បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wt ជំ. ២០ ទំ. ១៧៥-១៨៣
  • ចូរទន្ទឹងចាំថ្ងៃនៃព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរទន្ទឹងចាំថ្ងៃនៃព្រះយេហូវ៉ា
  • ចូរថ្វាយបង្គំព្រះពិតតែមួយ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​ប្រុង​ប្រយ័ត្ន​ពី​ទី​សម្គាល់
  • ការ​ញែក​មនុស្ស​ចេញ​ពី​គ្នា
  • តើ​អ្វី​នឹង​កើត​ឡើង​នៅ​អនាគត?
  • តើយើងកំពុងតែរស់នៅ«ជាន់ក្រោយបង្អស់»ឬ?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • គោលបំណងនៃព្រះនឹងបានសម្រេចឡើងក្នុងពេលឆាប់ៗនេះ
    តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
  • ពួកសាវ័កសួរអំពីសញ្ញាសម្គាល់
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • «ចូរយកចិត្ដទុកដាក់យ៉ាងខ្លាំង»ចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
ចូរថ្វាយបង្គំព្រះពិតតែមួយ
wt ជំ. ២០ ទំ. ១៧៥-១៨៣

ជំពូក​ទី​ម្ភៃ

ចូរ​ទន្ទឹង​ចាំ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា

១​. ពេល​ដែល​អ្នក​បាន​រៀន​មុន​ដំបូង​អំពី​ការ​រំដោះ​ចេញ​ពី​សេចក្ដី​វេទនា​នៃ​របប​លោកីយ៍​នេះ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា?

អ្វី​មួយ​ដែល​អ្នក​បាន​រៀន​មុន​គេ​បង្អស់​ពី​ព្រះគម្ពីរ គឺ​ជា​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សំរាប់​ផែនដី​នេះ ដែល​ទ្រង់​នឹង​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​ក្លាយ​ទៅ​ជា​សួន​មនោរម្យ។ នៅ​ក្នុង​ពិភពលោក​ថ្មី​នោះ នឹង​លែង​មាន​សង្គ្រាម បទ​ឧក្រិដ្ឋ ភាព​ក្រីក្រ ជំងឺ ការ​រង​ទុក្ខ​វេទនា​និង​សេចក្ដី​ស្លាប់​ទៀត​ហើយ។ សូម្បី​តែ​មនុស្ស​ស្លាប់​ក៏​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ។ នេះ​ជា​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​មែន! អ្វី​ដែល​បញ្ជាក់​ថា​សេចក្ដី​សន្យា​ទាំង​នេះ​ជិត​សម្រេច គឺ​ភស្តុតាង​ដែល​បង្ហាញ​ថា វត្តមាន​របស់​ព្រះ​គ្រីស្ទ​ដែល​ជា​ស្តេច​គ្រប់គ្រង​បាន​ចាប់​ផ្ដើម​នៅ​ក្នុង​ឆ្នាំ​១៩១៤ ហើយ​តាំង​ពី​ពេល​នោះ​មក យើង​បាន​រស់​នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នៃ​របប​លោកីយ៍​ដ៏​អាក្រក់​នេះ។ នៅ​ទីបញ្ចប់​នៃ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ នោះ​ព្រះ​យេហូវ៉ា​នឹង​កំទេច​ចោល​របប​លោកីយ៍នេះ និង​នាំ​ពួក​យើង​ចូល​ទៅ​ក្នុង​ពិភពលោក​ថ្មី​ដែល​បាន​ត្រូវ​សន្យា​នោះ!

២​. តើ​«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»​គឺ​ជា​អ្វី?

២ ព្រះ​គម្ពីរ​ហៅ​គ្រា​នៃ​សេចក្ដី​ហិនវិនាស​ដែល​នឹង​ត្រូវ​មក​នោះ គឺជា​‹ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា›។ (ពេត្រុសទី២ ៣:⁠១០) នេះ​គឺ​ជា​«ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា»​ប្រឆាំង​នឹង​លោកីយ៍​ទាំង​មូល​របស់​សាតាំង។ (សេផានា ២:⁠៣) ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នឹង​មក​ដល់​«ក្នុង​ចំបាំង នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត . . . ដែល​ភាសា​ហេព្រើរ​ហៅ​ថា អើម៉ាគេដូន» ដែល​«អស់​ទាំង​ស្តេច​នៅ​ផែនដី​ទាំង​មូល»​នឹង​ត្រូវ​កំទេច​ចោល។ (វិវរណៈ ១៦:​១៤, ១៦) តើ​ការ​រស់​នៅ​របស់អ្នក​បង្ហាញ​នូវ​ជំនឿ​ស៊ប់​ថា​«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា»​គឺ​ជិត​មក​ដល់​ហើយ​ឬ?​—⁠សេផានា ១:​១៤-១៨; យេរេមា ២៥:⁠៣៣

៣​. (ក) តើ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នឹង​មក​ដល់​ពេល​ណា? (ខ) តើ​ហេតុ​ដែល​ព្រះ​យេហូវ៉ា​មិន​បាន​ប្រាប់​«ថ្ងៃ នឹង​ពេល​កំណត់» ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​ណា?

៣ ព្រះ​គម្ពីរ​ឥត​ចែង​ប្រាប់​យើង​នូវ​ថ្ងៃ​ចំ⁠ៗ អំពី​ពេល​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​នឹង​យាង​មក​ជា​ពេជ្ឈឃាត​របស់​ព្រះ​យេហូវ៉ា ប្រឆាំង​នឹង​របប​លោកីយ៍​របស់​សាតាំង​ទេ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា⁠៖ «ឯ​ត្រង់​ថ្ងៃ នឹង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​បាន​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​ស្ថានសួគ៌ ឬ​ព្រះ​រាជបុត្រា​ក៏​មិន​ជ្រាប​ដែរ ជ្រាប​តែ​ព្រះ​វរបិតា​ប៉ុណ្ណោះ»។ (ម៉ាកុស ១៣:⁠៣២) បើ​មនុស្ស​ណា​ម្នាក់​ដែល​ពិត​ជា​មិន​ស្រឡាញ់​ព្រះ​យេហូវ៉ា នោះ​ពួក​គេ​នឹង​រហ័ស​ឈប់​គិត​អំពី​ថ្ងៃ​របស់​ទ្រង់ ហើយ​បែរ​ជា​ខំ​ស្វះស្វែង​រក​អ្វីៗ​ខាង​លោកីយ៍​ទៅ​វិញ។ ប៉ុន្តែ អស់​អ្នក​ដែល​ពិត​ជា​ស្រឡាញ់​ព្រះយេហូវ៉ា​នឹង​បំរើ​ទ្រង់​អស់​ពី​ចិត្ត ទោះ​ជា​ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ​មក​ដល់​ពេល​ណា​ក៏​ដោយ។​—⁠ទំនុកដំកើង ៣៧:៤; យ៉ូហានទី១ ៥:៣

៤​. តើ​ព្រះ​យេស៊ូ​ព្រមាន​អំពី​អ្វី?

៤ ដើម្បី​ជា​ការ​ព្រមាន​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា⁠៖ «ចូរ​ប្រុង​ប្រយ័ត ឲ្យ​ចាំ​យាម ហើយ​អធិស្ឋាន​ផង ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ពេល​កំណត់​នោះ​ទេ»។ (ម៉ាកុស ១៣:​៣៣​-​៣៧) ទ្រង់​ដាស់​តឿន​យើង​កុំ​អនុញ្ញាត​ឲ្យ​ការ​ស៊ី​ផឹក ឬ​ក៏​«សេចក្ដី​ខ្វល់ខ្វាយ​នៅ​ជីវិត»​ជ្រាប​ចូល​ក្នុង​ចិត្ត​គំនិត​របស់​យើង​ដល់​ម្ល៉េះ ដែល​យើង​ភ្លេច​នូវ​គ្រា​ដ៏​សំខាន់​នេះ។​—⁠លូកា ២១:​៣៤​-​៣៦; ម៉ាថាយ ២៤:​៣៧​-​៤២

៥​. ដូច​ជា​ពេត្រុស​បាន​ពន្យល់ តើ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នឹង​នាំ​ឲ្យ​មាន​អ្វី​ខ្លះ?

៥ ស្រដៀង​គ្នា​ដែរ ពេត្រុស​ក៏​ទូន្មាន​យើង​ឲ្យ​ទន្ទឹង​ចាំ​«ថ្ងៃ​នៃ​ព្រះ . . . ដែល​នៅ​ថ្ងៃ​នោះ​ផ្ទៃ​មេឃ​នឹង​ឆេះ​រលាយ​អស់ ហើយ​ធាតុ​សព្វសារពើ​នឹង​រលាយ​ទៅ ដោយ​កំដៅ​ដ៏​ក្រៃលែង​ដូច្នេះ»។ រដ្ឋាភិបាល​របស់​មនុស្ស​ទាំង​អស់ ដែល​តំណាង​ជា​«ផ្ទៃ​មេឃ» នឹង​ត្រូវ​កំទេច​ចោល ហើយ​សង្គម​មនុស្ស​ដ៏​អាក្រក់​ទូទៅ ដែល​តំណាង​ដោយ​«ផែនដី» និង​«ធាតុ​សព្វសារពើ»​ក៏​នឹង​ត្រូវ​កំទេច​ចោល​ដែរ។ «ធាតុ​សព្វសារពើ»​នោះ​គឺ​ជា​គំនិត​និង​សកម្មភាព​ក្នុង​លោកីយ៍​ដ៏​អាក្រក់​នេះ ដូច​ជា​គំនិត​នៃ​ការ​មិន​ពឹងពាក់​លើ​ព្រះ និង​របៀប​រស់​នៅ​ដែល​ប្រកប​ដោយ​អំពើ​អសីលធម៌ ថែម​ទាំង​យក​វត្ថុ​ទ្រព្យ​ជា​ធំ។ «ផ្ទៃ​មេឃ​ថ្មី[ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថានសួគ៌] នឹង​ផែនដី​ថ្មី[សង្គម​ថ្មី​នៅ​ផែនដី] ដែល​មាន​សុទ្ធតែ​សេចក្ដី​សុចរិត»​នឹង​ត្រូវ​ចូល​មក​ជំនួស​វិញ។ (ពេត្រុសទី២ ៣:​១០​-​១៣) ព្រឹត្ដិការណ៍​ដែល​នឹង​មាន​ទូទាំង​ពិភពលោក នឹង​ចាប់​ផ្ដើម​ភ្លាម​មួយ​រំពេច នៅ​ថ្ងៃ​និង​ម៉ោង​ដែល​មិន​បាន​គិត​ទុក​ជា​មុន​ឡើយ។​—⁠ម៉ាថាយ ២៤:⁠៤៤

ចូរ​ប្រុង​ប្រយ័ត្ន​ពី​ទី​សម្គាល់

៦​. (ក) តើ​ដល់​កំរិត​ណា​ដែល​ចម្លើយ​របស់​ព្រះ​យេស៊ូ​ចំពោះ​សំនួរ​របស់​ពួក​សិស្ស​បាន​សម្រេច​ចំពោះ​របប​លោកីយ៍​សាសន៍​យូដា? (ខ) តើ​ផ្នែក​ណា​នៃ​ចម្លើយ​របស់​ព្រះ​យេស៊ូ ដែល​សំដៅ​ទៅ​ព្រឹត្ដិការណ៍​ផ្សេង⁠ៗនិង​ចិត្ត​គំនិត​របស់​មនុស្ស​ចាប់​ពី​ឆ្នាំ​១៩១៤​មក?

៦ ដោយ​ដឹង​ថា​យើង​កំពុង​តែ​រស់​ក្នុង​គ្រា​ណា​នោះ យើង​គួរ​ដឹង​នូវ​ពត៌មាន​ល្អិតល្អន់​អំពី​ទី​សម្គាល់​រួម ដែល​ប្រាប់​អំពី​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នៃ​«គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍»។ ចូរ​ចាំ​ថា ពេល​ដែល​ព្រះ​យេស៊ូ​បាន​ឆ្លើយ​នូវ​សំនួរ​របស់​ពួក​សិស្ស ដែល​បាន​កត់​ទុក​ក្នុង​ម៉ាថាយ ២៤:៣ ពត៌មាន​ដែល​ទ្រង់​រៀប​រាប់​ពី​ខ​៤​ទៅ​ខ​២២ បាន​សម្រេច​តែ​មួយ​កំរិត​តូច​ប៉ុណ្ណោះ​ចំពោះ​របប​សាសន៍​យូដា ចន្លោះ​ឆ្នាំ​៣៣​ទៅ​ឆ្នាំ៧០ ស.យ.។ ប៉ុន្តែ ទំនាយ​នេះ​បាន​សម្រេច​ក្នុង​កំរិត​មួយ​ធំ​ជាង តាំង​ពី​ឆ្នាំ​១៩១៤​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ជា​គ្រា​នៃ​‹វត្តមាន​របស់​ព្រះ​គ្រីស្ទ​និង​គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍›។ ម៉ាថាយ ២៤:​២៣​-​២៨ ប្រាប់​យើង​នូវ​អ្វី​ដែល​កើត​ឡើង​ពី​ឆ្នាំ​៧០ ស.យ.​ទៅ​ដល់​គ្រា​នៃ​វត្តមាន​របស់​ព្រះ​គ្រីស្ទ។ ព្រឹត្ដិការណ៍​ដែល​បាន​រៀប​រាប់​នៅ​ម៉ាថាយ ២៤:​២៩–២៥:⁠៤៦ នឹង​កើត​ឡើង​ក្នុង​កំឡុង​នៃ​គ្រា​ចុង​បញ្ចប់។

៧​. (ក) ហេតុ​អ្វី​ក៏​យើង​ផ្ទាល់​គួរ​ប្រុង​ប្រយ័ត្ន​នឹង​ព្រឹត្ដិការណ៍​ដែល​កំពុង​តែ​សម្រេច​ក្នុង​ទី​សម្គាល់​នោះ? (ខ) សូម​ឆ្លើយ​នូវ​សំនួរ​ក្នុង​វគ្គ​នេះ ដោយ​បង្ហាញ​នូវ​របៀប​ដែល​ទី​សម្គាល់​ត្រូវ​បាន​សម្រេច​តាំង​ពី​ឆ្នាំ១៩១៤។

៧ យើង​ត្រូវ​មើល​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​ព្រឹត្ដិការណ៍​ដែល​បាន​សម្រេច​រួច​ហើយ ដែល​មាន​ក្នុង​ទី​សម្គាល់​នោះ។ ការ​យក​ព្រឹត្ត​ការណ៍​នេះ​មក​ប្រៀបធៀប​នឹង​ទំនាយ​ព្រះ​គម្ពីរ នឹង​ជួយ​យើង​ឲ្យ​ទន្ទឹង​ចាំ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា។ នេះ​ក៏​នឹង​ជួយ​យើង​ឲ្យ​ចេះ​ពន្យល់​អ្នក​ដទៃ​យ៉ាង​ប៉ិនប្រសប់ ពេល​ដែល​យើង​ព្រមាន​អ្នក​ដទៃ​អំពី​កំរិត​នៃ​ការ​មក​កាន់​តែ​ជិត​នៃ​ថ្ងៃ​នោះ។ (អេសាយ ៦១:​១, ២) ដោយ​មាន​គោល​បំណង​បែប​នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​សំនួរ​ជា​បន្តបន្ទាប់ ដែល​បញ្ជាក់​ផ្នែក​នៃ​ទី​សម្គាល់​នេះ ដូច​បាន​កត់​ទុក​នៅ​ម៉ាថាយ ២៤:៧ និង​លូកា ២១:​១០, ១១។

តើ​តាម​របៀប​ដ៏​អស្ចារ្យ​ណា ដែល​ទំនាយ​អំពី​‹សាសន៍​មួយ​ទាស់​នឹង​សាសន៍​មួយ ព្រះ​រាជាណាចក្រ​មួយ​ទាស់​នឹង​ព្រះ​រាជាណាចក្រ​មួយ› ត្រូវ​បាន​សម្រេច​តាំង​តែ​ពី​ឆ្នាំ​១៩១៤​មក​ម្ល៉េះ? ស្តី​អំពី​សង្គ្រាម តើ​មាន​អ្វី​កើត​ឡើង​តាំង​ពី​ពេល​នោះ​មក?

នៅ​ឆ្នាំ​១៩១៨ តើ​រោគ​រាតត្បាត​អ្វី​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​សង្គ្រាម​លោក​លើក​ទី១? ទោះ​ជា​មនុស្ស​មាន​ចំណេះ​ខ្ពង់​ខ្ពស់​ខាង​វេជ្ជសាស្ត្រ​ក៏​ដោយ តើ​មាន​ជំងឺ​អ្វី​ខ្លះ​ដែល​នៅ​តែ​សម្លាប់​មនុស្ស​រាប់​លាន​នាក់?

តើ​ការ​ខ្វះ​ខាត​ម្ហូបអាហារ​មាន​អានុភាព​យ៉ាង​ណា​លើ​មនុស្ស ទោះ​ជា​មាន​ការ​ជឿនលឿន​ខាង​វិទ្យាសាស្ត្រ​នៅ​សតវត្ស​មុន​ក៏​ដោយ?

តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ជឿ​ស៊ប់​ថា ធីម៉ូថេទី២ ៣:​១​-​៥, ១៣ គឺ​មិន​មែន​រៀបរាប់​នូវ​ស្ថានភាព​នៃ​ជីវិត​ដែល​ធ្លាប់​មាន​តាំង​ពីដើម​មក​នោះ​ទេ តែ​រៀប​រាប់​អំពី​ស្ថានភាព​កាន់​តែ​អាក្រក់​ទៅៗ​ដែល​កំពុង​តែ​មាន ពេល​យើង​រំកិល​កាន់​តែ​កៀក​ដល់​ទីបញ្ចប់​នៃ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់?

ការ​ញែក​មនុស្ស​ចេញ​ពី​គ្នា

៨​. (ក) តើ​មាន​អ្វី​ទៀត​ដែល​រៀប​រាប់​នៅ​ម៉ាថាយ ១៣:​២៤​-​៣០, ៣៦-៤៣ ដែល​ព្រះ​យេស៊ូ​ភ្ជាប់​នឹង​គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍? (ខ) តើ​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​មាន​ន័យ​យ៉ាង​ណា?

៨ គឺ​មាន​ព្រឹត្ដិការណ៍​ដ៏​សំខាន់​ឯ​ទៀត ដែល​ព្រះ​យេស៊ូ​ភ្ជាប់​ជា​មួយ​នឹង​គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍។ ព្រឹត្ដិការណ៍​មួយ​គឺ​ការ​ញែក​«អស់​ទាំង​មនុស្ស​របស់​នគរ​ស្ថានសួគ៌»​ចេញ​ពី​«អស់​ទាំង​មនុស្ស​របស់​អា​កំណាច»។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​នេះ​ក្នុង​រឿង​ប្រៀបប្រដូច​អំពី​ស្រែ​ស្រូវសាលី​ដែល​សត្រូវ​ម្នាក់​យក​ស្រងែ​សាប​ព្រោះ​លាយឡំ​ចូល​ទៅ​ក្នុង​ស្រែ​នោះ។ «ស្រូវសាលី»​ក្នុង​រឿង​ប្រៀបប្រដូច​នេះ តំណាង​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដ៏​ពិត។ «ស្រងែ»​គឺ​អស់​អ្នក​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រីស្ទាន តែ​បង្ហាញ​លក្ខណៈ​ជា​«មនុស្ស​របស់​អា​កំណាច» ពីព្រោះ​ពួក​គេ​តែង​ធ្វើ​តាម​លោកីយ៍ ដែល​មាន​អារក្ស​ជា​មេ​គ្រប់គ្រង​នោះ។ ពួក​ទាំង​នេះ​ត្រូវ​ញែក​ចេញ​ពី​«អស់​ទាំង​មនុស្ស​របស់​នគរ​ស្ថានសួគ៌» ហើយ​ត្រូវ​គូស​ចំណាំ​ទុក​សំរាប់​ទទួល​សេចក្ដី​ហិនវិនាស។ (ម៉ាថាយ ១៣:​២៤-៣០, ៣៦-៤៣) តើ​ការ​ញែក​ចេញ​ពី​គ្នា​នេះ​បាន​កើត​ឡើង​រួច​ហើយ​ឬ​នៅ?

៩​. (ក) ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី១ តើ​កិច្ចការ​ញែក​ចេញ​ពី​គ្នា​ដ៏​ធំ​អ្វី​ចំពោះ​អស់​អ្នក​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រីស្ទាន​នោះ? (ខ) តើ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ផ្ដល់​ភស្តុតាង​យ៉ាង​ណា​ថា ពួក​គេ​ជា​អ្នក​បំរើ​ដ៏​ពិត​នៃ​ព្រះ​រាជាណាចក្រ?

៩ ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី១ គឺ​មាន​កិច្ចការ​ញែក​ចេញ​ពី​គ្នា​ជា​ពីរ​ក្រុម​នៃ​អស់​អ្នក​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រីស្ទាន⁠៖ (១) គណៈ​បព្វជិត​នៃ​ពិភព​គ្រីស្ទ​សាសនា​និង​ពួក​អ្នក​កាន់​តាម​គេ បាន​ចេញ​មុខ​គាំទ្រ​អង្គការ​សម្ព័ន្ធ​ប្រជាជាតិ (ឥឡូវ​នេះ​ជា​អង្គការ​សហប្រជាជាតិ) ថែម​ទាំង​រក្សា​ភក្ដីភាព​យ៉ាង​ស្មោះ​ចំពោះ​ជាតិ​របស់​គេរៀង⁠ៗ​ខ្លួន និង (២) គ្រីស្ទាន​ពិត​ក្នុង​សម័យ​ដដែល​នោះ ដែល​គាំទ្រ​ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី​មិន​បាន​គាំទ្រ​គ្រប់​ទាំង​សាសន៍​ក្នុង​លោកីយ៍​នេះ​ទេ។ (យ៉ូហាន ១៧:⁠១៦) ពួក​អ្នក​ទាំង​នេះ​បង្ហាញ​ថា ពួក​គេ​ជា​អ្នក​បំរើ​ពិត​របស់​ព្រះរាជាណាចក្រ​នៃ​ព្រះ ដោយ​ផ្សព្វផ្សាយ​«ដំណឹង​ល្អ​នេះ​ដែល​សំដែង​ពី​នគរ»​នៅ​ទូទាំង​ផែនដី។ (ម៉ាថាយ ២៤:⁠១៤) តើ​មាន​លទ្ធផល​អ្វី​ខ្លះ?

១០​. តើ​អ្វី​ជា​លទ្ធផល​ដំបូង​នៃ​កិច្ចការ​ផ្សព្វផ្សាយ​ព្រះ​រាជាណាចក្រ?

១០ មុន​ដំបូង មាន​ការ​ប្រមូល​ពួក​សំណល់​នៃ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ ដែល​មាន​សេចក្ដី​សង្ឃឹម​រួម​ជា​មួយ​ព្រះ​គ្រីស្ទ ជា​ផ្នែក​នៃ​ព្រះរាជាណាចក្រ​នៅ​ស្ថានសួគ៌។ ទោះ​ជា​ពួក​គេ​មក​ពី​សាសន៍​ផ្សេង⁠ៗ​ក៏​ដោយ តែ​ពួក​គេ​មាន​សាមគ្គីភាព​ជា​អង្គការ​តែ​មួយ។ ការ​បោះត្រា​ចុង​បញ្ចប់​នៃ​ពួក​អ្នក​ចាក់​ប្រេង​តាំង​គឺ​ជិត​ដល់​ហើយ។​—⁠វិវរណៈ ៧:​៣, ៤

១១​. (ក) តើ​កិច្ចការ​ប្រមូល​អ្វី​ដែល​កំពុង​តែ​មាន​ជា​បន្ត? ហើយ​តើ​នេះ​ស្រប​នឹង​បទ​ទំនាយ​អ្វី? (ខ) តើ​ការ​សម្រេច​នូវ​បទ​ទំនាយ​នេះ​បង្ហាញ​អំពី​អ្វី?

១១ រួច​មក ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​គ្រីស្ទ ក៏​មាន​ការ​ចាប់​ផ្ដើម​ប្រមូល​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ . . . ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា»។ ពួក​អ្នក​ទាំង​នេះ​ជា​«ចៀម​ឯ​ទៀត» ដែល​នឹង​រួច​រស់​ជីវិត​ពី​«សេចក្ដី​វេទនា​ជា​ខ្លាំង»​ចូល​ទៅ​ក្នុង​ពិភពលោក​ថ្មី​របស់​ព្រះ។ (វិវរណៈ ៧:​៩, ១៤; យ៉ូហាន ១០:⁠១៦) កិច្ចការ​ផ្សព្វផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មុន​នឹង​ទីបញ្ចប់​មក​ដល់ បាន​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ដោយ​ស្មោះ​ត្រង់ នោះ​ចៀម​ឯ​ទៀត​ដែល​ជា​មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ ឥឡូវ​មាន​ចំនួន​រាប់​លាន​នាក់​កំពុង​ជួយ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​នៅ​សល់ ក្នុង​ការ​ប្រកាស​សារ​ដ៏​សំខាន់​នៃ​ព្រះរាជាណាចក្រ។ សារ​នេះ​កំពុង​តែ​ផ្សព្វផ្សាយ​ដល់​មនុស្ស​គ្រប់​សាសន៍។

តើ​អ្វី​នឹង​កើត​ឡើង​នៅ​អនាគត?

១២​. តើ​ត្រូវ​មាន​កិច្ចការ​ផ្សព្វផ្សាយ​ដល់​ណា​ទៀត មុន​នឹង​ថ្ងៃ​របស់​ព្រះយេហូវ៉ា​មក​ដល់?

១២ ភស្តុតាង​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ បង្ហាញ​ថា​យើង​នៅ​ជិត​ទីបញ្ចប់​នៃ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ ហើយ​ថា​ថ្ងៃ​នៃ​ព្រះយេហូវ៉ា​គឺ​កាន់​តែ​កៀក​ណាស់​ហើយ។ ប៉ុន្តែ តើ​មាន​ទំនាយ​ឯ​ទៀត​ដែល​នឹង​ត្រូវ​សម្រេច មុន​នឹង​ថ្ងៃ​ដ៏​ស្ញប់ស្ញែង​នេះ​ចាប់​ផ្ដើម​ឬ​ទេ? គឺ​មាន​មែន!។ ដ្បិត​កិច្ចការ​ញែក​ចេញ​ពី​គ្នា​លើ​រឿង​ព្រះ​រាជាណាចក្រ គឺមិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ នៅ​កន្លែង​ខ្លះ​ដែល​ធ្លាប់​មាន​ការ​ប្រឆាំង​យូរ​មក​ហើយ ឥឡូវ​នេះ​គឺ​មាន​ពួក​សិស្ស​ថ្មី⁠ៗ​ជា​ច្រើន។ តាម​រយៈ​សេចក្ដី​មេត្ដាករុណា​របស់​ព្រះ​យេហូវ៉ា សូម្បី​តែ​នៅ​កន្លែង​ដែល​មនុស្ស​បដិសេធ​ដំណឹង​ល្អ​ក៏​ដោយ ក៏​យើង​នៅ​តែ​ទៅ​ផ្សព្វផ្សាយ​ដល់​គេ​ដែរ។ ដូច្នេះ សូម​បន្ត​ធ្វើ​កិច្ចការ​នេះ​ចុះ! ព្រះ​យេស៊ូ​ធានា​រ៉ាប់​រង​ថា ពេល​កិច្ចការ​នេះ​ចប់​ហើយ នោះ​ទីបញ្ចប់​ទើប​មក​ដល់។

១៣​. ដូច​បាន​កត់​ទុក​នៅ​ថែស្សាឡូនីចទី១ ៥:​២, ៣ តើ​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​អ្វី ដែល​មិន​ទាន់​កើត​ឡើង? ហើយ​តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង?

១៣ បទ​ទំនាយ​ដ៏​សំខាន់​មួយ​ទៀត​ក៏​បាន​ចែង​ប្រាប់​ដែរ​ថា⁠៖ «ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ​ថា​‹មាន​សេចក្ដី​សុខសាន្ត មាន​សេចក្ដី​រៀប​រយ​ហើយ!› នោះ​លោតែ​មាន​សេចក្ដី​ហិនវិនាស​មក​លើ​គេ​ភ្លាម ដូច​ជា​ស្ត្រី មាន​គភ៌​ឈឺ​នឹង​សំរាល ហើយ​គេច​មិន​រួច​ឡើយ»។ (ថែស្សាឡូនីចទី១ ៥:​២, ៣) យើង​មិន​ដឹង​នូវ​របៀប​ដែល​សេចក្ដី​ប្រកាស​អំពី​‹សន្ដិភាព​និង​សន្ដិសុខ›​នឹង​ត្រូវ​ប្រកាស​យ៉ាង​ណា​ទេ។ ប៉ុន្តែ នេះ​នឹង​ប្រាកដ​ជា​មិន​មាន​ន័យ​ថា ពួក​មេ​ដឹក​នាំ​ក្នុង​ពិភពលោក ពិត​ជា​បាន​ដោះ​ស្រាយ​បញ្ហា​របស់​មនុស្ស​ជាតិ​បាន​នោះ​ឡើយ។ ពួក​អ្នក​ដែល​ទន្ទឹង​ចាំ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា នឹង​មិន​ត្រូវ​បំភាន់​ដោយ​សេចក្ដី​ប្រកាស​នោះ​ឡើយ។ ពួក​គេ​ដឹង​ថា​ក្រោយ​ពី​នោះ​ភ្លាម សេចក្ដី​ហិនវិនាស​ក៏​នឹង​មាន​ភ្លាម​ដែរ។

១៤​. តើ​នឹង​មាន​ព្រឹត្ដិការណ៍​អ្វី​ក្នុង​កំឡុង​សេចក្ដី​វេទនា​ជា​ខ្លាំង? ហើយ​តើ​នឹង​មាន​លំដាប់​ពេល​យ៉ាង​ណា?

១៤ នៅ​ទី​ចាប់​ផ្ដើម​នៃ​សេចក្ដី​វេទនា​ជា​ខ្លាំង​នេះ ពួក​អ្នក​គ្រប់គ្រង​នឹង​ប្រឆាំង​ហើយ​កំទេច​ចោល​បាប៊ីឡូន​ដ៏​ធំ ដែល​ជា​ចក្រភព​សាសនា​មិន​ពិត​ទូទៅ។ (ម៉ាថាយ ២៤:​⁠២១; វិវរណៈ ១៧:​១៥, ១៦) ក្រោយ​ពី​នោះ គ្រប់​ទាំង​សាសន៍​នឹង​ប្រឆាំង​អស់​អ្នក​ដែល​គាំទ្រ​អធិបតេយ្យ​របស់​ព្រះយេហូវ៉ា។ ទង្វើ​នេះ​ធ្វើ​ឲ្យ​ព្រះយេហូវ៉ា​មាន​ព្រះទ័យ​ខ្ញាល់​នឹង​រដ្ឋាភិបាល​លោកីយ៍ និង​ពួក​គាំទ្រ​សាសន៍​ទាំង​នោះ ហើយ​នៅ​ទីបំផុត ពួក​គេ​នឹង​ទទួល​សេចក្ដី​ហិនវិនាស។ សេចក្ដី​វេទនា​ជា​ខ្លាំង​នោះ​នឹង​ដល់​កំរិត​ខ្ពស់​បំផុត​នៅ​សង្គ្រាម​អើម៉ាគេដូន។ រួច​មក សាតាំង​និង​ពួក​បិសាច​នឹង​ត្រូវ​ជាប់​ជង្ហុក​ធំ ពួក​វា​នឹង​លែង​មាន​អានុភាព​លើ​មនុស្ស​លោក​ទៀត។ នេះ​នឹង​ជា​ទីបញ្ចប់​នៃ​ថ្ងៃ​របស់​ព្រះយេហូវ៉ា ពេល​ព្រះ​នាម​របស់​ទ្រង់​នឹង​ត្រូវ​លើក​ដំកើង។​—⁠អេសេគាល ៣៨:​១៨, ២២, ២៣; វិវរណៈ ១៩:​១១–២០:៣

១៥​. ហេតុ​អ្វី​ក៏​មិន​ប្រកប​ដោយ​ប្រាជ្ញា ដោយ​វែកញែក​ថា​ថ្ងៃ​នៃ​ព្រះយេហូវ៉ា គឺ​នៅ​យូរ​ទៀត​នោះ?

១៥ ទីបញ្ចប់​នៃ​របប​នេះ​នឹង​កើត​ឡើង​នៅ​ចំ​ពេល​ដែល​ស្រប​តាម​កាល​វិភាគ​របស់​ព្រះ នឹង​មិន​ត្រូវ​ពន្យារ​ពេល​ឡើយ។ (ហាបាគុក ២:⁠៣) ចូរ​ចាំ​ថា សេចក្ដី​ហិនវិនាស​នៃ​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៧០ ស.យ.​បាន​កើត​ឡើង​យ៉ាង​លឿន ដែល​ពួក​យូដា​មិន​បាន​នឹក​ស្មាន​ដល់​សោះ នៅ​ពេល​ដែល​ពួក​គេ​គិត​ថា​ផុត​គ្រោះថ្នាក់​ហើយ។ និង​ចុះ​យ៉ាង​ណា​វិញ​ចំពោះ​បាប៊ីឡូន​ពី​បុរាណ? បាប៊ីឡូន​ពី​បុរាណ​មាន​អំណាច មាន​ទំនុក​ចិត្ត​លើ​ខ្លួន និង​បាន​ត្រូវ​ពង្រឹង​ដោយ​កំផែង​យ៉ាង​ធំ។ ប៉ុន្តែ បាប៊ីឡូន​បាន​ត្រូវ​រលំ​ក្នុង​ពេល​តែ​មួយ​យប់​ប៉ុណ្ណោះ។ ដូច​គ្នា​ដែរ សេចក្ដី​ហិនវិនាស​នឹង​មក​ភ្លាម​លើ​របប​លោកីយ៍​ដ៏​អាក្រក់​នេះ។ ទំរាំ​ដល់​ពេល​នេះ​កើត​ឡើង សូម​ឲ្យ​យើង​បាន​រួបរួម​ក្នុង​សាសនា​ពិត​ឲ្យ​ហើយ​ជា​ស្រេច ដោយ​ទន្ទឹង​ចាំ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា។

ការ​ពិគ្រោះ​សា​ឡើង​វិញ

• ហេតុ​អ្វី​ក៏​សំខាន់​ក្នុង​ការ​ទន្ទឹង​ចាំ​ថ្ងៃ​នៃ​ព្រះយេហូវ៉ា? តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ណា?

• តើ​តាម​របៀប​ណា​ដែល​កិច្ចការ​ញែក​មនុស្ស​ចេញ​ពី​គ្នា​ដែល​កំពុង​តែ​កើត​ឡើង មាន​អានុភាព​លើ​យើង​ម្នាក់⁠ៗ?

• តើ​ត្រូវ​មាន​អ្វី​កើត​ឡើង​មុន​ថ្ងៃ​នៃ​ព្រះយេហូវ៉ា​ចាប់​ផ្ដើម?ដូច្នេះ​តើ​យើង​ម្នាក់⁠ៗ​ត្រូវ​តែ​ធ្វើ​អ្វី?

[រូបភាព​នៅ​ទំព័រ​១៨០, ១៨១]

មិន​យូរ​ប៉ុន្មាន​ទៀត ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នឹង​ត្រូវ​បញ្ចប់ ជា​ពេល​ដែល​របប​លោកីយ៍​របស់​សាតាំង​ទទួល​សេចក្ដី​ហិនវិនាស

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក