រះគម្ពីរ ហើយខិតខំដោយស្មោះត្រង់ក្នុងការតម្រង់ខ្លួន ឱយទៅជាមនុស្សដ៏ប្រសើរមួយ។ ពួកគេនឹងអបអរសាទរចំពោះអ្នកមកថ្មីដោយពោលថា៖ «ចូរយើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា [កន្លែងថ្វាយបង្គំដល់ទ្រង់] . . . ទ្រង់នឹងបង្រៀនយើងពីផ្លូវរបស់ទ្រង់ នោះយើងនឹងដើរតាមផ្លូវទាំងនោះ»។ (អេសាយ ២:៣) សេចក្ដីសំអាងដ៏ល្អក្នុងការរួមប្រជុំដើម្បីនឹងរៀនព្រះគម្ពីរនេះ បានពន្យល់នៅក្នុងហេព្រើរ ១០:២៤, ២៥ ដែលមានសេចក្ដីថា៖ «ហើយត្រូវឱយយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឱយមានសេចក្ដីស្រឡាញ់ ហើយឱយប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នាដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឱយកំឡាចិត្តគ្នាវិញ ឱយកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ»។
៥៥ (ក) តើការរៀបចំរបស់ព្រះយេហូវ៉ាខុសគ្នានឹងសមាគមដទៃទៀតយ៉ាងណាខ្លះ? (ខ) តើពួកស្មរបន្ទាល់របស់ព្រះយេហូវ៉ាមានសាមគ្គីភាពយ៉ាងណាខ្លះ ដែលក្រុមដទៃទៀតមិនអាចធ្វើបាននោះ?
៥៥ នៅពេលដែលអ្នកចូលរួមជាមួយនឹងអង្គការរបស់ព្រះយេហូវ៉ា អ្នកនឹងឃើញបរិយាកាសនៅទីនោះខុសគ្នានឹងបរិយាកាសនៅក្នុងវិហារនៃសាសនានាៗ និងវិហារនៃពិភពគ្រីស្ទាន។ នៅទីនោះគ្មានការអង្គាសលុយ គ្មានការឈ្លោះគ្នាឬជេរប្រកែកគ្នា និងគ្មានការប្រកាន់គ្នាដោយសារតែពូជពង្សនៅក្នុងគ្រួសារឬក៏ទ្រព្យសម្បត្ដិឡើយ។ គុណសម្បត្ដិដ៏ប្រសើរបំផុតរវាងគ្នានឹងគ្នាក្នុងចំណោមនៃពួកស្មរបន្ទាល់របស់ព្រះយេហូវ៉ាគឺជាសេចក្ដីស្រឡាញ់។ ជាបឋមពួកគេស្រឡាញ់ព្រះយេហូវ៉ា នឹងបន្ទាប់មកពួកគេស្រឡាញ់មនុស្សដទៃទៀត។ នេះគឺជាសញ្ញាចំណាំនៃគ្រីស្ទានដ៏ពិតប្រាកដ។ (ម៉ាថាយ ២២:៣៧-៣៩; យ៉ូហាន ១៣:៣៥) អ្នកគួរតែមករួមប្រជុំហើយធ្វើការបញ្ជាក់ផ្ទាល់ខ្លួនអ្នកចុះ។ អ្នកពិតជាស្ញើចយ៉ាងខ្លាំងទៅលើសាមគ្គីភាពរបស់គេ។ នៅក្នុងប្រទេសជាង២០០ នៅលើពិភពលោកយើងនេះ ស្មរបន្ទាល់មានចំនួនជាង៣លាននាក់។ ទោះជាយ៉ាងនេះក៏ដោយពួកស្មរបន្ទាល់នៅលើពិភពលោកទាំងមូលមានកម្មវិធីដូចគ្នាទាំងអស់ក្នុងការប្រជុំរបស់គេ។ ដោយសារតែការបោះពុម្ពជាច្រើនភាសានៅក្នុងពេលជាមួយគ្នានោះ រៀងរាល់អាទិត្យក្នុងការរួមប្រជុំ ស្មរបន្ទាល់របស់ព្រះយេហូវ៉ានៅលើពិភពលោកទាំងមូល សិក្សានូវរឿងពីព្រះគម្ពីរដូចគ្នាទាំងអស់ ហើយពេលវេលាក៏ខុសគ្នាយ៉ាងតិចបំផុត។ នៅក្នុងលោកីយដែលបែកបាក់គ្នានេះ សាមគ្គីភាពនៅក្នុងអង្គការរបស់ព្រះយេហូវ៉ាជាអព្ភូតហេតុមួយនៅក្នុងសម័យបច្ចុប្បន្ននេះ។
៥៦ (ក) តើប្រយោជន៍ណាខ្លះដែលអ្នកអាចទទួលពីការចូលរួមអង្គការរបស់ព្រះយេហូវ៉ា? (ខ) កាលណាមានបញ្ហាកើតឡើងតើអ្នកត្រូវធ្វើយ៉ាងណា? (គ) តើហេតុអ្វីបានជាការថ្វាយជីវិតខ្លួនដល់ព្រះយេហូវ៉ាជាការសំខាន់?
៥៦ នៅពេលដែលចូលរួមយ៉ាងទៀងទាត់ជាមួយរាស្ត្ររបស់ព្រះយេហូវ៉ា អ្នកនឹងត្រូវកែចិត្តគំនិតអ្នកឱយទៅជា «មនុស្សថ្មីវិញ» និងបណ្ដុះនូវផលផ្លែនៃព្រះវិញ្ញាណ —«សេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត»។ (កូល៉ុស ៣:១០, ១២-១៤; កាឡាទី ៥:២២, ២៣) ទាំងនេះនឹងធ្វើឱយអ្នកមានការសប្បាយចិត្តយ៉ាងជ្រាលជ្រៅ។ ជួនកាលអ្នកប្រហែលជាមានបញ្ហាដែលត្រូវតែពុះពារ ពីព្រោះអ្នករស់នៅក្នុងលោកីយដ៏ពុករលួយ និងដោយសារភាពខាតលក្ខណ៍របស់អ្នក។ ប៉ុន្តែព្រះយេហូវ៉ានឹងជួយអ្នក។ ព្រះបន្ទូលរបស់ទ្រង់ធានារ៉ាប់រងចំពោះអ្នកណាដែលខំប្រឹងប្រែងដោយស្មោះត្រង់ ធ្វើខ្លួនយ៉ាងណាឱយគាប់ព្រះហឫទ័យដល់ទ្រង់ «កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឱយជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន នឹងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះសេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនិងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ»។ (ភីលីព ៤:៦, ៧) អ្នកនឹងបានចូលជិតព្រះយេហូវ៉ាដោយសេចក្ដីស្រឡាញ់របស់ទ្រង់ ដែលនឹងធ្វើឱយអ្នកចង់បំរើទ្រង់។ ស្មរបន្ទាល់របស់ព្រះយេហូវ៉ាមានសេចក្ដីរីករាយនឹងបង្ហាញអ្នកថា តើធ្វើយ៉ាងដូចម្ដេចដែលអាចថ្វាយជីវិតរបស់អ្នកដល់ព្រះដែលជាសេចក្ដីស្រឡាញ់ ហើយនឹងមានកិត្ដិយសទៅជាស្មរបន្ទាល់មួយរបស់ទ្រង់។ (ទំនុកដំកើង ១០៤:៣៣; លូកា ៩:២៣) ពិតហើយនេះជាកិត្ដិយសមួយ។ សូមអ្នកពិចារណាមើល! ជាអ្នកថ្វាយបង្គំចំពោះព្រះយេហូវ៉ា អ្នកអាចសម្រេចនូវគោលដៅនៃជីវិតអស់កល្បជានិច្ចនៅក្នុងទីមនោរមនៅលើផែនដីយើងនេះ។—សេផានា ២:៣; អេសាយ ២៥:៦, ៨
៥៧ (ក) នៅក្នុងរបបថ្មីការទាក់ទងយ៉ាងជិតស្និទ្ធរវាងព្រះនឹងមនុស្សជាតិនឹងទៅជាយ៉ាងណា? (ខ) តើពរណាខ្លះដែលអ្នកនឹងអាចរីករាយនោះ?
៥៧ ដូច្នេះហើយចូរខំបន្តការសិក្សានិងបង្កើននូវសេចក្ដីស្រឡាញ់និងអបអរដល់ព្រះយេហូវ៉ា ព្រះរាជបុត្រា និងរដ្ឋាភិបាលនៃស្ថានសួគ៌ដែលពោរពេញដោយសេចក្ដីសុចរិត។ អំពីរដ្ឋាភិបាលនៃព្រះ និងពររបស់ទ្រង់ដែលនឹងប្រោសព្រុំលើមនុស្សជាតិ ព្រះគម្ពីរបានចែងជាទំនាយថា៖ «មើល រោងឧបោសថរបស់ព្រះបាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ»។ ដោយខ្ពស់ឆ្ងាយពីមនុស្សអញនិយមនិងរបបគ្រប់គ្រងនៃមនុស្សដែលបង្ខូចផែនដីក្នុងសម័យយើងនេះ «ព្រះអង្គទ្រង់» នឹងទៅជាព្រះវរបិតាដ៏ស្និទ្ធស្នាល និងសប្បុរសចំពោះអ្នកណាដែលស្រឡាញ់និងថ្វាយបង្គំទ្រង់នៅក្នុងរបបថ្មីនោះ។ មែនហើយ ទៅថ្ងៃក្រោយនឹងមានសាសនាតែមួយដែលមានការថ្វាយបង្គំដ៏ពិតដល់ព្រះយេហូវ៉ា ហើយអ្នកថ្វាយបង្គំដល់ទ្រង់នោះនឹងមានសេចក្ដីរីករាយយ៉ាងស្និទ្ធស្នាលដូចជាកូននឹងឪពុកបង្កើតរបស់ខ្លួនអញ្ចឹងដែរ។ តើនឹងទៅជាព្រះវរបិតាដ៏ជាទីស្រឡាញ់យ៉ាងណាទៅ ដែលព្រះអង្គនឹងបង្ហាញនៅពេលខាងមុខនេះ! «ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែកពីភ្នែកគេចេញ និងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្ដីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ»។—វិវរណៈ ២១:៣, ៤
៥៨ ហេតុអ្វីក៏អ្នកអាចជឿយ៉ាងមុតមាំថា ព្រះយេហូវ៉ាទ្រង់នឹង «ធ្វើទាំងអស់ឡើងជាថ្មី»?
៥៨ រឿងទាំងអស់នេះនឹងមានអព្ភូតហេតុដ៏ធំមួយដែលនឹងរៀបចំផែនដីទាំងមូលឱយទៅជាទីមនោរមនៅក្រោមការដឹកនាំនៃរដ្ឋាភិបាលដ៏គ្រប់លក្ខណ៍ពីស្ថានសួគ៌។ នេះគឺជាការជាក់ស្តែងមែនដូចជាស្អែកនេះថ្ងៃនឹងត្រូវតែរះហើយនឹងត្រូវលិចទៅវិញអញ្ចឹងដែរ។ ពីព្រោះសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលជាអ្នកបង្កើតផ្ទៃមេឃនិងផែនដីជា «ពាក្យពិតប្រាកដហើយគួរជឿ»។ នេះគឺជាព្រះអង្គដែលទ្រង់ប្រកាសពីព្រះរាជបល្ល័ង្កពីស្ថានសួគ៌ថា៖ «មើល! អញធ្វើទាំងអស់ឡើងជាថ្មី»។—វិវរណៈ ២១:៥
ក្នុងការសាឡើងវិញនូវព្រឹត្ដិប័ត្រនេះ តើអ្នកឆ្លើយនូវសំនួរខាងក្រោមនេះយ៉ាងដូចម្ដេច?
តើនៅក្នុងករណីណាដែលព្រះគម្ពីរជាសៀវភៅដ៏ប្រសើរនោះ?
តើអ្នកបានរៀនយ៉ាងណាខ្លះអំពីព្រះ?
តើអ្នកណាជាព្រះយេស៊ូវគ្រីស្ទ?
តើអ្នកណាជាអារក្សសាតាំង?
តើហេតុអ្វីបានជាព្រះអនុញ្ញាតឱយមានអំពើអាក្រក់ដូច្នេះ?
តើហេតុអ្វីបានជាមនុស្សត្រូវស្លាប់?
តើមនុស្សស្លាប់ស្ថិតនៅក្នុងស្ថានភាពណា?
តើអ្វីជាតម្លៃលោះ?
តើការរស់ឡើងវិញនឹងកើតមានឡើងនៅទីណា ហើយយ៉ាងដូចម្ដេច?
តើអាណាចក្រព្រះជាអ្វី ហើយអ្វីខ្លះដែលនឹងត្រូវបានសម្រេច?
តើអ្វីជា «សញ្ញា» នៃ «ទីចុងបំផុតនៃលោកីយ» នេះ?
តើអ្នកត្រូវធ្វើយ៉ាងណាដើម្បីរៀបចំឱយបានជីវិតអស់កល្បជានិច្ចនៅក្នុងទីមនោរម?
[កំណត់សម្គាល់]
a អត្ថបទនៅក្នុងព្រះគម្ពីរដែលជាជំនួយដល់វគ្គទាំងឡាយខាងលើនេះ៖ (១)កិច្ចការ ១៧:២៦; ទំនុកដំកើង ៤៦:៩; មីកា ៤:៣, ៤; អេសាយ ៦៥:២១-២៣; (២) អេសាយ ៦៥:២៥; ១១:៦-៩; ៥៥:១២, ១៣; ទំនុកដំកើង ៦៧:៦, ៧; (៣) យ៉ូប ៣៣:២៥; អេសាយ ៣៥:៥, ៦; ៣៣:២៤; ទំនុកដំកើង ១០៤:២៤; (៤) អេសាយ ៥៥:១១។
b បើគ្មានការបញ្ជាក់ថែមទៀតទេនោះ អត្ថបទនៃព្រះគម្ពីរនៅក្នុងព្រឹត្ដិប័ត្រនេះ បានដកស្រង់ចេញពីសេចក្ដីបកប្រែជាភាសាខ្មែរ ពីសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ ដែលផ្សាយចេញក្នុងឆ្នាំ១៩៥៤។ បើ«ពថ»បានត្រូវសរសេរក្រោយបទគម្ពីរនោះ មានន័យថាបានធ្វើការបកប្រែពីសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធ ជាភាសាអង់គ្លេស កំណែថ្មីនៅឆ្នាំ១៩៨៤។
c Monarchs and Tombs and Peoples—The Dawn of the Orient, page 25.
d Cyclopedia of Biblical, Theological, and Ecclesiastical Literature, by J. McClintock and J. Strong, Volume 8, page 908.
[រូបភាពនៅទំព័រ១៣]
មនុស្សជារបស់ដែលព្រះបានបង្កើតមួយ ដែលមានភាពខ្ពស់ប្រសើរជាងសត្វនានា
[រូបភាពនៅទំព័រ១៨]
ព្រះយេស៊ូវមានភាពស្មើនឹងមនុស្សគ្រប់លក្ខណ៍អ័ដាម.