ជំពូកទី២
ការទទួលស្គាល់តួនាទីរបស់គ្រិស្ត ក្នុងរបៀបរៀបចំរបស់ព្រះ
«កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី» ហើយអ្វីៗទាំងអស់ដែលលោកបានបង្កើត«ជាការល្អប្រពៃ»។ (លោ. ១:១, ៣១) ពេលព្រះយេហូវ៉ាបង្កើតមនុស្សដំបូង ពួកគេមានអនាគតដ៏ភ្លឺស្វាង។ ក៏ប៉ុន្តែ ការបះបោរនៅសួនអេដែនបានបង្អាក់ជីវិតដ៏សប្បាយរីករាយនេះជាបណ្ដោះអាសន្ន។ ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាមិនបានផ្លាស់ប្ដូរគោលបំណងរបស់លោកសម្រាប់ផែនដីនិងមនុស្សជាតិទេ។ ព្រះបានបញ្ជាក់ថាកូនចៅរបស់អាដាមដែលស្ដាប់បង្គាប់នឹងត្រូវសង្គ្រោះ។ ការគោរពប្រណិប័តន៍ពិតនឹងត្រូវរៀបចំឡើងវិញ ហើយព្រះនឹងបំផ្លាញមេកំណាចនិងទង្វើដ៏អាក្រក់ទាំងអស់របស់វា។ (លោ. ៣:១៥) នៅពេលនោះ អ្វីទាំងអស់នឹងមានលក្ខណៈ«ល្អប្រពៃ»ឡើងវិញ។ ព្រះយេហូវ៉ានឹងសម្រេចគោលបំណងនេះតាមរយៈលោកយេស៊ូគ្រិស្តដែលជាបុត្ររបស់លោក។ (១យ៉ូន. ៣:៨) ហេតុនេះ គឺជាការចាំបាច់ដែលយើងទទួលស្គាល់តួនាទីរបស់គ្រិស្តក្នុងរបៀបរៀបចំរបស់ព្រះ។—សកម្ម. ៤:១២; ភី. ២:៩, ១១
តួនាទីរបស់គ្រិស្ត
២ នៅពេលយើងគិតអំពីតួនាទីរបស់គ្រិស្តក្នុងរបៀបរៀបចំរបស់ព្រះ យើងត្រូវយល់ថាលោកយេស៊ូមានតួនាទីផ្សេងៗ។ លោកយេស៊ូជាអ្នកលោះមនុស្សជាតិ ជាសម្ដេចសង្ឃ ជាប្រមុខនៃក្រុមជំនុំគ្រិស្តសាសនិកពិត ហើយឥឡូវនេះជាស្ដេចនៃរាជាណាចក្ររបស់ព្រះ។ ការរំពឹងគិតអំពីតួនាទីទាំងនេះ ធ្វើឲ្យយើងដឹងគុណថែមទៀតចំពោះរបៀបរៀបចំរបស់ព្រះ ហើយក៏ធ្វើឲ្យយើងស្រឡាញ់គ្រិស្តយេស៊ូកាន់តែខ្លាំងឡើងដែរ។ គម្ពីរពណ៌នាអំពីតួនាទីផ្សេងៗរបស់លោកយេស៊ូ។
លោកយេស៊ូមានតួនាទីសំខាន់បំផុតក្នុងការសម្រេចគោលបំណងរបស់ព្រះយេហូវ៉ាសម្រាប់មនុស្សជាតិ
៣ ពេលដែលលោកយេស៊ូកំពុងបំពេញកិច្ចបម្រើនៅផែនដី លោកបានបញ្ជាក់ឲ្យដឹងថា មនុស្សដែលស្ដាប់បង្គាប់នឹងត្រូវផ្សះផ្សាជាមួយនឹងព្រះតាមរយៈលោក។ (យ៉ូន. ១៤:៦) ក្នុងនាមជាអ្នកលោះមនុស្សជាតិ លោកយេស៊ូបានឲ្យជីវិតលោកជាថ្លៃលោះមនុស្សជាច្រើន។ (ម៉ាថ. ២០:២៨) ដូច្នេះ លោកយេស៊ូមិនត្រឹមតែជាគំរូល្អអំពីការប្រព្រឹត្តស្របតាមគោលការណ៍របស់ព្រះប៉ុណ្ណោះទេ តែលោកយេស៊ូមានតួនាទីសំខាន់បំផុតក្នុងការសម្រេចគោលបំណងរបស់ព្រះយេហូវ៉ាសម្រាប់មនុស្សជាតិ។ មានតែតាមរយៈលោកយេស៊ូប៉ុណ្ណោះដែលយើងអាចផ្សះផ្សាជាមួយនឹងព្រះ ព្រមទាំងទទួលការពេញចិត្តពីលោក។ (សកម្ម. ៥:៣១; ២កូ. ៥:១៨, ១៩) សេចក្ដីស្លាប់ជាគ្រឿងបូជានិងការប្រោសឲ្យរស់ឡើងវិញរបស់លោកយេស៊ូ បានបើកផ្លូវឲ្យមនុស្សដែលស្ដាប់បង្គាប់ទទួលពរជារៀងរហូត ក្រោមការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌។
៤ ក្នុងនាមជាសម្ដេចសង្ឃ លោកយេស៊ូអាច«យល់ភាពទន់ខ្សោយរបស់យើង» ហើយជម្រះអំពើខុសឆ្គងរបស់ពួកអ្នកដែលកាន់តាមលោកយ៉ាងស្មោះត្រង់។ សាវ័កប៉ូលបានពន្យល់ថា៖ «សម្ដេចសង្ឃរបស់យើងមិនមែនជាអ្នកដែលមិនអាចយល់ភាពទន់ខ្សោយរបស់យើងនោះទេ តែគឺជាអ្នកដែលបានត្រូវល្បងលគ្រប់ជំពូកដូចយើងដែរ ប៉ុន្តែគ្មានភាពខុសឆ្គងឡើយ»។ រួចមក ប៉ូលបានលើកទឹកចិត្តអស់អ្នកដែលបង្ហាញជំនឿលើលោកយេស៊ូគ្រិស្ត ឲ្យទទួលប្រយោជន៍ពេញលេញពីការរៀបចំរបស់ព្រះដើម្បីផ្សះផ្សាទំនាក់ទំនងជាមួយនឹងលោក ដោយប្រាប់ថា៖ «ហេតុនេះ ចូរយើងចូលទៅនិយាយដោយក្លាហាននៅមុខបល្ល័ង្កនៃគុណដ៏វិសេសលើសលប់ ដើម្បីយើងអាចទទួលសេចក្ដីមេត្តាករុណានិងគុណដ៏វិសេសលើសលប់នៅពេលដែលយើងត្រូវការជំនួយ»។—ហេ. ៤:១៤-១៦; ១យ៉ូន. ២:២
៥ ម្យ៉ាងទៀត លោកយេស៊ូជាប្រមុខនៃក្រុមជំនុំគ្រិស្តសាសនិកពិត។ ដូចអ្នកកាន់តាមលោកនៅសតវត្សរ៍ទី១ យើងមិនត្រូវការប្រមុខជាមនុស្សទេ។ លោកយេស៊ូផ្ដល់ការណែនាំតាមរយៈសកម្មពលបរិសុទ្ធ និងតាមរយៈគង្វាលដែលមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបំពេញមុខងារក្រោមការដឹកនាំរបស់លោក។ គង្វាលទាំងនេះទទួលខុសត្រូវនៅចំពោះមុខលោកយេស៊ូនិងបិតារបស់លោកនៅស្ថានសួគ៌ ស្ដីអំពីរបៀបថែរក្សាហ្វូងចៀមរបស់ព្រះ។ (ហេ. ១៣:១៧; ១ពេ. ៥:២, ៣) ព្រះយេហូវ៉ាបានប្រាប់ទុកជាមុនអំពីលោកយេស៊ូថា៖ «មើល! អញបានតាំងដាវីឌទុកជាទីបន្ទាល់ដល់ប្រជាជាតិទាំងឡាយ គឺជាអ្នកនាំមុខ ហើយជាអ្នកបង្គាប់ដល់គេ»។ (អេ. ៥៥:៤) លោកយេស៊ូបានបញ្ជាក់ថាទំនាយនេះសំដៅលើលោក ពេលដែលលោកមានប្រសាសន៍ប្រាប់អ្នកកាន់តាមលោកថា៖ «អ្នកក៏មិនត្រូវឲ្យអ្នកណាហៅថា‹អ្នកដឹកនាំ›ដែរ ពីព្រោះអ្នកដឹកនាំរបស់អ្នករាល់គ្នាមានតែមួយទេ គឺជាគ្រិស្ត»។—ម៉ាថ. ២៣:១០
៦ យើងអាចយល់អំពីចិត្តគំនិតនិងការស្ម័គ្រចិត្តជួយរបស់លោកយេស៊ូ ពេលលោកមានប្រសាសន៍អញ្ជើញថា៖ «អស់អ្នកដែលធ្វើការនឿយហត់ហើយមានបន្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំចុះ ហើយខ្ញុំនឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តឡើងវិញ។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំ ពីព្រោះខ្ញុំស្លូត ក៏មានចិត្តរាបទាបផង នោះអ្នករាល់គ្នានឹងមានកម្លាំងចិត្តឡើងវិញ។ ពីព្រោះនឹមរបស់ខ្ញុំស្រួលពាក់ ហើយបន្ទុកខ្ញុំក៏ស្រាល»។ (ម៉ាថ. ១១:២៨-៣០) លោកយេស៊ូគ្រិស្តដឹកនាំក្រុមជំនុំគ្រិស្តសាសនិកដោយស្លូតបូត និងតាមរបៀបដែលធ្វើឲ្យយើងមានកម្លាំងចិត្តឡើងវិញ ដូច្នេះលោកបង្ហាញថាលោកជា«គង្វាលដ៏ល្អប្រសើរ» ដែលធ្វើតាមគំរូព្រះយេហូវ៉ា ជាបិតារបស់លោកនៅស្ថានសួគ៌។—យ៉ូន. ១០:១១; អេ. ៤០:១១
៧ ពេលប៉ូលសរសេរសំបុត្រទី១ទៅកាន់បងប្អូននៅក្រុងកូរិនថូស គាត់ពន្យល់អំពីតួនាទីមួយទៀតរបស់លោកយេស៊ូគ្រិស្តដោយសរសេរថា៖ «លោកត្រូវគ្រប់គ្រងជាស្ដេច រហូតដល់ព្រះដាក់សត្រូវទាំងអស់នៅក្រោមបាតជើងលោក។ ប៉ុន្តែក្រោយពីព្រះបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលចំពោះបុត្ររបស់លោក បុត្រនោះនឹងចុះចូលចំពោះព្រះដែលបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលចំពោះបុត្រនោះដើម្បីឲ្យព្រះធ្វើជាអ្វីៗទាំងអស់ដល់មនុស្សទាំងអស់»។ (១កូ. ១៥:២៥, ២៨) ព្រះបានបង្កើតលោកយេស៊ូមុនអ្វីៗទាំងអស់ ហើយមុនដែលលោកយេស៊ូមកផែនដី លោកធ្លាប់រស់នៅស្ថានសួគ៌និងមានឋានៈជា«មេជាង»របស់ព្រះ។ (សុភ. ៨:២២-៣១) ពេលព្រះចាត់លោកយេស៊ូឲ្យមកផែនដី លោកបានធ្វើតាមបំណងប្រាថ្នារបស់ព្រះគ្រប់ពេលវេលា។ លោកបានស៊ូទ្រាំនឹងការសាកល្បងដ៏ខ្លាំងបំផុត ហើយបានរក្សាភាពស្មោះត្រង់នឹងបិតាលោករហូតដល់ស្លាប់។ (យ៉ូន. ៤:៣៤; ១៥:១០) ដោយសារលោកយេស៊ូរក្សាភក្ដីភាពរហូតដល់ស្លាប់ ព្រះបានប្រោសលោកឲ្យរស់ឡើងវិញដើម្បីមានជីវិតនៅស្ថានសួគ៌ ថែមទាំងបានឲ្យលោកមានសិទ្ធិគ្រប់គ្រងរាជាណាចក្រស្ថានសួគ៌ទៀតផង។ (សកម្ម. ២:៣២-៣៦) ក្នុងឋានៈជាស្ដេចនៃរាជាណាចក្ររបស់ព្រះ គ្រិស្តយេស៊ូបានទទួលភារកិច្ចដ៏អស្ចារ្យក្រៃលែងពីព្រះ គឺលោកនឹងដឹកនាំពលទេវតាខ្លាំងក្លាច្រើនសន្ធឹកមកបំផ្លាញការគ្រប់គ្រងរបស់មនុស្ស ហើយបំបាត់អំពើទុច្ចរិតឲ្យសាបសូន្យពីផែនដីទៅ។ (សុភ. ២:២១, ២២; ២ថែ. ១:៦-៩; បប. ១៩:១១-២១; ២០:១-៣) រួចមក រាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌ដែលគ្រប់គ្រងដោយគ្រិស្ត នឹងទៅជារដ្ឋាភិបាលតែមួយគត់លើផែនដីទាំងមូល។—បប. ១១:១៥
ការទទួលស្គាល់តួនាទីរបស់គ្រិស្ត
៨ លោកយេស៊ូគ្រិស្តដែលជាគំរូសម្រាប់យើង គឺល្អឥតខ្ចោះ។ លោកបានទទួលភារកិច្ចឲ្យថែរក្សាយើង។ ដើម្បីទទួលប្រយោជន៍ពីការថែរក្សាដែលប្រកបដោយសេចក្ដីស្រឡាញ់ពីលោកយេស៊ូ យើងត្រូវរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា ហើយបន្តជឿនទៅមុខជាមួយនឹងអង្គការរបស់ព្រះ។
៩ អ្នកកាន់តាមលោកយេស៊ូនៅសតវត្សរ៍ទី១បានទទួលស្គាល់ទាំងស្រុងនូវតួនាទីរបស់គ្រិស្តក្នុងរបៀបរៀបចំរបស់ព្រះ។ ពួកគេធ្វើដូច្នេះ ដោយមានសាមគ្គីភាពក្នុងការបំពេញកិច្ចបម្រើក្រោមការដឹកនាំរបស់គ្រិស្ត និងដោយចុះចូលចំពោះការដឹកនាំរបស់លោកដែលមកតាមរយៈសកម្មពលបរិសុទ្ធ។ (សកម្ម. ១៥:១២-២១) សាវ័កប៉ូលបានសរសេរអំពីសាមគ្គីភាពរបស់ក្រុមជំនុំនៃគ្រិស្តសាសនិកដែលព្រះបានរើសតាំងថា៖ «ដោយនិយាយសេចក្ដីពិត ចូរឲ្យយើងធំលូតលាស់ឡើងដោយសេចក្ដីស្រឡាញ់ឲ្យពេញវ័យក្នុងគ្រប់ការទាំងអស់នៅក្រោមគ្រិស្តដែលជាប្រមុខ។ ដោយសារលោក អវយវៈទាំងអស់នៃរូបកាយក៏លូតលាស់ឡើង ហើយដោយសារអវយវៈនីមួយៗជាប់គ្នាយ៉ាងល្អ និងសហការគ្នាតាមរយៈសន្លាក់ឆ្អឹងផ្សេងៗដែលបំពេញតួនាទីសំខាន់ៗ តាមអ្វីដែលបានត្រូវកំណត់ឲ្យ នោះធ្វើឲ្យរូបកាយទាំងមូលធំលូតលាស់ ដើម្បីពង្រឹងខ្លួនឯងឡើងដោយសេចក្ដីស្រឡាញ់»។—អេភ. ៤:១៥, ១៦
១០ ពេលអ្នកផ្សាយម្នាក់ៗក្នុងក្រុមជំនុំសហការគ្នាបានល្អ ហើយទាំងអស់គ្នាធ្វើកិច្ចការដោយសាមគ្គីភាពក្រោមការដឹកនាំរបស់គ្រិស្ត នោះមានការរីកចម្រើនឡើង និងមានសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅដែលជា«ចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ»។—កូឡ. ៣:១៤; ១កូ. ១២:១៤-២៦
១១ ព្រឹត្តិការណ៍ពិភពលោកដែលកំពុងសម្រេចទំនាយក្នុងគម្ពីរបញ្ជាក់យ៉ាងច្បាស់ថា តាំងពីឆ្នាំ១៩១៤មកលោកយេស៊ូគ្រិស្តបានទទួលអំណាចជាស្ដេចក្នុងរាជាណាចក្ររបស់ព្រះ។ ឥឡូវលោកកំពុងគ្រប់គ្រងនៅកណ្ដាលពួកខ្មាំងសត្រូវ។ (ទំនុក. ២:១-១២; ១១០:១, ២) តើនេះមានន័យយ៉ាងណាចំពោះមនុស្សដែលកំពុងរស់នៅផែនដី? ក្នុងពេលឆាប់ៗនេះ លោកយេស៊ូនឹងបង្ហាញអំណាចក្នុងតួនាទីជាស្ដេចលើស្ដេចទាំងអស់និងម្ចាស់លើម្ចាស់ទាំងអស់ ពេលលោកសម្រេចតាមការវិនិច្ឆ័យរបស់ព្រះទៅលើសត្រូវរបស់លោក។ (បប. ១១:១៥; ១២:១០; ១៩:១៦) បន្ទាប់មក សេចក្ដីសន្យារបស់ព្រះយេហូវ៉ាស្ដីអំពីសេចក្ដីសង្គ្រោះនឹងបានសម្រេចចំពោះពួកអ្នកដែលគ្រិស្តពេញចិត្ត ដូចដែលព្រះបានមានប្រសាសន៍ក្រោយពីមនុស្សដំបូងបានបះបោរប្រឆាំង។ (ម៉ាថ. ២៥:៣៤) យើងពិតជាសប្បាយចិត្តណាស់ដែលយើងទទួលស្គាល់តួនាទីរបស់គ្រិស្តក្នុងរបៀបរៀបចំរបស់ព្រះ! សូមឲ្យយើងបំពេញកិច្ចបម្រើទូទាំងពិភពលោកដោយសាមគ្គីភាព ក្រោមការដឹកនាំរបស់គ្រិស្ត នៅគ្រាចុងក្រោយបង្អស់នេះ។