វិធីទប់ទល់នឹងទេវតាអាក្រក់
«ពួកទេវតាដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន គឺជាទេវតាដែលបោះបង់ចោលទីលំនៅចេញ នោះ[ព្រះ]បានឃុំក្នុងសេចក្ដីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ចទុកសំរាប់នឹងជំនុំជំរះនៅថ្ងៃដ៏ធំនោះ»។—យូដាស ៦
១, ២. តើយើងគួរសួរសំណួរអ្វីខ្លះអំពីអារក្សសាតាំងនិងវិញ្ញាណកំណាច?
សាវ័កពេត្រុសបានព្រមានថា៖ «ចូរឲ្យដឹងខ្លួនហើយចាំយាមចុះ! ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន»។ (ពេត្រុសទី១ ៥:៨) សាវ័កប៉ុលក៏មានប្រសាសន៍អំពីទេវតាអាក្រក់ដែលជាវិញ្ញាណកំណាចថា៖ «ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមានសេចក្ដីប្រកបនឹងអារក្សឡើយ អ្នករាល់គ្នាពុំអាចនឹងផឹកពីពែងនៃព្រះអម្ចាស់នឹងពីពែងរបស់អារក្សផងបានទេ ក៏ពុំអាចនឹងបរិភោគនៅតុព្រះអម្ចាស់នឹងតុរបស់អារក្សផងបានដែរ»។—កូរិនថូសទី១ ១០:២០, ២១
២ ប៉ុន្តែ តើអារក្សសាតាំងនិងវិញ្ញាណកំណាចជានរណា? តើពួកគេកើតមកពីណា? តើពួកគេមានវត្តមានតាំងពីពេលណា? តើព្រះយេហូវ៉ាបានបង្កើតពួកគេឬទេ? តើពួកគេមានឥទ្ធិពលខ្លាំងប៉ុណ្ណាលើមនុស្សលោក? តើមានអ្វីការពារយើងពីពួកគេទេ? បើមានមែន តើនោះជាអ្វី?
តើសាតាំងនិងវិញ្ញាណកំណាចកើតមកពីណា?
៣. តើទេវតាមួយរូបរបស់ព្រះបានក្លាយជាអារក្សសាតាំងយ៉ាងណា?
៣ នៅដើមដំបូង ពេលដែលព្រះយេហូវ៉ាទើបតែបានបង្កើតមនុស្សក្នុងសួនច្បារអេដែន ទេវតាមួយរូបបានបះបោរប្រឆាំងនឹងទ្រង់។ ហេតុអ្វីបានជាវាធ្វើដូច្នេះ? គឺពីព្រោះវាមិនពេញចិត្តចំពោះតួនាទីរបស់វាក្នុងអង្គការរបស់ព្រះនៅឯស្ថានសួគ៌។ ពេលព្រះយេហូវ៉ាបង្កើតអ័ដាមនិងអេវ៉ា ទេវតាមួយរូបនោះឃើញថាវាមានឱកាសធ្វើឲ្យមនុស្សថ្វាយបង្គំនិងស្ដាប់តាមវាជាជាងថ្វាយបង្គំនិងស្ដាប់បង្គាប់ព្រះពិត។ ពេលទេវតានោះបានបះបោរប្រឆាំងនឹងព្រះហើយញុះញង់មនុស្សពីរនាក់ដំបូងឲ្យធ្វើអំពើបាបនោះ វាបានក្លាយជាបុគ្គលដែលហៅថាអារក្សសាតាំង។ យូរៗទៅ ទេវតាឯទៀតក៏បានរួមចំណែកជាមួយវាក្នុងការបះបោរប្រឆាំងនឹងព្រះដែរ។ តើទេវតាឯទៀតបានរួមដៃជាមួយសាតាំងដោយធ្វើអ្វី?—លោកុប្បត្តិ ៣:១-៦; រ៉ូម ៥:១២; វិវរណៈ ១២:៩
៤. នៅគ្រាមុនទឹកជំនន់ធំនៅសម័យលោកណូអេ តើទេវតាបះបោរខ្លះបានធ្វើអ្វី?
៤ ព្រះគម្ពីរដែលព្រះយេហូវ៉ាបណ្ដាលឲ្យមនុស្សសរសេររៀបរាប់ថា នៅគ្រាមុនទឹកជំនន់ធំនៅសម័យលោកណូអេ ទេវតាខ្លះបានចាប់អារម្មណ៍ចំពោះមនុស្សស្រីនៅលើផែនដី។ ព្រះគម្ពីរពន្យល់ថា៖ «ពួកកូនប្រុសរបស់ព្រះ[ដែលរស់នៅស្ថានសួគ៌] គេឃើញកូនស្រីរបស់មនុស្សថាជាស្រស់ល្អ» តែគេមានបំណងចិត្តមិនត្រឹមត្រូវហើយក៏«យក[ស្ត្រីទាំងនោះ]ធ្វើជាប្រពន្ធតាមតែចិត្តគេទៅ»។ ការរួមរស់ជាមួយគ្នារវាងទេវតានិងមនុស្សស្រីជាអ្វីដែលខុសពីច្បាប់ធម្មជាតិ ហើយជាលទ្ធផល ស្ត្រីទាំងនោះបានបង្កើតកូនមិនធម្មតាដែលមានរូបធំសម្បើម។ (លោកុប្បត្តិ ៦:២-៤) យ៉ាងនេះ ទេវតាទាំងនោះដែលមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា បានរួមដៃជាមួយសាតាំងក្នុងការបះបោរប្រឆាំងនឹងព្រះ។
៥. តើទេវតាបះបោរបានធ្វើអ្វីពេលព្រះយេហូវ៉ាបំផ្លាញអ្វីៗទាំងអស់ចោលដោយទឹកជំនន់?
៥ ពេលព្រះយេហូវ៉ាធ្វើឲ្យទឹកជន់លិចផែនដីទាំងមូល មនុស្សដែលមានរូបធំសម្បើមនោះបានស្លាប់ទៅជាមួយម្ដាយរបស់ពួកគេដែលជាមនុស្សស្រី។ ដើម្បីរួចរស់ជីវិត ទេវតាបះបោរទាំងប៉ុន្មានបានប្រែក្រឡាពីរូបមនុស្សទៅជារូបវិញ្ញាណវិញ។ ប៉ុន្តែ ពួកគេលែងមាន‹សណ្ឋានដូចដើម›នៅចំពោះព្រះ។ ផ្ទុយទៅវិញ ពួកគេមានសណ្ឋានហាក់ដូចជាជាប់ចំណងដោយសារពួកគេស្ថិតក្នុង«សេចក្ដីងងឹត»ដោយព្រោះលែងយល់អ្វីៗដែលទាក់ទងនឹងគោលបំណងរបស់ព្រះ។—យូដាស ៦; ពេត្រុសទី២ ២:៤
៦. តើវិញ្ញាណកំណាចបំភាន់មនុស្សដោយរបៀបណាខ្លះ?
៦ ទេវតាអាក្រក់ទាំងនោះបានក្លាយជាគូកនរបស់សាតាំង។ តាំងពីពេលពួកគេបាត់បង់«សណ្ឋានដើមរបស់ខ្លួន»នៅចំពោះព្រះ នោះពួកគេបានក្លាយជាវិញ្ញាណកំណាចដែលសហការជាមួយសាតាំងក្នុងអំពើអាក្រក់របស់វា។ តាំងពីគ្រានោះមក វិញ្ញាណកំណាចលែងមានសមត្ថភាពប្រែក្រឡាទៅជាមនុស្សទៀតហើយ។ ក៏ប៉ុន្តែ ពួកគេអាចញុះញង់មនុស្សប្រុសស្រីឲ្យប្រព្រឹត្តអំពើលាមកអាក្រក់ខាងកាមបាន។ វិញ្ញាណកំណាចក៏មានសកម្មភាពច្រើនណាស់ ក្នុងការបំភាន់មនុស្សដោយសារមន្តអាគម។ មន្តអាគមនេះអាចរួមបញ្ចូលអ្វីៗដែលទាក់ទងនឹងគ្រូខាប គ្រូអន្ទងខ្មោចនិងការដាក់អំពើជាដើម។ (ចោទិយកថា ១៨:១០-១៣; របាក្សត្រទី២ ៣៣:៦) រីឯអនាគតរបស់ទេវតាអាក្រក់ទាំងឡាយ ពួកគេនឹងទទួលសេចក្ដីហិនវិនាសជារៀងរហូតជាមួយអារក្ស។ (ម៉ាថាយ ២៥:៤១; វិវរណៈ ២០:១០) ប៉ុន្តែនៅចន្លោះពេលនេះ យើងត្រូវកាន់ជំហររឹងមាំហើយទប់ទល់នឹងពួកវា។ ដូច្នេះ យកល្អឲ្យយើងពិនិត្យមើលជាមុនសិនថា តើសាតាំងមានអំណាចខ្លាំងប៉ុណ្ណា? ហើយតើយើងអាចទទួលជោគជ័យបានយ៉ាងណាក្នុងការទប់ទល់នឹងសាតាំងហើយពួកវិញ្ញាណកំណាចរបស់វា?
តើសាតាំងមានអំណាចខ្លាំងប៉ុណ្ណា?
៧. តើសាតាំងមានអំណាចខ្លាំងប៉ុណ្ណាលើពិភពលោកនេះ?
៧ តាំងពីដើមមក សាតាំងបាននិយាយបង្កាច់បង្ខូចព្រះយេហូវ៉ា។ (សុភាសិត ២៧:១១) សាតាំងក៏មានឥទ្ធិពលលើមនុស្សភាគច្រើននៅលើផែនដីដែរ។ ព្រះគម្ពីរពន្យល់ថា៖ «លោកីយទាំងមូលដេកនៅក្នុងឱវាទ[ឬ«ស្ថិតនៅក្រោមអំណាច»]នៃមេកំណាច»។ (យ៉ូហានទី១ ៥:១៩; ខ.ស.) ហេតុនេះហើយបានជាពេលអារក្សបានល្បួងព្រះយេស៊ូ វាមានសិទ្ធិជូនអំណាចនិងសិរីរុងរឿងនៃ«នគរនៅលោកីយទាំងអស់»ទៅទ្រង់បាន។ (លូកា ៤:៥-៧) សាវ័កប៉ុលមានប្រសាសន៍អំពីសាតាំងថា៖ «បើសិនណាជាដំណឹងល្អរបស់យើងខ្ញុំត្រូវគ្របបាំង នោះគឺត្រូវគ្របបាំងចំពោះតែពួកអ្នកដែលកំពុងវិនាសទេ ជាពួកអ្នកដែលព្រះរបស់លោកីយនេះបានបង្អាប់ដល់គំនិតពួកគេដែលមិនជឿ ក្រែងរស្មីពន្លឺនៃដំណឹងល្អដែលសំដែងពីសិរីល្អនៃព្រះគ្រីស្ទដ៏ជារូបអង្គព្រះបានភ្លឺមកដល់គេ»។ (កូរិនថូសទី២ ៤:៣, ៤) សាតាំងជា«អ្នកកំភូត ហើយជាឪពុកនៃសេចក្ដីនោះឯង» ប៉ុន្តែវាក៏ក្លែងខ្លួនជា«ទេវតានៃពន្លឺ»ដែរ។ (យ៉ូហាន ៨:៤៤; កូរិនថូសទី២ ១១:១៤) សាតាំងមានអំណាចនិងវិធីសាស្ត្រដើម្បីបង្អាប់ដល់គំនិតរបស់អ្នកគ្រប់គ្រងនិងប្រជារាស្ត្ររបស់ពួកគេក្នុងពិភពលោកនេះ។ សាតាំងបានបំភាន់មនុស្សលោកដោយផ្សាយរឿងព្រេងនិងទ្រឹស្តីមិនពិតរបស់សាសនានានា។
៨. តើព្រះគម្ពីររៀបរាប់យ៉ាងណាអំពីឥទ្ធិពលដែលសាតាំងមានមកលើមនុស្សលោក?
៨ អំណាចនិងឥទ្ធិពលរបស់សាតាំងបានត្រូវសឲ្យឃើញច្បាស់នៅសម័យលោកដានីយ៉ែលជាអ្នកថ្លែងទំនាយដែលរស់ប្រមាណ២.៥០០ឆ្នាំមុននេះ។ ព្រះយេហូវ៉ាបានចាត់ទេវតាមួយឲ្យទៅលើកទឹកចិត្តដានីយ៉ែល ប៉ុន្តែវិញ្ញាណកំណាចមួយរូបដែលជា«ម្ចាស់ដ៏ធំនៃនគរពើស៊ី»បានរារាំងផ្លូវរបស់ទេវតានោះ។ វិញ្ញាណកំណាចបានស្ទាក់ផ្លូវទេវតាស្មោះត្រង់នោះអស់២១ថ្ងៃ ទាល់តែ‹មីកែលជាមហាទេវតា›បានមកជួយ។ កំណត់ហេតុដូចគ្នានោះក៏រៀបរាប់ពីវិញ្ញាណកំណាចដែលជា«ម្ចាស់ដ៏ធំនៃនគរក្រេក»ដែរ។ (ដានីយ៉ែល ១០:១២, ១៣, ២០) សៀវភៅវិវរណៈ ១៣:១, ២ ក៏ពិពណ៌នាអំពីសាតាំងជា«នាគ»ដែល«ឲ្យឫទ្ធិនឹងបល្ល័ង្ក . . . ព្រមទាំងអំណាចយ៉ាងធំ»ដល់សត្វសាហាវមួយដែរ ដែលតំណាងពួកនយោបាយ។
៩. តើគ្រិស្តសាសនិកកំពុងតែទប់ទល់នឹងអ្នកណា?
៩ ហេតុនេះហើយពុំមែនជាការចម្លែកអ្វីឡើយដែលសាវ័កប៉ុលបានសរសេរថា៖ «យើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាចនឹងពួកម្ចាស់នៃសេចក្ដីងងឹតនៅលោកីយនេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានដ៏ខ្ពស់ដែរ»។ (អេភេសូរ ៦:១២, កំណែជាអក្សរទ្រេត) សូម្បីតែនៅសម័យយើងនេះ កងពលវិញ្ញាណកំណាចក្រោមអំណាចនៃអារក្សសាតាំងកំពុងតែមានអានុភាពលើមេគ្រប់គ្រងនិងមនុស្សជាតិក្នុងពិភពលោកនេះ។ វិញ្ញាណកំណាចទាំងនោះជំរុញឲ្យមនុស្សធ្វើអំពើអាក្រក់ជួជាតិដូចជាការប្រល័យពូជសាសន៍ ភេរវកម្មនិងឃាតកម្មជាដើម។ ឥឡូវសូមមើលរបៀបដែលយើងអាចទទួលជ័យជម្នះក្នុងការទប់ទល់នឹងវិញ្ញាណកំណាចទាំងនេះដែលមានអំណាចខ្លាំងក្លា។
វិធីការពារខ្លួន
១០, ១១. តើយើងអាចទប់ទល់នឹងសាតាំងហើយទេវតាអាក្រក់របស់វាបានយ៉ាងណា?
១០ យើងមិនអាចទប់ទល់នឹងសាតាំងហើយទេវតាអាក្រក់ទាំងឡាយរបស់វាដោយអាងកម្លាំងកាយកម្លាំងចិត្តរបស់យើងប៉ុណ្ណោះឡើយ។ ប៉ុលដាស់តឿនយើងថា៖ «ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្ដាទ្រង់»។ ត្រូវមែន យើងត្រូវរកជំនួយពីព្រះយេហូវ៉ាដើម្បីការពារខ្លួន។ ប៉ុលមានប្រសាសន៍ទៀតថា៖ «ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួនទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស។ [ចូរ]យកគ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណាបានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរមាំមួនដដែល»។—អេភេសូរ ៦:១០, ១១, ១៣
១១ អស់ពីរដង ប៉ុលដាស់តឿនគ្រិស្តសាសនិកគ្នីគ្នារបស់គាត់ថា ពួកគេត្រូវពាក់‹គ្រប់គ្រឿងសឹករបស់ព្រះ›។ ពាក្យទាំងនេះបង្កប់អត្ថន័យថា យើងត្រូវខំប្រឹងអស់ពីសមត្ថភាពទើបអាចឈ្នះលើវិញ្ញាណកំណាចដែលពាធាយើង។ ដូច្នេះ គ្រិស្តសាសនិកយើងនៅសព្វថ្ងៃនេះត្រូវការគ្រឿងសឹករបស់ព្រះជាចាំបាច់ដើម្បីទប់ទល់នឹងវិញ្ញាណកំណាច។ តើគ្រឿងសឹកនេះរួមបញ្ចូលអ្វីខ្លះ?
វិធីដែលជួយយើង«ឈរមាំមួន»
១២. តើគ្រិស្តសាសនិកអាចក្រវាត់សេចក្ដីពិតនៅចង្កេះយ៉ាងដូចម្ដេច?
១២ ប៉ុលពន្យល់ថា៖ «ចូរឲ្យឈរមាំមួនចុះ! ដោយក្រវាត់សេចក្ដីពិតនៅចង្កេះ ហើយពាក់សេចក្ដីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង»។ (អេភេសូរ ៦:១៤) ក្នុងខនេះ ប៉ុលសំដៅទៅលើគ្រឿងសឹកពីរ ពោលគឺ ខ្សែក្រវាត់មួយ និងប្រដាប់បាំងដើមទ្រូងមួយ។ ទាហានម្នាក់ពីបុរាណត្រូវពាក់ខ្សែក្រវាត់ឲ្យជាប់ដើម្បីការពារត្រគាក ក្រលៀន ពោះនិងចង្កេះ។ គាត់ក៏ត្រូវពាក់ខ្សែក្រវាត់ឲ្យជាប់ពីព្រោះដាវធ្ងន់ណាស់។ ដូចគ្នាដែរ យើងត្រូវយកសេចក្ដីពិតពីព្រះគម្ពីរឲ្យនៅជាប់នឹងយើង ហាក់ដូចជាសេចក្ដីពិតនោះនៅព័ទ្ធជុំវិញយើង។ បើដូច្នេះ យើងនឹងរស់សមស្របទៅតាមសេចក្ដីពិតនោះរាល់ថ្ងៃ។ តើយើងបានកំណត់ពេលរៀងរាល់ថ្ងៃសម្រាប់ការអានព្រះគម្ពីរទេ? តើក្រុមគ្រួសារទាំងមូលជួបជុំគ្នាដើម្បីអានព្រះគម្ពីរឬ? តើយើងមានទម្លាប់អានបទគម្ពីរប្រចាំថ្ងៃជាមួយគ្នាជាក្រុមគ្រួសារឬទេ? បន្ថែមទៅទៀត តើយើងសិក្សាសៀវភៅទាំងឡាយរបស់‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ដើម្បីមានការយល់ដឹងថ្មីៗហើយត្រឹមត្រូវទេ? (ម៉ាថាយ ២៤:៤៥) បើយើងបានធ្វើដូច្នេះមែន នេះមានន័យថាយើងកំពុងតែធ្វើតាមយោបល់របស់ប៉ុល។ ណាមួយទៀត យើងក៏មានកាស្សែតវីដេអូនិងឌីវីឌីជាភាសាបរទេសដែលផ្ដល់ការណែនាំពីព្រះគម្ពីរដែរ។ បើយើងកាន់ខ្ជាប់តាមសេចក្ដីពិតពីព្រះគម្ពីរ នេះនឹងជួយយើងធ្វើការសម្រេចចិត្តល្អ ហើយនឹងជួយការពារយើងពីផ្លូវមិនល្អដែរ។
១៣. តើយើងអាចការពារចិត្តយើងដោយវិធីណា?
១៣ ប្រដាប់បាំងដើមទ្រូងដែលទាហានបានពាក់នៅសម័យបុរាណបានការពារបេះដូងនិងសរីរាង្គឯទៀតរបស់គាត់។ គ្រិស្តសាសនិកអាចការពារចិត្តនិងបុគ្គលិកលក្ខណៈរបស់ខ្លួន ដោយបណ្ដុះឲ្យមានចិត្តស្រឡាញ់សេចក្ដីសុចរិតរបស់ព្រះយេហូវ៉ា និងកាន់ខ្ជាប់តាមខ្នាតតម្រាសុចរិតរបស់ទ្រង់។ ការពាក់ប្រដាប់បាំងដើមទ្រូងមានន័យថា យើងមិនចាត់ទុកសេចក្ដីបង្រៀននានាក្នុងព្រះគម្ពីរជារឿងស្រាលទេ។ ពេលយើងរៀនឲ្យចេះ«ស្អប់អំពើអាក្រក់ហើយស្រឡាញ់អំពើល្អវិញ» យើងក៏នឹង«បង្ខាំងជើងឲ្យវៀរចាកពីផ្លូវអាក្រក់»។—អេម៉ុស ៥:១៥; ទំនុកដំកើង ១១៩:១០១
១៤. តើការ«ពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្ដីសុខសាន្តទុកជាស្បែកជើង»មានន័យអ្វី?
១៤ តាមធម្មតា ទាហានសម័យបុរាណបានពាក់ស្បែកជើងល្អដើម្បីឲ្យមានលទ្ធភាពអាចដើររាប់រយគីឡូម៉ែត្រតាមផ្លូវដែលពួកសាសន៍រ៉ូមបានកសាងទូទាំងចក្រភពរ៉ូម។ តើការ«ពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្ដីសុខសាន្តទុកជាស្បែកជើង» មានន័យអ្វីសម្រាប់គ្រិស្តសាសនិកយើង? (អេភេសូរ ៦:១៥) នេះមានន័យថា យើងត្រៀមខ្លួនជានិច្ចដើម្បីមានសកម្មភាព។ យើងបានប្រុងប្រៀបផ្សាយដំណឹងល្អពីព្រះរាជាណាចក្ររបស់ព្រះនៅគ្រប់ឱកាសដែលហុចឲ្យ។ (រ៉ូម ១០:១៣-១៥) ពេលយើងមានសកម្មភាពជានិច្ចក្នុងកិច្ចបម្រើផ្សាយជាគ្រិស្តសាសនិក នេះនឹងការពារយើងពី«ឧបាយកលទាំងអម្បាលម៉ាន»របស់សាតាំង។—អេភេសូរ ៦:១១
១៥. (ក) តើអ្វីបង្ហាញថា ជំនឿដែលប្រៀបដូចជាខែលជាអ្វីដែលសំខាន់? (ខ) តើអ្វីខ្លះប្រៀបដូចជា«ព្រួញឆេះ»ដែលអាចមានឥទ្ធិពលមិនល្អទៅលើជំនឿរបស់យើង?
១៥ ប៉ុលមានប្រសាសន៍អំពីអ្វីដែលយើងគួរធ្វើ«ថែម»ទៀតដោយសរសេរថា៖ «ជាពិសេស»ចូរ«យកសេចក្ដីជំនឿទុកជាខែលផង ដែលអ្នករាល់គ្នានឹងអាចរំលត់អស់ទាំងព្រួញឆេះរបស់មេកំណាច ដោយសារខែលនោះបាន»។ (អេភេសូរ ៦:១៦; ខ.ស.) សូមកត់សម្គាល់ថា ប៉ុលប្រៀបប្រដូចជំនឿទៅនឹងខែលមួយ ហើយថានេះជាអ្វីដែល«ពិសេស»។ នេះបានសេចក្ដីថា ជំនឿដែលប្រៀបដូចជាខែលនោះ គឺជាគ្រឿងសឹកដ៏សំខាន់មួយ។ យើងមិនគួរខ្វះជំនឿឡើយ ពីព្រោះជំនឿអាចការពារយើងពី«អស់ទាំងព្រួញឆេះ»របស់សាតាំង ដូចខែលជួយការពារទាហានពីព្រួញដែលសត្រូវបាញ់តម្រង់ទៅរកគាត់។ នៅសព្វថ្ងៃនេះ តើមានអ្វីខ្លះប្រៀបដូចជា«ព្រួញឆេះ»? នេះអាចរួមបញ្ចូលពាក្យប្រមាថមើលងាយដែលសត្រូវទាំងឡាយនិងពួកអ្នកក្បត់ជំនឿបានផ្សាយដើម្បីបង្ខូចជំនឿរបស់យើង។ ពាក្យទាំងនោះអាចបញ្ឈឺចិត្តយើងដូចជាព្រួញដែលចាក់ទម្លុះខែល។ គំនិតដែលគិតតែចង់ប្រមូលទ្រព្យសម្បត្ដិឲ្យបានច្រើនអាចប្រៀបដូចជា«ព្រួញ»ដែរ ដ្បិតនេះអាចនាំឲ្យយើងជក់ស្លុងតែចង់ទិញរបស់ទំនើបៗ ហើយប្រហែលជានាំឲ្យយើងចង់ប្រកួតប្រជែងជាមួយអ្នកឯទៀតដែលមានទ្រព្យសម្បត្ដិច្រើននិងចង់សម្ញែងឲ្យគេឃើញ។ អ្នកមានស្តុកស្តម្ភចេះតែចង់ទិញរថយន្តថ្លៃៗនិងចង់បានផ្ទះធំស្កឹមស្កៃ ហើយក៏អួតពីសម្លៀកបំពាក់ម៉ូដថ្មីនិងគ្រឿងអលង្ការដែលមានតម្លៃ។ ប៉ុន្តែ មិនថាមនុស្សដទៃធ្វើអ្វីក៏ដោយ យើងត្រូវតែមានជំនឿខ្លាំងល្មមដើម្បីការពារខ្លួន ប្រៀបដូចជាខែលដែលធ្វើឲ្យ«អស់ទាំងព្រួញឆេះ»ផ្លាតចេញ។ តើអ្វីដែលជួយឲ្យយើងមានជំនឿខ្លាំងនិងរក្សាឲ្យមានជំនឿរឹងមាំ?—ពេត្រុសទី១ ៣:៣-៥; យ៉ូហានទី១ ២:១៥-១៧
១៦. តើអ្វីដែលជួយឲ្យយើងមានជំនឿរឹងមាំ?
១៦ យើងអាចចូលទៅជិតព្រះយេហូវ៉ាដោយអធិស្ឋានអស់ពីចិត្ត និងសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនយ៉ាងទៀងទាត់។ យើងអាចអង្វរសូមព្រះយេហូវ៉ាជួយពង្រឹងជំនឿរបស់យើង ហើយយើងក៏គួរធ្វើតាមអ្វីដែលយើងបានអធិស្ឋាននោះ។ ជាឧទាហរណ៍ សូមគិតអំពីកម្មវិធីសិក្សាទស្សនាវដ្ដីប៉មយាមរាល់សប្ដាហ៍ តើយើងយកចិត្តទុកដាក់ក្នុងការរៀបចំសម្រាប់ប្រជុំនោះដោយមានបំណងឆ្លើយសំណួរខ្លះដែរឬទេ? បើយើងសិក្សាព្រះគម្ពីរនិងសៀវភៅឯទៀតដែលពន្យល់ន័យព្រះគម្ពីរ នេះនឹងពង្រឹងជំនឿរបស់យើងជាក់ជាពុំខាន។—ហេព្រើរ ១០:៣៨, ៣៩; ១១:៦
១៧. តើយើងអាច«យកសេចក្ដីសង្គ្រោះទុកជាមួកសឹក»ដោយរបៀបណា?
១៧ ប៉ុលបានបញ្ចប់សេចក្ដីដែលគាត់រៀបរាប់ពីគ្រឿងសឹករបស់ព្រះដោយទូន្មានថា៖ «ចូរយកសេចក្ដីសង្គ្រោះទុកជាមួកសឹក នឹងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល»។ (អេភេសូរ ៦:១៧) មួកដែលទាហានពាក់នៅសម័យបុរាណនោះ បានការពារខួរក្បាលដែលប្រើសម្រាប់គិតនិងធ្វើការសម្រេចចិត្ត។ សេចក្ដីសង្ឃឹមរបស់យើងជាគ្រិស្តសាសនិកក៏ដូចគ្នាដែរ ពីព្រោះនេះជួយការពារគំនិតរបស់យើង។ (ថែស្សាឡូនីចទី១ ៥:៨) ជាជាងគិតរកទ្រព្យសម្បត្ដិច្រើនឬចង់បំពេញគោលដៅផ្សេងៗក្នុងពិភពលោកនេះ យើងគួរធ្វើតាមគំរូរបស់ព្រះយេស៊ូហើយផ្ដោតអារម្មណ៍ទៅលើសេចក្ដីសង្ឃឹមដែលព្រះយេហូវ៉ាប្រទានឲ្យយើង។—ហេព្រើរ ១២:២
១៨. ហេតុអ្វីក៏យើងមិនគួរធ្វេសប្រហែសចំពោះកាលវិភាគដែលយើងមានសម្រាប់ការអានព្រះគម្ពីរជាទៀងទាត់?
១៨ ព្រះបន្ទូលឬបណ្ដាំព្រះយេហូវ៉ាជាសាររបស់ទ្រង់ដែលកត់ទុកក្នុងព្រះគម្ពីរ ហើយនោះជាគ្រឿងការពារមួយទៀតដើម្បីទប់ទល់នឹងឥទ្ធិពលរបស់សាតាំង។ នេះជាមូលហេតុមួយទៀតដែលយើងមិនគួរធ្វេសប្រហែសចំពោះកាលវិភាគដែលយើងមានសម្រាប់ការអានព្រះគម្ពីរជាទៀងទាត់។ ចំណេះត្រឹមត្រូវពីព្រះគម្ពីរអាចការពារយើងពីពាក្យកុហករបស់សាតាំងនិងទស្សនៈដែលវិញ្ញាណកំណាចកំពុងតែផ្សាយទូទៅ។ ចំណេះនោះក៏នឹងជួយការពារយើងពីពាក្យសម្ដីរបស់អ្នកក្បត់ជំនឿដែលចងគំនុំ។
‹ចូរអធិស្ឋានរាល់ពេលរាល់វេលា›
១៩, ២០. (ក) នៅពេលអនាគត តើអ្វីនឹងកើតឡើងដល់សាតាំងនិងវិញ្ញាណកំណាចរបស់វា? (ខ) តើអ្វីអាចពង្រឹងកម្លាំងយើងក្នុងកិច្ចបម្រើព្រះ?
១៩ គ្រាដែលមនុស្សអាក្រក់ សាតាំងនិងវិញ្ញាណកំណាចរបស់វាត្រូវដកចេញនោះ គឺជិតមកដល់ហើយ។ សាតាំងដឹងថា «ពេលវេលាវាខ្លីណាស់» ដូច្នេះវាខឹងចំពោះអស់អ្នកដែល«កាន់តាមបញ្ញត្តព្រះហើយ[ធ្វើ]បន្ទាល់ពីព្រះយេស៊ូវ»។ (វិវរណៈ ១២:១២, ១៧) គឺសំខាន់ណាស់ឲ្យយើងទប់ទល់នឹងសាតាំងហើយវិញ្ញាណកំណាចរបស់វា។
២០ យើងពិតជាមានកតញ្ញុតាធម៌មែន ដែលមានការដាស់តឿននេះឲ្យយើងពាក់គ្រប់គ្រឿងសឹករបស់ព្រះ! ប៉ុលបញ្ចប់ការពន្យល់អំពីអ្វីៗដែលប្រៀបដូចជាគ្រឿងសឹកនេះដោយទូន្មានយើងឲ្យ«ប្រើសេចក្ដីអធិស្ឋាននឹងសេចក្ដីទូលអង្វរគ្រប់យ៉ាងដើម្បីអធិស្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា ហើយចាំយាមក្នុងសេចក្ដីនោះឯងដោយនូវគ្រប់ទាំងសេចក្ដីខ្ជាប់ខ្ជួននឹងសេចក្ដីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់»។ (អេភេសូរ ៦:១៨) សេចក្ដីអធិស្ឋានអាចពង្រឹងកម្លាំងយើងក្នុងការបម្រើព្រះ ហើយជួយយើងចាំយាមជានិច្ចផង។ ដូច្នេះ ចូរយើងធ្វើតាមដំបូន្មានរបស់ប៉ុលដោយអធិស្ឋានរាល់ពេលរាល់វេលា ដ្បិតនេះនឹងអាចជួយយើងឲ្យទប់ទល់នឹងសាតាំងហើយវិញ្ញាណកំណាចរបស់វាបាន។
តើអ្នកបានរៀនអ្វីខ្លះ?
• តើសាតាំងនិងវិញ្ញាណកំណាចរបស់វាកើតមកពីណា?
• តើអារក្សមានអំណាចខ្លាំងប៉ុណ្ណា?
• តើមានវិធីណាខ្លះឲ្យយើងការពារខ្លួនពីសាតាំងនិងវិញ្ញាណកំណាចរបស់វា?
• តើយើងអាចពាក់គ្រប់គ្រឿងសឹករបស់ព្រះដោយរបៀបណា?
[រូបភាពនៅទំព័រ១៧]
«ពួកកូនប្រុសរបស់ព្រះ គេឃើញកូនស្រីរបស់មនុស្ស»
[រូបភាពនៅទំព័រ១៩]
តើអ្នកអាចរៀបរាប់បានទេ នូវគ្រឿងសឹក៦យ៉ាងដែលមកពីព្រះ?
[រូបភាពនៅទំព័រ២០]
តើការរួមចំណែកក្នុងកម្មវិធីទាំងនេះអាចជួយការពារយើង ពីសាតាំងនិងវិញ្ញាណកំណាចរបស់វាបានយ៉ាងណា?