បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lr ជំ. ៦ ទំ. ៣៧-៤១
  • គ្រូដ៏ល្អប្រសើរបម្រើអ្នកឯទៀត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គ្រូដ៏ល្អប្រសើរបម្រើអ្នកឯទៀត
  • សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • អត្ថបទស្រដៀងគ្នា
  • មូលហេតុដែលលោកយេស៊ូជាគ្រូដ៏ល្អប្រសើរ
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • នៅបុណ្យរំលងចុងក្រោយ លោកបង្រៀនអំពីចិត្តរាបទាប
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • តើខ្ញុំគួរប្រព្រឹត្តយ៉ាងណាចំពោះគ្រូ?
    សំណួរយុវវ័យចង់ដឹងនិងចម្លើយដែលស្រាយចម្ងល់ ក្បាលទី១
  • ចិត្តរាបទាបនៅបុណ្យរំលងចុងក្រោយ
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
មើលបន្ថែមទៀត
សូមស្ដាប់គ្រូដ៏ល្អប្រសើរ
lr ជំ. ៦ ទំ. ៣៧-៤១

ជំពូក​ទី​៦

គ្រូ​ដ៏​ល្អ​ប្រសើរ​បម្រើ​អ្នក​ឯ​ទៀត

ពេល​មាន​អ្នក​ណា​ម្នាក់​ធ្វើ​អ្វី​មួយ​ល្អ​ចំពោះ​កូន តើ​កូន​ចូល​ចិត្ត​ទេ?— អ្នក​ឯ​ទៀត​ក៏​ចូល​ចិត្ត​ពេល​មាន​អ្នក​ណា​ម្នាក់​ធ្វើ​ល្អ​ចំពោះ​ពួក​គេ​ដែរ។ យើង​ទាំង​អស់​គ្នា​ចូល​ចិត្ត។ គ្រូ​ដ៏​ល្អ​ប្រសើរ​ដឹង​ច្បាស់​អំពី​រឿង​នេះ ហើយ​លោក​តែង​តែ​ជួយ​អ្នក​ឯ​ទៀត។ លោក​បាន​និយាយ​ថា​៖ ‹ខ្ញុំ​មិន​បាន​មក​ដើម្បី​ឲ្យ​គេ​បម្រើ​ខ្ញុំ​ទេ តែ​បាន​មក​ដើម្បី​បម្រើ​គេ​វិញ›។—ម៉ាថាយ ២០:២៨

លោកយេស៊ូឃើញអ្នកកាន់តាមពីរនាក់ឈ្លោះប្រកែកគ្នា

តើ​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ប្រកែក​គ្នា​អំពី​រឿង​អ្វី?

ដូច្នេះ បើ​យើង​ចង់​ដូច​គ្រូ​ដ៏​ល្អ​ប្រសើរ តើ​យើង​ត្រូវ​ធ្វើ​អ្វី?— យើង​ត្រូវ​តែ​បម្រើ​អ្នក​ឯ​ទៀត។ យើង​ត្រូវ​ធ្វើ​ល្អ​ចំពោះ​ពួក​គេ។ ការ​ពិត មនុស្ស​ជា​ច្រើន​មិន​ធ្វើ​ដូច្នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​តែង​តែ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​បម្រើ​ពួក​គេ​វិញ។ នៅ​ពេល​មួយ សូម្បី​តែ​អ្នក​កាន់​តាម​លោក​យេស៊ូ​ក៏​មាន​អារម្មណ៍​ដូច​នោះ​ដែរ។ ម្នាក់​ៗ​ចង់​ធ្វើ​ធំ​ជាង​គេ ឬ​សំខាន់​ជាង​គេ​បំផុត។

នៅ​ថ្ងៃ​មួយ លោក​យេស៊ូ​ធ្វើ​ដំណើរ​ជា​មួយ​អ្នក​កាន់​តាម​លោក។ ក្រោយ​ពេល​ពួក​គាត់​បាន​ចូល​ក្រុង​កាពើណិម ដែល​នៅ​ជិត​សមុទ្រ​កាលីឡេ ពួក​គាត់​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ។ នៅ​ទី​នោះ​លោក​យេស៊ូ​បាន​សួរ​ពួក​គាត់​ថា​៖ ​«​តើ​នៅ​តាម​ផ្លូវ​អ្នក​រាល់​គ្នា​បាន​ប្រកែក​គ្នា​អំពី​រឿង​អ្វី?​»។ ពួក​គាត់​នៅ​ស្ងៀម​ពី​ព្រោះ​នៅ​តាម​ផ្លូវ​ពួក​គាត់​បាន​ប្រកែក​គ្នា​ថា​អ្នក​ណា​ធំ​ជាង​គេ។—ម៉ាកុស ៩:៣៣, ៣៤

លោក​យេស៊ូ​ដឹង​ថា គឺ​មិន​ត្រឹម​ត្រូវ​ទេ​ដែល​អ្នក​កាន់​តាម​លោក​ណា​ម្នាក់​គិត​ថា​ខ្លួន​គាត់​ធំជាង​គេ។ ដូច​យើង​បាន​រៀន​នៅ​ជំពូក​ទី១​ក្នុង​សៀវភៅ​នេះ លោក​ឲ្យ​កូន​តូច​ឈរ​នៅ​កណ្ដាល​ពួក​អ្នក​កាន់​តាម​លោក ហើយ​ប្រាប់​ពួក​គាត់​ថា​ត្រូវ​មាន​ចិត្ត​រាប​ទាប​ដូច​កូន​តូច​នោះ។ ប៉ុន្តែ ពួក​គាត់​នៅ​តែ​មិន​ទាញ​មេរៀន​អំពី​រឿង​នោះ។ ដូច្នេះ មិន​យូរ​ប៉ុន្មាន​មុន​លោក​យេស៊ូ​ស្លាប់ លោក​បង្រៀន​ពួក​គាត់​នូវ​មេរៀន​ដែល​ពួក​គាត់​មិន​អាច​បំភ្លេច​បាន។ តើ​លោក​បាន​ធ្វើ​អ្វី?—

ពេល​លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក​មក​ជួប​ជុំ​គ្នា​ដើម្បី​ពិសា​អាហារ លោក​យេស៊ូ​បាន​ក្រោក​ពី​តុ ហើយ​ដោះ​សម្លៀក​បំពាក់​ក្រៅ​ចេញ។ រួច​មក លោក​យក​កន្សែង​មក​ក្រវាត់​ចង្កេះ។ បន្ទាប់​មក លោក​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ​ធំ​មួយ។ អ្នក​កាន់​តាម​លោក​ប្រហែល​ជា​ឆ្ងល់​ថា តើ​លោក​ចង់​ធ្វើ​អ្វី? ពួក​គាត់​តាម​មើល​លោក​យេស៊ូ​ពេល​លោក​លុត​ជង្គង់​លាង​ជើង​ពួក​គាត់​ម្នាក់​ម្ដង​ៗ។ បន្ទាប់​មក លោក​យក​កន្សែង​មក​ជូត​ជើង​ពួក​គាត់​ឲ្យ​ស្ងួត។ សូម​គិត​អំពី​រឿង​នោះ! ចុះ​យ៉ាង​ណា​បើ​កូន​នៅ​ទី​នោះ? តើ​កូន​មាន​អារម្មណ៍​យ៉ាង​ណា?—

លោកយេស៊ូលាងជើងឲ្យពួកអ្នកកាន់តាមលោក

តើ​លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​នូវ​មេរៀន​អ្វី?

អ្នក​កាន់​តាម​លោក​គិត​ថា​មិន​ត្រឹម​ត្រូវ​ទេ​ដែល​គ្រូ​ដ៏​ល្អ​ប្រសើរ​ធ្វើ​កិច្ច​ការ​បែប​នេះ។ ពួក​គាត់​មាន​អារម្មណ៍​ខ្មាស​លោក​យេស៊ូ។ តាម​ពិត​ពេត្រុស​មិន​ចង់​ឲ្យ​លោក​យេស៊ូ​ធ្វើ​កិច្ច​ការ​របស់​អ្នក​បម្រើ​ទេ។ ប៉ុន្តែ លោក​យេស៊ូ​បាន​ប្រាប់​ថា​គឺ​សំខាន់​ឲ្យ​លោក​ធ្វើ​កិច្ច​ការ​នោះ។

សព្វ​ថ្ងៃ​នេះ យើង​មិន​មាន​ទម្លាប់​លាង​ជើង​ឲ្យ​អ្នក​ឯ​ទៀត​ឡើយ។ ប៉ុន្តែ នេះ​ជា​ទំនៀម​ទម្លាប់​របស់​ពួក​គេ​ពេល​លោក​យេស៊ូ​នៅ​ផែន​ដី។ តើ​កូន​ដឹង​មូលហេតុ​អ្វី​ទេ?— នៅ​កន្លែង​ដែល​លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក​រស់​នៅ មនុស្ស​ពាក់​ស្បែក​ជើង​សង្រែក។ ដូច្នេះ ពេល​ពួក​គេ​ដើរ​តាម​ផ្លូវ​ដី ជើង​ពួក​គេ​ប្រឡាក់។ ម្ល៉ោះ​ហើយ ពេល​មាន​ភ្ញៀវ​មក​លេង​ផ្ទះ ពួក​គេ​បង្ហាញ​ការ​គួរ​សម ដោយ​លាង​ជើង​ឲ្យ​ភ្ញៀវ។

ប៉ុន្តែ ពេល​នេះ​គ្មាន​អ្នក​កាន់​តាម​លោក​យេស៊ូ​ណា​ម្នាក់​ដែល​សុខ​ចិត្ត​លាង​ជើង​ឲ្យ​គ្នា​ទេ។ ដូច្នេះ លោក​យេស៊ូ​សុខ​ចិត្ត​លាង​ជើង​ឲ្យ​ពួក​គាត់។ ដោយ​ធ្វើ​ដូច្នេះ លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​នូវ​មេរៀន​ដ៏​សំខាន់​មួយ។ ពួក​គាត់​ត្រូវ​រៀន​មេរៀន​នេះ។ ម្យ៉ាង​ទៀត នេះ​ជា​មេរៀន​ដែល​យើង​ត្រូវ​រៀន​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។

តើ​កូន​ដឹង​មេរៀន​នោះ​ជា​អ្វី​ទេ?— ក្រោយ​លោក​យេស៊ូ​ពាក់​សម្លៀក​បំពាក់​ក្រៅ ហើយ​ត្រឡប់​ទៅ​អង្គុយ​នៅ​ឯ​តុ​វិញ លោក​ពន្យល់​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​យល់​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នករាល់​គ្នា​ទេ? អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ‹លោក​គ្រូ›និង‹លោក​ម្ចាស់› ហើយ​ជា​ការ​ត្រឹម​ត្រូវ​ដែល​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ដូច្នេះ ព្រោះ​ខ្ញុំ​ជា​គ្រូ​និង​ជា​ម្ចាស់​មែន។ ដូច្នេះ ប្រសិនបើ​ខ្ញុំ​បាន​លាង​ជើង​របស់​អ្នក​រាល់​គ្នា ទោះ​បី​ខ្ញុំ​ជា​ម្ចាស់​និង​ជា​គ្រូ​ក៏​ដោយ នោះ​អ្នក​រាល់​គ្នា​ក៏​ត្រូវ​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​»។—យ៉ូហាន ១៣:២​-​១៤

កូនក្មេងម្នាក់យកឆ្នាំងមួយឲ្យស្ដ្រីពីរនាក់រៀបចំធ្វើម្ហូប

តើ​កូន​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​អ្នក​ឯ​ទៀត?

