ប្រយោជន៍នៃដំណឹងល្អសម្រាប់សហគមន៍របស់អ្នក
នៅក្នុងលោកីយ៍សព្វថ្ងៃនេះ យើងតែងតែឮគេបញ្ចេញយោបល់ថា៖ «ការអនុវត្តតាមគោលការណ៍របស់សាសនាគ្រីស្ទានគឺគ្មានប្រយោជន៍សោះ។ គឺមិនអាចប្រើការនោះបានទេនៅក្នុងសង្គមដ៏ស្មុគស្មាញរបស់សម័យនេះ»។ ប៉ុន្តែ ក្នុងការសន្ទនាដែលបានរាយការណ៍មករវាងមេដឹកនាំសាសនាហិណ្ឌូម្នាក់ឈ្មោះលោក មហាន់ដាស់ ហ្គានឌី ហើយជនជាតិអង់គ្លេសម្នាក់ជាអតីតឧបរាជរបស់ប្រទេសឥណ្ឌា លោកអ៊ើវិន គឺបានត្រូវបញ្ចេញគំនិតផ្សេងទៀតដែលខុសគ្នាណាស់ពីយោបល់ខាងលើនេះ។ លោកអ៊ើវិនបានសួរលោកហ្គានឌី ថាតើលោកគិតថាវិធីយ៉ាងណានឹងអាចជួយដោះស្រាយបញ្ហារវាងប្រទេសអង់គ្លេសនិងប្រទេសឥណ្ឌាបាននោះ។ លោកហ្គានឌីបានចាប់យកព្រះគម្ពីរមួយក្បាល បើកទៅម៉ាថាយជំពូកទីប្រាំ ហើយមានប្រសាសន៍ថា៖ «កាលដែលប្រទេសលោកនិងប្រទេសរបស់ខ្ញុំ នឹងអាចចូលរួមក្នុងការប្រតិបត្ដិតាមសេចក្ដីបង្រៀននៃព្រះយេស៊ូ ដែលទ្រង់មានបន្ទូលនៅលើភ្នំនោះ យើងនឹងអាចត្រូវដោះស្រាយឲ្យរួច មិនគ្រាន់តែបញ្ហារបស់ប្រទេសយើងប៉ុណ្ណោះទេ គឺបញ្ហារបស់លោកីយ៍ទាំងមូលនឹងត្រូវបានដោះស្រាយឲ្យរួចដែរ»។
ធម្មទាននោះថ្លែងអំពីការស្វែងរកនូវភាពខាងវិញ្ញាណ ហើយខិតខំធ្វើឲ្យមានគុណសម្បត្ដិដូចជា ស្លូតបូត មេត្រីចិត្ត មេត្ដាករុណា ហើយសេចក្ដីស្រឡាញ់ចំពោះសេចក្ដីសុចរិតដែរ។ ធម្មទាននេះមិនគ្រាន់តែផ្ដន្ទាទោសនូវឃាតកម្មនិងសេចក្ដីកំផិតប៉ុណ្ណោះទេ គឺព្រមទាំងកំហឹងនឹងគ្នា ព្រមទាំងគំនិតដែលប្រកបទៅដោយកាមតណ្ហាដែរ។ ហើយថ្លែងជំទាស់នឹងការលះលែងគ្នាដោយមិនគិតមុខគិតក្រោយដែលបំបែកគ្រួសារ និងធ្វើឲ្យកូនក្មេងរងគ្រោះផង។ ធម្មទាននេះចែងប្រាប់យើងថា៖ ‹គួរតែស្រឡាញ់មនុស្សដែលមិនចូលចិត្តអ្នក ឲ្យអំណោយដល់មនុស្សទ័លក្រ ឈប់ថ្កោលទោសអ្នកដទៃដោយឥតមេត្ដាករុណា ត្រូវប្រព្រឹត្តចំពោះគេដូចជាលោកអ្នកចង់ឲ្យគេប្រព្រឹត្តនឹងលោកអ្នកដែរ›។ ដំបូន្មានទាំងនេះ បើមនុស្សអនុវត្តតាម នឹងត្រូវបង្កបង្កើតឲ្យមានប្រយោជន៍ល្អយ៉ាងសម្បើម។ កាលណាមនុស្សជាច្រើនអនុវត្តតាមគោលការណ៍ទាំងនេះក្នុងសហគមន៍របស់លោកអ្នក សហគមន៍នោះនឹងបានល្អប្រសើរមែន!
ស្មរបន្ទាល់ព្រះយេហូវ៉ាជាអ្នកមានអានុភាពដ៏ល្អតាមរបៀបនេះ។ ព្រះគម្ពីរបង្រៀនពួកគេឲ្យដាក់កិត្ដិយសទៅលើអាពាហ៍ពិពាហ៍។ កូនចៅរបស់ពួកគេបានត្រូវអប់រំឲ្យប្រព្រឹត្តតាមគោលការណ៍ត្រឹមត្រូវ។ ពួកគេចាត់ទុកក្រុមគ្រួសារជាការសំខាន់។ ក្រុមគ្រួសារដែលមានសាមគ្គីភាពនាំឲ្យមានប្រយោជន៍ដល់សហគមន៍អ្នក ថែមទាំងដល់សាសន៍របស់អ្នកដែរ។ ប្រវត្ដិសាស្ត្រមនុស្សពោរពេញទៅដោយឧទាហរណ៍របស់មហាអំណាច ដែលធ្លាក់ឧបអោនក្នុងកាលដែលសម្ព័ន្ធគ្រួសារបានត្រូវចុះថយ ហើយអំពើអសីលធម៌បានចម្រើនលូតលាស់ទៅវិញ។ កាលដែលស្មរបន្ទាល់ព្រះយេហូវ៉ាមានអានុភាពទៅលើមនុស្សម្នាក់ៗ និងក្រុមគ្រួសារជាច្រើន ដើម្បីឲ្យប្រព្រឹត្តតាមគោលការណ៍គ្រីស្ទានក្នុងជីវភាពរបស់គេ នោះសហគមន៍របស់អ្នកនឹងមិនសូវមានក្មេងពាល អំពើអសីលធម៌ ព្រមទាំងបទឧក្រិដ្ឋយ៉ាងច្រើនដូចពីមុននោះទៀតទេ។
បញ្ហាដ៏ធំមួយដែលបៀតបៀនដល់សហគមន៍និងសាសន៍ជាច្រើននោះ គឺជាការប្រកាន់ពូជសាសន៍។ ជាការផ្ទុយទៅវិញ សាវ័កពេត្រុសមានប្រសាសន៍ថា៖ «ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ»។ ហើយសាវ័កប៉ុលបានសរសេរថា៖ «គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស នឹងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ»។ (កិច្ចការ ១០:៣៤, ៣៥; កាឡាទី ៣:២៨) ស្មរបន្ទាល់ព្រះយេហូវ៉ាព្រមទទួលរឿងនេះ។ មនុស្សគ្រប់ជាតិហើយគ្រប់សម្បុរទាំងអស់រស់នៅហើយធ្វើការជាមួយគ្នា នៅមន្ទីរចាត់ការពិភពលោក នៅការិយាល័យសាខានានា ហើយក្នុងក្រុមជំនុំទាំងឡាយដែរ។
នៅទ្វីបអាហ្វ្រិក កុលសម្ព័ន្ធ ខ្លះមិនអាចរួបរួមគ្នាដោយគ្មានការប៉ះទង្គិចគ្នាឡើយ។ យ៉ាងណាក៏ដោយ នៅក្នុងសន្និបាតរបស់ស្មរបន្ទាល់ព្រះយេហូវ៉ានៅទីនោះ មនុស្សពីកុលសម្ព័ន្ធជាច្រើន បរិភោគ សម្រាន្ត ហើយថ្វាយបង្គំជាមួយគ្នាដោយសុខដុមយ៉ាងពេញលេញ ព្រមទាំងមានមិត្តភាពយ៉ាងរាក់ទាក់ទៀតផង។ មន្ត្រីរដ្ឋាភិបាលឆ្ងល់ណាស់កាលដែលពួកគេឃើញរឿងដ៏ល្អនេះ។ សារពត៌មាននៃទីក្រុងញូវយ៉កអមស្ទើដាមនូស ដែលចេញថ្ងៃទី២ ខែសីហា ឆ្នាំ ១៩៥៨ បានរៀបរាប់អំពីឧទាហរណ៍មួយនៃលទ្ធផលដែលបានមកពីសាមគ្គីភាពរបស់សាសនាគ្រីស្ទានពិត។ អត្ថាធិប្បាយនេះបានត្រូវបណ្ដាលមកពីការពិនិត្យមើលមហាសន្និបាតអន្តរជាតិដែលបានរៀបរាប់ពីមុនមកនេះ ដែលជាង ២សែន ៥ម៉ឺនស្មរបន្ទាល់បានរួមប្រជុំគ្នានៅទីក្រុងញូវយ៉ក។
«នៅគ្រប់ទីកន្លែងមានមនុស្សខ្មៅ មនុស្សស ហើយមនុស្សអាស៊ី ពីគ្រប់ថ្នាក់នៃជីវិត ហើយពីគ្រប់ទិសនៃផែនដី បានមករួបរួមជាមួយគ្នាយ៉ាងរីករាយហើយដែលគ្មានលក្ខខណ្ឌ។ . . . ស្មរបន្ទាល់ព្រះយេហូវ៉ាដែលកំពុងថ្វាយបង្គំ ដែលមកពី ១២០ ប្រទេសបានត្រូវរស់ជាមួយគ្នា ហើយបានថ្វាយបង្គំជាមួយគ្នាដោយចិត្តមេត្រី ហើយដោយធ្វើយ៉ាងនេះគេបានបង្ហាញពួកអាមេរិកាំងរបៀបដែលការនេះអាចសម្រេចបានដោយងាយស្រួល។ . . . សន្និបាតនេះជាគំរូដ៏ប្រសើរអំពីរបៀបដែលមនុស្សអាចរស់នៅជាមួយគ្នាបាន ហើយធ្វើការជាមួយគ្នាដែរ»។
មនុស្សជាច្រើននិយាយថា ធ្វើតាមគោលការណ៍នៃសាសនាគ្រីស្ទាន គឺមិនមានប្រយោជន៍ក្នុងលោកីយ៍ទាន់សម័យនេះទេ។ ក៏ប៉ុន្តែ តើមានសាសនាឯណាទៀតដែលបានសម្រេចឬក៏អាចសម្រេចឲ្យមានផលប្រយោជន៍យ៉ាងល្អបាន? គោលការណ៍គ្រីស្ទាននឹងនាំឲ្យមានប្រយោជន៍ដ៏ពិតប្រាកដក្នុងសហគមន៍របស់អ្នក បើអនុវត្តតាមឥឡូវនេះ ហើយគោលការណ៍ទាំងនេះនឹងធ្វើជាមូលដ្ឋានដើម្បីរួបរួមដោយសាមគ្គីភាពនូវ «គ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ» នៅលើផែនដីទាំងមូល នៅក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះលើមនុស្សលោក។—វិវរណៈ ៧:៩, ១០
[ឃ្លាអក្សរធំនៅទំព័រ២៣]
មនុស្សគ្រប់សញ្ជាតិ គ្រប់សម្បុរទាំងអស់ធ្វើការជាមួយគ្នា
[ឃ្លាអក្សរធំនៅទំព័រ២៤]
កាន់តាមសាសនាគ្រីស្ទានជាការមានប្រយោជន៍ តើសាសនាណាទៀតដែលបានសម្រេចការនេះបាន?