ជំពូកទីមួយ
ការថ្វាយបង្គំដែលមានសាមគ្គីភាពនៅសម័យរបស់យើង តើនេះមានន័យយ៉ាងណា?
១, ២. (ក) នៅសព្វថ្ងៃនេះ តើសកម្មភាពដ៏អស្ចារ្យអ្វី ដែលកំពុងតែមានដំណើរការ? (ខ) តើអ្វីជាសេចក្ដីសង្ឃឹមដ៏អស្ចារ្យរបស់មនុស្សដែលមានចិត្តស្មោះត្រង់?
នៅជុំវិញផែនដីយើងនេះ គឺមានសកម្មភាពដ៏អស្ចារ្យឆ្ពោះទៅរកការថ្វាយបង្គំដែលមានសាមគ្គីភាព។ សកម្មភាពដ៏អស្ចារ្យនេះកំពុងតែបង្រួបបង្រួមមនុស្សរាប់លាននាក់ពីគ្រប់សាសន៍ គ្រប់កុលសម្ព័ន្ធ និងគ្រប់ភាសា។ មនុស្សជាច្រើនទៀតក៏ត្រូវប្រមូលជារៀងរាល់ឆ្នាំ។ នៅក្នុងព្រះគម្ពីរ មនុស្សរាប់លាននាក់នេះបានត្រូវសម្គាល់ជា«ស្មរបន្ទាល់»របស់ព្រះយេហូវ៉ា ហើយក៏ត្រូវហៅថា«ហ្វូងធំ»ដែរ។ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងតែ«បំរើព្រះអង្គទាំងថ្ងៃទាំងយប់»។ (អេសាយ ៤៣:១០-១២; វិវរណៈ ៧:៩-១៥, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ហេតុអ្វីក៏ពួកស្មរបន្ទាល់ព្រះយេហូវ៉ាធ្វើដូច្នេះ? ពីព្រោះពួកស្មរបន្ទាល់ស្គាល់ព្រះយេហូវ៉ាជាព្រះដ៏ពិតតែមួយ។ ហេតុនេះហើយជំរុញឲ្យពួកស្មរបន្ទាល់ព្រះយេហូវ៉ាកែប្រែជីវិតរបស់ខ្លួនឲ្យសមស្របតាមមាគ៌ាដ៏សុចរិតរបស់ទ្រង់។ ហើយពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានរៀនដឹងថាយើងកំពុងតែរស់នៅ«ថ្ងៃជាន់ក្រោយបង្អស់»នៃរបបលោកីយ៍ដ៏អាក្រក់នេះ។ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាក៏ដឹងថា មិនយូរប៉ុន្មានទៀត ព្រះនឹងកំទេចចោលរបបលោកីយ៍នេះ ហើយទ្រង់នឹងនាំឲ្យមានពិភពលោកថ្មីដែលជាសួនមនោរម្យមកជំនួសវិញ។—ធីម៉ូថេទី២ ៣:១-៥, ១៣; ពេត្រុសទី២ ៣:១០-១៣
២ ព្រះបន្ទូលរបស់ព្រះសន្យាថា៖ «ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ . . . ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។ (ទំនុកដំកើង ៣៧:១០, ១១) «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។ (ទំនុកដំកើង ៣៧:២៩) «ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។—វិវរណៈ ២១:៤
៣. តើការថ្វាយបង្គំដែលមានសាមគ្គីភាពដ៏ពិត កំពុងតែសម្រេចយ៉ាងដូចម្ដេច?
៣ ពួកអ្នកដែលកំពុងតែត្រូវបង្រួបបង្រួមឲ្យមានសាមគ្គីភាពក្នុងសាសនាពិតឥឡូវនេះ គឺជាពួកអ្នកដែលនឹងចូលទៅរស់នៅមុនគេក្នុងពិភពលោកថ្មីនោះ។ ពួកគេបានរៀនបំណងព្រះហឫទ័យរបស់ព្រះ ហើយក៏កំពុងតែធ្វើតាមបំណងនោះអស់ពីសមត្ថភាពរបស់ខ្លួន។ ព្រះយេស៊ូបានបង្ហាញនូវសារៈសំខាន់នៃការធ្វើដូច្នេះ ដោយមានបន្ទូលថា៖ «នេះជាជីវិតអស់កល្បជានិច្ច គឺឲ្យគេមានចំណេះអំពីទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូគ្រីស្ទដែលទ្រង់បានចាត់ឲ្យមកផង»។ (យ៉ូហាន ១៧:៣, ព.ថ.) សាវ័កយ៉ូហានបានសរសេរថា៖ «ឯលោកីយនេះ នឹងសេចក្ដីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។—យ៉ូហានទី១ ២:១៧
ន័យពិតប្រាកដនៃការថ្វាយបង្គំដែលមានសាមគ្គីភាព
៤. (ក) តើអ្វីជាន័យពិតប្រាកដនៃការប្រមូលមនុស្សជាច្រើនឲ្យមករួបរួមក្នុងការថ្វាយបង្គំក្នុងសម័យយើងនេះ? (ខ) តើព្រះគម្ពីរពិពណ៌នាអំពីកិច្ចការប្រមូលនេះយ៉ាងដូចម្ដេច?
៤ តើអ្វីជាន័យពិតប្រាកដនៃការប្រមូលមនុស្សជាច្រើន ឲ្យមករួបរួមគ្នាក្នុងការថ្វាយបង្គំនៅសម័យយើងនេះ? គឺមានភស្តុតាងជាក់ស្តែងដែលថា យើងនៅជិតទីបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់នេះ ហើយក្រោយមកពិភពលោកថ្មីរបស់ព្រះនឹងចាប់ផ្ដើមគ្រប់គ្រងក្រោយពីទីបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់នេះ។ យើងជាពួកសាក្សីដែលឃើញផ្ទាល់នឹងភ្នែកនូវការសម្រេចនៃបទទំនាយជាច្រើនក្នុងព្រះគម្ពីរ ដែលបានទាយប្រាប់អំពីកិច្ចការប្រមូលដ៏សំខាន់នេះ។ បទទំនាយមួយចែងថា៖ «នៅជាន់ក្រោយ[ថ្ងៃជាន់ក្រោយបង្អស់នេះ] ភ្នំដែលជាទីតាំងព្រះវិហារនៃព្រះយេហូវ៉ា[ការថ្វាយបង្គំពិតដែលបានត្រូវដំកើងឡើងរបស់ទ្រង់] នឹងបានដំកើងឡើងជាកំពូលនៃអស់ទាំងភ្នំធំ[ដែលខ្ពស់លើសជាងការថ្វាយបង្គំឯទៀត] . . . នោះជនជាតិទាំងឡាយនឹងឡើងទៅហូរហែ ហើយសាសន៍ជាច្រើននឹងទៅដោយពាក្យថា ‹ចូរមក! យើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះវិហារនៃព្រះរបស់យ៉ាកុបចុះ ទ្រង់នឹងបង្រៀនឲ្យយើងរាល់គ្នាស្គាល់ផ្លូវរបស់ទ្រង់ នោះយើងនឹងដើរតាមអស់ទាំងផ្លូវច្រករបស់ទ្រង់›»។—មីកា ៤:១, ២; ទំនុកដំកើង ៣៧:៣៤
៥, ៦. (ក) តើតាមរបៀបណាដែលមនុស្សគ្រប់ទាំងសាសន៍កំពុងតែនាំគ្នាមកឯព្រះយេហូវ៉ា? (ខ) តើយើងត្រូវសួរខ្លួននូវសំនួរណាខ្លះ?
៥ ថ្វីបើមនុស្សទាំងអស់ពីគ្រប់ទាំងសាសន៍មិនមកថ្វាយបង្គំទ្រង់នៅឯដំណាក់ខាងវិញ្ញាណរបស់ព្រះយេហូវ៉ាក៏ដោយ តែមនុស្សរាប់លាននាក់ពីគ្រប់ទាំងសាសន៍គឺកំពុងតែមកថ្វាយបង្គំទ្រង់។ ទឹកចិត្តរបស់ពួកគេត្រូវជំរុញយ៉ាងជ្រាលជ្រៅ ពេលពួកគេរៀនអំពីរាជបំណង និងបុគ្គលិកលក្ខណៈដ៏ជាទីស្រឡាញ់របស់ព្រះយេហូវ៉ា។ ពួកគេខំស្វះស្វែងរកនូវអ្វីដែលព្រះតម្រូវពីពួកគេទាំងមានចិត្តរាបទាប។ សេចក្ដីអធិស្ឋានរបស់ពួកគេគឺមានសភាពដូចសេចក្ដីអធិស្ឋានរបស់អ្នកតែងបទទំនុកដំកើងនេះ ដែលទូលថា៖ «សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្តតាមព្រះហឫទ័យទ្រង់ ដ្បិតទ្រង់ជាព្រះនៃទូលបង្គំពិត»។—ទំនុកដំកើង ១៤៣:១០
៦ តើអ្នកអាចឃើញក្នុងចិត្តថាខ្លួនអ្នកនៅក្នុងចំណោមបណ្ដាមនុស្សជាច្រើននោះ ដែលព្រះយេហូវ៉ាកំពុងតែនាំចូលឲ្យរួបរួមក្នុងការថ្វាយបង្គំឬទេ? តើប្រតិកម្មរបស់អ្នកចំពោះសេចក្ដីណែនាំដែលអ្នកបានទទួលពីព្រះបន្ទូលបង្ហាញថា អ្នកពិតជាអបអរថាព្រះយេហូវ៉ាជាប្រភពនៃសេចក្ដីណែនាំនោះឬទេ? តើអ្នកនឹង«ដើរតាមអស់ទាំងផ្លូវច្រករបស់ទ្រង់»ដល់កំរិតណា?
របៀបដែលសាមគ្គីភាពក្នុងការថ្វាយបង្គំត្រូវសម្រេច
៧. (ក) នៅទីបំផុត តើការថ្វាយបង្គំដែលមានសាមគ្គីភាពនឹងបានសម្រេចដល់កំរិតណា? (ខ) ហេតុអ្វីក៏ត្រូវក្លាយជាអ្នកថ្វាយបង្គំម្នាក់របស់ព្រះយេហូវ៉ាជាបន្ទាន់នៅពេលឥឡូវនេះ? ហើយតើយើងអាចជួយអ្នកដទៃឲ្យធ្វើដូច្នេះដែរយ៉ាងដូចម្ដេច?
៧ ព្រះយេហូវ៉ាមានគោលបំណងចង់ឲ្យការបង្កើតទាំងអស់ដែលមានសតិបញ្ញា ត្រូវបង្រួបបង្រួមគ្នាឲ្យមានសាមគ្គីភាពក្នុងសាសនាពិត។ យើងចង់បានយ៉ាងខ្លាំងនូវគ្រាដែលមនុស្សទាំងអស់នឹងថ្វាយបង្គំព្រះដ៏ពិតតែមួយ! (ទំនុកដំកើង ១០៣:១៩-២២) ក៏ប៉ុន្តែ មុននឹងអាចបានស្ថានភាពដូចនេះ នោះព្រះយេហូវ៉ាត្រូវតែបំផ្លាញចោលអស់អ្នកដែលបដិសេធមិនធ្វើតាមព្រះហឫទ័យដ៏សុចរិតរបស់ទ្រង់។ ដោយមានព្រះទ័យមេត្ដា នោះព្រះយេហូវ៉ាក៏មានបន្ទូលប្រាប់ជាមុននូវអ្វីដែលទ្រង់នឹងធ្វើ ដើម្បីឲ្យមនុស្សនៅគ្រប់ទិសទីអាចមានឱកាសកែប្រែនូវចិត្តគំនិតរបស់ខ្លួន។ (អេសាយ ៥៥:៦, ៧) ដូច្នេះហើយ នៅក្នុងសម័យយើងនេះ ក៏មានសេចក្ដីអញ្ជើញជាបន្ទាន់«ដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារ» ដែលថា៖ «ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ! ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ នឹងរន្ធទឹកទាំងប៉ុន្មានចុះ!»។ (វិវរណៈ ១៤:៦, ៧) តើអ្នកបានធ្វើតាមសេចក្ដីអញ្ជើញនេះហើយឬនៅ? ប្រសិនបើអ្នកបានធ្វើតាមសេចក្ដីអញ្ជើញនេះហើយនោះ អ្នកក៏មានឯកសិទ្ធិអញ្ជើញអ្នកឯទៀតឲ្យទទួលចំណេះអំពីព្រះពិត និងឲ្យពួកគេមកថ្វាយបង្គំព្រះពិតនេះដែរ។
៨. ក្រោយពីយើងបានទទួលសេចក្ដីបង្រៀនបឋមៗក្នុងព្រះគម្ពីរ តើយើងគួរតែខំប្រឹងធ្វើឲ្យមានការរីកចំរើនអ្វីទៀត?
៨ ព្រះយេហូវ៉ាមិនចង់បានមនុស្សដែលថាពួកគេជឿលើទ្រង់ តែរួចមកបន្តស្វះស្វែងរកប្រយោជន៍របស់ខ្លួនវិញនោះទេ។ ព្រះទ្រង់ចង់ឲ្យមនុស្សមាន‹ចំណេះត្រឹមត្រូវអំពីព្រះហឫទ័យរបស់ទ្រង់› ហើយពួកគេត្រូវសម្ដែងក្នុងជីវិតរបស់ពួកគេថាខ្លួនមានចំណេះនេះ។ (កូល៉ុស ១:៩, ១០) ដូច្នេះ មនុស្សដែលមានចិត្តកតញ្ញូ ហើយបានរៀនអំពីសេចក្ដីបង្រៀនបឋមៗក្នុងព្រះគម្ពីរ នឹងចង់ជឿនទៅមុខ ដរាបដល់ភាពពេញវ័យខាងវិញ្ញាណ។ ពួកគេមានសេចក្ដីប្រាថ្នាចង់ស្គាល់ព្រះយេហូវ៉ាឲ្យបានជិតស្និទ្ធជាង និងចង់យល់ដឹងឲ្យបានជ្រៅជ្រះនូវព្រះបន្ទូលរបស់ទ្រង់ ហើយចង់អនុវត្តតាមអ្វីៗដែលពួកគេបានរៀនឲ្យបានពេញលេញថែមទៀត។ ពួកគេខំសម្ដែងនូវគុណសម្បត្ដិរបស់ព្រះវរបិតាសួគ៌ារបស់យើង និងខំមានទស្សនៈដូចទ្រង់ដែរ។ នេះជំរុញពួកគេឲ្យស្វែងរកវិធីដែលអាចចូលរួមក្នុងកិច្ចការសង្គ្រោះនេះ ដែលទ្រង់បានរៀបចំនៅលើផែនដីនៅសម័យយើងនេះ។ តើអ្នកមានសេចក្ដីប៉ងប្រាថ្នាដូចនេះដែរឬទេ?—ម៉ាកុស ១៣:១០; ហេព្រើរ ៥:១២–៦:៣
៩. ឥឡូវនេះ តើសាមគ្គីភាពដ៏ពិតអាចមានតាមវិធីណាខ្លះ?
៩ ព្រះគម្ពីរបង្ហាញថា អស់អ្នកដែលបំរើព្រះយេហូវ៉ាត្រូវជាមនុស្សដែលមានសាមគ្គីភាព។ (អេភេសូរ ៤:១-៣) សាមគ្គីភាពនេះត្រូវតែមាននៅសព្វថ្ងៃនេះ ថ្វីបើយើងរស់នៅក្នុងពិភពលោកដ៏បែកខ្ញែកគ្នា ហើយយើងខំពុះពារទាំងលំបាកនឹងភាពឥតគ្រប់ល័ក្ខណ៍របស់យើងក៏ដោយ។ ព្រះយេស៊ូបានខំអធិស្ឋានឲ្យពួកសិស្សរបស់ទ្រង់ឲ្យបានស្រុះស្រួលនឹងគ្នា គឺឲ្យមានសាមគ្គីភាពដ៏ពិត។ តើនេះនឹងត្រូវមានន័យយ៉ាងណា? ជាបឋម គឺថាពួកសិស្សនឹងមានទំនាក់ទំនងដ៏ល្អជាមួយនឹងព្រះយេហូវ៉ានិងរាជបុត្រារបស់ទ្រង់។ ទីពីរ គឺថាពួកសិស្សនឹងត្រូវបង្រួបបង្រួមឲ្យមានសាមគ្គីភាពគ្នា។ (យ៉ូហាន ១៧:២០, ២១) ដើម្បីសម្រេចនូវគោលដៅនេះ ព្រះយេហូវ៉ាក៏បង្រៀនរាស្ត្ររបស់ទ្រង់តាមរយៈក្រុមជំនុំគ្រីស្ទានជាអង្គការរបស់ទ្រង់។
តើមានកត្ដាណាខ្លះដែលនាំឲ្យមានសាមគ្គីភាព?
១០. (ក) ពេលយើងវែកញែករកចម្លើយចំពោះសំនួរដែលទាក់ទងនឹងយើងដោយប្រើព្រះគម្ពីរ តើយើងនឹងរីកចំរើនខាងអ្វីខ្លះ? (ខ) ចូរពិនិត្យមើលកត្ដាដែលនាំឲ្យមានសាមគ្គីភាពគ្រីស្ទាន ដោយឆ្លើយសំនួរដែលរៀបរាប់ក្នុងវគ្គនេះ។
១០ នៅខាងក្រោមនេះមានកត្ដាប្រាំពីរ ដែលនាំឲ្យមានការថ្វាយបង្គំដែលមានសាមគ្គីភាព។ ពេលអ្នកឆ្លើយសំនួរទាំងនោះ សូមគិតអំពីរបៀបដែលចំណុចនិមួយៗ មានអានុភាពលើទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះយេហូវ៉ា និងជាមួយនឹងគ្រីស្ទានគ្នីគ្នា។ បើអ្នកវែកញែកលើចំណុចទាំងនេះ និងបើកមើលខគម្ពីរដែលមិនបានសរសេរនៅទីនេះ នោះនឹងជួយធ្វើឲ្យអ្នករីកចំរើនខាងប្រាជ្ញាពីព្រះ សមត្ថភាពរិះគិត និងការវិនិច្ឆ័យ ដ្បិតនេះជាគុណសម្បត្ដិដែលយើងគ្រប់គ្នាត្រូវការ។ (សុភាសិត ៥:១, ២; ភីលីព ១:៩-១១) ចូរពិនិត្យមើលកត្ដាទាំងនេះម្ដងមួយៗ។
(១) យើងទទួលស្គាល់នូវសិទ្ធិរបស់ព្រះយេហូវ៉ា ក្នុងការដាក់ខ្នាតតម្រាស្តីអំពីអ្វីល្អនិងអ្វីអាក្រក់។ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។—សុភាសិត ៣:៥, ៦
ពេលយើងធ្វើការសម្រេចចិត្តណាមួយ ហេតុអ្វីក៏យើងគួរស្វែងរកឱវាទនិងការណែនាំរបស់ព្រះយេហូវ៉ា? (ទំនុកដំកើង ១៤៦:៣-៥; អេសាយ ៤៨:១៧)
(២) យើងមានព្រះបន្ទូលដើម្បីណែនាំយើង។ «កាលអ្នករាល់គ្នាបាន ទទួលព្រះបន្ទូល ជាដំណឹងពីព្រះ ដោយសារយើងខ្ញុំ នោះមិនបានទទួល ទុកដូចជាពាក្យរបស់មនុស្សទេ បានទទួលតាមភាពដ៏ពិតនៃដំណឹងនោះវិញ គឺជាព្រះបន្ទូលនៃព្រះ ដែលបណ្ដាលមកក្នុងអ្នករាល់គ្នាជាពួកអ្នកជឿ»។—ថែស្សាឡូនីចទី១ ២:១៣
តើអាចមានគ្រោះថ្នាក់អ្វី បើយើងគ្រាន់តែធ្វើអ្វីមួយដែលយើង‹គិត›ថាត្រឹមត្រូវនោះ? (សុភាសិត ១៤:១២; យេរេមា ១០:២៣, ២៤; ១៧:៩)
ប្រសិនបើយើងឥតដឹងថា ព្រះគម្ពីរឲ្យឱវាទអ្វីស្តីពីរឿងណាមួយ តើយើងគួរតែធ្វើយ៉ាងណា? (សុភាសិត ២:៣-៥; ធីម៉ូថេទី២ ៣:១៦, ១៧)
(៣) យើងទាំងអស់គ្នាទទួលប្រយោជន៍ពីកម្មវិធីដូចគ្នាសំរាប់ការបរិភោគម្ហូបអាហារខាងវិញ្ញាណ។ «ឯកូនចៅទាំងប៉ុន្មានរបស់ឯង នឹងធ្វើជាសិស្សរបស់ព្រះយេហូវ៉ា»។ (អេសាយ ៥៤:១៣) «ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះ[ថ្ងៃនៃសេចក្ដីហិនវិនាស]ជិតមកដល់ហើយ»។—ហេព្រើរ ១០:២៤, ២៥
ពួកអ្នកដែលឆ្លៀតយកប្រយោជន៍ពីការរៀបចំរបស់ព្រះយេហូវ៉ាចំពោះការបរិភោគម្ហូបអាហារខាងវិញ្ញាណ តើពួកគេនឹងទទួលប្រយោជន៍អ្វីខ្លះ? (អេសាយ ៦៥:១៣, ១៤)
(៤) ព្រះយេស៊ូគ្រីស្ទជាមេដឹកនាំរបស់យើង មិនមែនមនុស្សណាម្នាក់ឡើយ។ «ឯអ្នករាល់គ្នាវិញ មិនត្រូវឲ្យអ្នកដទៃហៅខ្លួនជាលោកគ្រូឡើយ ដ្បិតអ្នករាល់គ្នាមានសាស្ដាតែ១ ហើយជាបងប្អូននឹងគ្នាទាំងអស់ ក៏កុំឲ្យហៅអ្នកណាជាឪពុក នៅផែនដីនេះដែរ ដ្បិតមានឪពុកតែ១ប៉ុណ្ណោះ គឺជាព្រះដែលគង់នៅស្ថានសួគ៌ ហើយកុំឲ្យអ្នកណាហៅខ្លួនជាសាស្ដាឡើយ ដ្បិតមានសាស្ដាតែ១ប៉ុណ្ណោះ គឺជាព្រះគ្រីស្ទ»។—ម៉ាថាយ ២៣:៨-១០
តើយើងណាម្នាក់គួរជឿថា យើងគ្រាន់បើជាងអ្នកដទៃឬទេ? (រ៉ូម ៣:២៣, ២៤; ១២:៣)
(៥) យើងមានទំនុកចិត្តលើការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះ ថានោះជាសេចក្ដីសង្ឃឹមតែមួយគត់ចំពោះមនុស្សជាតិ។ «ចូរអធិស្ឋានបែបយ៉ាងនេះវិញថា ‹ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ! សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ›។ ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។—ម៉ាថាយ ៦:៩, ១០, ៣៣
តើការ‹ស្វែងរកព្រះរាជាណាចក្រជាមុនសិន› ជួយរក្សាសាមគ្គីភាពរបស់យើងយ៉ាងដូចម្ដេច? (មីកា ៤:៣; យ៉ូហានទី១ ៣:១០-១២)
(៦) ព្រះវិញ្ញាណបរិសុទ្ធបង្កើតឲ្យអ្នកថ្វាយបង្គំរបស់ព្រះយេហូវ៉ាមានគុណសម្បត្ដិ ដែលនាំឲ្យមានសាមគ្គីភាពគ្រីស្ទាន។ «ផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត»។—កាឡាទី ៥:២២, ២៣
តើយើងត្រូវតែធ្វើអ្វីដើម្បីឲ្យវិញ្ញាណរបស់ព្រះបង្កើតផលផ្លែក្នុងយើងនោះ? (កិច្ចការ ៥:៣២)
តើការមានវិញ្ញាណរបស់ព្រះមានអានុភាពលើទំនាក់ទំនងរបស់យើងជាមួយនឹងពួកគ្រីស្ទានគ្នីគ្នាបានយ៉ាងដូចម្ដេច? (យ៉ូហាន ១៣:៣៥; យ៉ូហានទី១ ៤:៨, ២០, ២១)
(៧) អស់អ្នកថ្វាយបង្គំពិតរបស់ព្រះ ចូលរួមផ្សព្វផ្សាយដំណឹងល្អនៃព្រះរាជាណាចក្ររបស់ព្រះ។ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។—ម៉ាថាយ ២៤:១៤
តើអ្វីដែលគួរជំរុញយើងឲ្យរួមចំណែកយ៉ាងពេញលេញ ក្នុងកិច្ចការផ្សព្វផ្សាយនេះ? (ម៉ាថាយ ២២:៣៧-៣៩; រ៉ូម ១០:១០)
១១. ពេលយើងអនុវត្តតាមសេចក្ដីពិតក្នុងព្រះគម្ពីរ តើនេះនឹងមានអានុភាពយ៉ាងណាមកលើយើង?
១១ ការថ្វាយបង្គំព្រះយេហូវ៉ាដោយសាមគ្គីភាព នាំឲ្យយើងមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា និងធ្វើឲ្យយើងមានលទ្ធភាពមានការសេពគប់ដែលផ្ដល់កម្លាំងចិត្តដល់អ្នកជឿគ្នីគ្នា។ ទំនុកដំកើង ១៣៣:១ ចែងថា៖ «មើល! ដែលបងប្អូននៅមូលជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ!»។ ការបែរចេញពីលោកីយ៍ដែលមានពេញដោយភាពអាត្មានិយម អំពើឥតសីលធម៌ និងអំពើឃោរឃៅនេះ ហើយចូលរួមជាមួយអស់អ្នកដែលពិតជាស្រឡាញ់ព្រះយេហូវ៉ា និងស្ដាប់បង្គាប់តាមក្រិត្យវិន័យរបស់ទ្រង់ នោះច្បាស់ជាផ្ដល់កម្លាំងចិត្តយ៉ាងណាទៅហ្ន៎!
ចូរជៀសវាងអានុភាពដែលធ្វើឲ្យបែកខ្ញែកគ្នា
១២. ហេតុអ្វីក៏យើងត្រូវជៀសវាងគំនិតដែលមិនពឹងពាក់លើព្រះ?
១២ យើងត្រូវតែជៀសវាងពីអានុភាពដែលធ្វើឲ្យបែកខ្ញែកគ្នា ដើម្បីកុំឲ្យមានការខូចដល់សាមគ្គីភាពដ៏វិសេសរបស់យើងទូទាំងពិភពលោក។ អានុភាពមួយដែលធ្វើឲ្យបែកខ្ញែកគ្នា គឺអាកប្បកិរិយាដែលមិនចង់ពឹងពាក់លើព្រះនិងច្បាប់របស់ទ្រង់។ ព្រះយេហូវ៉ាជួយយើងឲ្យជៀសវាងអានុភាពនេះ ដោយប្រាប់យើងឲ្យដឹងអំពីមេផ្ដើមនៃចិត្តគំនិតនេះ គឺអារក្សសាតាំង។ (កូរិនថូសទី២ ៤:៤; វិវរណៈ ១២:៩) សាតាំងជាបុគ្គលដែលមានអានុភាពលើអ័ដាមនិងអេវ៉ា ឲ្យពួកគេបដិសេធអ្វីដែលព្រះបានមានបន្ទូលមក និងធ្វើការសម្រេចចិត្តដែលប្រឆាំងនឹងបំណងព្រះហឫទ័យរបស់ព្រះ។ ជាលទ្ធផល មានអន្តរាយដល់ពួកគាត់និងពួកយើងផងដែរ។ (លោកុប្បត្តិ ៣:១-៦, ១៧-១៩) លោកីយ៍នេះគឺមានពេញដោយគំនិតមិនពឹងពាក់លើព្រះនិងច្បាប់របស់ទ្រង់។ ដូច្នេះយើងត្រូវតែទប់ទល់និងជៀសវាងពីចិត្តគំនិតបែបនោះ។
១៣. តើអ្វីដែលនឹងបង្ហាញថា យើងកំពុងតែប្រុងប្រៀបសំរាប់ជីវិតក្នុងពិភពលោកថ្មីដ៏សុចរិតរបស់ព្រះ?
១៣ ជាឧទាហរណ៍ ចូរគិតអំពីសេចក្ដីសន្យាដ៏អស្ចារ្យរបស់ព្រះយេហូវ៉ាដែលថា ទ្រង់នឹងយកផ្ទៃមេឃថ្មីនិងផែនដីថ្មីដែលមាន«សុទ្ធតែសេចក្ដីសុចរិត»មកដាក់ជំនួសលោកីយ៍ដ៏អាក្រក់នេះវិញ។ (ពេត្រុសទី២ ៣:១៣) នេះគួរជំរុញយើងឲ្យចាប់ផ្ដើមរៀបចំដើម្បីរស់នៅគ្រានោះ ពេលដែលមានសេចក្ដីសុចរិត មែនទេ? នេះបានសេចក្ដីថា យើងត្រូវធ្វើតាមឱវាទដ៏ចំៗក្នុងព្រះគម្ពីរដែលថា៖ «កុំឲ្យស្រឡាញ់លោកីយ ឬរបស់អ្វីដែលនៅក្នុងលោកីយនេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ»។ (យ៉ូហានទី១ ២:១៥) ហេតុដូច្នេះហើយ យើងត្រូវបដិសេធនូវអាកប្បកិរិយាដែលមានទូទៅនៃលោកីយ៍នេះ ដូចជាការមិនពឹងពាក់លើអ្នកណាសោះ ការគិតតែអំពីអាត្មាយ៉ាងហួសហេតុ និងការធ្វើអំពើឥតសីលធម៌ និងអំពើឃោរឃៅ។ យើងគួរបណ្ដុះឲ្យមានទម្លាប់ស្ដាប់តាមព្រះយេហូវ៉ា និងស្ដាប់បង្គាប់ទ្រង់ឲ្យអស់ពីដួងចិត្តរបស់យើង ថ្វីបើនេះគឺប្រឆាំងនឹងទំនោរចិត្តឥតគ្រប់ល័ក្ខណ៍របស់យើងក៏ដោយ។ ជីវិតរបស់យើងទាំងមូលផ្ដល់ជាភស្តុតាងថា គំនិតនិងបំណងចិត្តរបស់យើង គឺគិតអំពីការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ។—ទំនុកដំកើង ៤០:៨
១៤. (ក) ហេតុអ្វីក៏សំខាន់ក្នុងការឆ្លៀតយកឱកាសពីឥឡូវនេះ ដើម្បីរៀនអំពីខ្នាតតម្រារបស់ព្រះយេហូវ៉ា និងធ្វើតាមខ្នាតតម្រានោះក្នុងជីវិតរបស់យើង? (ខ) តើបទគម្ពីរទាំងប៉ុន្មានដែលមានក្នុងវគ្គនេះមានសារៈសំខាន់យ៉ាងណាចំពោះយើងម្នាក់ៗ?
១៤ នៅគ្រាកំណត់មកដល់ ទ្រង់បំផ្លាញចោលរបបលោកីយ៍ដ៏អាក្រក់នេះដែរ ហើយនិងអស់អ្នកដែលចង់ធ្វើតាមផ្លូវរបស់លោកីយ៍នេះ ព្រះយេហូវ៉ានឹងមិនពន្យារពេលឡើយ។ ព្រះយេហូវ៉ានឹងមិនពន្យារពេលនោះ ឬផ្លាស់ប្ដូរខ្នាតតម្រារបស់ទ្រង់ ដើម្បីបំរើផលប្រយោជន៍នៃអស់អ្នកដែលខំប្រឹងតោងតាមលោកីយ៍នេះ ហើយទន្ទឹមគ្នានឹងនោះ ស្ទាក់ស្ទើរក្នុងការរៀននិងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះនោះឡើយ។ ឥឡូវនេះ គឺជាពេលដែលត្រូវបង្ហាញនូវសកម្មភាព! (លូកា ១៣:២៣, ២៤; ១៧:៣២; ២១:៣៤-៣៦) ដូច្នេះ គឺជាអ្វីមួយដ៏កក់ក្ដៅមែន ដែលឃើញមនុស្សមួយហ្វូងធំកំពុងតែឆ្លៀតយកប្រយោជន៍ពីឱកាសដ៏មានតម្លៃនេះ ទាំងខំស្វែងរកសេចក្ដីណែនាំរបស់ព្រះយេហូវ៉ា ដែលទ្រង់ប្រទានមកតាមរយៈបន្ទូលនិងអង្គការរបស់ទ្រង់។ ពួកគេកំពុងតែដើរដោយរួបរួមគ្នាតាមមាគ៌ារបស់ទ្រង់ទៅឯពិភពលោកថ្មី! ហើយកាលណាយើងរៀនច្រើនអំពីព្រះយេហូវ៉ា នោះយើងនឹងស្រឡាញ់និងចង់បំរើទ្រង់ច្រើនទៀតដែរ។
ការពិគ្រោះសាឡើងវិញ
• តើព្រះយេហូវ៉ាមានគោលបំណងយ៉ាងណាចំពោះការថ្វាយបង្គំ?
• ក្រោយពីយើងបានរៀននូវសេចក្ដីបង្រៀនបឋមៗក្នុងព្រះគម្ពីរ តើយើងត្រូវធ្វើយ៉ាងណាទៀតដើម្បីឲ្យជឿនទៅមុខ?
• តើយើងម្នាក់ៗអាចធ្វើអ្វី ដើម្បីឲ្យមានសាមគ្គីភាពជាមួយនឹងអ្នកបំរើឯទៀតរបស់ព្រះយេហូវ៉ា?
[រូបភាពនៅទំព័រ៤]
‹ឯមនុស្សរាបសានឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ›