ភាគទី៧
ជីវិតដ៏គាប់ចិត្តម្ដេចក៏ពិបាករកបានម្ល៉េះ?
ហេតុអ្វីក៏មនុស្សជាច្រើនខំពុះពារទាំងលំបាក តែឥតរកឃើញអត្ថន័យដ៏ពិតប្រាកដក្នុងជីវិតរបស់គេបានអ៊ីចឹង? «មនុស្សដែលកើតពីស្រីមក សុទ្ធតែមានអាយុខ្លីទាំងអស់ ហើយក៏មានសេចក្ដីលំបាកជានិច្ចផង គេចេញមកដូចជាផ្កា រួចត្រូវកាត់ដាច់ទៅ គេរួញថយបាត់ទៅ ដូចជាស្រមោល ឥតនៅស្ថិតស្ថេរឡើយ»។ (យ៉ូប ១៤:១, ២) អ្វីមួយដែលបានធ្វើឲ្យសេចក្ដីសង្ឃឹមដ៏ត្រចះត្រចង់របស់មនុស្សលោកបាត់បង់ទៅ គឺដោយសារមនុស្សមួយគូដំបូងនៅក្នុងសួនមនោរម្យ។
២ ដើម្បីឲ្យក្រុមគ្រួសារជាមនុស្សលោកមានសុភមង្គលពិតប្រាកដ នោះពួកគេត្រូវតែមានទំនាក់ទំនងដ៏ល្អជាមួយព្រះ ដែលជាទំនាក់ទំនងដ៏ស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំទេ។ (ចោទិយកថា ៣០:១៥-២០; យ៉ូស្វេ ២៤:១៥) ព្រះយេហូវ៉ាចង់បានការស្ដាប់បង្គាប់និងការថ្វាយបង្គំដែលចេញពីចិត្ត គឺដោយសេចក្ដីស្រឡាញ់។ (ចោទិយកថា ៦:៥) ដូច្នេះហើយនៅក្នុងសួនច្បារអេដែន ព្រះយេហូវ៉ាបានដាក់ល័ក្ខខ័ណ្ឌមួយ ដែលតម្រូវឲ្យបុរសទីមួយនូវឱកាសដើម្បីបង្ហាញជាភស្តុតាងនូវភក្ដីភាពដ៏ស្មោះរបស់គាត់។ ព្រះទ្រង់បានមានបន្ទូលប្រាប់អ័ដាមថា៖ «ឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន»។ (លោកុប្បត្តិ ២:១៦, ១៧) នេះជាការសាកល្បងមួយដ៏ស្រួល។ ព្រះយេហូវ៉ាបានហាមមិនឲ្យអ័ដាមបរិភោគផ្លែពីដើមឈើតែមួយដើមគត់ ក្នុងចំណោមដើមឈើជាច្រើនក្នុងសួនច្បារនោះ។ ដើមឈើនោះបានតំណាងសិទ្ធិរបស់ព្រះអាទិទេពដែលមានសព្វប្រាជ្ញា ក្នុងការសម្រេចអ្វីដែលល្អនិងអ្វីដែលអាក្រក់។ បុរសដំបូងបានប្រាប់បញ្ញត្ដិដែលព្រះប្រទានឲ្យនេះដល់ភរិយាខ្លួន ដែលព្រះយេហូវ៉ាបានឲ្យជា«គូបង្គ្រប់ចំពោះ[អ័ដាម]»នោះ។ (លោកុប្បត្តិ ២:១៨, ព.ថ.) ពួកគេបានពេញចិត្តនឹងរបៀបរៀបចំនេះ គឺការរស់នៅក្រោមការគ្រប់គ្រងរបស់ព្រះ ទាំងចុះចូលដោយអបអរក្នុងការធ្វើតាមព្រះហឫទ័យទ្រង់។ ហើយតាមរបៀបនេះ គឺអាចសម្ដែងសេចក្ដីស្រឡាញ់របស់គេចំពោះព្រះអាទិទេព ដ៏ជាព្រះដែលប្រទានឲ្យជីវិត។
៣ រួចមក នៅថ្ងៃមួយ ពស់មួយបាននិយាយជាមួយនាងអេវ៉ា ហើយបានសួរថា៖ «តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ?»។ នាងអេវ៉ាបានឆ្លើយថា ពួកគេបានត្រូវហាមមិនឲ្យបរិភោគផ្លែពី«ដើមឈើ១ដែលនៅកណ្ដាលសួនច្បារនោះ» គឺដើមដឹងខុសត្រូវ ‹ក្រែងលោពួកគេនឹងស្លាប់ទៅ›។—លោកុប្បត្តិ ៣:១-៣
៤ តើពស់នេះជាអ្នកណា? សៀវភៅវិវរណៈក្នុងព្រះគម្ពីរសម្គាល់«ពស់ពីបុរាណ»ជា«អារក្ស ហើយសាតាំងផង ដែលបាននាំលោកីយទាំងមូលឲ្យវង្វេងចេញ»។ (វិវរណៈ ១២:៩) តើព្រះបានបង្កើតអារក្សសាតាំងមែនឬ? អត់ទេ! កិច្ចការរបស់ព្រះយេហូវ៉ាសុទ្ធតែគ្រប់ល័ក្ខណ៍និងល្អ។ (ចោទិយកថា ៣២:៤) បុគ្គលវិញ្ញាណនេះបានលើកខ្លួនវាជាអារក្ស ដែលមានន័យថា«អ្នកនិយាយបង្ខូច» និងសាតាំង ដែលមានន័យថា«អ្នកប្រឆាំង»។ វាបានត្រូវ«កើតមានសេចក្ដីល្បួង នោះគឺដោយសារតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន» គឺសេចក្ដីប៉ងប្រាថ្នាចង់បានឋានៈរបស់ផងព្រះ។ អ៊ីចឹងហើយ វាក៏ចាប់ផ្ដើមបះបោរប្រឆាំងនឹងព្រះអាទិទេពទៅ។—យ៉ាកុប ១:១៤
៥ អារក្សសាតាំងបាននិយាយទៅនាងអេវ៉ាទៀតថា៖ «អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។ (លោកុប្បត្តិ ៣:៤, ៥) សាតាំងបានធ្វើឲ្យការបរិភោគពីដើមដឹងខុសត្រូវ ទៅជាអ្វីដ៏គួរឲ្យចូលចិត្តណាស់។ ជាគោល វាបាននិយាយប្រឆាំងថា៖ ‹ព្រះទ្រង់កំពុងដកហូតយកអ្វីល្អពីអ្នកហើយ។ ចូរបរិភោគពីដើមឈើនោះទៅ! ហើយអ្នកនឹងបានដូចព្រះ និងអាចសម្រេចចិត្តសំរាប់ខ្លួនឯងនូវអ្វីដែលល្អនិងអ្វីដែលអាក្រក់›។ សព្វថ្ងៃនេះ សាតាំងនៅតែប្រើការវែកញែកបែបនេះ ដើម្បីរារាំងមនុស្សជាច្រើនពីការបំរើព្រះ។ វានិយាយថា៖ ‹ចូរធ្វើអ្វីតាមតែចិត្តខ្លួនទៅ! ចូរកុំអើពើនឹងអ្វីដែលអ្នកជំពាក់គុណព្រះ ដែលបានផ្ដល់ជីវិតដល់អ្នកចុះ!›។—វិវរណៈ ៤:១១
៦ ភ្លាមនោះ ផ្លែពីដើមឈើនោះបានក្លាយទៅជាអ្វីដែលចង់បានជាខ្លាំង ជាអ្វីដែលពុំអាចទប់បានឡើយ! នាងអេវ៉ាបានបេះផ្លែឈើនោះ ហើយក៏បរិភោគទៅ រួចមក ក៏បានផ្ដល់ខ្លះឲ្យស្វាមីបរិភោគដែរ។ ថ្វីបើអ័ដាមបានដឹងយ៉ាងច្បាស់នូវលទ្ធផលនេះ តែគាត់បានស្ដាប់តាមភរិយារបស់គាត់ ហើយក៏បានបរិភោគផ្លែឈើនោះទៅ។ តើបានមានលទ្ធផលយ៉ាងណា? ចំពោះស្ត្រីនេះ ព្រះយេហូវ៉ាបានដាក់ទោសដោយថា៖ «អញនឹងចំរើនឲ្យឯងមានសេចក្ដីព្រួយលំបាកជាច្រើនឡើង ក្នុងវេលាដែលមានផ្ទៃពោះ ឯងនឹងបង្កើតកូនដោយឈឺចាប់ ចិត្តឯងនឹងប្រាថ្នាខាងឯប្ដី ហើយប្ដីនឹងត្រួតត្រាលើឯង»។ ហើយចំពោះបុរសវិញគឺ៖ «នោះដីត្រូវបណ្ដាសាដោយព្រោះឯង ឯងត្រូវរកស៊ីពីដីដោយនឿយហត់អស់១ជីវិត ដីនឹងដុះជាបន្លាហើយនឹងអញ្ចាញឲ្យឯង ឯងត្រូវស៊ីអស់ទាំងតិណជាតិដែលដុះនៅស្រែចំការ ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ»។ ឥឡូវនេះ អ័ដាមនិងនាងអេវ៉ាបានស្វែងរកសុភមង្គលនិងសេចក្ដីស្កប់ចិត្តតាមផ្លូវរបស់គេ។ តើការខំប្រឹងរបស់មនុស្សដើម្បីប្រកបជីវិតដ៏គាប់ចិត្ត ដោយមិនសមស្របតាមព្រះហឫទ័យព្រះអាចបានជោគជ័យឬទេ? កិច្ចការដ៏សប្បាយជាការមើលថែរក្សាសួនមនោរម្យ និងការពង្រីកសួនមនោរម្យទៅគ្រប់ទិសទីលើផែនដី បានត្រូវជំនួសដោយការងារដ៏នឿយហត់ ថែមទាំងគួរឲ្យធុញទ្រាន់ព្រោះគ្រាន់តែឲ្យបានរស់ ទាំងឥតធ្វើអ្វីដើម្បីតម្កើងព្រះអាទិទេពគេឡើយ។—លោកុប្បត្តិ ៣:៦-១៩
៧ នៅថ្ងៃដែលបរិភោគពីដើមដឹងខុសត្រូវ នោះមនុស្សមួយគូដំបូងបានស្លាប់ចំពោះព្រះនេត្រព្រះ និងក៏បានទ្រុឌទ្រោមទៅដល់សេចក្ដីស្លាប់ខាងរូបកាយ។ តើមានអ្វីកើតឡើងដល់គេពេលដែលគេបានស្លាប់នៅទីបំផុតនោះ? ព្រះគម្ពីរផ្ដល់នូវការយល់ធ្លុះអំពីស្ថានភាពនៃមនុស្សស្លាប់។ «ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ពីព្រោះសេចក្ដីនឹកចាំពីគេបានសូន្យបាត់ហើយ»។ (សាស្ដា ៩:៥; ទំនុកដំកើង ១៤៦:៤) គឺគ្មានអ្វីមួយដូចជា«ព្រលឹង»ដែលរស់នៅជាបន្តក្រោយពេលស្លាប់នោះទេ។ បាបនាំឲ្យទទួលទណ្ឌកម្មជាសេចក្ដីស្លាប់ មិនមែនជាទារុណកម្មជារៀងរហូតក្នុងស្ថាននរកនោះឡើយ។ ម្យ៉ាងវិញទៀត សេចក្ដីស្លាប់មិននាំទៅឯស្ថានភាពបរមសុខជារៀងរហូតក្នុងស្ថានសួគ៌ទេ។a
៨ ដូចជាចានដែកនំមួយដែលមានស្នាមពៀចនោះ អាចធ្វើបានតែនំដែលមានស្នាម នោះបុរសនិងស្ត្រីដ៏ឥតគ្រប់ល័ក្ខណ៍ឥឡូវ អាចបង្កើតបានតែកូនចៅឥតគ្រប់ល័ក្ខណ៍តែប៉ុណ្ណោះ។ ព្រះគម្ពីរពន្យល់អំពីដំណើរនេះថា៖ «ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»។ (រ៉ូម ៥:១២) ដូច្នេះហើយ យើងទាំងអស់គ្នាកើតមកដោយមានបាប បានត្រូវចុះចូលនឹងសេចក្ដីឥតប្រយោជន៍។ ជីវិតសំរាប់កូនចៅអ័ដាមបានក្លាយទៅជាជីវិតដ៏ច្រំដែលនិងធុញទ្រាន់។ ប៉ុន្តែ តើមានផ្លូវដោះស្រាយឬទេ?
a អ្នកនឹងរកឃើញពត៌មានដ៏គួរឲ្យចាប់អារម្មណ៍អំពីស្ថានភាពនៃមនុស្សស្លាប់ ក្នុងសៀវភៅស្តើង តើមានអ្វីកើតឡើងដល់យើងពេលយើងស្លាប់ទៅ? (ជាភាសាអង់គ្លេស) បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។