បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wt ជំ. ១៤ ទំ. ១២៨-១៣៥
  • តើព្រះយេហូវ៉ាដឹកនាំអង្គការរបស់ទ្រង់យ៉ាងដូចម្ដេច?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើព្រះយេហូវ៉ាដឹកនាំអង្គការរបស់ទ្រង់យ៉ាងដូចម្ដេច?
  • ចូរថ្វាយបង្គំព្រះពិតតែមួយ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​សម្គាល់​ផ្នែក​នៃ​អង្គការ​របស់​ព្រះ​យេហូវ៉ា​ដែល​យើង​អាច​មើល​ឃើញ
  • អង្គការ​ដែល​ដឹក​នាំ​ដោយ​ព្រះ
  • អង្គការដែលមើលឃើញរបស់ព្រះ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចូរឲ្យមានសុវត្ថិភាពជាផ្នែកនៃអង្គការរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចូរមានចិត្ដស្មោះភក្ដីចំព្រះគ្រិស្ដនិងអ្នកបម្រើស្មោះត្រង់របស់ទ្រង់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • «ចូរចាំអំពីពួកអ្នកដែលកំពុងនាំមុខអ្នករាល់គ្នា»
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
មើលបន្ថែមទៀត
ចូរថ្វាយបង្គំព្រះពិតតែមួយ
wt ជំ. ១៤ ទំ. ១២៨-១៣៥

ជំពូក​ទី​ដប់​បួន

តើ​ព្រះ​យេហូវ៉ា​ដឹក​នាំ​អង្គការ​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

១​. តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ណា​ខ្លះ​អំពី​អង្គការ​របស់​ព្រះ​យេហូវ៉ា? ហើយ​ហេតុ​អ្វី​ក៏​នេះ​សំខាន់​ចំពោះ​យើង?

តើ​ព្រះ​ទ្រង់​មាន​អង្គការ​មួយ​ឬ​ទេ? បទគម្ពីរ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​តែង ប្រាប់​យើង​ថា​ព្រះ​ទ្រង់​មាន​អង្គការ​មួយ​មែន។ ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់⁠ៗ​សម្ដែង​ឲ្យ​យើង​ឃើញ​នូវ​ផ្នែក​ដ៏​អស្ចារ្យ​មួយ​នៃ​អង្គការ​នេះ គឺ​នៅ​ស្ថានសួគ៌។ (អេសេគាល ១:​១, ៤-១៤; ដានីយ៉ែល ៧:​៩, ១០, ១៣, ១៤) ទោះ​ជា​យើង​មើល​មិន​ឃើញ​នូវ​អង្គការ​នេះ​ដែល​នៅ​ស្ថានសួគ៌​ក៏​ដោយ តែ​អង្គការ​នេះ​មាន​អានុភាព​យ៉ាង​ខ្លាំង​លើ​ពួក​អ្នក​ថ្វាយបង្គំ​ពិត​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ។ (ពង្សាវតារក្សត្រទី២ ៦:​១៥-១៧) អង្គការ​របស់​ព្រះយេហូវ៉ា​ក៏​មាន​អង្គការ​មួយ​ទៀត​ដែល​យើង​អាច​មើល​ឃើញ​បាន​ដែរ អង្គការ​នោះ​គឺ​អង្គការ​នៅ​លើ​ផែនដី​នេះ។ ព្រះគម្ពីរ​ជួយ​យើង​ឲ្យ​យល់​ថា​អង្គការ​នេះ​ជា​អ្វី និង​របៀប​ដែល​ព្រះ​យេហូវ៉ា​ដឹក​នាំ​អង្គការ​នេះ។

ការ​សម្គាល់​ផ្នែក​នៃ​អង្គការ​របស់​ព្រះ​យេហូវ៉ា​ដែល​យើង​អាច​មើល​ឃើញ

២​. តើ​ព្រះ​បាន​បង្កើត​ឲ្យ​មាន​ក្រុមជំនុំ​ថ្មី​ណា?

២ សាសន៍​អ៊ីស្រាអែល​ធ្លាប់​ជា​ក្រុមជំនុំ​នៃ​ព្រះ​អស់​រយៈ​ពេល​១៥៤៥​ឆ្នាំ។ (កិច្ចការ ៧:⁠៣៨) ប៉ុន្តែ សាសន៍​អ៊ីស្រាអែល​បាន​អាក់​ខាន​ធ្វើ​តាម​ច្បាប់​របស់​ទ្រង់ និង​បាន​បដិសេធ​ចោល​រាជបុត្រា​របស់​ព្រះ​ផ្ទាល់។ ជា​លទ្ធផល ព្រះ​យេហូវ៉ា​ក៏​បាន​បដិសេធ​ហើយ​បោះបង់​ចោល​ក្រុមជំនុំ​នោះ​ដែរ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​សាសន៍​យូដា​ថា⁠៖ «មើល! ផ្ទះ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់​ទុក​ឲ្យ​ឯង»។ (ម៉ាថាយ ២៣:⁠៣៨) នៅ​គ្រា​នោះ ព្រះ​បាន​បង្កើត​ក្រុមជំនុំ​ថ្មី ហើយ​ទ្រង់​ក៏​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ថ្មី​ជា​មួយ​នឹង​ពួក​គេ​ដែរ។ ក្រុមជំនុំ​នេះ​គឺ​មាន​១៤៤.០០០​នាក់ ដែល​ព្រះ​បាន​រើស​តាំង​ឲ្យ​រួបរួម​គ្នា​ជា​មួយ​នឹង​រាជបុត្រា​របស់​ទ្រង់​នៅ​ស្ថានសួគ៌។​—⁠វិវរណៈ ១៤:​១​-​៤

៣​. តើ​មាន​ព្រឹត្ដិការណ៍​អ្វី​នៅ​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣ ស.យ. ដែល​ជា​ភស្តុតាង​ដ៏​ច្បាស់​ថា​ព្រះ​កំពុង​តែ​ប្រើ​ក្រុមជំនុំ​ថ្មី​មួយ?

៣ សមាជិក​ដំបូង​នៃ​ក្រុមជំនុំ​ថ្មី​នេះ បាន​ត្រូវ​ចាក់​ប្រេង​តាំង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​នៅ​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣ ស.យ.។ ស្តី​អំពី​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​នេះ យើង​អាន​ថា⁠៖ «កាល​បុណ្យ​ថ្ងៃ​ទី៥០​បាន​មក​ដល់ នោះ​គេ​មាន​ចិត្ត​ព្រម​ព្រៀង​ប្រជុំ​ទាំង​អស់​គ្នា នៅ​កន្លែង​តែ​១។ ស្រាប់​តែ​មាន​ឮ​សូរ​ពី​លើ​មេឃ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​អង្គុយ​នៅ ក៏​មាន​អណ្ដាត ដូច​ជា​អណ្ដាត​ភ្លើង ដែល​បែក​ចេញ​ពី​គ្នា លេច​មក​ឲ្យ​គេ​ឃើញ ហើយ​មក​សណ្ឋិត​លើ​គេ​គ្រប់​គ្នា រួច​គេ​បាន​ពេញ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់»។ (កិច្ចការ ២:​១​-​៤) ដូច្នេះ វិញ្ញាណ​របស់​ព្រះ​បាន​ផ្ដល់​នូវ​ភស្តុតាង​យ៉ាង​ជាក់​ស្តែង​ថា នេះ​ជា​ក្រុម​ថ្មី​ដែល​ព្រះ​នឹង​ប្រើ​ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ពី​ស្ថានសួគ៌។

៤​. តើ​អ្នក​ណា​ជា​សមាស​ភាព​នៅ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា ដែល​យើង​អាច​មើល​ឃើញ​នៅ​សព្វ​ថ្ងៃ​នេះ?

៤ សព្វ​ថ្ងៃ​នេះ ពួក​១៤៤.០០០​នាក់​មាន​សល់​តែ​បន្ដិចបន្តួច​ប៉ុណ្ណោះ​នៅ​លើ​ផែនដី​នេះ។ ប៉ុន្តែ តាម​សេចក្ដី​សម្រេច​នៃ​ទំនាយ​ក្នុង​ព្រះ​គម្ពីរ នោះ​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​នៃ​«ចៀម​ឯ​ទៀត»​រាប់​លាន​នាក់​បាន​ត្រូវ​សង្រួបសង្រួម​ជា​មួយ​នឹង​ពួក​អ្នក​សំណល់​ចាក់​ប្រេង​តាំង។ ព្រះ​យេស៊ូ​ដែល​ជា​អ្នក​គង្វាល​ដ៏​ល្អ បាន​បង្រួបបង្រួម​ពួក​ចៀម​ឯ​ទៀត​ជា​មួយ​នឹង​អ្នក​សំណល់ ដើម្បី​ឲ្យ​ពួក​គេ​បង្កើត​ហ្វូង​តែ​មួយ​ក្រោម​ការ​គ្រប់គ្រង​របស់​ទ្រង់ ហើយ​ទ្រង់​ជា​អ្នក​គង្វាល​របស់​ពួក​គេ។ (វិវរណៈ ៧:៩; យ៉ូហាន ១០:​១១, ១៦) ពួក​អ្នក​ទាំង​នេះ​រួម​ធ្វើ​ជា​ក្រុមជំនុំ​ដែល​មាន​សាមគ្គីភាព ជា​សមាស​ភាព​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា​ដែល​យើង​អាច​មើល​ឃើញ។

អង្គការ​ដែល​ដឹក​នាំ​ដោយ​ព្រះ

៥​. តើ​អ្នក​ណា​ដឹក​នាំ​អង្គការ​របស់​ព្រះ? ហើយ​តើ​ដឹក​នាំ​តាម​របៀប​ណា?

៥ ឃ្លា​ក្នុង​បទ​គម្ពីរ​ដែល​ថា «ពួក​ជំនុំ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់» បញ្ជាក់​យ៉ាង​ជាក់​ស្តែង​ថា​អ្នក​ណា​ជា​មេ​ដឹក​នាំ​ក្រុមជំនុំ​នោះ។ អង្គការ​នេះ​គឺ​ព្រះ​ធិបតេយ្យ ឬ​ថា​គ្រប់គ្រង​ដោយ​ព្រះ។ ព្រះ​យេហូវ៉ា​ប្រទាន​នូវ​ការ​ដឹក​នាំ​សំរាប់​រាស្ត្រ​របស់​ទ្រង់​តាម​រយៈព្រះ​យេស៊ូ។ ព្រះយេស៊ូ​គឺ​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​តែងតាំង ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​នៃ​ក្រុមជំនុំ​ដែល​យើង​មើល​មិន​ឃើញ។ ព្រះ​យេហូវ៉ា​ក៏​ប្រទាន​នូវ​ការ​ដឹក​នាំ​តាម​រយៈ​ព្រះ​គម្ពីរ​ដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​តែង​ផង​ដែរ។​—⁠ធីម៉ូថេទី១ ៣:​១៤, ១៥; អេភេសូរ ១:​២២, ២៣; ធីម៉ូថេទី២ ៣:​១៦, ១៧

៦​. (ក) តើ​ការ​ដឹក​នាំ​ក្រុមជំនុំ​ពី​ស្ថានសួគ៌​បាន​ស​ឲ្យ​ឃើញ​យ៉ាង​ណា​នៅ​សតវត្ស​ទី​មួយ? (ខ) តើ​អ្វី​ដែល​បង្ហាញ​ថា ព្រះ​យេស៊ូ​នៅ​តែ​ជា​មេ​ដឹក​នាំ​នៃ​ក្រុមជំនុំ​ជានិច្ច​នោះ?

៦ ការ​ដឹក​នាំ​បែប​នេះ​គឺ​ឃើញ​ជាក់​ស្តែង​ណាស់​នៅ​បុណ្យ​ថ្ងៃ​ទី៥០។ (កិច្ចការ ២:​១៤​-​១៨, ៣២, ៣៣) នេះ​បាន​ស​ឲ្យ​ឃើញ​ពេល​ទេវតា​របស់​ព្រះ​យេហូវ៉ា បាន​ដឹក​នាំ​ឲ្យ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ទៅ​ដល់​ទ្វីប​អា​ព្រិច ពេល​ដែល​សូរ​សៀង​របស់​ព្រះ​យេស៊ូ​បាន​បង្គាប់​សុល​ពី​ទី​ក្រុង​តើសុស​ឲ្យ​ផ្លាស់ប្ដូរ​ជំនឿ និង​នៅ​ពេល​ពេត្រុស​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​ដល់​មនុស្ស​សាសន៍​ដទៃ។ (កិច្ចការ ៨:​២៦, ២៧; ៩:​៣​-​៧; ១០:​៩​-​១៦, ១៩-២២) ប៉ុន្តែ ក្រោយ​មក​លែង​បាន​ឮ​ព្រះ​សូរសៀង​ពី​ស្ថានសួគ៌ លែង​ឃើញ​ទេវតា ហើយ​ក៏​លែង​បាន​ការ​ប្រទាន​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​តាម​រយៈ​អព្ភូតហេតុ​ទៀត​ដែរ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​បាន​សន្យា​ថា⁠៖ «មើល! ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប»។ (ម៉ាថាយ ២៨:⁠២០; កូរិនថូសទី១ ១៣:⁠៨) សព្វ​ថ្ងៃ​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​នូវ​ការ​ដឹក​នាំ​របស់​ព្រះ​យេស៊ូ។ បើ​មិន​ដូច្នេះ​ទេ ការ​ប្រកាស​សារ​នៃ​ព្រះ​រាជាណាចក្រ នៅ​ចំពោះ​មុខ​នឹង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​គឺ​ពុំ​អាច​ធ្វើ​បាន​ឡើយ។

៧​. (ក) តើ​អ្នក​ណា​ដែល​រួម​ចំណែក​ក្នុង​ក្រុម​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›? ហើយ​ហេតុ​អ្វី? (ខ) តើ​កិច្ចការ​អ្វី​ដែល​បាន​ផ្ដល់​ឲ្យ​«អ្នក​បំរើ»​នេះ?

៧ មុន​នឹង​ព្រះ​យេស៊ូ​សោយទិវង្គត​បន្ដិច នោះ​ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​អំពី​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› ដែល​ទ្រង់​ជា​ចៅហ្វាយ​នឹង​ប្រគល់​ឲ្យ​មាន​ភារកិច្ច​ដ៏​ពិសេស។ «អ្នក​បំរើ»​នោះ​មាន​វត្តមាន​នៅ​ពេល​ដែល​ព្រះអម្ចាស់​យាង​ឡើង​ទៅ​ស្ថានសួគ៌ និង​នៅ​តែ​ខំ​ប្រឹង​ធ្វើ​ការ​ក្នុង​កំឡុង​ពេល​ព្រះ​គ្រីស្ទ​យាង​ត្រឡប់​មក​វិញ ដើម្បី​កាន់​អំណាច​គ្រប់គ្រង​ក្នុង​ព្រះ​រាជាណាចក្រ ដែល​យើង​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ផ្ទាល់​នោះ​ឡើយ។ ការ​ពិពណ៌នា​បែប​នេះ​មិន​អាច​សំដៅ​ទៅ​លើ​បុគ្គល​តែ​ម្នាក់​បាន​ទេ តែ​អាច​សំដៅ​ទៅ​លើ​ក្រុមជំនុំ​ចាក់​ប្រេង​តាំង​របស់​ព្រះ​គ្រីស្ទ​បាន។ ព្រះ​យេស៊ូ​បាន​ទិញ​ក្រុមជំនុំ​នោះ​ដោយ​ព្រះ​លោហិត​ផ្ទាល់​របស់​ទ្រង់ និង​ពួក​គេ​ក៏​ត្រូវ​ហៅ​ជា​«អ្នក​បំរើ»​របស់​ទ្រង់​ដែរ។ ព្រះ​យេស៊ូ​បង្គាប់​សមាជិក​នៃ​ក្រុម​នេះ​ឲ្យ​បង្កើត​ឲ្យ​មាន​សិស្ស និង​ផ្ដល់​អាហារ​ជូន​ពួក​គេ​ជា​បណ្ដើរ⁠ៗ គឺ​ផ្ដល់​«​អាហារ​[​ខាង​វិញ្ញាណ​]​ឲ្យ​គេ​បរិភោគ​តាម​ត្រូវ​ពេល»។​—⁠ម៉ាថាយ ២៤:​៤៥​-​៤៧; ២៨:⁠១៩; អេសាយ ៤៣:⁠១០; លូកា ១២:⁠៤២; ពេត្រុសទី១ ៤:⁠១០

៨​. (ក) តើ​ក្រុម​អ្នក​បំរើ​មាន​ភារកិច្ច​អ្វី​សព្វ​ថ្ងៃ​នេះ? (ខ) ហេតុ​អ្វី​ក៏​របៀប​យើង​មាន​ប្រតិកម្ម​តប​ចំពោះ​ការ​ណែនាំ​តាម​ខ្សែ​រយៈ​របស់​ព្រះ​គឺ​សំខាន់​ម្ល៉េះ?

៨ ពីព្រោះ​ក្រុម​អ្នក​បំរើ​នេះ​បាន​ធ្វើ​កិច្ចការ​របស់​ចៅហ្វាយ ក្នុង​កំឡុង​ពេល​ទ្រង់​យាង​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ​១៩១៤ ដែល​យើង​មើល​មិន​ឃើញ មាន​ភស្តុតាង​ដែល​បញ្ជាក់​ថា​ក្រុម​នេះ​បាន​ទទួល​នូវ​ភារកិច្ច​ដ៏​ធំ​ថែម​ទៀត​នៅ​ឆ្នាំ​១៩១៩។ ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ជា​គ្រា​សំរាប់​ធ្វើ​បន្ទាល់​ទូទាំង​ផែនដី​អំពី​ព្រះ​រាជាណាចក្រ និង​ជា​គ្រា​នៃ​ការ​ប្រមូល​មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ​នៃ​ពួក​អ្នក​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​ពួក​គេ​រួច​រស់​ជីវិត​ផុត​ពី​សេចក្ដី​វេទនា​ជា​ខ្លាំង។ (ម៉ាថាយ ២៤:​១៤, ២១, ២២; វិវរណៈ ៧:​៩, ១០) ពួក​អ្នក​ទាំង​នេះ​ក៏​ត្រូវ​ការ​អាហារ​ខាង​វិញ្ញាណ​ដែរ ហើយ​ក្រុម​អ្នក​បំរើ​នេះ​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​ដល់​ពួក​គេ។ ដូច្នេះ ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​ព្រះ​យេហូវ៉ា យើង​ត្រូវ​តែ​ទទួល​យក​ការ​ណែនាំ​ដែល​ទ្រង់​ប្រទាន​មក​តាម​រយៈ​ក្រុម​អ្នក​បំរើ​នេះ និង​ត្រូវ​ប្រព្រឹត្ត​ឲ្យ​សម​ស្រប​តាម​ការ​ណែនាំ​នេះ។

៩, ១០​. (ក) នៅ​ក្នុង​សតវត្ស​ទី​មួយ តើ​មាន​របៀប​រៀប​ចំ​អ្វី សំរាប់​ការ​ដោះ​ស្រាយ​បញ្ហា​អំពី​លទ្ធិ និង​ការ​ដឹក​នាំ​នូវ​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ? (ខ) តើ​របៀប​រៀប​ចំ​អ្វី ដែល​មាន​សំរាប់​ការ​ចាត់​ចែង​សកម្មភាព​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ?

៩ ពេល​ខ្លះ មាន​សំនួរ​លើក​ឡើង​ចំពោះ​លទ្ធិ​និង​ទម្រង់​ការ។ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា? កិច្ចការ​ជំពូក​ទី១៥ ប្រាប់​យើង​អំពី​របៀប​មួយ​និង​រឿង​មួយ​ដែល​ទាក់ទង​អ្នក​ចូល​សាសនា​យូដា បាន​ត្រូវ​ដោះ​ស្រាយ។ រឿង​នេះ​បាន​យក​ទៅ​ជម្រាប​ពួក​សាវ័ក​និង​អ្នក​ចាស់​ទុំ​នៅ​ទី​ក្រុង​យេរូសាឡិម ដែល​បំរើ​ជា​គណៈ​អភិបាល។ ពួក​បុរស​ទាំង​នេះ​មិន​មែន​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​ទេ ប៉ុន្តែ ព្រះ​បាន​ប្រើ​ពួក​គាត់។ ពួក​គាត់​បាន​ពិចារណា​មើល​បទ​គម្ពីរ​ដែល​ទាក់ទង​នឹង​រឿង​នេះ ហើយ​ពិនិត្យ​មើល​ភស្តុតាង​អំពី​ដំណើរ​ការ​នៃ​វិញ្ញាណ​របស់​ព្រះ ពេល​បើក​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ដល់​សាសន៍​ដទៃ។ រួច​មក ពួក​គេ​ធ្វើ​ការ​សម្រេច​ចិត្ត។ ព្រះ​បាន​ប្រទាន​ពរ​ទៅ​លើ​របៀប​រៀប​ចំ​នោះ។ (កិច្ចការ ១៥:​១​-​២៩; ១៦:​៤, ៥) គណៈ​អភិបាល​នោះ​បាន​តែងតាំង​បុគ្គល​ឯ​ទៀត​ឲ្យ​ទៅ​ផ្សព្វផ្សាយ​សារ​ព្រះ​រាជាណាចក្រ។

១០ នៅ​ក្នុង​សម័យ​យើង​នេះ គណៈ​អភិបាល​នៃ​អង្គការ​របស់​ព្រះ​យេហូវ៉ា​ដែល​យើង​អាច​មើល​ឃើញ គឺ​មាន​បងប្អូន​ពី​ប្រទេស​ផ្សេង⁠ៗ​ដែល​បាន​ត្រូវ​តែងតាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ ហើយ​គណៈ​អភិបាល​ក៏​ស្នាក់​នៅ​មន្ទីរ​ចាត់ការ​ពិភពលោក​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ នៅ​ក្រោម​ប្រមុខ​ភាព​របស់​ព្រះ​យេស៊ូ​គ្រីស្ទ នោះ​គណៈ​អភិបាល​ជួយ​ក្នុង​ការ​ធ្វើ​ឲ្យ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​រីក​ចំរើន​លូត​លាស់​ត​ទៅ​ទៀត​ក្នុង​គ្រប់​ប្រទេស ដោយ​ចាត់​ចែង​កិច្ចការ​ផ្សព្វផ្សាយ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ក្នុង​ក្រុមជំនុំ​រាប់​ពាន់​របស់​ពួក​គេ។ អស់​អ្នក​ដែល​បំរើ​ក្នុង​គណៈ​អភិបាល មាន​ទស្សនៈ​ដូច​សាវ័ក​ប៉ុល​ពេល​ដែល​គាត់​បាន​សរសេរ​ទៅ​កាន់​គ្រីស្ទាន​គ្នីគ្នា​ថា⁠៖ «មិន​មែន​ថា យើង​ខ្ញុំ​ធ្វើ​ជា​ម្ចាស់​លើ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ទេ គឺ​ធ្វើ​ជា​គូកន ជួយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​អំណរ​វិញ ដ្បិត​អ្នក​រាល់​គ្នា​កំពុង​ឈរ​ហើយ ដោយសារ​សេចក្ដី​ជំនឿ»។​—⁠កូរិនថូសទី២ ១:⁠២៤

