បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wt ជំ. ១៥ ទំ. ១៣៦-១៤៣
  • ចូរស្ដាប់ដំបូន្មាន និងទទួលសេចក្ដីប្រៀនប្រដៅ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរស្ដាប់ដំបូន្មាន និងទទួលសេចក្ដីប្រៀនប្រដៅ
  • ចូរថ្វាយបង្គំព្រះពិតតែមួយ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • គំរូ​សំរាប់​ដាស់​តឿន​យើង
  • យើង​គួរ​សុខ​ចិត្ត​ទទួល​យក​ដំបូន្មាន
  • ចូរ​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​ដែល​មាន​តម្លៃ​ពុំ​អាច​កាត់​ថ្លៃ​បាន
  • កុំ​បដិសេធ​ចោល​សេចក្ដី​ប្រៀនប្រដៅ​របស់​ព្រះ​យេហូវ៉ា
  • «[ចូរ]ស្ដាប់ពាក្យពេចន៍របស់អ្នកដែលមានប្រាជ្ញា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • តើយោបល់របស់អ្នក«ធ្វើឲ្យចិត្តសប្បាយ»ឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • តើអ្នកឯទៀតទទួលយកឱវាទរបស់អ្នកឬទេ?
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • តើអ្នកនឹងបន្តកែតម្រង់ខ្លួនឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
មើលបន្ថែមទៀត
ចូរថ្វាយបង្គំព្រះពិតតែមួយ
wt ជំ. ១៥ ទំ. ១៣៦-១៤៣

ជំពូក​ទី​ដប់​ប្រាំ

ចូរ​ស្ដាប់​ដំបូន្មាន និង​ទទួល​សេចក្ដី​ប្រៀនប្រដៅ

១​. (ក) ហេតុ​អ្វី​បាន​ជា​យើង​គ្រប់​គ្នា​ត្រូវ​ការ​ដំបូន្មាន​និង​សេចក្ដី​ប្រៀនប្រដៅ? (ខ) តើ​យើង​ត្រូវ​ពិចារណា​សំនួរ​អ្វី?

ព្រះគម្ពីរ​ចែង​នៅ​យ៉ាកុប ៣:២ ថា⁠៖ «យើង​ទាំង​អស់​គ្នា​ក៏​ជំពប់​ជា​ញយ⁠ៗ​ដែរ»។ យើង​អាច​គិត​អំពី​កាលៈទេសៈ​ជា​ច្រើន ពេល​ដែល​យើង​មិន​បាន​បំពេញ​តាម​ខ្នាតតម្រា​របស់​ព្រះ ឲ្យ​សម​ស្រប​តាម​អ្វី​ដែល​បន្ទូល​របស់​ទ្រង់​ដាស់​តឿន​យើង​ឲ្យ​ធ្វើ​នោះ។ ដូច្នេះ​ហើយ​យើង​ទទួល​ស្គាល់​ថា ព្រះគម្ពីរ​គឺ​ត្រឹម​ត្រូវ​ជានិច្ច ពេល​ចែង​ថា⁠៖ «ចូរ​ស្ដាប់​សេចក្ដី​ដំបូន្មាន ហើយ​ទទួល​សេចក្ដី​ប្រៀនប្រដៅ​ចុះ! ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ»។ (សុភាសិត ១៩:⁠២០) យើង​ប្រាកដ​ជា​បាន​កែ​ប្រែ​ជីវិត​របស់​យើង​ឲ្យ​បាន​សម​ស្រប​នឹង​ការ​បង្រៀន​ក្នុង​ព្រះគម្ពីរ​ក្នុង​មួយ​កំរិត​ហើយ។ ប៉ុន្តែ តើ​យើង​មាន​ប្រតិកម្ម​យ៉ាង​ណា ប្រសិន​បើ​គ្រីស្ទាន​គ្នីគ្នា​ម្នាក់​ឲ្យ​ដំបូន្មាន​ចំ⁠ៗដល់​យើង​ចំពោះ​រឿង​ណា​មួយ​នោះ?

២​. តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា ពេល​យើង​ទទួល​ដំបូន្មាន​នោះ?

២ អ្នក​ខ្លះ​មាន​ប្រតិកម្ម​ដោយ​ខំ​ដោះសា​និង​អាង​លេស​ផ្សេង⁠ៗ ឬ​ចាត់​ទុក​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ជា​រឿង​តូចតាច ឬ​មួយ​ក៏​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ដទៃ​ទៅ​វិញ។ ប៉ុន្តែ យក​ល្អ​យើងត្រូវ​ស្ដាប់​ដំបូន្មាន​ហើយ​អនុវត្ត​តាម​ដំបូន្មាន​នោះ​វិញ។ (ហេព្រើរ ១២:⁠១១) ប្រាកដហើយ គ្មាន​អ្នក​ណា​ម្នាក់​គួរ​តម្រូវ​ឲ្យ​អ្នក​ដទៃ​ធ្វើ​ល្អ​ឥតខ្ចោះ​ទេ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​ដំបូន្មាន​រាល់​ដង​អំពី​រឿង​តូចតាច ឬ​លើ​រឿង​អ្វី​ដែល​ព្រះគម្ពីរ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​នោះ​ដែរ។ ម្យ៉ាង​ទៀត ប្រហែល​ជា​បុគ្គល​ដែល​ឲ្យ​ដំបូន្មាន​គេ មិន​យល់​នូវ​ហេតុ​ការណ៍​ឲ្យ​បាន​សព្វ​គ្រប់​ឡើយ ហើយ​អ្នក​ដែល​កំពុង​តែ​ទទួល​ឱវាទ​នោះ​ក៏​អាច​លើក​រឿង​នេះ​ឡើង​មក​ជម្រាប​គាត់​ដោយ​គោរព​ផង​ដែរ។ ប៉ុន្តែ ក្នុង​ការ​ពន្យល់​ដែល​មាន​ជា​បន្ត​បន្ទាប់​នេះ សូម​ឲ្យ​យើង​សន្និដ្ឋាន​ថា ការ​ឲ្យ​ដំបូន្មាន​ឬ​សេចក្ដី​ប្រៀនប្រដៅ​គឺ​សម​ហេតុ​សម​ផល និង​មាន​មូលដ្ឋាន​លើ​ព្រះគម្ពីរ។ តើ​យើង​ត្រូវ​មាន​ប្រតិកម្ម​យ៉ាង​ណា?

គំរូ​សំរាប់​ដាស់​តឿន​យើង

៣, ៤​. (ក) តើ​ព្រះ​គម្ពីរ​មាន​អ្វី​ខ្លះ​ដែល​អាច​ជួយ​យើង​ឲ្យ​បណ្ដុះ​នូវ​ទស្សនៈ​ដ៏​ត្រឹមត្រូវ ចំពោះ​ដំបូន្មាន​និង​សេចក្ដី​ប្រៀនប្រដៅ​នោះ? (ខ) តើ​ស្តេច​សូល​បាន​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ដំបូន្មាន? ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

៣ ព្រះ​បន្ទូល​របស់​ព្រះ​មាន​បទ​ពិសោធន៍​ពិត​ប្រាកដ​របស់​បុគ្គល​ផ្សេង⁠ៗ ដែល​បាន​ទទួល​ដំបូន្មាន​ដ៏​ចាំបាច់។ នៅ​ពេល​ខ្លះ ដំបូន្មាន​នោះ​រួម​បញ្ចូល​សេចក្ដី​ប្រៀនប្រដៅ​ដែរ។ បុគ្គល​ម្នាក់​ដែល​ទទួល​ដំបូន្មាន​បែប​នេះ គឺ​ស្តេច​សូល​នៃ​សាសន៍​អ៊ីស្រាអែល។ ស្តេច​សូល​ធ្វេសប្រហែស​មិន​បាន​ស្ដាប់​តាម​បង្គាប់​ព្រះយេហូវ៉ា​ស្តី​អំពី​សាសន៍​អាម៉ាលេក។ ពួក​អាម៉ាលេក​បាន​ប្រឆាំង​នឹង​ពួក​អ្នក​បំរើ​របស់​ព្រះ ហើយ​ការ​ជំនុំជំរះ​របស់​ព្រះយេហូវ៉ា គឺ​មិន​ត្រូវ​ឲ្យ​ពួក​អាម៉ាលេក​និង​សត្វ​របស់​ពួក​គេ​រួច​រស់​ជីវិត​ឡើយ។ ប៉ុន្តែ ស្តេច​សូល​បាន​ទុក​ឲ្យ​ស្តេច​នៃ​សាសន៍​អាម៉ាលេក និង​សត្វ​ដ៏​ល្អ⁠ៗរបស់​ពួក​គេ​រួច​រស់​ជីវិត​ទៅ​វិញ។​—⁠សាំយូអែលទី១ ១៥:​១​-​១១

៤ ព្រះ​យេហូវ៉ា​បាន​បញ្ជូន​ព្យាការី​សាំយូអែល​ឲ្យ​ទៅ​ប្រដៅ​តម្រង់​ស្តេច​សូល។ តើ​សូល​បាន​មាន​ប្រតិកម្ម​យ៉ាង​ណា? ស្តេច​សូល​បាន​ដោះសា​ថា​ទ្រង់​បាន​ឈ្នះ​លើ​ពួក​អាម៉ាលេក តែ​គ្រាន់​តែ​សម្រេច​ចិត្ត​ឲ្យ​ស្តេច​សាសន៍​អាម៉ាលេក​រួច​រស់​ជីវិត​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ ការ​ធ្វើ​ដូច​នេះ​គឺ​ផ្ទុយ​នឹង​សេចក្ដី​បង្គាប់​របស់​ព្រះ​យេហូវ៉ា។ (សាំយូអែលទី១ ១៥:​⁠២០) ស្តេច​សូល​បាន​ខំ​ប្រឹង​ទម្លាក់​កំហុស​លើ​ប្រជាជន ចំពោះ​ការ​ទុក​ឲ្យ​សត្វ​រួច​រស់​ជីវិត ដោយ​មាន​បន្ទូល​ថា⁠៖ «[ខ្ញុំ]ខ្លាច​ដល់​ពួក​ជន ហើយ​បាន​ស្ដាប់​តាម​គេ​វិញ»។ (សាំយូអែលទី១ ១៥:⁠២៤) ស្តេច​សូល​ហាក់​ដូច​ជា​ខ្វល់ខ្វាយ​ចំពោះ​មោទនភាព​របស់​ខ្លួន​ជាង​អ្វីៗទៅ​ទៀត ដោយ​រហូត​ដល់​សុំ​ឲ្យ​ព្យាការី​សាំយូអែល​លើក​កិត្ដិយស​ចំពោះ​ទ្រង់​នៅ​ពី​មុខ​ប្រជាជន​ទៀត​ផង។ (សាំយូអែលទី១ ១៥:⁠៣០) នៅ​ទីបំផុត នោះ​ព្រះយេហូវ៉ា​បាន​លែង​ទទួល​ស្គាល់​ស្តេច​សូល​ជា​ស្តេច​រហូត​ទៅ។​—⁠សាំយូអែលទី១ ១៦:១

៥​. តើ​មាន​អ្វី​កើត​ឡើង​ដល់​ស្តេច​អូសៀស ពេល​ទ្រង់​បដិសេធ​ចោល​ដំបូន្មាន​នោះ?

៥ ស្តេច​អូសៀស​នៃ​សាសន៍​យូដា​បាន​«ប្រព្រឹត្ត​រំលង​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ ដ្បិត​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា ដុត​កំញាន»។ (របាក្សត្រទី២ ២៦:⁠១៦) ប៉ុន្តែ មាន​តែ​ពួក​សង្ឃ​ទេ​ដែល​មាន​សិទ្ធិ​អាច​ដុត​កំញាន​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​នោះ។ នៅ​ពេល​សម្ដេច​សង្ឃ​បាន​ខំ​ឃាត់​ស្តេច​អូសៀស⁠ៗក៏​ក្រេវក្រោធ។ តើ​មាន​អ្វី​បាន​កើត​ឡើង? ព្រះគម្ពីរ​ចែង​ថា⁠៖ «នោះ​រោគ​ឃ្លង់​ក៏​លេច​ឡើង​ត្រង់​ព្រះ​ន​លា​ដ​ទ្រង់ . . . ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​ដល់​ទ្រង់។ ស្តេច​អូសៀស​ទ្រង់​មាន​រោគ​ឃ្លង់ ដរាប​ដល់​ថ្ងៃ​សុគត»។​—⁠របាក្សត្រទី២ ២៦:​១៩​-​២១

៦​. (ក) ហេតុ​អ្វី​បាន​ជា​សូល​និង​អូសៀស​មិន​សុខ​ចិត្ត​ទទួល​យក​ដំបូន្មាន? (ខ) ហេតុ​អ្វី​ក៏​ការ​ប្រឆាំង​នឹង​ដំបូន្មាន​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​សព្វ​ថ្ងៃ​នេះ?

៦ ហេតុ​អ្វី​បាន​ជា​សូល​និង​អូសៀស ពិបាក​ទទួល​យក​ដំបូន្មាន? បញ្ហា​ដ៏​ចំបង​នោះ​គឺ​ជា​អំនួត ហើយ​បុគ្គល​ម្នាក់⁠ៗលើក​តម្លៃ​ខ្លួន​ឯង​ខ្ពស់​ពេក។ មនុស្ស​ជា​ច្រើន​នាំ​ឲ្យ​មាន​ទុក្ខ​សោក​ដល់​ខ្លួន​ដោយសារ​មាន​គុណ​វិបត្ដិ​នេះ។ ពួក​គេ​ហាក់​ដូច​ជា​គិត​ថា ការ​ស្ដាប់​តាម​ដំបូន្មាន​មាន​ន័យ​ថា ពួក​គេ​មាន​ចំណុច​ខ្សោយ​ណា​មួយ ឬ​ធ្វើ​ឲ្យ​ខូច​កិត្ដិយស​របស់​ពួក​គេ។ ប៉ុន្តែ អំនួត​ជា​ភាព​ទន់ខ្សោយ​ទៅ​វិញ។ អំនួត​ធ្វើ​ឲ្យ​ខូច​ដល់​សមត្ថភាព​រិះ​គិត និង​ធ្វើ​ឲ្យ​គាត់​ចេះ​តែ​ប្រឆាំង​នឹង​ជំនួយ ដែល​ព្រះយេហូវ៉ា​បាន​ផ្ដល់​មក​តាម​រយៈ​ព្រះ​បន្ទូល​និង​អង្គការ​របស់​ទ្រង់។ ដូច្នេះ​ហើយ ព្រះយេហូវ៉ា​ព្រមាន​ថា⁠៖ «អំនួត​រមែង​នាំ​អោយ​អន្តរាយ ចិត្ត​ព្រហើន​រមែង​នាំ​អោយ​វិនាស»។​—⁠សុភាសិត ១៦:​១៨, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ; រ៉ូម ១២:៣

យើង​គួរ​សុខ​ចិត្ត​ទទួល​យក​ដំបូន្មាន

៧​. តើ​មេ​រៀន​ដ៏​ល្អ​អ្វី​ដែល​យើង​អាច​រៀន​ពី​របៀប​ដែល​ម៉ូសេ​មាន​ប្រតិកម្ម​តប​ចំពោះ​ដំបូន្មាន?

៧ បទ​គម្ពីរ​ក៏​មាន​គំរូ​ដ៏​ល្អ⁠ៗអំពី​អ្នក​ដែល​ព្រម​ទទួល​យក​ដំបូន្មាន ហើយ​យើង​ក៏​អាច​រៀន​ពី​គំរូ​របស់​អ្នក​ទាំង​នេះ​ដែរ។ ចូរ​ពិនិត្យ​មើល​ពី​គំរូ​ម៉ូសេ ពេល​ដែល​ឪពុក​ក្មេក​របស់​គាត់បាន​ឲ្យ​ដំបូន្មាន​ដល់​គាត់ ស្តី​អំពី​របៀប​ចាត់​ចែង​ភារកិច្ច​ដ៏​ធ្ងន់ធ្ងរ​ជា​ច្រើនរបស់ម៉ូសេ នោះ​គាត់​បាន​ស្ដាប់​តាម​ឪពុក​ក្មេក​របស់​គាត់ ហើយ​បាន​យក​ដំបូន្មាន​នោះ​មក​អនុវត្ត​ភ្លាម។ (និក្ខមនំ ១៨:​១៣​-​២៤) ទោះ​ជា​ម៉ូសេ​មាន​អំណាច​គ្រប់គ្រង​យ៉ាង​ធំ​ក៏​ដោយ ហេតុ​អ្វី​បាន​ជា​ម៉ូសេ​ស្ដាប់​តាម​ដំបូន្មាន​របស់​អ្នក​ដទៃ? ពីព្រោះ​គាត់​ជា​មនុស្ស​រាប​ទាប។ «ម៉ូសេ​លោក​សុភាព​ណាស់​លើស​អស់​ទាំង​មនុស្ស​នៅ​លើ​ផែនដី»។ (ជនគណនា ១២:⁠៣) តើ​ចិត្ត​សុភាព​មាន​សារៈ​សំខាន់​យ៉ាង​ណា? សេផានា ២:៣​បង្ហាញ​ថា នោះ​គឺ​ជា​រឿង​ស្លាប់​រស់។

៨​. (ក) តើ​ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​បាប​អ្វី? (ខ) តើ​ដាវីឌ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​ប្រដៅ​តម្រង់​ពី​ណាថាន់? (គ) តើ​ដាវីឌ​រង​ទុក្ខ​វេទនា​យ៉ាង​ណា​ចំពោះ​លទ្ធផល​នៃ​អំពើ​បាប​របស់​ខ្លួន?

៨ ស្តេច​ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ជា​មួយ​នឹង​នាង​បាតសេបា ហើយ​ខំ​លាក់​បាំង​អំពើ​នេះ ដោយ​សម្លាប់​អ៊ូរី​ដែល​ជា​ស្វាមី​របស់​នាង។ ព្រះ​យេហូវ៉ា​បាន​បញ្ជូន​ព្យាការីណាថាន់​ឲ្យ​ទៅ​ប្រដៅ​តម្រង់​ដាវីឌ។ ដាវីឌ​បាន​ប្រែ​ចិត្ត​និង​បាន​សារភាព​ភ្លាម​ថា⁠៖ «យើង​បាន​ធ្វើ​បាប​នឹង​ព្រះ​យេហូវ៉ា​ហើយ»។ (សាំយូអែលទី២ ១២:⁠១៣) ទោះ​ជា​ព្រះ​បាន​យល់​ព្រម​នឹង​ការ​ប្រែ​ចិត្ត​របស់​ដាវីឌ​ក៏​ដោយ តែ​ដាវីឌ​បាន​រង​ទុក្ខ​វេទនា​ជា​លទ្ធផល​នៃ​អំពើ​បាប​របស់​ខ្លួន។ ព្រះយេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​ដាវីឌ​ថា ដាវ​នឹង​«មិន​ដែល​ឃ្លាត​ពី​គ្រួ[ដាវីឌ]ឡើយ» ហើយ​ថា​ជាយា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ​នឹង​ត្រូវ​ប្រគល់​«ដល់​អ្នក​ជំនិត​[ដាវីឌ]» ហើយ​ថា​បុត្រ​ដែល​ប្រសូត​ពី​ការ​ផិត​គ្នា​នេះ នឹង​«សុគត​ទៅ​ជា​ពិត​ប្រាកដ»។​—⁠សាំយូអែលទី២ ១២:​១០, ១១, ១៤

៩​. ប្រសិន​បើ​យើង​ត្រូវ​ទទួល​ដំបូន្មាន ឬ​សេចក្ដី​ប្រៀនប្រដៅ តើ​យើង​មិន​គួរ​ភ្លេច​អ្វី?

៩ ស្តេច​ដាវីឌ​បាន​ជ្រាប​នូវ​ផល​ប្រយោជន៍​នៃ​ការ​ស្ដាប់​តាម​ដំបូន្មាន​ដ៏​ល្អ។ នៅ​គ្រា​ខ្លះ ដាវីឌ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ព្រះ សំរាប់​បុគ្គល​ជា​ខ្សែ​រយៈ​ដែល​ទ្រង់​បាន​ប្រើ​ដើម្បី​ឲ្យ​ដំបូន្មាន។ (សាំយូអែលទី១ ២៥:​៣២​-​៣៥) តើ​យើង​មាន​គំនិត​ដូច​នេះ​ទេ? ប្រសិន​បើ​ដូច្នេះ​មែន យើង​នឹង​ត្រូវ​បាន​ការពារ​ពី​ការ​និយាយ​ឬ​ការ​ធ្វើ​អ្វី​ជា​ច្រើន ដែល​នាំ​ឲ្យ​យើង​ស្ដាយ​ក្រោយ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​បើ​យើង​នៅ​ក្នុង​កាលៈទេសៈ​ដែល​ត្រូវ​ទទួល​ដំបូន្មាន ឬ​ទទួល​សេចក្ដី​ប្រៀនប្រដៅ​នោះ? សូម​កុំ​ឲ្យ​យើង​ភ្លេច​ឲ្យ​សោះ​ថា​ការ​ទទួល​ដំបូន្មាន​នេះ ជា​ភស្តុតាង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង ដោយ​គិត​អំពី​ប្រយោជន៍​ដ៏​អនន្ត​របស់​យើង។​—⁠សុភាសិត ៣:​១១, ១២; ៤:⁠១៣

ចូរ​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​ដែល​មាន​តម្លៃ​ពុំ​អាច​កាត់​ថ្លៃ​បាន

១០​. តើ​អ្វី​ជា​គុណសម្បត្ដិ​ដែល​ព្រះ​យេស៊ូ​បង្ហាញ​ថា​គឺ​ចាំបាច់ ចំពោះ​អស់​អ្នក​ដែល​ចង់​ចូល​ព្រះ​រាជាណាចក្រ​នោះ?

១០ ដើម្បី​ឲ្យ​មាន​ទំនាក់ទំនង​ដ៏​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា និង​បងប្អូន​គ្រីស្ទាន​របស់​យើង នោះ​យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​ខ្លះ⁠ៗ។ ព្រះ​យេស៊ូ​បាន​កត់​សម្គាល់​នូវ​គុណសម្បត្ដិ​មួយ ពេល​ទ្រង់​យក​កូន​ក្មេង​ម្នាក់​ដាក់​នៅ​ចំណោម​ពួក​សិស្ស​របស់​ទ្រង់ ហើយ​មាន​បន្ទូល​ថា⁠៖ «បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ដូច​ជា​កូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ពុំ​បាន​ឡើយ ដូច្នេះ អ្នក​ណា​ដែល​បន្ទាប​ខ្លួន ឲ្យ​បាន​ដូច​កូន​តូច​នេះ អ្នក​នោះ​ឯង​ឈ្មោះ​ថា ធំ​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌​ហើយ»។ (ម៉ាថាយ ១៨:​៣, ៤) ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប ពីព្រោះ​ពួក​គេ​តែង​តែ​បាន​ទាស់ទែង​គ្នា​អំពី​នរណា​មាន​ឋានៈ​ធំ​ជាង​គេ។​—⁠លូកា ២២:​​២៤​-​២៧

១១​. (ក) តើ​យើង​ត្រូវ​មាន​ចិត្ត​រាប​ទាប​ចំពោះ​អ្នក​ណា? ហើយ​ហេតុ​អ្វី? (ខ) ប្រសិន​បើ​យើង​មាន​ចិត្ត​រាប​ទាប តើ​យើង​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ដំបូន្មាន​នោះ?

១១ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា⁠៖ «ត្រូវ​ឲ្យ​គ្រប់​គ្នា​មាន​ចិត្ត​សុភាព ដល់​គ្នា​ទៅ​វិញ​ទៅ​មក ពីព្រោះ​ព្រះ​ទ្រង់​តែង​តតាំង​នឹង​មនុស្ស​អួតអាង តែ​ផ្ដល់​ព្រះ​គុណ​ដល់​ពួក​រាបសា​វិញ»។ (ពេត្រុសទី១ ៥:⁠៥) យើង​ដឹង​ថា យើង​ត្រូវ​តែ​មាន​ចិត្ត​រាប​ទាប​ចំពោះ​ព្រះ តែ​ខគម្ពីរ​នេះ​បង្ហាញ​ថា យើង​ក៏​ត្រូវ​មាន​ចិត្ត​រាប​ទាប​ចំពោះ​អ្នក​ជឿ​គ្នីគ្នា​ផង​ដែរ។ ប្រសិន​បើ​យើង​មាន​ចិត្ត​រាប​ទាប​ចំពោះ​អ្នក​ជឿ​គ្នីគ្នា យើង​នឹង​មិន​តូច​ចិត្ត​ទេ ពេល​អ្នក​ដទៃ​ផ្ដល់​នូវ​យោបល់​ដ៏​ត្រឹម​ត្រូវ​ដល់​យើង តែ​យើង​នឹង​រៀន​ពី​អ្នក​ជឿ​គ្នីគ្នា​វិញ។​—⁠សុភាសិត ១២:១៥

១២​. (ក) តើ​គុណសម្បត្ដិ​ដ៏​សំខាន់​ណា​ដែល​ជាប់​ទាក់ទង​នឹង​ចិត្ត​រាប​ទាប? (ខ) ហេតុ​អ្វី​បាន​ជា​គួរ​យក​ចិត្ត​ទុក​ដាក់​នឹង​ឥទ្ធិពល ដែល​មក​ពី​ការ​ប្រព្រឹត្ត​របស់​យើង​មាន​ទៅ​លើ​អ្នក​ដទៃ​នោះ?

១២ ការ​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រយោជន៍​របស់​អ្នក​ដទៃ ក៏​ជាប់​ទាក់ទង​នឹង​ចិត្ត​រាប​ទាប​ផង​ដែរ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា⁠៖ «កុំ​ឲ្យ​អ្នក​ណា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​រក​ដល់​អ្នក​ដទៃ​វិញ . . . ដូច្នេះ ទោះ​បើ​ស៊ី ឬ​ផឹក ឬ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​ចូរ​ធ្វើ​ទាំង​អស់​សំរាប់​ចំរើន​សិរី​ល្អ​ដល់​ព្រះ​ចុះ! កុំ​ឲ្យ​ធ្វើ​ជា​ទី​បង្អាក់​ចិត្ត ដល់​ពួក​សាសន៍​យូដា ឬ​សាសន៍​ក្រេក ឬ​ពួក​ជំនុំ​នៃ​ព្រះ​ឡើយ»។ (កូរិនថូសទី១ ១០:​​២៤​-​៣៣) ប៉ុល​មិន​បាន​ពោល​ថា យើង​ត្រូវ​តែ​ទុក​អ្វី⁠ៗដែល​យើង​ចូល​ចិត្ត​ចោល​មួយ​ឡែក​នោះ​ទេ តែ​គាត់​បាន​ដាស់​តឿន​យើង​កុំ​ឲ្យ​ធ្វើ​អ្វី ដែល​អាច​ជំរុញ​អ្នក​ដទៃ​ឲ្យ​ប្រព្រឹត្ត​អ្វី ដែល​មនសិការ​គាត់​ប្រាប់​ថា​ខុស​នោះ។

១៣​. តើ​ឧទាហរណ៍​អ្វី​ដែល​អាច​បញ្ជាក់​ថា យើង​នឹង​ប្រព្រឹត្ត​តាម​ដំបូន្មាន​ក្នុង​ព្រះ​គម្ពីរ​ឬ​ក៏​យ៉ាង​ណា?

១៣ តើ​អ្នក​ចាត់​ទុក​ប្រយោជន៍​របស់​អ្នក​ដទៃ​សំខាន់​ជាង ជម្រើស​ផ្ទាល់​ខ្លួន​របស់​អ្នក​ឬ​ទេ? យើង​គ្រប់​គ្នា​គួរ​រៀន​ធ្វើ​ដូច្នេះ។ គឺ​មាន​វិធី​ជា​ច្រើន​ដែល​យើង​អាច​ធ្វើ​បាន។ ជា​ឧទាហរណ៍ ចូរ​គិត​អំពី​សំលៀកបំពាក់។ សំលៀកបំពាក់​គឺ​ជា​រឿង​ដែល​ជាប់​ទាក់ទង​នឹង​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន ហើយ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​គោលការណ៍​ណែនាំ​ក្នុង​បទ​គម្ពីរ​ស្តី​អំពី​ភាព​សមរម្យ​ក៏​តម្រូវ​ឲ្យ​មាន​បែប​បទ​ល្អ និង​ឲ្យ​បាន​ស្អាត​បាត​ផង​ដែរ។ ប៉ុន្តែ បើ​អ្នក​ដឹង​ថា ដោយសារ​សាវតារ​របស់​មនុស្ស​ក្នុង​សហគមន៍​របស់​អ្នក នោះ​របៀប​ដែល​អ្នក​ស្លៀក​ពាក់​បាន​បង្ការ​អ្នក​ដទៃ​ពី​ការ​ស្ដាប់​សារ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ តើ​អ្នក​នឹង​កែ​ប្រែ​ឬ​ទេ? ពិត​ប្រាកដ​ហើយ ការ​ជួយ​បុគ្គល​ម្នាក់​ឲ្យ​បាន​ជីវិត​អស់កល្ប​ជានិច្ច គឺ​សំខាន់​ជាង​ការ​ផ្គាប់​ចិត្ត​ខ្លួន​ឯង​ទៅ​ទៀត។

១៤​. ហេតុ​អ្វី​ក៏​សំខាន់​ដែល​យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប និង​ចេះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ?

១៤ ព្រះ​យេស៊ូ​បាន​ទុក​គំរូ​យ៉ាង​ល្អ​ជា​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប និង​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ រហូត​ដល់​លាង​ជើង​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់ទៀត​ផង។ (យ៉ូហាន ១៣:​១២​-​១៥) ព្រះ​បន្ទូល​របស់​ព្រះ​ចែង​អំពី​ព្រះ​យេស៊ូ​ថា⁠៖ «ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះ​គ្រីស្ទ​យេស៊ូវ​វិញ ដែល​ទោះ​បើ​ទ្រង់​មាន​រូប​អង្គជា​ព្រះ​ក៏​ដោយ គង់​តែ​មិន​បាន​រាប់​សេចក្ដី​ដែល​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្ដី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ គឺ​ទ្រង់​បាន​លះបង់​ព្រះ​អង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះ​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្ដាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ»។​—⁠ភីលីព ២:​៥​-​៨; រ៉ូម ១៥:​២, ៣

កុំ​បដិសេធ​ចោល​សេចក្ដី​ប្រៀនប្រដៅ​របស់​ព្រះ​យេហូវ៉ា

១៥​. (ក) តើ​យើង​ត្រូវ​តែ​កែ​ប្រែ​អ្វី ដើម្បី​ឲ្យ​មាន​លក្ខណៈ​សម្បត្ដិ ដែល​ព្រះ​សព្វ​ព្រះហឫទ័យ​នោះ? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ដំបូន្មាន​និង​សេចក្ដី​ប្រៀនប្រដៅ​ដល់​យើង តាម​រយៈ​អ្វី?

១៥ ពីព្រោះ​យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​មាន​បាប នោះ​តម្រូវ​ឲ្យ​យើង​កែ​ប្រែ​ចិត្ត​គំនិត​និង​ចរិយា​របស់​យើង បើ​យើង​ចង់​បង្ហាញ​នូវ​លក្ខណៈ​សម្បត្ដិ​នៃ​ព្រះ​របស់​យើង។ យើង​ត្រូវ​តែ​បណ្ដុះ​ឲ្យ​មាន​«លក្ខណៈ​សម្បត្ដិ​ថ្មី»។ (កូល៉ុស ៣:​៥​-​១៤, ព.ថ.) ដំបូន្មាន​និង​សេចក្ដី​ប្រៀនប្រដៅ ជួយ​យើង​ឲ្យ​សម្គាល់​នូវ​ចំណុច​ដែល​យើង​ត្រូវ​កែ​ប្រែ​ជា​ចាំបាច់ ហើយ​រួច​មក​រក​របៀប​ដែល​យើង​អាច​ធ្វើ​ការ​កែ​ប្រែ​ទាំង​នេះ។ ប្រភព​ដ៏​ចំបង​នៃ​សេចក្ដី​ណែនាំ​ដែល​យើង​ត្រូវ​ការ គឺ​ជា​ព្រះគម្ពីរ​តែ​ម្ដង។ (ធីម៉ូថេទី២ ៣:​១៦, ១៧) ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​ដែល​បាន​រៀប​ចំ​ដោយ​អង្គការ​របស់​ព្រះយេហូវ៉ា ជួយ​យើង​ឲ្យ​អនុវត្ត​តាម​ព្រះ​បន្ទូល​របស់​ទ្រង់។ ទោះ​ជា​យើង​ធ្លាប់​ឮ​ឱវាទ​នោះ​ម្ដង​ហើយ​ក៏​ដោយ តើ​យើង​នឹង​ទទួល​ស្គាល់​នូវ​ហេតុ​ដែល​យើង​ត្រូវ​ការ​ដំបូន្មាន​នោះ និង​ខំ​ធ្វើ​តាម​ដំបូន្មាន​នោះ​ឲ្យ​បាន​ប្រសើរ​ថែម​ទៀត​ឬ​ទេ?

១៦​. តើ​ព្រះ​យេហូវ៉ា​ប្រទាន​នូវ​ជំនួយ​អ្វី​សំរាប់​យើង​ម្នាក់⁠ៗ?

១៦ ព្រះ​យេហូវ៉ា​ជួយ​យើង​ដោះ​ស្រាយ​បញ្ហា​របស់​យើង ទាំង​យក​ព្រះទ័យ​ទុក​ដាក់​ដោយ​សេចក្ដី​ស្រឡាញ់។ មនុស្ស​រាប់​លាន​នាក់​បាន​ទទួល​ជំនួយ​នេះ តាម​រយៈ​ការ​សិក្សា​ព្រះគម្ពីរ​តាម​ផ្ទះ។ មាតាបិតា​ឲ្យ​ដំបូន្មាន​និង​សេចក្ដី​ប្រៀនប្រដៅ​ដល់​បុត្រធីតា​របស់​ខ្លួន ដើម្បី​ការពារ​បុត្រធីតា​ពី​ការ​ប្រព្រឹត្ត​ដែល​នាំ​ឲ្យ​មាន​ទុក្ខសោក។ (សុភាសិត ៦:​២០​-​២៣) នៅ​ក្នុង​ក្រុមជំនុំ នោះ​អ្នក​ខ្លះ​សុំ​ដំបូន្មាន​និង​យោបល់​ពី​អ្នក​បំរើ​ដែល​មាន​បទ​ពិសោធន៍ ដើម្បី​ឲ្យ​ខ្លួន​បាន​រីក​ចំរើន​ឡើង​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ។ នៅ​ពេលខ្លះ ពួក​អ្នក​ចាស់​ទុំ​សុំ​ដំបូន្មាន​ពី​អ្នក​ចាស់​ទុំ​ផ្សេង​ទៀត ឬ​ពី​អ្នក​ដទៃ​ដែល​មាន​បទពិសោធន៍​ក្នុង​កិច្ច​បំរើ​ផ្សាយ។ អស់​អ្នក​ដែល​មាន​គុណវុឌ្ឍិ​ខាង​វិញ្ញាណ ប្រើ​ព្រះ​គម្ពីរ​ដើម្បី​ផ្ដល់​ជំនួយ​ដល់​អ្នក​ដែល​ត្រូវ​ការ​ដំបូន្មាន និង​ពេល​ឲ្យ​ដំបូន្មាន​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​គំនិត​ស្លូតបូត។ ប្រសិន​បើ​អ្នក​ឲ្យ​ដំបូន្មាន​គេ ចូរ​ចាំ​ថា​ត្រូវ​«ប្រយ័ត​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្ដី​ល្បួង​ដែរ»។ (កាឡាទី ៦:​១, ២) ត្រូវ​ហើយ យើង​គ្រប់គ្នា​ត្រូវ​ការ​ដំបូន្មាន​និង​សេចក្ដី​ប្រៀនប្រដៅ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​ពិត​តែ​មួយ​ដោយ​សាមគ្គី​ភាព។

ការ​ពិគ្រោះ​សា​ឡើង​វិញ

• តើ​តាម​របៀប​ណា​ដែល​ព្រះយេហូវ៉ា​ជួយ​យើង​ទាំង​មាន​ព្រះទ័យ​ស្រឡាញ់ ដើម្បី​ឲ្យ​យើង​ឃើញ​នូវ​ចំណុច​ណា​ដែល​យើង​ត្រូវ​កែ​ប្រែ​នោះ?

• ហេតុ​អ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​ពិបាក​ទទួល​ដំបូន្មាន​ដែល​ពួក​គេ​ត្រូវ​ការ​ជាចាំបាច់​នោះ? តើ​នេះ​ជា​កំហុស​ធ្ងន់ធ្ងរ​យ៉ាង​ណា?

• តើ​គុណសម្បត្ដិ​អ្វី​ដ៏​វិសេស​រក​កាត់​ថ្លៃ​ពុំ​បាន ដែល​ជួយ​ឲ្យ​យើង​សុខ​ចិត្ត​ទទួល​ដំបូន្មាន​នោះ? ហើយ​តើ​ព្រះ​យេស៊ូ​ទុក​គំរូ​យ៉ាង​ណា​ចំពោះ​រឿង​នេះ?

[រូបភាព​នៅ​ទំព័រ​១៤២]

អូសៀស​បាន​បដិសេធ​ចោល​ដំបូន្មាន ហើយ​ក៏​កើត​មាន​ជំងឺ​ឃ្លង់

[រូបភាព​នៅ​ទំព័រ​១៤២]

ម៉ូសេ​បាន​ទទួល​ប្រយោជន៍​ដោយ​ទទួល​ដំបូន្មាន​ពី​លោក​យេត្រូ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក