បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wt ជំ. ៨ ទំ. ៧០-៧៨
  • ‹ការតយុទ្ធនឹងពួកវិញ្ញាណកំណាច›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹ការតយុទ្ធនឹងពួកវិញ្ញាណកំណាច›
  • ចូរថ្វាយបង្គំព្រះពិតតែមួយ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពួក​អ្នក​គ្រប់គ្រង​លោកីយ៍​នៅ​ស្ថាន​ដ៏​ខ្ពស់
  • កលល្បិច​របស់​មេ​កំណាច
  • បាន​ត្រូវ​ប្រដាប់​ខ្លួន​ឲ្យ​ទៅ​ជា​អ្នក​ឈ្នះ
  • វិធីទប់ទល់នឹងទេវតាអាក្រក់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចូរតស៊ូនឹងមេកំណាចនិងកលល្បិចទាំងប៉ុន្មានរបស់វា
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • ចូរប្រុងប្រយ័ត្ន សាថានចង់លេបត្របាក់អ្នក!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • «ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
មើលបន្ថែមទៀត
ចូរថ្វាយបង្គំព្រះពិតតែមួយ
wt ជំ. ៨ ទំ. ៧០-៧៨

ជំពូក​ទី​ប្រាំបី

‹ការ​តយុទ្ធ​នឹង​ពួក​វិញ្ញាណ​កំណាច›

១​. ហេតុ​អ្វី​បាន​ជា​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​នឹង​សកម្មភាព​របស់​ពួក​វិញ្ញាណ​កំណាច?

មនុស្ស​ជា​ច្រើន​ចំអក​មើលងាយ ចំពោះ​ជំនឿ​ដែល​ថា​មាន​ពួក​វិញ្ញាណ​កំណាច។ ប៉ុន្តែ នេះ​គឺ​មិន​មែន​ជា​រឿង​លេង​សើច​នោះ​ទេ។ ទោះ​ជា​មនុស្ស​ជឿ​ថា​មាន​ពួក​វិញ្ញាណ​កំណាច​ឬ​ក៏​មិន​ជឿ​ក៏​ដោយ តាម​ពិត​គឺ​មាន​ពួក​វិញ្ញាណ​កំណាច​មែន ហើយ​ពួក​វា​ខំ​ប្រឹង​បង្ខិត​បង្ខំ​មនុស្ស​គ្រប់​គ្នា​យ៉ាង​សកម្ម។ សូម្បី​តែ​ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ក៏​មិន​រួច​ពី​ការ​បង្ខិត​បង្ខំ​របស់​ពួក​វាដែរ។ តាម​ការ​ពិត ពួក​វា​ចង់​គាប​សង្កត់​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ជាង​គេ។ សាវ័ក​ប៉ុល​ប្រាប់​យើង​ឲ្យ​ដឹង​ទុក​ជា​មុន​អំពី​រឿង​នេះ ដោយ​ពោល​ថា⁠៖ «យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​នឹង​ពួក​គ្រប់គ្រង[ដែល​មើល​មិន​ឃើញ] ពួក​មាន​អំណាច នឹង​ពួក​ម្ចាស់​នៃ​សេចក្ដី​ងងឹត​នៅ​លោកីយ​នេះ​វិញ ហើយ​ទាស់​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ[«ពួក​វិញ្ញាណ​កំណាច», ព​.​ថ​.] នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ»។ (អេភេសូរ ៦:⁠១២) នៅ​ក្នុង​សម័យ​យើង​នេះ ពួក​វិញ្ញាណ​កំណាច​កំពុង​តែ​ព្យាយាម​បង្ខិត​បង្ខំ​មនុស្ស​ដល់​កំរិត ដែល​ពុំធ្លាប់​មាន​ពី​មុន​មក​ទេ ពីព្រោះ​សាតាំង​បាន​ត្រូវ​ទម្លាក់​ចេញ​ពី​ស្ថានសួគ៌ វា​មាន​កំហឹង​ជា​ខ្លាំង ដោយ​ដឹង​ថា ពេល​វេលា​របស់​វា​កាន់​តែ​ខ្លី​ណាស់​ហើយ។​—⁠វិវរណៈ ១២:⁠១២

២​. តើ​យើង​អាច​មាន​លទ្ធភាព​ឈ្នះ​លើ​ពួក​វិញ្ញាណ​កំណាច​យ៉ាង​ណា?

២ តើ​យើង​អាច​មាន​លទ្ធភាព​ឈ្នះ​លើ​ពួក​វិញ្ញាណ​កំណាច​ឬ​ទេ? គឺ​អាច​ឈ្នះ​លើ​ពួក​វា​បាន តែ​ដោយ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ទើប​អាច​ឈ្នះ​ពួក​វា។ យើង​ត្រូវ​តែ​ស្ដាប់​បង្គាប់​ព្រះ និង​ធ្វើ​តាម​ព្រះ​បន្ទូល​របស់​ទ្រង់។ បើ​យើង​ធ្វើ​ដូច្នេះ យើង​អាច​រួច​ផុត​ពី​ការ​បង្ខូច​រាង​កាយ បង្ខូច​ភាព​សីលធម៌ និង​បង្ខូច​ផ្លូវ​ចិត្ត ដែល​អស់​អ្នក​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សាតាំង​បាន​ទទួល​នោះ។​—⁠យ៉ាកុប ៤:៧

ពួក​អ្នក​គ្រប់គ្រង​លោកីយ៍​នៅ​ស្ថាន​ដ៏​ខ្ពស់

៣​. តើ​សាតាំង​ប្រឆាំង​យ៉ាង​ឃោរឃៅ​នឹង​អ្នក​ណា​ហើយ​តាម​របៀប​ណា?

៣ ព្រះ​យេហូវ៉ា​ពិពណ៌នា​ឲ្យ​យល់​ទិដ្ឋភាព​ដ៏​រស់រវើក​នៅ​ស្ថានសួគ៌ ស្តី​អំពី​ស្ថានការណ៍​លោកីយ៍​នេះ​តាម​ទស្សនៈ​ទ្រង់។ ទ្រង់​ប្រទាន​ដល់​សាវ័ក​យ៉ូហាន​នូវ​ចក្ខុនិមិត្ត​មួយ ដែល​បាន​រៀប​រាប់​ថា​សាតាំង​ជា​«នាគ​ដ៏​ធំ​មាន​សម្បុរ​ក្រហម»។ បើ​អាច​ធ្វើ​បាន នោះ​វា​ប្រុង​នឹង​ត្របាក់​លេប​ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី ពេល​ដែល​ព្រះ​រាជាណាចក្រ​នេះ​មាន​កំណើត​នៅ​ស្ថានសួគ៌​ក្នុង​ឆ្នាំ​១៩១៤។ ដោយសារ​សាតាំង​ទទួល​បរាជ័យ​ចំពោះ​ការ​ធ្វើ​ដូច្នេះ វា​ក៏​បាន​នាំ​ឲ្យ​មាន​ការ​ប្រឆាំង​យ៉ាង​ឃោរឃៅ​ជា​ច្រើន​នឹង​ពួក​នៅ​លើ​ផែនដី ដែល​តំណាង​ព្រះ​រាជាណាចក្រ​នោះ។ (វិវរណៈ ១២:​៣, ៤, ១៣,១៧) តើ​សាតាំង​នឹង​ធ្វើ​សង្គ្រាម​នេះ​យ៉ាង​ណា​ទៅ? វា​ធ្វើ​ឡើង​តាម​រយៈ​អ្នក​តំណាង​របស់​វា។

៤​. តើ​អ្នក​ណា​ជា​ប្រភព​នៃ​អំណាច​របស់​រដ្ឋាភិបាល​មនុស្ស? ហើយ​តើ​យើង​ដឹង​អំពី​រឿង​នេះ​យ៉ាង​ដូចម្ដេច?

៤ ក្រោយ​មក យ៉ូហាន​ក៏​ឃើញ​សត្វ​សាហាវ​ដែល​មាន​ក្បាល​ប្រាំ​ពីរ​និង​ស្នែង​ដប់ ជា​សត្វ​ដែល​មាន​អំណាច​«លើ​គ្រប់​ទាំង​ពូជ​មនុស្ស គឺ​អស់​ទាំង​គ្រួសារ នឹង​ភាសា ហើយ​នឹង​អស់​ទាំង​សាសន៍​ផង»។ សត្វ​នោះ​តំណាង​ប្រព័ន្ធ​នយោបាយ​ទាំង​មូល​ទូទាំង​ពិភពលោក។ យ៉ូហាន​បាន​ប្រាប់​ថា​«នាគ[អារក្ស​សាតាំង]ក៏​ឲ្យ​ឫទ្ធិ នឹង​បល្ល័ង្ក​របស់​វា​ដល់​សត្វ​នោះ ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ដែរ»។ (វិវរណៈ ១៣:​១, ២, ៧) ត្រូវ​ហើយ សាតាំង​គឺ​ជា​ប្រភព​អំណាច​នៃ​រដ្ឋាភិបាល​របស់​មនុស្ស។ ដូច្នេះ​ហើយ ដូច​ជា​សាវ័ក​ប៉ុល​បាន​សរសេរ​មក នោះ​‹ពួក​គ្រប់គ្រង​លោកីយ៍​នេះ› ពិត​ជា​«[«ពួក​វិញ្ញាណ​កំណាច», ព​.​ថ​.]​នៅ​ស្ថាន​ដ៏​ខ្ពស់» ដែល​កាន់​កាប់​រដ្ឋាភិបាល​របស់​មនុស្ស។ អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា គប្បី​យល់​នូវ​សារៈ​សំខាន់​នៃ​រឿង​នេះ។​—⁠លូកា ៤:​៥, ៦

៥​. តើ​ពួក​អ្នក​គ្រប់គ្រង​ខាង​នយោបាយ​កំពុង​តែ​ត្រូវ​ប្រមូល​មក​ឲ្យ​ធ្វើ​អ្វី?

៥ ទោះ​ជា​អ្នក​គ្រប់គ្រង​ជា​ច្រើន​អះអាង​ថា​ខ្លួន​កាន់​សាសនា​ក៏​ដោយ តែ​គ្មាន​សាសន៍​ណា​មួយ​ដែល​ចុះ​ចូល​ជា​មួយ​នឹង​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា ឬ​ចុះ​ចូល​ជា​មួយ​នឹង​ព្រះ​យេស៊ូ​គ្រីស្ទ ជា​ស្តេច​តែងតាំង​នោះ​ទេ។ ពួក​គេ​ទាំង​អស់​ខំ​តយុទ្ធ​យ៉ាង​សាហាវ​ដើម្បី​អំណាច​របស់​ពួក​គេ។ សព្វ​ថ្ងៃ​នេះ កំណត់​ហេតុ​នៅ​ក្នុង​វិវរណៈ​បង្ហាញ​ថា «វិញ្ញាណ​នៃ​ពួក​អារក្ស» ដែល​កំពុង​តែ​ប្រមូល​ពួក​អ្នក​គ្រប់គ្រង​ក្នុង​លោកីយ៍​«មក​ក្នុង​ចំបាំង នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត»​គឺ​នៅ​ក្នុង​សង្គ្រាម​អើម៉ាគេដូន។​—⁠វិវរណៈ ១៦:​១៣, ១៤, ១៦; ១៩:​១៧​-​១៩

៦​. ហេតុ​អ្វី​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន ដើម្បី​ជៀសវាង​កុំ​ឲ្យ​គេ​នាំ​យើង​ចូល​គាំទ្រ​របប​របស់​សាតាំង​នោះ?

៦ រឿង​នយោបាយ រឿង​ខាង​សង្គម សេដ្ឋកិច្ច​និង​ជម្លោះ​ខាង​សាសនា ដែល​ធ្វើ​ឲ្យ​មនុស្ស​បាក់​បែក​គ្នា គឺ​មាន​អានុភាព​លើ​ជីវិត​របស់​មនុស្ស​ជា​រៀង​រាល់​ថ្ងៃ។ ក្នុង​ជម្លោះ​ទាំង​នេះ គឺ​ជា​ការ​ធម្មតា​ទេ​ដែល​មនុស្ស​បង្ហាញ​ដោយសារ​ពាក្យ​សំដី ឬ​ដោយ​វិធី​ផ្សេង​ទៀត​ថា​ពួក​គេ​កាន់​ជើង​ខាង​សាសន៍ កុលសម្ព័ន្ធ ភាសា​ឬ​វណ្ណៈ​ដែល​ពួក​គេ​មាន​ចំណែក​នោះ។ ទោះ​ជា​មនុស្ស​មិន​ជាប់​ទាក់ទង​ឲ្យ​ឃើញ​យ៉ាង​ចំ⁠ៗនឹង​ជម្លោះ​ក៏​ដោយ ធម្មតា​ពួក​គេ​តែង​មាន​ចិត្ត​លំអៀង​ទៅ​ម្ខាង⁠ៗមែន។ ប៉ុន្តែ មិន​ថា​ពួក​គេ​គាំទ្រ​មនុស្ស​ណា​ឬ​ចលនា​ណា​ក៏​ដោយ​នោះ តាម​ពិត តើ​ពួក​គេ​ពិត​ជា​គាំទ្រ​អ្នក​ណា? ព្រះ​គម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា⁠៖ «លោកីយ​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច»។ (យ៉ូហានទី១ ៥:⁠១៩) បើ​ដូច្នេះ តើ​បុគ្គល​ម្នាក់​អាច​ជៀសវាង​កុំ​ឲ្យ​ត្រូវ​បំភាន់​ដូច​មនុស្ស​លោក​ទាំង​អស់​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​គាំទ្រ​ទាំង​ស្រុង​នូវ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ប៉ុណ្ណោះ និង​ដោយ​កាន់​អព្យាក្រឹត​ស្តី​អំពី​រឿង​ជម្លោះ​ក្នុង​ពិភពលោក​នេះ។​—⁠យ៉ូហាន ១៧:​១៥, ១៦

កលល្បិច​របស់​មេ​កំណាច

៧​. ដោយ​ឃើញ​របៀប​សាតាំង​ប្រើ​សាសនា​ក្លែង​ក្លាយ​នោះ តើ​យើង​អាច​មើល​ឃើញ​នូវ​ការ​ប៉ិនប្រសប់​របស់​វា​យ៉ាង​ដូច​ម្ដេច?

៧ ទូទាំង​ប្រវត្ដិសាស្ត្រ សាតាំង​បាន​ប្រើ​ការ​បៀតបៀន​ដោយ​ពាក្យ​សំដី​ឬ​តាម​ផ្លូវ​កាយ ដើម្បី​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ចេញ​ពី​ការ​ថ្វាយ​បង្គំ​ពិត។ វា​ក៏​បាន​ប្រើ​មធ្យោបាយ​ដ៏​ឆ្លៀវឆ្លាត គឺ​ជា​ការ​ប្រព្រឹត្ត​និង​កលល្បិច​ដ៏​ប៉ិនប្រសប់។ វា​បាន​ធ្វើ​ឲ្យ​មនុស្ស​លោក​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត ដោយ​ប្រើ​សាសនា​ក្លែង​ក្លាយ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​គិត​ថា ពួក​គេ​កំពុង​តែ​បំរើ​ព្រះ។ ដោយសារ​ពួក​គេ​ឥត​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ និង​គ្មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​សេចក្ដី​ពិត នោះ​ពួក​គេ​អាច​ចាប់​អារម្មណ៍​នឹង​សាសនា ដែល​មាន​របៀប​ថ្វាយ​បង្គំ​ដែល​ប្រកប​ដោយ​ភាព​អាថ៌កំបាំង​និង​ការ​ធ្វើ​អ្វី​ដែល​បង្ហាញ​ពី​ការ​រំភើប​ក្នុង​ចិត្ត ឬ​ស្ងើច​នឹង​ការ​ប្រព្រឹត្ត​ដ៏​អស្ចារ្យ។ (ថែស្សាឡូនីចទី២ ២:​៩, ១០) ប៉ុន្តែ យើង​បាន​ត្រូវ​ព្រមាន​ថា សូម្បី​តែ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ធ្លាប់​ថ្វាយ​បង្គំ​ពិត ក៏​«អ្នក​ខ្លះ​នឹង​លាចាក​ចេញ . . . ដោយ​ស្ដាប់​តាម​វិញ្ញាណ​បញ្ឆោត នឹង​សេចក្ដី​បង្រៀន​របស់​ពួក​អារក្ស»​ដែរ។ (ធីម៉ូថេទី១ ៤:⁠១) តើ​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច​ទៅ?

៨​. តើ​តាម​របៀប​ណា​ដែល​សាតាំង​ល្បួង​យើង​ឲ្យ​ចូល​សាសនា​ក្លែង​ក្លាយ បើ​យើង​កំពុង​តែ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នោះ?

៨ យ៉ាង​ប៉ិនប្រសប់​នោះ អារក្ស​ក៏​ប្រើ​ភាព​ទន់ខ្សោយ​របស់​យើង​ដែរ។ តើ​យើង​នៅ​ខ្លាច​មនុស្ស​ឬ​ទេ? ប្រសិន​បើ​ដូច្នេះ យើង​នឹង​ចុះ​ចាញ់​ដោយ​ធ្វើ​តាមការ​បង្ខិត​បង្ខំ​ពី​សាច់​ញាតិ​ឬ​ពួក​អ្នក​ជិត​ខាង​ដែល​ចង់​ឲ្យ​យើង​កាន់​ទំនៀម​ទំលាប់​សាសនា ដែល​មាន​កំណើត​ពី​សាសនា​ក្លែង​ក្លាយ​នោះ។ តើ​យើង​មាន​មោទនភាព​ចំពោះ​ខ្លួន​ហួស​ហេតុ​ឬ​ទេ? បើ​ដូច្នេះ យើង​អាច​ទៅ​ជា​អាក់អន់​ចិត្ត​ពេល​យើង​ត្រូវ​ទទួល​ឱវាទ ឬ​ពេល​អ្នក​ដទៃ​មិន​យល់​ព្រម​នឹង​ទស្សនៈ​ដែល​យើង​គាំទ្រ​នោះ។ (សុភាសិត ១៥:​⁠១០; ២៩:⁠២៥; ធីម៉ូថេទី១ ៦:​៣, ៤) ជាជាង​កែ​ប្រែ​ទស្សនៈ​យើង​ឲ្យ​សម​ស្រប​នឹង​គំរូ​របស់​ព្រះ​គ្រីស្ទ​នោះ យើង​អាច​ទៅ​ជា​ចូល​ចិត្ត​អ្នក​ដែល​‹បង្រៀន​ត្រូវ​ចិត្ត​យើង› ដោយ​និយាយ​ថា បើ​គ្រាន់​តែ​អាន​ព្រះ​គម្ពីរ​និង​ប្រព្រឹត្ត​ការ​ល្អ​គឺ​គ្រប់គ្រាន់​ហើយ។ (ធីម៉ូថេទី២ ៤:⁠៣) គឺ​ឥត​សំខាន់​ទេ​ចំពោះ​សាតាំង​ដែល​ថា យើង​ចូល​រួម​ក្រុម​សាសនា​ណា​មួយ​ផ្សេង​ទៀត ឬ​គ្រាន់​តែ​កាន់​លទ្ធិ​សាសនា​ដែល​យើង​ប្រឌិត​ឡើង​ដោយ​ខ្លួន​ឯង​នោះ។ ចំពោះ​វា​ឲ្យ​តែ​យើង​មិន​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា តាម​របៀប​ដែល​ព្រះ​បង្គាប់​តាម​ព្រះ​បន្ទូល​និង​អង្គការ​របស់​ទ្រង់​នោះ គឺ​វា​សប្បាយ​ណាស់។

៩​. តើ​តាម​របៀប​ណា​ដែល​សាតាំង​ប្រើ​កលល្បិច​យ៉ាង​ប៉ិនប្រសប់​នូវ​ការ​រួម​ដំណេក ដើម្បី​សម្រេច​គោល​បំណង​របស់​វា?

៩ សាតាំង​ក៏​ល្បួង​មនុស្ស​យ៉ាង​ប៉ិនប្រសប់​ដោយ​ឲ្យ​មនុស្ស​បំពេញ​សេចក្ដី​ប្រាថ្នា​ធម្មតា​របស់​ខ្លួន តាម​របៀប​ដ៏​ខុស។ វា​បាន​ធ្វើ​ដូច្នេះ​ចំពោះ​សេចក្ដី​ប្រាថ្នា​ខាងកាម។ មនុស្ស​ជា​ច្រើន​បដិសេធ​សីលធម៌​ព្រះ​គម្ពីរ ដោយ​ចាត់​ទុក​ការ​រួម​ភេទ​រវាង​មនុស្ស​ដែល​ឥត​រៀប​ការ ថា​ជា​ការ​កំសាន្ត​ដែល​ត្រឹម​ត្រូវ ឬ​ជា​វិធី​ដែល​បង្ហាញ​ថា​ពួក​គេ​ជា​មនុស្ស​ពេញ​វ័យ​ហើយ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​ចំពោះ​អស់​អ្នក​ដែល​រៀប​ការ​ហើយ​នោះ? ពួក​គេ​ជា​ច្រើន​ប្រព្រឹត្ត​អ្វី​ដែល​ជា​ការ​ក្បត់​ប្ដី​ប្រពន្ធ។ សូម្បី​តែ​ពេល​គ្មាន​ភាព​ស្មោះ​ត្រង់​ក្នុង​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ក៏​ដោយ មនុស្ស​ជា​ច្រើន​ទាមទារ​លែងលះ​គ្នា ឬ​រស់​នៅ​ដាច់​ពី​គ្នា ដើម្បី​ឲ្យ​គេ​អាច​រស់​នៅ​ជា​មួយ​នឹង​មនុស្ស​ម្នាក់​ផ្សេង​ទៀត។ កលល្បិច​ដ៏​ប៉ិនប្រសប់​របស់​សាតាំង គឺ​ចង់​ឲ្យ​មនុស្ស​គិត​តែ​ពី​ការ​សប្បាយ​ឥឡូវ​ប៉ុណ្ណោះ ហើយ​ធ្វើ​កន្តើយ​នឹង​ផល​ប៉ះ​ពាល់​ចំពោះ​ខ្លួន​ឯង​និង​អ្នក​ដទៃ ជា​ពិសេស​ចំពោះ​ទំនាក់ទំនង​របស់​ខ្លួន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​និង​រាជបុត្រា​របស់​ទ្រង់។​—⁠កូរិនថូសទី១ ៦:​៩, ១០; កាឡាទី ៦:​៧, ៨

១០​. តើ​សាតាំង​ខំ​ធ្វើ​ឲ្យ​យើង​មាន​ទំនោរ​ចិត្ត​ចំពោះ​អំពើ​អសីលធម៌ និង​អំពើ​ឃោរឃៅ​តាម​របៀប​ណា?

១០ សេចក្ដី​ប្រាថ្នា​មួយ​ទៀត​ដ៏​ធម្មតា​គឺ​ជា​ការ​កំសាន្ត។ ការ​កំសាន្ត​ដ៏​ត្រឹម​ត្រូវ​មាន​គុណ​ប្រយោជន៍​អាច​ធ្វើ​ឲ្យ​មាន​កម្លាំង​ដល់​គំនិត​និង​ផ្លូវ​ចិត្ត​ដែរ។ ប៉ុន្តែ តើ​យើង​មាន​ប្រតិកម្ម​យ៉ាង​ណា​កាល​បើ​សាតាំង​ប្រើ​គ្រា​នេះ​យ៉ាង​ប៉ិនប្រសប់ ដើម្បី​ឲ្យ​យើង​គិត​ខុស​ពី​គំនិត​របស់​ព្រះ​នោះ? ជា​ឧទាហរណ៍ យើង​ដឹង​ថា ព្រះ​យេហូវ៉ា​ស្អប់​អំពើ​អសីលធម៌​ខាង​កាម​និង​អំពើ​ឃោរឃៅ។ ពេល​កុន កម្មវិធី​ទូរទស្សន៍ ឬ​ល្ខោន​ដែល​មាន​រឿង​ទាំង​នេះ តើ​យើង​នៅ​អង្គុយ​ទស្សនា​ឬ​ទេ? ចូរ​ចាំ​ថា សាតាំង​នឹង​ធ្វើ​ឲ្យ​រឿង​ទាំង​នេះ​កាន់​តែ​ថោកទាប​ទៅ⁠ៗ កាល​ដែល​វេលា​នៃ​ការ​បោះ​ទំលាក់​វា​ចោល​ទៅ​ក្នុង​ជង្ហុក​ធំ​កាន់​តែ​ជិត​មក​ដល់​ហើយ​នោះ។ ពីព្រោះ​«ពួក​អាក្រក់ នឹង​ពួក​ឆបោក គេ​នឹង​មាន​ជំនឿន​ជឿន​ទៅ​ខាង​សេចក្ដី​អាក្រក់ កាន់​តែ​ខ្លាំង​ឡើង ទាំង​នាំ​មនុស្ស​ឲ្យ​វង្វេង ហើយ​ត្រូវ​វង្វេង​ខ្លួន​ឯង​ផង»។ (ធីម៉ូថេទី២ ៣:⁠១៣; វិវរណៈ ២០:​១-៣) ដូច្នេះ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ជានិច្ច​នឹង​កលល្បិច​របស់​សាតាំង។​—⁠លោកុប្បត្តិ ៦:⁠១៣; ទំនុកដំកើង ១១:៥; រ៉ូម ១:​២៤​-​៣២

១១​. តើ​តាម​របៀប​ណា ដែល​បុគ្គល​ម្នាក់​ដែល​ស្គាល់​សេចក្ដី​ពិត​អំពី​រឿង​មន្តអាគម អាច​ទៅ​ជា​ជាប់​អន្ទាក់​ក្នុង​រឿង​មន្តអាគម​បាន បើ​គាត់​ឥត​ប្រុង​ប្រយ័ត្ន​នោះ?

១១ យើង​ក៏​ដឹង​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​មន្តអាគម​បែប​ណា​ក៏​ដោយ ដូច​ជា​ការ​ទស្សន៍​ទាយ អាបធ្មប់ ឬ​ខំ​ទាក់ទង​នឹង​មនុស្ស​ស្លាប់​ជា​ដើម គឺ​ជា​ទី​ស្អប់​ខ្ពើម​ចំពោះ​ព្រះ​យេហូវ៉ា​ណាស់។ (ចោទិយកថា ១៨:​១០​-​១២) ដោយ​ដឹង​អំពី​រឿង​នេះ យើង​នឹង​មិន​គិត​រក​ពិគ្រោះ​ជា​មួយ​នឹង​គ្រូខាប​ខ្មោច ហើយ​ក៏​មិន​ទទួល​ពួក​គេ​ឲ្យ​ចូល​ក្នុង​ផ្ទះ ដើម្បី​ប្រព្រឹត្ត​របៀន​អារក្ស​នោះ​ឡើយ។ ប៉ុន្តែ តើ​យើង​នឹង​ស្ដាប់​ពួក​គេ​ទេ បើ​មាន​បញ្ចាំង​ក្នុង​ទូរទស្សន៍​ឬ​តាម​អ៊ិនថឺណិត​នោះ? ទោះ​ជា​យើង​មិន​ទទួល​ការ​ព្យាបាល​ពី​គ្រូ​អាបធ្មប់ តើ​យើង​នឹង​ចង​ដៃ​កូនង៉ា​នូវ​ខ្សែ​អំបោះ ដោយ​គិត​ថា​នឹង​ការពារ​កូន​ឬ​ទេ? ដោយ​ដឹង​ថា ព្រះ​គម្ពីរ​ផ្ដន្ទា​ទោស​ចំពោះ​ការ​ដាក់​អំពើ​មន្តអាគម​លើ​អ្នក​ដទៃ តើ​យើង​នឹង​អនុញ្ញាត​ឲ្យ​គ្រូ​សណ្ដំ​មក​កាន់​កាប់​លើ​គំនិត​របស់​យើង​ឬ​ទេ?​—⁠កាឡាទី ៥:​១៩​-​២១

១២​. (ក) តើ​តាម​របៀប​ណា ដែល​បទ​ភ្លេង​ត្រូវ​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​យើង​គិត​អំពី​អ្វី​ដែល​យើង​ដឹង​ថា​គឺ​ខុស​នោះ? (ខ) តើ​សំលៀកបំពាក់ ម៉ូដ​សក់ និង​របៀប​និយាយ​របស់​បុគ្គល​ម្នាក់​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា គាត់​និយម​អ្នក​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ព្រះ​ហឫទ័យ​នោះ? (គ) តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​បើ​យើង​ចង់​ជៀសវាង​ពី​ការ​រងគ្រោះ នឹង​កលល្បិច​របស់​សាតាំង​នោះ?

១២ ព្រះ​គម្ពីរ​ចែង​ថា អំពើ​សហាយ​ស្មន់​និង​ភាព​ស្មោកគ្រោក​មិន​គប្បី​យក​មក​និយាយ (ដោយ​ចេតនា​រម្មណ៍​មិន​ល្អ) នោះ​ឡើយ។ (អេភេសូរ ៥:​៣​-​៥) ចុះ​យ៉ាង​ណា បើ​អំពើ​ទាំង​នេះ​មាន​នៅ​ក្នុង​ភ្លេង​ដែល​មាន​បទ​ពីរោះ ចង្វាក់​ដែល​ទាក់ទាញ​ចិត្ត ឬ​មាន​ចង្វាក់​ពីរោះ​រណ្ដំ​នោះ? តើ​យើង​នឹង​ចាប់​ផ្ដើម​ច្រៀង​ទំនុក​ដែល​លើក​ដំកើង​ការ​រួម​ភេទ​ដោយ​ឥត​រៀប​ការ ការ​ប្រើ​គ្រឿង​ញៀន​សំរាប់​ការ​កំសាន្ត និង​ការ​ប្រព្រឹត្ត​អំពើ​បាប​ណា​ផ្សេង​ទៀត​ឬ​ទេ? ទោះ​ជា​យើង​ដឹង​ថា យើង​មិន​យក​តម្រាប់​តាម​របៀប​រស់​នៅ​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​បែប​នេះ តើ​យើង​បង្ហាញ​ថា​យើង​និយម​ពួក​គេ​ដល់​ម្ល៉េះ ដោយ​ស្លៀក​ពាក់​តាម​ពួក​គេ ធ្វើ​ម៉ូដ​សក់​តាម​ពួក​គេ ឬ​ក៏​និយាយ​តាម​ពួក​គេ​ឬ​ទេ? មធ្យោបាយ​ដែល​សាតាំង​ប្រើ​ដើម្បី​ល្បួង​មនុស្ស​ឲ្យ​ធ្វើ​តាម​គំនិត​ដ៏​ពុក​រលួយ​របស់​វា​គឺ​មាន​កលល្បិច​ពិស​ពុល​មែន! (កូរិនថូសទី២ ៤:​៣, ៤) យើង​ត្រូវ​តែ​ជៀសវាង​ពី​ការ​រសាត់​ទៅ​តាម​លោកីយ៍​នេះ បើ​យើង​មិន​ចង់​ក្លាយ​ទៅ​ជា​អ្នក​រងគ្រោះ​ដោយសារ​កលល្បិច​ដ៏​ប៉ិនប្រសប់​របស់​វា។ យើង​ត្រូវ​តែ​ចាំ​ថា​«ពួក​ម្ចាស់​នៃ​សេចក្ដី​ងងឹត​នៅ​លោកីយ​នេះ»​គឺ​ជា​អ្នក​ណា ហើយ​ត្រូវ​តយុទ្ធ​នឹង​ឥទ្ធិពល​របស់​ពួក​វា។​—⁠ពេត្រុសទី១ ៥:៨

បាន​ត្រូវ​ប្រដាប់​ខ្លួន​ឲ្យ​ទៅ​ជា​អ្នក​ឈ្នះ

១៣​. ទោះ​ជា​យើង​មាន​ភាព​ឥត​គ្រប់​ល័ក្ខណ៍​ក៏​ដោយ តើ​យើង​អាច​មាន​លទ្ធភាព​ឈ្នះ​លោកីយ៍​នេះ​ដែល​សាតាំង​គ្រប់គ្រង​យ៉ាង​ដូច​ម្ដេច?

១៣ មុន​នឹង​ព្រះ​យេស៊ូ​សោយទិវង្គត នោះ​ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​សាវ័ក​ទ្រង់​ថា⁠៖ «សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ​ហើយ»។ (យ៉ូហាន ១៦:⁠៣៣) ពួក​គេ​ក៏​អាច​ជា​អ្នក​ឈ្នះ​ដែរ។ ប្រមាណ​៦០​ឆ្នាំ​ក្រោយ​មក សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា⁠៖ «តើ​អ្នក​ណា​ជា​អ្នក​ឈ្នះ​លោកីយ បើ​មិន​មែន​ជា​អ្នក​ដែល​ជឿ​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ?»។ (យ៉ូហានទី១ ៥:⁠៥) យើង​បង្ហាញ​ថា​ខ្លួន​មាន​ជំនឿ​បែប​នេះ ដោយ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេស៊ូ និង​ទុក​ចិត្ត​លើ​បន្ទូល​របស់​ព្រះ ដូច​ជា​ព្រះ​យេស៊ូ​បាន​ធ្វើ​ដែរ។ តើ​ត្រូវ​ការ​អ្វី​ទៀត? យើង​ត្រូវ​នៅ​ជិត​ក្រុមជំនុំ​ដែល​ទ្រង់​ដឹក​នាំ។ ពេល​យើង​ប្រព្រឹត្ត​អំពើ​បាប យើង​ត្រូវ​តែ​ប្រែ​ចិត្ត​ដោយ​ស្មោះ និង​សុំ​ឲ្យ​ព្រះ​អត់​ឱន​ទោស ដោយ​មាន​មូលដ្ឋាន​លើ​យញ្ញបូជា​របស់​ព្រះ​យេស៊ូ។ តាម​របៀប​នេះ ថ្វី​បើ​យើង​មាន​ភាព​ឥត​គ្រប់​ល័ក្ខណ៍​និង​ប្រព្រឹត្ត​ខុស យើង​ក៏​អាច​ជា​អ្នក​ឈ្នះ​ដែរ។​—⁠ទំនុកដំកើង ១៣០:​៣, ៤

១៤​. សូម​អាន​អេភេសូរ ៦:​១៣​-​១៧ និង​ប្រើ​សំនួរ​និង​បទ​គម្ពីរ​ដែល​បាន​កត់​ទុក​ក្នុង​វគ្គ​នេះ ជា​មូលដ្ឋាន​នៃ​ការ​ពិគ្រោះ​ប្រយោជន៍​ពី​ផ្នែក​និមួយ⁠ៗនៃ​គ្រឿង​សឹក​ខាង​វិញ្ញាណ។

១៤ ដើម្បី​ឲ្យ​បាន​ជោគជ័យ យើង​ត្រូវ​តែ​ពាក់ «គ្រប់​គ្រឿង​សឹក​របស់​ព្រះ» និង​មិន​ត្រូវ​ពាក់​ដោយ​ខ្វះ​ផ្នែក​ណា​មួយ​សោះ​ឡើយ។ សូម​បើក​ព្រះ​គម្ពីរ​របស់​អ្នក​ទៅ​អេភេសូរ ៦:​១៣​-​១៧ និង​អាន​ការ​រៀប​រាប់​នៃ​គ្រឿង​សឹក​នោះ។ រួច​មក ដោយ​ឆ្លើយ​សំនួរ​នៅ​ខាង​ក្រោម សូម​ពិនិត្យ​មើល​នូវ​របៀប​ដែល​អ្នក​អាច​ទទួល​ប្រយោជន៍ ពី​ការ​ពាក់​គ្រឿង​សឹក​និមួយ⁠ៗ។

«ដោយ​ក្រវាត់​សេចក្ដី​ពិត​នៅ​ចង្កេះ»

ទោះ​ជា​យើង​ស្គាល់​សេចក្ដី​ពិត​ក៏​ដោយ តើ​ការ​សិក្សា​ជា​ទៀងទាត់ ការ​រំពឹង​គិត​លើ​សេចក្ដី​ពិត​ខាង​ព្រះ​គម្ពីរ និង​ការ​ទៅ​ប្រជុំ​ការពារ​យើង​យ៉ាង​ដូច​ម្ដេច? (កូរិនថូសទី១ ១០:​១២, ១៣; កូរិនថូសទី២ ១៣:៥; ភីលីព ៤:​៨, ៩)

«ពាក់​សេចក្ដី​សុចរិត​ទុក​ជា​ប្រដាប់​បាំង​ដើម​ទ្រូង»

តើ​នេះ​ជា​ខ្នាត​តម្រា​នៃ​សេចក្ដី​សុចរិត​របស់​អ្នក​ណា? (វិវរណៈ ១៥:⁠៣)

សូម​ពន្យល់​នូវ​របៀប​ដែល​ការ​អាក់​ខាន​ធ្វើ​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ខាង​វិញ្ញាណ។ (ចោទិយកថា ៧:​៣, ៤; សាំយូអែលទី១ ១៥:​២២, ២៣)

«ទាំង​ពាក់​សេចក្ដី​ប្រុង​ប្រៀប​របស់​ដំណឹង​ល្អ​នៃ​សេចក្ដី​សុខសាន្ត ទុក​ជា​ស្បែក​ជើង»

បើ​យើង​ជាប់​រវល់​និយាយ​ប្រាប់​អ្នក​ដទៃ​អំពី​សំវិធានការ​របស់​ព្រះ​ចំពោះ​សេចក្ដី​សុខសាន្ត​នោះ តើ​នេះ​ការពារ​យើង​យ៉ាង​ដូច​ម្ដេច? (ទំនុកដំកើង ៧៣:​២, ៣; រ៉ូម ១០:⁠១៥; ធីម៉ូថេទី១ ៥:⁠១៣)

«សេចក្ដី​ជំនឿ​ទុក​ជា​ខែល»

ប្រសិន​បើ​យើង​មាន​ជំនឿ​ដ៏​រឹង​មាំ តើ​យើង​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​ប្រឈម​មុខ​នឹង​អ្វី​ដែល​ខំ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​សង្ស័យ​ឬ​ខ្លាច​នោះ? (ពង្សាវតារក្សត្រទី២ ៦:​១៥​-​១៧; ធីម៉ូថេទី២ ១:⁠១២)

«សេចក្ដី​សង្គ្រោះ​ទុក​ជា​មួក​សឹក»

តើ​តាម​របៀប​ណា​ដែល​សេចក្ដី​សង្ឃឹម​អំពី​សេចក្ដី​សង្គ្រោះ ជួយ​បុគ្គល​ម្នាក់​ឲ្យ​ជៀស​វាង​ពី​ការ​ជាប់​អន្ទាក់ ដោយ​ការ​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​អំពី​ទ្រព្យ​សម្បត្ដិ? (ធីម៉ូថេទី១ ៦:​៧​-​១០, ១៩)

«ដាវ​របស់​ព្រះ​វិញ្ញាណ»

តើ​យើង​គួរ​ទុក​ចិត្ត​លើ​អ្វី​ជានិច្ច ពេល​តទល់​នឹង​អ្វី​ដែល​ប្រឆាំង​នឹង​ភាព​ខាង​វិញ្ញាណ​របស់​យើង​ឬ​របស់​អ្នក​ដទៃ​នោះ? (ទំនុកដំកើង ១១៩:⁠៩៨; សុភាសិត ៣:​៥, ៦; ម៉ាថាយ ៤:​៣, ៤)

តើ​អ្វី​ទៀត​គឺ​ចាំបាច់​ក្នុង​សង្គ្រាម​ខាង​វិញ្ញាណ​របស់​យើង? តើ​យើង​ត្រូវ​ប្រើ​ប៉ុន្មាន​ដង? តើ​យើង​ត្រូវ​ប្រើ​សំរាប់​ប្រយោជន៍​អ្នក​ណា? (អេភេសូរ ៦:​១៨, ១៩)

១៥​. តើ​យើង​អាច​ប្រយុទ្ធ​យ៉ាង​ដូចម្ដេច​ក្នុង​សង្គ្រាម​ខាង​វិញ្ញាណ?

១៥ ជា​ទាហាន​នៃ​ព្រះ​គ្រីស្ទ យើង​មាន​ចំណែក​ក្នុង​កងទ័ព​យ៉ាង​ធំ ដែល​កំពុង​តែ​ជាប់​ក្នុង​ចម្បាំង​ខាង​វិញ្ញាណ។ ប្រសិន​បើ​យើង​ប្រុង​ប្រយ័ត្ន និង​ប្រើ​គ្រប់​គ្រឿង​សឹក​ពី​ព្រះ​យ៉ាង​មាន​ប្រយោជន៍ នោះ​យើង​នឹង​មិន​មាន​គ្រោះថ្នាក់​ក្នុង​សង្គ្រាម​នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​ជួយ​ផ្ដល់​ជា​កម្លាំង​ចិត្ត​ដល់​អ្នក​បំរើ​ឯ​ទៀត​របស់​ព្រះ។ យើង​នឹង​ប្រុង​ប្រៀប​ចូល​ប្រយុទ្ធ​ដោយ​ចិត្ត​ខ្នះខ្នែង ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី ជា​រដ្ឋាភិបាល​នៅ​ស្ថានសួគ៌​ដែល​សាតាំង​ប្រឆាំង​យ៉ាង​ឃោរឃៅ​នោះ។

ការ​ពិគ្រោះ​សា​ឡើង​វិញ

• ហេតុ​អ្វី​បាន​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា កាន់​អព្យាក្រឹត​ទាំង​ស្រុង​ស្តី​អំពី​ជម្លោះ​ក្នុង​ពិភពលោក​នេះ?

• តើ​អ្វី​ខ្លះ​ជា​កលល្បិច​ដែល​សាតាំង​ប្រើ ដើម្បី​នាំ​ឲ្យ​ពួក​គ្រីស្ទាន​អន្តរាយ​ខាង​វិញ្ញាណ​នោះ?

• តើ​តាម​របៀប​ណា ដែល​គ្រឿង​សឹក​ខាង​វិញ្ញាណ​ពី​ព្រះ ការពារ​យើង​ក្នុង​សង្គ្រាម​ខាង​វិញ្ញាណ​នេះ?

[រូបភាព​នៅ​ទំព័រ​៧៦]

សាសន៍​ទាំង​ឡាយ​កំពុង​តែ​ត្រូវ​ប្រមូល​ឲ្យ​ចូល​ទៅ​ក្នុង​សង្គ្រាម​អើម៉ាគេដូន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក