ជំពូកទី១៤
ហេតុអ្វីយើងគួរអភ័យទោស?
តើមាននរណាម្នាក់ធ្លាប់ធ្វើខុសចំពោះកូន ដូចជានិយាយមិនល្អដាក់កូន ឬក៏វាយកូនទេ?— តើកូនគិតថាកូនគួរធ្វើមិនល្អដាក់គាត់វិញទេ?—
មនុស្សជាច្រើននឹងសងសឹកវិញ ពេលមាននរណាម្នាក់ធ្វើមិនល្អចំពោះពួកគេ។ ប៉ុន្តែ លោកយេស៊ូបង្រៀនយើងថា យើងគួរតែអភ័យទោសឲ្យអស់អ្នកដែលបានធ្វើខុសចំពោះយើង។ (ម៉ាថាយ ៦:១២) ចុះបើមនុស្សម្នាក់ធ្វើមិនល្អចំពោះយើងម្ដងហើយម្ដងទៀត? តើយើងគួរអភ័យទោសឲ្យគាត់ប៉ុន្មានដង?—
នោះជាអ្វីដែលពេត្រុសចង់ដឹង។ ដូច្នេះ មានថ្ងៃមួយគាត់បានសួរលោកយេស៊ូថា៖ ‹តើខ្ញុំត្រូវអភ័យទោសឲ្យគាត់រហូតដល់ប្រាំពីរដងឬ?›។ ក៏ប៉ុន្តែ ៧ដងមិនគ្រប់គ្រាន់ទេ។ លោកយេស៊ូបានប្រាប់ថា បើបុគ្គលម្នាក់ធ្វើខុសចំពោះអ្នក៧៧ដង ‹អ្នកត្រូវអភ័យទោសឲ្យគាត់រហូតដល់៧៧ដង›ដែរ។
តើពេត្រុសចង់ដឹងអ្វីស្តីអំពីការអភ័យទោស?
នោះពិតជាការអភ័យទោសច្រើនដងមែន! សូម្បីតែរាប់៧៧ដងដែលមនុស្សម្នាក់ធ្វើខុសនឹងយើង ក៏យើងមិនអាចរាប់បានផង មែនទេ? ដូច្នេះហើយ លោកយេស៊ូចង់និយាយថា យើងមិនគួរខំរាប់កំហុសរបស់អ្នកឯទៀតដែលធ្វើខុសចំពោះយើងឡើយ។ បើគេសុំទោសយើង យើងគួរអភ័យទោសឲ្យគេ។
លោកយេស៊ូចង់ឲ្យអ្នកកាន់តាមលោកដឹងថា ការចេះអភ័យទោសនោះពិតជាសំខាន់ណាស់។ ដូច្នេះ ក្រោយពីលោកឆ្លើយសំណួររបស់ពេត្រុសហើយ លោកបានប្រាប់អ្នកកាន់តាមលោកអំពីរឿងមួយ។ តើកូនចង់ស្ដាប់ទេ?—
កាលពីបុរាណធ្លាប់មានស្តេចមួយរូបដែលមានចិត្តល្អ។ ស្តេចនោះថែមទាំងឲ្យពួកខ្ញុំបម្រើខ្ចីប្រាក់ទៀតផង ពេលដែលពួកគេត្រូវការជំនួយ។ ប៉ុន្តែ ក្រោយមក ស្តេចនោះចង់ឲ្យពួកខ្ញុំបម្រើសងប្រាក់ដែលជំពាក់នោះវិញ។ ដូច្នេះ គេបាននាំខ្ញុំបម្រើម្នាក់ដែលជំពាក់ស្តេច៦០លានប្រាក់ឌីណារីចូលមក។ នោះពិតជាចំនួនប្រាក់ច្រើនណាស់!
ពេលខ្ញុំបម្រើអង្វរស្តេចសុំពន្យារពេលសងប្រាក់ជំពាក់ តើស្តេចបានធ្វើអ្វី?
ប៉ុន្តែ ខ្ញុំបម្រើនោះបានចាយប្រាក់ដែលគាត់ខ្ចីទាំងអស់ ហើយគាត់មិនអាចសងស្តេចវិញបានទេ។ ដូច្នេះ ស្តេចបានបង្គាប់ឲ្យគេលក់ខ្ញុំបម្រើនោះ ថែមទាំងប្រពន្ធនិងកូនរបស់គាត់ និងអ្វីៗទាំងអស់ដែលគាត់មាន រួចមកយកប្រាក់នោះមកសងស្តេចវិញ។ តើកូនគិតថាខ្ញុំបម្រើនោះមានអារម្មណ៍យ៉ាងណា?—
ពេលខ្ញុំបម្រើឮស្តេចនិយាយដូច្នេះ គាត់បានលុតជង្គង់ចំពោះមុខស្តេច ហើយអង្វរថា៖ «សូមលោកមេត្ដាពន្យារពេលឲ្យខ្ញុំផង ហើយខ្ញុំនឹងសងលោកឲ្យគ្រប់ចំនួន»។ បើកូនជាស្តេចវិញ តើកូននឹងធ្វើយ៉ាងណាចំពោះខ្ញុំបម្រើនោះ?— ស្តេចបានអាណិតខ្ញុំបម្រើនោះ។ ដូច្នេះ ស្តេចអភ័យទោសឲ្យគាត់ ហើយប្រាប់គាត់ថា គាត់មិនចាំបាច់សងប្រាក់៦០លានឌីណារីនោះទេ សូម្បីតែមួយកាក់ ក៏មិនចាំបាច់សងដែរ។ នោះពិតជាធ្វើឲ្យខ្ញុំបម្រើសប្បាយចិត្តណាស់!
ប៉ុន្តែក្រោយមក តើខ្ញុំបម្រើនោះបានធ្វើអ្វី? គាត់បានចេញទៅជួបខ្ញុំបម្រើម្នាក់ទៀតដែលជំពាក់គាត់តែ១០០ឌីណារីប៉ុណ្ណោះ។ គាត់ចាប់ខ្ញុំបម្រើនោះ ហើយច្របាច់កដោយប្រាប់ថា៖ ‹សងមួយរយឌីណារីដែលឯងជំពាក់មក!›។ សូមកូនគិតទៅមើល! ខ្ញុំបម្រើដែលបានទទួលការអភ័យទោសពីស្តេចហើយនោះ បែរជាដាក់ទោសខ្ញុំបម្រើម្នាក់ទៀតដែលជំពាក់ប្រាក់គាត់តែបន្ដិចបន្តួច។ តើកូនគិតយ៉ាងណាអំពីអ្វីដែលគាត់ធ្វើ?—
តើខ្ញុំបម្រើម្នាក់បានធ្វើយ៉ាងណាចំពោះខ្ញុំបម្រើម្នាក់ទៀតដែលមិនអាចសងប្រាក់ជំពាក់?
ខ្ញុំបម្រើនោះជំពាក់ប្រាក់តែ១០០ឌីណារីប៉ុណ្ណោះ។ ប៉ុន្តែដោយសារគាត់ជាអ្នកក្រ គាត់មិនអាចសងប្រាក់ភ្លាមៗបានទេ។ ដូច្នេះ គាត់បានលុតជង្គង់អង្វរថា៖ ‹សូមមេត្ដាពន្យារពេលឲ្យខ្ញុំផង ហើយខ្ញុំនឹងសងប្រាក់ដែលជំពាក់អ្នក›។ តើបុរសនោះគួរពន្យារពេលឲ្យខ្ញុំបម្រើនេះទេ?— ចុះបើកូនជាបុរសនោះ តើកូននឹងពន្យារពេលឲ្យទេ?—
បុរសនោះមិនមានមេត្ដាដូចស្តេចឡើយ។ គាត់ចង់បានប្រាក់មកវិញភ្លាមៗ។ ប៉ុន្តែ ដោយសារខ្ញុំបម្រើនោះមិនអាចសងប្រាក់បាន គាត់ឲ្យគេយកខ្ញុំបម្រើនោះទៅដាក់គុក។ ខ្ញុំបម្រើឯទៀតបានឃើញអ្វីៗទាំងអស់ដែលកើតឡើង ហើយពួកគេមិនពេញចិត្តទាល់តែសោះ។ ពួកគេអាណិតខ្ញុំបម្រើដែលជាប់គុក។ ដូច្នេះ ពួកគេបានទៅប្រាប់ស្តេចអំពីរឿងនេះ។
ពេលដែលឮដូច្នោះ ស្តេចខឹងខ្ញុំបម្រើដែលមិនចេះអភ័យទោសនោះខ្លាំងណាស់។ ដូច្នេះ ស្តេចក៏បានហៅគាត់មក ហើយប្រាប់ថា៖ ‹ខ្ញុំបម្រើអាក្រក់! ខ្ញុំបានឲ្យអ្នករួចបំណុលដ៏ច្រើននោះ។ ដូច្នេះ អ្នកគួរមេត្ដាដល់ខ្ញុំបម្រើដូចគ្នា ដូចខ្ញុំធ្លាប់មានចិត្តមេត្ដាដល់អ្នកដែរ មែនទេ?›។
តើស្តេចបានធ្វើអ្វីចំពោះខ្ញុំបម្រើដែលមិនចេះអភ័យទោស?
ខ្ញុំបម្រើដែលមិនចេះអភ័យទោសនោះគួរទាញមេរៀនពីស្តេចដែលមានចិត្តល្អ។ ប៉ុន្តែ គាត់មិនបានធ្វើដូច្នេះទេ។ ម្ល៉ោះហើយ ស្តេចបានឲ្យគេយកគាត់ទៅដាក់គុក រហូតដល់គាត់សងប្រាក់៦០លានឌីណារីវិញ។ តែដោយសារគាត់នៅក្នុងគុក គាត់មិនអាចរកប្រាក់សងស្តេចបានទេ។ ដូច្នេះ គាត់ត្រូវនៅទីនោះរហូតដល់ស្លាប់។
ពេលលោកយេស៊ូនិទានរឿងនោះចប់ហើយ លោកបានប្រាប់អ្នកកាន់តាមលោកថា៖ «បិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌ក៏នឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូច្នេះដែរ ប្រសិនបើអ្នករាល់គ្នាម្នាក់ៗមិនអភ័យទោសឲ្យបងប្អូនខ្លួនស្មោះពីចិត្ត»។—ម៉ាថាយ ១៨:២១-៣៥
កូនត្រូវដឹងថា យើងទាំងអស់គ្នាជំពាក់ព្រះយេហូវ៉ាច្រើនណាស់។ តាមពិត ជីវិតរបស់យើងគឺមកព្រះ! ដូច្នេះ ពេលយើងប្រៀបធៀបអ្វីដែលយើងជំពាក់ព្រះ ជាមួយនឹងអ្វីដែលមនុស្សឯទៀតជំពាក់យើង គឺតិចតួចណាស់។ អ្វីដែលពួកគេជំពាក់យើងគឺប្រៀបដូចជាប្រាក់១០០ឌីណារីដែលខ្ញុំបម្រើម្នាក់ជំពាក់ខ្ញុំបម្រើម្នាក់ទៀត។ ប៉ុន្តែ អ្វីដែលយើងជំពាក់ព្រះដោយសារយើងធ្វើខុស គឺប្រៀបដូចជាប្រាក់៦០លានឌីណារីដែលខ្ញុំបម្រើបានជំពាក់ស្តេច។
ព្រះមានចិត្តល្អណាស់។ ទោះជាយើងធ្វើអ្វីមួយខុសក៏ដោយ ក៏លោកអភ័យទោសឲ្យយើងដែរ។ លោកមិនទាមទារជីវិតយើងជាសំណងដើម្បីទូទាត់កំហុសរបស់យើងទេ។ ប៉ុន្តែ មេរៀនមួយដែលយើងត្រូវចាំជានិច្ចនោះគឺ ព្រះអភ័យទោសឲ្យយើង លុះត្រាណាតែយើងអភ័យទោសឲ្យអ្នកដែលធ្វើខុសនឹងយើងដែរ។ នោះជាមេរៀនដ៏សំខាន់ មែនទេ?—
បើអ្នកណាម្នាក់សុំឲ្យកូនអភ័យទោស តើកូននឹងធ្វើយ៉ាងណា?
ដូច្នេះ បើអ្នកណាម្នាក់ធ្វើមិនល្អដាក់កូន ប៉ុន្តែគាត់សុំទោស តើកូននឹងធ្វើអ្វី? តើកូននឹងអភ័យទោសឲ្យគាត់ទេ?— ចុះបើគាត់ធ្វើខុសនឹងកូនម្ដងហើយម្ដងទៀត តើកូននៅតែអភ័យទោសឲ្យគាត់ទេ?—
បើយើងជាអ្នកដែលសុំអភ័យទោសពីគេ យើងក៏ចង់ឲ្យគេអភ័យទោសឲ្យយើងដែរ មែនទេ?— ដូច្នេះ យើងគួរធ្វើដូចគ្នាចំពោះគាត់ដែរ។ យើងមិនគ្រាន់តែប្រាប់តែមាត់ថា យើងអភ័យទោសឲ្យគាត់ប៉ុណ្ណោះទេ តែក្នុងចិត្តយើងក៏គួរអភ័យទោសឲ្យគាត់ដែរ។ ពេលយើងធ្វើដូច្នោះ បង្ហាញថាយើងពិតជាចង់ធ្វើជាអ្នកកាន់តាមគ្រូដ៏ល្អប្រសើរមែន។
ដើម្បីយល់ថាការចេះអភ័យទោសគឺសំខាន់ សូមយើងអាន សុភាសិត ១៩:១១ ម៉ាថាយ ៦:១៤, ១៥ និងលូកា ១៧:៣, ៤។