១១​. (ក) តើ​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ​ត្រូវ​តែងតាំង​ឡើង​យ៉ាង​ដូច​ម្ដេច? (ខ) ហេតុ​អ្វី​ក៏​យើង​ត្រូវ​ស្ដាប់​តាម​ការ​ណែនាំ​របស់​ពួក​អ្នក​ដែល​បាន​ត្រូវ​តែងតាំង​នោះ?

១១ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ទូទាំង​ផែនដី​ទុក​ចិត្ត​លើ​គណៈ​អភិបាល ដើម្បី​រើស​តាំង​បងប្អូន​ប្រុស⁠ៗដែល​មាន​សមត្ថភាព ដែល​ក្រោយ​មក​ក៏​មាន​អំណាច​រើស​តាំង​ពួក​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ ឲ្យ​មើល​ថែរក្សា​ក្រុមជំនុំ។ សេចក្ដី​តម្រូវ​ចំពោះ​អស់​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង ត្រូវ​ចែង​ក្នុង​ព្រះ​គម្ពីរ ដោយ​ទទួល​ស្គាល់​ថា​ពួក​គេ​មិន​មែន​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​ទេ។ ពួក​អ្នក​ចាស់​ទុំ​ដែល​ដាក់​សំនើរ​និង​អ្នក​ដែល​រើស​តាំង​គឺ​មាន​ការ​ទទួល​ខុសត្រូវ​ធ្ងន់​ចំពោះ​ព្រះ។ (ធីម៉ូថេទី១ ៣:​១​-​១០, ១២, ១៣; ទីតុស ១:​៥​-​៩) ហេតុ​នេះ​ហើយ ពួក​គេ​អធិស្ឋាន​ទូល​ព្រះ​សុំ​ជំនួយ​ពី​វិញ្ញាណ​របស់​ព្រះ និង​ស្វែង​រក​ការ​ដឹក​នាំ​ពី​ព្រះ​បន្ទូល​របស់​ទ្រង់។ (កិច្ចការ ៦:​២​-​៤, ៦; ១៤:⁠២៣) សូម​ឲ្យ​យើង​បង្ហាញ​នូវ​អំណរគុណ​ចំពោះ​‹អំណោយ​ទាន​ជា​មនុស្ស›​ទាំង​នេះ ដែល​ជួយ​យើង​«រួបរួម​ខាង​ឯ​សេចក្ដី​ជំនឿ»។​—⁠អេភេសូរ ៤:​៨, ១១​-​១៦

១២​. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​ប្រើ​ស្ត្រី​ក្នុង​របៀប​រៀប​ចំ​ខាង​ព្រះ​ធិបតេយ្យ?

១២ បទ​គម្ពីរ​បង្គាប់​ថា ការ​មើល​ខុសត្រូវ​ក្នុង​ក្រុមជំនុំ​ត្រូវ​ចាត់​ចែង​ដោយ​ពួក​បុរស។ នេះ​មិន​មែន​មាន​ន័យ​ថា បន្ទាបបន្ថោក​ស្ត្រី​ទេ ដ្បិត​ស្ត្រី​ខ្លះ​គឺ​ជា​អ្នក​គ្រង​រាជ្យ​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថានសួគ៌ ហើយ​មាន​ពួក​ស្ត្រី​ដែល​ធ្វើ​ការ​ផ្សព្វផ្សាយ​យ៉ាង​ច្រើន​ដែរ។ (ទំនុកដំកើង ៦៨:⁠១១) ម្យ៉ាង​ទៀត ដោយ​មើល​ថែរក្សា​នូវ​ភារកិច្ច​របស់​ពួក​គេ​ក្នុង​ក្រុម​គ្រួសារ នោះ​ពួក​ស្ត្រី​ជួយ​នាំ​ឲ្យ​ក្រុមជំនុំ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ប្រសើរ។ (ទីតុស ២:​៣​-​៥) ប៉ុន្តែ ការ​បង្រៀន​ក្នុង​ក្រុមជំនុំ​ត្រូវ​បាន​ដឹក​នាំ​ដោយ​ពួក​បុរស​ដែល​បាន​ត្រូវ​តែងតាំង​ឲ្យ​ធ្វើ​ការ​បង្រៀន​នោះ។​—⁠ធីម៉ូថេទី១ ២:​១២, ១៣

១៣​. (ក) តើ​ព្រះ​គម្ពីរ​ដាស់​តឿន​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​មាន​ទស្សនៈ​យ៉ាង​ណា ចំពោះ​ឋានៈ​របស់​ពួក​គាត់? (ខ) តើ​យើង​គ្រប់​គ្នា​អាច​មាន​ឱកាស​ចូល​រួម​ធ្វើ​អ្វី?

១៣ ក្នុង​ពិភពលោក​នេះ បុគ្គល​ម្នាក់​ដែល​មាន​ឋានៈ​ដ៏​ធំដុំ ត្រូវ​គេ​ចាត់​ទុក​ថា​សំខាន់​ណាស់ ប៉ុន្តែ​ក្នុង​អង្គការ​របស់​ព្រះ​វិញ គឺ​ថា⁠៖ «អ្នក​ណា​ដែល​តូច​ជាង​គេ ក្នុង​ពួកអ្នក​រាល់​គ្នា គឺ​អ្នក​នោះ​ហើយ ជា​អ្នក​ធំ​វិញ»។ (លូកា ៩:​៤៦​-​៤៨; ២២:​២៤​-​២៦) បទ​គម្ពីរ​ទូន្មាន​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ប្រុង​ប្រយ័ត្ន ដែល​ពួក​គេ​មិន​ប្រើ​អំណាច​ដើម្បី​ជិះជាន់​អ្នក​ដែល​ជា​ទ្រព្យ​របស់​ព្រះ តែ​ផ្ទុយ​ទៅ​វិញ ពួក​គេ​ត្រូវ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម។ (ពេត្រុសទី១ ៥:​២, ៣) មិន​មែន​មាន​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ទេ ដែល​មាន​ឱកាស​ដ៏​វិសេស​វិសាល​ក្នុង​ការ​តំណាង​ព្រះ​មហាក្សត្រ​នៃ​សកលលោក​នេះ តែ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទាំង​អស់​ទាំង​ប្រុស​ទាំង​ស្រី​ក៏​មាន​ឱកាស​ដ៏​វិសេស​នេះ​ដែរ ដើម្បី​ប្រកាស​យ៉ាង​ថ្លៃថ្នូរ​អំពី​ព្រះ​នាម​ទ្រង់ និង​ប្រាប់​អ្នក​ដទៃ​នៅ​គ្រប់​កន្លែង​អំពី​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​ដែរ។

១៤​. ដោយ​ប្រើ​ខគម្ពីរ​ដែល​មាន​នៅ​ទី​នេះ សូម​ពិគ្រោះ​សំនួរ​ដែល​មាន​នៅ​ខាង​ចុង​វគ្គ​នេះ។

១៤ យក​ល្អ​យើង​គួរ​សួរ​ខ្លួន​យើង​ថា⁠៖ ‹តើ​ខ្ញុំ​ពិត​ជា​យល់​និង​មាន​អំណរគុណ​ចំពោះ​របៀប​ព្រះ​យេហូវ៉ា កំពុងតែ​ដឹក​នាំ​អង្គការ​របស់​ទ្រង់​នៅ​លើ​ផែនដី​នេះ​ឬ​ទេ? តើ​ចិត្ត​គំនិត ពាក្យ​សំដី និង​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​បង្ហាញ​ឲ្យ​ឃើញ​ដូច្នេះ​ទេ?›។ ការ​រំពឹង​គិត​លើ​ចំណុច​ជា​បន្តបន្ទាប់​នេះ អាច​ជួយ​ឲ្យ​យើង​ពិនិត្យ​មើល​ខ្លួន​ឯង។

ប្រសិន​បើ​ខ្ញុំ​ពិត​ជា​ចុះ​ចូល​នឹង​ព្រះ​គ្រីស្ទ​ជា​មេ​ដឹក​នាំ​នៃ​ក្រុមជំនុំ តើ​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដូច​បាន​បញ្ជាក់​ក្នុង​បទ​គម្ពីរ​ជា​បន្តបន្ទាប់​នេះ? (ម៉ាថាយ ២៤:⁠១៤; ២៨:​១៩, ២០; យ៉ូហាន ១៣:​៣៤, ៣៥)

ពេល​ខ្ញុំ​ទទួល​យក​ដោយ​អំណរគុណ​នូវ​សំវិធានការ​ខាង​វិញ្ញាណ ដែល​ផ្ដល់​មក​តាម​រយៈ​ក្រុម​អ្នក​បំរើ​និង​គណៈ​អភិបាល តើ​ខ្ញុំ​កំពុង​តែ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ណា? (លូកា ១០:⁠១៦)

តើ​មនុស្ស​គ្រប់​គ្នា​ក្នុង​ក្រុមជំនុំ ជា​ពិសេស​ពួក​អ្នក​ចាស់​ទុំ​គួរ​ប្រព្រឹត្ត​នឹង​គ្នា​យ៉ាង​ដូច​ម្ដេច? (រ៉ូម ១២:⁠១០)

១៥​. (ក) ដោយសារ​អាកប្បកិរិយា​របស់​យើង​ចំពោះ​អង្គការ​របស់​ព្រះយេហូវ៉ា​ដែល​យើង​មើល​ឃើញ តើ​យើង​បង្ហាញ​អ្វី? (ខ) តើ​យើង​មាន​ឱកាស​អ្វី​ខ្លះ ដើម្បី​ស​ឲ្យ​ឃើញ​ថា​សាតាំង​ជា​អ្នក​ភូតភរ? ហើយ​តើ​យើង​មាន​ឱកាស​ណា​ខ្លះ ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ហឫទ័យ​រីករាយ​នោះ?

១៥ ព្រះ​យេហូវ៉ា​កំពុង​តែ​ដឹក​នាំ​យើង​សព្វ​ថ្ងៃ​នេះ តាម​រយៈ​អង្គការ​របស់​ទ្រង់​ដែល​យើង​អាច​មើល​ឃើញ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ​គ្រីស្ទ។ អាកប្បកិរិយា​របស់​យើង​ចំពោះ​របៀប​រៀប​ចំ​នេះ បង្ហាញ​ថា​តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​រឿង​ចំណោទ​ដែល​ទាក់ទង​អធិបតេយ្យ​សកលលោក។ (ហេព្រើរ ១៣:⁠១៧) សាតាំង​ប្រកែក​ថា កង្វល់​ដ៏​ចំ​បង​របស់​យើង​គឺ​ការ​គិត​តែ​ពី​អាត្មា​ប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិន​បើ​យើង​បំរើ​តាម​របៀប​ណា​ដែល​ចាំបាច់ និង​ចៀស​វាង​អ្វី​ដែល​នាំ​ឲ្យ​ខ្លួន​ចេញ​មុខ​ចេញ​មាត់​ហួស​ហេតុ​ពេក នោះ​យើង​ស​ឲ្យ​ឃើញ​ថា​សាតាំង​ជា​អ្នក​ភូតភរ។ ប្រសិន​បើ​យើង​ស្រឡាញ់​និង​គោរព​អស់​អ្នក​ដែល​នាំ​មុខ​ក្នុង​ចំណោម​យើង តែ​បដិសេធ​មិន​ព្រម​‹រាប់​អាន​មនុស្ស​ដើម្បី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​យើង› នោះ​យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ហឫទ័យ​រីករាយ។ (យូដាស ១៦; ហេព្រើរ ១៣:⁠៧) ដោយ​មាន​ចិត្ត​ភក្ដី​ចំពោះ​អង្គការ​របស់​ព្រះ​យេហូវ៉ា យើង​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង និង​ថា​យើង​មាន​សាមគ្គីភាព​ក្នុង​ការ​ថ្វាយ​បង្គំ​ទ្រង់។​—⁠កូរិនថូសទី១ ១៥:⁠៥៨

ការ​ពិគ្រោះ​សា​ឡើង​វិញ

• តើ​អ្វី​ជា​អង្គការ​របស់​ព្រះ​យេហូវ៉ា​ដែល​យើង​អាច​មើល​ឃើញ​សព្វ​ថ្ងៃ​នេះ? តើ​អង្គការ​នេះ​មាន​គោល​បំណង​យ៉ាង​ណា?

• តើ​អ្នក​ណា​ជា​មេ​ដឹក​នាំ​ដែល​បាន​ត្រូវ​តែងតាំង​ឡើង​សំរាប់​ក្រុមជំនុំ?ហើយ​តើ​តាម​រយៈ​ការ​រៀប​ចំ​អ្វី ដែល​ទ្រង់​ប្រទាន​សេចក្ដី​ណែនាំ​ដោយ​សេចក្ដី​ស្រឡាញ់​សំរាប់​យើង?

• តើ​យើង​គួរ​បណ្ដុះ​បណ្ដាល​នូវ​ចិត្ត​គំនិត​ដ៏​ត្រឹម​ត្រូវ​យ៉ាង​ណា ចំពោះ​អស់​អ្នក​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា?

[រូបភាព​នៅ​ទំព័រ​១៣៣]

ព្រះ​យេហូវ៉ា ដឹក​នាំ​យើង​ដោយអង្គការ​របស់​ទ្រង់​ដែល​យើង​អាច​មើល​ឃើញ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ​គ្រីស្ទ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក