នៅពេលដែលការប្រកាន់សាសន៍នឹងលែងមានទៀត!
អាល ប៊ឺត អាញស្ទាញ ជាអ្នកវិទ្យាសាស្ត្រ នៅពេលមួយបានមានប្រសាសន៍ថា នៅក្នុងលោកដ៏កំសត់នេះ ការឈ្នះលើការប្រកាន់សាសន៍គឺពិបាកជាងការបំបែកបរមាណូទៅទៀត។ ស្រដៀងនេះដែរ អ្នកសារពត៌មានម្នាក់ឈ្មោះ អិឌវុធ ម៉ូរ៉ូ ដែលបានល្បីឈ្មោះក្នុងសង្គ្រាមលោកលើកទីពីរ ហើយក្រោយមកជានាយកក្រសួងឃោសនាការសហរដ្ឋ ថ្លែងថា«គ្មានអ្នកណាម្នាក់អាចបំបាត់ការប្រកាន់សាសន៍បានឡើយ—ពួកគេអាចតែទទួលស្គាល់ប៉ុណ្ណោះ»។
តើសេចក្ដីថ្លែងនេះត្រូវទេ? តើមិនអាចបំបាត់ការប្រកាន់សាសន៍មែនឬ? តើព្រះមានអារម្មណ៍យ៉ាងណា អំពីការប្រកាន់ពូជសាសន៍?
ព្រះមិនរើសមុខ
ព្រះគម្ពីរជំទាស់ការរើសមុខ។ (សុភាសិត ២៤:២៣; ២៨:២១) ហើយចែងថា«ប្រាជ្ញាដែលមកពីស្ថានលើ នោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្ដីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្ដីមេត្ដាករុណា នឹងផលល្អ ឥតរើសមុខ ហើយឥតពុតមាយាផង»។ (យ៉ាកុប ៣:១៧) ប្រាជ្ញាបែបនេះត្រូវបានបញ្ជាក់ដល់ពួកចៅក្រមក្នុងអ៊ីស្រាអែលពីសម័យបុរាណ។ គឺបង្គាប់ពួកគេថា៖ «មិនត្រូវឲ្យឯងរាល់គ្នាប្រព្រឹត្តទុច្ចរិត ក្នុងរឿងក្ដីឡើយ ក៏មិនត្រូវយល់មុខខាងឯអ្នកតូច ឬខ្លាចអ្នកធំដែរ»។—លេវីវិន័យ ១៩:១៥
ជំហរដ៏ម៉ឺងម៉ាត់របស់ព្រះគម្ពីរជំទាស់នឹងការរើសមុខនិងការប្រកាន់សាសន៍ ត្រូវបានបញ្ជាក់ថែមទៀតដោយព្រះយេស៊ូគ្រីស្ទនិងសាវ័កពេត្រុសនិងប៉ុល។ ព្រះយេស៊ូមិនរើសមុខទេចំពោះពួកអ្នកដែល«ល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល»។ (ម៉ាថាយ ៩:៣៦) ទ្រង់បានបង្រៀនថា៖ «កុំឲ្យជំនុំជំរះតាមភាពដែលមើលឃើញតែខាងក្រៅឡើយ ត្រូវជំនុំជំរះតាមសេចក្ដីសុចរិតវិញ»។—យ៉ូហាន ៧:២៤
ពេត្រុសនិងប៉ុលធានារ៉ាប់រងយើងថា ព្រះយេហូវ៉ាអង្គទ្រង់មិនរើសមុខ។ ពេត្រុសថ្លែងថា៖ «ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាត់ដល់ព្រះហឫទ័យទ្រង់ដែរ»។ (កិច្ចការ ១០:៣៤, ៣៥) សាវ័កប៉ុលថ្លែងប្រាប់យើងថា៖ «ដ្បិតព្រះទ្រង់មិនយោគយល់ខាងអ្នកណាសោះ»។—រ៉ូម ២:១១
អានុភាពរបស់ព្រះគម្ពីរ
ព្រះគម្ពីរមានអំណាចកែប្រែបុគ្គលិកលក្ខណៈនៃពួកអ្នកដែលអនុញ្ញាតឲ្យព្រះគម្ពីរដឹកនាំគេ។ ហេព្រើរ ៤:១២ ចែងថា៖ «ព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង»។ ដោយមានជំនួយពីព្រះយេហូវ៉ា មនុស្សដែលប្រកាន់សាសន៍នឹងអាចកែប្រែផ្លូវគិតរបស់គាត់ ហើយក្លាយទៅជាមិនរើសមុខនៅពេលប្រព្រឹត្តជាមួយអ្នកដទៃ។
ជាឧទាហរណ៍ ករណីរបស់សុលនៃស្រុកតើសុស។ យោងទៅតាមដំណើររឿងព្រះគម្ពីរ នៅពេលមួយ គាត់បានទាស់យ៉ាងឃោរឃៅនឹងក្រុមជំនុំគ្រីស្ទាន ពីព្រោះគាត់បានកាន់តាមទំនៀមទំលាប់ដ៏តឹងរឹង។ (កិច្ចការ ៨:១-៣) គាត់បានជឿជាក់ថាតាមទំនៀមទំលាប់យូដា គ្រីស្ទានទាំងអស់ជាអ្នកក្បត់ជំនឿ ហើយជាពួកសត្រូវនៃការថ្វាយបង្គំពិត។ ការប្រកាន់នេះបានធ្វើឲ្យគាត់គាំទ្រដល់ការកាប់សម្លាប់គ្រីស្ទានជាច្រើន។ ព្រះគម្ពីរចែងថា គាត់«នៅតែបញ្ចេញសេចក្ដីគំរាម នឹងពាក្យកំហែង ព្រមទាំងការសំឡាប់ ដល់ពួកសិស្សនៃព្រះអម្ចាស់នៅឡើយ»។ (កិច្ចការ ៩:១) កាលដែលធ្វើការនេះ គាត់បានគិតថា គាត់កំពុងតែថ្វាយកិច្ចបំរើបរិសុទ្ធដល់ព្រះ។—ប្រៀបធៀប យ៉ូហាន ១៦:២
ប៉ុន្តែ សុលនៃស្រុកតើសុស អាចបំបាត់ចិត្តប្រកាន់ដ៏ខ្លាំងរបស់គាត់។ គាត់ថែមទាំងក្លាយទៅជាគ្រីស្ទានម្នាក់ផង! ក្រោយមក ដោយមានឈ្មោះជាប៉ុល ដែលជាសាវ័ករបស់ព្រះយេស៊ូគ្រីស្ទ គាត់បានសរសេរថា៖ «ពីដើមខ្ញុំជាអ្នកប្រមាថ ធ្វើទុក្ខបៀតបៀន ហើយព្រហើនឈ្លានពាន តែទ្រង់បានអាណិតមេត្ដាដល់ខ្ញុំ ពីព្រោះខ្ញុំប្រព្រឹត្តដោយខ្លៅល្ងង់ ឥតមានសេចក្ដីជំនឿ»។—ធីម៉ូថេទី១ ១:១៣
មិនមានតែប៉ុលទេ ដែលបានកែប្រែគំនិតរបស់គាត់នោះ។ ក្នុងសំបុត្ររបស់គាត់ទៅទីតុស ដែលជាអ្នកផ្សាយដំណឹងល្អគ្នីគ្នា ប៉ុលបានដាស់តឿនគ្រីស្ទានថា៖ «មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងសំដែងសេចក្ដីសុភាពគ្រប់យ៉ាង ដល់មនុស្សទាំងអស់ផង ដ្បិតពីដើម យើងរាល់គ្នាក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស ហើយវង្វេងដែរ ទាំងបំរើសេចក្ដីប៉ងប្រាថ្នា នឹងសេចក្ដីសំរើបផ្សេងៗ ទាំងរស់នៅដោយសេចក្ដីគំរក់ នឹងសេចក្ដីឈ្នានីស យើងក៏គួរខ្ពើម ហើយបានស្អប់គ្នាទៅវិញទៅមកដែរ»។—ទីតុស ៣:២, ៣
បំបាក់ឧបសគ្គនៃការប្រកាន់សាសន៍
សព្វថ្ងៃនេះ គ្រីស្ទានពិតខំប្រឹងធ្វើតាមឱវាទនេះ។ ពួកគេចង់ចៀសវាងពីការកាត់ក្ដីមនុស្សដែលមានមូលដ្ឋានដ៏រាក់កំផែល។ អាកប្បកិរិយានេះនឹងបង្ការគេពី‹ការនិយាយអាក្រក់អំពីអ្នកដទៃ›។ ពួកគេមានភាតរភាពអន្តរជាតិ ដែលមានគ្រប់ទាំងសាសន៍ អាណិកជន ហើយពូជគ្រប់កន្លែងនៃលោកនេះ!
ចូរពិចារណាអំពីការពិសោធរបស់ហិនរីក ដែលជាជនប្រេហ្ស៊ីលស្បែកខ្មៅ។ គាត់ជាអ្នករងគ្រោះនៃការប្រកាន់សាសន៍ ហើយគាត់បានបណ្ដុះការស្អប់យ៉ាងខ្លាំងចំពោះមនុស្សស្បែកស។ គាត់ពន្យល់ថា៖ «ស្មរបន្ទាល់ស្បែកសពីរនាក់បានមកផ្ទះខ្ញុំដើម្បីនឹងពិគ្រោះអំពីនាមរបស់ព្រះ។ មុនដំបូង ខ្ញុំមិនចង់ស្ដាប់ទេ ពីព្រោះខ្ញុំមិនទុកចិត្តមនុស្សស្បែកស។ ប៉ុន្តែមិនយូរប៉ុន្មានមក ខ្ញុំឃើញថាសាររបស់គេជាសេចក្ដីពិត។ ខ្ញុំក៏យល់ព្រមរៀនព្រះគម្ពីរ។ សំនួរទីមួយដែលខ្ញុំសួរនោះ គឺ‹តើមានមនុស្សស្បែកខ្មៅជាច្រើនក្នុងព្រះវិហាររបស់អ្នកទេ›? គេឆ្លើយថា៖ ‹មាន›។ រួចមក គេក៏បង្ហាញរូបភាពចុងក្រោយនៃសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំa ដែលបង្ហាញកូនក្មេងពីសាសន៍ផ្សេងៗ ដែលមានទាំងកូនក្មេងស្បែកខ្មៅ ហើយនេះបានលើកទឹកចិត្តខ្ញុំណាស់។ ក្រោយមក ខ្ញុំបានទៅសាលព្រះរាជាណាចក្រនៃស្មរបន្ទាល់ព្រះយេហូវ៉ា ហើយខ្ញុំឃើញមនុស្សពីគ្រប់សាសន៍ ប្រព្រឹត្តនឹងគ្នាដោយសេចក្ដីគោរព។ នេះជាអ្វីដ៏សំខាន់ណាស់ចំពោះខ្ញុំ»។
ឥឡូវនេះជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ ហិនរីកមានសេចក្ដីរីករាយណាស់ ដែលគាត់មានចំណែកក្នុងភាតរភាពគ្រីស្ទានពិត។ គាត់យល់ដឹងថា កិត្ដិយសមិនមែនស្រេចទៅលើមនុស្សណាមួយទេ។ គាត់មានប្រសាសន៍ថា៖ «សព្វថ្ងៃនេះ ខ្ញុំអរព្រះគុណដល់ព្រះយេហូវ៉ានិងព្រះយេស៊ូ ចំពោះអ្វីៗទាំងអស់ដែលទ្រង់បានធ្វើសំរាប់ខ្ញុំ។ ខ្ញុំធ្វើការជាមួយស្មរបន្ទាល់ព្រះយេហូវ៉ាស្មោះត្រង់រាប់លាននាក់ ពីគ្រប់ពូជសាសន៍ សម្បុរ និងប្រទេស ដោយមានឯកភាពក្នុងគោលបំណងតែមួយ»។
កាលដែលកំពុងតែមានវ័យធំឡើង ដារីអូក៏ជាអ្នករងគ្រោះនៃការប្រកាន់សាសន៍ដែរ។ កាលមានអាយុ១៦ឆ្នាំ គាត់បានចាប់ផ្ដើមរៀនព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា។ គាត់បានសង្កេតឃើញថា៖ «ក្នុងចំណោមស្មរបន្ទាល់ព្រះយេហូវ៉ា ខ្ញុំឃើញថាគ្មានគំនិតជាសាសន៍ណាមួយខ្ពស់ជាងសាសន៍ណានោះឡើយ»។ គាត់បានចាប់អារម្មណ៍នឹងទីកន្លែងនៃសេចក្ដីស្រឡាញ់ពិត។ ជាពិសេស គាត់បានសង្កេតឃើញមនុស្សគ្រប់សាសន៍ បំរើក្នុងភារកិច្ចផ្សេងៗក្នុងក្រុមជំនុំ។ នៅពេលណាគាត់ជួបការប្រកាន់សាសន៍ពីមនុស្សនៅខាងក្រៅក្រុមជំនុំ ដារីអូចាំថា ព្រះយេហូវ៉ាស្រឡាញ់មនុស្សទាំងអស់ ចេញពីគ្រប់សាសន៍ កុលសម្ព័ន្ធនិងភាសា។
របៀបដែលស៊ូទ្រាំ
យើងម្នាក់ៗចង់ឲ្យគេប្រព្រឹត្តមកលើដោយថ្លៃថ្នូរនិងសេចក្ដីគោរព។ ម្ល៉ោះហើយបានជាអ្នករងគ្រោះនៃការប្រកាន់សាសន៍មានការពិបាកនឹងស៊ូទ្រាំ។ ក្រុមជំនុំគ្រីស្ទានមិនអាចការពារយើងពីអាកប្បកិរិយាដ៏ប្រកាន់សាសន៍នៃលោកីយ៍ដ៏អាក្រក់នេះឡើយ។ ឲ្យតែអារក្សសាតាំងកាន់កាប់លោកីយ៍នេះ នោះនឹងនៅតែមានអយុត្ដិធម៌ជានិច្ច។ (យ៉ូហានទី១ ៥:១៩) វិវរណៈ ១២:១២ ព្រមានយើងថា៖ «ដោយហេតុនោះ ឱស្ថានសួគ៌ នឹងពួកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់ផែនដី នឹងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។ វាមិនគ្រាន់តែមានបំណងធ្វើឲ្យពិបាកប៉ុណ្ណោះទេ។ វាត្រូវបានប្រៀបធៀបដូចនឹងសត្វស៊ីសាច់។ សាវ័កពេត្រុសប្រាប់យើងថា៖ «អារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នាវាតែងដើរក្រវែលទាំងគ្រហឹមដូចជាសិង្ហដើម្បីនឹងរកអ្នកណាដែលវាត្របាក់លេបបាន»។—ពេត្រុសទី១ ៥:៨
ព្រះគម្ពីរចែងប្រាប់យើងទៀតថា៖ «ដូច្នេះ ត្រូវចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ»។ (យ៉ាកុប ៤:៧) ជំនួយដ៏ល្អដើម្បីនឹងជួយដោះស្រាយការប្រកាន់សាសន៍ គឺទៅរកព្រះឲ្យជួយ ដូចស្តេចដាវីឌដែរ៖ «ឱព្រះនៃទូលបង្គំអើយ សូមស្រោចស្រង់ទូលបង្គំ ឲ្យរួចពីកណ្ដាប់ដៃនៃមនុស្សអាក្រក់ គឺឲ្យរួចពីកណ្ដាប់ដៃនៃមនុស្សទុច្ចរិតដ៏សាហាវផង»។ (ទំនុកដំកើង ៧១:៤) យើងក៏អាចអធិស្ឋានដូចអ្នកតែងបទទំនុកដំកើងថា៖ «ឱព្រះអង្គអើយ សូមទ្រង់អាណិតមេត្ដាដល់ទូលបង្គំ ដ្បិតមនុស្សចង់លេបបំបាត់ទូលបង្គំហើយ គេសង្កត់សង្កិន ដោយតស៊ូនឹងទូលបង្គំជាដរាបរាល់ថ្ងៃ»។—ទំនុកដំកើង ៥៦:១
តើព្រះនឹងតបឆ្លើយដល់ការអធិស្ឋានបែបនេះដូចម្ដេច? ព្រះគម្ពីរឆ្លើយថា៖ «ដ្បិតទ្រង់នឹងជួយពួកក្រីក្រឲ្យរួចក្នុងកាលដែលថ្លែងទុក្ខ ព្រមទាំងពួកកំសត់ដែលឥតមានអ្នកណាជួយនោះផង ទ្រង់នឹងមានសេចក្ដីអាណិតមេត្ដា ដល់មនុស្សរហេមរហាមនឹងមនុស្សទុគ៌ត ក៏នឹងជួយសង្គ្រោះជីវិតនៃមនុស្សក្រីក្រផង»។ (ទំនុកដំកើង ៧២:១២, ១៣) ជាការដ៏ល្អណាស់ដោយដឹងថា ដល់កំណត់ពេលព្រះយេហូវ៉ានឹងធ្វើឲ្យមានការធូរស្រាលដល់អស់អ្នករងគ្រោះនៃការប្រកាន់សាសន៍!
«វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា»
រដ្ឋាភិបាលនៃលោកនេះប្រហែលជាខំបន្តប្រយុទ្ធនឹងការប្រកាន់សាសន៍ ដោយប្រើច្បាប់និងកម្មវិធីរបស់គេ។ ពួកគេប្រហែលជាខំបន្តសន្យាឲ្យមានភាពស្មើគ្នានិងយុត្ដិធម៌។ ប៉ុន្តែ ពួកគេមិនអាចបានជោគជ័យឡើយ។ (ទំនុកដំកើង ១៤៦:៣) មានតែព្រះទេដែលអាចបំបាត់ការប្រកាន់សាសន៍បាន។ ទ្រង់នឹងកសាងមនុស្សលោកឲ្យទៅជាគ្រួសារដែលមានឯកភាពតែមួយ។ «មនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា» នឹងរួចរស់ជីវិតពីគ្រាបញ្ចប់នៃប្រព័ន្ធដ៏អាក្រក់នេះ ហើយនឹងរស់នៅដោយសុខសាន្ត។—វិវរណៈ ៧:៩, ១០
ព្រះយេហូវ៉ានឹងជួសជុលគ្រោះថ្នាក់ទាំងអស់ដែលកើតឡើងពីការប្រកាន់សាសន៍និងសង្គម។ សូមគិតមើល នឹងគ្មានអ្នកណាម្នាក់ដែលត្រូវគេប្រព្រឹត្តមកលើដោយឥតយុត្ដិធម៌ទេ! «គឺគ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ឥតមានអ្នកណាបំភ័យគេឡើយ»។ (មីកា ៤:៤) ហើយអេសាយ ១១:៩ ចែងថា៖ «វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា»។
បើសិនអ្នកជាអ្នករងគ្រោះនៃការប្រកាន់សាសន៍នៅឥឡូវនេះ សេចក្ដីសង្ឃឹមដ៏អស្ចារ្យនេះចំពោះអនាគតនឹងពង្រឹងការប្រស្រ័យទាក់ទងរបស់អ្នកជាមួយព្រះយេហូវ៉ា។ នេះនឹងជួយអ្នកឲ្យស៊ូទ្រាំនឹងអយុត្ដិធម៌នៃប្រព័ន្ធដ៏អាក្រក់ជួជាតិនេះ។ កាលដែលអត់ទ្រាំនឹងការប្រកាន់សាសន៍ហើយមើលទៅមុខ ចូរកាន់តាមឱវាទព្រះគម្ពីរ៖ «ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកម្លាំងឡើង ហើយឲ្យចិត្តអ្នករាល់គ្នាបានក្លាហានចុះ»។—ទំនុកដំកើង ៣១:២៤
[កំណត់សម្គាល់]
a បានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណនៃរដ្ឋញូវយ៉ក
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៤]
U.S. National Archives photo