តើអ្នកជាអ្នករងគ្រោះនៃការប្រកាន់សាសន៍ទេ?
តើអំពើឃោរឃៅនៃអាណិកជន សាសន៍និយម ការរើសអើង វិយោគកម្ម និងការសម្លាប់ពូជសាសន៍មានអ្វីដូចគ្នា? ទាំងនេះជាកម្មផលនៃការទោរទន់របស់មនុស្សទូទៅ—ការប្រកាន់សាសន៍!
តើអ្វីជាការប្រកាន់សាសន៍? សព្វវចនាធិប្បាយមួយចែងថាជា«មតិបង្កើតមកដោយមិនយកពេលឬចិត្តទុកដាក់ដើម្បីកាត់ក្ដីឲ្យបានត្រឹមត្រូវ»។ ជាមនុស្សឥតគ្រប់ល័ក្ខណ៍ យើងឆាប់នឹងកាត់ក្ដីគេណាស់។ អ្នកប្រហែលជាអាចគិតអំពីពេលដែលអ្នកបានកាត់ក្ដីដោយគ្មានហេតុការណ៍គ្រប់គ្រាន់។ ព្រះគម្ពីរប្រៀបធៀបការទោរទន់កាត់ក្ដីបែបនេះ ទៅនឹងរបៀបដែលព្រះយេហូវ៉ាកាត់ក្ដី ដោយចែងថា៖ «ព្រះទ្រង់មិនទតចំពោះសេចក្ដី ដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោកតែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ»។—សាំយូអែលទី១ ១៦:៧
ការប្រកាន់សាសន៍អាចធ្វើឲ្យឈឺចាប់
គឺគ្មានចម្ងល់ឡើយ មនុស្សគ្រប់គ្នានៅពេលខ្លះត្រូវបានគេកាត់ក្ដីខុសមកលើ។ (ប្រៀបធៀប សាស្ដា ៧:២១, ២២) បើនិយាយជាទូទៅ យើងគ្រប់ៗគ្នាជាអ្នករងគ្រោះនៃការប្រកាន់សាសន៍។ ប៉ុន្តែគំនិតប្រកាន់សាសន៍គឺធ្វើឲ្យឈឺចាប់តិចណាស់ឬឥតសោះ បើបំបាត់ចោលភ្លាមនោះ។ តែបើយកគំនិតបែបនេះមកគិតវិញ នោះអាចធ្វើឲ្យមានគ្រោះថ្នាក់។ នេះអាចបញ្ឆោតយើងឲ្យជឿពាក្យក្លែងក្លាយ។ ជាឧទាហរណ៍ នៅក្រោមឥទ្ធិពលនៃការប្រកាន់សាសន៍ មនុស្សខ្លះជឿជាក់ថា បុគ្គលម្នាក់អាចជាលោភ ខ្ជិល ល្ងីល្ងើ ឬចិត្តមានះ ដោយសារតែសាសនា អាណិកជន ឬក្រុមពូជសាសន៍ណាមួយ។
ក្នុងករណីជាច្រើន ការយល់ខុសនាំឲ្យមានការប្រព្រឹត្តដោយគ្មានយុត្ដិធម៌ ប្រមាទ ឬថែមទាំងប្រព្រឹត្តមកលើអ្នកដទៃយ៉ាងឃោរឃៅផង។ មនុស្សរាប់លាននាក់បានបាត់បង់ជីវិតក្នុងការសម្លាប់រង្គាល សម្លាប់ពូជសាសន៍ ហើយនិងបែបប្រកាន់ពូជសាសន៍ផ្សេងៗទៀត។
នៅជុំវិញផែនដី រដ្ឋាភិបាលបានតយុទ្ធនឹងការប្រកាន់សាសន៍ ដោយធានារ៉ាប់រងតាមច្បាប់ចំពោះសិទ្ធិសេរីភាព សន្ដិសុខ និងភាពស្មើគ្នា។ បើសិនជាអ្នកអានរដ្ឋធម្មនុញ្ញឬគោលការណ៍ក្នុងប្រទេសរបស់អ្នក អ្នកច្បាស់ជាឃើញមាត្រាដែលបានស្ថាបនាឡើង ដើម្បីការពារសិទ្ធិនៃប្រជាពលរដ្ឋគ្រប់គ្នា មិនថាជាពូជសាសន៍ ភេទឬសាសនាណាឡើយ។ ប៉ុន្តែ ការប្រកាន់សាសន៍គឺនៅមានរាលដាលពេញពិភពលោក។
តើអ្នកជាអ្នករងគ្រោះនៃការប្រកាន់សាសន៍ទេ? តើអ្នកដែលមានឈ្មោះជាអ្នកលោភ ខ្ជិល ល្ងីល្ងើ ឬចិត្តមានះដោយសារតែពូជសាសន៍ អាយុ ភេទ សញ្ជាតិ និងជំនឿខាងសាសនានោះទេ? ដោយសារតែការប្រកាន់សាសន៍ តើគេមិនឲ្យឱកាសអ្នករៀនសូត្រត្រឹមត្រូវ ការងារ ផ្ទះសម្បែង និងសង្គមកិច្ចទេ? បើដូច្នេះមែន តើអ្នកនឹងអត់ទ្រាំយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ៣]
ការគិតតែអំពីការប្រកាន់សាសន៍នឹងនាំឲ្យមានការស្អប់ពូជសាសន៍
[អ្នកផ្ដល់សិទ្ធិ]
Nina Berman/Sipa Press