គ្រូ​ដ៏​ល្អ​ប្រសើរ​បាន​បង្ហាញ​ថា​លោក​ចង់​ឲ្យ​អ្នក​កាន់​តាម​លោក​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​មិន​ចង់​ឲ្យ​ពួក​គាត់​គិត​តែ​ពី​ខ្លួន​ឯង​ឡើយ។ លោក​មិន​ចង់​ឲ្យ​ពួក​គាត់​គិត​ថា​ខ្លួន​សំខាន់​ដល់​ម្ល៉េះ ដែល​អ្នក​ឯ​ទៀត​គួរ​តែ​បម្រើ​ពួក​គាត់​ជា​និច្ច​នោះ​ទេ។ លោក​ចង់​ឲ្យ​ពួក​គាត់​ស្ម័គ្រ​ចិត្ត​បម្រើ​អ្នក​ឯ​ទៀត។

នោះ​ជា​មេរៀន​ដ៏​ល្អ​មួយ មែន​ទេ?— តើ​កូន​ចង់​ធ្វើ​ដូច​គ្រូ​ដ៏​ល្អ​ប្រសើរ​ហើយ​ចង់​បម្រើ​មនុស្ស​ឯ​ទៀត​ទេ?— យើង​ទាំង​អស់​គ្នា​អាច​ធ្វើ​ល្អ​ចំពោះ​មនុស្ស​ឯ​ទៀត។ នេះ​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយ​ចិត្ត។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត នេះ​នឹង​ធ្វើ​ឲ្យ​លោក​យេស៊ូ​និង​បិតា​របស់​លោក​រីក​រាយ​ចិត្ត។

កូនក្មេងជួយម្ដាយសម្អាតផ្ទះ

មិន​មែន​ជា​ការ​ពិបាក​ទេ​ដើម្បី​បម្រើ​មនុស្ស​ឯ​ទៀត។ បើ​កូន​សង្កេត​មើល នោះ​កូន​នឹង​ឃើញ​មាន​អ្វី​ជា​ច្រើន​ដែល​កូន​អាច​ជួយ​ពួក​គេ។ ឥឡូវ​សូម​កូន​គិត​មើល តើ​មាន​អ្វី​ខ្លះ​ដែលកូន​អាច​ជួយ​ម្ដាយ​របស់​កូន​បាន? កូន​ដឹង​ហើយ​ថា ម្ដាយ​ធ្វើ​កិច្ច​ការ​ច្រើន​សម្រាប់​កូន​និង​សម្រាប់​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​គ្រួសារ។ តើ​កូន​អាច​ជួយ​គាត់​បាន​ទេ?— សូម​កូន​សួរ​គាត់។

កូន​ប្រហែល​ជា​អាច​ជួយ​រៀប​តុ​មុន​ពេល​បរិភោគ​អាហារ ឬ​ប្រហែល​ជា​កូន​អាច​ជូត​តុ​ក្រោយ​ពេល​បរិភោគ​អាហារ​ដែរ។ រៀង​រាល់​ថ្ងៃ កូន​ខ្លះ​ជួយ​បោស​សម្អាត​និង​ជូត​ផ្ទះ។ មិន​ថា​អ្វី​ក៏​ដោយ​ដែល​កូន​អាច​ធ្វើ​បាន នោះ​កូន​កំពុង​បម្រើ​អ្នក​ឯ​ទៀត​ដូច​លោក​យេស៊ូ​ហើយ។

បងប្រុសជួយប្អូនប្រុសរៀបចំគ្រែ

តើ​កូន​មាន​ប្អូន​ៗ​ដែល​កូន​អាច​បម្រើ​បាន​ទេ? សូម​ចាំ​ថា សូម្បី​តែ​លោក​យេស៊ូ​ដែល​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ​ក៏​បាន​បម្រើ​អ្នក​កាន់​តាម​លោក​ដែរ។ បើ​កូន​ជួយ​ប្អូន​ៗ នោះ​កូន​កំពុង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ។ តើ​កូន​អាច​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ប្អូន​ៗ​?— កូន​ប្រហែល​ជា​អាច​ជួយ​ប្អូន​ៗ​ឲ្យ​ប្រមូល​ប្រដាប់ប្រដា​លេង​ទៅ​ដាក់​នៅ​កន្លែង​ដើម​វិញ​ក្រោយ​ពី​ប្អូន​ៗ​ឈប់​លេង។ កូន​ក៏​អាច​ជួយ​ប្អូន​ៗ​ឲ្យ​ចេះ​ស្លៀក​ពាក់​ឬ​ចេះ​រៀបចំ​កន្លែង​គេង​ដែរ។ តើកូន​គិត​ថា នៅ​មាន​អ្វី​ទៀត​ដែល​កូន​អាច​ធ្វើ​សម្រាប់​ប្អូន​ៗ​ទេ?— ពេល​កូន​ធ្វើ​ដូច្នេះ ប្អូន​ៗ​នឹង​ស្រឡាញ់​កូន ដូច​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ស្រឡាញ់​លោក​ដែរ។

នៅ​សាលា​រៀន​កូន​ក៏​អាច​បម្រើ​អ្នក​ឯ​ទៀត​ដែរ។ ប្រហែល​ជា​កូន​អាច​ជួយ​សិស្ស​រួម​ថ្នាក់​ឬ​គ្រូ​របស់​កូន។ បើ​អ្នក​ណា​ម្នាក់​ជ្រុះ​សៀវភៅ ហើយ​កូន​ជួយ​រើស​ឲ្យ​គេ នោះ​បង្ហាញ​ថា​កូន​មាន​ចិត្ត​ល្អ។ កូន​អាច​សុំ​ជួយ​លុប​ក្ដារ​ខៀន​ឬ​ធ្វើ​អ្វី​ផ្សេង​ទៀត​សម្រាប់​គ្រូ​របស់​កូន។ សូម្បី​តែ​កូន​ជួយ​បើក​ទ្វារ​ឲ្យ​អ្នក​ណា​ម្នាក់ ក៏​ជា​ការ​ជួយ​អ្នក​ឯ​ទៀត​ដែរ។

ក្មេងប្រុសម្នាក់ជួយសម្អាតក្ដារខៀនឲ្យគ្រូរបស់គាត់ ក្មេងស្រីម្នាក់យកម្ហូបឲ្យស្ដ្រីម្នាក់ដែលអង្គុយលើរទេះរុញ

ជួន​កាល យើង​សង្កេត​ឃើញ​ថា​មនុស្ស​ជា​ទូទៅ​មិន​អរគុណ​យើង​ទេ​ពេល​យើង​បម្រើ​ពួក​គេ។ តើ​កូន​គិត​ថា​នេះ​ធ្វើ​ឲ្យ​យើង​ឈប់​ធ្វើ​ល្អ​ឬ?— អត់​ទេ! មនុស្ស​ជា​ច្រើន​ក៏​មិន​បាន​អរគុណ​លោក​យេស៊ូ​ចំពោះ​កិច្ច​ការ​ល្អ​របស់​លោក​ដែរ។ ប៉ុន្តែ នោះ​មិន​បាន​ធ្វើ​ឲ្យ​លោក​ឈប់​ធ្វើ​ល្អ​ឡើយ។

ដូច្នេះ​សូម​កុំ​ឈប់​បម្រើ​មនុស្ស​ឯ​ទៀត​ឲ្យ​សោះ។ សូម​នឹក​ចាំ​អំពី​លោក​យេស៊ូ​ដែល​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ ហើយ​ព្យាយាម​ធ្វើ​តាម​គំរូ​របស់​លោក​ជា​និច្ច។

បទ​គម្ពីរ​ឯ​ទៀត​អំពី​ការ​ជួយ​អ្នក​ដទៃ​មាន សុភាសិត ៣:២៧, ២៨ រ៉ូម ១៥:១, ២ និង​កាឡាទី ៦:២។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក