បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • od ជំ. ៣ ទំ. ១៧-២៣
  • «ចូរចាំអំពីពួកអ្នកដែលកំពុងនាំមុខអ្នករាល់គ្នា»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ចូរចាំអំពីពួកអ្នកដែលកំពុងនាំមុខអ្នករាល់គ្នា»
  • អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • របៀប​សម្គាល់​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​
  • ហេតុ​អ្វី​គួរ​«​ចាំ​អំពី​ពួក​អ្នក​ដែល​កំពុង​នាំ​មុខ​»​យើង?
  • របៀប​ដែល​យើង​បង្ហាញ​ថា​យើង​មាន​ទំនុក​ចិត្ត
  • «តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា?»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • «ពួកគេដើរជាប់តាមកូនចៀម»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • «អ្នកបំរើ»ដែលស្មោះត្រង់ហើយមានវិនិច្ឆ័យល្អ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • អ្នកបម្រើដ៏ស្មោះត្រង់និងគណៈអភិបាល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
មើលបន្ថែមទៀត
អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
od ជំ. ៣ ទំ. ១៧-២៣

ជំពូក​ទី​៣

​«​ចូរ​ចាំ​អំពី​ពួក​អ្នក​ ដែល​កំពុង​នាំ​មុខ​អ្នក​រាល់​គ្នា​»​

ពាក្យ​ទាំង​នោះ​របស់​សាវ័ក​ប៉ូល​ដែល​បាន​កត់​ទុក​នៅ​ហេប្រឺ ១៣:៧ ក៏​អាច​បក​ប្រែ​ថា​«​ចូរ​ចាំ​ពី​ពួក​អ្នក​ដែល​ជា​អភិបាល​របស់​អ្នក​»។ ចាប់​ពី​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. សាវ័ក​ស្មោះ​ត្រង់​របស់​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​បាន​បំពេញ​តួ​នាទី​នេះ ដោយ​បម្រើ​ជា​គណៈ​អភិបាល​ដែល​បាន​នាំ​មុខ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​ទើប​តែ​បាន​បង្កើត​ឡើង។ (​សកម្ម. ៦:២​-​៤​) នៅ​ប្រហែល​ជា​ឆ្នាំ​៤៩ គ.ស. គណៈ​អភិបាល​មាន​សមាជិក​ថែម​ទៀត​ក្រៅ​ពី​សាវ័ក​របស់​លោក​យេស៊ូ។ ជា​ឧទាហរណ៍ ពេល​មាន​រឿង​អំពី​ការ​កាត់​ចុង​ស្បែក គណៈ​អភិបាល​ដែល​រួម​បញ្ចូល​«​ពួក​សាវ័ក​និង​ពួក​បុរស​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម​»​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​រឿង​នោះ។ (​សកម្ម. ១៥:១, ២​) គណៈ​អភិបាល​នេះ​មាន​ភារកិច្ច​ពិនិត្យ​ពិចារណា​អំពី​រឿង​ដែល​ទាក់​ទង​នឹង​គ្រិស្ត​សាសនិក​នៅ​គ្រប់​ទី​កន្លែង។ ពួក​គាត់​បាន​ផ្ញើ​សំបុត្រ​និង​ការ​សម្រេច​ចិត្ត​ផ្សេង​ៗ​ដែល​បាន​ពង្រឹង​ជំនឿ​របស់​ក្រុម​ជំនុំ​នានា ហើយ​នេះ​បាន​ជួយ​ឲ្យ​អ្នក​កាន់​តាម​លោក​យេស៊ូ​រក្សា​ឯកភាព​ក្នុង​គំនិត​និង​ការ​ប្រព្រឹត្ត។ ក្រុម​ជំនុំ​ទាំង​ឡាយ​បាន​ស្ដាប់​បង្គាប់​ហើយ​ធ្វើ​តាម​ការ​ណែនាំ​របស់​គណៈ​អភិបាល។ ជា​លទ្ធផល ពួក​គេ​បាន​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា ហើយ​បាន​រីក​ចម្រើន។—សកម្ម. ៨:១, ១៤, ១៥; ១៥:២២​-​៣១; ១៦:៤, ៥; ហេ. ១៣:១៧

២ ក្រោយ​ពី​ពួក​សាវ័ក​ស្លាប់ ការ​ក្បត់​ជំនឿ​ដ៏​ធំ​មួយ​បាន​កើត​ឡើង។ (​២ថែ. ២:៣​-​១២​) នេះ​បាន​កើត​ឡើង​ដូច​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទុក​ជា​មុន​ក្នុង​ឧទាហរណ៍​របស់​លោក​ស្ដី​អំពី​ស្រូវ​សាលី​និង​ស្រងែ។ ស្រងែ​(​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​)​បាន​ត្រូវ​សាប​ព្រោះ​ពី​លើ​ស្រូវ​សាលី​(​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​)។ អស់​ច្រើន​សតវត្សរ៍ ក្រុម​ទាំង​ពីរ​នេះ​បាន​ត្រូវ​ទុក​ឲ្យ​ដុះ​ជា​មួយ​គ្នា​រហូត​ដល់​រដូវ​ច្រូត​កាត់ ដែល​ជា​«​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»។ (​ម៉ាថ. ១៣:២៤​-​៣០, ៣៦​-​៤៣​) នៅ​គ្រា​នោះ គ្រិស្ត​សាសនិក​ម្នាក់​ៗ​ដែល​ព្រះ​បាន​រើស​តាំង​នៅ​តែ​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក​យេស៊ូ តែ​គ្មាន​គណៈ​អភិបាល​ឬ​ខ្សែ​រយៈ​ច្បាស់​លាស់​នៅ​ផែនដី​ដែល​លោក​យេស៊ូ​បាន​ប្រើ​ដើម្បី​ផ្ដល់​ការ​ណែនាំ​ដល់​អ្នក​កាន់​តាម​លោក​ទេ។ (​ម៉ាថ. ២៨:២០​) ក៏​ប៉ុន្តែ លោក​បាន​ប្រាប់​ទុក​ជា​មុន​ថា​នឹង​មាន​ការ​ប្រែ​ប្រួល​នៅ​អំឡុង​រដូវ​ច្រូត​កាត់។

៣ ​«​តើ​អ្នក​ណា​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា?​»។ ដោយ​សួរ​សំណួរ​នេះ លោក​យេស៊ូ​គ្រិស្ត​បាន​លើក​ឧទាហរណ៍​មួយ​ដែល​ទាក់​ទង​នឹង​«​សញ្ញា​សម្គាល់​»​ នៃ​«​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»។ (​ម៉ាថ. ២៤:៣, ៤២​-​៤៧​) លោក​យេស៊ូ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​នោះ​នឹង​រវល់​ក្នុង​ការ​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​«​តាម​ត្រូវ​ពេល​»​ដល់​រាស្ត្រ​របស់​ព្រះ។ ដូច​លោក​យេស៊ូ​បាន​ប្រើ​បុរស​មួយ​ក្រុម ជា​ជាង​បុរស​ម្នាក់ ដើម្បី​ដឹក​នាំ​រាស្ត្រ​របស់​លោក​នៅ​សតវត្សរ៍​ទី​១ នោះ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ដែល​លោក​យេស៊ូ​ប្រើ​នៅ​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ ក៏​មិន​មែន​ជា​បុរស​តែ​ម្នាក់​ដែរ។

របៀប​សម្គាល់​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​

៤ តើ​លោក​យេស៊ូ​បាន​តែង​តាំង​អ្នក​ណា​ឲ្យ​ផ្ដល់​សេចក្ដី​បង្រៀន​ដល់​អ្នក​កាន់​តាម​លោក? ជា​ការ​សម​ហេតុ​សម​ផល​ដែល​លោក​ប្រើ​គ្រិស្ត​សាសនិក​នៅ​ផែនដី​ដែល​ព្រះ​បាន​រើស​តាំង។ គម្ពីរ​ហៅ​ពួក​គាត់​ថា​«​សង្ឃ​ដែល​មាន​តំណែង​ជា​ស្ដេច​»​ ហើយ​ពួក​គាត់​បាន​ត្រូវ​បង្គាប់​ឲ្យ​«​‹ប្រកាស​នៅ​ទី​ជិត​ឆ្ងាយ​អំពី​គុណ​សម្បត្តិ​ប្រសើរ​ថ្លៃ​ថ្លា›​របស់​លោក​ដែល​បាន​ហៅ​[​ពួក​គាត់​]​ចេញ​ពី​សេចក្ដី​ងងឹត​ឲ្យ​ចូល​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​លោក​»។ (​១ពេ. ២:៩; ម៉ាឡ. ២:៧; បប. ១២:១៧​) តើ​គ្រិស្ត​សាសនិក​ទាំង​អស់​នៅ​ផែនដី​ដែល​ព្រះ​បាន​រើស​តាំង​ធ្វើ​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ឬ? មិន​មែន​ទេ។ ពេល​លោក​យេស៊ូ​ធ្វើ​ការ​អស្ចារ្យ​ដោយ​ផ្ដល់​អាហារ​ដល់​បណ្ដា​ជន​មួយ​ក្រុម​ដែល​មាន​បុរស​ប្រហែល​ជា​៥.០០០​នាក់ ដោយ​មិន​រាប់​ទាំង​ស្ត្រី​និង​កូន​ក្មេង លោក​បាន​ចែក​អាហារ​ដល់​អ្នក​កាន់​តាម​លោក រួច​អ្នក​កាន់​តាម​លោក​ចែក​ដល់​បណ្ដា​ជន។ (​ម៉ាថ. ១៤:១៩​) លោក​យេស៊ូ​បាន​ឲ្យ​អាហារ​ដល់​មនុស្ស​ជា​ច្រើន​តាម​រយៈ​មនុស្ស​មួយ​ក្រុម​តូច។ សព្វ​ថ្ងៃ​នេះ លោក​កំពុង​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​តាម​របៀប​ដូច​គ្នា។

៥ ដូច្នេះ ​«​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់ ហើយ​ចេះ​ពិចារណា​»​ជា​បង​ប្រុស​គ្រិស្ត​សាសនិក​មួយ​ក្រុម​តូច​ដែល​ព្រះ​បាន​រើស​តាំង ដែល​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​រៀបចំ​និង​ការ​ចែក​ចាយ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ ក្នុង​អំឡុង​វត្តមាន​របស់​គ្រិស្ត។ (​លូក. ១២:៤២​) ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ បង​ប្រុស​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ជា​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ បាន​បម្រើ​ព្រះ​ជា​មួយ​គ្នា​នៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក។ សព្វ​ថ្ងៃ​នេះ បង​ប្រុស​ទាំង​នេះ​ដែល​ព្រះ​បាន​រើស​តាំង ធ្វើ​ជា​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា។

៦ គ្រិស្ត​ប្រើ​ក្រុម​នេះ ដើម្បី​ចេញ​ផ្សាយ​ព័ត៌មាន​អំពី​ការ​សម្រេច​ទំនាយ​ផ្សេង​ៗ​ក្នុង​គម្ពីរ និង​ដើម្បី​ផ្ដល់​ការ​ណែ​នាំ​តាម​ត្រូវ​ពេល​អំពី​របៀប​អនុវត្ត​គោល​ការណ៍​គម្ពីរ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​នេះ បាន​ត្រូវ​ចែក​ចាយ​តាម​រយៈ​ក្រុម​ជំនុំ​នានា​របស់​សាក្សី​ព្រះ​យេហូវ៉ា។ (​អេ. ៤៣:១០; កាឡ. ៦:១៦​) នៅ​សម័យ​គម្ពីរ ខ្ញុំ​បម្រើ​ឬ​អ្នក​បម្រើ​ម្នាក់​ដែល​ម្ចាស់​ទុក​ចិត្ត គឺ​ជា​អ្នក​ចាត់​ចែង​កិច្ច​ការ​ផ្ទះ។ ដូច​គ្នា​ដែរ ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​មាន​ភារកិច្ច​ចាត់​ចែង​កិច្ច​ការ​សម្រាប់​បង​ប្អូន​រួម​ជំនឿ។ ដូច្នេះ ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​មាន​ភារកិច្ច​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ សកម្មភាព​ផ្សព្វ​ផ្សាយ កម្ម​វិធី​សន្និបាត​និង​មហា​សន្និបាត ការ​បោះពុម្ព​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ហើយ​ពួក​គាត់​ក៏​តែង​តាំង​អ្នក​ត្រួត​ពិនិត្យ​ឲ្យ​បំពេញ​តួ​នាទី​ផ្សេង​ៗ​ក្នុង​អង្គការ​របស់​ព្រះ​ដែរ។ អ្វី​ទាំង​អស់​នេះ​ផ្ដល់​ប្រយោជន៍​ដល់​«​ខ្ញុំ​បម្រើ​ឯ​ទៀត​»។—ម៉ាថ. ២៤:៤៥

៧ តើ​នរណា​ជា​«​ខ្ញុំ​បម្រើ​ឯ​ទៀត​»​? បើ​និយាយ​ឲ្យ​ចំ​ទៅ ពួក​គេ​គឺ​ជា​អ្នក​ដែល​ទទួល​អាហារ។ នៅ​ដើម​ដំបូង​នៃ​គ្រា​ចុង​ក្រោយ​បង្អស់ ខ្ញុំ​បម្រើ​ឯ​ទៀត​ទាំង​អស់​សុទ្ធ​តែ​ជា​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង។ ក្រោយ​មក ខ្ញុំ​បម្រើ​ឯ​ទៀត​រួម​បញ្ចូល​មនុស្ស​មួយ​ក្រុម​ធំ​ដែល​ជា​«​ចៀម​ឯ​ទៀត​»។ (​យ៉ូន. ១០:១៦​) ក្រុម​ទាំង​ពីរ​ទទួល​សេចក្ដី​បង្រៀន​ដែល​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ចែក​ចាយ។

៨ ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ពេល​លោក​យេស៊ូ​មក​ដើម្បី​វិនិច្ឆ័យ​និង​ដាក់​ទោស​មនុស្ស​ទុច្ចរិត​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នេះ លោក​នឹង​តែង​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ឲ្យ​«​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​លោក​»។ (​ម៉ាថ. ២៤:៤៦, ៤៧​) នៅ​ពេល​នោះ ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​នឹង​ទទួល​រង្វាន់​នៅ​ស្ថាន​សួគ៌។ ពួក​គាត់​និង​ពួក​អ្នក​ឯ​ទៀត​ដែល​ព្រះ​បាន​រើស​តាំង ដែល​រួម​ទាំង​អស់​មាន​ចំនួន​១៤៤.០០០​នាក់ នឹង​មាន​អំណាច​នៅ​ស្ថាន​សួគ៌​ជា​មួយ​គ្រិស្ត។ ទោះ​ជា​នៅ​ពេល​នោះ​នឹង​លែង​មាន​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​នៅ​ផែនដី​ក្ដី តែ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​នឹង​ផ្ដល់​ការ​ណែនាំ​ដល់​មនុស្ស​ដែល​នៅ​ផែនដី ជា​ពលរដ្ឋ​នៃ​រាជាណាចក្រ​របស់​មេស្ស៊ី តាម​រយៈ​ពួក​អ្នក​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​បម្រើ​ជា​«​ចៅហ្វាយ​»។—ទំនុក. ៤៥:១៦

ហេតុ​អ្វី​គួរ​«​ចាំ​អំពី​ពួក​អ្នក​ដែល​កំពុង​នាំ​មុខ​»​យើង?

៩ មាន​មូលហេតុ​ជា​ច្រើន​ដើម្បី​«​ចាំ​អំពី​ពួក​អ្នក​ដែល​កំពុង​នាំ​មុខ​»​យើង និង​ដើម្បី​បង្ហាញ​ថា​យើង​ទុក​ចិត្ត​ពួក​គាត់។ ហេតុ​អ្វី​ការ​ធ្វើ​ដូច្នេះ​មាន​ប្រយោជន៍​ចំពោះ​យើង? សាវ័ក​ប៉ូល​បាន​ប្រាប់​ថា​៖ ​«​ពួក​គេ​កំពុង​ថែ​រក្សា​អ្នក​រាល់​គ្នា ហើយ​ទទួល​ខុស​ត្រូវ​អំពី​របៀប​ដែល​ពួក​គេ​បាន​ធ្វើ​ការ​នោះ។ ដូច្នេះ ពួក​គេ​អាច​ធ្វើ​ការ​នេះ​ដោយ​មាន​អំណរ មិន​មែន​ដោយ​ដក​ដង្ហើម​ធំ​ទេ ព្រោះ​បើ​ដូច្នេះ​នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​បង់​ប្រយោជន៍​វិញ​»។ (​ហេ. ១៣:១៧​) ជា​ការ​សំខាន់​ចាំ​បាច់​ដែល​យើង​ស្ដាប់​បង្គាប់​ហើយ​ចុះ​ចូល​ចំពោះ​ការ​ណែនាំ​របស់​អ្នក​ដែល​កំពុង​នាំ​មុខ ដោយ​សារ​ពួក​គាត់​ថែ​រក្សា​យើង​ដើម្បី​ជួយ​ការ​ពារ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។

១០ នៅ​កូរិនថូស​ទី​១ ១៦:១៤ ប៉ូល​ប្រាប់​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដោយ​សេចក្ដី​ស្រឡាញ់​»។ រាល់​ការ​សម្រេច​ចិត្ត​ដែល​ទាក់​ទង​នឹង​រាស្ត្រ​ព្រះ មាន​មូលដ្ឋាន​លើ​គុណ​សម្បត្តិ​ដ៏​ប្រសើរ​នេះ គឺ​សេចក្ដី​ស្រឡាញ់។ ស្ដី​អំពី​សេចក្ដី​ស្រឡាញ់ កូរិនថូស​ទី​១ ១៣:៤​-​៨ បាន​ចែង​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​មាន​ចិត្ត​ធ្ងន់​ហើយ​ក៏​សប្បុរស។ សេចក្ដី​ស្រឡាញ់​មិន​ចេះ​ច្រណែន មិន​ចេះ​និយាយ​អួតអាង មិន​ចេះ​ក្រអឺតក្រអោង មិន​ប្រព្រឹត្ត​ឥត​សម​រម្យ មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​ឆាប់​ខឹង។ សេចក្ដី​ស្រឡាញ់​មិន​ចាំ​ទុក​ក្នុង​ចិត្ត​នូវ​អ្វី​ដែល​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។ សេចក្ដី​ស្រឡាញ់​មិន​អរ​សប្បាយ​អំពី​អ្វី​ដែល​មិន​សុចរិត​ឡើយ តែ​អរ​សប្បាយ​អំពី​សេចក្ដី​ពិត។ សេចក្ដី​ស្រឡាញ់​អត់​ធន់​នឹង​អ្វី​ៗ​ទាំង​អស់ ជឿ​អ្វី​ៗ​ទាំង​អស់ សង្ឃឹម​លើ​អ្វី​ៗ​ទាំង​អស់ ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់។ សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ​ឡើយ​»។ រាល់​ការ​សម្រេច​ចិត្ត​ធ្វើ​ឡើង​ជា​ប្រយោជន៍​ដល់​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា។ ដោយ​សារ​ការ​សម្រេច​ចិត្ត​ទាំង​នេះ​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់ យើង​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​ទុក​ចិត្ត​ការ​ណែនាំ​ណា​ក៏​ដោយ​ដែល​យើង​ទទួល។ ម្យ៉ាង​ទៀត ការ​ណែនាំ​ទាំង​នេះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។

ជា​ការ​សំខាន់​ចាំ​បាច់​ដែល​យើង​ចុះ​ចូល​ចំពោះ​ពួក​អ្នក​ដែល​កំពុង​ថែ​រក្សា​យើង​ដើម្បី​ជួយ​ការ​ពារ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា

១១ ដូច​នៅ​សត​វត្ស​ទី​១​ដែរ ព្រះ​យេហូវ៉ា​កំពុង​ប្រើ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដើម្បី​ដឹក​នាំ​រាស្ត្រ​របស់​លោក។ ក៏​ប៉ុន្តែ នៅ​អតីតកាល​ព្រះ​យេហូវ៉ា​ក៏​បាន​ប្រើ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​លោក​ដែរ។ ជា​ឧទាហរណ៍ ណូអេ​បាន​សង់​ទូក​ធំ ហើយ​បាន​ប្រកាស​ផ្សាយ​អំពី​សេចក្ដី​ហិន​វិនាស​ដែល​ជិត​មក​ដល់​នៅ​សម័យ​របស់​គាត់។ (​លោ. ៦:១៣, ១៤, ២២; ២ពេ. ២:៥​) ម៉ូសេ​បាន​ត្រូវ​តែង​តាំង​ឲ្យ​នាំ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ចេញ​ពី​ស្រុក​អេស៊ីប។ (​និក្ខ. ៣:១០​) ព្រះ​ក៏​បាន​ដឹក​នាំ​បុរស​មិន​ល្អ​ឥត​ខ្ចោះ​ឲ្យ​សរសេរ​គម្ពីរ​ដែរ។ (​២ធី. ៣:១៦; ២ពេ. ១:២១​) យើង​នឹង​មិន​ឈប់​ទុក​ចិត្ត​អង្គការ​របស់​ព្រះ​យេហូវ៉ា ដោយ​សារ​តែ​លោក​ប្រើ​បុរស​មិន​ល្អ​ឥត​ខ្ចោះ​ឲ្យ​ដឹក​នាំ​កិច្ច​បម្រើ​ផ្សាយ​និង​កិច្ច​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​មាន​ទំនុក​ចិត្ត​កាន់​តែ​រឹង​មាំ​ដោយ​ដឹង​ថា អង្គការ​នេះ​អាច​សម្រេច​កិច្ច​ការ​ជា​ច្រើន ដោយ​សារ​តែ​មាន​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា។ តាម​រយៈ​ទុក្ខ​លំបាក​និង​បទ​ពិសោធន៍​ជា​ច្រើន ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សកម្មពល​របស់​ព្រះ​កំពុង​ដឹក​នាំ​ពួក​គាត់។ សព្វ​ថ្ងៃ​នេះ អង្គការ​ព្រះ​យេហូវ៉ា​ផ្នែក​នៅ​ផែនដី​ទទួល​ពរ​ច្រើន​ណាស់។ ម្ល៉ោះ​ហើយ យើង​គាំទ្រ​ហើយ​ទុក​ចិត្ត​អង្គការ​របស់​លោក​យ៉ាង​អស់​ពី​ចិត្ត។

របៀប​ដែល​យើង​បង្ហាញ​ថា​យើង​មាន​ទំនុក​ចិត្ត

១២ ពួក​អ្នក​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​ទទួល​ខុស​ត្រូវ​ក្នុង​ក្រុម​ជំនុំ បង្ហាញ​ថា​ពួក​គាត់​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​និង​របៀប​រៀបចំ​របស់​លោក ដោយ​ទទួល​ភារកិច្ច​ស្ម័គ្រ​ពី​ចិត្ត ហើយ​បំពេញ​ភារកិច្ច​របស់​ខ្លួន​យ៉ាង​ស្មោះ​ត្រង់។ (​សកម្ម. ២០:២៨​) ក្នុង​នាម​ជា​អ្នក​ប្រកាស​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ យើង​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍ ហើយ​បង្រៀន​គម្ពីរ​តាម​ផ្ទះ។ (​ម៉ាថ. ២៤:១៤; ២៨:១៩, ២០​) ដើម្បី​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដែល​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ផ្ដល់​យ៉ាង​បរិបូរ​នោះ យើង​រៀបចំ​ឲ្យ​បាន​ល្អ​សម្រាប់​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក។ យើង​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​នោះ ហើយ​ចូល​រួម​សន្និបាត​និង​មហា​សន្និបាត​ដែរ។ ពេល​យើង​សំណេះសំណាល​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​នៅ​ឯ​កិច្ច​ប្រជុំ​ទាំង​នោះ យើង​ទទួល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។—ហេ. ១០:២៤, ២៥

១៣ ពេល​យើង​គាំទ្រ​អង្គការ​របស់​ព្រះ​ដោយ​ធ្វើ​វិភាគទាន នោះ​បង្ហាញ​ថា​យើង​ទុក​ចិត្ត​អង្គការ​លោក។ (​សុភ. ៣:៩, ១០​) នៅ​ពេល​ដែល​យើង​ឃើញ​ថា​បង​ប្អូន​រួម​ជំនឿ​ខ្វះ​ខាត នោះ​យើង​ជួយ​ពួក​គាត់​ភ្លាម​ៗ។ (​កាឡ. ៦:១០; ១ធី. ៦:១៨​) យើង​ធ្វើ​អ្វី​ៗ​ទាំង​អស់​នេះ​ពី​ព្រោះ​យើង​ពិត​ជា​ស្រឡាញ់​គ្នា​ជា​បង​ប្អូន ហើយ​យើង​ប្រុង​ប្រៀប​រក​ឱកាស​ជា​និច្ច​ដើម្បី​បង្ហាញ​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក​ថា យើង​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​សេចក្ដី​ល្អ​ជា​ច្រើន​ដែល​យើង​បាន​ទទួល។—យ៉ូន. ១៣:៣៥

១៤ យើង​ក៏​បង្ហាញ​ដែរ​ថា​យើង​ទុក​ចិត្ត​អង្គការ​ព្រះ ដោយ​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​អង្គការ​លោក។ នេះ​ក៏​រួម​បញ្ចូល​ការ​ធ្វើ​តាម​ដោយ​ចិត្ត​រាប​ទាប​ចំពោះ​ការ​ណែនាំ​របស់​អ្នក​ដែល​មាន​មុខ​ងារ​ទទួល​ខុស​ត្រូវ ដូច​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល និង​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ជា​ដើម។ បង​ប្រុស​ទាំង​នេះ​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​ចំណោម​«​ពួក​អ្នក​ដែល​កំពុង​នាំ​មុខ​»​ដែល​យើង​ត្រូវ​តែ​ស្ដាប់​បង្គាប់ ហើយ​ចុះ​ចូល​ផង។ (​ហេ. ១៣:៧, ១៧​) ទោះ​ជា​យើង​មិន​យល់​ទាំង​ស្រុង​អំពី​មូលហេតុ​ដែល​ពួក​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ​ក៏​ដោយ ប៉ុន្តែ​យើង​ដឹង​ថា​យើង​នឹង​ទទួល​ប្រយោជន៍​ជា​និច្ច បើ​យើង​គាំទ្រ​ការ​សម្រេច​ចិត្ត​នោះ។ ជា​លទ្ធផល ព្រះ​យេហូវ៉ា​ឲ្យ​ពរ​យើង ដោយ​សារ​យើង​ធ្វើ​តាម​ការ​ណែនាំ​ពី​អង្គការ​និង​បណ្ដាំ​របស់​លោក។ យ៉ាង​នេះ​យើង​បង្ហាញ​ថា យើង​ចុះ​ចូល​ចំពោះ​លោក​យេស៊ូ​គ្រិស្ត ជា​ម្ចាស់​របស់​យើង។

១៥ ដូច្នេះ យើង​មាន​ហេតុ​ត្រឹម​ត្រូវ​ដើម្បី​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា។ សាថាន​ដែល​ជា​ព្រះ​នៃ​របៀប​របប​ពិភព​លោក​នេះ កំពុង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បង្អាប់​នាម​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក។ (​២កូ. ៤:៤​) សូម​កុំ​ចាញ់​កលល្បិច​របស់​សាថាន​ឲ្យ​សោះ! (​២កូ. ២:១១​) វា​ដឹង​ថា​វា​មាន​«​ពេល​តែ​បន្តិច​បន្តួច​»​មុន​ដែល​វា​នឹង​ត្រូវ​ឃុំ​ក្នុង​ទី​ជ្រៅ​បំផុត ម្ល៉ោះ​ហើយ វា​កំពុង​ខិត​ខំ​ព្យាយាម​នាំ​ឲ្យ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ច្រើន​បំផុត​ឈប់​បម្រើ​លោក។ (​បប. ១២:១២​) ក៏​ប៉ុន្តែ កាល​ដែល​សាថាន​ខំ​ប្រឹង​កាន់​តែ​ខ្លាំង សូម​ឲ្យ​យើង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ សូម​ឲ្យ​យើង​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា និង​ខ្សែ​រយៈ​ដែល​លោក​កំពុង​ប្រើ​ដើម្បី​ណែនាំ​រាស្ត្រ​លោក​នៅ​សព្វ​ថ្ងៃ​នេះ។ ការ​ធ្វើ​ដូច្នេះ នាំ​ឲ្យ​យើង​មាន​សាមគ្គី​ភាព​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក