តើសាក្សីព្រះយេហូវ៉ាជឿអំពីអ្វី?
«យើងគិតថាជាការត្រឹមត្រូវឲ្យយើងឮអ្នកនិយាយផ្ទាល់អំពីគំនិតរបស់អ្នក ព្រោះយើងដឹងច្បាស់ថានៅគ្រប់ទីកន្លែងគេតែងនិយាយប្រឆាំងនិកាយនេះ»។ (សកម្មភាព ២៨:២២) អ្នកដឹកនាំសហគមន៍ស្រុករ៉ូម នៅសតវត្សរ៍ទី១បានទុកគំរូយ៉ាងល្អ។ គេចង់ឮពីអ្នកដែលកាន់តាមសាសនានោះដោយផ្ទាល់ ជាជាងពីអ្នកខាងក្រៅដែលរិះគន់។
ដូចគ្នាដែរ សព្វថ្ងៃនេះគេតែងនិយាយប្រឆាំងសាក្សីព្រះយេហូវ៉ា ហើយបើលោកអ្នកសង្ឃឹមថាដឹងការពិតអំពីពួកគេពីអ្នកដែលមានសេចក្ដីលម្អៀង នោះគឺខុសហើយ។ ដូច្នេះយើងមានសេចក្ដីរីករាយ នឹងពន្យល់លោកអ្នកនូវជំនឿសំខាន់ៗរបស់យើង។
ជំនឿអំពីគម្ពីរ លោកយេស៊ូគ្រិស្ត និងព្រះ
យើងជឿថា «គ្រប់ទាំងបទគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ហើយមានប្រយោជន៍»។ (ធីម៉ូថេទី២ ៣:១៦) ហើយថ្វីបើអ្នកខ្លះបានអះអាងថាយើងមិនមែនជាគ្រិស្តសាសនិកពិតក៏ដោយ ការអះអាងនេះគឺមិនពិតឡើយ។ យើងយល់ស្របទាំងស្រុងនឹងការបញ្ជាក់របស់សាវ័កពេត្រុសអំពីលោកយេស៊ូគ្រិស្តថា៖ «គ្មានសេចក្ដីសង្គ្រោះតាមរយៈអ្នកណាទៀតឡើយ ព្រោះនៅក្រោមមេឃ គ្មាននាមណាផ្សេងទៀតដែលព្រះបានផ្ដល់ក្នុងចំណោមមនុស្សជាតិឲ្យយើងរាល់គ្នាទទួលសេចក្ដីសង្គ្រោះទេ»។—សកម្មភាព ៤:១២
ក៏ប៉ុន្តែដោយសារលោកយេស៊ូបានមានប្រសាសន៍ថាលោកជា«បុត្ររបស់ព្រះ» ហើយក៏ថា៖ «បិតានៅស្ថានសួគ៌ . . . បានចាត់ខ្ញុំឲ្យមក» បានជាសាក្សីព្រះយេហូវ៉ាជឿថា ព្រះគឺធំជាងលោកយេស៊ូ។ (យ៉ូហាន ១០:៣៦; ៦:៥៧) លោកយេស៊ូផ្ទាល់បានទទួលស្គាល់ថា៖ «បិតានៅស្ថានសួគ៌គឺធំជាងខ្ញុំ»។ (យ៉ូហាន ១៤:២៨; ៨:២៨) ដូច្នេះយើងមិនជឿថា លោកយេស៊ូស្មើនឹងបិតានៅស្ថានសួគ៌ដូចជាលទ្ធិព្រះបីអង្គរួមជាព្រះតែមួយបានអះអាងនោះឡើយ។ ផ្ទុយទៅវិញ យើងជឿថាព្រះបានបង្កើតលោកយេស៊ូ ហើយលោកយេស៊ូនៅក្រោមបង្គាប់លោក។—កូឡុស ១:១៥; កូរិនថូសទី១ ១១:៣
ក្នុងភាសាខ្មែរនាមរបស់ព្រះគឺយេហូវ៉ា។ គម្ពីរបានចែងថា៖ «គឺទ្រង់តែ១អង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។ (ទំនុកតម្កើង ៨៣:១៨) សមស្របតាមសេចក្ដីប្រកាសនេះ លោកយេស៊ូបានចាត់ទុកនាមរបស់ព្រះថាសំខាន់ណាស់ ហើយបានបង្រៀនអ្នកកាន់តាមលោកឲ្យអធិដ្ឋានថា៖ «ឱបិតារបស់យើងដែលនៅស្ថានសួគ៌ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»។ ហើយលោកយេស៊ូផ្ទាល់បានអធិដ្ឋានទៅព្រះថា៖ «ខ្ញុំបានសម្ដែងនាមរបស់លោកឲ្យពួកបុរសដែលលោកបាន . . . ប្រគល់ឲ្យខ្ញុំ»។—ម៉ាថាយ ៦:៩; យ៉ូហាន ១៧:៦
សាក្សីព្រះយេហូវ៉ាជឿថា ពួកគេគួរតែធ្វើតាមលោកយេស៊ូដោយសម្ដែងនាម និងគោលបំណងព្រះដល់អ្នកឯទៀត។ ហេតុនេះ យើងបានយកឈ្មោះសាក្សីព្រះយេហូវ៉ា ដោយសារយើងយកតម្រាប់តាមលោកយេស៊ូដែលជា«សាក្សីដ៏ស្មោះត្រង់»។ (ការបើកបង្ហាញ ១:៥; ៣:១៤) ត្រឹមត្រូវណាស់ដែលអេសាយ ៤៣:១០ បាននិយាយទៅកាន់រាស្ត្រដែលជាតំណាងព្រះថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯងរាល់គ្នាជាស្មរបន្ទាល់[ឬសាក្សី]របស់អញ ហើយជាអ្នកបំរើដែលអញបានរើសតាំង»។
រាជាណាចក្ររបស់ព្រះ
លោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកឲ្យអធិដ្ឋានថា៖ «សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់» ហើយលោកបានយករាជាណាចក្រនោះជាប្រធានបទដ៏សំខាន់បំផុតក្នុងការបង្រៀនរបស់លោក។ (ម៉ាថាយ ៦:១០; លូកា ៤:៤៣) សាក្សីព្រះយេហូវ៉ាជឿថា រាជាណាចក្រព្រះជារដ្ឋាភិបាលដ៏ពិតនៅស្ថានសួគ៌ដែលនឹងគ្រប់គ្រងលើផែនដីទាំងមូល ហើយដែលមានលោកយេស៊ូគ្រិស្តជាស្តេចដែលយើងមើលមិនឃើញដែលព្រះបានតែងតាំង។ គម្ពីរចែងថា៖ «ការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ . . . ឯសេចក្ដីចំរើននៃរដ្ឋបាលទ្រង់និងសេចក្ដីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុតពី . . . នគរនៃទ្រង់ឡើយ»។—អេសាយ ៩:៦, ៧
ប៉ុន្តែលោកយេស៊ូគ្រិស្តនឹងមិនមែនជាស្តេចតែមួយក្នុងរដ្ឋាភិបាលរបស់ព្រះនោះឡើយ។ លោកនឹងមានអ្នកគ្រប់គ្រងជាច្រើនទៀតជាមួយនឹងលោកនៅស្ថានសួគ៌។ សាវ័កប៉ូលបានសរសេរថា៖ «ប្រសិនបើយើងបន្តស៊ូទ្រាំ យើងនឹងគ្រប់គ្រងជាស្តេចជាមួយនឹងលោក»។ (ធីម៉ូថេទី២ ២:១២) គម្ពីរចែងថា មនុស្សដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ ដើម្បីនឹងគ្រប់គ្រងជាមួយនឹងគ្រិស្តនៅស្ថានសួគ៌នោះ គឺមានចំនួនកំណត់«មួយសែនបួនម៉ឺនបួនពាន់នាក់ដែលបានត្រូវទិញពីផែនដី»។—ការបើកបង្ហាញ ១៤:១, ៣
តាមការពិត រដ្ឋាភិបាលណាក៏ដោយ គឺត្រូវតែមានបណ្ដារាស្ត្រ ហើយសាក្សីព្រះយេហូវ៉ាជឿថា មនុស្សរាប់ពាន់លាននាក់ទៀតក្រៅពីអ្នកគ្រប់គ្រងនៅស្ថានសួគ៌នោះ នឹងទទួលជីវិតដែលគ្មានទីបញ្ចប់ដែរ។ នៅទីបំផុត ផែនដីនេះនឹងត្រូវកែប្រែឲ្យក្លាយទៅជាសួនឧទ្យានដ៏ស្អាតមួយ ហើយនឹងពោរពេញទៅដោយបណ្ដារាស្ត្រដ៏សុចរិតនៃរាជាណាចក្រព្រះ ហើយគ្រប់គ្នានឹងចុះចូលក្រោមការគ្រប់គ្រងនៃគ្រិស្តនិងអ្នកដែលគ្រប់គ្រងជាមួយនឹងលោក។ ដូច្នេះ សាក្សីព្រះយេហូវ៉ាជឿជាក់ថា ផែនដីនេះនឹងមិនបានត្រូវបំផ្លាញចោលឡើយ ហើយសេចក្ដីសន្យាក្នុងគម្ពីរនឹងបានសម្រេច: «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុកតម្កើង ៣៧:២៩; ១០៤:៥
ប៉ុន្តែតើរាជាណាចក្រព្រះនឹងមកដល់តាមរបៀបណា? តើរាជាណាចក្រព្រះមកដល់ ដោយសារមនុស្សទាំងអស់ចុះចូលរដ្ឋាភិបាលព្រះដោយស្ម័គ្រចិត្តឬ? ផ្ទុយទៅវិញ គម្ពីរបង្ហាញឲ្យឃើញច្បាស់ថា ដើម្បីរាជាណាចក្រនេះមកដល់ ព្រះនឹងត្រូវធ្វើអន្តរាគមន៍ដោយផ្ទាល់ ក្នុងកិច្ចការនៅលើផែនដីនេះ: «ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើងដែលមិនត្រូវបំផ្លាញឡើយ ហើយ[រាជាណាចក្រនេះ] . . . នឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។—ដានីយ៉ែល ២:៤៤
តើកាលណារាជាណាចក្រព្រះនឹងមកដល់? ដោយផ្អែកលើទំនាយពីគម្ពីរដែលកំពុងសម្រេចសព្វថ្ងៃនេះ សាក្សីព្រះយេហូវ៉ាជឿថារាជាណាចក្រនោះនឹងមកដល់នៅពេលឆាប់ៗនេះ។ យើងសូមអញ្ជើញលោកអ្នកពិចារណាអំពីទំនាយខ្លះ ដែលទាយអំពីលក្ខណៈសម្គាល់នៃ«គ្រាចុងក្រោយបង្អស់»នៃរបៀបរបបដ៏អាក្រក់នេះ។ លក្ខណៈសម្គាល់ទាំងនោះបានត្រូវកត់ទុកនៅ ម៉ាថាយ ២៤:៣-១៤; លូកា ២១:៧-១៣, ២៥-៣១; និង ធីម៉ូថេទី២ ៣:១-៥
ដោយសារយើង‹ស្រឡាញ់ព្រះយេហូវ៉ា ជាព្រះរបស់យើង អស់ពីដួងចិត្ត អស់ពីព្រលឹង អស់ពីសមត្ថភាពរិះគិត និងអស់ពីកម្លាំងកាយ ហើយស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនយើង› នោះយើងគ្មានការបែកបាក់គ្នា ដោយសារជាតិ ពូជសាសន៍ និងឋានៈក្នុងសង្គមឡើយ។ (ម៉ាកុស ១២:៣០, ៣១) មនុស្សជាទូទៅបានកត់សម្គាល់នូវសេចក្ដីស្រឡាញ់ដែលយើងបង្ហាញចំពោះបងប្អូនគ្រិស្តសាសនិករបស់យើងដែលមាននៅគ្រប់ប្រជាជាតិ។ (យ៉ូហាន ១៣:៣៥; យ៉ូហានទី១ ៣:១០-១២) ដូច្នេះយើងកាន់ជំហរអព្យាក្រឹតចំពោះរឿងនយោបាយនៃប្រជាជាតិទាំងនោះ។ យើងខំប្រឹងធ្វើតាមអ្នកកាន់តាមដំបូងរបស់លោកយេស៊ូ ដែលលោកបានមានប្រសាសន៍ថា៖ «ពួកគាត់មិនរួមចំណែកក្នុងពិភពលោកទេ ដូចខ្ញុំក៏មិនរួមចំណែកក្នុងពិភពលោកដែរ»។ (យ៉ូហាន ១៧:១៦) យើងជឿថា ការនៅដោយឡែកពីពិភពលោកនេះមានន័យថាចៀសវាងការប្រព្រឹត្តដែលប្រាសចាកសីលធម៌ដែលមានច្រើនណាស់នៅសព្វថ្ងៃនេះ រួមទាំង ការភូតភរ ការលួច អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ការផិតក្បត់ ការរួមដំណេកជាមួយមនុស្សដែលមានភេទដូចគ្នា ការប្រើឈាមតាមរបៀបដែលខុសនឹងគោលការណ៍គម្ពីរ ការគោរពបូជារូបព្រះ និងអំពើផ្សេងទៀតដែលគម្ពីរបានផ្ដន្ទាទោស។—កូរិនថូសទី១ ៦:៩-១១; អេភេសូរ ៥:៣-៥; សកម្មភាព ១៥:២៨, ២៩
សេចក្ដីសង្ឃឹមចំពោះអនាគត
សាក្សីព្រះយេហូវ៉ាជឿថា មិនមែនមានតែជីវិតដែលយើងមាននៅសព្វថ្ងៃនេះប៉ុណ្ណោះទេ។ យើងជឿថាព្រះយេហូវ៉ាបានចាត់គ្រិស្តមកផែនដីដើម្បីបង្ហូរឈាមជាថ្លៃលោះមនុស្សជាតិ ដើម្បីព្រះអាចចាត់ទុកពួកគេថាសុចរិត ហើយអាចមានជីវិតដែលគ្មានទីបញ្ចប់នៅពិភពលោកថ្មី។ ដូចសាវ័កម្នាក់របស់លោកយេស៊ូបាននិយាយថា៖ «យើងបានត្រូវប្រកាសថាជាមនុស្សសុចរិតតាមរយៈឈាមរបស់លោក»។ (រ៉ូម ៥:៩; ម៉ាថាយ ២០:២៨) សាក្សីព្រះយេហូវ៉ាមានសេចក្ដីកតញ្ញូដ៏ជ្រាលជ្រៅចំពោះព្រះនិងបុត្ររបស់លោកចំពោះថ្លៃលោះនេះ ដែលធ្វើឲ្យពួកគេមានលទ្ធភាពទទួលជីវិតនៅពេលអនាគត។
សាក្សីព្រះយេហូវ៉ាទុកចិត្តទាំងស្រុង ចំពោះជីវិតនៅពេលអនាគតដែលមានមូលដ្ឋានលើការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញក្រោមរាជាណាចក្រព្រះ។ ដូចគម្ពីរបានបង្រៀន យើងជឿថាពេលដែលបុគ្គលម្នាក់ស្លាប់ទៅ គាត់ពិតជាគ្មានទៀតឡើយ ហើយ«នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ»។ (ទំនុកតម្កើង ១៤៦:៣, ៤; អេសេគាល ១៨:៤; សាស្ដា ៩:៥) ពិតមែន ជីវិតនៅពេលអនាគតសំរាប់មនុស្សស្លាប់ គឺពឹងផ្អែកទៅលើសេចក្ដីនឹកចាំរបស់ព្រះចំពោះពួកគេដើម្បីប្រោសឲ្យរស់ឡើងវិញ។—យ៉ូហាន ៥:២៨, ២៩
ប៉ុន្តែសាក្សីព្រះយេហូវ៉ាជឿជាក់ថា ដូចណូអេនិងគ្រួសាររបស់លោកបានរួចជីវិតពីទឹកជំនន់ មនុស្សជាច្រើនដែលកំពុងរស់នៅសព្វថ្ងៃនេះនឹងរួចជីវិតនៅពេលដែលរាជាណាចក្រព្រះបំផ្លាញចោលរដ្ឋាភិបាលទាំងអស់ ហើយពួកគេនឹងបន្តរស់នៅដើម្បីសប្បាយនឹងជីវិតជារៀងរហូតនៅលើផែនដីដែលបានត្រូវសម្អាតឡើងវិញ។ (ម៉ាថាយ ២៤:៣៦-៣៩; ពេត្រុសទី២ ៣:៥-៧, ១៣) ប៉ុន្តែយើងជឿថា ការដែលពួកគេរួចជីវិតនោះ គឺអាស្រ័យទៅលើពួកគេធ្វើតាមតម្រូវការរបស់ព្រះយេហូវ៉ា ដូចគម្ពីរចែងថា៖ «ពិភពលោកនេះ . . . កំពុងឈានទៅរកការសាបសូន្យ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះ អ្នកនោះនឹងនៅជាប់ជារៀងរហូតវិញ»។—យ៉ូហានទី១ ២:១៧; ទំនុកតម្កើង ៣៧:១១; ការបើកបង្ហាញ ៧:៩, ១៣-១៥; ២១:១-៥
យើងមិនអាចរៀបរាប់នូវជំនឿទាំងអស់របស់សាក្សីព្រះយេហូវ៉ាក្នុងខិត្តប័ណ្ណនេះបានឡើយ ប៉ុន្តែយើងសូមអញ្ជើញលោកអ្នកឲ្យទទួលព័ត៌មានថែមទៀត។
ក្នុងខិត្តប័ណ្ណនេះ បទគម្ពីរពីលោកុប្បត្តិដល់ម៉ាឡាគីដកស្រង់ចេញពីគម្ពីរដែលបោះពុម្ពដោយសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ។ បទគម្ពីរពីម៉ាថាយដល់ការបើកបង្ហាញដកស្រង់ចេញពីសេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។
[ឃ្លាអក្សរធំនៅទំព័រ៤]
យើងបានយកឈ្មោះ«សាក្សីព្រះយេហូវ៉ា»ដោយសារតែយើងធ្វើតាមគំរូរបស់លោកយេស៊ូ