មេរៀនទី៨
តើអ្នកណាជាពួកសត្រូវរបស់ព្រះ?
មេសត្រូវរបស់ព្រះគឺជាអារក្សសាតាំង។ វាជាបុគ្គលវិញ្ញាណដែលបានបះបោរប្រឆាំងនឹងព្រះយេហូវ៉ា។ សាតាំងបន្តវាយប្រឆាំងនឹងព្រះ ហើយបង្កឲ្យមានបញ្ហាយ៉ាងខ្លាំងដល់មនុស្សជាតិ។ សាតាំងគឺអាក្រក់ណាស់។ វាជាអ្នកកំភូត និងជាអ្នកសម្លាប់គេ។—យ៉ូហាន ៨:៤៤
បុគ្គលវិញ្ញាណឯទៀតបានចូលរួមជាមួយនឹងសាតាំងក្នុងការបះបោររបស់វាប្រឆាំងនឹងព្រះ។ ព្រះគម្ពីរហៅពួកវាជាពួកបិសាច។ ដូចសាតាំងដែរ ពួកបិសាចជាពួកសត្រូវរបស់មនុស្សជាតិ។ ពួកវាចូលចិត្តធ្វើទុក្ខទោសដល់មនុស្ស។ (ម៉ាថាយ ៩:៣២, ៣៣; ១២:២២) ព្រះយេហូវ៉ានឹងកំទេចចោលសាតាំងនិងពួកបិសាចរបស់វា ឲ្យអស់ជារៀងរហូតទៅ។ ពួកវាមានពេលវេលាខ្លីទេ ដើម្បីធ្វើឲ្យមនុស្សជាតិមានបញ្ហា។—វិវរណៈ ១២:១២
ប្រសិនបើអ្នកចង់ធ្វើជាមិត្តសំឡាញ់របស់ព្រះ នោះអ្នកមិនត្រូវធ្វើតាមអ្វីដែលសាតាំងចង់ឲ្យអ្នកធ្វើឡើយ។ សាតាំងនិងពួកបិសាចស្អប់ព្រះយេហូវ៉ា។ ពួកវាជាសត្រូវរបស់ព្រះ ហើយពួកវាចង់ឲ្យអ្នកធ្វើជាសត្រូវម្នាក់នឹងព្រះដែរ។ អ្នកត្រូវតែសម្រេចចិត្តថា អ្នកចង់ផ្គាប់ចិត្តបុគ្គលមួយណា សាតាំងឬក៏ព្រះយេហូវ៉ា។ ប្រសិនបើអ្នកចង់បានជីវិតអស់កល្បជានិច្ច នោះអ្នកត្រូវតែជ្រើសរើសធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ។ សាតាំងមានឧបាយកលនិងរបៀបជាច្រើនដើម្បីបំភាន់មនុស្ស។ វាកំពុងតែបំភាន់មនុស្សភាគច្រើន។—វិវរណៈ ១២:៩